សហរដ្ឋអាមេរិក បើកអង្កេតប្រឆាំងនឹងក្រុមហ៊ុនយន្តហោះប៊ូអ៊ីង។ អាជ្ញាធរអាកាសចរណ៍ចង់ដឹងថាតើក្រុមហ៊ុនអាកាសចរណ៍ប៊ូអ៊ីងពិតជាបានត្រួតពិនិត្យតាមបញ្ជា ពពួកយន្តហោះ៧៨៧Dreamlinerដែរឬ។ ក្រុមអ្នកអង្កេតសង្ស័យថាមានការរៀបចំធ្វើឯកសារបន្លំ។
នៅទីក្រុងប៉ារីស សាលាឧទ្ធរណ៍បារាំងបើកសវនាការនៅថ្ងៃអង្គារទី ៧ឧសភា ដើម្បីស្តាប់ពាក្យបណ្តឹងរបស់ស្រ្តីវៀតណាមម្នាក់ ដែលរងគ្រោះដោយសារសារធាតុគីមី ដែលយន្តហោះរបស់កងទ័ពអាមេរិកហោះបាចសាចនៅក្នុងសម័យសង្រ្គាមវៀតណាម។ ធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ ដូចជាជំងឺមហារីក និងមានកូនចៅកើតជំងឺគ្រប់គ្នា ដោយសារត្រូវទឹកថ្នាំគីមីស្រោចពីលើអាកាស កាលពីឆ្នាំ១៩៦៧ លោកស្រី Tran To Ngaតស៊ូដាក់ពាក្យប្តឹងក្រុមហ៊ុនអាមេរិក ចំនួន១៤ ទៅតុលាការបារាំង ក្នុងបទចោទប្រកាន់ថា ថ្នាំគីមីរបស់ពួកគេបានប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាជនវៀតណាម ពី ២ទៅ ៤លាននាក់។
«បដិមាព្រះវិស្ណុផ្ទំ» ឬ «បដិមាព្រះនារាយណ៍ផ្ទំ» ដែលកំពុងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិកម្ពុជានឹងត្រូវបញ្ជូនទៅជួសជុលនៅក្នុងប្រទេសបារាំងនាពាក់កណ្តាលខែឧសភា។ នេះជាកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជាទៅលើការសិក្សាសមាសភាគនៃចម្លាក់សំរិទ្ធ «បដិមាព្រះវិស្ណុផ្ទំ»។ តាមរដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា ក្រៅពីការជួសជុល «បដិមាព្រះវិស្ណុផ្ទំ» ក៏នឹងត្រៀមដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិសិល្បៈអាស៊ី-ហ្គីម៉េក្នុងក្រុងប៉ារីស និងបញ្ជូនបន្តទៅដាក់តាំងបង្ហាញនៅសហរដ្ឋអាមេរិក។
នៅថ្ងៃទី៧ឧសភា២០២៤នេះ វៀតណាមបានប្រារព្វខួប៧០ឆ្នាំនៃជ័យជំនះនៅលើសមរភូមិឌៀនបៀនភូ ក្រោមនិម្មិតរូបនៃការផ្សះផ្សា ដោយបានអញ្ជើញបារាំងជាលើកទីមួយ ឱ្យចូលរួម។ ជ័យជំនះនៅឌៀនបៀនភូ បាននាំវៀតណាមឱ្យបានទទួលឯករាជ្យ តែជាបរាជ័យដ៏ជូរចត់បំផុតរបស់បារាំង និងការបិទបញ្ចប់វត្តមានបារាំងនៅឥណ្ឌូចិន។ រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីដង្ហែក្បួនព្យុះហយាត្រាផង និងទៅគោរពវិញ្ញាណក្ខន្ធទាហានបារាំងនៅឌៀនបៀនភូផ្ទាល់តែម្តងផង។
បន្ទាប់ពីទទួលយ៉ាងអធិកអធម ប្រធានាធិបតីចិន លោកស៊ី ជីនពីង នៅវិមានអេលីហ្សេ ប្រធានាធិបតីបារាំងលោកម៉ាក្រុងនៅថ្ងៃអង្គារនេះ អញ្ជើញលោកស៊ីជីនពីង ទៅធ្វើដំណើរកំសាន្តនៅលើកំពូលភ្នំ ពីរ៉េណេ ភាគខាងត្បូងប្រទេសបារាំងវិញម្តង។ បើតាមវិមានប្រធានាធិបតីបារាំង ដោយអញ្ជើញប្រមុខរដ្ឋចិនទៅដើរលេងនៅលើភ្នំបារាំង ដែលធ្លាប់ជាកន្លែងអនុស្សាវរីយ៍របស់លោកតាំងពីតូច មេដឹកនាំបារាំង លោកម៉ាក្រុងចង់បង្ហាញពីភាពស្និទ្ធស្នាល លុបចោលរបាំងពិធីការដែលអមជាប់ជានិច្ចមេដឹកនាំចិន។ ជាមួយបរិយាសភ្នំទឹកកក ព្រៃព្រឹក្សាពណ៌បៃតង ប្រមុខរដ្ឋបារាំងសង្ឃឹមអាចនិយាយត្រង់ ទៅត្រង់មកជាមួយប្រធានាធិបតីចិន គ្រប់សំណុំរឿង តាំងពីការដោះដូរពាណិជ្ជកម្ម រហូតដល់សង្រ្គាមនៅអ៊ុយក្រែន។ បារាំងនៅតែចង់ឲ្យចិនដាក់សម្ពាធ និយាយបញ្ចុះបញ្ចូលរុស្ស៊ីដែលកំពុងធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។ ប៉ុន្តែ នៅក្នុងសន្និសីទកាសែតរួមកាលពី ចន្ទទី ៦ឧសភា លោកស៊ី ជីនពីងបាននិយាយប្រាប់ឲ្យគេឈប់យករឿងអ៊ុយក្រែន មកសំអុយឈ្មោះចិន។
សមយុទ្ធនាគមាសរវាងយោធាចិន និងកម្ពុជាលើកទី៦ គ្រោងធ្វើពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុដោយមានការចូលរួមពីកងទ័ពនៃប្រទេសទាំងពីរច្រើនជាងមុនរហូតដល់ជាង២ពាន់នាក់។ អ្នកវិភាគនយោបាយសម្តែងការសាទរចំពោះសមយុទ្ធចិន-កម្ពុជា តែសម្តែងការសោកស្តាយចំពោះអវត្តមានសមយុទ្ធកម្ពុជា-អាមេរិក និងកម្ពុជា-អូស្ត្រាលីដែលធ្លាប់មានកន្លងមក។
ជាថ្មីម្តងទៀត លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើទៅកាន់មេដឹកនាំភូមាលោក មីន អ៊ុងឡាំង ដើម្បីជួបជាមួយលោកស្រី អ៊ុង សានស៊ូជី តាមប្រព័ន្ធវីដេអូ។ សំណើនេះត្រូវបានលោក ហ៊ុន សែន ធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយលោក មីន អ៊ុងឡាំង តាមប្រព័ន្ធវីដេអូនៅថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ។
ថ្ងៃចន្ទទី ៦ ឧសភា វិមានក្រេមឡាំង បានទម្លាយឲ្យដឹង លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានបញ្ជាឲ្យ ទ័ពរុស្ស៊ី ចាត់ចែងធ្វើលំហាត់សឹកអាវុធនុយក្លេអ៊ែ ដើម្បីជាការឆ្លើយតបនឹងគម្រោង របស់មេដឹកនាំប្រទេសខាងលិចមួយចំនួន ដូចមានប្រទេសបារាំងជាដើម ដែលចង់បញ្ជូនទ័ពរបស់ បក្សសម្ព័ន្ធ អូតង់ ទៅប្រចាំការនៅអ៊ុយក្រែន ដើម្បីតទល់នឹងរុស្ស៊ី។ គួរបញ្ជាក់ដែរថា ពីតាំងពីសង្គ្រាម ចាប់ឆាបឆេះនៅអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ ២០២២ មក លោក ពូទីន រមែងកំញើញថា រុស្ស៊ីអាចនឹងប្រើ អាវុធនុយក្លេអ៊ែរ ក្នុងកាលៈទេសៈចាំបាច់ ណាមួយ។
នៅថ្ងៃអង្គារ ទី៧ ឧសភានេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ»។ តាមរដ្ឋាភិបាល «ប្រព័ន្ធបញ្ជរតែមួយជាតិ» នឹងអនុញ្ញាតឲ្យអ្នកវិនិយោគអាចស្នើសុំ អាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងទៀតពាក់ព័ន្ធនឹងការនាំចេញ នាំចូលទំនិញទៅកាន់ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នាសម្រាប់បំពេញបែបបទបញ្ចេញទំនិញពីគយតាមមធ្យោបាយអេឡិចត្រូនិក។ ក្រុមអ្នកតាមដានបញ្ហាសង្គមគាំទ្រចំពោះប្រព័ន្ធថ្មីនេះ ព្រោះវាជួយកាត់បន្ថយ«ការិយាធិបតេយ្យ»។
ក្រុមឧទ្ទាមប្រដាប់អាវុធអារ៉ាកាននៅភូមា បានប្រកាសនាថ្ងៃចន្ទទី ៦ឧសភា ដណ្តើមកាន់កាប់បានទីបញ្ជាការកងទ័ពរបស់រដ្ឋាភិបាលមួយកន្លែង និងចាប់ខ្លួនសមាជិករបបសឹកបានជាច្រើនរយនាក់ នៅរដ្ឋរ៉ាឃីន ដែលស្ថិតនៅភាគខាងលិចប្រទេស។ នេះអាចចាត់ទុកជាបរាជ័យយ៉ាងដំណំថ្មីមួយទៀត សម្រាប់រដ្ឋាភិបាលសឹកភូមា ដឹកនាំដោយលោក មីន អ៊ុងឡាំង។
លោករិន សុខខេន ជាគ្រូបង្រៀនភាសាបរទេសមួយរូបនៅសាលាឯកជនបានបង្ហាញពីអារម្មណ៍ចូលចិត្តខ្លុយដែលជាឧបករណ៍ភ្លេងខ្មែរបុរាណ។ លោកបានចំណាយពេលរៀនធ្វើ និងផ្លុំខ្លុយដោយខ្លួនឯង ព្រោះគ្មានលទ្ធភាពទៅរៀននៅសាលាដូចគេ។ ការខិតខំតស៊ូបែបនេះក៏ព្រោះតែលោកចង់ចូលរួមជួយថែរក្សាឧបករណ៍ភ្លេងខ្មែរបុរាណមួយនេះឱ្យនៅគង់វង្ស និងជួយបង្រៀនដល់ក្មេងៗជំនាន់ក្រោយ។ ពីភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល យើងស្តាប់បទយកការណ៍របស់ម៉ុន ចាន់៖
នាវាចម្បាំងចិនចំនួន២គ្រឿងកំពុងបន្តមានវត្តមាននៅទឹកដីកំពង់ផែរាមកម្ពុជា។ ព្រឹត្តិការណ៍មួយនេះត្រូវបានអាមេរិកដាក់ក្តីសង្ស័យពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា។ គួរបញ្ជាក់ថា រូបភាពពីប្រព័ន្ធផ្កាយរណបរបស់វិទ្យាស្ថានស្រាវជ្រាវអាមេរិកបានបង្ហាញឲ្យឃើញនូវនាវាចម្បាំងចិនចំនួន២គ្រឿងដែលមានវត្តមាននៅកំពង់ផែរាមកម្ពុជាតាំងពីអំឡុងខែធ្នូ ឆ្នាំ ២០២៣។ អ្នកតាមដានបញ្ហាភូមិសាស្ត្រនយោបាយបានបង្ហាញក្តីកង្វល់ និងយល់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែបន្តមានជំហរតម្លាភាពទាក់ទងនឹងកំពង់ផែរាម។
នៅថ្ងៃទី០៦ ខែឧសភានេះ ក្រុមសមាគម និងអង្គការក្រៅរដ្ឋាភិបាលចំនួន៥០ស្ថាប័ន បានសម្តែងការសោកស្តាយចំពោះសាលដីការបស់តុលាការកំពូលកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ដែលបានតម្កល់សេចក្តីសម្រេចផ្តន្ទាទោសសកម្មជនសហជីពនៃកាស៊ីណូណាហ្គាវើលដ៏។ ទន្ទឹមគ្នានេះ ក្រុមសង្គមស៊ីវិលក៏បានអំពាវនាវឲ្យអាជ្ញាធរដោះលែងប្រធានសហជីពណាហ្គាវើលដ៏កញ្ញា ឈឹម ស៊ីថរ និងផ្តល់នូវសេរីភាពពេញលេញដល់ជនជាប់ចោទទាំងអស់នៅក្នុងសំណុំរឿងវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៏។
លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានធ្វើដំណើរមកដល់ទីក្រុងប៉ារីស កាលពីរសៀលថ្ងៃអាទិត្យទី៥ឧសភា ដើម្បីបំពេញទស្សនកិច្ច៣ថ្ងៃនៅបារាំង។ នៅថ្ងៃចន្ទទី៦ឧសភា លោកស៊ី ជីនពីង ត្រូវជួបប្រជុំ ជាមួយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងលោកស្រីប្រធានគណៈកម្មការអឺរ៉ុប។ សំណុំរឿងធំៗពីរ ដែលថ្នាក់ដឹកនាំទាំង៣ នឹងត្រូវលើកមកនិយាយគ្នា គឺបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងរឿងសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប។
ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិចាត់ទុកការអំពាវនាវឱ្យដោះលែងប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញាឈឹម ស៊ីថរជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា។ ប្រតិកម្មដូចនេះរបស់តំណាងកម្ពុជានៅអង្គការសហប្រជាជាតិជាការឆ្លើយតបទៅនឹងស្ថាប័នអន្តរជាតិ និងអង្គការផ្នែកសិទ្ធិមនុស្សក្រៅស្រុក រួមនឹងសង្គមស៊ីវិលក្នុងស្រុកជាច្រើនដែលកំពុងទាមទារឱ្យអាជ្ញាធរកម្ពុជាលុបចោលការផ្តន្ទាទោសទាំងអស់លើកញ្ញាឈឹម ស៊ីថរ និងសកម្មជនសហជីពណាហ្គាវើលផ្សេងទៀត។
លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានលើកឡើងថា មានពលរដ្ឋខ្មែរចំនួន ១៦ម៉ឺននាក់បានលក់ដីដើម្បីដោះបំណុលនៅក្នុងចំណោមកម្ចីជាង២លានករណី។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក អំ សំអាត ចាត់ទុកបញ្ហានេះថាជាការរំលោភសិទ្ធិមនុស្ស ដោយសារតែកូនបំណុលខ្លះត្រូវបង្ខំចិត្តឈប់រៀនទៅធ្វើការដើម្បីដោះបំណុល និងកាត់បន្ថយរបបអាហារប្រចាំថ្ងៃ។ នៅក្នុងន័យនេះ អង្គការលីកាដូ ទទូចឲ្យអង្គការសហប្រជាជាតិរំឭករដ្ឋាភិបាលកម្ពុជាពីបញ្ហាបំណុលនេះ ខណៈស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជានឹងត្រូវលើកទៅត្រួតពិនិត្យនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ដោយក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហប្រជាជាតិ។
ប្រទេសវៀតណាមបានចាប់អារម្មណ៍ខ្លាំងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ និងគោរពផលប្រយោជន៍ស្របច្បាប់របស់កម្ពុជាតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang កាលពីថ្ងៃទី៥ ខែឧសភា។ ប្រតិកម្មរបស់មន្ត្រីផ្លូវការវៀតណាមពេលនេះ ធ្វើឡើងក្រោយពីមានភាពចម្រូងចម្រាសជុំវិញគម្រោងព្រែកជីកមួយនេះដោយភាគីវៀតណាមត្រូវការព័ត៌មានពិស្តារបន្ថែមទៀត។
មានការផ្សព្វផ្សាយអនុក្រឹត្យមួយចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដោយមានហត្ថលេខារបស់លោក ហ៊ុន ម៉ាណែត ដោយបានផ្ទេរដីមួយកន្លែងដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឱ្យក្លាយជាកម្មសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងទំហំផ្ទៃដីជិត១០ម៉ឺនម៉ែត្រការ៉េនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ត្រូវធ្វើអនុប្បយោគទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងផ្ទេរការកាន់កាប់ជូនគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ជាម្ចាស់កម្មសិទ្ធិវិញ។ បន្ទាប់ពីការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមបែបនេះ នាំឲ្យមានសំណួរចោទឡើងថា តើរដ្ឋាភិបាលមានសិទ្ធិផ្ទេរទ្រព្យសម្បត្តិរបស់រដ្ឋទៅជាកម្មសិទ្ធិរបស់គណបក្សនយោបាយឬទេ?
នៅប្រទេសអង់គ្លេស ចៅហ្វាយក្រុងឡុងដ្រ៍ លោក សាឌិក ខាន់ មកពីគណបក្សពលករ បានជាប់ឆ្នោតជាថ្មី សម្រាប់អាណត្តិទី៣។ លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់និងក្រុង នៅចុងសប្តាហ៍នេះ បង្ហាញឲ្យឃើញថា គណបក្សពលករ បានយកឈ្នះគណបក្សអភិរក្សនិយម ជាបក្សកាន់អំណាច នៅបណ្តាទីក្រុងសំខាន់ៗចំនួនជាង១០ និងបានទទួលអាសនៈក្រុមប្រឹក្សា ជាង ១៨០ បន្ថែម។ សូម្បីតែមណ្ឌលបោះឆ្នោតរបស់នាយករដ្ឋមន្ត្រីអភិរក្សនិយម លោក រីស៊ី ស៊ូណាក់ ក៏ធ្លាក់ក្នុងដៃបក្សពលករ ដែរ។ ជ័យជម្នះក្នុងការបោះឆ្នោតថ្នាក់ក្រោមជាតិនេះ ក៏បានធ្វើឲ្យគណបក្សពលករកាន់តែរីកមុខរីកមាត់ ហើយនិងសង្ឃឹមឈានទៅរកការឈ្នះឆ្នោតថ្នាក់ជាតិ ដែលនឹងខិតចូលមកដល់។
តាមការគ្រោងទុក លោកប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវធ្វើដំណើរមកដល់ទីក្រុងប៉ារីសប្រទេសបារាំង នៅរសៀលថ្ងៃអាទិត្យ ទី៥ឧសភា។ ទស្សនកិច្ចនៅបារាំង របស់លោកស៊ី ជីនពីង គឺធ្វើឡើងក្នុងឱកាសខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងបារាំងនិងចិន។ បើគិតពីឆ្នាំ២០១៩មក ពោលគឺមុនវិបត្តិកូវីដ១៩ គឺនេះជាលើកទី១ហើយ ដែលហើយ ដែលលោកស៊ី ជីនពីង ធ្វើដំណើរមកទស្សនកិច្ចនៅអឺរ៉ុប។ មានសំណុំរឿងជាច្រើន ដែលចិននិងអឺរ៉ុប ត្រូវនិយាយគ្នា ក្នុងនោះមានបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្ម និងបញ្ហាសិទ្ធិមនុស្សនៅចិន ហើយជាពិសេសនោះ គឺសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន ដែលគ្រប់គ្នាដឹងច្បាស់ ថាចិនគឺជាសម្ព័ន្ធមិត្តជួយរុស្ស៊ីពីក្រោយ។
ភ្ញៀងធ្លាក់មួយមេធ្វើឲ្យតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញចាប់ផ្ដើមលិចទឹកជាបណ្ដើរៗហើយ ដែលបញ្ហានេះជាក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋនារដូវវស្សាឆ្នាំនេះ។ ប៉ុន្តែ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បន្តបដិសេធថាការលិចទឹកនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ មិនមែនកើតឡើងដោយសារតែការលុបបឹងឡើយ។ បើតាមអភិបាលរងរូបនេះ អាជ្ញាធរបានត្រៀមខ្លួនរួចជាស្រេចក្នុងការរំដោះទឹកចេញ ដែលកើតឡើងដោយសារតែការប្រែប្រួលអាកាសធាតុនេះ។
ក្រសួងរ៉ែនិងថាមពល ប្តេជ្ញាជាថ្មីទៀត បញ្ចប់សកម្មភាពធ្វើអាជីវកម្មរ៉ែខុសច្បាប់អណាធិបតេយ្យ ដើម្បីជំរុញការធ្វើអាជីវកម្មរ៉ែស្របច្បាប់វិញសម្រាប់ទាញចំណូលចូលជាតិបន្ថែម និងទប់ស្កាត់ផលប៉ះពាល់ដល់បរិស្ថាន។ នេះបើតាមការជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី០៤ ឧសភា។ តាមក្រសួងរ៉ែ ចំពោះទីតាំងដែលបង្ក្រាបបាន ក្រុមការងារបច្ចេកទេសកំពុងរកវិធីសាស្ត្របន្សាបជាតិអាស៊ីត និងសារធាតុពុលផ្សេងទៀតដើម្បីទប់ស្កាត់នូវផលប៉ះពាល់នានា។
ការចរចាគ្នារវាងគណៈប្រតិភូក្រុមហាម៉ាសនិងប្រទេសអន្តរការី សហរដ្ឋអាមេរិក កាតារ និង អេហ្ស៊ីប គ្មានបានលទ្ធផលផ្លែផ្កាទេ កាលពីថ្ងៃសៅរ៍ និងដែលតម្រូវចាំបាច់ឲ្យបន្តជជែកពិភាក្សាគ្នាបន្ថែមទៀត នៅថ្ងៃអាទិត្យ ទី៥ឧសភា។ កិច្ចចរចាស្វែងរកបទឈប់បាញ់និងដោះលែងចំណាប់ខ្មាំង រៀបចំធ្វើឡើងនៅរដ្ឋធានីគែរ ដោយគ្មានភាគីជម្លោះអ៊ីស្រាអែលនៅក្នុងតុចរចាទេ ជំនួសដោយសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក។ ក្នុងប្រទេសអ៊ីស្រាអែលវិញ បាតុកររាប់ពាន់នាក់ ធ្វើបាតុករនៅក្រុងធំៗ ដើម្បីដាក់សម្ពាធទាមទារឲ្យរដ្ឋអំណាចអ៊ីស្រាអែលបញ្ចប់សង្គ្រាម និងឈានទៅដោះដូរចំណាប់ខ្មាំងឲ្យបានឆាប់។
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ស្ថានភាពធាតុអាកាសនៅកម្ពុជា ដែលក្តៅបំផុត ធ្លាក់មកត្រឹម៣៩អង្សា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីកម្តៅបានកើនឡើងដល់ជាង៤០អង្សាកាលពីខែមេសា។
ក្រុមប្រដាប់អាវុធហាម៉ាស បានប្លន់ធនាគារប៉ាឡេស្ទីន និងបំផ្ទុះម៉ាស៊ីនដកប្រាក់ ព្រមទាំងគាស់ទូម៉ាស៊ីនATM ជាច្រើនកន្លែង នៅទីប្រជុំជនក្រុងហ្កាហ្សា។ គ្រាន់តែក្នុងខែមេសា ពួកគេនោះអាចប្រមូលលុយសរុបជាទឹកប្រាក់ ប្រមាណ ៦៦ លានអឺរ៉ូ។ នេះបើតាមប្រភពពីកាសែតបារាំងឡឺម៉ុង និងដែលត្រូវទីភ្នាក់ងារព័ត៌មានបារាំងអាអែហ្វប៉េ យកទៅផ្សាយព្រោងព្រាត។ តាមប្រភពដដែល, នៅតំបន់ហ្កាហ្សា កងទ័ពខាងអ៊ីស្រាអែលក៏បានរឹបអូសថវិកាពីធនាគារខ្លះដែរ ក្នុងបំណងមិនចង់ឲ្យលុយធ្លាក់ទៅដៃពួកហាម៉ាស។
ស្របពេលដែលប្រទេសសឹងតែទាំងអស់ នៅតំបន់អាស៊ីបានឆ្លងកាត់រលកកម្តៅ ក្តៅហួតហែងក្នុងខែមេសាកន្លងទៅ នៅប៉ាគីស្ថានឯនោះ គឺទឹកភ្លៀងបានធ្លាក់យ៉ាងច្រើនសន្ធឹកមិនធ្លាប់មាន បើគិតចាប់ពីឆ្នាំ១៩៦១មក។ ជំនន់ទឹកភ្លៀង ព្រមទាំងការបាក់ដីផង បានផ្តាច់ជីវិតមនុស្ស យ៉ាងហោច១៤៤នាក់ ក្នុងខែមេសាកន្លងទៅនៅប៉ាគីស្ថាន។ ប៉ាគីស្ថានគឺជាប្រទេសក្រីក្រមួយ ដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយកត្តាបម្រែបម្រួលអាកាសធាតុ។
អង្គការសង្គមស៊ីវិលចំនួន១១ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ដោយអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ធានាសុវត្ថិភាពរបស់អ្នកសារព័ត៌មាន ពិសេសពេល រាយការណ៍ពីបញ្ហាបរិស្ថាន។ បញ្ហាសុត្ថិភាពនេះគឺចំណុចអាទិភាពមួយក្នុងចំណោមសំណើចំនួន៦ចំណុច ដែលត្រូវបានលើកឡើងដោយអង្គការសង្គមស៊ីវិល សម្រាប់ទិវាសេរីភាពសារព័ត៌មាន នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។
នៅថ្ងៃទី០៣ ខែឧសភា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានចេញមកទាមទារឱ្យតុលាការដោះលែងមេដឹកនាំសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ ការទាមទារសារជាថ្មីនេះ ធ្វើឡើងក្រោយតុលាការកំពូលសម្រេចតម្កល់សាលដីកា របស់សាលាឧទ្ធរណ៍ទុកជាបានការ និងតម្រូវឱ្យកញ្ញា ឈឹម ស៊ីថរ បន្តជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោមបទចោទ«ញុះញង់»។
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចដោះលែងឪពុកក្មេងស្រីដែលត្រូវបានគេរំលោភបូកដល់ទៅ២០នាក់ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ការសម្រចដោះលែងឪពុកក្មេងស្រីរងគ្រោះ ធ្វើឡើងបន្ទាប់ពីលោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌បានស្នើឱ្យសាលាដំបូងខេត្តសៀមរាបពិចារណាឱ្យបុគ្គលរូបនេះនៅក្រៅឃុំ តែស្ថិតក្រោមការពិនិត្យរបស់តុលាការ។
ប្រទេសអេហ្ស៊ីប បានបញ្ជាក់ថាគណៈប្រតិភូក្រុមហាម៉ាស បានមកដល់រដ្ឋធានីគែរ នៅថ្ងៃសៅរ៍ ទី៤ឧសភា ដើម្បីពិភាក្សាចំពោះសំណើចរចា ដែលអ៊ីស្រាអែលបានសម្រេចយល់ព្រម។ ចំណែកសហរដ្ឋអាមេរិកសម្ព័ន្ធមិត្តអ៊ីស្រាអែល គឺតំណាងដោយប្រធានក្រុមចារកិច្ចស៊ីអាយអេ ដែលបានអញ្ជើញទៅដល់ប្រទេសអេហ្ស៊ីប តាំងតែពីល្ងាចថ្ងៃសុក្រមកម្ល៉េះ។ ជាមួយគ្នានេះដែរ ប្រមុខទូតអាមេរិក លោក អង់តូនី ប្ល៊ីងកិន បានថ្លែងក្នុងវេទិកាមួយ នៅរដ្ឋអារីហ្សូណា ថា លើកនេះ សំណើនិងការសន្យាព្រមព្រៀងរបស់អ៊ីស្រាអែល ល្អខ្លាំងណាស់។
វិស័យអវកាសចិន កំពុងតែបោះជំហានទៅមុខយ៉ាងខ្លាំង ជាមួយនឹងបេសកកម្មដ៏ក្លាហាន និងមុនដំបូងគេ។ កាលពីថ្ងៃសុក្រ ទី៣ឧសភា ចិនបានបង្ហោះយានឆាងអឺ៦ ( Chang’e 6 ) ឆ្ពោះទៅកាន់ព្រះចន្ទ នៅត្រង់ផ្នែកដែលបែរខ្នងមកភពផែនដី ដែលនេះគឺជាលើកទី១ហើយ។ ទីភ្នាក់ងារអវកាសចិនបានឲ្យដឹងថា បេសកកម្មនេះគឺដើម្បីស្រង់យកសំណាកដី ថ្ម និងរ៉ែ ដែលស្ថិតនៅតំបន់នោះ យកមកសិក្សាស្រាវជ្រាវលំអិត អំពីសមាសធាតុ ព្រមទាំងប្រវត្តិនៃការកកើតរបស់ព្រះចន្ទ។