កម្ពុជាបង្កើតមណ្ឌលអប់រំកែប្រែទី៥ ដើម្បីកាត់បន្ថយភាពចង្អៀតណែនអ្នកទោសនៅពន្ធនាគារផ្សេង
កាលពីថ្ងៃទី២៩ ខែកញ្ញា ជនជាប់ឃុំចំនួន ១ ៨៣៧នាក់ត្រូវបានផ្ទេរពីពន្ធនាគាររាជធានីភ្នំពេញ PJ (ទីតាំងចាស់) ទៅឃុំបន្តនៅពន្ធនាគាររាជធានីភ្នំពេញថ្មីដែលស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីទីតាំងចាស់។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង សុណាឌីន បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣០ កញ្ញានេះថា ការផ្ទេរជនជាប់ឃុំពីពន្ធនាគារ PJ ចាស់ ទៅកាន់ពន្ធនាគារថ្មី ដោយសារទីតាំងចាស់ត្រូវបានរដ្ឋាភិបាលយកធ្វើជាមណ្ឌលអប់រំកែប្រែទី៥។ សូមបញ្ជាក់ជូនថា កម្ពុជាមានពន្ធនាគារចំនួន ៣០ នៅទូទាំងប្រទេស ក្នុងនោះមាន ៥ ជាមណ្ឌលអប់រំកែប្រែ និងមានជនជាប់ឃុំសរុបជាង ៧៣ ០០០នាក់(ស្ត្រី ៥ ០០០នាក់)។ បើតាមលោក ឃៀង សុណាឌីន ការបង្កើតមណ្ឌលអប់រំកែប្រែទី៥ គឺដើម្បីសម្រាលបន្ទុកតាមពន្ធនាគារផ្សេងៗ ដែលមានអ្នកទោសចង្អៀតណែន។