នាវាចម្បាំងចិនចំនួន២គ្រឿងកំពុងបន្តមានវត្តមាននៅទឹកដីកំពង់ផែរាមកម្ពុជា។ ព្រឹត្តិការណ៍មួយនេះត្រូវបានអាមេរិកដាក់ក្តីសង្ស័យពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា។ គួរបញ្ជាក់ថា រូបភាពពីប្រព័ន្ធផ្កាយរណបរបស់វិទ្យាស្ថានស្រាវជ្រាវអាមេរិកបានបង្ហាញឲ្យឃើញនូវនាវាចម្បាំងចិនចំនួន២គ្រឿងដែលមានវត្តមាននៅកំពង់ផែរាមកម្ពុជាតាំងពីអំឡុងខែធ្នូ ឆ្នាំ ២០២៣។ អ្នកតាមដានបញ្ហាភូមិសាស្ត្រនយោបាយបានបង្ហាញក្តីកង្វល់ និងយល់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែបន្តមានជំហរតម្លាភាពទាក់ទងនឹងកំពង់ផែរាម។
នៅថ្ងៃទី០៦ ខែឧសភានេះ ក្រុមសមាគម និងអង្គការក្រៅរដ្ឋាភិបាលចំនួន៥០ស្ថាប័ន បានសម្តែងការសោកស្តាយចំពោះសាលដីការបស់តុលាការកំពូលកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ដែលបានតម្កល់សេចក្តីសម្រេចផ្តន្ទាទោសសកម្មជនសហជីពនៃកាស៊ីណូណាហ្គាវើលដ៏។ ទន្ទឹមគ្នានេះ ក្រុមសង្គមស៊ីវិលក៏បានអំពាវនាវឲ្យអាជ្ញាធរដោះលែងប្រធានសហជីពណាហ្គាវើលដ៏កញ្ញា ឈឹម ស៊ីថរ និងផ្តល់នូវសេរីភាពពេញលេញដល់ជនជាប់ចោទទាំងអស់នៅក្នុងសំណុំរឿងវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៏។
លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានធ្វើដំណើរមកដល់ទីក្រុងប៉ារីស កាលពីរសៀលថ្ងៃអាទិត្យទី៥ឧសភា ដើម្បីបំពេញទស្សនកិច្ច៣ថ្ងៃនៅបារាំង។ នៅថ្ងៃចន្ទទី៦ឧសភា លោកស៊ី ជីនពីង ត្រូវជួបប្រជុំ ជាមួយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងលោកស្រីប្រធានគណៈកម្មការអឺរ៉ុប។ សំណុំរឿងធំៗពីរ ដែលថ្នាក់ដឹកនាំទាំង៣ នឹងត្រូវលើកមកនិយាយគ្នា គឺបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងរឿងសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប។
ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិចាត់ទុកការអំពាវនាវឱ្យដោះលែងប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញាឈឹម ស៊ីថរជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា។ ប្រតិកម្មដូចនេះរបស់តំណាងកម្ពុជានៅអង្គការសហប្រជាជាតិជាការឆ្លើយតបទៅនឹងស្ថាប័នអន្តរជាតិ និងអង្គការផ្នែកសិទ្ធិមនុស្សក្រៅស្រុក រួមនឹងសង្គមស៊ីវិលក្នុងស្រុកជាច្រើនដែលកំពុងទាមទារឱ្យអាជ្ញាធរកម្ពុជាលុបចោលការផ្តន្ទាទោសទាំងអស់លើកញ្ញាឈឹម ស៊ីថរ និងសកម្មជនសហជីពណាហ្គាវើលផ្សេងទៀត។
លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានលើកឡើងថា មានពលរដ្ឋខ្មែរចំនួន ១៦ម៉ឺននាក់បានលក់ដីដើម្បីដោះបំណុលនៅក្នុងចំណោមកម្ចីជាង២លានករណី។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក អំ សំអាត ចាត់ទុកបញ្ហានេះថាជាការរំលោភសិទ្ធិមនុស្ស ដោយសារតែកូនបំណុលខ្លះត្រូវបង្ខំចិត្តឈប់រៀនទៅធ្វើការដើម្បីដោះបំណុល និងកាត់បន្ថយរបបអាហារប្រចាំថ្ងៃ។ នៅក្នុងន័យនេះ អង្គការលីកាដូ ទទូចឲ្យអង្គការសហប្រជាជាតិរំឭករដ្ឋាភិបាលកម្ពុជាពីបញ្ហាបំណុលនេះ ខណៈស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជានឹងត្រូវលើកទៅត្រួតពិនិត្យនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ដោយក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហប្រជាជាតិ។
ប្រទេសវៀតណាមបានចាប់អារម្មណ៍ខ្លាំងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ និងគោរពផលប្រយោជន៍ស្របច្បាប់របស់កម្ពុជាតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang កាលពីថ្ងៃទី៥ ខែឧសភា។ ប្រតិកម្មរបស់មន្ត្រីផ្លូវការវៀតណាមពេលនេះ ធ្វើឡើងក្រោយពីមានភាពចម្រូងចម្រាសជុំវិញគម្រោងព្រែកជីកមួយនេះដោយភាគីវៀតណាមត្រូវការព័ត៌មានពិស្តារបន្ថែមទៀត។
មានការផ្សព្វផ្សាយអនុក្រឹត្យមួយចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដោយមានហត្ថលេខារបស់លោក ហ៊ុន ម៉ាណែត ដោយបានផ្ទេរដីមួយកន្លែងដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឱ្យក្លាយជាកម្មសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងទំហំផ្ទៃដីជិត១០ម៉ឺនម៉ែត្រការ៉េនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ត្រូវធ្វើអនុប្បយោគទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងផ្ទេរការកាន់កាប់ជូនគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ជាម្ចាស់កម្មសិទ្ធិវិញ។ បន្ទាប់ពីការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមបែបនេះ នាំឲ្យមានសំណួរចោទឡើងថា តើរដ្ឋាភិបាលមានសិទ្ធិផ្ទេរទ្រព្យសម្បត្តិរបស់រដ្ឋទៅជាកម្មសិទ្ធិរបស់គណបក្សនយោបាយឬទេ?
នៅប្រទេសអង់គ្លេស ចៅហ្វាយក្រុងឡុងដ្រ៍ លោក សាឌិក ខាន់ មកពីគណបក្សពលករ បានជាប់ឆ្នោតជាថ្មី សម្រាប់អាណត្តិទី៣។ លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់និងក្រុង នៅចុងសប្តាហ៍នេះ បង្ហាញឲ្យឃើញថា គណបក្សពលករ បានយកឈ្នះគណបក្សអភិរក្សនិយម ជាបក្សកាន់អំណាច នៅបណ្តាទីក្រុងសំខាន់ៗចំនួនជាង១០ និងបានទទួលអាសនៈក្រុមប្រឹក្សា ជាង ១៨០ បន្ថែម។ សូម្បីតែមណ្ឌលបោះឆ្នោតរបស់នាយករដ្ឋមន្ត្រីអភិរក្សនិយម លោក រីស៊ី ស៊ូណាក់ ក៏ធ្លាក់ក្នុងដៃបក្សពលករ ដែរ។ ជ័យជម្នះក្នុងការបោះឆ្នោតថ្នាក់ក្រោមជាតិនេះ ក៏បានធ្វើឲ្យគណបក្សពលករកាន់តែរីកមុខរីកមាត់ ហើយនិងសង្ឃឹមឈានទៅរកការឈ្នះឆ្នោតថ្នាក់ជាតិ ដែលនឹងខិតចូលមកដល់។
តាមការគ្រោងទុក លោកប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវធ្វើដំណើរមកដល់ទីក្រុងប៉ារីសប្រទេសបារាំង នៅរសៀលថ្ងៃអាទិត្យ ទី៥ឧសភា។ ទស្សនកិច្ចនៅបារាំង របស់លោកស៊ី ជីនពីង គឺធ្វើឡើងក្នុងឱកាសខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងបារាំងនិងចិន។ បើគិតពីឆ្នាំ២០១៩មក ពោលគឺមុនវិបត្តិកូវីដ១៩ គឺនេះជាលើកទី១ហើយ ដែលហើយ ដែលលោកស៊ី ជីនពីង ធ្វើដំណើរមកទស្សនកិច្ចនៅអឺរ៉ុប។ មានសំណុំរឿងជាច្រើន ដែលចិននិងអឺរ៉ុប ត្រូវនិយាយគ្នា ក្នុងនោះមានបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្ម និងបញ្ហាសិទ្ធិមនុស្សនៅចិន ហើយជាពិសេសនោះ គឺសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន ដែលគ្រប់គ្នាដឹងច្បាស់ ថាចិនគឺជាសម្ព័ន្ធមិត្តជួយរុស្ស៊ីពីក្រោយ។
ភ្ញៀងធ្លាក់មួយមេធ្វើឲ្យតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញចាប់ផ្ដើមលិចទឹកជាបណ្ដើរៗហើយ ដែលបញ្ហានេះជាក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋនារដូវវស្សាឆ្នាំនេះ។ ប៉ុន្តែ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បន្តបដិសេធថាការលិចទឹកនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ មិនមែនកើតឡើងដោយសារតែការលុបបឹងឡើយ។ បើតាមអភិបាលរងរូបនេះ អាជ្ញាធរបានត្រៀមខ្លួនរួចជាស្រេចក្នុងការរំដោះទឹកចេញ ដែលកើតឡើងដោយសារតែការប្រែប្រួលអាកាសធាតុនេះ។
ក្រសួងរ៉ែនិងថាមពល ប្តេជ្ញាជាថ្មីទៀត បញ្ចប់សកម្មភាពធ្វើអាជីវកម្មរ៉ែខុសច្បាប់អណាធិបតេយ្យ ដើម្បីជំរុញការធ្វើអាជីវកម្មរ៉ែស្របច្បាប់វិញសម្រាប់ទាញចំណូលចូលជាតិបន្ថែម និងទប់ស្កាត់ផលប៉ះពាល់ដល់បរិស្ថាន។ នេះបើតាមការជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី០៤ ឧសភា។ តាមក្រសួងរ៉ែ ចំពោះទីតាំងដែលបង្ក្រាបបាន ក្រុមការងារបច្ចេកទេសកំពុងរកវិធីសាស្ត្របន្សាបជាតិអាស៊ីត និងសារធាតុពុលផ្សេងទៀតដើម្បីទប់ស្កាត់នូវផលប៉ះពាល់នានា។
ការចរចាគ្នារវាងគណៈប្រតិភូក្រុមហាម៉ាសនិងប្រទេសអន្តរការី សហរដ្ឋអាមេរិក កាតារ និង អេហ្ស៊ីប គ្មានបានលទ្ធផលផ្លែផ្កាទេ កាលពីថ្ងៃសៅរ៍ និងដែលតម្រូវចាំបាច់ឲ្យបន្តជជែកពិភាក្សាគ្នាបន្ថែមទៀត នៅថ្ងៃអាទិត្យ ទី៥ឧសភា។ កិច្ចចរចាស្វែងរកបទឈប់បាញ់និងដោះលែងចំណាប់ខ្មាំង រៀបចំធ្វើឡើងនៅរដ្ឋធានីគែរ ដោយគ្មានភាគីជម្លោះអ៊ីស្រាអែលនៅក្នុងតុចរចាទេ ជំនួសដោយសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក។ ក្នុងប្រទេសអ៊ីស្រាអែលវិញ បាតុកររាប់ពាន់នាក់ ធ្វើបាតុករនៅក្រុងធំៗ ដើម្បីដាក់សម្ពាធទាមទារឲ្យរដ្ឋអំណាចអ៊ីស្រាអែលបញ្ចប់សង្គ្រាម និងឈានទៅដោះដូរចំណាប់ខ្មាំងឲ្យបានឆាប់។
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ស្ថានភាពធាតុអាកាសនៅកម្ពុជា ដែលក្តៅបំផុត ធ្លាក់មកត្រឹម៣៩អង្សា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីកម្តៅបានកើនឡើងដល់ជាង៤០អង្សាកាលពីខែមេសា។
ក្រុមប្រដាប់អាវុធហាម៉ាស បានប្លន់ធនាគារប៉ាឡេស្ទីន និងបំផ្ទុះម៉ាស៊ីនដកប្រាក់ ព្រមទាំងគាស់ទូម៉ាស៊ីនATM ជាច្រើនកន្លែង នៅទីប្រជុំជនក្រុងហ្កាហ្សា។ គ្រាន់តែក្នុងខែមេសា ពួកគេនោះអាចប្រមូលលុយសរុបជាទឹកប្រាក់ ប្រមាណ ៦៦ លានអឺរ៉ូ។ នេះបើតាមប្រភពពីកាសែតបារាំងឡឺម៉ុង និងដែលត្រូវទីភ្នាក់ងារព័ត៌មានបារាំងអាអែហ្វប៉េ យកទៅផ្សាយព្រោងព្រាត។ តាមប្រភពដដែល, នៅតំបន់ហ្កាហ្សា កងទ័ពខាងអ៊ីស្រាអែលក៏បានរឹបអូសថវិកាពីធនាគារខ្លះដែរ ក្នុងបំណងមិនចង់ឲ្យលុយធ្លាក់ទៅដៃពួកហាម៉ាស។
ស្របពេលដែលប្រទេសសឹងតែទាំងអស់ នៅតំបន់អាស៊ីបានឆ្លងកាត់រលកកម្តៅ ក្តៅហួតហែងក្នុងខែមេសាកន្លងទៅ នៅប៉ាគីស្ថានឯនោះ គឺទឹកភ្លៀងបានធ្លាក់យ៉ាងច្រើនសន្ធឹកមិនធ្លាប់មាន បើគិតចាប់ពីឆ្នាំ១៩៦១មក។ ជំនន់ទឹកភ្លៀង ព្រមទាំងការបាក់ដីផង បានផ្តាច់ជីវិតមនុស្ស យ៉ាងហោច១៤៤នាក់ ក្នុងខែមេសាកន្លងទៅនៅប៉ាគីស្ថាន។ ប៉ាគីស្ថានគឺជាប្រទេសក្រីក្រមួយ ដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយកត្តាបម្រែបម្រួលអាកាសធាតុ។
អង្គការសង្គមស៊ីវិលចំនួន១១ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ដោយអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ធានាសុវត្ថិភាពរបស់អ្នកសារព័ត៌មាន ពិសេសពេល រាយការណ៍ពីបញ្ហាបរិស្ថាន។ បញ្ហាសុត្ថិភាពនេះគឺចំណុចអាទិភាពមួយក្នុងចំណោមសំណើចំនួន៦ចំណុច ដែលត្រូវបានលើកឡើងដោយអង្គការសង្គមស៊ីវិល សម្រាប់ទិវាសេរីភាពសារព័ត៌មាន នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។
នៅថ្ងៃទី០៣ ខែឧសភា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានចេញមកទាមទារឱ្យតុលាការដោះលែងមេដឹកនាំសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ ការទាមទារសារជាថ្មីនេះ ធ្វើឡើងក្រោយតុលាការកំពូលសម្រេចតម្កល់សាលដីកា របស់សាលាឧទ្ធរណ៍ទុកជាបានការ និងតម្រូវឱ្យកញ្ញា ឈឹម ស៊ីថរ បន្តជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោមបទចោទ«ញុះញង់»។
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចដោះលែងឪពុកក្មេងស្រីដែលត្រូវបានគេរំលោភបូកដល់ទៅ២០នាក់ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ការសម្រចដោះលែងឪពុកក្មេងស្រីរងគ្រោះ ធ្វើឡើងបន្ទាប់ពីលោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌បានស្នើឱ្យសាលាដំបូងខេត្តសៀមរាបពិចារណាឱ្យបុគ្គលរូបនេះនៅក្រៅឃុំ តែស្ថិតក្រោមការពិនិត្យរបស់តុលាការ។
ប្រទេសអេហ្ស៊ីប បានបញ្ជាក់ថាគណៈប្រតិភូក្រុមហាម៉ាស បានមកដល់រដ្ឋធានីគែរ នៅថ្ងៃសៅរ៍ ទី៤ឧសភា ដើម្បីពិភាក្សាចំពោះសំណើចរចា ដែលអ៊ីស្រាអែលបានសម្រេចយល់ព្រម។ ចំណែកសហរដ្ឋអាមេរិកសម្ព័ន្ធមិត្តអ៊ីស្រាអែល គឺតំណាងដោយប្រធានក្រុមចារកិច្ចស៊ីអាយអេ ដែលបានអញ្ជើញទៅដល់ប្រទេសអេហ្ស៊ីប តាំងតែពីល្ងាចថ្ងៃសុក្រមកម្ល៉េះ។ ជាមួយគ្នានេះដែរ ប្រមុខទូតអាមេរិក លោក អង់តូនី ប្ល៊ីងកិន បានថ្លែងក្នុងវេទិកាមួយ នៅរដ្ឋអារីហ្សូណា ថា លើកនេះ សំណើនិងការសន្យាព្រមព្រៀងរបស់អ៊ីស្រាអែល ល្អខ្លាំងណាស់។
វិស័យអវកាសចិន កំពុងតែបោះជំហានទៅមុខយ៉ាងខ្លាំង ជាមួយនឹងបេសកកម្មដ៏ក្លាហាន និងមុនដំបូងគេ។ កាលពីថ្ងៃសុក្រ ទី៣ឧសភា ចិនបានបង្ហោះយានឆាងអឺ៦ ( Chang’e 6 ) ឆ្ពោះទៅកាន់ព្រះចន្ទ នៅត្រង់ផ្នែកដែលបែរខ្នងមកភពផែនដី ដែលនេះគឺជាលើកទី១ហើយ។ ទីភ្នាក់ងារអវកាសចិនបានឲ្យដឹងថា បេសកកម្មនេះគឺដើម្បីស្រង់យកសំណាកដី ថ្ម និងរ៉ែ ដែលស្ថិតនៅតំបន់នោះ យកមកសិក្សាស្រាវជ្រាវលំអិត អំពីសមាសធាតុ ព្រមទាំងប្រវត្តិនៃការកកើតរបស់ព្រះចន្ទ។
លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅបន្តចេញពន្យល់សាធារណជនពីគម្រោងព្រែកហ្វូណនបន្ថែមទៀត នៅថ្ងៃសៅរ៍នេះ ធ្វើឡើងនៅវិទ្យាស្ថានពហុច្ចេកវិទ្យា(តិចណូ)។ ការបន្តចេញមុខពន្យល់ពីគម្រោងនេះ ខណៈដែលគណៈកម្មាការទន្លេមេគង្គវៀតណាម នៅថ្ងៃទី០៣ ឧសភា បានបន្តស្នើឱ្យកម្ពុជាផ្តល់ព័ត៌មានលម្អិតពីគម្រោងព្រែកជីកនេះ និងជំរុញឱ្យមានកិច្ចសហការវាយតម្លៃពីផលប៉ះពាល់ និងស្វែងរកដំណោះស្រាយរួមគ្នា។
រដ្ឋអំណាចចិន ធ្វើចារកម្មលួចយកការណ៍តាមប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធ័រនែត ទ្រង់ទ្រាយធំ ទូទាំងពិភពលោក។ នេះជាការចោទប្រកាន់ជាថ្មីរបស់បណ្តាអ្នកតំណាងរាស្ត្រនិងព្រឹទ្ធសមាជិកបារាំង ក្នុងសេចក្តីដូចគ្នានឹងការចោទប្រកាន់របស់សហរដ្ឋអាមេរិកនិងប្រទេសអឺរ៉ុបផ្សេងទៀតដែរ។ ក្រៅពីបានប្រកាសអាសន្នឲ្យប្រុងប្រយ័ត្នចំពោះចោរព័ត៌មានវិទ្យាចិន, អ្នកតំណាងរាស្ត្របារាំងក៏បានស្តីបន្ទោសរដ្ឋាភិបាលបារាំងខ្លួនឯងដែលមិនព្រមចាត់វិធានការឲ្យធ្ងន់ធ្ងរចំពោះ«សកម្មភាពបង្កសង្គ្រាម»របស់ចិន។ ការព្រមានយ៉ាងដូច្នេះ ធ្វើឡើងតែ២ថ្ងៃប៉ុណ្ណោះ មុនដំណើរមកដល់របស់ប្រធានាធិបតីចិន ស៊ី ជីនពីង នៅទីក្រុងប៉ារីស។
កងទ័ពរុស្ស៊ីបានអះអាងថា វាយដណ្តើមយកភូមិអ៊ុយក្រែនជាបន្តបន្ទាប់នៅក្នុងតំបន់ភាគខាងកើត។ នៅ ថ្ងៃទី ៣ឧសភា រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោកសេហ្គេយ ស្ហ័ហ្គូ និយាយនៅក្នុងកិច្ចប្រជុំក្នុងទីក្រុងម៉ូស្គូថា គិតចាប់តាំងពីដើមឆ្នាំនេះ កងទ័ពរុស្ស៊ីវាយយកបានដីអ៊ុយក្រែន ប្រមាណ ៥៤៧គីឡូម៉ែត្រការ៉េ។ ដោយសារការវាយប្រហារដ៏សន្ធប់របស់រុស្ស៊ី ទៅលើទីក្រុង ហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន និងការបោះជំហាន រុលទៅមុខរបស់រុស្ស៊ីក្នុងសមភូមិប្រយុទ្ធ អនុប្រធានក្រុមស៊ើបការណ៍សម្ងាត់អ៊ុយក្រែន លោកវ៉ាឌីម ស្គីប៊ីតស្គីបាននិយាយប្រាប់ទស្សនាវដ្តីThe Economist ថា នៅពេលណាមួយ អ៊ុយក្រែនត្រូវចរចាជាមួយរុស្ស៊ីដើម្បីបញ្ចប់សង្រ្គាមជាង២ឆ្នាំមកនេះ។
គណៈកម្មាការទន្លេមេគង្គវៀតណាមបន្តស្នើឱ្យភាគីកម្ពុជាផ្តល់ព័ត៌មានលម្អិតពីគម្រោងព្រែកជីកហ្វូណនតេជោ និងជំរុញឱ្យមានកិច្ចសហការវាយតម្លៃពីផលប៉ះពាល់ រួមនឹងការស្វែងរកដំណោះស្រាយរួមគ្នាមួយ។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម Vietnam Net នៅថ្ងៃទី០៣ ឧសភា។ អ្វីដែលភាគីវៀតណាមស្នើសុំនាពេលនេះ គឺដើម្បីឱ្យប្រាកដជាក់ច្បាស់ថា គម្រោងព្រែកជីកហ្វូណនរបស់កម្ពុជាពិតជាមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។
នៅថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ នេះ លោកហ៊ុន សែនបានបញ្ចេញសារថ្លែងអំណរគុណដល់សភាប្រទេសនានាដែលបានផ្ញើសារអបអរលោកសម្រាប់តំណែងប្រធានព្រឹទ្ធសភាកម្ពុជា។ ដោយឡែក សារសម្រាប់ប្រធានសភាអ៊ុយក្រែន Ruslan STEFANCHUK លោកហ៊ុន សែនបានប្ដេជ្ញាគាំទ្រកិច្ចប្រឹងប្រែងស្ដារសន្ដិភាពនៅអ៊ុយក្រែនឡើងវិញ។ គួររម្លឹកថា នៅក្នុងសារអបអរលោកហ៊ុន សែន លោក Ruslan STEFANCHUK ក៏បានអរគុណកម្ពុជាដែលបានគាំទ្រអ៊ុយក្រែននៅក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។
បារាំង និងជប៉ុនបានព្រមព្រៀងគ្នាដើម្បីបើកការចរចាជាផ្លូវការស្តីពីការចូលទៅប្រើព័ត៌មានកងទ័ពគ្នាទៅវិញ ទៅមក។ នេះបើតាមការប្រកាសរបស់វិមានប្រធានាធិបតីបារាំង នៅបន្ទាប់ពីលោកប្រធានាធិបតីបារាំង លោកម៉ាក្រុងទទួលជួបនាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៊ីដា កាលពីថ្ងៃព្រហស្បតិ៍ទី ២ឧសភា នៅវិមានអេលីហ្សេ។ មានដែនដីកោះរបស់ខ្លួននៅមហាសមុទ្រប៉ាស៊ីហ្វិក បារាំងបានដៅពង្រឹងតួនាទីរបស់ខ្លួន នៅអាស៊ីប៉ាស៊ីហ្វិក ដោយខិតចូលទៅជិតជប៉ុន តាមរយៈការធ្វើសមយុទ្ធរួមគ្នាជាច្រើនលើក។ បារាំងទទួលនាយករដ្ឋមន្រ្តីជប៉ុន និងប្រកាសរឹតចំណងមិត្តភាពជាមួយជប៉ុន ក្នុងវិស័យយោធា នៅតែ ៣ថ្ងៃមុនដែលបារាំងត្រូវទទួលប្រធានាធិបតីចិន លោកស៊ី ជីនពីងដែលត្រូវធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅបារាំង ចាប់ពីថ្ងៃចន្ទទី ៦ឧសភា។
នៅថ្ងៃទី២ ខែឧសភានេះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីបានចេញមុខការពារលោកស្រី ពេជ ចន្ទមុនី ភរិយាលោកហ៊ុន ម៉ាណែតដែលបានរងការវាយប្រហារពីកាសែត The Cambodia Daily វាយប្រហារ។ តាមការចុះផ្សាយរបស់កាសែត The Cambodia Daily ចុះផ្សាយក្នុងថ្ងៃទី២ ឧសភា លោកស្រីពេជ ចន្ទមុនីត្រូវបានលោកគុណ ញឹម មេគយកម្ពុជាសូកប៉ាន់ដើម្បីពន្យារពេលចូលនិវត្តន៍។ សម្រាប់មេដឹកនាំត្រកូល «ហ៊ុន» ការផ្សាយដូចនេះរបស់កាសែត The Cambodia Daily ជាអំពើថោកទាប និងឆោតល្ងង់។
ឆ្នាំ២០២៤នេះ សេរីភាពសារព័ត៌មានជាទូទៅ ក្នុងពិភពលោក ធ្លាក់ចុះ ប្រមាណជា ៧,៦ ពិន្ទុ។ នេះបើតាមរបាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន ដោយបានបញ្ជាក់ឲ្យដឹងថា សិទ្ធិសេរីភាពសារព័ត៌មានស្ទើរតែគ្រប់ទ្វីប រងការគំរាមកំហែង។ បណ្តាញប្រព័ន្ធផ្សព្វផ្សាយច្រើនឡើងៗ ត្រូវ អាជ្ញាធររដ្ឋអំណាច ទាញមកគ្រប់គ្រង និងធ្វើជាឧបករណ៍នយោបាយ។ ចំណែកអ្នកកាសែតត្រូវរងសម្ពាធនិងរងវាយប្រហារ ហើយនិងត្រូវសម្លាប់ក្នុងពេលបំពេញវិជ្ជាជីវៈ។ ជាមួយគ្នានេះ អ្នកសារព័ត៌មានជំនាញបរិស្ថាន ស្ទើរតែ៧០% ជាផ្ទាំងស៊ីបនៃការវាយប្រហារគាបសង្កត់។
ខែឧសភានេះ សង្គ្រាមរវាងពួកប្រដាប់អាវុធហាម៉ាសនិងកងទ័ពអ៊ីស្រាអែល បើកទំព័រចូលខែទី៧ហើយ។ អង្គការសហប្រជាជាតិ បានវាយតម្លៃព្យាករថា សង្គ្រាមនៅហ្កាហ្សានេះ បង្កការខូចខាតបាត់បង់ធ្ងន់ធ្ងរខ្លាំង ហើយនិងបានបង្កឲ្យអគារបាក់បែក ក្នុងទំហំចំនួនច្រើនជាងសង្គ្រាមនៅអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ គ្រាប់ច្រើនសន្ធឹកនៅមិនទាន់ផ្ទុះ ហើយសារធាតុគីមីបង្កជំងឺមហារីក នឹងបន្តតាមយាយីព្យាបាទអាយុជីវិតពលរដ្ឋប៉ាឡេស្ទីន ជាច្រើនឆ្នាំទៅមុខទៀត។
នៅប្រទេសកូនកោះដ៏តូច កោះសាឡូម៉ុង នៅមហាសមុទ្រប៉ាស៊ីហ្វិក រដ្ឋមន្រ្តីការបរទេសដែលមាននិន្នាការទៅខាងប្រទេសចិន បានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីថ្មី។ ដោយទទួលបានសំឡេងគាំទ្រពីអ្នកតំណាងរាស្រ្តចំនួន ៣១រូប ក្នុងចំណោមអ្នកតំណាងរាស្រ្តសរុប ៥០រូបនៅសភា លោកJeremiah Manele បានការគាំទ្រច្រើនជាងគូប្រជែងមកពីគណបក្សប្រឆាំងដែលមានជំហរមិនស្វាគមវត្តមានចិន នៅលើដីកោះសាឡូម៉ុង។ ជ័យជំនះឆ្នោតរបស់អ្នកនយោបាយស្និទ្ធនឹងទីក្រុងប៉េកាំង ស្ថិតក្រោមក្រសែភ្នែកតាមដានរបស់អាមេរិក និងអូស្ត្រាលីដែលធ្លាប់ជាសម្ព័ន្ធចាស់ឆ្នាំរបស់កោះសាឡូម៉ុង។
ខែឧសភានេះ សង្គ្រាមរវាងពួកប្រដាប់អាវុធហាម៉ាសនិងកងទ័ពអ៊ីស្រាអែល បើកទំព័រចូលខែទី៧ហើយ។ អង្គការសហប្រជាជាតិ បានវាយតម្លៃព្យាករថា សង្គ្រាមនៅហ្កាហ្សានេះ បង្កការខូចខាតបាត់បង់ធ្ងន់ធ្ងរខ្លាំង ហើយនិងបានប្រើប្រាស់សព្វាវុធគ្រាប់បែកគ្រាប់ផ្ទុះ ក្នុងទំហំចំនួនច្រើនជាងសង្គ្រាមនៅអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ គ្រាប់ច្រើនសន្ធឹកនៅមិនទាន់ផ្ទុះ ហើយសារធាតុគីមីបង្កជំងឺមហារីក នឹងបន្តតាមយាយីព្យាបាទអាយុជីវិតពលរដ្ឋប៉ាឡេស្ទីន ជាច្រើនឆ្នាំទៅមុខទៀត។