មហោស្រពភាពយន្តអន្តរជាតិកានទី៧៧បើកសម្ពោធជាផ្លូវការនៅថ្ងៃអង្គារទី ១៥ឧសភានៅភាគខាងត្បូងប្រទេសបារាំង។ មហោស្រពភាពយន្តរយៈពេល២សប្តាហ៍ រហូតដល់ថ្ងៃទី២៦ឧសភា ជាព្រឹត្តិការណ៍វប្បធម៌ធំជាងគេនៅក្នុងពិភពលោកដោយមានមនុស្សមកចូលរួមជាង៦៥០០០នាក់។ នៅក្នុងមហោស្រពភាពយន្តកានឆ្នាំ២០២៤ ទើបមានជាលើកទី១ អ្នកដឹកនាំស្រ្តីខ្មែរពីររូបដែលបាននាំយកស្នាដៃផលិតរបស់ខ្លួនទៅបង្ហាញដល់អន្តរជាតិ បន្ទាប់ពី លោកប៉ាន់ រិទ្ធីដែលបានត្រលប់ទៅមហោស្រពកានជាមួយស្នាដៃថ្មីរបស់លោក មានចំណងជើងថា ណាត់ជួបជាមួយប៉ុល ពត។
យុទ្ធសាស្ត្រទុកឲ្យលោកសមរង្ស៊ីនៅឯកោរបស់ប្រធានគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែនត្រូវបានគេមើលឃើញកំពុងមានប្រសិទ្ធភាព និងឥទ្ធិពលដូចដែលលោកនៅធ្វើជានាយករដ្ឋមន្ត្រី។ ជាក់ស្តែងថ្មីៗនេះ មានថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយចំនួន រួមនឹងសហជីពឯករាជ្យដែលធ្លាប់មានទំនាក់ទំនងជាមួយលោកសម រង្ស៊ីត្រូវបានអាជ្ញាធរចាប់ខ្លួន និងកំពុងរងពាក្យបណ្តឹងនៅតុលាការ។ រូបភាពនៃការបន្តចាប់ខ្លួន និងបំបិទសម្លេងអ្នកនយោបាយបក្សប្រឆាំងបែបនេះញ៉ាំងឱ្យមានប្រតិកម្មចម្រុះជុំវិញការប្រើយុទ្ធសាស្ត្រ IF របស់បក្សកាន់អំណាច។ អ្នកតាមដានសង្គមខ្លះយល់ថា បក្សកាន់អំណាចនៅតែព្រួយបារម្ភពីកម្លាំងអ្នកប្រជាធិបតេយ្យដែលមានលោកសម រង្ស៊ីនៅពីក្រោយ។ តែអ្នកវិភាគផ្សេងទៀតយល់ថា បក្សកាន់អំណាចគួរបញ្ឈប់ការប្រើយុទ្ធសាស្ត្រIFនេះ ត្បិតបក្សប្រឆាំងក្នុងស្រុកពុំមានលទ្ធភាពតទល់នឹងកម្លាំងរបស់បក្សកាន់អំណាចបានទៀតឡើយ។
គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងការងារបានបញ្ចូនពលការិនីខ្មែរចំនួន ៥២រូបក្នុងចំណោមពលការិនីសរុប ៩០រូប ដែលចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប៊ី សាអូឌីត។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារ ទី១៤ ខែឧសភានេះ លោក កត្តា អ៊ន ប្រធានក្រុមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ពលការិនីខ្មែរទាំង៩០នាក់នឹងត្រូវធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាទាំងអស់នៅពេលឆាប់ៗខាងមុខនេះ។ តាម លោក កត្តា អ៊ន ក្រសួងការងារក៏កំពុងដំណើរការនីតិវិធីស៊ើបអង្កេតដំណាលគ្នាដែរលើក្រុមហ៊ុន និងបុគ្គលដែលជាមេខ្យល់បោកប្រាស់នាំពលការិនីទៅធ្វើការនៅអារ៉ាបី សាអូឌីត។
លោកប្រមុខការទូតសហរដ្ឋអាមេរិក អង់តូនី ប្លីងកិន បានធ្វើដំណើរទៅដល់ទីក្រុងកៀវ នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីជួបប្រជុំជាមួយលោកប្រធានាធិបតីអ៊ុយក្រែន និយាយអំពីស្ថានភាពសង្គ្រាម និងដំណើរការប្រគល់អាវុធ។ ដំណើរទៅដល់ដោយមិនបានគ្រោងទុកមុន របស់លោកអង់តូនី ប្លីងកិននេះ គឺស្របពេលដែលកងទ័ពរុស្ស៊ី កំពុងតែសំរុកវាយប្រហារយ៉ាងខ្លាំង ប៉ុន្មានថ្ងៃមកនេះ នៅតំបន់ខារគីវ ភាគឦសានអ៊ុយក្រែន។ លោកប្លីងកិនបានប្រាប់លោកហ្សេឡេនស្គីថា «កុំបារម្ភអី គ្រឿងសព្វាវុធកំពុងតែបញ្ជូនមកហើយ»។
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តបាត់ដំបង លោកភូ សុវណ្ណថាត្រូវបានអយ្យការអមសាលាដំបូងខេត្តបាត់ដំបងសម្រេចឃាត់ខ្លួននៅថ្ងៃទី១៣ឧសភា ក្រោយពីមានពាក្យបណ្តឹងពីលោក ឌឹម សារឿនដែលចោទលោកភូ សុវណ្ណថាបានញុះញង់បង្កឱ្យមានការរើសអើងជាសាធារណៈនៅតាមបណ្តាញសង្គម។ ការឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់បក្សក្រៅរដ្ឋាភិបាលរូបនេះត្រូវបានអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបងបញ្ជាក់ថា គឺដើម្បីបង្ការកុំឲ្យមានបទល្មើស និងមានភាពវឹកវរកើតឡើងជាថ្មី។ តែបក្សភ្លើងទៀនចាត់ទុកការឃាត់ខ្លួនលោកភូ សុវណ្ណថាជាការគំរាមកំហែងនយោបាយ ខណៈកម្ពុជាត្រៀមរៀបចំបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខណ្ឌ។
លោក ឧត្តមសេនីយ Yuri Kouznetsov មន្ត្រីជាន់់ខ្ពស់ម្នាក់ ដែលទទួលបន្ទុកផ្នែកធនធានមនុស្ស នៃក្រសួងការពារជាតិរុស្ស៊ី ត្រូវបានចាប់ខ្លួន ពីបទប្រព្រឹត្តអំពើពុករលួយ នេះបើយោងតាមការប្រកាស ដោយគណៈកម្មាធិការជាតិ ស៊ើបអង្កេតរបស់រុស្ស៊ី ចុះថ្ងៃអង្គារ ទី ១៤ ឧសភា ឆ្នាំ ២០២៤។ ការចាប់ខ្លួននេះ ធ្វើឡើងមិនដល់មួយខែផង បន្ទាប់ពី អនុរដ្ឋមន្ត្រីម្នាក់ នៃក្រសួងការពារជាតិរុស្ស៊ី ត្រូវគេឃាត់ខ្លួន ពីបទពុករលួយ ដូចគ្នាដែរ។ អ្វីដែលកាន់តែគួរឲ្យកត់សំគាល់ ជាងនេះទៅទៀត គឺប្រធានាធិបតីរុស្ស៊ី ទើបតែប្រកាសដក រដ្ឋមន្ត្រីការពារជាតិ លោក Serguei Choigou ដែលបានកាន់តំណែងនេះ តាំងពីឆ្នាំ ២០១២ មក និង ជាបុគ្គលដ៏ជំនិតម្នាក់ របស់លោកពូទីន ផ្ទាល់។
កំពង់ឆ្នាំងជាខេត្តមួយក្នុងចំណោមខេត្តផ្សេងទៀតរបស់កម្ពុជាដែលផលិតស្ករត្នោតច្រើនជាងគេ។ បើតាមកសិករនៅក្បែរៗជើងភ្នំក្រាំងដីមាស ពួកគេមួយចំនួនបានបោះបង់មុខរបរនេះចោលដោយសារតែការងារនេះមានការនឿយហត់ខ្លាំង តែតម្លៃស្ករត្នោតដែលផលិតបានលក់មិនសូវបានថ្លៃឲ្យសមទៅនឹងការប្រើកម្លាំងពលកម្ម។ តែសម្រាប់ លោក អ៊ុយ ភារី អាយុ៥២ឆ្នាំ មុខរបរឡើងត្នោតបានជួយឲ្យកូនៗរបស់គាត់បានរៀនដល់មហាវិទ្យាល័យ។
ប្រមាណជាង២ឆ្នាំក្រោយនៃសង្គ្រាមអ៊ុយក្រែនបានផ្ទុះឡើង ចិនបានប្រកាសគោលជំហរអព្យាក្រិត្យ និងដោយមិនបានចូលរួមថ្កោលទោស ឬដាក់ទណ្ឌកម្មលើរុស្ស៊ីទេ។ តែទន្ទឹមនឹងនេះ លោកស៊ី ជីនពីងបានប្រកាសថា រុស្ស៊ី និងចិន ភ្ជាប់គ្នាដោយមិត្តភាពដែលគ្មានទីបំផុត។ នៅពីក្រោយមិត្តភាពនេះ ចិនត្រូវបានគេសង្ស័យនិងចោទថាបានបន្តធ្វើជំនួញជាមួយរុស្ស៊ី តាមរយៈការធ្វើពាណិជ្ជកម្ម លក់អាវុធ សម្ភារៈសិក និងឧបករណ៍បច្ចេកវិទ្យា ដើម្បីឲ្យរុស្ស៊ីបន្តធ្វើសង្គ្រាម។ តែយ៉ាងណាក៏ដោយ ផ្អែកតាមការវិភាគថ្មីៗនេះ គេសង្កេតឃើញថាធនាគារចិនជាច្រើន បានចាប់ផ្តើមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយខ្លាចក្រែងជាប់ទណ្ឌកម្មរបស់អាមេរិក។
មានស្លាប់យ៉ាងហោចណាស់៤៤នាក់ និងបាត់ខ្លួន១៥នាក់ នៅក្នុងគ្រោះទឹកជំនន់ទឹកភ្លៀង និងទឹកកំហែលភ្នំភ្លើងត្រជាក់ដែលកំពុងជន់លិចភាគខាងលិចនៃកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមតួលេខចុងក្រោយផ្តល់ដោយភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំតំបន់ នៅល្ងាចថ្ងៃចន្ទទី ១៣ឧសភា២០២៤។
ក្បាលរថភ្លើងមួយទឹកពីប្រទេសជប៉ុនប្រភេទ DMU (Diesel Multiple Unit) ចំនួន ១១គ្រឿងដែលបញ្ជាទិញដោយក្រុមហ៊ុនរបស់អ្នកឧកញ៉ាគិត ម៉េងកំពុងត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០២៤នេះ។ ក្រសួងសាធារណៈការតាមរយៈអ្នកនាំពាក្យលោកផល រឹម អះអាងថា ក្បាលរថភ្លើងមួយទឹកពីស្រុកក្រៅទាំងនេះអាចដំណើរការលើផ្លូវដែកកម្ពុជាបាន ល្គឹកណាវាមិនបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។
ថ្ងៃអាទិត្យ ទី ១២ ឧសភា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានប្រកាសដក លោក Serguei Choigou ពីតំណែងរដ្ឋមន្ត្រីការពារជាតិ ដែលលោកបានកាន់កាប់តាំងពីឆ្នាំ ២០១២ មក។ ការដកតំណែងនេះ ប្រព្រឹត្តទៅក្នុងបរិបទនៃ ការកែប្រែសមាសភាពរដ្ឋាភិបាល នៅប៉ុន្មានថ្ងៃក្រោយលោក ពូទីន បានធ្វើសច្ចាប្រណិធាន ឡើងកាន់តំណែងជាប្រមុខរដ្ឋរុស្ស៊ី អាណត្តិទី ៥ និង ក្នុងបរិបទ ដែលសង្គ្រាមអ៊ុយក្រែន បន្តឆាបឆេះអស់ជាង ២ ឆ្នាំ មកហើយ។ លោក ស៊ែកហ្គី ឆយហ្គូ នឹងត្រូវជំនួសដោយ លោក Andrei Belooussov ដែលមានជំនាញខាងសេដ្ឋកិច្ច តែខ្វះបទពិសោធ ក្នុងវិស័យយោធា។
ជំនួបកំពូល Choose France ដែលប្រមូលផ្តុំដោយនាយកក្រុមហ៊ុនអន្តរជាតិធំៗ បានចាប់ផ្តើមនៅថ្ងៃចន្ទ ទី១៣ឧសភានេះ នៅអតីតព្រះបរមរាជវាំងវែកសៃ មិនឆ្ងាយប៉ុន្មានពីទីក្រុងប៉ារីស។ ក្នុងឱកាសជំនួបកំពូលនេះ ក្រុមហ៊ុនអន្តរជាតិបានប្រកាសគម្រោងវិនិយោគនៅបារាំង សរុបចំនួន៥៦គម្រោង ដែលគិតជាទឹកប្រាក់ ចំនួន១៥០០០លានអឺរ៉ូ។ តាមរយៈដំណឹងដ៏ល្អនេះ រដ្ឋាភិបាលបារាំងបានអះអាងថា បារាំងគឺជាប្រទេសអឺរ៉ុប ដែលទាក់ទាញការវិនិយោគបរទេសច្រើនជាងគេបំផុត។
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ បន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនលោកនៅព្រលានយន្តហោះភ្នំពេញកាលពីថ្ងៃ០៩ ខែឧសភា ឆ្នាំ២០២៤នេះ។ លោក ជា មុនី អ្នកនាំពាក្យគណបក្សកម្លាំងជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទ ទី១៣ ខែឧសភានេះថា តុលាការនៅមិនទាន់បានចោទប្រកាន់លោក ស៊ុន ចន្ធី ពីបទល្មើសផ្លូវការណាមួយនៅឡើយទេ។ ទោះយ៉ាងណា លោក ជា មុនី បញ្ជាក់ថាគណបក្សកម្លាំងជាតិកំពុងឃ្លាំមើលដំណើរការប្រព្រឹត្តទៅនៃសំណុំរឿងមួយនេះដោយនៅមិនទាន់មានការពិភាក្សាគ្នា និងសម្រេចយ៉ាងណាទេ។ លោក ស៊ុន ចន្ធី ត្រូវបានចាប់ខ្លួនក្រោមបទសង្ស័យថាបានជាប់ពាក់ព័ន្ធនឹងសំណុំរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ តែអ្នកនាំពាក្យបក្សប្រឆាំងរូបនេះកត់សម្គាល់ថា ករណីចាប់ខ្លួនប្រធានបក្សរបស់ខ្លួនបានធ្វើឡើងនៅក្នុងដំណាក់កាលមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុកខណ្ឌ។
គណនីហ្វេសប៊ុកនៅក្នុងប្រទេសកម្ពុជាត្រូវគេមើលឃើញថាបាន និងកំពុងប្តូរប្រូហ្វាល(Logo)ពីរូបភាពផ្ទាល់ខ្លួនទៅជាប្រូហ្វាលគាំទ្រការជីកព្រែកហ្វូណនតេជោយ៉ាងព្រោងព្រាត។ ការប្តូរប្រូហ្វាលហ្វេសប៊ុកដើម្បីបង្ហាញពីចលនាជាតិនិយមនេះបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា និងអតីតនាយករដ្ឋមន្ត្រីបានប្តេជ្ញាជីកព្រែកនេះឲ្យខានតែបាន ទោះជាមានទស្សនៈជំទាស់មួយចំនួននៅក្នុងស្រុក និងពីបរទេសក៏ដោយ។
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងផ្តើមទស្សនកិច្ចនៅកូរ៉េខាងត្បូងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ឧសភា។ វត្តមាន លោក ហ៊ុន ម៉ាណែត នៅកូរ៉េខាងត្បូង ក៏ត្រូវបានពលករខ្មែរប្រកាសធ្វើបាតុកម្មប្រឆាំង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ដែរ។ តាមអ្នករៀបចំកម្មវិធី បាតុកម្មនោះមានគោលបំណងជំរុញឲ្យរដ្ឋាភិបាលដោះស្រាយវិបត្តិសង្គម និងវិបត្តិនយោបាយនៅកម្ពុជា។ មន្ត្រីរដ្ឋាភិបាលចាត់ទុកគម្រោងធ្វើបាតុកម្មនោះ ជាសិទ្ធិរបស់ពួកគេ តែបញ្ជាក់ថា នៅក្នុងសម័យសេដ្ឋកិច្ច ការងារប្រជាធិបតេយ្យអាចដើរយឺត និងថា មានតែការរួមគ្នាបង្កើនសេដ្ឋកិច្ចពលរដ្ឋទេទើបការចូលរួមមានឥទ្ធិពល។
ពលរដ្ឋរស់នៅក្បែរៗជើងភ្នំក្រាំងដីមាស ក្នុងខេត្តកំពង់ឆ្នាំង នៅតែរក្សាមុខរបបដូនតារបស់ខ្លួន គឺសិប្បកម្ម«កុលាភាជន៍» ដែលមានដូចជា ឆ្នាំងដី ក្អម និងរូបសត្វជាច្រើន ដែលធ្វើពីដីឥដ្ឋ។ មុខរបរនេះពីដើមឡើយគឺត្រូវប្រើកម្លាំងពលកម្មធ្ងន់ធ្ងរ ដោយសារតែត្រូវវាយដីបំបែកឲ្យហ្មត់ល្អ មុននឹងយកទៅលាយទឹកឲ្យស្អិតរមួត។ តែបច្ចុប្បន្ន ពលរដ្ឋចេះច្នៃម៉ាស៊ីនម្យ៉ាងដូចម៉ាស៊ីនកិនស្រូវដែរ ដើម្បីកិនដីឲ្យហ្មត់ដូចកន្ទក់ លក់ឲ្យសិប្បករ ដើម្បីផលិតផ្ទាល់ដៃ ទៅជារបស់ប្រើប្រាស់។
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានបើក “ថ្នាក់អក្សរផ្ចង់ចិន មិត្តភាពកម្ពុជា-ចិន” នៅសាលារៀនចំនួន២ទៀត ដែលជាសាលារៀនជំនាន់ថ្មី ក្នុងក្រុងភ្នំពេញ។ នេះជាការបើកថ្នាក់សាភាចិនបន្ថែមទៀត ដែលកាលពីឆ្នាំ២០២៣ ក្រសួងអប់រំបានដាក់បញ្ជូលភាសាចិនសាកល្បងក្នុងសាលារដ្ឋចំនួន២០រួចមកហើយ។ សម្រាប់ថ្នាក់បើកថ្មីនោះ គឺនៅវិទ្យាល័យព្រះយុគន្ធរ និងសាលា Step Forward Abroad School ដោយមានការគាំទ្រពីសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា និងសមាគមអ្នកសរសេរអក្សរផ្ចង់ខ្មែរ-ចិន។
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ឧទ្យានសួនសត្វភ្នំតាម៉ៅបានទទួលដំរីថ្មីមួយគូ ពីប្រទេសឡាវ ក្នុងន័យពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ដំរីញី-ឈ្មួលមួយគូនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកចូលរួមទស្សនា។ លោក ដាវីដ ដែលនឹងត្រូវមើលថែទាំសត្វដំរីថ្មីនេះ បានបង្ហាញអារម្មណ៍ត្រេកអរនូវវត្តមានដំរីមួយគូនេះ មកកាន់សួនសត្វភ្នំតាម៉ៅ។ មានបទពិសោធន៍មើលថែទាំសត្វរាប់សិបឆ្នាំ លោក ដាវីដ បេ្តជ្ញាមើលថែទាំដំរីមួយគូនេះឱ្យល្អដើម្បីជាផ្នែកមួយទាក់ទាញដល់ភ្ញៀវទេសចរ។
ដោយសារសា្នដៃមនុស្ស ផែនដីបានប្តូរផ្លាស់ កាន់តែក្តៅ កាន់តែពុល កាន់តែពិបាករស់។ តែបរិស្ថានថ្មីនេះ ជាវឌ្ឍនភាពសម្រាប់ជំងឺឆ្លង។ ការសិក្សាទើបចេញផ្សាយក្នុងសប្តាហ៍នេះ នៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រNature បានបូកសរុបអំពីផលវិបាកដ៏ស្មុគស្មាញនៃការប្រែប្រួលអាកាសធាតុ ចំពោះការរីករាលដាលនៃជំងឺឆ្លងមួយចំនួន និងរបៀបចម្លងថ្មីសម្រាប់ជំងឺខ្លះទៀត។ តើការប្រែប្រួលអាកាសធាតុទ្រទ្រង់និងពង្រីកការរីករាលដាលនៃជំងឺឆ្លងយ៉ាងណា?
នៅប្រទេសទុយនីស៊ី មហាជនច្រើនរយពាន់នាក់ នាំគ្នាចុះផ្លូវតវ៉ា សម្តែងមតិប្រឆាំងនឹងរដ្ឋអំណាច ដែលបានចាប់ឃុំខ្លួន មេធាវីម្នាក់ និង អ្នកកាសែត២នាក់ នៅថ្ងៃចុងសប្តាហ៍នេះ។ ក្រៅទាមទារឲ្យដោះលែងជនជាប់ចំណង, ចលនាតវ៉ានេះ ក៏ទាមទារឲ្យរៀបចំការបោះឆ្នោតឡើងវិញដែរ។ បាតុករខ្លះថែមទាំងស្រែកបណ្តេញប្រធានាធិបតីចេញពីតំណែងទៀតផង។ ប្រមាណជា២ឆ្នាំចុងក្រោយនេះ អង្គការសិទ្ធិមនុស្សរិះគន់ថា ប្រធានាធិបតីទុយនីស៊ី កាន់តែប្រើអំណាចខ្លាំងឡើងៗ ដោយបញ្ជាឲ្យចាប់ឃុំខ្លួនអ្នកដែលប្រឆាំងនឹងខ្លួន ដោយសំអាងលើក្រឹត្យច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ។
មានស្លាប់យ៉ាងហោច៣១៥នាក់ នៅក្នុងខេត្តភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន ដោយគ្រោះទឹកជំនន់។ នេះបើតាមសេចក្តីប្រកាសរបស់ភ្នាក់ងារកម្មវិធីស្បៀងអាហារពិភពលោក អង្គការសហប្រជាជាតិ កាលពីថ្ងៃសៅរ៍ទី ១១ឧសភា។ អាជ្ញាធរតាលីបង់ដែលបានប្រកាសដាក់តំបន់ភាគឦសាននេះក្នុងភាពអាសន្ន ទើបបានបញ្ជាក់តុល្យាការនៃជនរងគ្រោះនៅថ្ងៃអាទិត្យនេះ និងបានអំពាវនាវសុំជំនួយពីអង្គការសហប្រជាជាតិ។
លោក ហ៊ី គឹមហុង ថៅកែក្រុមហ៊ុនពិភពដីមាសដែលធ្លាប់ត្រូវបានចាប់ខ្លួនពីបទឆបោកប្រាក់ពលរដ្ឋទិញដីឡូតិ៍នោះ ត្រូវបានដកហូតគោរមងារជា«អ្នកឧកញ៉ា»កាលពីថ្ងៃទី១១មេសាឆ្នាំ២០២៤។ តែស្របពេលគ្នានេះ លោក ទ្រី ភាព ដែលល្បីឈ្មោះខាងរកស៊ីឈើវិញត្រូវបានតម្លើងគោរមងារទៅជា«លោកអ្នកឧកញ៉ា»នៅថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៤ គឺជាគោរមងារថ្នាក់ខ្ពស់បំផុតនៅកម្ពុជាដែលមានចំនួនសរុប០៨រូប។
នៅរដ្ឋម៉ារីលែន បុគ្គលិកសាខាក្រុមហ៊ុនបច្ចេកវិទ្យា Apple បានបោះឆ្នោត កាលពីថ្ងៃសៅរ៍ ទី១១ឧសភា សម្រេចយល់ព្រមឲ្យរៀបចំធ្វើកូដកម្ម ក្នុងពេលដ៏ខ្លីខាងមុខ។ ការប្រកាសសម្តែងមតិឈប់ អត់ធ្វើការ ពីសំណាក់បុគ្គលិកAppleនេះ ជាលើកដំបូងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញរបស់អាមេរិក។ ដំណឹងកូដកម្មនេះ ប្រកាសដោយក្រុមសហជីព ដោយរិះគន់ថ្កោលទោសផងថា ក្រុមហ៊ុនApple បានរើសអើងបុគ្គលិកដែលបានសម្រេចចិត្តចូលជាសមាជិកសហជីព។
ពលករខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីតចំនួន ២៤នាក់ដែលរងការរំលោភបំពានសិទ្ធិបានត្រឡប់មកដល់ប្រទេសកម្ពុជាហើយនៅថ្ងៃទី១២ឧសភានេះ។ ពលករខ្មែរទាំងនេះគឺស្ថិតនៅក្នុងចំណោមពលករជាច្រើននាក់ផ្សេងទៀត ដែលស្នើអន្តរាគមន៍វិលមកប្រទេសកម្ពុជាវិញ ក្រោមហេតុផលរងការបំពានសិទ្ធិធ្ងន់ធ្ងរពីថៅកែបរទេស។ ទន្ទឹមនឹងការត្រលប់មកមាតុប្រទេសរបស់ពលកររងគ្រោះ ក្រសួងការងារកម្ពុជាក៏បានបញ្ជាក់ពីចំណាត់ការផ្លូវច្បាប់ទៅលើក្រុមហ៊ុនបញ្ជូនពលករទៅអារ៉ាប៊ីសាអូឌីតដែលរំលោភលក្ខខណ្ឌការងារផងដែរ។
ថ្ងៃទី១២ឧសភានេះ ជាទិវាគិលានុបដ្ឋាកអន្តរជាតិ។ គិលានុបដ្ឋាកជាធនធានមនុស្សដែលមិនអាចខ្វះបានក្នុងវិស័យសុខាភិបាល និងដែលពិភពលោកត្រូវការកាន់តែច្រើនឡើងៗ។ ប៉ុន្តែបើតាមការសិក្សារបស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (ហៅកាត់ថា OCDEអូសេដេអឺ) ចេញផ្សាយនៅថ្ងៃសុក្រទី១០ឧសភា ២០២៤ ក្មេងជំនាន់ក្រោយ មិនសូវចាប់អារម្មណ៍ចង់ប្រកបអាជីពនេះទេ។
ក្រុមប្រឹក្សាសន្តិសុខ នៃ អង្គការសហប្រជាជាតិ ប្រកាសឲ្យបើកការស៊ើបអង្កេតឯករាជ្យ និងជាបន្ទាន់ ចំពោះណ្តៅកបសពរួម ជាច្រើនកន្លែង ម្តុំជុំវិញមន្ទីរពេទ្យ នៅតំបន់ហ្កាហ្សា។ រណ្តៅនីមួយៗ មានសាកសព ជាង១០០នាក់។ ក្រុមប្រឹក្សាសន្តិសុខ ទាមទារចង់ឲ្យស្វែងរកមូលហេតុពិតនៅក្រោយរណ្តៅកបសពរួមនេះ ហើយនិងរកមុខអ្នកទទួលខុសត្រូវ។
ទីភ្នាក់ងារតាមដានសមុទ្ទនិងបរិយាកាសអាមេរិក មិនដែលជូនដំណឹង ដូចនៅល្ងាចថ្ងៃសុក្រទី ១០ឧសភា ម្សិលមិញទេ៖ “ជាលើកទីមួយ គិតក្នុងរយៈពេល២០ឆ្នាំមកនេះ ព្យុះព្រះអាទិត្យ ឬព្យុះម៉ាញេទិកមកពីព្រះអាទិត្យ ដ៏ខ្លាំងក្លាមិនធ្លាប់មាន ពោលគឺជាកម្លាំងព្យុះម៉ាញេទិកកំរិតទី៥ដ៏ខ្ពស់បំផុតនៃមាត្រដា្ឋន បានមកប៉ះប្រព័ន្ធផែនដី”។ បាតុភូតនេះបានធ្វើឱ្យមានពន្លឺពិសេសនៅលើផ្ទៃមេឃ ដែលមនុស្សប្រាថ្នាគយគន់ តែក៏អាចបង្កឱ្យមានផលរំខានជាច្រើនក្នុងផ្នែកទូរគមនាគមន៍ និងបណ្តាញអគ្គិសនី។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន គ្រូបង្រៀន២នាក់ និងមន្ត្រី១ នាក់ ករណីយកលុយខុសច្បាប់ក្នុងការរត់ការឯកសារចូលក្របខណ្ឌរដ្ឋ។ ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញថា មន្ត្រីទាំង៣នាក់នោះ បានក្លែងឯកសារ រត់ការចូលក្របខណ្ឌជាគ្រូបង្រៀន និងក្របខណ្ឌក្រសួងផ្សេងៗ ដោយដោះដូរជាមួយលុយរាប់ម៉ឺនដុល្លារ។
នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៤ លោក W.Patric Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានជួបជាមួយ លោក ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីពិភាក្សាការងារ និងជម្រាបលា។ បើតាមឯកអគ្គរដ្ឋទូតជិតបញ្ចប់អាណត្តិ រូបនេះ ភាគីទាំងពីរបានពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអន្ដរជាតិ និងការបណ្ដុះបណ្ដាលរបស់អាមេរិក ដើម្បីការពារកុមារ ទប់ស្កាត់ការជួញដូរមនុស្ស និងប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។ ក្នុងនាមជាមហាអំណាចទី១ សហរដ្ឋអាមេរិក បានអះអាងថាខ្លួនចង់ឃើញមានការបញ្ចប់អំពើជួញដូរមនុស្ស និងការបោកប្រាស់តាមអ៊ីនធើណេតនៅកម្ពុជា។
តុលាការកំពូលឥណ្ឌា បានចេញសេចក្តីសម្រេចបញ្ជាឲ្យដោះលែងលោក អរ្វិន្ឌ គៀចរីវ៉ាល់ ប្រមុខបក្សប្រឆាំងដ៏ធំជាងគេ ឲ្យមានសេរីភាពបណ្តោះអាសន្ន។ ស្របពេលដែលពេញផ្ទៃប្រទេសកំពុងរៀបចំការបោះឆ្នោតជាតិ, តុលាការកំពូលឥណ្ឌា យល់ឃើញថា ការចាប់ឃុំឃាំងខ្លួនមេគណបក្សប្រឆាំង ប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ។ អាស្រ័យហេតុនេះ សាលាជម្រះក្តីជាន់ខ្ពស់ឥណ្ឌា បានអនុញ្ញាតឲ្យអ្នកនយោបាយប្រឆាំងរូបនេះ ចេញក្រៅឃុំ និងអាចមានសិទ្ធិធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ហើយ ពេលចប់ថ្ងៃបោះឆ្នោត ត្រូវត្រឡប់ចូលពន្ធនាគារវិញ។
ប្រជានេសាទ នៅតំបន់ឆ្នុកទ្រូ និយាយថា ឆ្នាំនេះ អាកាសធាតុក្ដៅខ្លាំង មេឃរាំងភ្លៀងយូរពេក ធ្វើឲ្យទឹកបឹងទន្លេសាបកាន់តែរាក់ និងទឹកឡើងកម្តៅផងនោះ បណ្ដាលឱ្យទិន្នផលត្រីធ្លាក់ចុះជាខ្លាំង។ បើតាមក្រុមប្រជានេសាទ ករណីលួចប្រើឧបករណ៍នេសាទខុសច្បាប់ និងការដុតព្រៃលិចទឹក ឲ្យស្មៅដុះគឺជាបញ្ហាចម្បងដែលធ្វើឲ្យទិន្នផលត្រីចេះតែថយចុះ។ តែទន្ទឹមគ្នានោះ ឈ្មួញទិញត្រីវិញ និយាយថា តម្លៃត្រីបានកើនឡើងជាងឆ្នាំមុន។
អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងបណ្តាប្រទេសអារ៉ាប់នាំគ្នាថ្កោលទោសសកម្មភាពហិង្សារបស់ក្រុមជ្រុលនិយមអ៊ីស្រាអែលដែលដៅដុតបំផ្លាញការិយាល័យរបស់UNRWAទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិដើម្បីជនភៀសខ្លួនប៉ាឡេស្ទីន ។ នៅក្នុងបាតុកម្មនារាត្រី ថ្ងៃព្រហស្បតិ៍ សកម្មជនស្តាំនិយមជ្រុលអ៊ីស្រាអែលបានព្យាយាមដុតបំផ្លាញពីរដង ទីស្នាក់ការរបស់ទីភ្នាក់ងារ UNRWA នៅទីក្រុងជេរូសាឡឹម។ អ្នកទទួលខុសត្រូវរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិបានសម្រេចផ្អាកទីស្នាក់ការមួយរយៈ ទម្រាំមានការធានាសន្តិសុខឡើងវិញពីសំណាក់រដ្ឋាភិបាលអ៊ីស្រាអែល។