លោក ហ៊ុន ម៉ាណែត ថា អាមេរិកប្រាប់ថៃឲ្យបញ្ឈប់សកម្មភាពវាតទីលើទឹកដីកម្ពុជា
អាមេរិកបានប្រាប់ថៃឲ្យបញ្ឈប់សកម្មភាពវាតទីលើទឹកដីកម្ពុជា។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃពុធទី៧តុលានេះ ដោយលោកអះអាងថា ព័ត៌មាននេះលោកទើបទទួលបានបន្ទាប់ពីជួបឧបការីអាមេរិកមួយរូប កាលពីបីថ្ងៃមុន។ បើតាមលោក ហ៊ុន ម៉ាណែត ឧបការីអាមេរិករូបនោះបាននាំពាក្យរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលថា អាមេរិកបានទាមទារឲ្យថៃបញ្ឈប់សកម្មភាពបង្កភាពតានតឹងតាមបន្ទាត់ព្រំដែនជាមួយកម្ពុជា។