វិស័យវាយនភណ្ឌ៖ ឆ្អឹងខ្នងសេដ្ឋកិច្ចបង់ក្លាដែសកំពុងប្រឈមនឹងភាពផុយស្រួយ?
នៅក្នុងប្រទេសបង់ក្លាដែស វិស័យវាយនភណ្ឌដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកំពុងប្រឈមនឹងភាពផុយស្រួយ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ កម្មករជាច្រើនម៉ឺននាក់បាននាំគ្នាធ្វើកូដកម្ម តវ៉ាទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមា ដើម្បីទប់ទល់នឹងជីវភាពខ្វះខាតដោយសារទំនិញឡើងថ្លៃ។ ក្នុងថ្ងៃអាទិត្យ ទី ១ វិច្ឆិកា រដ្ឋាភិបាលបានចេញមុខអន្តរាគមន៍ ដោយបង្កើតក្រុមការងារមួយទទួលបន្ទុកចរចារឿងប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ន។ តែវិធានការមួយនេះនៅមិនទាន់អាចបំពេញចិត្ត និងរំងាប់កំហឹងតវ៉ារបស់កម្មករនៅឡើយទេ។ លើសពីនេះ ការប្រឆាំងតវ៉ា ទាមទាររបស់ពួកគេហាក់កំពុងបន្តមានកាន់តែខ្លាំងឡើងថែមទៀត។