ថ្ងៃអាទិត្យទី ២៨ មេសា អាជ្ញាធររុស្ស៊ី បានចាប់ឃុំខ្លួនអ្នកកាសែតរុស្ស៊ីម្នាក់ ពីបទប្រព្រឹត្តអំពើ ជ្រុលនិយម។ លោក Serguei Kareline ត្រូវបានតុលាការចោទប្រកាន់ ថាបានចូលរួមផលិតវីដេអូ ដែលបម្រើឲ្យក្រុមការងារ របស់លោក អាឡិកសី ណាវ៉ាល់នី សកម្មជនប្រឆាំងទី១ ដែលបានស្លាប់ក្នុងពន្ធនាគារ កាលពីខែកុម្ភៈកន្លងទៅ។ គួរបញ្ជាក់ថា នៅមួយថ្ងៃមុន ពោលគឺថ្ងៃសៅរ៍ទី ២៧ មេសា អ្នកកាសែតរុស្ស៊ីម្នាក់ទៀត លោក Konstantin Gabov ក៏ត្រូវបានអាជ្ញាធររុស្ស៊ី ចាប់ឃុំខ្លួន ក្រោមបទចោទប្រកាន់តែមួយដែរ។ គួររំឭកថា ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលររុស្ស៊ី បានរឹតបន្តឹងគំនាប លើបណ្តាប្រព័ន្ធសារព័ត៌មានឯករាជ្យក្នុងស្រុក និង គ្រប់ប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលប្រចាំការក្នុងប្រទេសនេះ ដោយមានគោលបំណងបង្ក្រាប រាល់មតិរិះគន់នានា ជុំវិញការចូលវាយលុក របស់រុស្ស៊ី ទៅក្នុងទឹកដីអ៊ុយក្រែន កាលពីជាង ២ ឆ្នាំ មុន។
ក្រោយហេតុការណ៍ផ្ទុះឃ្លាំងស្តុកគ្រាប់របស់បញ្ជាការដ្ឋានយោធភូមិភាគទី៣ខេត្តកំពង់ស្ពឺ ពលរដ្ឋរងគ្រោះដែលមានផ្ទះសម្បែរខូចខាត និងដាក់រលំបានសំណូមពរឱ្យរដ្ឋាភិបាលគិតគូផ្តល់សំណង ឬជួយជួសជុលកន្លែងខូចខាតឡើងវិញ។ ក្នុងចំណោមពលរដ្ឋរងគ្រោះជិត៣០គ្រួសារ ពលរដ្ឋខ្លះរៀបរាប់ថា បច្ចុប្បន្នពួកគេកំពុងជួបបញ្ហាសេដ្ឋកិច្ច និងបំណុល ខណៈទ្រព្យសម្បត្តិដែលខំរកតាំងពីយូរត្រូវរលាយត្រឹមមួយប៉ប្រិចភ្នែក។ សំណងដែលពលរដ្ឋចង់បាននាពេលនេះ គឺមិនច្រើនលើសលុបឡើយ ពោលត្រឹមសំណងជួសជុលផ្ទះ ដែលខូចខាច៕ ពីទីតាំង ក្បែរបញ្ជាការដ្ឋានយោធភូមិភាគទី៣ សូមស្តាប់បទយកការណ៍របស់ សាំ ឧត្តម៕
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កំពុងតែរងការរិះគន់ជាខ្លាំង ពីបណ្តាអ្នកនយោបាយបារាំង ទាក់ទិននឹងអាវុធនុយក្លេអ៊ែរ។ បន្ទាប់ពីបានថ្លែងក្នុងសុន្ទរកថាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អំពីទស្សនវិស័យចង់ឲ្យអឺរ៉ុបមានប្រព័ន្ធការពារជាតិរួមគ្នាដ៏រឹងមាំ លោកម៉ាក្រុងបានថ្លែងកាលពីថ្ងៃសុក្រ ថាលោកគាំទ្រគំនិត បង្កើតឲ្យមានការជជែកគ្នា ស្តីពីការយកអាវុធនុយក្លេអ៊ែរបារាំងទៅប្រើ ដើម្បីធ្វើជាខែលការពារអឺរ៉ុបទាំងមូល។ សម្តីនេះ បានធ្វើឲ្យមានមតិរិះគន់ខ្លាំងៗ ថាលោកម៉ាក្រុង កំពុងតែបំផ្លាញយុទ្ធសាស្ត្រអាវុធនុយក្លេអ៊ែរបារាំង។
រដ្ឋមន្ត្រីថាមពលនិងបរិស្ថាន នៃបណ្តាប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧ ហៅកាត់ថា G7 បានបើកកិច្ចប្រជុំនៅទីក្រុងទូរ៉ាំង ភាគខាងជើងអ៊ីតាលី។ ជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីបូកសរុប ព្រមទាំងកំណត់ទិសដៅ ឈានទៅដោះស្រាយវិបត្តិអាកាសធាតុ។ នៅពីខាងក្រៅកិច្ចប្រជុំនេះ សកម្មជនបរិស្ថានអាកាសធាតុ ព្រមទាំងអង្គការសហប្រជាជាតិផង បានអំពាវនាវឲ្យក្រុមប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧ ត្រូវតែកំណត់វិធានការឲ្យបានក្លាហានបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។
ប្រឈមនឹងអាកាសធាតុដែលកំពុងឡើងកម្តៅខ្លាំង មានប្រទេសអាស៊ីមួយចំនួនបានសម្រេចបិទសាលារៀន។ នៅកម្ពុជា ក្រសួងអប់រំតាមរយៈអ្នកនាំពាក្យ លោកស្រី ឃួន វិច្ឆិកា បានបញ្ជាក់ពីការពិចារណាលើវិធានការដូចគ្នានេះ តែថាស្ថានភាពនៅកម្ពុជាមិនទាន់ឈានដល់កម្រិតនៃការបិទសាលារៀននៅឡើយទេ។ តាម លោកស្រី ឃួន វិច្ឆិកា ក្រសួងអប់រំ បានដាក់ចេញនូវវិធានការចាំបាច់ដូចជាឲ្យអ្នកពាក់ព័ន្ធរាយការណ៍ជាប្រចាំដើម្បីដឹងពីស្ថានភាពសិស្សនៅតាមសាលារៀនក្នុងគ្រាដែលអាកាសធាតុកំពុងតែឡើងកម្តៅ។ អ្នកនាំពាក្យក្រសួងអប់រំរូបនេះ ដដែលបានបន្ថែមថា ក្នុងករណីដែលសាលារៀនមិនអាចទប់ទល់នឹងស្ថានភាពកម្តៅបាន គឺត្រូវរាយការណ៍ជាបន្ទាន់ទៅមន្ទីរអប់រំនៅតាម រាជធានី និងខេត្ត។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានប្រកាសនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤នេះថា លោកទទួលបានថវិកាឧបត្ថម្ភពីសប្បុរសជនជាង ៤,៨លានដុល្លារ សម្រាប់ការរៀបចំប្រកួតបាល់ទាត់សប្បុរសធម៌មួយនៅថ្ងៃទី០១ ខែឧសភា ខាងមុខ។ ការទទួលបានថវិកាបរិច្ចាកដ៏ច្រើនសន្ធឹកសន្ធាប់ត្រឹមរយៈពេលតែ៥ថ្ងៃនេះ ធ្វើឡើងក្រោយ លោក ហ៊ុន សែន ប្រកាសដឹកនាំការប្រកួតបាល់ទាត់ (Cambodia football super stars) កាលពីថ្ងៃទី ២៥ ខែ មេសា កន្លងទៅ។
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកោះកុងបានចេញមុខច្រានចោលលើការចោទប្រកាន់របស់ក្រុមមាតាធម្មជាតិដែលថា រដ្ឋបាលខេត្តកោះកុងយកដែនជម្រកសត្វព្រៃពាមក្រសោបធ្វើជាទីលានចាក់សំរាម។ បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត ទីតាំងចាក់សំរាមដែលស្ថិតក្នុងភូមិសាស្ត្រស្រុកសីមា ខេត្តកោះកុងមិនស្ថិតក្នុងតំបន់ការពារធម្មជាតិរបស់ក្រសួងបរិស្ថានទេ។
ស្ថានការណ៍នៅក្នុងសមរភូមិអ៊ុយក្រែនកាន់តែយ៉ាប់យ៉ឺនធ្លាក់ដុនដាបខ្លាំង នៅចំពោះមុខការវាយប្រហារកាន់តែសន្ធឹករបស់រុស្ស៊ី ដែលសំបូរទាំងអាវុធ និងកងទ័ព។ នៅថ្ងៃអាទិត្យម្សិលមិញ មេទ័ពអ៊ុយក្រែនបានចេញមុខសាជាថ្មី ទទួលស្គាល់ថា កងទ័ពអ៊ុយក្រែនបានធ្លាក់ដៃប្រយុទ្ធ និងត្រូវបង្ខំចិត្តដកថយចេញពីទីតាំងសមរភូមិមួយចំនួន ដែលមានការវាយប្រហារខ្លាំងរបស់រុស្ស៊ី។ នៅថ្ងៃអាទិត្យដដែល រុស្ស៊ីអះអាងថា កងទ័ពរបស់ខ្លួនទើបវាយយកបានភូមិមួយទៀតរបស់អ៊ុយក្រែន នៅក្នុងតំបន់ប្រយុទ្ធយុទ្ធសាស្រ្តភាគខាងកើតអ៊ុយក្រែន។
អេមីរ៉ាតអារ៉ាប់រួមនឹងមានអាកាសយានដ្ឋានដ៏ធំជាងគេក្នុងលោក ដែលមានសមត្ថភាពអាចទទួលអ្នកដំណើរប្រមាណ ២៦០លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងសារ ចុះផ្សាយលើបណ្តាញ X កាលពីថ្ងៃអាទិត្យទី ២៨មេសា នាយករដ្ឋមន្រ្តីរបស់អេមីរ៉ាតអារ៉ាប់រួម លោកមូហាម៉េដ បិន រ៉ាស៊ីដ អាល់ ម៉ាកធូម បានសរសេរថា លោកទើបអនុម័តផែនការសាងសង់ព្រលានយន្តហោះថ្មីដែលត្រូវការចំណាយទឹកប្រាក់ជាង ៣៤ពាន់លានដុល្លារ។
នៅក្នុងវេទិការសំឡេងសង្រ្គោះជាតិ នាយប់ថ្ងៃទី២៧ មេសា មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួនដូចជា លោក អេង ឆៃអ៊ាង ជាដើម បានចេញមុខមកបញ្ជាក់ថាខ្លួននៅតែរក្សាជំហរដើរតាមលោក សម រង្ស៊ី ដើម្បីទាមទារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យសម្រាប់កម្ពុជា។ លោក អេងឆៃអ៊ាងចេញមុខមកបញ្ជាក់ នៅបន្ទាប់ពីមានមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិខ្លះ បានសុំទោសរដ្ឋាភិបាល និងប្រកាសផ្ដាច់ខ្លួនពីលោក សម រង្ស៊ី។
នៅឆ្នាំនេះ រដូវប្រាំងអូសអន្លាយ មេឃក្តៅមិនទាន់ធ្លាក់ភ្លៀង អំណោយផលដល់ឲ្យការធ្វើស្រែអំបិលរហូតធ្វើឲ្យកសិករទទួលបានផលល្អ ខុសពីឆ្នាំមុនៗ។ ម្ចាស់ស្រែអំបិលក្នុងខេត្តកំពត បាននិយាយថា ដោយសារមេឃក្តៅ ស្រែអំបិលឆាប់ស្ងួតលឿន ទិន្នផលអំបិលក្នុងឆ្នាំនេះកើនឡើងខ្ពស់។ តែទោះជាយ៉ាងណា ម្ចាស់ស្រែអំបិលនៅតែត្អូញត្អែរថា តម្លៃអំបិលនៅតែថោកដដែល ដោយសារ មានការនាំចូលអំបិលពីក្រៅប្រទេស ជាពិសេសពីវៀតណាម និងថៃ។ ពីស្រែអំបិល ក្នុងខេត្តកំពត យើងស្តាប់បទយកការណ៍របស់ជួប នរក្សា៖
ប្រទេសជាច្រើន ក្នុងតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូង ទទួលរងរលកកម្តៅក្តៅខ្លាំង។ នៅថៃ ក្តៅជាច្រើនថ្ងៃជាប់ៗគ្នា ហើយកម្តៅហក់ឡើងដល់ជាង ៤៤ អង្សារ។ បង់ក្លាដែស ក្តៅខ្លាំង ដល់ថ្នាក់ប្រកាសអាសន្ន។ ប្រទេសហ្វីលីពីន បានសម្រេចបិទសាលា និងឲ្យកូនសិស្សរៀនពីចម្ងាយតាមអនឡាញ។ ភូមាដែលជួបសង្គ្រាមស៊ីវិល ពលរដ្ឋជាច្រើនត្រូវទ្រាំលំបាករងកម្តៅ ដោយគ្មានកង្ហារ ឬម៉ាស៊ីនត្រជាក់។ វៀតណាម នៅប៉ែកខាងជើងប្រទេសដែលធ្លាប់តែល្បីត្រជាក់ ពេលនេះកម្តៅក្តៅជាង៤៣អង្សា។ រីឯ កម្ពុជា អាជ្ញាធរឧតុនិយម បានប្រកាសឲ្យពលរដ្ឋបង្កើនក្តីប្រុងប្រយ័ត្ន។
លោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត បានបង្ហើបឲ្យដឹងនៅថ្ងៃអាទិត្យទី២៨មេសាថា មានក្រុមហ៊ុនចំនួន២ គ្រោងបោះទុនវិនិយោគជាង១ពាន់លានដុល្លារ នៅក្នុងការផលិតសំបកកង់ឡាននៅកម្ពុជា ដើម្បីនាំចេញទៅលក់នៅបរទេស។ បើតាមលោកនាយករដ្ឋមន្រ្តី បច្ចុប្បន្ននេះ កម្ពុជាកំពុងមានក្រុមហ៊ុនធំៗផលិតកង់ឡាននាំយកទៅលក់នៅទីផ្សារអឺរ៉ុប។ ត្រង់ចំណុចនេះ លោក ហ៊ុន ម៉ាណែតចង់បង្ហាញថា រដ្ឋាភិបាលថ្មីបាននិងកំពុងធ្វើ មិនមែនចេះតែអួត ដូចមតិរិះគន់មួយចំនួនឡើយ។
ការចេញមុខរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដោយហ៊ាននិយាយជាសាធារណៈ ប្រឆាំងចំៗទៅកាន់ប្រទេសវៀតណាម ក្នុងសំណុំរឿងសាងសង់ព្រែកជីកហ្វូណននៅកម្ពុជា បានបណ្តាលមានមតិលើកឡើងផ្សេងៗគ្នា មិនចេះដាច់។ អ្នកខ្លះថា ភាពក្លាហានរបស់លោក ហ៊ុន សែន ប្រឆាំងនឹងវៀតណាមជាលើកដំបូង ជាការបង្កើនប្រជាប្រិយភាពដល់លោក ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំរដ្ឋាភិបាលថ្មី ចំណែកអ្នកខ្លះថា ជាការគិតគូរយកចិត្តទុកដាក់ដើម្បីផលប្រយោជន៍ជាតិ។
ព្រះរាជាណាចក្រសេដ្ឋីប្រេង អារ៉ាប៊ីសាអូឌីត បានព្រមានជាថ្មីអំពីវិបត្តិសេដ្ឋកិច្ច ដែលដរចេញពីសង្គ្រាមនៅហ្កាហ្សា ហើយនិងអំពាវនាវឲ្យថ្នាក់ដឹកនាំប្រទេសទាំងឡាយ រួបរួមគ្នាទប់ស្កាត់វិបត្តិ ព្រមទាំងជំរុញស្ថិរភាពក្នុងតំបន់ដើមបូព៌ា។ សេចក្តីព្រមាននិងការអំពាវនាវរបស់អារ៉ាប៊ីសាអូឌីតនេះ ធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៨មេសា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក។ វេទិកាសេដ្ឋកិច្ចពិភពលោក ដែលត្រូវរៀបចំធ្វើចំនួន ២ថ្ងៃ នៅរាជធានីរីយ៉ាដ។
ម៉ូស្គូចាត់វិធានការ ដាក់សាខាក្រុមហ៊ុនបស្ចិមលោក ឲ្យនៅក្រោមការត្រួតត្រារបស់រុស្ស៊ី។ ចំពោះម៉ូស្គូ ចំណាត់ការរបស់រុស្ស៊ីជាចម្លើយតបទៅនឹងការដាក់សម្ពាធ ទណ្ឌកម្មពីខាងប្រទេសខាងលិចមកលើបណ្តាក្រុមហ៊ុនរុស្ស៊ី។ ចំណែក បស្ចិម លោក និង សហគ្រាសខ្លះនៃប្រទេសខាងលិច នាំគ្នាបរិហារវិធានការរបស់រុស្ស៊ី ថាជា” ការធ្វើជាតូបនីយកម្មទ្រព្យសម្បត្តិរបស់ប្រទេសដទៃ”។
វត្ថុបុរាណខ្មែរចំនួន២៧ ដែលមានតម្លៃសរុបប្រមាណជិត៣លានដុល្លារ នឹងត្រូវបញ្ចូនមកកម្ពុជាវិញនាពេលដ៏ឆាប់ខាងមុខ។ នេះបើតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៦មេសារបស់រដ្ឋអាជ្ញាអាមេរិក ប្រចាំតំបន់មាហាតាន់ លោក AlVin Bragg។ វត្ថុបុរាណខ្មែរទាំង២៧នេះ ត្រូវបានគេលួចយកចេញពីកម្ពុជា មុននឹងធ្លាក់ក្នុងដៃរបស់ឈ្មួញជួញដូរវត្ថុបុរាណខុសច្បាប់ ក្នុងទីក្រុងញូវយ៉ក។ នៅក្នុងពិធីប្រគល់វត្ថុបុរាណដល់អ្នកតំណាងកម្ពុជានៅទីក្រុងញូវយ៉ក លោករដ្ឋអាជ្ញា Braggអះអាងថា អាជ្ញាធរអាមេរិកនឹងបន្តបើកការស៊ើបអង្កេត ស្វែងរកវត្ថុបុរាណរបស់កម្ពុជាបន្ថែមផ្សេងទៀត។
នៅសប្តាហ៍នេះ ប្រទេសនៅអឺរ៉ុបចំនួន ២ គឺអាល្លឺម៉ង់ និងអង់គ្លេសបានចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ចារបុរសចិន និងជនជាតិរបស់ខ្លួនដែលលួចយកការណ៍ ទៅប្រគល់ឲ្យទីភ្នាក់ងារស៊ើបការសម្ងាត់ចិន។ នៅថ្ងៃសុក្រទី ២៦ មេសា តុលាការអង់គ្លេសទើបចោទប្រកាន់ជនជាតិអង់គ្លេស២នាក់ នៅក្នុងបទលួចលក់ព័ត៌មានទៅឱ្យរដ្ឋបរទេស។ ករណីចាប់ខ្លួនអ្នកលួចយកការណ៍ទៅឲ្យចិន នៅក្នុងទឹកដីអាល្លឺម៉ង់ ឬអង់គ្លេស ឆ្លុះបញ្ចាំងពីការលូកដៃចូលកាន់តែជ្រៅរបស់បណ្តាញចារកម្មចិននៅទឹកដីអឺរ៉ុប ខណៈពេលអឺរ៉ុបខ្លួនឯងនៅទន់ខ្សោយ មិនទាន់ត្រៀមលក្ខណៈការពារខ្លួន នៅចំពោះមុខបណ្តាញស៊ើបការណ៍សម្ងាត់ចិន។
យ៉ាងហោច កងកម្លាំងយោធា ២០ នាក់ បានស្លាប់បាត់បង់ជីវិត និងរបួសជាច្រើននាក់ទៀត នៅក្នុងហេតុការណ៍ផ្ទុះមួយ នៅបន្ទាយទាហាន ភូមិភាគ៣ ក្នុងខេត្តកំពង់ស្ពឺ។ ហេតុការណ៍នេះ បានកើតឡើង វេលាម៉ោង ២និង២៥នាទី រសៀល ថ្ងៃសៅរ៍ ទី២៧មេសា។ ក្រោយពីបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់, នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងក្តី«រន្ធត់ក្តុកក្តួល» ហើយលោក ហ៊ុន ម៉ាណែត ប្រកាសថា រដ្ឋាភិបាលទទួលរ៉ាប់រងចាត់ចែងចំណាយបុណ្យសព ឲ្យ«សក្តិសមនឹងពលីកម្ម»។
សហគមន៍ត្រពាំងសង្កែជាសហគមន៍នេសាទនិងទេសចរណ៍ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៩។ លោក ស៊ឹម ហ៊ីម ប្រធានសហគមន៍គឺជាបុគ្គលម្នាក់ក្នុងចំណោមមនុស្ស១៨នាក់ដែលបានផ្តួចផ្តើមឲ្យមានគំនិតរៀបចំសហគមន៍ត្រពាំងសង្កែ ក្រោយបានមើលឃើញបញ្ហាទន្រ្ទានដីព្រៃកោងកាងក្នុងតំបន់ត្រពាំងសង្កែ ពីសំណាក់ជនទុច្ចរិត។ ជាការងារស្ម័គ្រចិត្ត គ្មានប្រាក់កម្រៃ លោកស៊ឹម ហ៊ីមបានការពារ និងដាំដុះព្រៃកោងកាងបានរហូតជាង៥៨ហិកតា។ តើព្រៃកោងកាងមានសារសំខាន់យ៉ាង ណាចំពោះលោក និងសហគមន៍នេសាទក្នុងតំបន់ ហើយថា ហេតុអ្វីលោកមិនរារែកចិត្ត ដើម្បីការពារព្រៃកោងកាង? ពីឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត យើងស្តាប់បទយកការណ៍របស់ ជួប នរក្សា៖
នៅល្ងាចថ្ងៃទី២៦ មេសា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗរឿងគម្រោងព្រែកជីកហ្វូណនថា កម្ពុជានឹងមិនចរចាជាមួយវៀតណាម ឬប្រទេសជាសមាជិកនៃគណៈកម្មាការទន្លេមេគង្គ។ បើតាមលោក ហ៊ុន សែន កម្ពុជាត្រូវតែធ្វើគម្រោងព្រែកជីកនេះឲ្យបានជាដាច់ខាត ដោយគ្មានការរាថយឡើយ។ ការថ្លែងសារបញ្ជាក់របស់លោក ហ៊ុន សែន ធ្វើឡើង ក្រោយពេលដែលវៀតណាមតែងតែចេញមកប្រតិកម្មប្រឆាំងនឹងគម្រោងព្រែកជីករបស់កម្ពុជាថា វានឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងសន្តិសុខក្នុងតំបន់។
រដ្ឋាភិបាលស្រីលង្កា ប្រកាសនៅថ្ងៃសុក្រទី២៦មេសា ថាបានជួលអាកាសយានដ្ឋានដែលសាងសង់ពីលុយកម្ចីចិន ទៅឲ្យសហក្រុមហ៊ុនឥណ្ឌានិងរុស្ស៊ី។ ព្រលានយន្តហោះដែលខ្ចីលុយចិនសាងសង់នេះ មិនទាន់ស្ថាបនាជួសជុលរួចនិងមានដំណើរការស្រួលបួលនៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលស្រីលង្កា ត្រូវបង្ខំចិត្តជួលឲ្យក្រុមហ៊ុនបរទេស បន្តគម្រោងសាងសង់បង្ហើយនិងចាត់ចែងដំណើរការជើងហោះហើរ ព្រោះតែក្រុមហ៊ុនសាធារណៈរបស់រដ្ឋាភិបាលស្រីលង្កា ជួបវិបត្តិក្ស័យធន។
អ្នកនាំពាក្យរងរបស់ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ នៅថ្ងៃទី២៧ ខែមេសានេះ បានអះអាងប្រាប់វិទ្យុបារាំងអន្ដរជាតិRFIថា ក្រសួងមហាផ្ទៃនឹងបន្ដបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងករណីរកឃើញមុខសញ្ញាថ្មីទៀត។
រុស្ស៊ីបង្កើនការវាយប្រហារលើ បណ្តាញផ្លូវដែកអ៊ុយក្រែន ដើម្បី “ធ្វើឲ្យពិការ” ដល់ការដឹកស្បៀងយោធា និងសព្វាវុធប្រទេសខាងលិច ទៅផ្គត់ផ្គង់កងទ័ពអ៊ុយក្រែន នៅឯសមរភូមិជួរមុខ។ នេះជាយុទ្ធសាស្រ្តថ្មីរបស់រុស្ស៊ី នៅក្នុងក្របខណ្ឌនៃគម្រោងពង្រីកប្រតិបត្តិការវាយលុកដំណាក់កាលថ្មី នៅអ៊ុយក្រែន។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃសន្តិសុខអ៊ុយក្រែន ស្រង់សំដី និងចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពី ថ្ងៃសុក្រទី ២៦ មេសា។
ទីក្រុងរីយ៉ូដឹចាណេរ៉ូ លើឆ្នេរខ្សាច់កូប៉ាកាបាណា មនុស្សម្នាស្រែកហ៊ោកញ្ចៀវសប្បាយអឺងកង អបអរការប្រកាសដំណឹង ថាទីក្រុងនេះ ត្រូវបានគេជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអូឡាំពិកឆ្នាំ២០១៦។ ជាលើកទី១ក្នុងប្រវត្តិសាស្ត្រ ដែលទីក្រុងនៅតំបន់អាមេរិកខាងត្បូង ត្រូវបានជ្រើសឲ្យរៀបចំការប្រកួតកីឡាដ៏ធំបំផុតនៃពិភពលោក។ « Cidade Maravilhosa » នៅចន្លោះព្រៃភ្នំនិងសមុទ្រធំល្វឹងល្វើយ មានពេល៧ឆ្នាំ ដើម្បីរៀបចំខ្លួនឲ្យក្លាយជាមហាទីក្រុងអូឡាំពិក។
នៅប្រទេសចិន ក្នុងសប្តាហ៍នេះ បណ្តាក្រុមហ៊ុនរថយន្តអគ្គិសនីបាននាំគ្នាជួបជុំបង្អួតបច្ចេកវិទ្យារថយន្តថ្មីៗទំនើបៗរបស់ខ្លួន នៅទីក្រុងប៉េកាំង។ ទីផ្សាររថយន្តអគ្គិសនីក្នុងស្រុកចិន កំពុងតែមានការប្រកួតប្រជែងខ្លាំង។ ការស្ទង់មតិថ្មីចុងក្រោយ បង្ហាញឲ្យឃើញថា ចំនួនអ្នកប្រើរថយន្តអគ្គិសនីនៅចិន កាន់កើនឡើងៗ ជាលំដាប់ ជារៀងរាល់ឆ្នាំ។ ទិដ្ឋភាពនេះ ផ្ទុយខុសពីនៅប៉ែកខាងអឺរ៉ុប និងសហរដ្ឋអាមេរិក។
លោកអង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិក បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន តាំងតែពីថ្ងៃពុធ ទី២៤មេសា។ សំណុំរឿងដ៏តានតឹងជាច្រើន ដែលអាមេរិកនិងចិនត្រូវនិយាយគ្នា តួយ៉ាងបញ្ហារុស្ស៊ី តៃវ៉ាន់ បញ្ហាពាណិជ្ជកម្ម និងការជួញដូរសារធាតុញៀន Fentanyl ជាដើម។ កាលពីថ្ងៃសុក្រ២៦មេសា លោកប្រធានាធិបតីចិន ស៊ី ជីនពីង ទទួលជួបលោកអង់តូនី ប្លីងកិន នៅប៉េកាំង ដែលក្នុងជំនួបនេះ លោកស៊ី ជីនពីងបានអំពាវនាវប្រាប់ទៅភាគីអាមេរិកថា សូមធ្វើខ្លួនឲ្យក្លាយជាដៃគូសហការ ជាជាងជាគូប្រជែងនឹងចិន។
លោកអង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិក បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន តាំងតែពីថ្ងៃពុធ ទី២៤មេសា។ សំណុំរឿងដ៏តានតឹងជាច្រើន ដែលអាមេរិកនិងចិនត្រូវនិយាយគ្នា តួយ៉ាងបញ្ហារុស្ស៊ី តៃវ៉ាន់ បញ្ហាពាណិជ្ជកម្ម និងការជួញដូរសារធាតុញៀន Fentanyl ជាដើម។ កាលពីថ្ងៃសុក្រ២៦មេសា លោកប្រធានាធិបតីចិន ស៊ី ជីនពីង ទទួលជួបលោកអង់តូនី ប្លីងកិន នៅប៉េកាំង ដែលក្នុងជំនួបនេះ លោកស៊ី ជីនពីងបានអំពាវនាវប្រាប់ទៅភាគីអាមេរិកថា សូមធ្វើខ្លួនឲ្យក្លាយជាដៃគូសហការ ជាជាងជាគូប្រជែងនឹងចិន។
សីតុណ្ហភាពនៅក្នុងប្រទេសកម្ពុជានៅតែបន្តឡើងកំដៅខ្លាំងខុសពីឆ្នាំមុនៗ។ ស្ថានភាពនេះធ្វើឲ្យតំបន់មួយចំនួនប្រឈមនឹងគ្រោះរាំងស្ងួត និងកង្វះខាតទឹកសម្រាប់ប្រើប្រាស់ជាបណ្តើរៗ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រនេះ ឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដឹកនាំអន្តរាគមន៍ចំពោះការខ្វះខាតទឹករបស់ប្រជាពលរដ្ឋជាបន្ទាន់។
អតីតតារាចម្រៀង លោក សាពូន មីដាដា បានចេញមុខសារភាពកំហុស ជុំវិញសំណេរខុសពីការពិតរបស់ខ្លួនដែលថាលោកធ្លាប់ទទួលបានលុយជាង៦លានដុល្លារពីលោក ហ៊ុន សែន។ ការចេញមកទទួលកំហុស និងដាក់ជីវិតបម្រើលោក ហ៊ុន សែនដូច្នេះ ធ្វើឡើងក្រោយលោកហ៊ុន សែន សរសេរបកស្រាយវិញថា លោកមិនបានផ្តល់លុយរហូតដល់ទៅជាង៦លានដុល្លារឱ្យទៅអតីតតារាចម្រៀងរូបនេះនោះទេ ពោលធ្លាប់ជួយត្រឹមលុយជាង៣០ម៉ឺនដុល្លារប៉ុណ្ណោះ។
២៦ មេសា ២០១២-២៦ មេសា ២០២៤ ថ្ងៃនេះជាខួប១២ឆ្នាំនៃការសម្លាប់សកម្មជនបរិស្ថានប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់លោក ឈុត វុទ្ធី។ ក្នុងឱកាសនេះ សង្គមស៊ីវិលចំនួន ៩ស្ថាប័ន និងគណបក្សនយោបាយបានស្នើឱ្យរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ផ្ដល់យុត្តិធម៌ដល់សកម្មជនបរិស្ថានរូបនេះ និងអ្នកកាសែត The Cambodia Daily ចំនួនពីររូបដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងភូមិសាស្ដ្រឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។ តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីនបានឆ្លើយថា បើចង់ឱ្យបើកការស៊ើបអង្កេតលើករណីដែលបានបិទបញ្ចប់ហើយមួយនេះ សង្គមស៊ីវិលដែលស្នើសុំត្រូវមានសក្ខីកម្ម ឬភស្ដុតាងថ្មីដែលមានមូលដ្ឋានរឹងមាំនៅក្នុងរឿងនេះ។
នៅថ្ងៃទី២៦ ខែមេសានេះ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានចោទប្រកាន់បុគ្គលឈ្មោះ ជួន គន្ធា និងឈ្មោះ មិន ផាន្នី រួមនឹងបក្សពួក ក្រោយរកឃើញថា ពួកគេបានឆបោកពលរដ្ឋពីការផ្តល់ដីចំនួន៦០០០ឡូតិ៍លើទំហំដីរបស់រដ្ឋទំហំ៤២០ហិកតាស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។