កម្ពុជាតវ៉ានឹងការលើកទង់ជាតិថៃនៅច្រកថ្មដា ខណៈពលរដ្ឋខ្មែរជាង ២ម៉ឺននាក់មិនអាចវិលទៅផ្ទះវិញ
នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ កម្ពុជាបានតវ៉ាជាថ្មីប្រឆាំងនឹងសកម្មភាពរបស់ភាគីថៃដែលបន្តរំលោភបំពានទឹកដីកម្ពុជា ក្នុងខេត្តពោធិ៍សាត់។ ជាសកម្មភាពដែលយោធាថៃ អមដោយព្រះសង្ឃ បាននាំគ្នាលើកទង់ជាតិថៃ នៅច្រកទ្វារអន្តរជាតិថ្មដា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ នេះជាការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា។ កម្ពុជាចាត់ទុកទង្វើរបស់ថៃនេះថា ជាការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ ក្នុងថ្ងៃជាមួយគ្នានេះ តំណាងកម្ពុជាក៏បានប្រាប់កិច្ចប្រជុំអង្គការសហប្រជាជាតិ ពីការដែលកងកម្លាំងថៃ នៅតែរារាំងពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ទៀត មិនឲ្យវិលទៅលំនៅឋានវិញ។