លោក ស្លេះ ហ្វឺត ប្តឹងមន្ត្រីបរិស្ថានស្ទឹងត្រែង ២នាក់ពាក់ព័ន្ធករណីចាប់ខ្លួនមនុស្សច្រឡំ
លោក ស្លេះ ហ្វឺត ពលរដ្ឋខ្មែរ-ឥស្លាមដែលអះអាងថា ខ្លួនត្រូវតុលាការឃុំខ្លួនច្រឡំចំនួន ១ឆ្នាំបានដាក់ពាក្យបណ្តឹងទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីឱ្យពិនិត្យភាពមិនប្រក្រតីលើនគរបាលយុត្តិធម៌ចំនួន ២នាក់ដែលជាមន្ត្រីមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ លោក ណុះ សូឡេះ ប្អូនថ្លៃរបស់លោក ស្លេះ ហ្វឺត បានបញ្ជាក់ថា ការដាក់ពាក្យបណ្តឹងប្រឆាំងនឹងមន្ត្រីទាំង ២នាក់នេះ គឺប្រធានមន្ទីរបរិស្ថាន និងនាយកដែននៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ធ្វើឡើងក្នុងគោលបំណងឱ្យមានការពិនិត្យឡើងវិញលើភាពមិនប្រក្រតី និងនីតិវិធីស៊ើបអង្កេតក្នុងដំណាក់កាលកសាងសំណុំរឿងក្តីក្តាំលោក ស្លេះ ហ្វឺត ដោយមន្ទីរបរិស្ថានកាលពីឆ្នាំ២០២៣។ បើតាមលោក ណុះ សូឡេះ លោក ស្លេះ ហ្វឺត គឺជាអ្នកនេសាទ និងមិនធ្លាប់ប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការកាប់គាស់ ឬរុករានដីព្រៃនោះឡើយ។