រដ្ឋអំណាចចិន ធ្វើចារកម្មលួចយកការណ៍តាមប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធ័រនែត ទ្រង់ទ្រាយធំ ទូទាំងពិភពលោក។ នេះជាការចោទប្រកាន់ជាថ្មីរបស់បណ្តាអ្នកតំណាងរាស្ត្រនិងព្រឹទ្ធសមាជិកបារាំង ក្នុងសេចក្តីដូចគ្នានឹងការចោទប្រកាន់របស់សហរដ្ឋអាមេរិកនិងប្រទេសអឺរ៉ុបផ្សេងទៀតដែរ។ ក្រៅពីបានប្រកាសអាសន្នឲ្យប្រុងប្រយ័ត្នចំពោះចោរព័ត៌មានវិទ្យាចិន, អ្នកតំណាងរាស្ត្របារាំងក៏បានស្តីបន្ទោសរដ្ឋាភិបាលបារាំងខ្លួនឯងដែលមិនព្រមចាត់វិធានការឲ្យធ្ងន់ធ្ងរចំពោះ«សកម្មភាពបង្កសង្គ្រាម»របស់ចិន។ ការព្រមានយ៉ាងដូច្នេះ ធ្វើឡើងតែ២ថ្ងៃប៉ុណ្ណោះ មុនដំណើរមកដល់របស់ប្រធានាធិបតីចិន ស៊ី ជីនពីង នៅទីក្រុងប៉ារីស។
កងទ័ពរុស្ស៊ីបានអះអាងថា វាយដណ្តើមយកភូមិអ៊ុយក្រែនជាបន្តបន្ទាប់នៅក្នុងតំបន់ភាគខាងកើត។ នៅ ថ្ងៃទី ៣ឧសភា រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោកសេហ្គេយ ស្ហ័ហ្គូ និយាយនៅក្នុងកិច្ចប្រជុំក្នុងទីក្រុងម៉ូស្គូថា គិតចាប់តាំងពីដើមឆ្នាំនេះ កងទ័ពរុស្ស៊ីវាយយកបានដីអ៊ុយក្រែន ប្រមាណ ៥៤៧គីឡូម៉ែត្រការ៉េ។ ដោយសារការវាយប្រហារដ៏សន្ធប់របស់រុស្ស៊ី ទៅលើទីក្រុង ហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន និងការបោះជំហាន រុលទៅមុខរបស់រុស្ស៊ីក្នុងសមភូមិប្រយុទ្ធ អនុប្រធានក្រុមស៊ើបការណ៍សម្ងាត់អ៊ុយក្រែន លោកវ៉ាឌីម ស្គីប៊ីតស្គីបាននិយាយប្រាប់ទស្សនាវដ្តីThe Economist ថា នៅពេលណាមួយ អ៊ុយក្រែនត្រូវចរចាជាមួយរុស្ស៊ីដើម្បីបញ្ចប់សង្រ្គាមជាង២ឆ្នាំមកនេះ។
គណៈកម្មាការទន្លេមេគង្គវៀតណាមបន្តស្នើឱ្យភាគីកម្ពុជាផ្តល់ព័ត៌មានលម្អិតពីគម្រោងព្រែកជីកហ្វូណនតេជោ និងជំរុញឱ្យមានកិច្ចសហការវាយតម្លៃពីផលប៉ះពាល់ រួមនឹងការស្វែងរកដំណោះស្រាយរួមគ្នាមួយ។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម Vietnam Net នៅថ្ងៃទី០៣ ឧសភា។ អ្វីដែលភាគីវៀតណាមស្នើសុំនាពេលនេះ គឺដើម្បីឱ្យប្រាកដជាក់ច្បាស់ថា គម្រោងព្រែកជីកហ្វូណនរបស់កម្ពុជាពិតជាមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។
នៅថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ នេះ លោកហ៊ុន សែនបានបញ្ចេញសារថ្លែងអំណរគុណដល់សភាប្រទេសនានាដែលបានផ្ញើសារអបអរលោកសម្រាប់តំណែងប្រធានព្រឹទ្ធសភាកម្ពុជា។ ដោយឡែក សារសម្រាប់ប្រធានសភាអ៊ុយក្រែន Ruslan STEFANCHUK លោកហ៊ុន សែនបានប្ដេជ្ញាគាំទ្រកិច្ចប្រឹងប្រែងស្ដារសន្ដិភាពនៅអ៊ុយក្រែនឡើងវិញ។ គួររម្លឹកថា នៅក្នុងសារអបអរលោកហ៊ុន សែន លោក Ruslan STEFANCHUK ក៏បានអរគុណកម្ពុជាដែលបានគាំទ្រអ៊ុយក្រែននៅក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។
បារាំង និងជប៉ុនបានព្រមព្រៀងគ្នាដើម្បីបើកការចរចាជាផ្លូវការស្តីពីការចូលទៅប្រើព័ត៌មានកងទ័ពគ្នាទៅវិញ ទៅមក។ នេះបើតាមការប្រកាសរបស់វិមានប្រធានាធិបតីបារាំង នៅបន្ទាប់ពីលោកប្រធានាធិបតីបារាំង លោកម៉ាក្រុងទទួលជួបនាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៊ីដា កាលពីថ្ងៃព្រហស្បតិ៍ទី ២ឧសភា នៅវិមានអេលីហ្សេ។ មានដែនដីកោះរបស់ខ្លួននៅមហាសមុទ្រប៉ាស៊ីហ្វិក បារាំងបានដៅពង្រឹងតួនាទីរបស់ខ្លួន នៅអាស៊ីប៉ាស៊ីហ្វិក ដោយខិតចូលទៅជិតជប៉ុន តាមរយៈការធ្វើសមយុទ្ធរួមគ្នាជាច្រើនលើក។ បារាំងទទួលនាយករដ្ឋមន្រ្តីជប៉ុន និងប្រកាសរឹតចំណងមិត្តភាពជាមួយជប៉ុន ក្នុងវិស័យយោធា នៅតែ ៣ថ្ងៃមុនដែលបារាំងត្រូវទទួលប្រធានាធិបតីចិន លោកស៊ី ជីនពីងដែលត្រូវធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅបារាំង ចាប់ពីថ្ងៃចន្ទទី ៦ឧសភា។
នៅថ្ងៃទី២ ខែឧសភានេះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីបានចេញមុខការពារលោកស្រី ពេជ ចន្ទមុនី ភរិយាលោកហ៊ុន ម៉ាណែតដែលបានរងការវាយប្រហារពីកាសែត The Cambodia Daily វាយប្រហារ។ តាមការចុះផ្សាយរបស់កាសែត The Cambodia Daily ចុះផ្សាយក្នុងថ្ងៃទី២ ឧសភា លោកស្រីពេជ ចន្ទមុនីត្រូវបានលោកគុណ ញឹម មេគយកម្ពុជាសូកប៉ាន់ដើម្បីពន្យារពេលចូលនិវត្តន៍។ សម្រាប់មេដឹកនាំត្រកូល «ហ៊ុន» ការផ្សាយដូចនេះរបស់កាសែត The Cambodia Daily ជាអំពើថោកទាប និងឆោតល្ងង់។
ឆ្នាំ២០២៤នេះ សេរីភាពសារព័ត៌មានជាទូទៅ ក្នុងពិភពលោក ធ្លាក់ចុះ ប្រមាណជា ៧,៦ ពិន្ទុ។ នេះបើតាមរបាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន ដោយបានបញ្ជាក់ឲ្យដឹងថា សិទ្ធិសេរីភាពសារព័ត៌មានស្ទើរតែគ្រប់ទ្វីប រងការគំរាមកំហែង។ បណ្តាញប្រព័ន្ធផ្សព្វផ្សាយច្រើនឡើងៗ ត្រូវ អាជ្ញាធររដ្ឋអំណាច ទាញមកគ្រប់គ្រង និងធ្វើជាឧបករណ៍នយោបាយ។ ចំណែកអ្នកកាសែតត្រូវរងសម្ពាធនិងរងវាយប្រហារ ហើយនិងត្រូវសម្លាប់ក្នុងពេលបំពេញវិជ្ជាជីវៈ។ ជាមួយគ្នានេះ អ្នកសារព័ត៌មានជំនាញបរិស្ថាន ស្ទើរតែ៧០% ជាផ្ទាំងស៊ីបនៃការវាយប្រហារគាបសង្កត់។
ខែឧសភានេះ សង្គ្រាមរវាងពួកប្រដាប់អាវុធហាម៉ាសនិងកងទ័ពអ៊ីស្រាអែល បើកទំព័រចូលខែទី៧ហើយ។ អង្គការសហប្រជាជាតិ បានវាយតម្លៃព្យាករថា សង្គ្រាមនៅហ្កាហ្សានេះ បង្កការខូចខាតបាត់បង់ធ្ងន់ធ្ងរខ្លាំង ហើយនិងបានបង្កឲ្យអគារបាក់បែក ក្នុងទំហំចំនួនច្រើនជាងសង្គ្រាមនៅអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ គ្រាប់ច្រើនសន្ធឹកនៅមិនទាន់ផ្ទុះ ហើយសារធាតុគីមីបង្កជំងឺមហារីក នឹងបន្តតាមយាយីព្យាបាទអាយុជីវិតពលរដ្ឋប៉ាឡេស្ទីន ជាច្រើនឆ្នាំទៅមុខទៀត។
នៅប្រទេសកូនកោះដ៏តូច កោះសាឡូម៉ុង នៅមហាសមុទ្រប៉ាស៊ីហ្វិក រដ្ឋមន្រ្តីការបរទេសដែលមាននិន្នាការទៅខាងប្រទេសចិន បានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីថ្មី។ ដោយទទួលបានសំឡេងគាំទ្រពីអ្នកតំណាងរាស្រ្តចំនួន ៣១រូប ក្នុងចំណោមអ្នកតំណាងរាស្រ្តសរុប ៥០រូបនៅសភា លោកJeremiah Manele បានការគាំទ្រច្រើនជាងគូប្រជែងមកពីគណបក្សប្រឆាំងដែលមានជំហរមិនស្វាគមវត្តមានចិន នៅលើដីកោះសាឡូម៉ុង។ ជ័យជំនះឆ្នោតរបស់អ្នកនយោបាយស្និទ្ធនឹងទីក្រុងប៉េកាំង ស្ថិតក្រោមក្រសែភ្នែកតាមដានរបស់អាមេរិក និងអូស្ត្រាលីដែលធ្លាប់ជាសម្ព័ន្ធចាស់ឆ្នាំរបស់កោះសាឡូម៉ុង។
ខែឧសភានេះ សង្គ្រាមរវាងពួកប្រដាប់អាវុធហាម៉ាសនិងកងទ័ពអ៊ីស្រាអែល បើកទំព័រចូលខែទី៧ហើយ។ អង្គការសហប្រជាជាតិ បានវាយតម្លៃព្យាករថា សង្គ្រាមនៅហ្កាហ្សានេះ បង្កការខូចខាតបាត់បង់ធ្ងន់ធ្ងរខ្លាំង ហើយនិងបានប្រើប្រាស់សព្វាវុធគ្រាប់បែកគ្រាប់ផ្ទុះ ក្នុងទំហំចំនួនច្រើនជាងសង្គ្រាមនៅអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ គ្រាប់ច្រើនសន្ធឹកនៅមិនទាន់ផ្ទុះ ហើយសារធាតុគីមីបង្កជំងឺមហារីក នឹងបន្តតាមយាយីព្យាបាទអាយុជីវិតពលរដ្ឋប៉ាឡេស្ទីន ជាច្រើនឆ្នាំទៅមុខទៀត។
លោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានប្រកាសនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នេះថា ទោះបីចំណូលពន្ធគយដែលបានពីការនាំចូលបានធ្លាក់ចុះក៏ដោយក៏មិនមែនជាបញ្ហាសម្រាប់កម្ពុជាដែរ។ មិនមែនជាបញ្ហា ព្រោះក្រុមហ៊ុន ឬរោងចក្រដែលបាននាំចូលទាំងនោះបានមកបើកដំណើរការផលិតនៅកម្ពុជាដោយបានបង្កើតការងារឲ្យពលរដ្ឋ និងនាំឱ្យពន្ធដារអាចប្រមូលពន្ធអាករបានវិញ។
ថ្ងៃទី ០៣ ឧសភាជាខួបលើកទី៣១នៃទិវាសេរីភាពសារព័ត៌មានពិភពលោក។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក ប៉ាទ្រីក ម័រហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបានលើកឡើងពីសារៈសំខាន់ និងបញ្ហាប្រឈមនៃការប្រកបអាជីពសារព័ត៌មាន។ តែលោកកត់សម្គាល់ឃើញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា និងនៅលើពិភពលោកកំពុងធ្លាក់ចុះ និងស្ថិតក្រោមការឡោមព័ទ្ធ។ សម្រាប់កម្ពុជា លោកប៉ាទ្រីក ម័រហ្វីបានមើលឃើញថា ការបិទស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួន ដូចជាសំឡេងប្រជាធិបតេយ្យ ឌឹខេមបូឌាដេលី និងវិទ្យុអាស៊ីសេរីបានឲ្យធ្វើឲ្យពលរដ្ឋមានការនឹកនា ព្រោះជាប្រភពព័ត៌មានដ៏ល្អ។ តាមលោកប៉ាទ្រីក ម័រហ្វី ការបើកលំហសេរីភាពសារព័ត៌មានជារឿងល្អសម្រាប់លទ្ធិប្រជាធិបតេយ្យដើម្បីឆ្លុះបញ្ចាំងពីទំនួលខុសត្រូវរបស់រដ្ឋាភិបាល។
សារព័ត៌មានជប៉ុន Nikkia Asia បានចុះផ្សាយកាលពីថ្ងៃទី២៩ ខែមេសាថា ក្រុមហ៊ុនឯកជនក្នុងប្រទេសកម្ពុជាកំពុងទាក់ទាញអ្នកវិនិយោគមកពីប្រទេសក្នុងតំបន់អាស៊ាន បន្ទាប់ពីអ្នកវិនិយោគចិនមួយចំនួនកំពុងរៀបចំចាកចេញពីទឹកដីកម្ពុជា។ ដោយមិនបានប្រតិកម្មទៅនឹងការចុះផ្សាយរបស់ Nikkia Asia អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកប៉ែន បូណាថា រដ្ឋាភិបាលតែងតែធ្វើការទូតសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសនានាដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកស្រី ម៉ៅ ចំណាន ភរិយាមហាសេដ្ឋីខ្មែរដ៏មានឥទ្ធិពលគឺលោក គិត ម៉េង បានជាប់ជាប្រធានសមាគមសិល្បៈករខ្មែរសម្រាប់អាណត្តិទី៦។ នៅក្នុងការបោះឆ្នោតនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ អតីតសិល្បៈការិនីរូបនេះ ទទួលបានសម្លេងគាំទ្រច្រើនលើសលុបចំនួន ៥២៧សម្លេង លើ៦០០សម្លេង។ លទ្ធផលនេះបានវ៉ាផ្តាច់គូរប្រជែងរបស់លោកស្រី គឺលោក គួច ខេវិន និងលោក ផាត់ តារារ័ត្ន។ លោក សុះ ម៉ាច កូនប្រុសតារាចម្រៀងខ្មែរឥស្លាមដ៏ល្បីល្បាញពីសង្គមចាស់គឺលោក សុះ ម៉ាត់ និងជាអតីតប្រធានសមាគមសិល្បៈករខ្មែរចំនួន ២អាណត្តិ បានគាំទ្រយ៉ាងពេញទំហឹងចំពោះការជាប់ជាប្រធានសមាគមសិល្បៈករខ្មែរអាណត្តិទី៦នេះ។លោក សុះ ម៉ាច បានបញ្ជាក់ប្រាប់វិទ្យុបារាំងបន្ថែមថាលោកស្រី ម៉ៅ ចំណាន មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងអស់ ពោលទាំងធនធាន រូបសម្បត្តិ និងចំណេះដឹង។ កត្តាទាំងអស់នេះហើយដែលសិល្បៈករចម្រៀងជើងចាស់រូបនេះ ដាក់ក្តីរំពឹងថាភរិយាប្រធានសភាពាណិជ្ជកម្មកម្ពុជាលោកស្រី ម៉ៅ ចំណាន អាចនឹងជួយដឹកនាំសមាគមសិល្បៈករខ្មែរឲ្យមានភាពរីចម្រើនទៅមុខបាន។
រដ្ឋាភិបាលកម្ពុជាបានប្រាប់ឲ្យដឹងថា ប្រទេសកម្ពុជាមានរោងចក្រតម្លើងរថយន្តចំនួន៦ ក្នុងនោះក៏មានក្រុមហ៊ុនយក្សផលិតរថយន្តតូយ៉ូតារបស់ជប៉ុនមួយដែរ។ វត្តមានរបស់ក្រុមហ៊ុនតម្លើងរថយន្តនៅក្នុងប្រទេសកម្ពុជាពេលនេះសមល្មមនឹងដល់ពេលដែលរដ្ឋាភិបាលមានវិធានការកាត់បន្ថយការនាំចូលរថយន្តជជុះ ឬរថយន្តមួយទឹកពីបរទេស និងលើកទឹកចិត្តប្រជាជនឲ្យប្រើរថយន្តថ្មីដែលតម្លើងក្នុងស្រុកឬយ៉ាណា?
នៅភាគខាងត្បូងប្រទេសចិន មនុស្សជាង៥០០នាក់កំពុងញាប់ដៃជើង នៅក្នុងសកម្មភាពជួយសង្រ្គោះ បន្ទាប់ពីមានគ្រោះថ្នាក់រលំបាក់ផ្លូវល្បឿនលឿនមួយកាលពីយប់ថ្ងៃអង្គារ។ យោងតាមរបាយការណ៍ ចុះផ្សាយដោយកាសែតរដ្ឋចិននៅថ្ងៃព្រហស្បតិ៍ទី ២ឧសភា នៅក្នុងគ្រោះថ្នាក់បាក់ផ្លូវល្បឿនលឿន ក្នុងខេត្តក្វាងទុក ចំនួនមនុស្សស្លាប់បានកើនឡើងដល់៤៨នាក់ ចំណែកមនុស្សរបួស៣០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ តាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិនCCTV លោកប្រធានាធិបតីចិន ស៊ី ជីនពីងបានបញ្ជាឲ្យអាជ្ញាធរក្នុងស្រុកបង្កើនល្បឿនជួយសង្រ្គោះមនុស្ស និងស្តារស្ថានការណ៍នៅកន្លែងកើតហេតុ។
រដ្ឋបាលទីក្រុងវ៉ាស៊ីនតោននិងក្រុងម៉ូស្កូ បន្តមើលមុខគ្នាមិនចំ។ ថ្ងៃម្សិលមិញនេះ សហរដ្ឋអាមេរិក បានអង្អុរមុខចោទប្រកាន់រុស្ស៊ី ដែលបានប្រើប្រាស់សារធាតុគីមីហាមឃាត់ ចំពោះទាហានអ៊ុយក្រែន។ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បានសម្រេចប្រកាសដាក់ទណ្ឌកម្មបន្ថែម ចំពោះក្រុមហ៊ុនរុស្ស៊ី និងភាគីទាំងឡាយដែលជ្រោមជ្រែងវិមានក្រេមឡាំង ឲ្យទទួលបានសារធាតុគីមីហាមឃាត់ទាំងនោះ។ ទណ្ឌកម្មថ្មីបន្ថែមនេះ ត្រូវក្រសួងការបរទេសអាមេរិក ប្រកាសឲ្យដឹង នៅថ្ងៃទី១ឧសភា។
ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់សប្បុរសធម៌ដើម្បីរៃអង្គាសថវិកាជួយដល់ពន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី០១ ឧសភា ពលរដ្ឋអ្នកចូលរួមទស្សនាមានទាំងចាស់ ទាំងក្មេងបង្ហាញការសាទរ និងចាត់ទុកថា នេះជាគំរូភាពដល់សង្គម។ តែពួកគេក៏បានលើកឡើងដែរថា ការចូលរួមទស្សនាបាល់ទាត់សប្បុរសធម៌នេះមិនដូចនឹងការទស្សនាបាល់ទាត់ដ៏ជក់ចិត្តរបស់កីឡាករអាជីពឡើយ។ ផ្ទុយមកវិញ នេះជាការលើកទឹកចិត្ត និងបង្ហាញពីការចូលរួមសាមគ្គីដើម្បីភាពវិជ្ជមានក្នុងសង្គម។ ទន្ទឹមគ្នានេះ ពលរដ្ឋចង់ឃើញរដ្ឋាភិបាល និងយុវជនគ្រប់រូបបន្តរៀបចំព្រឹត្តិការណ៍បែបនេះបន្តទៀតនៅឆ្នាំបន្តបន្ទាប់។
នៅក្នុងរបាយការណ៍លើកដំបូងរបស់ខ្លួន ចុះផ្សាយនៅថ្ងៃអង្គារទី ៣០មេសា ក្រសួងព័ត៌មានបានបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ បើតាមក្រសួងព័ត៌មាន អ្នកកាសែតចំនួន៣៤១នាក់ ដែលចូលរួមនៅក្នុងការស្ទង់មតិ យល់ឃើញថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រកបអាជីពមួយនេះ។ តែរបាយការណ៍ពីសង្គមស៊ីវិលរកឃើញផ្ទុយពីរបាយការណ៍របស់ក្រសួងព័ត៌មាន ដោយថា នៅកម្ពុជាសេរីភាពសារព័ត៌មានមិនទាន់ល្អប្រសើរនៅឡើយទេ។ អង្គការអ្នកកសែតគ្មានព្រំដែនវិញ ដែលមានទីតាំងនៅប្រទេសបារាំង បានសម្លឹងឃើញភាពដុនដាបនៃសេរីភាពសារព័ត៌មាននៅកម្ពុជា និងបានចាត់ថ្នាក់កម្ពុជាឲ្យឈរនៅលេខរៀងទី១៤៧ ក្នុងចំណោម១៨០ប្រទេស នាឆ្នាំ២០២៣។ ហេតុអ្វីបានជាមានការវាយតម្លៃខុសគ្នា រឿងសេរីភាពសារព័ត៌មាននៅកម្ពុជា?
នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត នៅថ្ងៃពុធនេះបានប្រកាសបើកភ្លើងខៀវឱ្យគណៈគ្រប់គ្រងសាលា អាចផ្អាកការបង្រៀនសិន ជាពិសេសនៅសាលាបឋមសិក្សា ប្រសិនបើ អាកាសធាតុក្តៅខ្លាំង ចាប់ពី៤០អង្សាឡើងទៅ។ ការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល គឺដោយសារតែលោកទទួលបានឃើញមានការបង្ហោះរូបភាពដែលក្មេងៗសិស្សសាលាមួយចំនួនកំពុងប្រឈមនឹងបញ្ហាសុខភាពដោយសារតែរលកកម្តៅ។
កូរ៉េខាងត្បូងបោះដៃ ចង់ចូលក្នុងបក្សសម្ព័ន្ធAUKUSដើម្បីអាចផលិតមីស៊ីលអ៊ីពែសូនិក។ នៅក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស និងការពារជាតិរបស់អូស្ត្រាលី កូរ៉េខាងត្បូង កាលពីថ្ងៃពុធទី១ឧសភា នៅទីក្រុងមែលប៊ន រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោកShin Won-Sik និយាយប្រាប់អ្នកកាសែតថា ប្រទេសរបស់លោកកំពុងពិភាក្សាយ៉ាងសកម្មដើម្បីចូលរួមនៅក្នុងគម្រោងបច្ចេកវិទ្យាយោធា របស់បក្សសម្ព័ន្ធAUKUS ដែលអាមេរិកអូស្ត្រាលី និងអង់គ្លេសបានបង្កើតឡើងកាលពីឆ្នាំ២០២១។
ពីពេលនេះដល់ចុងឆ្នាំ រដ្ឋាភិបាលទីក្រុងដ្រ៍ រំពឹងថានឹងបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ទៅកាន់ប្រទេសរវ៉ាន់ដា ចំនួនប្រមាណជា ៥ ៧០០ នាក់។ ចាប់ពីឥឡូវនេះទៅហើយ រដ្ឋាភិបាលអង់គ្លេស បើកយុទ្ធនាការចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ទ្រង់ទ្រាយធំ នៅទូទាំងប្រទេស។ ក្រសួងមហាផ្ទៃអង់គ្លេស បញ្ជាក់ថា ការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ នឹងធ្វើឡើងតាមយន្តហោះក្រុមហ៊ុនឯកជន ហើយជើងហោះហើរដំបូង នឹងប្រព្រឹត្តទៅនៅខែកក្កដាខាងមុខ។
នៅថ្ងៃទី ១ឧសភា២០២៤ ខួបទី១៣៨នៃទិវាពលកម្មអន្តរជាតិ សហភាពការងារកម្ពុជា បានរៀបចំកម្មវិធីជួបជុំជាមួយកម្មករ ក្នុងវិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យសំណង់ ដើម្បីលើកឡើងពីបញ្ហាប្រឈម និងការរំលោភសិទ្ធិការងារដែលពួកគេជួបប្រទះ។ នៅបទសម្ភាសន៍ជាមួយ វិទ្យុបារាំងអន្តរជាតិ កម្មករសំណង់និយាយថា បើប្រៀបធៀបនឹងកម្មករក្នុងវិស័យកាត់ដេរជាដើម ពួកគេជួបបញ្ហាប្រឈមខ្ពស់ ទាំងក្នុងរំលោភសិទ្ធិការងារ គ្មានប្រាក់ខែគោលដែលមានចែងក្នុងច្បាប់ និងមិនបានទទួលសេវាសុខមាលភាពសង្គម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញមកអះអាងនៅថ្ងៃទី១ខែឧសភានេះថា ករណីផ្ទុះគ្រាប់នៅបន្ទាយទាហាន នៃយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ គឺជា«បញ្ហាបច្ចេកទេស» មិនមែនជាបញ្ហាកងទ័ពបះបោរ ដូចក្រុមប្រឆាំងលើកឡើងឡើយ។ ការអះអាងរបស់នាយករដ្ឋមន្ត្រីបែបនេះ គឺបន្ទាប់ពីលោក សម រង្ស៊ី បានលើកឡើងថា ចលនាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ចាប់ផ្តើមផ្ទុះហើយ។ លោក សម រង្ស៊ី និយាយសំដៅដល់ករណីផ្ទុះឃ្លាំងគ្រាប់នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៧ ខែមេសា ២០២៤។
សហភាពសហជីពកម្ពុជា បានស្នើឲ្យដំឡើងប្រាក់ខែគោលដល់កម្មករ និយោជិត ឲ្យបាន៣០០ដុល្លារអាមេរិក ខណៈប្រាក់ខែអប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៤នេះ គឺ ២០៤ដុល្លារ ក្នុង១ខែ។ ការទាមទារនេះធ្វើនៅក្នុងឱកាសប្រារព្ធទិវាពលកម្មអន្តរជាតិថ្ងៃទី១ខែឧសភាឆ្នាំ២០២៤នេះ ដោយសហភាពសហជីពកម្ពុជា។
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃពុធ ទី០១ ខែឧសភានេះថា អាមេរិកមិនពាក់ព័ន្ធនឹងបញ្ហាព្រែកជីកហ្វូណនទេ ក៏ប៉ុន្តែអាមេរិកស្នើឲ្យកម្ពុជាអនុវត្តការជីកព្រែកនេះ ប្រកបដោយតម្លាភាព។ ការលើកឡើងរបស់សហរដ្ឋអាមេរិក ស្របពេលដែលនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាសជំហរសាជាថ្មីថា កម្ពុជាត្រូវតែជីកព្រែកហ្វូណននេះឲ្យបាន។
នៅសហរដ្ឋអាមេរិក នគរបាលក្រុងញូវយ៉ក បានចាប់ខ្លួនពួកយុវជននិស្សិតបាតុករជាច្រើននាក់ ដែលបោះជំរំនិងធ្វើបាតុកម្មសម្តែងមតិគាំទ្រពលរដ្ឋប៉ាឡេស្ទីន នៅសកលវិទ្យាល័យ Columbia។ ក្រៅពីចាប់ខ្លួនហ្វូងនិស្សិតបាតុករ, ប៉ូលិសអាមេរិកក៏បានបោសសម្អាតជំរំប្រមូលផ្តុំក្នុងបរិវេណកន្លែងសិក្សា ហើយដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចប្រចាំការ ដើម្បីយាមឃ្លាំមើល កុំឲ្យមានសកម្មភាពបោះជំរំជាថ្មី។ អន្តរាគមន៍របស់នគរបាលក្រុងញូវយ៉កនេះ ត្រូវរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមការពារសិទ្ធិមនុស្ស ថាប៉ូលិសអាមេរិក«ប្រព្រឹត្តឃោរឃៅហួសហេតុ» ក្នុងសង្គម«បិតាប្រជាធិបតេយ្យ»។
ផ្អែកតាមរបាយការណ៍ ដែលចេញផ្សាយថ្មីៗនេះ ដោយក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា អំបែងគ្រាប់ ដែលគេបានរកឃើញនៅទីក្រុង កាគីវ ប្រទេសអ៊ុយក្រែន នៅពីថ្ងៃទី ២ មករា ឆ្នាំ ២០២៤ កន្លងទៅ គឺជា បំណែករបស់គ្រាប់មីស៊ីលបាលីស្ទិក ប្រភេទ វ៉ាសុង ១១ (Hwasong 11) ដែលផលិតដោយ កូរ៉េខាងជើង ពិតប្រាកដមែន។ នេះ ជាតឹកតាងថ្មីមួយទៀត ដែលស្តែងឲ្យឃើញ អំពីការរំលោភ បំពានរបស់ កូរ៉េខាងជើង លើបម្រាមនៃក្រុមប្រឹក្សាសន្តិសុខ តាំងពីឆ្នាំ ២០០៦ ដែលហាមមិនឲ្យប្រទេសនេះ នាំអាវុធចូល ឬ ចេញទៅក្រៅប្រទេស។ របាយការណ៍ថ្មីនេះ បង្ហាញ កាន់តែច្បាស់ ពីដំណើរផ្ទេរគ្រឿងសព្វាវុធ រវាងកូរ៉េខាងជើង និង រុស្ស៊ី ដែលជាប្រទេស ២ កំពុងជាប់ក្នុង ទណ្ឌកម្មអន្តរជាតិ ដូចគ្នា។
បណ្តាប្រទេសទាំងអស់នៃពិភពលោក បានសន្យាគ្នាថា នឹងស្វែងរកឲ្យបាននូវសន្ធិសញ្ញាអន្តរជាតិមួយ ដើម្បីកាត់បន្ថយការបំពុលបរិស្ថានដោយប្លាស្ទិក នៅរវាងចុងឆ្នាំ២០២៤នេះ។ តែការប្រជុំចរចាគ្នា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្តិធ្វើទៅនៅទីក្រុងអូតាវ៉ា ប្រទេសកាណាសា បានបិទបញ្ចប់ទៅកាលពីថ្ងៃចន្ទ ទី២៩មេសា ដោយគ្មានបានលទ្ធផលអ្វីទាំងអស់។ ប្រទេសខ្លះបានបដិសេធ មិនព្រមកំណត់ការដាក់កំហិត កាត់បន្ថយការផលិតទំនិញប្លាស្ទិកទេ ដោយគាំទ្រតែទៅលើវិធានការពង្រីកសមត្ថភាពកែច្នៃសំរាម។
នាវាចម្បាំងចិនចំនួន២គ្រឿងត្រូវបានប្រទះឃើញនៅកំពង់ផែរាមអស់រយៈពេលជាង៤ខែកន្លងមក។ រូបភាពពីប្រព័ន្ធផ្កាយរណបរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានបង្ហាញថា នាវាចម្បាំងចិនចំនួន ២គ្រឿងបានចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជាតាំងពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៣។ អ្នកជំនាញការអាមេរិកបានអះអាងថា នេះជាជំហានដំបូងដែលបញ្ជាក់ពីការចាប់ផ្តើមមានវត្តមានកងទ័ពចិនជាផ្លូវការលើទឹកដីកម្ពុជា។
នៅថ្ងៃអង្គារ ទី៣០ ខែមេសានេះ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហាញជាសាធារណៈនូវរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដែលមានភាពល្អប្រសើរ។ ល្អប្រសើរព្រោះបើតាមលោកនេត្រ ភក្រ្តា មានចំនួន ៧៩.៨% នៃអ្នកសារព័ត៌មានដែលជួបសម្ភាសបានអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងពេលបច្ចុប្បន្នមានភាពល្អប្រសើរជាងពីមុន។
ថ្ងៃចន្ទទី ២៩ មេសា បក្សកាន់អំណាចក្នុងប្រទេសហ្សកហ្ស៊ី បានប្រមូលសមាជិកបក្សរបស់ខ្លួន ទៅជួបជុំគ្នានៅមុខរដ្ឋសភាហ្សកហ្ស៊ី ដើម្បីសម្តែងការចម្លើយតប ទល់នឹងបាតុកម្ម ទ្រង់ទ្រាយធំមួយ ដែលធ្វើឡើងដោយពលរដ្ឋហ្សកហ្ស៊ីរាប់ពាន់នាក់ កាលពីថ្ងៃអាទិត្យទី ២៨ មេសា ក្នុងបំណងប្រឆាំង គម្រោងច្បាប់ស្តីពី "ភ្នាក់ងារបរទេស” ដែលពួកគេចាត់ទុកថា ជាការគំរាមកំហែង ដល់សិទ្ធិបញ្ចេញមតិ។ គួរបញ្ជាក់ថា គម្រោងច្បាប់ថ្មីនេះ កំពុងបង្ក ការបែកបាក់ប្រេះឆាក្នុងស្រទាប់មហាជន ពោលគឺមាន ប្រជាជនហ្សកហ្ស៊ីរាប់ម៉ឺននាក់ នាំគ្នាធ្វើបាតុកម្មតវ៉ា ដោយបង្ហាញទំនោររបស់ពួកទៅកាន់សហភាពអឺរ៉ុប។ ហ្វូងបាតុករប្រឆាំងច្បាប់ថ្មីនេះ ទាមទារការរក្សាសិទ្ធិបញ្ចេញមតិដោយគ្មានការរាំងខ្ទប់ ហើយរិះគន់ខ្លាំងៗ លើបក្សកាន់អំណាចនៅហ្សកហ្ស៊ី ថាកំពុងខិតទៅរកការដឹកនាំប្រទេសតាមបែប រុស្ស៊ី។