តើកម្ពុជាអាចធ្វើអ្វីបានខ្លះដើម្បីជួយអ្នកដំណើរលើនាវា Villa Vie Odyssey ?
The Villa Vie Odyssey docked at Sihanoukville port and passengers were forced to disembark. The reason given was that the ship could not be supplied with fuel. There were 203 passengers on board, including 159 US nationals.
ថ្មីៗនេះ នាវាឈ្មោះ Villa Vie Odyssey បានសម្រេចចិត្តចូលចត និងបង្ខំឱ្យអ្នកដំណើរចុះពីលើនាវានៅកំពង់ផែខេត្តព្រះសីហនុ ក្រោមហេតុផលអស់លទ្ធភាពផ្គត់ផ្គង់ប្រេង។ មានអ្នកដំណើរទាំងអស់ចំនួន ២០៣នាក់ ក្នុងនោះ ១៥៩នាក់ជាជនជាតិអាមេរិក។ ភ្លាមៗ អាជ្ញាធរកម្ពុជាបានចុះទៅជួយសម្របសម្រួលបញ្ហានេះ។ គេធា្លប់បានឃើញរូបភាពស្រដៀងនេះអំឡុងពេលឆ្លងរាតត្បាតជំងឺកូវីដ ក្នុងឆ្នាំ២០២០ ដែលកម្ពុជាបានជួយនាវាទេសចរណ៍ខ្នាតយក្ស MS Westerdam ឲ្យចូលចតនៅខេត្តព្រះសីហនុ។ អ្នកជំនាញផ្នែកទេសចរណ៍ខ្លះយល់ឃើញថា ការជួយអ្នកដំណើរលើនាវា Villa Vie Odyssey ពេលនេះជាឱកាសវិជ្ជមានសម្រាប់វិស័យទេសចរណ៍ និងក៏ជាការយកចិត្តទុកដាក់ផ្នែកមនុស្សធម៌របស់កម្ពុជាដែរ។ តើកម្ពុជាអាចធ្វើអ្វីបានខ្លះដើម្បីជួយអ្នកដំណើរលើនាវា Villa Vie Odyssey?