លោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានប្រកាសនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នេះថា ទោះបីចំណូលពន្ធគយដែលបានពីការនាំចូលបានធ្លាក់ចុះក៏ដោយក៏មិនមែនជាបញ្ហាសម្រាប់កម្ពុជាដែរ។ មិនមែនជាបញ្ហា ព្រោះក្រុមហ៊ុន ឬរោងចក្រដែលបាននាំចូលទាំងនោះបានមកបើកដំណើរការផលិតនៅកម្ពុជាដោយបានបង្កើតការងារឲ្យពលរដ្ឋ និងនាំឱ្យពន្ធដារអាចប្រមូលពន្ធអាករបានវិញ។
ថ្ងៃទី ០៣ ឧសភាជាខួបលើកទី៣១នៃទិវាសេរីភាពសារព័ត៌មានពិភពលោក។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក ប៉ាទ្រីក ម័រហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបានលើកឡើងពីសារៈសំខាន់ និងបញ្ហាប្រឈមនៃការប្រកបអាជីពសារព័ត៌មាន។ តែលោកកត់សម្គាល់ឃើញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា និងនៅលើពិភពលោកកំពុងធ្លាក់ចុះ និងស្ថិតក្រោមការឡោមព័ទ្ធ។ សម្រាប់កម្ពុជា លោកប៉ាទ្រីក ម័រហ្វីបានមើលឃើញថា ការបិទស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួន ដូចជាសំឡេងប្រជាធិបតេយ្យ ឌឹខេមបូឌាដេលី និងវិទ្យុអាស៊ីសេរីបានឲ្យធ្វើឲ្យពលរដ្ឋមានការនឹកនា ព្រោះជាប្រភពព័ត៌មានដ៏ល្អ។ តាមលោកប៉ាទ្រីក ម័រហ្វី ការបើកលំហសេរីភាពសារព័ត៌មានជារឿងល្អសម្រាប់លទ្ធិប្រជាធិបតេយ្យដើម្បីឆ្លុះបញ្ចាំងពីទំនួលខុសត្រូវរបស់រដ្ឋាភិបាល។
សារព័ត៌មានជប៉ុន Nikkia Asia បានចុះផ្សាយកាលពីថ្ងៃទី២៩ ខែមេសាថា ក្រុមហ៊ុនឯកជនក្នុងប្រទេសកម្ពុជាកំពុងទាក់ទាញអ្នកវិនិយោគមកពីប្រទេសក្នុងតំបន់អាស៊ាន បន្ទាប់ពីអ្នកវិនិយោគចិនមួយចំនួនកំពុងរៀបចំចាកចេញពីទឹកដីកម្ពុជា។ ដោយមិនបានប្រតិកម្មទៅនឹងការចុះផ្សាយរបស់ Nikkia Asia អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកប៉ែន បូណាថា រដ្ឋាភិបាលតែងតែធ្វើការទូតសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសនានាដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកស្រី ម៉ៅ ចំណាន ភរិយាមហាសេដ្ឋីខ្មែរដ៏មានឥទ្ធិពលគឺលោក គិត ម៉េង បានជាប់ជាប្រធានសមាគមសិល្បៈករខ្មែរសម្រាប់អាណត្តិទី៦។ នៅក្នុងការបោះឆ្នោតនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ អតីតសិល្បៈការិនីរូបនេះ ទទួលបានសម្លេងគាំទ្រច្រើនលើសលុបចំនួន ៥២៧សម្លេង លើ៦០០សម្លេង។ លទ្ធផលនេះបានវ៉ាផ្តាច់គូរប្រជែងរបស់លោកស្រី គឺលោក គួច ខេវិន និងលោក ផាត់ តារារ័ត្ន។ លោក សុះ ម៉ាច កូនប្រុសតារាចម្រៀងខ្មែរឥស្លាមដ៏ល្បីល្បាញពីសង្គមចាស់គឺលោក សុះ ម៉ាត់ និងជាអតីតប្រធានសមាគមសិល្បៈករខ្មែរចំនួន ២អាណត្តិ បានគាំទ្រយ៉ាងពេញទំហឹងចំពោះការជាប់ជាប្រធានសមាគមសិល្បៈករខ្មែរអាណត្តិទី៦នេះ។លោក សុះ ម៉ាច បានបញ្ជាក់ប្រាប់វិទ្យុបារាំងបន្ថែមថាលោកស្រី ម៉ៅ ចំណាន មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងអស់ ពោលទាំងធនធាន រូបសម្បត្តិ និងចំណេះដឹង។ កត្តាទាំងអស់នេះហើយដែលសិល្បៈករចម្រៀងជើងចាស់រូបនេះ ដាក់ក្តីរំពឹងថាភរិយាប្រធានសភាពាណិជ្ជកម្មកម្ពុជាលោកស្រី ម៉ៅ ចំណាន អាចនឹងជួយដឹកនាំសមាគមសិល្បៈករខ្មែរឲ្យមានភាពរីចម្រើនទៅមុខបាន។
រដ្ឋាភិបាលកម្ពុជាបានប្រាប់ឲ្យដឹងថា ប្រទេសកម្ពុជាមានរោងចក្រតម្លើងរថយន្តចំនួន៦ ក្នុងនោះក៏មានក្រុមហ៊ុនយក្សផលិតរថយន្តតូយ៉ូតារបស់ជប៉ុនមួយដែរ។ វត្តមានរបស់ក្រុមហ៊ុនតម្លើងរថយន្តនៅក្នុងប្រទេសកម្ពុជាពេលនេះសមល្មមនឹងដល់ពេលដែលរដ្ឋាភិបាលមានវិធានការកាត់បន្ថយការនាំចូលរថយន្តជជុះ ឬរថយន្តមួយទឹកពីបរទេស និងលើកទឹកចិត្តប្រជាជនឲ្យប្រើរថយន្តថ្មីដែលតម្លើងក្នុងស្រុកឬយ៉ាណា?
នៅភាគខាងត្បូងប្រទេសចិន មនុស្សជាង៥០០នាក់កំពុងញាប់ដៃជើង នៅក្នុងសកម្មភាពជួយសង្រ្គោះ បន្ទាប់ពីមានគ្រោះថ្នាក់រលំបាក់ផ្លូវល្បឿនលឿនមួយកាលពីយប់ថ្ងៃអង្គារ។ យោងតាមរបាយការណ៍ ចុះផ្សាយដោយកាសែតរដ្ឋចិននៅថ្ងៃព្រហស្បតិ៍ទី ២ឧសភា នៅក្នុងគ្រោះថ្នាក់បាក់ផ្លូវល្បឿនលឿន ក្នុងខេត្តក្វាងទុក ចំនួនមនុស្សស្លាប់បានកើនឡើងដល់៤៨នាក់ ចំណែកមនុស្សរបួស៣០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ តាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិនCCTV លោកប្រធានាធិបតីចិន ស៊ី ជីនពីងបានបញ្ជាឲ្យអាជ្ញាធរក្នុងស្រុកបង្កើនល្បឿនជួយសង្រ្គោះមនុស្ស និងស្តារស្ថានការណ៍នៅកន្លែងកើតហេតុ។
រដ្ឋបាលទីក្រុងវ៉ាស៊ីនតោននិងក្រុងម៉ូស្កូ បន្តមើលមុខគ្នាមិនចំ។ ថ្ងៃម្សិលមិញនេះ សហរដ្ឋអាមេរិក បានអង្អុរមុខចោទប្រកាន់រុស្ស៊ី ដែលបានប្រើប្រាស់សារធាតុគីមីហាមឃាត់ ចំពោះទាហានអ៊ុយក្រែន។ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បានសម្រេចប្រកាសដាក់ទណ្ឌកម្មបន្ថែម ចំពោះក្រុមហ៊ុនរុស្ស៊ី និងភាគីទាំងឡាយដែលជ្រោមជ្រែងវិមានក្រេមឡាំង ឲ្យទទួលបានសារធាតុគីមីហាមឃាត់ទាំងនោះ។ ទណ្ឌកម្មថ្មីបន្ថែមនេះ ត្រូវក្រសួងការបរទេសអាមេរិក ប្រកាសឲ្យដឹង នៅថ្ងៃទី១ឧសភា។
ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់សប្បុរសធម៌ដើម្បីរៃអង្គាសថវិកាជួយដល់ពន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី០១ ឧសភា ពលរដ្ឋអ្នកចូលរួមទស្សនាមានទាំងចាស់ ទាំងក្មេងបង្ហាញការសាទរ និងចាត់ទុកថា នេះជាគំរូភាពដល់សង្គម។ តែពួកគេក៏បានលើកឡើងដែរថា ការចូលរួមទស្សនាបាល់ទាត់សប្បុរសធម៌នេះមិនដូចនឹងការទស្សនាបាល់ទាត់ដ៏ជក់ចិត្តរបស់កីឡាករអាជីពឡើយ។ ផ្ទុយមកវិញ នេះជាការលើកទឹកចិត្ត និងបង្ហាញពីការចូលរួមសាមគ្គីដើម្បីភាពវិជ្ជមានក្នុងសង្គម។ ទន្ទឹមគ្នានេះ ពលរដ្ឋចង់ឃើញរដ្ឋាភិបាល និងយុវជនគ្រប់រូបបន្តរៀបចំព្រឹត្តិការណ៍បែបនេះបន្តទៀតនៅឆ្នាំបន្តបន្ទាប់។
នៅក្នុងរបាយការណ៍លើកដំបូងរបស់ខ្លួន ចុះផ្សាយនៅថ្ងៃអង្គារទី ៣០មេសា ក្រសួងព័ត៌មានបានបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ បើតាមក្រសួងព័ត៌មាន អ្នកកាសែតចំនួន៣៤១នាក់ ដែលចូលរួមនៅក្នុងការស្ទង់មតិ យល់ឃើញថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រកបអាជីពមួយនេះ។ តែរបាយការណ៍ពីសង្គមស៊ីវិលរកឃើញផ្ទុយពីរបាយការណ៍របស់ក្រសួងព័ត៌មាន ដោយថា នៅកម្ពុជាសេរីភាពសារព័ត៌មានមិនទាន់ល្អប្រសើរនៅឡើយទេ។ អង្គការអ្នកកសែតគ្មានព្រំដែនវិញ ដែលមានទីតាំងនៅប្រទេសបារាំង បានសម្លឹងឃើញភាពដុនដាបនៃសេរីភាពសារព័ត៌មាននៅកម្ពុជា និងបានចាត់ថ្នាក់កម្ពុជាឲ្យឈរនៅលេខរៀងទី១៤៧ ក្នុងចំណោម១៨០ប្រទេស នាឆ្នាំ២០២៣។ ហេតុអ្វីបានជាមានការវាយតម្លៃខុសគ្នា រឿងសេរីភាពសារព័ត៌មាននៅកម្ពុជា?
នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត នៅថ្ងៃពុធនេះបានប្រកាសបើកភ្លើងខៀវឱ្យគណៈគ្រប់គ្រងសាលា អាចផ្អាកការបង្រៀនសិន ជាពិសេសនៅសាលាបឋមសិក្សា ប្រសិនបើ អាកាសធាតុក្តៅខ្លាំង ចាប់ពី៤០អង្សាឡើងទៅ។ ការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល គឺដោយសារតែលោកទទួលបានឃើញមានការបង្ហោះរូបភាពដែលក្មេងៗសិស្សសាលាមួយចំនួនកំពុងប្រឈមនឹងបញ្ហាសុខភាពដោយសារតែរលកកម្តៅ។
កូរ៉េខាងត្បូងបោះដៃ ចង់ចូលក្នុងបក្សសម្ព័ន្ធAUKUSដើម្បីអាចផលិតមីស៊ីលអ៊ីពែសូនិក។ នៅក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស និងការពារជាតិរបស់អូស្ត្រាលី កូរ៉េខាងត្បូង កាលពីថ្ងៃពុធទី១ឧសភា នៅទីក្រុងមែលប៊ន រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោកShin Won-Sik និយាយប្រាប់អ្នកកាសែតថា ប្រទេសរបស់លោកកំពុងពិភាក្សាយ៉ាងសកម្មដើម្បីចូលរួមនៅក្នុងគម្រោងបច្ចេកវិទ្យាយោធា របស់បក្សសម្ព័ន្ធAUKUS ដែលអាមេរិកអូស្ត្រាលី និងអង់គ្លេសបានបង្កើតឡើងកាលពីឆ្នាំ២០២១។
ពីពេលនេះដល់ចុងឆ្នាំ រដ្ឋាភិបាលទីក្រុងដ្រ៍ រំពឹងថានឹងបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ទៅកាន់ប្រទេសរវ៉ាន់ដា ចំនួនប្រមាណជា ៥ ៧០០ នាក់។ ចាប់ពីឥឡូវនេះទៅហើយ រដ្ឋាភិបាលអង់គ្លេស បើកយុទ្ធនាការចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ទ្រង់ទ្រាយធំ នៅទូទាំងប្រទេស។ ក្រសួងមហាផ្ទៃអង់គ្លេស បញ្ជាក់ថា ការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ នឹងធ្វើឡើងតាមយន្តហោះក្រុមហ៊ុនឯកជន ហើយជើងហោះហើរដំបូង នឹងប្រព្រឹត្តទៅនៅខែកក្កដាខាងមុខ។
នៅថ្ងៃទី ១ឧសភា២០២៤ ខួបទី១៣៨នៃទិវាពលកម្មអន្តរជាតិ សហភាពការងារកម្ពុជា បានរៀបចំកម្មវិធីជួបជុំជាមួយកម្មករ ក្នុងវិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យសំណង់ ដើម្បីលើកឡើងពីបញ្ហាប្រឈម និងការរំលោភសិទ្ធិការងារដែលពួកគេជួបប្រទះ។ នៅបទសម្ភាសន៍ជាមួយ វិទ្យុបារាំងអន្តរជាតិ កម្មករសំណង់និយាយថា បើប្រៀបធៀបនឹងកម្មករក្នុងវិស័យកាត់ដេរជាដើម ពួកគេជួបបញ្ហាប្រឈមខ្ពស់ ទាំងក្នុងរំលោភសិទ្ធិការងារ គ្មានប្រាក់ខែគោលដែលមានចែងក្នុងច្បាប់ និងមិនបានទទួលសេវាសុខមាលភាពសង្គម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញមកអះអាងនៅថ្ងៃទី១ខែឧសភានេះថា ករណីផ្ទុះគ្រាប់នៅបន្ទាយទាហាន នៃយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ គឺជា«បញ្ហាបច្ចេកទេស» មិនមែនជាបញ្ហាកងទ័ពបះបោរ ដូចក្រុមប្រឆាំងលើកឡើងឡើយ។ ការអះអាងរបស់នាយករដ្ឋមន្ត្រីបែបនេះ គឺបន្ទាប់ពីលោក សម រង្ស៊ី បានលើកឡើងថា ចលនាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ចាប់ផ្តើមផ្ទុះហើយ។ លោក សម រង្ស៊ី និយាយសំដៅដល់ករណីផ្ទុះឃ្លាំងគ្រាប់នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៧ ខែមេសា ២០២៤។
សហភាពសហជីពកម្ពុជា បានស្នើឲ្យដំឡើងប្រាក់ខែគោលដល់កម្មករ និយោជិត ឲ្យបាន៣០០ដុល្លារអាមេរិក ខណៈប្រាក់ខែអប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៤នេះ គឺ ២០៤ដុល្លារ ក្នុង១ខែ។ ការទាមទារនេះធ្វើនៅក្នុងឱកាសប្រារព្ធទិវាពលកម្មអន្តរជាតិថ្ងៃទី១ខែឧសភាឆ្នាំ២០២៤នេះ ដោយសហភាពសហជីពកម្ពុជា។
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃពុធ ទី០១ ខែឧសភានេះថា អាមេរិកមិនពាក់ព័ន្ធនឹងបញ្ហាព្រែកជីកហ្វូណនទេ ក៏ប៉ុន្តែអាមេរិកស្នើឲ្យកម្ពុជាអនុវត្តការជីកព្រែកនេះ ប្រកបដោយតម្លាភាព។ ការលើកឡើងរបស់សហរដ្ឋអាមេរិក ស្របពេលដែលនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាសជំហរសាជាថ្មីថា កម្ពុជាត្រូវតែជីកព្រែកហ្វូណននេះឲ្យបាន។
នៅសហរដ្ឋអាមេរិក នគរបាលក្រុងញូវយ៉ក បានចាប់ខ្លួនពួកយុវជននិស្សិតបាតុករជាច្រើននាក់ ដែលបោះជំរំនិងធ្វើបាតុកម្មសម្តែងមតិគាំទ្រពលរដ្ឋប៉ាឡេស្ទីន នៅសកលវិទ្យាល័យ Columbia។ ក្រៅពីចាប់ខ្លួនហ្វូងនិស្សិតបាតុករ, ប៉ូលិសអាមេរិកក៏បានបោសសម្អាតជំរំប្រមូលផ្តុំក្នុងបរិវេណកន្លែងសិក្សា ហើយដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចប្រចាំការ ដើម្បីយាមឃ្លាំមើល កុំឲ្យមានសកម្មភាពបោះជំរំជាថ្មី។ អន្តរាគមន៍របស់នគរបាលក្រុងញូវយ៉កនេះ ត្រូវរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមការពារសិទ្ធិមនុស្ស ថាប៉ូលិសអាមេរិក«ប្រព្រឹត្តឃោរឃៅហួសហេតុ» ក្នុងសង្គម«បិតាប្រជាធិបតេយ្យ»។
ផ្អែកតាមរបាយការណ៍ ដែលចេញផ្សាយថ្មីៗនេះ ដោយក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា អំបែងគ្រាប់ ដែលគេបានរកឃើញនៅទីក្រុង កាគីវ ប្រទេសអ៊ុយក្រែន នៅពីថ្ងៃទី ២ មករា ឆ្នាំ ២០២៤ កន្លងទៅ គឺជា បំណែករបស់គ្រាប់មីស៊ីលបាលីស្ទិក ប្រភេទ វ៉ាសុង ១១ (Hwasong 11) ដែលផលិតដោយ កូរ៉េខាងជើង ពិតប្រាកដមែន។ នេះ ជាតឹកតាងថ្មីមួយទៀត ដែលស្តែងឲ្យឃើញ អំពីការរំលោភ បំពានរបស់ កូរ៉េខាងជើង លើបម្រាមនៃក្រុមប្រឹក្សាសន្តិសុខ តាំងពីឆ្នាំ ២០០៦ ដែលហាមមិនឲ្យប្រទេសនេះ នាំអាវុធចូល ឬ ចេញទៅក្រៅប្រទេស។ របាយការណ៍ថ្មីនេះ បង្ហាញ កាន់តែច្បាស់ ពីដំណើរផ្ទេរគ្រឿងសព្វាវុធ រវាងកូរ៉េខាងជើង និង រុស្ស៊ី ដែលជាប្រទេស ២ កំពុងជាប់ក្នុង ទណ្ឌកម្មអន្តរជាតិ ដូចគ្នា។
បណ្តាប្រទេសទាំងអស់នៃពិភពលោក បានសន្យាគ្នាថា នឹងស្វែងរកឲ្យបាននូវសន្ធិសញ្ញាអន្តរជាតិមួយ ដើម្បីកាត់បន្ថយការបំពុលបរិស្ថានដោយប្លាស្ទិក នៅរវាងចុងឆ្នាំ២០២៤នេះ។ តែការប្រជុំចរចាគ្នា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្តិធ្វើទៅនៅទីក្រុងអូតាវ៉ា ប្រទេសកាណាសា បានបិទបញ្ចប់ទៅកាលពីថ្ងៃចន្ទ ទី២៩មេសា ដោយគ្មានបានលទ្ធផលអ្វីទាំងអស់។ ប្រទេសខ្លះបានបដិសេធ មិនព្រមកំណត់ការដាក់កំហិត កាត់បន្ថយការផលិតទំនិញប្លាស្ទិកទេ ដោយគាំទ្រតែទៅលើវិធានការពង្រីកសមត្ថភាពកែច្នៃសំរាម។
នាវាចម្បាំងចិនចំនួន២គ្រឿងត្រូវបានប្រទះឃើញនៅកំពង់ផែរាមអស់រយៈពេលជាង៤ខែកន្លងមក។ រូបភាពពីប្រព័ន្ធផ្កាយរណបរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានបង្ហាញថា នាវាចម្បាំងចិនចំនួន ២គ្រឿងបានចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជាតាំងពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៣។ អ្នកជំនាញការអាមេរិកបានអះអាងថា នេះជាជំហានដំបូងដែលបញ្ជាក់ពីការចាប់ផ្តើមមានវត្តមានកងទ័ពចិនជាផ្លូវការលើទឹកដីកម្ពុជា។
នៅថ្ងៃអង្គារ ទី៣០ ខែមេសានេះ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហាញជាសាធារណៈនូវរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដែលមានភាពល្អប្រសើរ។ ល្អប្រសើរព្រោះបើតាមលោកនេត្រ ភក្រ្តា មានចំនួន ៧៩.៨% នៃអ្នកសារព័ត៌មានដែលជួបសម្ភាសបានអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងពេលបច្ចុប្បន្នមានភាពល្អប្រសើរជាងពីមុន។
ថ្ងៃចន្ទទី ២៩ មេសា បក្សកាន់អំណាចក្នុងប្រទេសហ្សកហ្ស៊ី បានប្រមូលសមាជិកបក្សរបស់ខ្លួន ទៅជួបជុំគ្នានៅមុខរដ្ឋសភាហ្សកហ្ស៊ី ដើម្បីសម្តែងការចម្លើយតប ទល់នឹងបាតុកម្ម ទ្រង់ទ្រាយធំមួយ ដែលធ្វើឡើងដោយពលរដ្ឋហ្សកហ្ស៊ីរាប់ពាន់នាក់ កាលពីថ្ងៃអាទិត្យទី ២៨ មេសា ក្នុងបំណងប្រឆាំង គម្រោងច្បាប់ស្តីពី "ភ្នាក់ងារបរទេស” ដែលពួកគេចាត់ទុកថា ជាការគំរាមកំហែង ដល់សិទ្ធិបញ្ចេញមតិ។ គួរបញ្ជាក់ថា គម្រោងច្បាប់ថ្មីនេះ កំពុងបង្ក ការបែកបាក់ប្រេះឆាក្នុងស្រទាប់មហាជន ពោលគឺមាន ប្រជាជនហ្សកហ្ស៊ីរាប់ម៉ឺននាក់ នាំគ្នាធ្វើបាតុកម្មតវ៉ា ដោយបង្ហាញទំនោររបស់ពួកទៅកាន់សហភាពអឺរ៉ុប។ ហ្វូងបាតុករប្រឆាំងច្បាប់ថ្មីនេះ ទាមទារការរក្សាសិទ្ធិបញ្ចេញមតិដោយគ្មានការរាំងខ្ទប់ ហើយរិះគន់ខ្លាំងៗ លើបក្សកាន់អំណាចនៅហ្សកហ្ស៊ី ថាកំពុងខិតទៅរកការដឹកនាំប្រទេសតាមបែប រុស្ស៊ី។
ការចាក់ដីលុបចូលទន្លេបានកើតឡើងជាថ្មីទៀតនៅខេត្តកំពង់ចាមដោយអាជ្ញាធរខេត្តបញ្ជាក់ថា សកម្មភាពនេះធ្វើឡើងដោយគ្មានច្បាប់អនុញ្ញាត។ តែនៅពេលមន្ត្រីចុះត្រួតពិនិត្យនៅថ្ងៃទី២៩ ខែមេសាបែរជារដ្ឋបាលខេត្តអះអាងថា ការវាយតម្លៃបឋមលើការចាក់ថ្មនៅច្រាំងទន្លេប្រវែង១៦៥ម៉ែត្រក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ មិននាំឲ្យមានការខូចខាតច្រាំងទន្លេ ឬប៉ះពាល់លំហូរទឹកឡើយ។ ទោះជាយ៉ាងណា អាជ្ញាធរខេត្តបានបញ្ជាឲ្យផ្អាកសកម្មភាពនេះសិនដោយរង់ចាំការវាយតម្លៃពីក្រសួងធនធានទឹក។ តែអ្នកការពារបរិស្ថានចង់ឃើញរដ្ឋាភិបាលមានយន្តការជាក់លាក់ក្នុងរឿងចាក់ដីទប់ច្រាំងទន្លេដើម្បីជៀសវាងការរំលោភយកសម្បត្តិរដ្ឋធ្វើជាកម្មសិទ្ធិឯកជន។
ក្រុមហ៊ុនMicrosoft នឹងវិនិយោគទឹកប្រាក់ចំនួន ១៧០០លានដុល្លារ នៅឥណ្ឌូណេស៊ី ក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលកំពុងតែរីកចម្រើនខ្លាំង។ នេះបើផ្អែកតាមការប្រកាស របស់លោក Satya Nadella អគ្គនាយកMicrosoft ដែលបានទៅជួបលោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃអង្គារទី៣០មេសានេះ។ សូមបញ្ជាក់ថា ជាមួយនឹងប្រជាជនប្រមាណ២៨០លាននាក់ ឥណ្ឌូណេស៊ីគឺជាទីផ្សារដ៏មានសក្តានុពលបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងវិស័យសេដ្ឋកិច្ចបច្ចេកវិទ្យាទំនើប។
ភូមិពងទាខ្មែរជាឈ្មោះសិប្បកម្មរបស់អ្នកស្រី ម៉ោង ស្រីពៅដែលបានទិញពងទាពីកសិករដើម្បីកែច្នៃធ្វើជាចំណីអាហារលក់។ តាមអ្នកស្រីម៉ោង ស្រីពៅ ការបង្កើតសិប្បកម្មនេះឡើង ក្រោយមើលឃើញបញ្ហាប្រឈមរបស់កសិករក្នុងការរកទីផ្សារ និងតម្លៃពងទាលក់បានថោក។ ដូច្នេះសម្រាប់ម្ចាស់សិប្បកម្មូរូបនេះ ការទិញផលិតផលពីភូមិពងទាខ្មែរជាការរួមចំណែកជួយកសិករដែលចិញ្ចឹមទាយកស៊ុតលក់។
សង្រ្គាមនៅហ្កាហ្សាអូសបន្លាយជាង៧ខែ ដោយសហគមន៍អន្តរជាតិ នៅក្នុងអាមេរិក នៅតែមិនអាចជួយអន្តរាគម បញ្ចុះបញ្ចូលអ៊ីស្រាអែលឲ្យឈប់ធ្វើសង្រ្គាមមនុស្សនៅហ្កាហ្សា។ នៅចំពោះមុខភាពទាល់ច្រក ដោយសារភាគីជម្លោះ អ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីននៅតែចរចាមិនត្រូវគ្នារឿងដោះលែងចំណាប់ខ្មាំង អាមេរិក តាមរយៈរដ្ឋមន្រ្តីការបរទេស លោកអង់តូនី ប្លីងកិនចាប់ផ្តើមងាកទៅអន្ទងចិត្តសម្ព័ន្ធអារ៉ាប់វិញ ដែលនៅក្នុងនោះមាន អារ៉ាប៊ី សាអូឌីតជាប្រទេសមានទម្ងន់នយោបាយខ្លាំងជាងគេ នៅក្នុងតំបន់។ អាមេរិកចង់ខ្ចីដៃអារ៉ាប៊ី សាអូឌីតដើម្បីដាក់សម្ពាធដោយប្រយោលទៅលើរដ្ឋាភិបាលអ៊ីស្រាអែលរបស់លោកនាយករដ្ឋមន្រ្តីនេតាន់យ៉ាហ៊ូ ឲ្យយល់ព្រមទទួលស្គាល់ការបង្កើតរដ្ឋប៉ាឡេស្ទីន។ តើប្រទេសអារ៉ាប់ ដូចជាអារ៉ាប៊ី សាអូឌីតមានអ្វីនៅក្នុងដៃ ដើម្បីទាក់ចិត្តអ៊ីស្រាអែលឲ្យស្តាប់ ធ្វើតាមខ្លួន? យើងស្តាប់ឈាង បុប្ផា
ថ្ងៃអាទិត្យទី ២៨ មេសា អាជ្ញាធររុស្ស៊ី បានចាប់ឃុំខ្លួនអ្នកកាសែតរុស្ស៊ីម្នាក់ ពីបទប្រព្រឹត្តអំពើ ជ្រុលនិយម។ លោក Serguei Kareline ត្រូវបានតុលាការចោទប្រកាន់ ថាបានចូលរួមផលិតវីដេអូ ដែលបម្រើឲ្យក្រុមការងារ របស់លោក អាឡិកសី ណាវ៉ាល់នី សកម្មជនប្រឆាំងទី១ ដែលបានស្លាប់ក្នុងពន្ធនាគារ កាលពីខែកុម្ភៈកន្លងទៅ។ គួរបញ្ជាក់ថា នៅមួយថ្ងៃមុន ពោលគឺថ្ងៃសៅរ៍ទី ២៧ មេសា អ្នកកាសែតរុស្ស៊ីម្នាក់ទៀត លោក Konstantin Gabov ក៏ត្រូវបានអាជ្ញាធររុស្ស៊ី ចាប់ឃុំខ្លួន ក្រោមបទចោទប្រកាន់តែមួយដែរ។ គួររំឭកថា ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលររុស្ស៊ី បានរឹតបន្តឹងគំនាប លើបណ្តាប្រព័ន្ធសារព័ត៌មានឯករាជ្យក្នុងស្រុក និង គ្រប់ប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលប្រចាំការក្នុងប្រទេសនេះ ដោយមានគោលបំណងបង្ក្រាប រាល់មតិរិះគន់នានា ជុំវិញការចូលវាយលុក របស់រុស្ស៊ី ទៅក្នុងទឹកដីអ៊ុយក្រែន កាលពីជាង ២ ឆ្នាំ មុន។
ក្រោយហេតុការណ៍ផ្ទុះឃ្លាំងស្តុកគ្រាប់របស់បញ្ជាការដ្ឋានយោធភូមិភាគទី៣ខេត្តកំពង់ស្ពឺ ពលរដ្ឋរងគ្រោះដែលមានផ្ទះសម្បែរខូចខាត និងដាក់រលំបានសំណូមពរឱ្យរដ្ឋាភិបាលគិតគូផ្តល់សំណង ឬជួយជួសជុលកន្លែងខូចខាតឡើងវិញ។ ក្នុងចំណោមពលរដ្ឋរងគ្រោះជិត៣០គ្រួសារ ពលរដ្ឋខ្លះរៀបរាប់ថា បច្ចុប្បន្នពួកគេកំពុងជួបបញ្ហាសេដ្ឋកិច្ច និងបំណុល ខណៈទ្រព្យសម្បត្តិដែលខំរកតាំងពីយូរត្រូវរលាយត្រឹមមួយប៉ប្រិចភ្នែក។ សំណងដែលពលរដ្ឋចង់បាននាពេលនេះ គឺមិនច្រើនលើសលុបឡើយ ពោលត្រឹមសំណងជួសជុលផ្ទះ ដែលខូចខាច៕ ពីទីតាំង ក្បែរបញ្ជាការដ្ឋានយោធភូមិភាគទី៣ សូមស្តាប់បទយកការណ៍របស់ សាំ ឧត្តម៕
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កំពុងតែរងការរិះគន់ជាខ្លាំង ពីបណ្តាអ្នកនយោបាយបារាំង ទាក់ទិននឹងអាវុធនុយក្លេអ៊ែរ។ បន្ទាប់ពីបានថ្លែងក្នុងសុន្ទរកថាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អំពីទស្សនវិស័យចង់ឲ្យអឺរ៉ុបមានប្រព័ន្ធការពារជាតិរួមគ្នាដ៏រឹងមាំ លោកម៉ាក្រុងបានថ្លែងកាលពីថ្ងៃសុក្រ ថាលោកគាំទ្រគំនិត បង្កើតឲ្យមានការជជែកគ្នា ស្តីពីការយកអាវុធនុយក្លេអ៊ែរបារាំងទៅប្រើ ដើម្បីធ្វើជាខែលការពារអឺរ៉ុបទាំងមូល។ សម្តីនេះ បានធ្វើឲ្យមានមតិរិះគន់ខ្លាំងៗ ថាលោកម៉ាក្រុង កំពុងតែបំផ្លាញយុទ្ធសាស្ត្រអាវុធនុយក្លេអ៊ែរបារាំង។
រដ្ឋមន្ត្រីថាមពលនិងបរិស្ថាន នៃបណ្តាប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧ ហៅកាត់ថា G7 បានបើកកិច្ចប្រជុំនៅទីក្រុងទូរ៉ាំង ភាគខាងជើងអ៊ីតាលី។ ជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីបូកសរុប ព្រមទាំងកំណត់ទិសដៅ ឈានទៅដោះស្រាយវិបត្តិអាកាសធាតុ។ នៅពីខាងក្រៅកិច្ចប្រជុំនេះ សកម្មជនបរិស្ថានអាកាសធាតុ ព្រមទាំងអង្គការសហប្រជាជាតិផង បានអំពាវនាវឲ្យក្រុមប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧ ត្រូវតែកំណត់វិធានការឲ្យបានក្លាហានបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។
ប្រឈមនឹងអាកាសធាតុដែលកំពុងឡើងកម្តៅខ្លាំង មានប្រទេសអាស៊ីមួយចំនួនបានសម្រេចបិទសាលារៀន។ នៅកម្ពុជា ក្រសួងអប់រំតាមរយៈអ្នកនាំពាក្យ លោកស្រី ឃួន វិច្ឆិកា បានបញ្ជាក់ពីការពិចារណាលើវិធានការដូចគ្នានេះ តែថាស្ថានភាពនៅកម្ពុជាមិនទាន់ឈានដល់កម្រិតនៃការបិទសាលារៀននៅឡើយទេ។ តាម លោកស្រី ឃួន វិច្ឆិកា ក្រសួងអប់រំ បានដាក់ចេញនូវវិធានការចាំបាច់ដូចជាឲ្យអ្នកពាក់ព័ន្ធរាយការណ៍ជាប្រចាំដើម្បីដឹងពីស្ថានភាពសិស្សនៅតាមសាលារៀនក្នុងគ្រាដែលអាកាសធាតុកំពុងតែឡើងកម្តៅ។ អ្នកនាំពាក្យក្រសួងអប់រំរូបនេះ ដដែលបានបន្ថែមថា ក្នុងករណីដែលសាលារៀនមិនអាចទប់ទល់នឹងស្ថានភាពកម្តៅបាន គឺត្រូវរាយការណ៍ជាបន្ទាន់ទៅមន្ទីរអប់រំនៅតាម រាជធានី និងខេត្ត។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានប្រកាសនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤នេះថា លោកទទួលបានថវិកាឧបត្ថម្ភពីសប្បុរសជនជាង ៤,៨លានដុល្លារ សម្រាប់ការរៀបចំប្រកួតបាល់ទាត់សប្បុរសធម៌មួយនៅថ្ងៃទី០១ ខែឧសភា ខាងមុខ។ ការទទួលបានថវិកាបរិច្ចាកដ៏ច្រើនសន្ធឹកសន្ធាប់ត្រឹមរយៈពេលតែ៥ថ្ងៃនេះ ធ្វើឡើងក្រោយ លោក ហ៊ុន សែន ប្រកាសដឹកនាំការប្រកួតបាល់ទាត់ (Cambodia football super stars) កាលពីថ្ងៃទី ២៥ ខែ មេសា កន្លងទៅ។