តាមរយៈហ្វេសប៊ុកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ពេជ ចន្ទមុនី ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមានការគាំទ្របន្លែ ផ្លែឈើក្នុងស្រុក។ តាមភរិយានាយករដ្ឋមន្ត្រី ការគាំទ្រ និងជួយទិញបន្លែផ្លែឈើក្នុងស្រុក គឺជួយដល់កសិករ និងជួយដល់សេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ហ្វេសប៊ុកលោកស្រី ក៏បានបង្ហោះរូបភាពមួយសន្លឹកដែលបានសរសេរថា “តោះចូលរួមចលនាគាំទ្រផលិតផលបន្លែក្នុងស្រុក” និងរំលេចថា “គាំទ្របន្លែក្នុងស្រុកដើម្បីកាត់បន្ថយបន្លែនាំចូល”។ ជាការកត់សម្គាល់ ការអំពាវនាវនេះ ធ្វើឡើង ក្រោយមានការផ្ទុះករណីបន្លែសណ្ដែកគួរនៅលើទីផ្សារបានឡើងថ្លៃខ្ពស់។ តើការអំពាវនាវរបស់ជំទាវទី១ កម្ពុជារូបនេះនឹងទទួលបានការគាំទ្រយ៉ាងណា ខណៈបញ្ហាបន្លែនាំចូល និងបន្លែដាំក្នុងស្រុកបានក្លាយជាបញ្ហារសើបជាយូរមកហើយ?
ត្រីរាប់រយក្បាលបានងាប់អណ្ដែតត្រៀបត្រានៅលើផ្ទៃទឹកស្ទឹងជីនិតស្ថិតក្នុងភូមិសាស្រ្តភូមិកំពង់ស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ តាមអ្នកនេសាទនៅទីនោះ ត្រីងាប់នេះដោយសារតែពុលទឹកស្ទឹងដែលមានក្លិនស្អុយ។ ចំណែកប្រជាពលរដ្ឋនៅទីនោះមិនហ៊ានយកទឹកស្ទឹងទៅប្រើប្រាស់ និងក៏មិនហ៊ានទិញត្រីពីអ្នកនេសាទទៅបរិភោគដោយខ្លាចប៉ះពាល់សុខភាព។ គេនៅមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យទឹកស្ទឹងជីនិតមានក្លិនស្អុយ និងធ្វើឲ្យត្រីងាប់រាប់រយក្បាលនោះទេ។ ចំណែកមន្រ្តីក្រសួងកសិកម្មបានអះអាងថា ក្រសួងនឹងបញ្ជូនមន្រ្តីជំនាញឲ្យចុះទៅសិក្សាស្រាវជ្រាវ។
សមរភូមិសង្គ្រាមនៅអ៊ុយក្រែន ជិត១សប្តាហ៍មកនេះ កងទ័ពរុស្ស៊ីកាន់តែរុលសម្រុកទៅមុខ ចំណែកឯ យោធាអ៊ុយក្រែន ប្រកាសដកថយ។ ទីបញ្ជាការទ័ពអ៊ុយក្រែន បានជូនដំណឹងពីការដកទ័ពថយ ព្រោះតែស្ថានភាពតម្រូវចាំបាច់ ដើម្បីរក្សាអាយុជីវិតយុទ្ធជន។ ផ្ទុយទៅវិញ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ប្រកាសអបអរពីជ័យជម្នះស្ទើរតែ«គ្រប់តំបន់សមរភូមិ»។ នៅថ្ងៃទី១៥ឧសភា ក្រសួងការពាររុស្ស៊ីបានប្រកាសថាចូលត្រួតត្រាភូមិ ៣ ។
នៅក្នុងបទសម្ភាសន៍ផ្តល់ឱ្យភ្នាក់ងារសារព័ត៌មានបារាំងAFP អ្នកទទួលខុសត្រូវជាន់ខ្ពស់ថៃផ្នែកអាកាសធាតុ បានព្រមានថា ថៃទំនងជាត្រូវបង្ខំចិត្តលើករដ្ឋធានីបាងកក ទៅកន្លែងផ្សេង។ ដោយហេតុតែការប្រែប្រួលអាកាសធាតុ កម្ពស់ទឹកសមុទ្ទនឹងឡើងខ្ពស់ ហើយ បាងកកអាចនឹងត្រូវលិច ដោយចៀសមិនរួច នៅមុនដំណាច់សតវត្សរ៍។ នេះ បើតាមការព្យាករ។
នៅថ្ងៃទី១៤ឧសភា ប៉ូលិសសហព័ន្ធ FBI បានប្រកាសតាមចាប់ខ្លួនបុរសជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ក្នុងបទចោទប្រកាន់ឃាតកម្មដ៏ឃោរឃៅនៅសហរដ្ឋអាមេរិកកាលពី ៧ឆ្នាំមុន។ បើតាម FBI ឃាតកររូបនេះអាចរត់គេចពីការផ្តន្ទាទោសចូលមកប្រទេសកម្ពុជា និងបានសន្យាផ្តល់រង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះការផ្តល់ដំណឹងដែលនាំទៅដល់ការចាប់ខ្លួនឃាតករដែល FBI កំពុងចង់បានបំផុតរូបនេះ។
គិតត្រឹមត្រីមាសដំបូងឆ្នាំ២០២៤ មានពលរដ្ឋខ្មែរសរុប១លាន៨សែននាក់បានខ្ចីលុយធនាគារនិងមីក្រូហិរញ្ញវត្ថុសរុបជាទឹកប្រាក់មានប្រមាណជាង១៥ពាន់លានដុល្លារអាមេរិក។ នេះបើផ្អែកតាមរបាយការណ៍ចេញផ្សាយដោយការិយាល័យឥណទានកម្ពុជា Credit Bureau Cambodia។ ក្នុងទំហំប្រាក់កម្ចីទាំងជាង១៥ពាន់លានដុល្លារ មាន៨ពាន់លានដុល្លារត្រូវបានពលរដ្ឋខ្ចីដើម្បីទិញលំនៅឋាន និងមានជាង៧ពាន់លានដុល្លារផ្សេងទៀតត្រូវបានពលរដ្ឋខ្ចីដើម្បីប្រើប្រាស់ជាលក្ខណៈបុគ្គល។
អាជ្ញាធរកម្ពុជាបានបញ្ជាក់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះថា ជនសង្ស័យសញ្ជាតិកូរ៉េខាងត្បូងម្នាក់ឈ្មោះ Lee Youngjin ត្រូវបានចាប់ខ្លួននៅប្រទេសកម្ពុជាពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់។ ការចាប់ខ្លួនជនជាតិកូរ៉េខាងត្បូងនៅកម្ពុជាពេលនេះ ធ្វើឡើងបន្ទាប់ពីបុរសរូបនេះត្រូវបានសង្ស័យធ្វើសកម្មភាពសម្លាប់ជនជាតិកូរ៉េដូចគ្នានៅក្នុងប្រទេសថៃកាលពីដើមខែឧសភានេះ។
តាំងពីល្ងាចថ្ងៃចន្ទទី១៣ឧសភាមកនេះ នូវែលកាឡេដូនី ដែនដីបារាំងនៅឯនាយមហាសមុទ្ទប៉ាស៊ីហ្វិក បានលង់ក្នុងអំពិហិង្សាហួសហេតុស្ទើរដូចសម័យសង្គ្រាមស៊ីវិល កាលពីទសវត្សរ៍ឆ្នាំ១៩៨០។ មានស្លាប់យ៉ាងហោចណាស់ ២នាក់ និងរបួសជាច្រើននាក់ ទាំងខាងប៉ូលិសនិងពលរដ្ឋ។ គិតត្រឹមរសៀលថ្ងៃពុធទី ១៥ឧសភានេះ ដែលទំនងជាបន្តពុះកញ្ជោលខ្លាំងទៀតនៅពេលយប់។ ដើម្បីគ្រប់គ្រងស្ថានការណ៍ អាជ្ញាធរនូវែលកាឡេដូនី បានស្នើសុំជំនួយកម្លាំងបន្ថែមពីប៉ារីស។ តើអ្វីជាដើមហេតុនាំឱ្យផ្ទុះអំពើហិង្សាឡើង?
គេងថ្ងៃ មិនត្រឹមតែអាចជួយប្រមូលកម្លាំងនិងបំពេញកង្វះខាតផ្នែកដំណេកកាលពីយប់ តែអាចជួយខួរក្បាល ការចងចាំ និងបណ្តុះគំនិតថ្មីទៀតផង។ តើត្រូវគេងថ្ងៃយ៉ាងណាទើបអាចទាញយកប្រយោជន៍ទាំងអស់នេះ? សូមស្តាប់បទអត្ថាធិប្បាយរបស់អៀង សុខម៉ិញដូចតទៅ។
វ័យ៥១ឆ្នាំ នាយករដ្ឋមន្ត្រីសិង្ហបុរីថ្មី លោក ឡរ៉ែនស៍ វ័ង ចូលកាន់តំណែង នៅថ្ងៃទី១៥ ឧសភា។ ជាអ្នកជំនាញសេដ្ឋកិច្ចហិរញ្ញវត្ថុនិងទទួលការបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីថ្មីរបស់សិង្ហបុរី ធ្លាប់មានស្នាដៃខ្លាំង ក្នុងការដឹកនាំយុទ្ធនាការទប់ទល់នឹងជំងឺកូវីដ១៩ នាពេលកន្លងទៅ។ ក្នុងប្រវត្តិសាស្ត្រសិង្ហបុរីឯករាជ្យ ៥៩ឆ្នាំ លោកគឺជានាយករដ្ឋមន្ត្រីទី២ ដែលគ្មានជាប់សាច់ញាតិគ្រួសារវង្សត្រកូល លី។ តើ លោក ឡរ៉ែនស៍ វ័ង មានប្រវត្តិរូបដូចម្តេចខ្លះ?
នៅព្រឹកថ្ងៃទី១៥ឧសភានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានចាត់លោកគី តិច ប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាលកម្ពុជាឱ្យដោះស្រាយសំណុំរឿងបោកប្រាស់របស់អតីតឧកញ៉ាឡេង ចាន់ណា។ ការចាត់តាំងលោកគី តិចឱ្យដោះស្រាយសំណុំរឿងមួយនេះត្រូវបានលោកហ៊ុន ម៉ាណែតពន្យល់ថា គឺមកពីរដ្ឋមន្ត្រីក្រសួងដែនដី លោកសាយ សំអាល និងអភិបាលខេត្តសៀមរាប លោកប្រាក់ សោភ័ណ្ឌ រួមនឹងជំនួយការច្បាប់របស់លោកមិនអាចដោះស្រាយបាន។
ដូចការរំពឹងទុក មហោស្រពភាពយន្តកានបានគ្របដណ្តប់ដោយចលនាMe too។ នៅរាត្រីបើកសម្ពោធមហោស្រពកាលពីយប់ថ្ងៃអង្គារម្សិលមិញ ពិធីរការនីកាមីយ កូតាំង Camille Cotin និងតារាភាពយន្ត ហ្សុយលីយ៉ែត ប៊ីណូស បានឡើងនិយាយនៅលើឆាកពីស្ថានភាពស្រ្តីនៅក្នុងវិស័យភាពយន្ត ជាពិសេសការរំលោភ បំពារបំពានផ្លូវភេទ។ ស្រ្តីរងការរើសអើង រងគ្រោះ ប៉ុន្តែ ក៏ពូកែ មានទេពកោសល្យណាស់ដែរ។ ក្រៅតែពីជ្រើសរើសតារាភាពយន្ត និងជាអ្នកដឹកនាំអាមេរិកាំង Greta Gerwigឲ្យធ្វើជាប្រធានគណៈមេប្រយោគដើម្បីជ្រើសរើសខ្សែភាពយន្តល្អឆ្នើមជាងគេលើកនេះ មហោស្រពភាពយន្តកាននៅបានផ្តល់រង្វាន់តាល់ប័ត្រមាសកិត្តិយសដល់តារាភាពយន្តស្រ្តីអាមេរិក Meryl Streep មុននឹងចាក់បញ្ចាំងខ្សែភាពយន្តរបស់សមិទ្ធិករបារាំងលោក កង់តាំង ឌុយព្យើ រឿង Second Act។
ក្រុមយុវជនជិត៣០នាក់ជិះកង់បានរយៈចម្ងាយ៧០០គីឡូម៉ែត្រហើយដើម្បីបរិស្ថាន ខណៈគោលដៅចុងក្រោយរបស់ពួកគេ គឺជិះកង់ឲ្យបានចម្ងាយមួយពាន់គីឡូម៉ែត្រ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជាបានកត់សម្គាល់ពីឧបសគ្គចំនួនពីរ គឺឧបសគ្គដែលកើតឡើងធម្មជាតិ និងឧបសគ្គកើតឡើងដោយអាជ្ញាធរ។ តែទោះជាយ៉ាងណា លោក និងក្រុមលោកនឹងបន្តជិះកង់ឲ្យដល់គោលដៅក្នុងន័យជំរុញឲ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់ពីបញ្ហាបរិស្ថាន។
មហោស្រពភាពយន្តអន្តរជាតិកានទី៧៧បើកសម្ពោធជាផ្លូវការនៅថ្ងៃអង្គារទី ១៥ឧសភានៅភាគខាងត្បូងប្រទេសបារាំង។ មហោស្រពភាពយន្តរយៈពេល២សប្តាហ៍ រហូតដល់ថ្ងៃទី២៦ឧសភា ជាព្រឹត្តិការណ៍វប្បធម៌ធំជាងគេនៅក្នុងពិភពលោកដោយមានមនុស្សមកចូលរួមជាង៦៥០០០នាក់។ នៅក្នុងមហោស្រពភាពយន្តកានឆ្នាំ២០២៤ ទើបមានជាលើកទី១ អ្នកដឹកនាំស្រ្តីខ្មែរពីររូបដែលបាននាំយកស្នាដៃផលិតរបស់ខ្លួនទៅបង្ហាញដល់អន្តរជាតិ បន្ទាប់ពី លោកប៉ាន់ រិទ្ធីដែលបានត្រលប់ទៅមហោស្រពកានជាមួយស្នាដៃថ្មីរបស់លោក មានចំណងជើងថា ណាត់ជួបជាមួយប៉ុល ពត។
យុទ្ធសាស្ត្រទុកឲ្យលោកសមរង្ស៊ីនៅឯកោរបស់ប្រធានគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែនត្រូវបានគេមើលឃើញកំពុងមានប្រសិទ្ធភាព និងឥទ្ធិពលដូចដែលលោកនៅធ្វើជានាយករដ្ឋមន្ត្រី។ ជាក់ស្តែងថ្មីៗនេះ មានថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយចំនួន រួមនឹងសហជីពឯករាជ្យដែលធ្លាប់មានទំនាក់ទំនងជាមួយលោកសម រង្ស៊ីត្រូវបានអាជ្ញាធរចាប់ខ្លួន និងកំពុងរងពាក្យបណ្តឹងនៅតុលាការ។ រូបភាពនៃការបន្តចាប់ខ្លួន និងបំបិទសម្លេងអ្នកនយោបាយបក្សប្រឆាំងបែបនេះញ៉ាំងឱ្យមានប្រតិកម្មចម្រុះជុំវិញការប្រើយុទ្ធសាស្ត្រ IF របស់បក្សកាន់អំណាច។ អ្នកតាមដានសង្គមខ្លះយល់ថា បក្សកាន់អំណាចនៅតែព្រួយបារម្ភពីកម្លាំងអ្នកប្រជាធិបតេយ្យដែលមានលោកសម រង្ស៊ីនៅពីក្រោយ។ តែអ្នកវិភាគផ្សេងទៀតយល់ថា បក្សកាន់អំណាចគួរបញ្ឈប់ការប្រើយុទ្ធសាស្ត្រIFនេះ ត្បិតបក្សប្រឆាំងក្នុងស្រុកពុំមានលទ្ធភាពតទល់នឹងកម្លាំងរបស់បក្សកាន់អំណាចបានទៀតឡើយ។
គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងការងារបានបញ្ចូនពលការិនីខ្មែរចំនួន ៥២រូបក្នុងចំណោមពលការិនីសរុប ៩០រូប ដែលចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប៊ី សាអូឌីត។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារ ទី១៤ ខែឧសភានេះ លោក កត្តា អ៊ន ប្រធានក្រុមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ពលការិនីខ្មែរទាំង៩០នាក់នឹងត្រូវធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាទាំងអស់នៅពេលឆាប់ៗខាងមុខនេះ។ តាម លោក កត្តា អ៊ន ក្រសួងការងារក៏កំពុងដំណើរការនីតិវិធីស៊ើបអង្កេតដំណាលគ្នាដែរលើក្រុមហ៊ុន និងបុគ្គលដែលជាមេខ្យល់បោកប្រាស់នាំពលការិនីទៅធ្វើការនៅអារ៉ាបី សាអូឌីត។
លោកប្រមុខការទូតសហរដ្ឋអាមេរិក អង់តូនី ប្លីងកិន បានធ្វើដំណើរទៅដល់ទីក្រុងកៀវ នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីជួបប្រជុំជាមួយលោកប្រធានាធិបតីអ៊ុយក្រែន និយាយអំពីស្ថានភាពសង្គ្រាម និងដំណើរការប្រគល់អាវុធ។ ដំណើរទៅដល់ដោយមិនបានគ្រោងទុកមុន របស់លោកអង់តូនី ប្លីងកិននេះ គឺស្របពេលដែលកងទ័ពរុស្ស៊ី កំពុងតែសំរុកវាយប្រហារយ៉ាងខ្លាំង ប៉ុន្មានថ្ងៃមកនេះ នៅតំបន់ខារគីវ ភាគឦសានអ៊ុយក្រែន។ លោកប្លីងកិនបានប្រាប់លោកហ្សេឡេនស្គីថា «កុំបារម្ភអី គ្រឿងសព្វាវុធកំពុងតែបញ្ជូនមកហើយ»។
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តបាត់ដំបង លោកភូ សុវណ្ណថាត្រូវបានអយ្យការអមសាលាដំបូងខេត្តបាត់ដំបងសម្រេចឃាត់ខ្លួននៅថ្ងៃទី១៣ឧសភា ក្រោយពីមានពាក្យបណ្តឹងពីលោក ឌឹម សារឿនដែលចោទលោកភូ សុវណ្ណថាបានញុះញង់បង្កឱ្យមានការរើសអើងជាសាធារណៈនៅតាមបណ្តាញសង្គម។ ការឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់បក្សក្រៅរដ្ឋាភិបាលរូបនេះត្រូវបានអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបងបញ្ជាក់ថា គឺដើម្បីបង្ការកុំឲ្យមានបទល្មើស និងមានភាពវឹកវរកើតឡើងជាថ្មី។ តែបក្សភ្លើងទៀនចាត់ទុកការឃាត់ខ្លួនលោកភូ សុវណ្ណថាជាការគំរាមកំហែងនយោបាយ ខណៈកម្ពុជាត្រៀមរៀបចំបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខណ្ឌ។
លោក ឧត្តមសេនីយ Yuri Kouznetsov មន្ត្រីជាន់់ខ្ពស់ម្នាក់ ដែលទទួលបន្ទុកផ្នែកធនធានមនុស្ស នៃក្រសួងការពារជាតិរុស្ស៊ី ត្រូវបានចាប់ខ្លួន ពីបទប្រព្រឹត្តអំពើពុករលួយ នេះបើយោងតាមការប្រកាស ដោយគណៈកម្មាធិការជាតិ ស៊ើបអង្កេតរបស់រុស្ស៊ី ចុះថ្ងៃអង្គារ ទី ១៤ ឧសភា ឆ្នាំ ២០២៤។ ការចាប់ខ្លួននេះ ធ្វើឡើងមិនដល់មួយខែផង បន្ទាប់ពី អនុរដ្ឋមន្ត្រីម្នាក់ នៃក្រសួងការពារជាតិរុស្ស៊ី ត្រូវគេឃាត់ខ្លួន ពីបទពុករលួយ ដូចគ្នាដែរ។ អ្វីដែលកាន់តែគួរឲ្យកត់សំគាល់ ជាងនេះទៅទៀត គឺប្រធានាធិបតីរុស្ស៊ី ទើបតែប្រកាសដក រដ្ឋមន្ត្រីការពារជាតិ លោក Serguei Choigou ដែលបានកាន់តំណែងនេះ តាំងពីឆ្នាំ ២០១២ មក និង ជាបុគ្គលដ៏ជំនិតម្នាក់ របស់លោកពូទីន ផ្ទាល់។
កំពង់ឆ្នាំងជាខេត្តមួយក្នុងចំណោមខេត្តផ្សេងទៀតរបស់កម្ពុជាដែលផលិតស្ករត្នោតច្រើនជាងគេ។ បើតាមកសិករនៅក្បែរៗជើងភ្នំក្រាំងដីមាស ពួកគេមួយចំនួនបានបោះបង់មុខរបរនេះចោលដោយសារតែការងារនេះមានការនឿយហត់ខ្លាំង តែតម្លៃស្ករត្នោតដែលផលិតបានលក់មិនសូវបានថ្លៃឲ្យសមទៅនឹងការប្រើកម្លាំងពលកម្ម។ តែសម្រាប់ លោក អ៊ុយ ភារី អាយុ៥២ឆ្នាំ មុខរបរឡើងត្នោតបានជួយឲ្យកូនៗរបស់គាត់បានរៀនដល់មហាវិទ្យាល័យ។
ប្រមាណជាង២ឆ្នាំក្រោយនៃសង្គ្រាមអ៊ុយក្រែនបានផ្ទុះឡើង ចិនបានប្រកាសគោលជំហរអព្យាក្រិត្យ និងដោយមិនបានចូលរួមថ្កោលទោស ឬដាក់ទណ្ឌកម្មលើរុស្ស៊ីទេ។ តែទន្ទឹមនឹងនេះ លោកស៊ី ជីនពីងបានប្រកាសថា រុស្ស៊ី និងចិន ភ្ជាប់គ្នាដោយមិត្តភាពដែលគ្មានទីបំផុត។ នៅពីក្រោយមិត្តភាពនេះ ចិនត្រូវបានគេសង្ស័យនិងចោទថាបានបន្តធ្វើជំនួញជាមួយរុស្ស៊ី តាមរយៈការធ្វើពាណិជ្ជកម្ម លក់អាវុធ សម្ភារៈសិក និងឧបករណ៍បច្ចេកវិទ្យា ដើម្បីឲ្យរុស្ស៊ីបន្តធ្វើសង្គ្រាម។ តែយ៉ាងណាក៏ដោយ ផ្អែកតាមការវិភាគថ្មីៗនេះ គេសង្កេតឃើញថាធនាគារចិនជាច្រើន បានចាប់ផ្តើមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយខ្លាចក្រែងជាប់ទណ្ឌកម្មរបស់អាមេរិក។
មានស្លាប់យ៉ាងហោចណាស់៤៤នាក់ និងបាត់ខ្លួន១៥នាក់ នៅក្នុងគ្រោះទឹកជំនន់ទឹកភ្លៀង និងទឹកកំហែលភ្នំភ្លើងត្រជាក់ដែលកំពុងជន់លិចភាគខាងលិចនៃកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមតួលេខចុងក្រោយផ្តល់ដោយភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំតំបន់ នៅល្ងាចថ្ងៃចន្ទទី ១៣ឧសភា២០២៤។
ក្បាលរថភ្លើងមួយទឹកពីប្រទេសជប៉ុនប្រភេទ DMU (Diesel Multiple Unit) ចំនួន ១១គ្រឿងដែលបញ្ជាទិញដោយក្រុមហ៊ុនរបស់អ្នកឧកញ៉ាគិត ម៉េងកំពុងត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០២៤នេះ។ ក្រសួងសាធារណៈការតាមរយៈអ្នកនាំពាក្យលោកផល រឹម អះអាងថា ក្បាលរថភ្លើងមួយទឹកពីស្រុកក្រៅទាំងនេះអាចដំណើរការលើផ្លូវដែកកម្ពុជាបាន ល្គឹកណាវាមិនបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។
ថ្ងៃអាទិត្យ ទី ១២ ឧសភា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានប្រកាសដក លោក Serguei Choigou ពីតំណែងរដ្ឋមន្ត្រីការពារជាតិ ដែលលោកបានកាន់កាប់តាំងពីឆ្នាំ ២០១២ មក។ ការដកតំណែងនេះ ប្រព្រឹត្តទៅក្នុងបរិបទនៃ ការកែប្រែសមាសភាពរដ្ឋាភិបាល នៅប៉ុន្មានថ្ងៃក្រោយលោក ពូទីន បានធ្វើសច្ចាប្រណិធាន ឡើងកាន់តំណែងជាប្រមុខរដ្ឋរុស្ស៊ី អាណត្តិទី ៥ និង ក្នុងបរិបទ ដែលសង្គ្រាមអ៊ុយក្រែន បន្តឆាបឆេះអស់ជាង ២ ឆ្នាំ មកហើយ។ លោក ស៊ែកហ្គី ឆយហ្គូ នឹងត្រូវជំនួសដោយ លោក Andrei Belooussov ដែលមានជំនាញខាងសេដ្ឋកិច្ច តែខ្វះបទពិសោធ ក្នុងវិស័យយោធា។
ជំនួបកំពូល Choose France ដែលប្រមូលផ្តុំដោយនាយកក្រុមហ៊ុនអន្តរជាតិធំៗ បានចាប់ផ្តើមនៅថ្ងៃចន្ទ ទី១៣ឧសភានេះ នៅអតីតព្រះបរមរាជវាំងវែកសៃ មិនឆ្ងាយប៉ុន្មានពីទីក្រុងប៉ារីស។ ក្នុងឱកាសជំនួបកំពូលនេះ ក្រុមហ៊ុនអន្តរជាតិបានប្រកាសគម្រោងវិនិយោគនៅបារាំង សរុបចំនួន៥៦គម្រោង ដែលគិតជាទឹកប្រាក់ ចំនួន១៥០០០លានអឺរ៉ូ។ តាមរយៈដំណឹងដ៏ល្អនេះ រដ្ឋាភិបាលបារាំងបានអះអាងថា បារាំងគឺជាប្រទេសអឺរ៉ុប ដែលទាក់ទាញការវិនិយោគបរទេសច្រើនជាងគេបំផុត។
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ បន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនលោកនៅព្រលានយន្តហោះភ្នំពេញកាលពីថ្ងៃ០៩ ខែឧសភា ឆ្នាំ២០២៤នេះ។ លោក ជា មុនី អ្នកនាំពាក្យគណបក្សកម្លាំងជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទ ទី១៣ ខែឧសភានេះថា តុលាការនៅមិនទាន់បានចោទប្រកាន់លោក ស៊ុន ចន្ធី ពីបទល្មើសផ្លូវការណាមួយនៅឡើយទេ។ ទោះយ៉ាងណា លោក ជា មុនី បញ្ជាក់ថាគណបក្សកម្លាំងជាតិកំពុងឃ្លាំមើលដំណើរការប្រព្រឹត្តទៅនៃសំណុំរឿងមួយនេះដោយនៅមិនទាន់មានការពិភាក្សាគ្នា និងសម្រេចយ៉ាងណាទេ។ លោក ស៊ុន ចន្ធី ត្រូវបានចាប់ខ្លួនក្រោមបទសង្ស័យថាបានជាប់ពាក់ព័ន្ធនឹងសំណុំរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ តែអ្នកនាំពាក្យបក្សប្រឆាំងរូបនេះកត់សម្គាល់ថា ករណីចាប់ខ្លួនប្រធានបក្សរបស់ខ្លួនបានធ្វើឡើងនៅក្នុងដំណាក់កាលមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុកខណ្ឌ។
គណនីហ្វេសប៊ុកនៅក្នុងប្រទេសកម្ពុជាត្រូវគេមើលឃើញថាបាន និងកំពុងប្តូរប្រូហ្វាល(Logo)ពីរូបភាពផ្ទាល់ខ្លួនទៅជាប្រូហ្វាលគាំទ្រការជីកព្រែកហ្វូណនតេជោយ៉ាងព្រោងព្រាត។ ការប្តូរប្រូហ្វាលហ្វេសប៊ុកដើម្បីបង្ហាញពីចលនាជាតិនិយមនេះបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា និងអតីតនាយករដ្ឋមន្ត្រីបានប្តេជ្ញាជីកព្រែកនេះឲ្យខានតែបាន ទោះជាមានទស្សនៈជំទាស់មួយចំនួននៅក្នុងស្រុក និងពីបរទេសក៏ដោយ។
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងផ្តើមទស្សនកិច្ចនៅកូរ៉េខាងត្បូងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ឧសភា។ វត្តមាន លោក ហ៊ុន ម៉ាណែត នៅកូរ៉េខាងត្បូង ក៏ត្រូវបានពលករខ្មែរប្រកាសធ្វើបាតុកម្មប្រឆាំង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ដែរ។ តាមអ្នករៀបចំកម្មវិធី បាតុកម្មនោះមានគោលបំណងជំរុញឲ្យរដ្ឋាភិបាលដោះស្រាយវិបត្តិសង្គម និងវិបត្តិនយោបាយនៅកម្ពុជា។ មន្ត្រីរដ្ឋាភិបាលចាត់ទុកគម្រោងធ្វើបាតុកម្មនោះ ជាសិទ្ធិរបស់ពួកគេ តែបញ្ជាក់ថា នៅក្នុងសម័យសេដ្ឋកិច្ច ការងារប្រជាធិបតេយ្យអាចដើរយឺត និងថា មានតែការរួមគ្នាបង្កើនសេដ្ឋកិច្ចពលរដ្ឋទេទើបការចូលរួមមានឥទ្ធិពល។
ពលរដ្ឋរស់នៅក្បែរៗជើងភ្នំក្រាំងដីមាស ក្នុងខេត្តកំពង់ឆ្នាំង នៅតែរក្សាមុខរបបដូនតារបស់ខ្លួន គឺសិប្បកម្ម«កុលាភាជន៍» ដែលមានដូចជា ឆ្នាំងដី ក្អម និងរូបសត្វជាច្រើន ដែលធ្វើពីដីឥដ្ឋ។ មុខរបរនេះពីដើមឡើយគឺត្រូវប្រើកម្លាំងពលកម្មធ្ងន់ធ្ងរ ដោយសារតែត្រូវវាយដីបំបែកឲ្យហ្មត់ល្អ មុននឹងយកទៅលាយទឹកឲ្យស្អិតរមួត។ តែបច្ចុប្បន្ន ពលរដ្ឋចេះច្នៃម៉ាស៊ីនម្យ៉ាងដូចម៉ាស៊ីនកិនស្រូវដែរ ដើម្បីកិនដីឲ្យហ្មត់ដូចកន្ទក់ លក់ឲ្យសិប្បករ ដើម្បីផលិតផ្ទាល់ដៃ ទៅជារបស់ប្រើប្រាស់។
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានបើក “ថ្នាក់អក្សរផ្ចង់ចិន មិត្តភាពកម្ពុជា-ចិន” នៅសាលារៀនចំនួន២ទៀត ដែលជាសាលារៀនជំនាន់ថ្មី ក្នុងក្រុងភ្នំពេញ។ នេះជាការបើកថ្នាក់សាភាចិនបន្ថែមទៀត ដែលកាលពីឆ្នាំ២០២៣ ក្រសួងអប់រំបានដាក់បញ្ជូលភាសាចិនសាកល្បងក្នុងសាលារដ្ឋចំនួន២០រួចមកហើយ។ សម្រាប់ថ្នាក់បើកថ្មីនោះ គឺនៅវិទ្យាល័យព្រះយុគន្ធរ និងសាលា Step Forward Abroad School ដោយមានការគាំទ្រពីសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា និងសមាគមអ្នកសរសេរអក្សរផ្ចង់ខ្មែរ-ចិន។
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ឧទ្យានសួនសត្វភ្នំតាម៉ៅបានទទួលដំរីថ្មីមួយគូ ពីប្រទេសឡាវ ក្នុងន័យពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ដំរីញី-ឈ្មួលមួយគូនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកចូលរួមទស្សនា។ លោក ដាវីដ ដែលនឹងត្រូវមើលថែទាំសត្វដំរីថ្មីនេះ បានបង្ហាញអារម្មណ៍ត្រេកអរនូវវត្តមានដំរីមួយគូនេះ មកកាន់សួនសត្វភ្នំតាម៉ៅ។ មានបទពិសោធន៍មើលថែទាំសត្វរាប់សិបឆ្នាំ លោក ដាវីដ បេ្តជ្ញាមើលថែទាំដំរីមួយគូនេះឱ្យល្អដើម្បីជាផ្នែកមួយទាក់ទាញដល់ភ្ញៀវទេសចរ។