ឧកញ៉ា តែ តាំងប៉៖ ការបង្កើតច្រកចេញចូលតែមួយជាឱកាសឲ្យ SME នាំចេញផលិតផលខ្មែរទៅបរទេស
នៅថ្ងៃអាទិត្យទី៤តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទៅពិនិត្យវឌ្ឍនភាពនៃការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME)។ អង្គភាពមួយនេះនឹងក្លាយជាច្រកចេញចូលតែមួយ សម្រាប់ការស្នើចុះបញ្ជី ឬការបន្តអាជ្ញាបណ្ណរបស់សហគ្រាសធុនតូច និងមធ្យម។ បើតាមលោក ហ៊ុន ម៉ាណែត អង្គភាពថ្មីនេះនឹងជួយកាត់បន្ថយភាពស្មុគស្មាញ ពេលវេលា និងការចំណាយនានាសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលធ្លាប់កើតមានឡើង។ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាយល់ថា អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យមនឹងបើកឱកាសឲ្យពាណិជ្ជករខ្មែរបង្កើតផលិតផលផ្គង់ផ្គង់ក្នុងស្រុក និងនាំចេញទៅបរទេសបានងាយស្រួល។