នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សអំណាចបានស្នើឱ្យបង្កើតច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់របបប្រល័យពូជសាសន៍ជាថ្មី។ គោលដៅ គឺដើម្បីដាក់ទោសលើជនណានិយាយថាគ្មានរបបប្រល័យពូជសាសន៍នៅកម្ពុជា។ គួររម្លឹកថាកាលពី ១០ឆ្នាំមុន រដ្ឋសភាបានអនុម័តច្បាប់មួយប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម។ ដូច្នេះតើច្បាប់ដែលលោកហ៊ុន សែនបានស្នើពេលនេះនឹងខុសគ្នាពីច្បាប់កាលពី ១០ឆ្នាំមុន ឬយ៉ាងណា?។ សម្រាប់អ្នកវិភាគខ្លះ ច្បាប់ដែលលោក ហ៊ុន សែនបានស្នើពេលនេះគ្រាន់តែគំរាមដល់ក្រុមប្រឆាំងប៉ុណ្ណោះ៕
អង្គការអ្នកកាសែតគ្មានព្រំដែន និង បណ្តាញអង្គការសង្គមស៊ីវិលខាងសិទ្ធិមនុស្ស បញ្ជាក់ថា រដ្ឋអំណាចចិន បានដោះលែង អតីតមេធាវី អ្នកស្រី ចង ចាន ក្រោយពីចាប់ឃុំដាក់ពន្ធនាគារ ប្រមាណ ៤ ឆ្នាំ។ ស្រីអ្នកកាសែតពលរដ្ឋរូបនេះ ធ្លាប់បានរិះគន់ចំពោះចំណាត់ការនយោបាយកូវីដសូន្យរបស់រដ្ឋអំណាចក្រុងប៉េកាំង ហើយនិងប្រើពាក្យសម្តីរិះគន់ចំៗ ទៅលើថ្នាក់ដឹកនាំចិន។ អាជ្ញាធរចិន បានចាត់ទុកថា សម្តីទាំងនោះ ជាអំពើញោះញង់ បង្ខូចសណ្តាប់ធ្នាប់សាធារណៈ។
កម្ពុជានៅតែរក្សាគោលជំហរគាំទ្រគោលនយោបាយចិនតែមួយដោយទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ហើយតៃវ៉ាន់គ្រាន់តែជាផ្នែកមួយនៃទឹកដីរបស់ចិនប៉ុណ្ណោះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា។
ក្នុងថ្ងៃទី២២ ឧសភានេះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា លោកកំពុងរង់ចាំមើលសាលដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល និងថ្នាក់ដឹកនាំក្រុមហាម៉ាសពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។ សម្រាប់លោកហ៊ុន សែន សង្គ្រាមនៅតំបន់ហ្គាហ្សាជាអំពើប្រល័យពូជសាសន៍ និងថា ដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងថ្នាក់ដឹកនាំក្រុមហាម៉ាសជាតឹកតាងបង្ហាញថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC មានយុត្តិធម៌។
អ្នកដំណើរនិងក្រុមបំរើការក្នុងយន្តហោះទាំងអស់បានធ្វើដំណើរមកដល់ទិសដៅចុងក្រោយ គឺ សិង្ហបុរីហើយ នៅព្រឹកថ្ងៃពុធទី ២២ឧសភានេះ បន្ទាប់ពីជួបហេតុការណ៍យន្តហោះរលាក់ក្រឡុកស្លាប់មនុស្សម្នាក់និងត្រូវចុះចតជាបន្ទាន់នៅប្រទេសថៃមក។ អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានចេញមុខថ្លែងសុំទោស និងចូលរួមរំលែកទុក្ខគ្រួសារសពភ្លាមនៅថ្ងៃនេះ។ អាជ្ញាធរសិង្ហបុរីសន្យាសហការស្អិតល្មួតជាមួយអាជ្ញាធរថៃដើម្បីរកមូលហេតុនៃគ្រោះថ្នាក់ និងបានបញ្ជូនក្រុមអង្កេតទៅដល់ក្រុងបាងកកហើយ។
នៅថ្ងៃទី២០ឧសភា កងកម្លាំងខេត្តព្រះសីហនុបានរំដោះជនជាតិឥណ្ឌាជិត ៦០នាក់ដែលជាជនរងគ្រោះក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញចេញពីបនល្បែងដ៏ធំមួយឈ្មោះ «ជីនប៉ៃ-៤»។ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានបញ្ជាក់ក្នុងថ្ងៃទី២១ ឧសភាថា ជនជាតិឥណ្ឌាទាំងនោះបានបញ្ជូនពីខេត្តព្រះសីហនុមកកាន់ក្រុងភ្នំពេញដើម្បីត្រៀមធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសឥណ្ឌាវិញ។ តាមតំណាងទូតឥណ្ឌា នៅមានពលរដ្ឋឥណាជាច្រើននាក់ទៀតកំពុងរងគ្រោះក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញក្នុងប្រទេសកម្ពុជា។
អំបិលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សរីរាង្គកាយ។ ខ្វះអំបិល អាចនឹងធ្វើឱ្យហើម និងមានជំងឺផ្សេងៗជាច្រើន តែបើបរិភោគច្រើនជ្រុល (ប្រៃខ្លាំងពេក) ក៏នឹងធ្វើឱ្យមានជំងឺជាច្រើនដែរ មានជាអាទិ៍ គឺជំងឺឡើងឈាមតែម្តង។ តែការសិក្សាថ្មីចុងក្រោយមួយរបស់អ្នកវិទ្យាសាស្ត្រជាតិអូទ្រីស បានបង្ហាញឱ្យឃើញថា អំបិលមិនត្រឹមតែអាក្រក់សម្រាប់សម្ពាធឈាមទេ តែការបរិភោគប្រៃ មានជាតិអំបិលច្រើនពេកអាចបង្កើនគ្រោះកើតជំងឺមហារីកក្រពះដល់ទៅ៤០%ឯណោះ។ តើអំបិលធ្វើឱ្យមានជំងឺមហារីកក្រពះ យ៉ាងដូចម្តេច?
បុណ្យវិសាខបូជា ជាពិធីបុណ្យសាសនាធំមួយលើសកលលោកដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមទីវត្តអារាមនានា។ បុណ្យវិសាខបូជាប្រារព្ធឡើងនៅថ្ងៃ ២២ ខែឧសភា ឆ្នាំ២០២៤ មានអត្ថន័យរម្លឹកព្រឹត្តិការណ៍ធំៗចំនួន ៣របស់ព្រះសម្មាសម្ពុទ្ធ រួមមាន ការប្រសូត ការត្រាស់ដឹង និងការចូលនិព្វានរបស់ព្រះពុទ្ធអង្គ។ ក្នុងនាមជាពុទ្ធសាសនិកម្នាក់ លោកយាយ ទ្រី ចន្ថា ឬហៅ ឧបាសិកា ទ្រី ចន្ថា ចង់ឃើញមនុស្សលោកភ្ជាប់ខ្លួនទៅព្រះពុទ្ធសាសនាដើម្បីរកសន្តិភាពក្នុងជីវិត។
ក្នុងក្រសែងភ្នែកចិន តាំងពីយូរមកហើយ ដែល រដ្ឋបាលក្រុងប៉េកាំង បានចាត់ទុកប្រធានាធិបតីតៃវ៉ាន់ថ្មី ថាជាបុគ្គលចង់ប្រកាសឯករាជ្យ។ ពេលនេះទៀត រដ្ឋអំណាចចិន ប្រកាសបន្ថែមថា លោក ឡៃ ឈីងទឿ ជាជនចង់ផ្តាច់ខ្លួនដ៏គ្រោះថ្នាក់ និងជាជនក្បត់បុព្វបុរសដូនតារបស់ខ្លួន។ ក្រៅពីចោទប្រកាន់, ចិនក៏បានគំរាមសងសឹកឲ្យចាស់ដៃ។ សម្តីគំរាមកំហែងរបស់រដ្ឋបាលចិនប៉េកាំង មានក្នុងសេចក្តីថ្លែងការណ៍១របស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ចុះថ្ងៃអង្គារ ទី២១ឧសភា។ ពោលគឺ១ថ្ងៃបន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ថ្មី ស្បថចូលកាន់តំណែងជាផ្លូវការ។
កីឡាករប្រដាល់ «គុនខ្មែរ» របស់កម្ពុជាជិត១០រូបនឹងចេញដំណើរទៅបារាំងដើម្បីប្រកួតប្រដាល់ «គុនខ្មែរ» មិត្តភាពអន្តរជាតិ និងដណ្តើមខ្សែក្រវាត់ពិភពគុនខ្មែរ (WKF) នៅថ្ងៃទី២ ខែមិថុនា ក្នុងទីក្រុងប័រដូ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក សឿ វណ្ណៈ អ្នករៀបចំព្រឹត្តិការណ៍គុនខ្មែរបានដាក់ក្តីរំពឹងថា ការប្រកួតលើកនេះអាចនឹងទទួលបានលទ្ធផលល្អ ព្រោះកីឡាករដែលបញ្ជូនទៅសុទ្ធតែជើងខ្លាំង។ កីឡាករ ដែលបញ្ជូនទៅមាន ឈឿង ល្វៃ ត្រូវប្រកួតជាមួយ Omar Samb ក្នុងតំណែងគូឯក, លន បញ្ញា ប៉ះ Omar Bathily, ទួន ស្រីពិន ប៉ះ Marika Orel, និងកីឡាករ សៀង ហៃ ដែលកំពុងហ្វិកហាត់នៅបារាំង ប៉ះជាមួយ Mazouz។ លោក សឿ វណ្ណៈ បានបន្ថែមថា ការប្រកួតនេះលើសពីមិត្តភាពទៅទៀត ព្រោះជាឱកាសដែលកម្ពុជាអាចបង្ហាញ «គុនខ្មែរ» ទៅកាន់ពិភពលោក។
តុលាការសិទ្ធិសមុទ្ទអន្តរជាតិ ដែលជាស្ថាប័នយុត្តិធម៌មួយរបស់អង្គការសហប្រជាជាតិ មានទីស្នាក់ការនៅក្រុងហំប៊ួរ ប្រទេសអាល្លឺម៉ង់ បានចេញសេចក្តីសម្រេច នៅថ្ងៃអង្គារទី ២១ឧសភា ឱ្យសហគមន៍ក្រុមប្រទេសកូនកោះឈ្នះក្តី។ ក្រុមប្រទេសកូនកោះបានប្តឹងទៅតុលាការសុំឱ្យរដ្ឋជាហត្ថលេខីនៃសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិសមុទ្ទទាំងអស់ ត្រូវពង្រឹងកាតព្វកិច្ចអាកាសធាតុរបស់ពួកគេ។
នៅថ្ងៃអង្គារ ទី២១ ខែឧសភានេះ មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានរៀបចំសន្និសីទមួយស្តីពីគោលនយោបាយគ្រប់គ្រងគ្រឿងស្រវឹងដោយមានការចូលរួមពីអ្នកជំនាញបរទេស និងស្ថាប័នពាក់ព័ន្ធនានារបស់រដ្ឋាភិបាលកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានបញ្ជាក់ថា នៅក្នុងស្ថានភាពបច្ចុប្បន្នទាក់ទងនឹងមហន្តរាយដែលបណ្តាលមកពីគ្រឿងស្រវឹង ប្រទេសកម្ពុជាចាំបាច់ត្រូវមានច្បាប់ និងគោលនយោបាយគ្រប់គ្រងគ្រឿងស្រវឹងជាបន្ទាន់៕
វត្ថុបុរាណខ្មែរ ចំនួន ២ អង្គ ត្រូវ សារមន្ទីរអាមេរិកនៅក្រុងញូវយ៉ក ប្រគល់ជូនសារមន្ទីរក្រុងបាំងកក ប្រទេសថៃ។ ថៃ ជាទីដែលវត្ថុបុរាណនោះ ត្រូវគេលួចយកចេញទៅបស្ចិមប្រទេស កាលពីជាង ៥០ ឆ្នាំមុន។ បដិមាទាំង ២ អង្គនោះ មានអាយុកាល យ៉ាងហោចជាង ៩០០ ឆ្នាំ និងឋិតក្នុងចំណោមបញ្ជីបុរាណវត្ថុ ទាំង១៦ ដែល សារមន្ទីរអាមេរិកមេត្រូប៉ូលីតាំង បានសន្យាកាលពីចុងឆ្នាំទៅមិញ ថាប្រគល់ជូនប្រទេសថៃ និងកម្ពុជា។ កម្ពុជា ត្រូវទទួលបានចំនួន ១៤ ក្នុងចំណោម បុរាណវត្ថុ ទាំង១៦។
នៅថ្ងៃទី២០ ខែឧសភា ក្រសួងការបរទេសកម្ពុជាបានកោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាទៅជួបដើម្បីពិភាក្សាជុំវិញសំណើរបស់កម្ពុជាដែលស្នើឱ្យរដ្ឋាភិបាលវៀតណាមសហការស្រាវជ្រាវកំណត់អត្តសញ្ញាណបុគ្គលដែលជេរប្រមាថលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាតាមបណ្តាញសង្គមតិកតុក។ ការជេរប្រមាថលោក ហ៊ុន សែនពីសំណាក់ពលរដ្ឋវៀតណាមធ្វើឡើង ក្រោយលោកហ៊ុន សែននិយាយរិះគន់វៀតណាមជុំវិញគម្រោងព្រែកជីកហ្វូណន។ អ្នកជំនាញការទូត និងទំនាក់ទំនងអន្តរជាតិយល់ឃើញថា ការកោះហៅឯកអគ្គរដ្ឋទូតវៀតណាមទៅជួប គឺដើម្បីលាងសម្អាតមន្ទិលសង្ស័យ និងបង្ការភាពប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ តែអ្នកវិភាគនយោបាយខ្លះមើលឃើញពីភាពផលប៉ះពាល់ដែលនឹងអាចកើតមានចំពោះទំនាក់ទំនងកម្ពុជា-វៀតណាម៕
មហោស្រពភាពយន្តអន្តរជាតិកាន លើកទី៧៧ បានឈានចូលដល់ថ្ងៃទី៧ គិតត្រឹមថ្ងៃចន្ទទី២១ឧសភា។ នៅតែ ៥ថ្ងៃទៀតប៉ុណ្ណោះ គេនឹងដឹងថា តើខ្សែភាពយន្តណាមួយ ក្នុងចំណោមខ្សែភាពយន្តចំនួន២២ដែលនឹងទទួលបានរង្វាន់ធំ តាល់ប័ត្រមាស។ នៅ៧ថ្ងៃមកនេះ ក្រៅពីខ្សែភាពយន្តចំនួន២២ដែលត្រូវប្រកួតប្រជែងគ្នាយករង្វាន់តាល់ប័ត្រមាស មានខ្សែភាពយន្តរាប់សិបត្រូវបានចាក់បញ្ចាំងជារៀងរាល់ថ្ងៃ នៅទីក្រុងកាន ទីក្រុងភាពយន្ត នៅក្នុងក្របខ័ណ្ឌនៃការប្រកួតយករង្វាន់ប្រភេទផ្សេងៗគ្នា។ ឈាង បុប្ផា រាយការណ៍ពីមហោស្រពភាពយន្តកាន។
ធនាគារជាតិកម្ពុជាបានព្យាករនៅថ្ងៃចន្ទទី២០ឧសភាថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤នេះនឹងមានកំណើនក្នុងរង្វង់៦% ជាមួយនឹងកម្រិតអតិផរណាក្នុងរង្វង់ ២%។ តែធនាគារជាតិកម្ពុជាមិនភ្លេចបញ្ជាក់ថា ទោះបីកម្ពុជាហាក់មានសេដ្ឋកិច្ចស្ទុះងើបឡើងក៏ដោយក៏សេដ្ឋកិច្ចកម្ពុជានៅតែអាចប្រឈមនឹងហានិភ័យមួយចំនួន។ លោកស្រីជា សេរី ទេសាភិបាលធនាគារជាតិកម្ពុជាអះអាងពីការបន្តគាំទ្រការអភិវឌ្ឍជាតិ តាមរយៈការផ្តល់ឥណទាន និងសេវកម្មហិរញ្ញវត្ថុដើម្បីចាកចេញពីវិបត្តិដោយភាពប្រុងប្រយ័ត្ន។
ព្រឹទ្ធសភាអាមេរិក ចោទប្រកាន់សហគ្រាសផលិតយានយន្តអាល្លឺម៉ង់ អង់គ្លេស និងស៊ុយអែត ថាបាននាំចូលរថយន្តដែលមានប្រលាក់ប្រលូសនឹងពលកម្មចាប់បង្ខំ នៅចិន។ ផ្នែកខ្លះនៃរថយន្តផលិតដោយកម្មករអ៊ុយហ្គួរដែលរងការចាប់បង្ខំ។ នេះបើតាមរបស់របាយការណ៍ព្រឹទ្ធសភាអាមេរិក ចេញផ្សាយនៅថ្ងៃចន្ទទី ២០ឧសភា២០២៤ ម្សិលមិញ។
នាយករដ្ឋមន្ត្រីថ្មី របស់សិង្ហបុរី លោក ឡរ៉ែនស៍ វ័ង បានប្រកាសវិធានការរឹតបន្តឹងសន្តិសុខសុវត្ថិភាពនៅក្នុងប្រទេស។ ការពង្រឹងសន្តិសុខនេះ បន្ទាប់ពីមានព្រឹត្តិការណ៍វាយប្រហារពីជនអ៊ីស្លាមជ្រុលនិយម សម្លាប់ប៉ូលិស២នាក់ នៅក្នុងទឹកដីម៉ាឡេស៊ី ជាប់ព្រំដែនសិង្ហបុរី។
អគ្គលេខាធិការរងអង្គការសហប្រជាជាតិបានចាត់ទុកជោគជ័យនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជាថាជាមេរៀនដ៍ល្អសម្រាប់ពិភពលោក។ ការលើកឡើងបែបនេះធ្វើឡើងក្នុងជំនួបនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ រវាងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកស្រី Alice Wairimu Nderitu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការបង្ការអំពើប្រល័យពូជសាសន៍។
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ ប្រទេសកម្ពុជាបានរៀបចំសន្និសីទជាលើកដំបូងស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ការការពារ និងការឆ្លើយតបតាមរយៈការអប់រំ និងការថែទាំសុខភាព»។ សន្និសីទមួយនេះជាព្រឹត្តិការណ៍ធំមួយមិនធ្លាប់មាន ខណៈកន្លងមក រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនតែងយកថ្ងៃ២០ ឧសភានេះជា «ទិវាជាតិនៃការចងចាំជារៀងរាល់ឆ្នាំ។
នៅក្នុងថ្ងៃទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងអបអរសប្តាហ៍មោទកភាព សហគមន៍ឥន្ទូនូកម្ពុជាបានរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពមួយនៅក្នុងខេត្តកំពតដោយមានការចូលរួមលេងរបស់កីឡាករស្រ្តីដែលបានប្តូរអត្តសញ្ញាណជាបុរស។ តាមរយ:ការប្រកួតកីឡាមួយនេះ ពួកគេចង់ផ្សព្វផ្សាយសារលុបបំបាត់ការរើសអើងក្នុងសង្គមគ្រប់រូបភាពចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ កីឡាករមួយចំនួនបានឱ្យដឹងថា កម្មវិធីនេះនឹងបើកទំព័រថ្មីចំពោះសង្គម និងបង្ហាញពីសាមគ្គីភាព កម្លាំងថាមពលរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។
ដោយចាត់ទុកថា សង្គ្រាមនៅតំបន់ហ្កាហ្សា ជាបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ, រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ CPI បានប្រកាសស្នើសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ និងថ្នាក់ដឹកនាំក្រុមប្រដាប់ហាម៉ាស។ ភ្លាមៗ អ៊ីស្រាអែល បានប្រតិកម្មថា ការប្រកាសបែបនេះ ជារឿងអាម៉ាស និងបានធ្វើឲ្យអាប់ឱនបាត់បង់កិត្តិយសរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ ទន្ទឹមនឹងគ្នាដែរ ភាគីក្រុមហាម៉ាសក៏បានថ្កោលទោសសំណើនេះ យ៉ាងដាច់អហង្ការ។
លោកប្រធានាធិបតីអ៊ីរ៉ង់ អេប្រាហ៊ីម រ៉ៃស៊ី និងលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាចក្រ កាលពីល្ងាចថ្ងៃអាទិត្យទី១៩ឧសភាម្សិលមិញ។ នេះបើផ្អែកតាមការផ្សាយ របស់បណ្តាញព័ត៌មានផ្លូវការអ៊ីរ៉ង់។ ការស្លាប់នេះ បានបង្កឲ្យមានចំណោទចោទសួរ អំពីផលប៉ះពាល់មកលើនយោបាយផ្ទៃក្នុងអ៊ីរ៉ង់ ស្របពេលដែលបរិបទតំបន់ដើមបូព៌ា កំពុងតែជួបអស្ថិរភាពយ៉ាងខ្លាំង ដោយសារតែសំណុំរឿងអ៊ីស្រាអែល-ប៉ាឡេស្ទីន។
នៅថ្ងៃអាទិត្យទី ១៩ឧសភានេះ មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិកលោក អេឡន មឺស្ក៍ បានអញ្ជើញទៅក្រុងបាលី ដើម្បីសម្ពោធបណ្តាញអ៊ីនធ័រនែតផ្កាយរណបStarlink របស់ក្រុមហ៊ុនSpaceX សម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាលឥណ្ឌូណេស៊ី។ ស្ថាបនិកក្រុមហ៊ុនSpaceX បានចុះកិច្ចព្រមព្រៀងផ្តោតលើវិស័យសុខភាពជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលផង និងមានគម្រោងជួបប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូវីដូដូទៀត។
ផ្ទៃក្នុងនៃខុទ្ទកាល័យសង្គ្រាមអ៊ីស្រាអែល ដែលត្រូវបានបង្កើតឡើងភ្លាមៗ ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី៧តុលា ពេលនេះបានចាប់ផ្តើមបង្ហាញការរង្គោះរង្គើហើយ។ លោកប៊ែនី ហ្កាន់ស៍ អតីតរដ្ឋមន្ត្រីការពារជាតិ និងជាសមាជិកម្នាក់នៃខុទ្ទកាល័យនេះ បានប្រកាសគំរាមចាកចេញ ប្រសិនបើ៣សប្តាហ៍ទៀត ខុទ្ទកាល័យនេះ នៅតែមិនព្រមអនុម័ត គូសវាសផែនការច្បាស់លាស់ ស្តីពីតំបន់ហ្កាហ្សានៅក្រោយចប់សង្គ្រាម ទេនោះ។
ដូចការគ្រោងទុក បាតុកម្មរបស់ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងបានធ្វើឡើងនៅថ្ងៃអាទិត្យនេះ នៅទីក្រុងសេអ៊ូល។ បាតុកម្មនេះរៀបចំឡើងដោយចលនាប្រជាធិបតេយ្យរួបរួមជាតិក្នុងបំណង ប្រឆាំងនឹងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ប៉ុន្តែបាតុកម្មនេះបានកើតឡើង បន្ទាប់ពី គណៈប្រតិភូរបស់កម្ពុជាបានចេញផុតពីប្រទេសកូរ៉េ តាំងពីយប់ថ្ងៃទី១៨ខែឧសភា។
អស់មួយសប្តាហ៍មកហើយ ដែលកោះនូវែលកាឡេដូនី ដែនដីនាយសមុទ្ររបស់បារាំង បានពើបប្រទះនឹងអំពើកុបកម្មហិង្សា អាណាធិបតេយ្យ បង្កឡើងដោយសកម្មជនឯករាជ្យនិយមជនជាតិដើមកាណាក់ ដែលប្រឆាំងនឹងការធ្វើកំណែទម្រង់ច្បាប់បោះឆ្នោត។ គិតត្រឹមពេលនេះ មានស្លាប់មនុស្សចំនួន៦នាក់ ចំណែកសេវាសាធារណៈ សាលារៀន ផ្សារលក់ទំនិញ ត្រូវបទទ្វារទាំងស្រុង ដោយសារតែខ្លាចក្រែងអំពើហិង្សារបស់ក្រុមកុបករ។ បើទោះបីមានការអំពាវនាវពីរដ្ឋាភិបាលបារាំង ដើម្បីបង្កើតបរិយាកាសសុន្ទនា ចរចាគ្នា តែស្ថានការណ៍ ហាក់ដូចជាស្ថិតនៅឆ្ងាយពីភាពស្ងប់ស្ងាត់ណាស់។
គណបក្សកុម្មុយនីស្តវៀតណាម បាន តែងតាំងលោក តូ លិម រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ជាប្រធានាធិបតីថ្មី ជំនួសប្រធានាធិបតីចាស់ដែលបានសុំលាលែងចេញពីតំណែង កាលពីខែមីនា ដោយមានពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ។ នេះបើតាមសេចក្តីប្រកាសរបស់ប្រព័ន្ធឃោសនារដ្ឋ នៅថ្ងៃសៅរ៍ទី ១៨ឧសភា២០២៤។ ក្នុងពេលរុះរើថ្នាក់ដឹកនាំនយោបាយដ៏កំពូលនេះ វៀតណាមក៏ប្តូរផ្លាស់ប្រធានសភាជាតិដែរ។
ប្រមាណ១សប្តាហ៍មកនេះ កងទ័ពរុស្ស៊ីបានបើកប្រតិបត្តិការទ្រង់ទ្រាយធំ វាយប្រហារសំរុកចូល នៅតំបន់ខាកៀវ ភាគឦសានអ៊ុយក្រែន ដោយបានដណ្តើមបានភូមិមួយចំនួន ហើយខិតមកកាន់តែជិតទីក្រុងខាកៀវ ទីក្រុងធំទី២របស់អ៊ុយក្រែន។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ ផ្តល់ឲ្យទីភ្នាក់ងារព័ត៌មានបារាំង AFP នៅថ្ងៃសៅរ៍ទី១៨ឧសភា លោកប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា ការវាយសំរុកទ្រង់ទ្រាយធំរបស់កងទ័ពរុស្ស៊ីលើកនេះ អាចជារលកដំបូង ដែលនឹងមានរលកបន្តបន្ទាប់ទៀត។ លោកហ្សេឡេនស្គី បានទទួលស្គាល់ថា រាល់ថ្ងៃនេះ អ៊ុយក្រែនខ្វះទាំងកម្លាំងទ័ព ខ្វះទាំងគ្រឿងសព្វាវុធដើម្បីប្រយុទ្ធ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានវាយតម្លៃនៃយុទ្ធនាការឃោសនាថ្ងៃដំបូងនេះថា ពុំមានហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សំគាល់ទេ ពោលដំណើរការទៅដោយស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសន្តិសុខល្អ។ សម្រាប់អ្នកឃ្លាំមើលការបោះឆ្នោតវិញ ការឃោសនាបោះឆ្នោតអសកលនេះហាក់មិនបានទាក់ទាញចំណាប់អារម្មណ៍ពីពលរដ្ឋឡើយ។
ផលិតផលគ្រឿងទេសផ្សំ ផលិតនៅឥណ្ឌា យីហោធំៗចំនួន២ ត្រូវបានគេរកឃើញថាមានផ្ទុកសារធាតុគីមី ដែលអាចបង្កជាជំងឺមហារីក។ បន្ទាប់ពីអាជ្ញាធរហុងកុង សិង្ហបុរី កាលពីថ្ងៃសុក្រទី១៧ឧសភា អាជ្ញាធរប្រទេសនេប៉ាល់ បានឲ្យដឹងថា គេសម្រេចហាមឃាត់ការនាំចូលផលិត និងការលក់ចែកចាយផលិតផលគ្រឿងទេសឥណ្ឌាទាំងនោះ។ ប្រទេសមួយចំនួនទៀត កំពុងបង្កើនការប្រុងប្រយ័ត្នក្នុងការត្រួតពិនិត្យគុណភាព។