រដ្ឋមន្ត្រីការបរទេសនៃ៧ប្រទេសមានសេដ្ឋកិច្ចនាំមុខគេ ហៅកាត់ថាG៧ បានសេចក្តីថ្លែងការណ៍រួម នៅថ្ងៃសុក្រទី ១៩មេសា២០២៤នេះ បញ្ជាក់អំពីកង្វល់ដ៏ធំធេង ជុំវិញការផ្ទេរសម្ភារៈបរិក្ខារចិនទៅឱ្យរុស្ស៊ី។ ជំនួយចិននេះបានជួយពន្លឿនម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើតាមក្រុមហ្សេ៧ដែលមកជួបប្រជុំគ្នានៅប្រទេសអ៊ីតាលី។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា អ៊ីស្រាអែលបានវាយប្រហារទៅអ៊ីរ៉ង់ សំដៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហើយនិងព្រលានយន្តហោះអ៊ីរ៉ង់ នៅថ្ងៃសុក្រទី១៩មេសា និងថា ការវាយប្រហារផ្លូវអាកាសនេះជាការសងសឹកឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល កាលពីថ្ងៃទី១៣-១៤មេសា។ ផ្ទុយទៅវិញ ភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់មួយចំនួន ព្យាយាមអះអាងថា គ្មានការវាយប្រហារអ្វីឡើយលើទឹកដីអ៊ីរ៉ង់ ហើយសារព័ត៌មានខ្លះទៀត បញ្ជាក់ថា មានសំឡេងផ្ទុះ តែគ្មានការខូចខាតអ្វីទេ។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ ចេញមុខអះអាងថា សេចក្តីរាយការណ៍របស់បណ្តាញផ្សព្វផ្សាយអាមេរិក ពុំត្រឹមត្រូវទេ។ ចំណែកឯ រដ្ឋាភិបាលអ៊ីស្រាអែល រក្សាភាពស្ងៀមស្ងាត់ ដោយមិនបញ្ជាក់ថាជាស្នាដៃខ្លួន ហើយក៏មិនបដិសេធចោលដែរ។
លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអះអាងក្នុងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ថា ព្រឹទ្ធសភានីតិកាលទី៥នេះនឹងដំណើរការទៅមុខយ៉ាងល្អ។ ការលើកឡើងរបស់លោកហ៊ុន សែនដូចនេះធ្វើឡើង បន្ទាប់ពីលោកមានជំនួបរយៈពេលជាង៣ម៉ោងជាមួយសមាជិកព្រឹទ្ធសភាចំនួន៣រូបមកពីគណបក្សឆន្ទៈខ្មែរដែលជាគណបក្សប្រឆាំង។
មន្ត្រីជាន់ខ្ពស់ក្រសួងការងារកម្ពុជាបានថ្លែងឲ្យដឹងនៅថ្ងៃទី១៩ ខែមេសានេះថា ក្រសួងការងារនឹងបើកការស៊ើបអង្កេតលើករណីក្រុមហ៊ុនមួយដែលបានបញ្ជូនពលករខ្មែរឲ្យទៅធ្វើការនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ការបញ្ជាក់របស់មន្ត្រីក្រសួងការងារដូច្នេះធ្វើឡើង បន្ទាប់ពីមានពលករខ្មែរជិត៨០នាក់បានចាញ់បោកមេខ្យល់នាំទៅធ្វើការតាមរយៈក្រុមហ៊ុនមិនគោរពច្បាប់នៅអារ៉ាប៊ីសាអ៊ូឌីតកាលពីពេលថ្មីៗនេះ។
អាល្លឺម៉ង់ជាប្រទេសដ៏ធំជាងគេ ដំបូងបង្អស់នៅអឺរ៉ុបដែលអនុវត្តច្បាប់សេរីនិយម អនុញ្ញាតឱ្យជក់ ទិញ កញ្ឆាតាមទីសាធារណៈ និងដាំកញ្ឆានៅតាមផ្ទះ ដើម្បីជាការកំសាន្តលំហែចិត្ត។ ប៉ុន្តែកញ្ឆាជាគ្រឿងញៀនមួយប្រភេទដែលល្បីខាងធ្វើឱ្យខូចខួរក្បាល និងផលវិបាកជាច្រើនផ្សេងទៀតណាស់ចំពោះសង្គមនិងសុខភាព។ នេះជាឱកាសបូកសរុបឡើងវិញអំពីផលប៉ះពាល់នៃកញ្ឆាចំពោះសុខភាព។
កាលពីថ្ងៃទី១២ ខែមេសាកន្លងទៅ ក្រសួងមហាផ្ទៃបានសម្រេចចុះឈ្មោះ «គណបក្សជំនាន់ថ្មី» នៅក្នុងបញ្ជីគណបក្សនយោបាយ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃសុក្រ ទី១៩ ខែមេសានេះ លោក ប៉ាត មុន្នី ស្ថាបនិកគណបក្សជំនាន់ថ្មីបានអះអាងថា ការបង្កើតគណបក្សជំនាន់ថ្មីនេះឡើង គឺដើម្បីឆ្លើយតបទៅនឹងបំណងរបស់ប្រជាពលរដ្ឋដែលចង់បាននូវលទ្ធិប្រជាធិបតេយ្យ និងការបង្រួបបង្រួមពិតប្រាកដ។ តាមស្ថាបនិកគណបក្សរូបនេះដដែល ធនធានសម្រាប់ដំណើរការគណបក្សគឺបានមកពីការចូលរួមពីសំណាក់សមាជិក និងការគាំទ្រពីប្រជាពលរដ្ឋ៕
ចាប់ពីថ្ងៃសុក្រទី ១៩មេសា២០២៤នេះទៅ ពលរដ្ឋឥណ្ឌាជិត៩៧០លាននាក់ត្រូវទៅបោះឆ្នោតជ្រើសរើសសមាជិកសភា ៥៤៣រូប។ គឺជាការបោះឆ្នោតសភាខ្នាតធំជាងគេបំផុតនៅលើពិភពលោក ដែលមានរយៈពេលដល់ទៅ៦សប្តាហ៍ និងចែកចេញជា៧ដំណាក់កាល។ លទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃទី៤មិថុនា២០២៤។ តើការបោះឆ្នោតសភាឥណ្ឌានេះមានដំណើរបែបបទយ៉ាងណា និងទស្សនៈវិស័យសម្រាប់គណបក្សណាខ្លះ?
លៀសហាលគឺជាអាហារដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋខ្មែរ។ លោកស៊ូ កូត អ្នកលក់លៀសហាលម្នាក់នៅកណ្តាលក្រុងភ្នំពេញឱ្យដឹងថា គាត់អាចលក់ដាច់បានរហូតរាប់ពាន់កំប៉ុង ឬក្បែរមួយតោនឯណោះក្នុងមួយថ្ងៃៗ។ ធ្លាប់ជាកសិករ ធ្វើចំការម្នាក់នៅខេត្តកំពង់ចាម លោកស៊ូ កូតបានអះអាងថា របរលក់លៀសហាលអាចជួយផ្គត់ផ្គងជីវភាពលោកបានគាប់ប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះ របរមួយនេះក៏កំពុងផ្តល់ចំណូលដល់សិស្សនិស្សិតប្រមាណជាង ១០នាក់ដែលបម្រើការឱ្យលោកដែរ។ ចំពោះលោកស៊ូ កូត ឱ្យតែដាក់ចិត្តធ្វើ របរលក់លៀសហាលក៏អាចឱ្យមនុស្សមានបានដែរ។
លោកតាំង សុមុនី ម្ចាស់សិប្បកម្មទៀន Kim Ly ក្នុងរាជធានីភ្នំពេញបានបង្ហាញចេតនាចង់នាំទៀនរបស់ខ្លួនទៅលក់នៅក្រៅប្រទេស។ នេះក៏ដោយសារថាទី១ ការលក់នៅក្នុងប្រទេសពុំសូវទទួលបានតម្លៃខ្ពស់ និងទី២ មានការប្រកួតប្រជែងទីផ្សារខ្លាំង។ ម្យ៉ាងទៀត និងបើតាមម្ចាស់សិប្បកម្មរូបនេះដដែល ការនាំចេញទៅលក់នៅក្រៅប្រទេសក៏ជាផ្នែកមួយជួយបង្កើនការផលិត និងផ្សព្វផ្សាយផលិតផលខ្មែរឱ្យបរទេសបានស្គាល់ដែរ។
ចារបុរសរុស្ស៊ី ២នាក់ ត្រូវនគរបាលអាល្លឺម៉ង់ចាប់ខ្លួន ព្រោះតែប្រុងរៀបចំគម្រោងបំផ្ទុះកម្ទេចរចនាសម្ព័ន្ធយោធាអាល្លឺម៉ង់ ហើយនិងមូលដ្ឋានយោធាសហរដ្ឋអាមេរិក នៅលើទឹកដីអាល្លឺម៉ង់។ រដ្ឋអាជ្ញាប្រឆាំងអំពើភេរវកម្ម បានចោទប្រកាន់ពួកគេទាំង២ តាមផ្លូវច្បាប់ពីបទល្មើសភេរវកម្ម ដែលអាចនឹងត្រូវទទួលទោសជាប់ពន្ធានាគារ ប្រមាណ ១ ទសវត្សរ៍។
លោក វ៉ាងយី រដ្ឋមន្ត្រីការបរទេសចិន កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ នៅថ្ងៃព្រហស្បតិ៍ទី១៨មេសានេះ លោកប្រមុខការទូតចិនបានចូលជួបប្រធានាធិបតីផុតអាណត្តិ ចូកូ វីដូដូ ផងនិងប្រធានាធិបតីជាប់ឆ្នោតថ្មី លោក ប្រាបូវ៉ូ ស៊ូប្រីយ៉ាតូ ផង ដោយប្រកាសគាំទ្រយ៉ាងពេញទំហឹងតួនាទីរបស់ឥណ្ឌូណេស៊ីជាប្រទេសដ៏ធំមួយ។
នៅល្ងាចថ្ងៃទី១៨មេសា ឆ្នាំ២០២៤នេះ លោកហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ការវិលចូលស្រុកវិញរបស់លោកគង់ សភា ដែលជាអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ។ ការស្វាគមន៍នេះធ្វើឡើង បន្ទាប់ពីលោក គង់ សភា ចេញលិខិតស្នើឱ្យលោកហ៊ុន ម៉ាណែតជួយអន្តរាគមន៍ទៅព្រះមហាក្សត្រប្រោសប្រទានការលើកលែងទោសលោក ដើម្បីវិលមកមើលថែគ្រួសារដែលចាស់ជរា។
គណបក្សកម្លាំងជាតិបានយល់ព្រមរៀបចំជួបជុំសម្ដែងមតិនៅទីស្នាក់ការបក្សរបស់ខ្លួនក្នុងខណ្ឌមានជ័យ បន្ទាប់ពីបរាជ័យក្នុងការស្នើសុំរៀបចំនៅទីលានប្រជាធិបតេយ្យក្នុងខណ្ឌឫស្សីកែវ។ តែទោះជាប្តូរទីតាំងជួបជុំក៏ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុនបញ្ជាក់ថា ចំនួនមនុស្ស និងសកម្មភាពនានានឹងរក្សានៅដដែល។
ជំនួបកំពូលអន្តរជាតិស្តីពីសមុទ្ទបានបិទបញ្ចប់នៅថ្ងៃពុធ ទី ១៧មេសា នៅប្រទេសក្រិក ជាមួយនឹងការសន្យាផ្តល់ជំនួយជាង១១លាន៥សែនដុល្លារ។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការបរទេសក្រិក ដែលជាម្ចាស់ផ្ទះរៀបចំជំនួបប្រចាំឆ្នាំ។ តើអន្តរជាតិនឹងសន្យាជួយសមុទ្ទយ៉ាងណាខ្លះ?
ភ្លៀងដ៏កាចសាហាវ បានសម្លាប់ផ្តាច់ជីវិតមនុស្ស ជិត ២០ ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសបារ៉ែន។ ក្រុងឌូបៃ ថ្ងៃពុធទី១៧មេសា ភ្លៀងធ្លាក់តែក្នុងរយៈ ២៤ ម៉ោងតែប៉ុណ្ណោះ ប្រៀបស្មើបាននឹងចំណុះទឹកភ្លៀងរយៈពេល ២ ឆ្នាំ ក្នុងកម្រិតធម្មតានៅអេមីរ៉ាតអារ៉ាប់រួម។ ចំណែក ក្រុងអូម៉ង់ ភ្លៀងនៅថ្ងៃអង្គារ បានបំបែកកំណត់ត្រាភ្លៀងគ្រោះថ្នាក់ខ្លាំង ក្នុងរយៈពេលជិត ៣០ ឆ្នាំចុងក្រោយនេះ នៅបារ៉ែន។ សាលារៀន គ្រឹះស្ថានសាធារណៈ និងព្រលានយន្តហោះ ត្រូវបិទទ្វារផ្អាកដំណើរការ។
កងទ័ពរុស្ស៊ី ដែលឈរជើង ក្រោមបុព្វហេតុរក្សាសន្តិភាពក្នុងតំបន់ ការ៉ាបាក់់ តាំងពីឆ្នាំ ២០២០ មក បានចាប់ផ្តើមដកខ្លួនចេញ ពីតំបន់នេះ ជាបណ្តើរៗ នេះបើផ្អែកតាមសេចក្តីប្រកាស នៅថ្ងៃពុធទី ១៧ មេសា ដោយវិមានក្រេមឡាំង ក្នុងប្រទេសរុស្ស៊ី។ គួររំឭកថា ការ៉ាបាក់ គឺជាទឹកដី ដែលមានជនជាតិអាមេនី រស់នៅមួយភាគធំ តាំងពីសម័យបុរាណកាល តែក្រោយមក តំបន់នេះបានធ្លាក់ក្រោមការត្រួតត្រា របស់ប្រទេស អាស៊ែបៃហ្សង់ នៅអំឡុងដើមសតវត្សរ៍ទី ២០។ ឆ្នាំ ១៩៩១ ការ៉ាបាក់ បានផ្តាច់ខ្លួន ពីអាស៊ែបៃហ្សង់ និង បានក្លាយជាតំបន់អបគមន៍ អស់រយៈពេលជាង ៣ ទសវត្សរ៍។ តែ នៅខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ អាស៊ែបៃហ្សង់ បានបើកប្រតិបត្តិការយោធាផ្លេកបន្ទោរ និងបានដណ្តើមយក ទឹកដីការ៉ាបាក់ ត្រឡប់មកវិញ។ ការណ៍នេះ បានបណ្តាលឲ្យជនជាតិអាមេនីរាប់ម៉ឺននាក់ ត្រូវបង្ខំចិត្ត ចាកចោលផ្ទះសំបែង និងភៀសខ្លួន ចូលទៅក្នុងទឹកដីរបស់ប្រទេសអាមេនីជិតខាង។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណី រដ្ឋាភិបាលសឹកភូមាបានសម្រេចដោះលែងអ្នកទោសចំនួនជាងបីពាន់នាក់។ ប្រមុខដឹកនាំបក្សប្រឆាំងលោកស្រី អ៊ុងសានស៊ូជី គ្មានឈ្មោះក្នុងបញ្ជីដោះលែងនោះទេ ប៉ុន្តែរបបសឹកបានសម្រេចសម្រាលទោស ដោយផ្ទេរលោកស្រីចេញពីពន្ធនាគារ ទៅឃុំឃាំងនៅក្នុងគេហដ្ឋានវិញ។
គិតចាប់ពីថ្ងៃទី១៧មេសានេះទៅ គឺនៅសល់១០០ថ្ងៃគត់ ដែលកម្មវិធីប្រកួតកីឡាអូឡាំពិក២០២៤នៅទីក្រុងប៉ារីស នឹងចាប់ផ្តើមជាផ្លូវការ។ មានមតិខ្លះ បានបង្ហាញការព្រួយបារម្ភជាច្រើនចំណុច ថាហេដ្ឋារចនាសម្ព័ន្ធកីឡា ព្រមទាំងបណ្តាញដឹកជញ្ជូនបារាំង នៅមិនទាន់រៀបចំស្រេចបាច់ ដើម្បីទទួលកីឡាករនិងអ្នកទស្សនារាប់សែននាក់ឡើយ។ ហើយទន្ទឹមនឹងនេះ ក៏មានផងដែរ នូវការព្រួយបារម្ភស្តីពីបញ្ហាសន្តិសុខ ដោយសារតែមានការគំរាមធ្វើភេរវកម្ម នៅថ្ងៃបើកសម្ពោធការប្រកួត។
នៅថ្ងៃទី១៧ ខែមេសានេះ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរបានរៀបចំពិធីបង្សុកូលនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកដើម្បីឧទ្ទិសកុសលដល់អ្នកបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ ឆ្លៀតក្នុងឱកាសនេះ គណបក្សក្នុងសម័្ពន្ធភាពឆ្ពោះទៅអនាគតទាំងពីរបានអំពាវនាវដល់អ្នកនយោបាយបច្ចុប្បន្នឲ្យបំភ្លេចចោលទំព័រចាស់ ហើយបើកទំព័រថ្មីដើម្បីស្ដារវប្បធម៌និយាយគ្នាត្រង់ៗ និងបញ្ចប់អរិភាពនយោបាយដែលជាបច្ច័យអាក្រក់នាំទៅរកការបែកបាក់ក្នុងសង្គមជាតិខ្មែរ។
យោងតាមរបាយការណ៍ស្រាវជ្រាវ និងការវិភាគលើរូបភាពផ្កាយរណបពីបរទេស ប្រទេសកម្ពុជាបានបាត់បង់ព្រៃឈើក្នុងឆ្នាំ២០២៣ដល់ទៅ ១២១ ០០០ហិកតា។ ទំហំនៃការបាត់បង់នេះគឺស្មើនឹងផ្ទៃដីទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក។ តាមរបាយការណ៍ដដែល ការបាត់បង់នេះដោយសារតែការរកស៊ីវិនិយោគដូចជា អាជីវកម្មរ៉ែមាសនិងរ៉ែដែក ការធ្វើទំនប់វារីអគ្គិសនី និងការកាប់ឈើខុសច្បាប់ជាច្រើន។
បន្ទាប់ពីអាក់ខានអស់រយៈពេលជិតមួយឆ្នាំកន្លះ លោក ឡយដ៍ អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាមេរិកនិងសមភាគីចិនលោកដុង ជន បានជួបពិភាក្សាគ្នាជាលើកទីមួយ នៅថ្ងៃអង្គារទី ១៦មេសា តាមវីដេអូខុនហ្វេរិន។ នេះជាសញ្ញាដែលបញ្ជាក់ថាមហាអំណាចទាំងពីរមានឆន្ទៈចង់រក្សាកិច្ចសន្ទនារវាងគ្នា បើទោះបីជាទំនាក់ទំនងនៅតានតឹងខ្លាំងក៏ដោយ។
ប្រមុខការទូតចិន លោក វ៉ាង យី គ្រោងបំពេញទស្សនកិច្ចក្នុងសប្តាហ៍នេះនៅក្នុងប្រទេសអាស៊ីចំនួន ៣ប្រទេស។ បើតាមសារព័ត៌មានចិន South China Morning Post ទស្សនកិច្ចរបស់លោក វ៉ាង យី មានគោលដៅជំរុញការអនុវត្តលើគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ដែលបានផ្តួចផ្តើមឡើងដោយប្រធានាធិបតីចិនលោកស៊ី ជីនពីង។
ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលមានរយៈពេល៤ថ្ងៃ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ ជាការកត់សម្គាល់ ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៤នេះ ត្រូវបានអ្នកតាមដានសង្គម និងប្រពៃណីវប្បធម៌ខ្មែរមើលឃើញដូចៗគ្នាថា មានសន្ទុះខ្លាំងក្លា និងមានការចូលរួមលេងកម្សាន្តពីពលរដ្ឋខ្មែរច្រើនជាងបណ្តាឆ្នាំមុនៗ។ តើការចូលរួមដ៏គគ្រឹកគគ្រេងរបស់ពលរដ្ឋខ្មែរឆ្នាំនេះ មានជាប់ពាក់ព័ន្ធនឹងរឿងជាតិនិយម និងការដាក់សង្ក្រាន្តរបស់ថៃទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់អង្គការ UNESCO ឬយ៉ាងណា?
ប្រមុខគណបក្សកាន់អំណាច លោក ហ៊ុន សែន បានយល់ព្រមអនុគ្រោះដល់លោក អ៊ឹម សុផល ហៅ មុំ អាហ្សានី ដែលតែងតែវាយប្រហារត្រកូលហ៊ុនតាមរយៈសារព័ត៌មាន ឌឺ ខាមបូឌា ដេលីកន្លងមក។ ការយល់ព្រមអនុគ្រោះនេះធ្វើឡើង បន្ទាប់ពីលោក មុំ អាហ្សានី បានចេញមុខសុំទោស លោក ហ៊ុន សែន និងបានទម្លាក់កំហុសដាក់ក្រុម លោក សម រង្ស៊ី ថាជាអ្នករៀបចំឆាកឲ្យវាយប្រហារត្រកូលហ៊ុន។
រដ្ឋាភិបាលកម្ពុជាបានធ្វើបត្យាប័នបញ្ជូនជនជាតិចិនចំនួន ១៣០នាក់ទៅប្រទេសកំណើតវិញកាលពីថ្ងៃទី១៣ មេសា ឆ្នាំ២០២៤។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ជនជាតិចិនទាំង ១៣០នាក់ជាជនសង្ស័យនៃឧក្រិដ្ឋកម្មអនឡាញក្នុងចំណោមជាង១ពាន់នាក់ដែលសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងអនឡាញនៅខេត្តព្រះសីហនុ។
ប្រទេសអេត្យូពី កំពុងតែឆ្លងកាត់យ៉ាងលំបាកវេទនាបំផុត នូវគ្រោះទុរ្ភិក្ស។ ប្រជាជនទាំង២១លាននាក់នៃប្រទេសនេះ រស់រំពឹងទាំងស្រុង ទៅនឹងជំនួយស្បៀងអាហារ ពីអង្គការក្រៅរដ្ឋាភិបាល។ អង្គការសហប្រជាជាតិ បានអំពាវនាវកាលពីថ្ងៃទី១៦មេសា ប្រមូលប្រាក់ឲ្យបានយ៉ាងហោច ចំនួន១ពាន់លានដុល្លារ ដើម្បីបន្តជួយជាជំនួយមនុស្សធម៌ដល់ប្រជាជនអេត្យូពី។
ទោះបីភ្នក់ភ្លើងសង្គ្រាមកំពុងតែបន្តឆាបឆេះនៅអ៊ុយក្រែន ហើយនិងនៅតំបន់ដើមបូព៌ាក្តី តែវឌ្ឍនភាពសេដ្ឋកិច្ចសកលលោក បន្តមានសន្ទុះកំណើន។ នេះក៏ព្រោះតែភាពស៊ាំធន់នឹងវិបត្តិរបស់ប្រទេសជាច្រើន ហើយសេដ្ឋកិច្ចរបស់ប្រទេសធំៗ មានសុខភាពល្អ និង មានវឌ្ឍនភាពរីកចម្រើន។ នេះបើតាមរបាយការណ៍ព្យាករសេដ្ឋកិច្ចរបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី១៦មេសា។ ជាមួយគ្នានេះ FMI បានព្រមានអំពីវិបត្តិអតិផរណា ដែលត្រូវប្រុងប្រយ័ត្នសម្រាប់ឆ្នាំនេះ និងឆ្នាំខាងមុខ។
នៅថ្ងៃទី១៦ មេសា ឆ្នាំ ២០២៤ ពោល ១០១ថ្ងៃមុនការរៀបចំប្រកួតកីឡាអូឡាំពិកក្នុងប្រទេសបារាំង ភ្លើងគប់អូឡាំពិកត្រូវបានអុជឡើងនៅអូឡាពី (Olympie) ក្នុងប្រទេសក្រិកដែលជាទីកន្លែងរៀបចំការប្រកួតកីឡាអូឡាំពិកលើកដំបូង។ បន្ទាប់មក ភ្លើងគប់អូឡាំពិកនេះធ្វើដំណើរឆ្លងកាត់ទីតាំង និងតំបន់មួយចំនួនក្នុងទឹកដីក្រិករយៈពេល ១១ថ្ងៃ មុននឹងបន្តដំណើរឆ្ពោះទៅកាន់ប្រទេសបារាំងសម្រាប់ការបើកសម្ពោធកីឡាអូឡាំពិកជាផ្លូវការនៅថ្ងៃទី២៦ កក្កដាខាងមុខ។
នៅថ្ងៃចន្ទ ទី១៥ មេសា រដ្ឋសភាហ្ស៊កហ្ស៊ីបានចាប់ផ្តើមពិភាក្សាឡើងវិញលើគម្រោងច្បាប់ដ៏ចម្រូងចម្រាសស្តីពី « ភ្នាក់ងារបរទេស » ។ តែស្រាប់នៅក្នុងការពិភាក្សានោះក៏មានផ្ទុះឡើងនូវការវាយតប់គ្នារវាងអ្នកតំណាងរាស្ត្រ។ គួររម្លឹកថាកាលពីឆ្នាំ ២០២៣ គម្រោងច្បាប់ដដែលមួយនេះធ្លាប់បានបង្កឲ្យមានបាតុកម្មប្រឆាំងយ៉ាងខ្លាំងក្លាពីមហាជនដោយពួកគេចាត់ទុកជាគម្រោងច្បាប់សំដៅបំបិទសេរីភាព។
ក្នុងជំនួបជាមួយប្រមុខរដ្ឋចិន នៅរដ្ឋធានីប៉េកាំង លោកអធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ ថ្លែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីនាំមកនូវសន្តិភាពនៅអ៊ុយក្រែន។ ទន្ទឹមនឹងគ្នានេះ ភាគីចិន លោកប្រធានាធិបតីស៊ី ជីនពីង បញ្ជាក់ដែរ នៅថ្ងៃអង្គារ ទី១៦មេសា ថា ចិនមហាអំណាចសេដ្ឋកិច្ចលេខ២ ហើយអាល្លឺម៉ង់មហាអំណាចសេដ្ឋកិច្ចទី៣ គួរតែពួតដៃសហការគ្នាដើម្បីជំរុញសន្តិភាពនិងស្ថិរភាពនៅលើពិភពលោក។
តុលាការខេត្តព្រះវិហារបានសម្រេចដោះលែងពលរដ្ឋ ២៨នាក់ដែលរងការចោទប្រកាន់ពីបទទន្ទ្រានចូលកាន់កាប់ដីរដ្ឋខុសច្បាប់ នៅស្រុកគូលែន។ លោកណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារបានបញ្ជាក់នៅថ្ងៃទី១៦មេសា ឆ្នាំ២០២៤ នេះថា ការដោះលែងនេះដោយសារតែពួកគេបានសារភាពទទួលស្គាល់កំហុស និងឆ្លើយថា មានមេខ្យល់ញុះញង់បង្កឱ្យមានសកម្មភាពហិង្សាតបតជាមួយអាជ្ញាធរ។ តែលោកណុប វុធ្ធីមិនភ្លេចបន្ថែមថា ពួកគេទាំង២៨នាក់នៅតែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។