បារាំងចុះកិច្ចព្រមព្រៀងសំខាន់ៗជាមួយកម្ពុជា និងប្រាប់ឱ្យកម្ពុជាស៊ើបអង្កេតករណីឃាតកម្មលោក លិម គិមយ៉ា
បារាំង និងកម្ពុជាបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន២៩ ក្នុងវិស័យធំៗចំនួន៤ រួមមាន ការពារជាតិ ថាមពល អវកាស និងទេសចរណ៍ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់លោក ម៉ាក្រុង និងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅយប់ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៦។ លោក ហ៊ុន ម៉ាណែត ចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនៅកម្ពុជាពេលនេះថាជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការការទូតជាមួយកម្ពុជា និងទំនាក់ទំនងលើវិស័យការពារជាតិ។ចំណែកលោក អេម៉ានុយអែល ម៉ាក្រុង បានបញ្ជាក់ពីការចុះកិច្ចព្រមព្រៀងលើវិស័យធុរកិច្ច ដើម្បីជំរុញឱ្យសហគ្រិនកម្ពុជាមានការរីកចម្រើនឡើង។ បើតាមប្រធានាធិបតីបារាំង ក្នុងឆ្នាំ២០២៦នេះ បារាំងបានវិនិយោគប្រមាណ ៦០លានអឺរ៉ូ លើវិស័យហេដ្ឋារចនាសម័្ពន្ធនៅកម្ពុជា ព្រមទាំងជំរុញឱ្យមានការសិក្សាភាសាបារាំងថែមទៀតនៅក្នុងកម្មវិធីសិក្សារបស់កម្ពុជា។ ឆ្លៀតក្នុងឱកាសនេះដែរ លោក ម៉ាក្រុង ក៏បានស្នើដល់រដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតលើករណីឃាតកម្ម លោក លិម គឹមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំងដែលត្រូវបានឃាតុករបាញ់សម្លាប់នៅទីក្រុងបាងកក ប្រទេសថៃកាលពីឆ្នាំ ២០២៥។