នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ ប្រទេសកម្ពុជាបានរៀបចំសន្និសីទជាលើកដំបូងស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ការការពារ និងការឆ្លើយតបតាមរយៈការអប់រំ និងការថែទាំសុខភាព»។ សន្និសីទមួយនេះជាព្រឹត្តិការណ៍ធំមួយមិនធ្លាប់មាន ខណៈកន្លងមក រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនតែងយកថ្ងៃ២០ ឧសភានេះជា «ទិវាជាតិនៃការចងចាំជារៀងរាល់ឆ្នាំ។
នៅក្នុងថ្ងៃទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងអបអរសប្តាហ៍មោទកភាព សហគមន៍ឥន្ទូនូកម្ពុជាបានរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពមួយនៅក្នុងខេត្តកំពតដោយមានការចូលរួមលេងរបស់កីឡាករស្រ្តីដែលបានប្តូរអត្តសញ្ញាណជាបុរស។ តាមរយ:ការប្រកួតកីឡាមួយនេះ ពួកគេចង់ផ្សព្វផ្សាយសារលុបបំបាត់ការរើសអើងក្នុងសង្គមគ្រប់រូបភាពចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ កីឡាករមួយចំនួនបានឱ្យដឹងថា កម្មវិធីនេះនឹងបើកទំព័រថ្មីចំពោះសង្គម និងបង្ហាញពីសាមគ្គីភាព កម្លាំងថាមពលរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។
ដោយចាត់ទុកថា សង្គ្រាមនៅតំបន់ហ្កាហ្សា ជាបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ, រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ CPI បានប្រកាសស្នើសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ និងថ្នាក់ដឹកនាំក្រុមប្រដាប់ហាម៉ាស។ ភ្លាមៗ អ៊ីស្រាអែល បានប្រតិកម្មថា ការប្រកាសបែបនេះ ជារឿងអាម៉ាស និងបានធ្វើឲ្យអាប់ឱនបាត់បង់កិត្តិយសរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ ទន្ទឹមនឹងគ្នាដែរ ភាគីក្រុមហាម៉ាសក៏បានថ្កោលទោសសំណើនេះ យ៉ាងដាច់អហង្ការ។
លោកប្រធានាធិបតីអ៊ីរ៉ង់ អេប្រាហ៊ីម រ៉ៃស៊ី និងលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាចក្រ កាលពីល្ងាចថ្ងៃអាទិត្យទី១៩ឧសភាម្សិលមិញ។ នេះបើផ្អែកតាមការផ្សាយ របស់បណ្តាញព័ត៌មានផ្លូវការអ៊ីរ៉ង់។ ការស្លាប់នេះ បានបង្កឲ្យមានចំណោទចោទសួរ អំពីផលប៉ះពាល់មកលើនយោបាយផ្ទៃក្នុងអ៊ីរ៉ង់ ស្របពេលដែលបរិបទតំបន់ដើមបូព៌ា កំពុងតែជួបអស្ថិរភាពយ៉ាងខ្លាំង ដោយសារតែសំណុំរឿងអ៊ីស្រាអែល-ប៉ាឡេស្ទីន។
នៅថ្ងៃអាទិត្យទី ១៩ឧសភានេះ មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិកលោក អេឡន មឺស្ក៍ បានអញ្ជើញទៅក្រុងបាលី ដើម្បីសម្ពោធបណ្តាញអ៊ីនធ័រនែតផ្កាយរណបStarlink របស់ក្រុមហ៊ុនSpaceX សម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាលឥណ្ឌូណេស៊ី។ ស្ថាបនិកក្រុមហ៊ុនSpaceX បានចុះកិច្ចព្រមព្រៀងផ្តោតលើវិស័យសុខភាពជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលផង និងមានគម្រោងជួបប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូវីដូដូទៀត។
ផ្ទៃក្នុងនៃខុទ្ទកាល័យសង្គ្រាមអ៊ីស្រាអែល ដែលត្រូវបានបង្កើតឡើងភ្លាមៗ ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី៧តុលា ពេលនេះបានចាប់ផ្តើមបង្ហាញការរង្គោះរង្គើហើយ។ លោកប៊ែនី ហ្កាន់ស៍ អតីតរដ្ឋមន្ត្រីការពារជាតិ និងជាសមាជិកម្នាក់នៃខុទ្ទកាល័យនេះ បានប្រកាសគំរាមចាកចេញ ប្រសិនបើ៣សប្តាហ៍ទៀត ខុទ្ទកាល័យនេះ នៅតែមិនព្រមអនុម័ត គូសវាសផែនការច្បាស់លាស់ ស្តីពីតំបន់ហ្កាហ្សានៅក្រោយចប់សង្គ្រាម ទេនោះ។
ដូចការគ្រោងទុក បាតុកម្មរបស់ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងបានធ្វើឡើងនៅថ្ងៃអាទិត្យនេះ នៅទីក្រុងសេអ៊ូល។ បាតុកម្មនេះរៀបចំឡើងដោយចលនាប្រជាធិបតេយ្យរួបរួមជាតិក្នុងបំណង ប្រឆាំងនឹងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ប៉ុន្តែបាតុកម្មនេះបានកើតឡើង បន្ទាប់ពី គណៈប្រតិភូរបស់កម្ពុជាបានចេញផុតពីប្រទេសកូរ៉េ តាំងពីយប់ថ្ងៃទី១៨ខែឧសភា។
អស់មួយសប្តាហ៍មកហើយ ដែលកោះនូវែលកាឡេដូនី ដែនដីនាយសមុទ្ររបស់បារាំង បានពើបប្រទះនឹងអំពើកុបកម្មហិង្សា អាណាធិបតេយ្យ បង្កឡើងដោយសកម្មជនឯករាជ្យនិយមជនជាតិដើមកាណាក់ ដែលប្រឆាំងនឹងការធ្វើកំណែទម្រង់ច្បាប់បោះឆ្នោត។ គិតត្រឹមពេលនេះ មានស្លាប់មនុស្សចំនួន៦នាក់ ចំណែកសេវាសាធារណៈ សាលារៀន ផ្សារលក់ទំនិញ ត្រូវបទទ្វារទាំងស្រុង ដោយសារតែខ្លាចក្រែងអំពើហិង្សារបស់ក្រុមកុបករ។ បើទោះបីមានការអំពាវនាវពីរដ្ឋាភិបាលបារាំង ដើម្បីបង្កើតបរិយាកាសសុន្ទនា ចរចាគ្នា តែស្ថានការណ៍ ហាក់ដូចជាស្ថិតនៅឆ្ងាយពីភាពស្ងប់ស្ងាត់ណាស់។
គណបក្សកុម្មុយនីស្តវៀតណាម បាន តែងតាំងលោក តូ លិម រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ជាប្រធានាធិបតីថ្មី ជំនួសប្រធានាធិបតីចាស់ដែលបានសុំលាលែងចេញពីតំណែង កាលពីខែមីនា ដោយមានពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ។ នេះបើតាមសេចក្តីប្រកាសរបស់ប្រព័ន្ធឃោសនារដ្ឋ នៅថ្ងៃសៅរ៍ទី ១៨ឧសភា២០២៤។ ក្នុងពេលរុះរើថ្នាក់ដឹកនាំនយោបាយដ៏កំពូលនេះ វៀតណាមក៏ប្តូរផ្លាស់ប្រធានសភាជាតិដែរ។
ប្រមាណ១សប្តាហ៍មកនេះ កងទ័ពរុស្ស៊ីបានបើកប្រតិបត្តិការទ្រង់ទ្រាយធំ វាយប្រហារសំរុកចូល នៅតំបន់ខាកៀវ ភាគឦសានអ៊ុយក្រែន ដោយបានដណ្តើមបានភូមិមួយចំនួន ហើយខិតមកកាន់តែជិតទីក្រុងខាកៀវ ទីក្រុងធំទី២របស់អ៊ុយក្រែន។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ ផ្តល់ឲ្យទីភ្នាក់ងារព័ត៌មានបារាំង AFP នៅថ្ងៃសៅរ៍ទី១៨ឧសភា លោកប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា ការវាយសំរុកទ្រង់ទ្រាយធំរបស់កងទ័ពរុស្ស៊ីលើកនេះ អាចជារលកដំបូង ដែលនឹងមានរលកបន្តបន្ទាប់ទៀត។ លោកហ្សេឡេនស្គី បានទទួលស្គាល់ថា រាល់ថ្ងៃនេះ អ៊ុយក្រែនខ្វះទាំងកម្លាំងទ័ព ខ្វះទាំងគ្រឿងសព្វាវុធដើម្បីប្រយុទ្ធ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានវាយតម្លៃនៃយុទ្ធនាការឃោសនាថ្ងៃដំបូងនេះថា ពុំមានហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សំគាល់ទេ ពោលដំណើរការទៅដោយស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសន្តិសុខល្អ។ សម្រាប់អ្នកឃ្លាំមើលការបោះឆ្នោតវិញ ការឃោសនាបោះឆ្នោតអសកលនេះហាក់មិនបានទាក់ទាញចំណាប់អារម្មណ៍ពីពលរដ្ឋឡើយ។
ផលិតផលគ្រឿងទេសផ្សំ ផលិតនៅឥណ្ឌា យីហោធំៗចំនួន២ ត្រូវបានគេរកឃើញថាមានផ្ទុកសារធាតុគីមី ដែលអាចបង្កជាជំងឺមហារីក។ បន្ទាប់ពីអាជ្ញាធរហុងកុង សិង្ហបុរី កាលពីថ្ងៃសុក្រទី១៧ឧសភា អាជ្ញាធរប្រទេសនេប៉ាល់ បានឲ្យដឹងថា គេសម្រេចហាមឃាត់ការនាំចូលផលិត និងការលក់ចែកចាយផលិតផលគ្រឿងទេសឥណ្ឌាទាំងនោះ។ ប្រទេសមួយចំនួនទៀត កំពុងបង្កើនការប្រុងប្រយ័ត្នក្នុងការត្រួតពិនិត្យគុណភាព។
លោកពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែបំពេញទស្សនកិច្ចនៅចិន ដែលជាមហាមិត្តដ៏កៀកកើយបំផុត។ នៅថ្ងៃសុក្រ ទី១៧ឧសភានេះ លោកពូទីន ធ្វើដំណើរទៅកាន់ទីក្រុង ហារប៊ីន ស្ថិតនៅតំបន់ម៉ាន់ជូរី ដែលមានព្រំដែនជាប់រុស្ស៊ី។ កម្មវត្ថុនៃដំណើរនេះ គឺដើម្បីជំរុញសន្ទុះនៃការដោះដូរពាណិជ្ជកម្មរវាងរុស្ស៊ី និងចិន ព្រោះតំបន់ម៉ាន់ជូរីរបស់ចិន គឺជាច្រកដ៏សំខាន់ នៃការដឹកជញ្ជូនទំនិញចិនចូលទៅកាន់រុស្ស៊ី។ គួរកត់សំគាល់ថា ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនបានឆាបឆេះឡើងមក ចិនត្រូវបានក្រុមប្រទេសលោកខាងលិច ចោទថាបានប្រើប្រាស់ អព្យាក្រិត្យភាពក្លែងក្លាយ ដោយបានលួចលាក់ជួយរុស្ស៊ី ទាំងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម និងទាំងផ្នែកកងទ័ព។ តើចិន បានជួយរុស្ស៊ីបែបណាខ្លះ នៅក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែន?
នៅថ្ងៃទី១៦ ឧសភា អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានលាតត្រដាងថា រដ្ឋាភិបាលថៃកំពុងជួយប្រទេសជិតខាង ដូចយ៉ាងកម្ពុជាក្នុងការបង្ក្រាបជនភៀសខ្លួន និងអ្នកប្រឆាំងដែលរត់ទៅជ្រកកោនលើទឹកដីថៃ។ ជាការដោះដូរជាមួយថៃ រដ្ឋាភិបាលកម្ពុជាត្រូវចាត់ការលើជនស្វែងរកសិទ្ធិជ្រកកោននយោបាយថៃដែលរត់ចូលប្រទេសកម្ពុជាវិញ។ នេះបើតាម Human Rights Watch។ កិច្ចសហការដូរដៃបង្ក្រាបសំឡេងប្រឆាំងឆ្លងប្រទេសនេះត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកជាទង្វើបំពានច្បាប់អន្តរជាតិដែលបានកើតឡើងជិត១០ឆ្នាំមកហើយ។
ថ្ងៃទី១៧ ឧសភា ឆ្នាំ២០២៤ នេះជាថ្ងៃដំបូងដែលគណបក្សនយោបាយចំនួន៥ បានចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃសុក្រ ទី១៧ ឧសភានេះ លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរបានគូសបញ្ជាក់ដោយដាក់ក្តីសង្ឃឹមថា សំឡេងគាំទ្រដែលបានបាត់បង់ទៅលើគណបក្សប្រជាជននៅក្នុងការបោះឆ្នោតព្រឹទ្ធសភាកន្លងទៅ នឹងត្រូវគណបក្សឆន្ទៈខ្មែរយកមកវិញ។ ផ្ទុយពីលោក គង់ មុនីកា លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនបានដាក់ក្តីរំពឹងថា សំឡេងគាំទ្រដែលបក្សប្រជាជនទទួលបានកំណើននៅក្នុងការបោះឆ្នោតព្រឹទ្ធសភានឹងបន្តកើនឡើងដដែលនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្នាក់ក្រោមជាតិអាណត្តិទី៤នេះ។
នៅថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភា លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាចបានថ្លែងសារពិសេសមួយស្តីពីគម្រោងព្រែកជីកហ្វូណនតេជោ។ គឺជាសារដែលលោកហ៊ុន សែនចង់ឆ្លើយតបនឹងការរិះគន់លើគម្រោងព្រែកជីកមួយនេះរបស់កម្ពុជា។ តាមលោកហ៊ុន សែន ព្រែកជីកហ្វូណនតេជោជាការដើរឆ្ពោះទៅរកឯករាជ្យភាពនយោបាយផ្នែកដឹកជញ្ជូនតាមផ្លូវទឹកដោយមិនពឹងដង្ហើមរបស់ប្រទេសណាមួយ។ អ្នកតាមដានភូមិសាស្ត្រនយោបាយយល់ថា វាជាការល្អសម្រាប់កម្ពុជាដើម្បីបញ្ចៀសបញ្ហាណាមួយកើតឡើងនៅពេលទំនិញរបស់កម្ពុជាត្រូវដឹកជញ្ជូនតាមផ្លូវទឹក។
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបានសម្តែងការគាំទ្រគោលបំណងរបស់កូរ៉េខាងត្បូងដែលចង់ឃើញឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លែអ៊ែរ។ ការបង្ហាញជំហរដូច្នេះរបស់កម្ពុជាធ្វើឡើង នៅខណៈលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូង និងដោយបានជួបមេដឹកនាំកំពូលៗកូរ៉េខាងត្បូងជាច្រើននាក់។
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ពលរដ្ឋប្រមាណ៤០នាក់បានប្រមូលផ្ដុំគ្នានៅមុខសាលាក្រុងភ្នំពេញដើម្បីឱ្យជួយពន្លឿនដោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុន អេកូមេហ្គាប៉ូលីស ឌីវេឡុបមិន ដែលបានធ្វើប្លង់រឹងគ្របពីលើដីរបស់ពួកគេ។ តែសាលាក្រុងបានសុំពន្យារពេល២សប្ដាហ៍បន្ដទៀតដើម្បីដោះស្រាយ។ ចំណែកប្រធានអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាតបានអះអាងថា បញ្ហាដីធ្លីដែលអូសបន្លាយយូរនឹងនាំឱ្យមានបាតុភាពច្រើនកើតឡើង។
កិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ លើកទី៣៣ រៀបចំឡើងនៅបារ៉ែន គ្របដណ្តប់ដោយបរិបទជម្លោះសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស។ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកំពូលនេះ ព្រះរាជាណាចក្របារ៉ែនបានថ្លែងអំពាវនាវឲ្យ ក្រុមប្រទេសសម្ព័ន្ធអារ៉ាប់រួបរួមគ្នាបង្កើតសន្និសីទអន្តរជាតិដើម្បីសន្តិភាព នៅតំបន់ដើមបូព៌ា។ ការអំពាវនាវរបស់ថ្នាក់ដឹកនាំសម្ព័ន្ធអារ៉ាប់នេះ ពុំមែនជាលើកទី១ឡើយ។ ដ្បិតថា កាលពីចុងឆ្នាំទៅមិញ កិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ក្នុងក្រុងរីយ៉ាដ, ប្រទេសអារ៉ាប៊ីសាអូឌីតក៏បានដង្ហើយហៅឲ្យភាគីជម្លោះបញ្ចប់សង្គ្រាមនៅហ្កាហ្សាដែរ។
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាចបានចេញមុខថ្លែងជាថ្មីលើគម្រោងព្រែកជីកហ្វូណនតេជោដោយបានជំរុញឲ្យនាយករដ្ឋមន្ដ្រីលោកហ៊ុន ម៉ាណែតពន្លឿនបើកការដ្ឋានសាងសង់ឱ្យបានឆាប់ដោយមិនចាំបាច់រង់ចាំទៀតទេ។ តាមលោកហ៊ុន សែន ការបន្តរង់ចាំនាំឲ្យមានប្រតិកម្មពីសាធារណៈជនកាន់តែច្រើនឡើងពីមួយថ្ងៃទៅថ្ងៃ។ ទន្ទឹមគ្នានេះ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាចរូបនេះដដែលបានឆ្លៀតវាយបកលោកសម រង្ស៊ីដែលបានវាយប្រហាររដ្ឋាភិបាលលើគម្រោងព្រែកជីកហ្វូណនតេជោស្ទើររាល់ថ្ងៃតាមបណ្តាញសង្គម។ តាមលោកសម រង្ស៊ី គម្រោងព្រែកជីកហ្វូណនរបស់លោក ហ៊ុន សែនបម្រើឱ្យយុទ្ធសាស្រ្តចិន និងថា ព្រែកជីកនេះជាប្រធានបទដើម្បីឱ្យលោកហ៊ុន សែនធ្វើប្រជាភិថុតិនយោបាយបង្វែរកំហឹងប្រជាពលរដ្ឋឱ្យទៅខឹងប្រទេសវៀតណាម។ ទោះយ៉ាងណា លោកហ៊ុន សែនថាលោកទុកឲ្យលោកសម រង្ស៊ីប្រឆាំងដល់ថ្ងៃស្លាប់។
យោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ល្ងាចថ្ងៃពុធទី ១៥ ឧសភា ឆ្នំ ២០២៤ មានបាតុករប្រមាណជាង ៣ ម៉ឺន នាក់ បានជួបជុំគ្នា នៅកណ្តាលក្រុង Tbilissi ក្នុងប្រទេស ហ្សកហ្ស៊ី ដើម្បីតវ៉ាប្រឆាំង ច្បាប់ថ្មី ដែលរដ្ឋសភា ទើបបានបោះឆ្នោតអនុម័ត មួយថ្ងៃមុន។ សូមបញ្ជាក់ថា ច្បាប់ថ្មីនេះ កំពុងរងការទិតៀន និង ថ្កោលទោស យ៉ាងខ្លាំង ពីសំណាក់សម្ព័ន្ធប្រទេសអូតង់ សហភាពអឺរ៉ុប និង អង្គការសហប្រជាជាតិ ដែលចាត់ទុកថា ច្បាប់នេះ នឹងទៅរារាំងប្រទេសហ្សកហ្ស៊ី មិនឲ្យចូលជាសមាជិក នៃសហភាពអឺរ៉ុប បាន។ ពុំតែប៉ុណ្ណោះ មានមតិជាច្រើន ដែលចោទថ្នាក់ដឹកនាំហ្សកហ្ស៊ី ថាកំពុងយកតម្រាប់តាមរុស្ស៊ី ដែលបានបង្កើតច្បាប់ស្រដៀងគ្នានេះ ដើម្បីបំបិទសិទ្ធិ សេរីភាពបញ្ចេញមតិ នៅក្នុងប្រទេស។
លោក វ្ល៉ាឌីមៀរ ពូទីន ផ្តើមបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅចិន។ ប្រធានាធិបតីចិន ស៊ី ជីនពីង បានទទួលស្វាគមន៍ប្រធានាធិបតីរុស្ស៊ី យ៉ាងកក់ក្តៅ នៅរដ្ឋធានីប៉េកាំង។ នេះជាសារនិមិត្តរូបសំខាន់ខ្លាំងនៃការខិតទៅជិតគ្នារបស់ប្រទេសទាំង២ ព្រោះប្រមុខរដ្ឋរុស្ស៊ីសម្រេចចិត្តជ្រើសរើសយកប្រទេស ចិន សម្រាប់ដំណើរទស្សនកិច្ច លើកទី១ទៅបរទេស បន្ទាប់ពីចៅហ្វាយវិមានក្រេមឡាំង ឡើងកាន់អំណាចអាណត្តិទី៥។ ដោយហៅគ្នាថា«មិត្តសម្លាញ់», ប្រមុខរដ្ឋទាំង២ ចាប់ដៃគ្នាបន្តរឹតចំណងមិត្តភាព«ឥតព្រំដែន» និងពង្រឹងសេដ្ឋកិច្ចពាណិជ្ជកម្ម«គ្រប់ជ្រុងជ្រោយ»រវាងចិននិងរុស្ស៊ី។ ជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំង២ ចេះតែកើនឡើងៗជាលំដាប់ គិតចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចឲ្យលោក គី តិច ប្រធានក្រុមមេធាវីរដ្ឋាភិបាលចេញមុខការពារពលរដ្ឋ និងធ្វើជាតំណាងពលរដ្ឋនៅក្នុងសំណុំរឿងទាំងឡាយ ដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និងស្ថាប័នតុលាការ។ ចំណាត់ការនេះត្រូវលោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ជាការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋរងគ្រោះក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា។ ប៉ុន្តែចំណាត់ការតែលើអតីតឧកញ៉ា ឡេង ចាន់ណា នេះ ត្រូវបានចោទសួរពីមហាជន និងអ្នកតាមដានសង្គមថា ហេតុអ្វីក៏រដ្ឋាភិបាលមិនចាត់វិធានការដូចគ្នាប្រឆាំងនឹងអតីតឧកញ៉ា ជា សារ៉ន និងហ៊ី គឹមហុង ដែលរងការចោទថាបានធ្វើឲ្យពលរដ្ឋទឹកភ្នែក និងរុញពួកគេឲ្យធ្លាក់ក្នុងជ្រោះនៃភាពក្រីក្រ។
ស្ត្រីវ័យចំណាស់ពីររូបដែលរស់នៅក្រោមដំបូលគាំពារមនុស្សចាស់របស់អង្គការមូនិធិកុមារកម្ពុជាបានស្លៀកពាក់តុបតែងជានារីអប្សរាខ្មែរ។ រូបភាពស្ត្រីទាំងពីររូបក្នុងសម្លៀកបំពាក់បែបនេះបានទទួលការកោត សរសើរយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសកម្ពុជា។ ស្ត្រីទាំងពីររូបដែលម្នាក់មានវ័យជាង១០០ឆ្នាំ និងម្នាក់ទៀតមានវ័យជាង៧០ឆ្នាំបានប្រាប់វិទ្យុបារាំងអន្តរជាតិថា នេះជាលើកទី១ក្នុងឆាកជីវិតដែលបានស្លៀកពាក់តុបតែងជានារីអប្សរាខ្មែរ។
សមយុទ្ធនាគមាសកម្ពុជា-ចិនឆ្នាំ២០២៤ បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី១៦ឧសភានេះនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សមយុទ្ធរវាងកម្ពុជា-ចិនលើកទី៦នឹងធ្វើឡើងរយៈពេល១៥ថ្ងៃដោយផ្តោតលើ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ គួររម្លឹកថា នៅមុនសមយុទ្ធចាប់ផ្តើម មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា កម្ពុជាធ្វើសមយុទ្ធជាមួយចិនមិនមានបំណងប្រឆាំងប្រទេសណាមួយទេ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី១៦ ឧសភានេះ លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទបានអះអាងថា ការផ្តោតសំខាន់លើការប្រឆាំងភេវកម្ម ព្រោះវាជាបញ្ហាដែលរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងមិនអាចមើលស្រាលបាន។ សូមស្តាប់បទសម្ភាសទាំងស្រុងរវាង ជួប នរក្សា និងលោក ថោង សូលីម៉ូ៖
នៅព្រឹកថ្ងៃទី១៦ឧសភានេះ អ្នកនាំពាក្យក្រសួងការងារ លោកកត្តា អ៊នបានចេញមុខច្រានចោលការចុះផ្សាយរបស់កាសែត The Cambodia Daily ដែលសរសេរថា រដ្ឋមន្ត្រីក្រសួងការងារលោកហេង សួរ ពាក់ព័ន្ធនឹងមុខរបរខុសច្បាប់ជាច្រើន ក្នុងនោះមានទាំងការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសផង។ ក្រសួងការងារចាត់ទុកការចុះផ្សាយដូច្នេះរបស់ The Cambodia Daily ថាជាព័ត៌មានមិនពិតក្នុងចេតនាញុះញុង។
តាមរយៈហ្វេសប៊ុកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ពេជ ចន្ទមុនី ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមានការគាំទ្របន្លែ ផ្លែឈើក្នុងស្រុក។ តាមភរិយានាយករដ្ឋមន្ត្រី ការគាំទ្រ និងជួយទិញបន្លែផ្លែឈើក្នុងស្រុក គឺជួយដល់កសិករ និងជួយដល់សេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ហ្វេសប៊ុកលោកស្រី ក៏បានបង្ហោះរូបភាពមួយសន្លឹកដែលបានសរសេរថា “តោះចូលរួមចលនាគាំទ្រផលិតផលបន្លែក្នុងស្រុក” និងរំលេចថា “គាំទ្របន្លែក្នុងស្រុកដើម្បីកាត់បន្ថយបន្លែនាំចូល”។ ជាការកត់សម្គាល់ ការអំពាវនាវនេះ ធ្វើឡើង ក្រោយមានការផ្ទុះករណីបន្លែសណ្ដែកគួរនៅលើទីផ្សារបានឡើងថ្លៃខ្ពស់។ តើការអំពាវនាវរបស់ជំទាវទី១ កម្ពុជារូបនេះនឹងទទួលបានការគាំទ្រយ៉ាងណា ខណៈបញ្ហាបន្លែនាំចូល និងបន្លែដាំក្នុងស្រុកបានក្លាយជាបញ្ហារសើបជាយូរមកហើយ?
ត្រីរាប់រយក្បាលបានងាប់អណ្ដែតត្រៀបត្រានៅលើផ្ទៃទឹកស្ទឹងជីនិតស្ថិតក្នុងភូមិសាស្រ្តភូមិកំពង់ស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ តាមអ្នកនេសាទនៅទីនោះ ត្រីងាប់នេះដោយសារតែពុលទឹកស្ទឹងដែលមានក្លិនស្អុយ។ ចំណែកប្រជាពលរដ្ឋនៅទីនោះមិនហ៊ានយកទឹកស្ទឹងទៅប្រើប្រាស់ និងក៏មិនហ៊ានទិញត្រីពីអ្នកនេសាទទៅបរិភោគដោយខ្លាចប៉ះពាល់សុខភាព។ គេនៅមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យទឹកស្ទឹងជីនិតមានក្លិនស្អុយ និងធ្វើឲ្យត្រីងាប់រាប់រយក្បាលនោះទេ។ ចំណែកមន្រ្តីក្រសួងកសិកម្មបានអះអាងថា ក្រសួងនឹងបញ្ជូនមន្រ្តីជំនាញឲ្យចុះទៅសិក្សាស្រាវជ្រាវ។
សមរភូមិសង្គ្រាមនៅអ៊ុយក្រែន ជិត១សប្តាហ៍មកនេះ កងទ័ពរុស្ស៊ីកាន់តែរុលសម្រុកទៅមុខ ចំណែកឯ យោធាអ៊ុយក្រែន ប្រកាសដកថយ។ ទីបញ្ជាការទ័ពអ៊ុយក្រែន បានជូនដំណឹងពីការដកទ័ពថយ ព្រោះតែស្ថានភាពតម្រូវចាំបាច់ ដើម្បីរក្សាអាយុជីវិតយុទ្ធជន។ ផ្ទុយទៅវិញ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ប្រកាសអបអរពីជ័យជម្នះស្ទើរតែ«គ្រប់តំបន់សមរភូមិ»។ នៅថ្ងៃទី១៥ឧសភា ក្រសួងការពាររុស្ស៊ីបានប្រកាសថាចូលត្រួតត្រាភូមិ ៣ ។
នៅក្នុងបទសម្ភាសន៍ផ្តល់ឱ្យភ្នាក់ងារសារព័ត៌មានបារាំងAFP អ្នកទទួលខុសត្រូវជាន់ខ្ពស់ថៃផ្នែកអាកាសធាតុ បានព្រមានថា ថៃទំនងជាត្រូវបង្ខំចិត្តលើករដ្ឋធានីបាងកក ទៅកន្លែងផ្សេង។ ដោយហេតុតែការប្រែប្រួលអាកាសធាតុ កម្ពស់ទឹកសមុទ្ទនឹងឡើងខ្ពស់ ហើយ បាងកកអាចនឹងត្រូវលិច ដោយចៀសមិនរួច នៅមុនដំណាច់សតវត្សរ៍។ នេះ បើតាមការព្យាករ។
នៅថ្ងៃទី១៤ឧសភា ប៉ូលិសសហព័ន្ធ FBI បានប្រកាសតាមចាប់ខ្លួនបុរសជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ក្នុងបទចោទប្រកាន់ឃាតកម្មដ៏ឃោរឃៅនៅសហរដ្ឋអាមេរិកកាលពី ៧ឆ្នាំមុន។ បើតាម FBI ឃាតកររូបនេះអាចរត់គេចពីការផ្តន្ទាទោសចូលមកប្រទេសកម្ពុជា និងបានសន្យាផ្តល់រង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះការផ្តល់ដំណឹងដែលនាំទៅដល់ការចាប់ខ្លួនឃាតករដែល FBI កំពុងចង់បានបំផុតរូបនេះ។