អាជ្ញាធរជាតិព្រះវិហារផ្តើមទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារដំណាក់កាលទី២
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានចាប់ផ្តើមអនុវត្តគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារដំណាក់កាលទី២ នៅតាមទីតាំងចំនួន២៩ ដើម្បីទប់ស្កាត់ការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ដែលបែកបាក់ខ្លាំង។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា គម្រោងនេះមានគោលបំណងសង្គ្រោះទីតាំងទាំង២៩ នៃតួប្រាសាទដែលរងការខូចខាតធ្ងន់ធ្ងរ។ គម្រោងនេះទទួលបានជំនួយថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ខណៈដំណាក់កាលទី១ អាជ្ញាធរជាតិព្រះវិហារបានទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារបានចំនួន ២៣ទីតាំងមកហើយ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥។