រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានចេញមកច្រានចោលព័ត៌មានលើបណ្តាញ សង្គម TikTok ដែលថា «ស្ងាត់ៗវៀតណាមបានកាន់កាប់កោះឬស្សីហើយ»។ តែរដ្ឋបាលខេត្តជាប់មាត់សមុទ្រមួយនេះ ចាត់ទុកថានេះគឺជាព័ត៌មានមិនពិត និងបានបង្កប់នូវចេតនាទុច្ចរិត បំភាន់ ញុះញង់ សាធារណមតិឱ្យមានការយល់ច្រឡំ។ តាម រដ្ឋបាលខេត្តព្រះសីហនុ កោះឬស្សី គឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
រដ្ឋបាលអាមេរិក កាលពីថ្ងៃសុក្រទី២០ខែមិថុនា បានសម្រេចកាត់បន្ថយបុគ្គលិករបស់សំឡេងសហរដ្ឋអាមេរិក (វីអូអេ) បន្ថែមទៀតដល់ទៅ១៤០០កន្លែង រួមទាំងបុគ្គលិកជនជាតិខ្មែរផង ដែលស្មើនឹងចំនួន៨៥ភាគរយនៃបុគ្គលិកដែលត្រូវបានបញ្ឈប់តាំងពីខែមិនា។ ការបញ្ឈប់បុគ្គលរបស់វីអូអេ ដែលជាទីភ្នាក់ងារសហព័ន្ធសម្រាប់ការផ្សព្វផ្សាយព័ត៌មានរបស់អាមេរិកមួយនេះ ធ្វើឡើងទៅតាមបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលចុះកាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ ២០២៥។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២២ មិថុនា បានបញ្ជាឱ្យបិទច្រកព្រំដែនចំនួន២ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យជាប់ព្រំដែនថៃ។ ចំណាត់ការរបស់ភាគីកម្ពុជា ធ្វើឡើងភ្លាមៗក្រោយយោធភូមិភាគ២នៃកងទ័ពថៃបានជូនដំណឹងមកអភិបាលខេត្តឧត្តរមានជ័យថា ថៃនឹងបិទច្រកព្រំដែនសាយតាគូ-ជប់គគីរ ស្ថិតក្នុងស្រុកបន្ទាយអំបិល ខេត្តឧត្តរមានជ័យចាប់ពីថ្ងៃទី២១ មិថុនាតទៅ។ ជាមួយនឹងវិធានការតបតទៅកាន់ភាគីថៃ ប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា កម្ពុជាអាចកំដរបានគ្រប់ពេល ប្រសិនកងទ័ពថៃបន្តប្រើវិធីដាក់គំនាបមកលើកម្ពុជា។
ក្រោយជជែកចរចាគ្នា អូសបន្លាយពេលប្រមាណ ៣ ឆ្នាំរួចមក នៅទីបំផុតទៅ អង្គការសហប្រជាជាតិ បានសម្រេចឲ្យបង្កើតក្រុមអ្នកជំនាញអន្តរជាតិ ដើម្បីត្រួតពិនិត្យទំនិញផ្ទុកសារធាតុគីមី សំរាមពុល ដីពុល ទឹកនិងខ្យល់កខ្វក់។ នេះគឺជាលទ្ធផលនៃកិច្ចប្រជុំចំនួន ២ ថ្ងៃ នៅក្នុងប្រទេសអ៊ុយរូហ្គាយ។
លោក ហ៊ុន សែន ប្រមុខគណបក្សកាន់អំណាចនៅកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹងភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ពីប្រទេសថៃ។ វិធានការនេះត្រូវបានអតីតនាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកថា ដើម្បីបញ្ចៀសការគំរាមកំហែងនានាពីក្រុមជ្រុលនិយមថៃ ខណៈក្រុមនេះបានស្នើឲ្យរដ្ឋាភិបាលថៃឈប់លក់ប្រេងឲ្យកម្ពុជា។ អ្នកឃ្លាំមើលស្ថានការណ៍សង្គម និងសេដ្ឋកិច្ចកម្ពុជា មានសុទិដ្ឋិនិយមថា កម្ពុជា អាចរស់បានដោយមិនពឹងផ្អែកលើអាហារកំប៉ុងរបស់ថៃ ព្រោះកម្ពុជាមានដៃគូពាណិជ្ជកម្មច្រើនទៀត ដែលអាចជួយបំពេញសេចក្តីត្រូវការរបស់ពលរដ្ឋកម្ពុជា។
នៅថ្ងៃសៅរ៍ ទី២១ មិថុនា ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោក ហ្វីលីប៉ូ ហ្រ្កង់ឌី បានបញ្ជាក់ថា មិនត្រូវឲ្យសង្រ្គាមរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល បង្កជាវិបត្តិជនភៀសខ្លួនសាជាថ្មី នៅតំបន់មជ្ឈិមបូព៌ាឡើយ។ ប្រជាជនទាំងពីរប្រទេស ជាច្រើននាក់ បានចាប់ផ្តើមរត់ភៀសខ្លួនបណ្តើរៗ ទៅប្រទេសជិតខាង តួយ៉ាង អេហ្សីប ស៊ីប អាស៊ែរបៃហ្សង់ និង អាមេនី ជាដើម។
ក្រសួងការបរទេសថៃ បានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ឲ្យត្រលប់ទៅទីក្រុងបាងកកវិញជាបណ្តោះអាសន្ន ក្រោយពីការបែកធ្លាយកិច្ចសន្ទនារវាងប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់។ នេះបើតាមការចុះផ្សាយរបស់កាសែតThe Nation របស់ថៃ ដោយបន្ថែមថា ការកោះហៅនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ នោះឡើយ។
រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក Pichai Naripthaphan នៅថ្ងៃសៅរ៍នេះ បានបញ្ជាឲ្យមានការត្រួតពិនិត្យដោយតឹងរ៉ឹងចំពោះការនាំចូលដំឡូងមីនៅតាមបណ្តាច្រកព្រំដែនពីកម្ពុជា។ ប្រធានសមាគមដំឡូងមីកម្ពុជា យល់ថា វិធានការរបស់ថៃក្នុងរដូវកាលនេះ មិនទាន់ប៉ះពាល់អ្វីធ្ងន់ធ្ងរដល់ដំឡូងមីខ្មែរនៅឡើយទេ ដ្បិតថាមិនទាន់ដល់រដូវប្រមូលផលដំឡូងមី។
សង្គ្រាមរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ ឈានចូលថ្ងៃទី ៩ ហើយ។ អ៊ីស្រាអែល បញ្ជាក់ក្នុងថ្ងៃសៅរ៍ ទី២១ មិថុនា ថាបានវាយប្រហារគ្រាប់ប្លោងសម្លាប់មេបញ្ជាការអ៊ីរ៉ង់ម្នាក់ទៀត ដែលរូបគេនេះធ្លាប់បានរៀបចំការវាយប្រហារដ្រូនទៅលើប៉ែកនីរតីប្រទេសអ៊ីស្រាអែល។ រដ្ឋអំណាចតេហេរ៉ង់ ក៏អះអាងថា ពីយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ អ៊ីរ៉ងបានបន្តវាយប្រហារដ្រូន ចំនួន ១៣៦ និងបាញ់មីស៊ីលជាច្រើនគ្រាប់ ទៅលើសត្រូវសួពូជអ៊ីស្រាអែល។ បន្ថែមពីនេះ ក្នុងប្រទេសអ៊ីរ៉ង់ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅតែបន្តធ្វើយុទ្ធនាការតាមចាប់ខ្លួន«ជនក្បត់»ជាច្រើននាក់ ដែលត្រូវជាប់សង្ស័យថា បានលួចយកការណ៍សម្ងាត់ឲ្យអ៊ីស្រាអែល។
ប្រមុខការពារជាតិកម្ពុជា បានថ្លែងនៅថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២៥ ថា គិតសរុបជាបណ្ដោះអាសន្ន ភាគីថៃ បានរំលោភបំពាន និងមិនគោរពអនុស្សរណៈយោគយល់គ្នា(MOU) ឆ្នាំ២០០០ មានចំនួន៦៩៥ករណី។ នេះជាការឆ្លើយតបទៅនឹងភាគីថៃដែលបានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC)ថ្មីៗនេះថា កម្ពុជាបំពានទៅលើប្រទេសថៃ មាន៤៩៧ ករណី។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)។
កសិករនៅភូមិកោះអន្លង់ចិន ខេត្តកណ្តាល ភាគច្រើននិយមដាំដំណាំចេក ដែលជាដំណាំហូបផ្លែមួយប្រភេទ មិនសូវពិបាកថែទាំ និងឆាប់ទទួលបានផល។ ក៏ប៉ុន្តែកសិករនៅតំបន់នោះមិនសូវសប្បាយចិត្តប៉ុន្មានឡើយនៅពេលដែលដំណាំចេករបស់ពួកគេមានទីផ្សារមិនសូវល្អ។ មិនសូវល្អដោយហេតុថាការនាំចូលកសិផលចេកពីក្រៅប្រទេសមានតម្លៃទាបជាងកសិផលចេករបស់កសិករដែលដាំនៅក្នុងស្រុក។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាអះអាងថា ថៃបានបំពានលើអត្តសញ្ញាណ និងព្រលឹងវប្បធម៌ខ្មែរតាមរយៈការលួចចម្លងប្លង់ប្រាសាទអង្គរវត្តរបស់ខ្មែរ ទៅសាងសង់ជាប្រាសាទមួយមានសណ្ឋានដូចគ្នា ដោយដាក់ឈ្មោះសីហនគរ ក្នុងវត្តភូម៉ានហ្វា ខេត្តបុរីរម្យ។ នេះបើតាមខ្លឹមសារបង្ហោះផ្សាយដោយអាជ្ញាធរជាតិអប្សរានាព្រឹកថ្ងៃទី២១ មិថុនា។ ការលួចចម្លងប្លង់ប្រាសាទអង្គរវត្តរបស់ខ្មែរបែបនេះ ត្រូវបានលោកស្រីរដ្ឋមន្ត្រីចាត់ទុកថា ថៃបានបំពានទាំងស្រុងទៅលើកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ១៩៧២។
ក្រោយព្យុះភ្លៀងក្នុងចំណោមផ្ទៃក្នុងថៃ ដែលបណ្តាលមកពីការបែកធ្លាយសំឡេងសន្ទនារវាងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងអតីតនាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន ថៃហាក់បង្ហាញនូវរូបភាពស្ងប់ស្ងាត់បន្តិច។ ថៃតាមរយៈលោកស្រី ផែថងថាន បានអះអាងពីសាមគ្គីភាពផ្ទៃក្នុងនៃប្រជាជាតិខ្លួន និងថា ថៃគ្មានពេលបង្កើតជម្លោះផ្ទៃក្នុងឡើយ។ ជាក់ស្តែងនៅថ្ងៃទី២០ ខែមិថុនានេះ នាយករដ្ឋមន្ត្រីថៃ និងមេទ័ពថៃបានធ្វើទស្សនកិច្ចរួមគ្នានៅតំបន់ព្រំដែនជាប់កម្ពុជា។ អ្នកតាមដានកិច្ចការអន្តរជាតិនានានៅក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ថា ក្នុងពេលដែលថៃកំពុងបង្ហាញពីសាមគ្គីភាពផ្ទៃក្នុងបែបនេះ កម្ពុជាត្រូវត្រៀមយុទ្ធសាស្ត្រយ៉ាងសកម្មបំផុត ទាំងផ្នែកការទូត ផ្នែកច្បាប់ និងផ្នែកការពារជាតិ។
លោកវ៉្លាឌីមៀរ ពូទីន និង លោក ស៊ី ជីនពីង បានថ្លែងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ លើការវាយប្រហារ របស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់។ មេដឹកនាំទាំងពីរ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ ក៏បានអំពាវនាវឲ្យដោះស្រាយ ជម្លោះរវាងគូភាគីបដិបក្ខនេះ តាមផ្លូវនយោបាយ និងការទូត។ នេះបើតាមសេចក្តីប្រកាស នៅ ថ្ងៃព្រហស្បត៍ទី ១៩ មិថុនា ដោយវិមានក្រេមឡាំង ក្រោយកិច្ចសន្ទនាតាមទូរសព្ទ រវាង ប្រធានាធិបតីរុស្ស៊ី និង ប្រធានាធិបតីចិន ។
ការវាយប្រហារគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ឈានចូលថ្ងៃទី៨ នៅថ្ងៃសុក្រ ទី២០ មិថុនា។ ក្នុងសង្រ្គាមបង្ហូរឈាមគ្នារវាងប្រទេសទាំងពីរនៅតំបន់មជ្ឈិមបូព៌ានេះ គេកំពុងទន្ទឹងរង់ចាំមើលថា តើសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តអ៊ីស្រាអែល នឹងលូកដៃចូលដោយផ្ទាល់ ឬក៏យ៉ាងណាទេ? តែប្រធានាធិបតី លោកដូណាល់ ត្រាំ បានប្រកាសទុកពេលវេលា ២ សប្តាហ៍ មុននឹងសម្រេចចិត្តថា តើត្រូវវាយប្រហារអ៊ីរ៉ង់ឬអត់? នៅថ្ងៃទី២០ មិថុនា អ៊ីរ៉ង់ និងក្រុមប្រទេសអឺរ៉ុបចំនួន ៣ គឺបារាំង អាល្លឺម៉ង់ និងអង់គ្លេស ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង ឆ្នាំ២០១៥ បើកកិច្ចប្រជុំក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊្វីស ដើម្បីរកដំណោះស្រាយសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង។
នាយករដ្ឋមន្ត្រីអាមេនីបានអញ្ជើញទៅរដ្ឋធានីអ៊ីស្តង់ប៊ុល ប្រទេសតួកគីដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលជួបប្រធានាធិបតីតួកគី លោក រេសេប តាយីប អ៊ែរដូហ្កាន។ នេះគឺជាដំណើរទស្សនកិច្ច «ជាប្រវត្តិសាស្ត្រ»របស់ថ្នាក់ដឹកនាំអាមេនីទៅកាន់ប្រទេសជិតខាងមួយនេះដែលធ្លាប់ចាត់ទុកគ្នាជាសត្រូវសួពូជរយៈពេលជាង ១០០ឆ្នាំកន្លងមក។
ភាពតានតឹងរឿងព្រំដែនរវាងកម្ពុជា និងថៃ បានរាលដាលដល់ពលករទេសន្តរប្រវេសន៍ខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ ក្រុមគ្រួសារពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅថៃ សម្ដែងការព្រួយបារម្ភពីសុវត្ថិភាពសាច់ញាតិរបស់ពួកគេ ខណៈក្រុមអ្នកជាតិនិយមថៃ បានបង្ហាញពីការប្រមាថ និងចង់ឲ្យមានការបណ្តេញពលករខ្មែរចេញពីប្រទេសថៃ។
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសម្ដែងការព្រួយបារម្ភអំពីការបែកធ្លាយសំឡេងនៃការសន្ទនាឯកជនតាមទូរសព្ទរវាងនាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតម៉ាឡេស៊ី New Straits Times នៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៥។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាយល់ថាសារសន្ទនាដែលបែកធ្លាយនោះ មិនមានអ្វីគួរឲ្យព្រួយបារម្ភដូចទង្វើរបស់ទាហានថៃនោះទេ។
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានរិះគន់ទៅមន្ត្រីរដ្ឋាភិបាលថៃថា កំពុងព្យាយាមបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ហើយបិទបាំងទង្វើអាក្រក់របស់ខ្លួន។ ការរិះគន់យ៉ាងដូច្នេះរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ បានចោទប្រកាន់មកលើកម្ពុជាថា ជាប្រទេសដែលអាចមានបណ្តាញឧក្រិដ្ឋកម្មតាមអនឡាញធំជាងគេនៅលើពិភពលោក ហើយកំពុងមានការគាំទ្រពីអ្នកកាន់អំណាចក្នុងប្រទេស។
ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា ចំណងមិត្តភាពគ្រួសារលោក និងលោកថាក់ស៊ីន ស៊ីណាវ៉ាត់ រយៈពេលជាង៣០ឆ្នាំមកនេះត្រូវបានបំផ្លាញ ដោយសារតែការបែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទរវាងលោក និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់។ ក្នុងន័យនេះ លោក ហ៊ុន សែន ហាក់បានបន្ទោសទៅលើមន្ត្រីខ្មែរណាម្នាក់ ដែលបានចែកចាយសារសន្ទនានេះ ព្រោះគេមានកំហឹងចំពោះការប្រមាថមកលើនាយករដ្ឋមន្ត្រីកម្ពុជា និងរូបលោកផ្ទាល់។
ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះយានរ៉ុកកែតអវកាស Starship នៅយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ទី១៩មិថុនា តែបរាជ័យដោយផ្ទុះនិងបង្កជាភ្លើងផ្សែងយ៉ាងសន្ធោសន្ធៅក្នុងរដ្ឋតិចសាស់។ ក្នុងការបាញ់សាកល្បងរ៉ុកកែតអវកាសនេះ លោក អេឡុន ម៉ាស្ក៍ (Elon Musk) ម្ចាស់ក្រុមហ៊ុន SpaceX មានក្តីស្រមៃ និងមហិច្ឆតាចង់បញ្ចូនមនុស្សទៅភពព្រះអង្គារ។
នៅក្នុងប្រទេសភូមា ប្រមុខដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុង សានស៊ូជី មានជន្មាយុ ៨០ ឆ្នាំនៅថ្ងៃព្រហស្បតិ៍ ទី១៩ មិថុនានេះ។ តែមេបក្សប្រឆាំងភូមាដ៏លេចធ្លោច្រើនទសវត្សរ៍ និងជាជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះ រម្លឹកខួបកំណើតរបស់ខ្លួន នៅក្នុងពន្ធនាគារនៃរបបសឹក។ ក្រោមការគំរាមរបស់រដ្ឋាភិបាលទីក្រុងណៃពិដោរ រាល់សកម្មភាព និងសារជូនពរលោកស្រី ស៊ូជី ត្រូវអ្នកគាំទ្រធ្វើឡើងជាសម្ងាត់ និងបិទបាំងបំផុត។
រដ្ឋាភិបាលថៃ ដែលជារដ្ឋាភិបាលចម្រុះ បានបង្ហាញសញ្ញារង្គោះរង្គើកាន់តែខ្លាំងឡើង។ គណបក្សភូមិចៃថៃ បានសម្រេចដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ បន្ទាប់ពីមានការបែកធ្លាយសំឡេងឆ្លងឆ្លើយតាមទូរស័ព្ទ រវាងលោកស្រី ភែថងថាន និងលោកហ៊ុន សែន។ គណបក្សភូមិចៃថៃ បានចោទថាលោកស្រីភែថងថាន បានឱនលំទោនជ្រុលហួសហេតុ ចំពោះមុខភាគីកម្ពុជា មិនសក្តិសមជានាយករដ្ឋមន្ត្រី ដែលការពារផលប្រយោជន៍ជាតិថៃសោះ។
នៅក្នុងប្រទេសភូមា ប្រមុខដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុង សានស៊ូជី មានជន្មាយុ ៨០ ឆ្នាំនៅថ្ងៃព្រហស្បតិ៍ ទី១៩ មិថុនានេះ។ តែមេបក្សប្រឆាំងភូមាដ៏លេចធ្លោច្រើនទសវត្សរ៍ និងជាជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះ រម្លឹកខួបកំណើតរបស់ខ្លួន នៅក្នុងពន្ធនាគារនៃរបបសឹក។ ក្រោមការគំរាមរបស់រដ្ឋាភិបាលទីក្រុងណៃពិដោរ រាល់សកម្មភាព និងសារជូនពរលោកស្រី ស៊ូជី ត្រូវអ្នកគាំទ្រធ្វើឡើងជាសម្ងាត់ និងបិទបាំងបំផុត។
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានចេញមុខសុំទោសជាសាធារណៈដល់ប្រជាជនថៃ ចំពោះកិច្ចសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ដែលត្រូវបានបែកធ្លាយ។ លើសពីការសុំទោស នាយករដ្ឋមន្ត្រីថៃអះអាងថា នេះមិនមែនជាពេលវេលាដែលថៃត្រូវឈ្លោះគ្នាផ្ទៃក្នុងឡើយ តែជាពេលរួបរួមសាមគ្គីគ្នា ដើម្បីអធិបតេយ្យភាពរបស់ខ្លួន។
ប្រជាជនកម្ពុជា ៩៤% បានពេញចិត្តចំពោះចំណាត់ការទូទៅរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈស្ទើរតែ១០០% បានគាំទ្រដំណោះស្រាយរដ្ឋាភិបាលក្នុងការរុញសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ។ ទាំងនេះគឺជាលទ្ធផលនៃការស្ទាបស្ទង់មតិរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។
នៅថ្ងៃពុធ ទី១៨ មិថុនា អាជ្ញាធរតៃវ៉ាន់បានប្រកាសអំពីការសាកល្បងនាវាមុជទឹក ១ គ្រឿងដែលជាសមិទ្ធផលស្នាដៃផលិតក្នុងស្រុករបស់ខ្លួន និងដែលត្រូវសាកល្បងបណ្តែតខ្លួនលើសមុទ្រតៃវ៉ាន់ជាលើកដំបូង។ ការបង្ហាញនាវាមុជទឹក « Made in Taiwan » ដែលមានគោលដៅបម្រើឲ្យវិស័យកងទ័ពពេលនេះ គឺជាការបង្ហាញសាច់ដុំយោធាដាក់ចិនដីគោក និងដើម្បីបង្ការទប់នឹងការវាយប្រហារពីក្រុងប៉េកាំងជាយថាហេតុ។
សង្គ្រាមបានផ្ទុះឡើង៦ថ្ងៃហើយ រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់។ អ៊ីស្រាអែលបានអះអាងថាចង់កម្ទេចប្រព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់ មុននឹងអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ មកកម្ទេចអ៊ីស្រាអែល។ តែជាមួយគ្នានេះ លោកនេតាន់យ៉ាហ៊ូ បានលើកឡើងថា បើសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អាយ៉ាតូឡា អាលីខាម៉េណី បាន នោះជម្លោះនេះនឹងចប់។ លោកដូណាល់ ត្រាំ បានប្រាប់ទៅអ៊ីរ៉ង់ថា ត្រូវតែលុតជង្គង់ព្រមចុះចាញ់ និងបានអះអាងថាអាមេរិកចង់សម្លាប់អាយ៉ាតូឡាអ៊ីរ៉ង់ ពេលណាក៏បានដែរ ព្រោះងាយស្រួលណាស់។ បន្ទាប់ពីរងសំដីគំរាមទាំងអស់នេះ អាយ៉ាតូឡា អាលី ខាម៉េណី អគ្គមគ្គុទ្ទេសក៍ដឹកនាំកំពូលនៃរបបអ៊ីរ៉ង់ បានចេញថ្លែងសារកាលពីរសៀលថ្ងៃទី១៨មិថុនា ដោយអះអាងថា “អ៊ីរ៉ង់គ្មានថ្ងៃចុះញ៉មជាដាច់ខាត”។
ថ្ងៃអង្គារទី ១៧ ខែ មិថុនា ម៉ូស្គូបានប្រកាសថា ក្រុងព្យុងយ៉ាងនឹងបញ្ជូនទាហានវិស្វកម្មកូរ៉េខាងជើង ចំនួន ១.០០០ នាក់ និង កម្មករបម្រើកងទ័ព ចំនួន ៥.០០០ នាក់ ផ្សេងទៀត ទៅជួយកសាងឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ត Koursk របស់រុស្ស៊ី។ គួរបញ្ជាក់ថា មួយផ្នែកនៃ ខេត្ត Koursk បានរងការបំផ្លិចបំផ្លាញ ក្រោមការកាន់កាប់នៃកងទ័ពអ៊ុយក្រែន ពី ខែសីហា ឆ្នាំ ២០២៤ រហូតដល់ខែ មេសា ឆ្នាំ ២០២៥។
កិច្ចប្រជុំ ហ្សេ៧ ឆ្នាំ២០២៥ នៅប្រទេសកាណាដា បានបិទបញ្ចប់ក្នុងថ្ងៃអង្គារ ទី១៧ មិថុនា ដោយបានផ្តល់តម្លៃតិចតួចចំពោះសំណុំរឿងសង្គ្រាមអ៊ុយក្រែន។ នេះក៏ដោយសារតែបរិយាកាសទូទៅត្រូវគ្រប់គ្នាបែរចក្ខុទៅចាប់អារម្មណ៍លើស្ថានការណ៍ជម្លោះដ៏ក្តៅគគុករវាង អ៊ីស្រាអែល និងអ៊ីរ៉ង។ ការវាយប្រហារគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានតម្រូវឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាកចេញពីកិច្ចប្រជុំហ្សេ៧ មុនកាលកំណត់ ហើយសូម្បីតែប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក៏គ្មានឱកាសបានជួបលោក ត្រាំ ទេ។ តែទោះជាយ៉ាងនេះក្តី កិច្ចប្រជុំហ្សេ៧ បានអនុញ្ញាតឲ្យម្ចាស់ផ្ទះ កាណាដា និងឥណ្ឌា ឈានទៅបើកទំព័រប្រវត្តិសាស្ត្រទំនាក់ទំនងជាថ្មី ក្រោយពីប្រទេសទាំងពីរបានបិទស្ថានទូតទៅវិញទៅមក អស់រយៈពេល ២ ឆ្នាំ។
ជាប្រទេសតូច និងមានចំនួនយោធាតិចជាងអ៊ីរ៉ង់ អ៊ីស្រាអែលបានអះអាងថា ការវាយប្រហារអ៊ីរ៉ង់តាំងពីព្រឹកថ្ងៃសុក្រ ទី ១៣ មិថុនាបានផ្តាច់សង្ខារថ្នាក់ដឹកនាំកំពូលៗនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាង២០នាក់។ កងឆ្មាំបដិវត្តន៍ជាកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល អំណាចខ្លាំង និងស្ថិតក្រោមការគ្រប់គ្រងរបស់ប្រមុខដឹកនាំសាសនា លោកអាលី ខាមេណី។ នៅពេលថ្នាក់ដឹកនាំកំពូលៗដែលមានតាំងពីប្រមុខកងទ័ព ប្រធានសេនាធិការដ្ឋាន ឬប្រធានក្រុមចារកិច្ចត្រូវបានអ៊ីស្រាអែលបាញ់សម្លាប់ជាង៥ថ្ងៃមកនេះ តើកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នឹងមានជោគវាសនាយ៉ាងណា និងថា តើកងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់មានរចនាសម្ព័ន្ធយ៉ាងដូចម្តេចខ្លះ?