បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាមួយអេស្ប៉ាញខាងផ្នែកសម្ភារៈបរិក្ខារយោធាតម្លៃ១ពាន់លានអឺរ៉ូ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡេនស្គី បានអញ្ជើញមកក្រុងព្រុចសែល នៅថ្ងៃអង្គារទី ២៨ឧសភា ដើម្បីចុះកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសបែលហ្ស៊ិក។ កិច្ចសហប្រតិបត្តិការយោធាអ៊ុយក្រែន-បែលហ្ស៊ិកមានទម្ងន់ពិសេស ព្រោះព្រុចសែលសន្យាផ្គត់ផ្គង់យន្តហោះចម្បាំងប្រភេទF-១៦ដល់អ៊ុយក្រែនចំនួន៣០គ្រឿង ពីពេលនេះដល់ឆ្នាំ២០២៨។
លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាប្រកាសទ្រទ្រង់សមាគមសិល្បករខ្មែរជាថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំសម្រាប់រយៈពេល ៥ឆ្នាំចាប់ពីឆ្នាំ២០២៤ នេះទៅ។ ការប្រកាសនេះធ្វើឡើងនៅក្នុងជំនួបជាមួយលោកស្រីម៉ៅ ចំណាន ប្រធានសមាគមសិល្បករខែ្មរនៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២៤។ ទន្ទឹមគ្នានេះ លោកហ៊ុន សែនក៏បានណែនាំឱ្យប្រធានសមាគមឡើងថ្មីរូបនេះពិនិត្យលក្ខខណ្ឌក្នុងការរក្សាតម្លៃសិល្បករខ្មែរឡើងវិញ។
ប្រទេសចំនួន៣ អេស្ប៉ាញ អៀរឡង់ និងន័រវែសបានចេញមុខទទួលស្គាល់ជាផ្លូវការរដ្ឋប៉ាឡេស្ទីន ចាប់ពីថ្ងៃអង្គារទី ២៨ឧសភា។ របត់នយោបាយការទូតរបស់ប្រទេស អឺរ៉ុបទាំងបីតាមរយៈការប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនបានធ្វើឲ្យអ៊ីស្រាអែលខឹងឆេះដុំ នៅប៉ុន្មានថ្ងៃមកនេះ។ អ៊ីស្រាអែលមិនត្រឹមកោះហៅអ្នកតំណាងទូតរបស់ប្រទេសទាំងបីមកព្រមាន ប៉ុន្តែ នៅបានចោទប្រកាន់អេស្ប៉ាញនាំមុខគេក្នុងចំណោមប្រទេសទាំងបីថា កំពុងផ្តល់អំណោយដល់ក្រុមហាម៉ាស និងឃុបឃិត ចូលរួមអំពាវនាវឲ្យមានការសម្លាប់ប្រល័យពូជសាសន៍ប្រជាជនជ្វីហ្វ។
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីសំណេះសំណាល និងស្នើសុំឲ្យប្រមុខរដ្ឋាភិបាលថ្មីបន្តអនុគ្រោះពន្ធមួយចំនួនដល់សាលាឯកជននានារហូតដល់ឆ្នាំ២០២៨។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារ ទី២៨ ខែឧសភានេះ លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានបញ្ជាក់ពីសន្ទុះនៃការងើបឡើងវិញនូវវិស័យអប់រំឯកជន និងថាការអនុគ្រោះពន្ធមួយចំនួនរបស់រដ្ឋាភិបាលដល់គ្រឹះស្ថានសិក្សាឯកជនបានជួយឲ្យវិស័យឯកជនមានប្រាក់ចំណេញ ហើយអាចបង្វិលប្រាក់ចំណេញនេះទៅវិនិយោគបន្ថែមលើវិស័យអប់រំឲ្យស្របទៅនឹងការវិវត្តន៍ជាក់ស្តែង៕
នៅចំពោះមុខការវាយប្រហារជាថ្មីលើជំរំជនស៊ីវិល នៅក្រុងរ៉ាហ្វា ដែលបណ្តាលឱ្យមានជនស៊ីវិលប៉ាឡេស្ទីនយ៉ាងហោច៤៥នាក់ស្លាប់បាត់បង់ជីវិត និង៤២៩នាក់រងរបួស ក្រុមប្រឹក្សាសន្តិសុខបានប្រកាសបើកប្រជុំបន្ទាន់នៅរសៀលនេះ។ ប្រតិកម្មថ្កោលទោសពីសំណាក់សហគមន៍អន្តរជាតិ ផ្តើមដោយអាមេរិក បារាំង កាណាដា ... បានធ្លាក់មកជាបន្តបន្ទាប់។ ឯចិនបានចេញសេចក្តីថ្លែងការណ៍បង្ហាញក្តីព្រួយបារម្ភ។ ចំណែកភាគីអ៊ីស្រាអែលផ្ទាល់វិញ នាយករដ្ឋមន្ត្រី នេតាន់យ៉ាហ៊ូ បានអះអាងនៅចំពោះមុខសភាអ៊ីស្រាអែល ថាការវាយប្រហារលើក្រុងរ៉ាហ្វានេះ ជាគ្រោះថ្នាក់ដ៏សោកសៅ។ តែការវាយប្រហារលើតំបន់ហ្កាហ្សានៅតែមានជាបន្ត នៅថ្ងៃអង្គារទី ២៨ឧសភានេះ។
តាមសំណើរបស់ប្រធានព្រឹទ្ធសភា លោកហ៊ុន សែន ក្រសួងយុត្តិធម៌កំពុងពិនិត្យសិក្សាលើច្បាប់ដាក់ទោសអ្នកដែលមិនទទួលស្គាល់វត្តមានអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ នេះជាការប្រាប់ឱ្យដឹងរបស់លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃទី២៨ ខែឧសភា។ តែអ្នកនាំពាក្យរូបនេះនៅមិនទាន់អាចបញ្ជាក់បានទេថា តើក្រសួងយុត្តិធម៌នឹងត្រូវបង្កើតច្បាប់ថ្មី ឬធ្វើវិសោធនកម្មលើច្បាប់ចាស់ប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមដែលរដ្ឋសភាបានអនុម័តកាលពីឆ្នាំ២០១៣។
គណបក្សប្រឆាំងចំនួន២ គឺគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិចាប់ផ្តើមមានអសនៈរបស់ខ្លួនឡើងវិញនៅក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមរយៈលទ្ធផលបឋមនៃការបោះឆ្នោតថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៤។ គួររម្លឹកថា នៅក្រោយការរំលាយគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ ២០១៧ គណបក្សប្រឆាំងត្រូវបានដកហូតអសនៈនៅថ្នាក់ក្រោមជាតិ និងនៅរដ្ឋសភា។ ជាមួយនឹងអសនៈដែលទទួលបានពេលនេះ តើគណបក្សប្រឆាំងទាំងពីរមានលទ្ធភាពធ្វើឲ្យប្រែប្រួលប្រជាធិបតេយ្យអ្វីខ្លះនៅថ្នាក់ក្រោមជាតិ?
ព្រះរាជពិធិបដិបត្តិសមាធិព្រះសង្ឃ ៥០០០អង្គនៅខាងមុខវត្តឧណ្ណាលោម រាជធានីភ្នំពេញត្រូវបានរៀបចំនាថ្ងៃទី២៧ឧសភាដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស សម្តេចព្រះមហាសង្ឃរាជកម្ពុជា។ ក្រៅពីព្រះសង្ឃ មហាព្រឹត្តិការណ៍មួយនេះក៏មានការចូលរួមយ៉ាងច្រើនកុះកររបស់ពុទ្ធបរិស័ទមកពីជិតទីឆ្ងាយ ទោះស្ថិតក្រោមមេឃភ្លៀងក្តី។ ពួកគេបានលើកឡើងដូចៗគ្នាថា ព្រះរាជពិធីបដិបត្តិសមាធិនេះមិនត្រឹមតែថ្វាយកុសលបុណ្យជូនព្រះបរមសពសម្តេចសង្ឃទេព វង្សប៉ុណ្ណោះទេ តែក៏បានផ្តល់ឱ្យពួកគេនូវកុសលផ្លូវចិត្តជ្រះថ្លាក្រៃលែងដែរ។
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាក់ព័ន្ធនានាបានជួបប្រជុំគ្នាជាមួយគណៈកម្មការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃប្រទេសចិន ដើម្បីជជែកពីគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា។ ជំនួបពិភាក្សាគ្នានេះ បានធ្វើឡើងក្រោយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានជំរុញឲ្យបើកការដ្ឋានជីកព្រែកមួយនេះឲ្យបានឆាប់ដើម្បីចៀសវាង«យប់យូរសុបិន្តច្រើន»។
ការបញ្ចេញឧស្ម័នកាបូនិកនៅមហាអំណាចសេដ្ឋកិច្ចចិនបានធ្លាក់ថយចុះគួរឲ្យកត់សំគាល់នៅខែមីនា។ យោងតាមការសិក្សាចេញផ្សាយវិបសៃតិ៍ជំនាញខាងវិទ្យាសាស្រ្ត Carbon Brief ការបញ្ចេញឧស្ម័នកាបូនិកធ្លាក់ថយចុះជាលើកទី១ នៅក្រោយការចាប់ផ្តើមសកម្មសេដ្ឋកិច្ច ក្រោយសម័យកូវីដយ៉ាងដូច្នេះ អាចធ្វើឲ្យគេវាយតម្លៃថា ការបញ្ចេញឧស្ម័នកាបូនិកបានឈានដល់កម្រិតកំពូល ឬអាចនិយាយបានម្យ៉ាងទៀតថា អំណើះតទៅ ការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់នៅចិននឹងចាប់ធ្លាក់ថយចុះ ដែលនេះជាដំណឹងដ៏ល្អសម្រាប់ពិភពលោកដែលកំពុងរួបរឹតដោយការប្រែប្រួលអាកាសធាតុ ការឡើងកំដៅនៅលើផែនដី។
ពលរដ្ឋអ្នកដាំសារ៉ាយសមុទ្រក្នុងភូមិព្រែកអំពិល សង្កាត់កូនកោះ ក្រុងបូកគោ ខេត្តកំពតនាំគ្នារអ៊ូររឿងឈ្មួញកណ្តាលផ្អាកទិញសារ៉ាយក្រៀមពីពលរដ្ឋ ក្រោយវៀតណាមមិនសូវត្រូវការដូចមុន។ តាមពលរដ្ឋអ្នកដាំ បញ្ហាទីផ្សារនេះកើតមានជិត១ឆ្នាំទៅ ខណៈតម្លៃបានក៏បានធ្លាក់ចុះពីជាង៤ពាន់មកនៅត្រឹម២ពាន់ ឬក្រោម២ពាន់រៀលទៅទៀតក្នុងមួយគីឡូក្រាម។
ប្រទេសចិនបានបញ្ជាក់ពីការគាំទ្រគម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ក្នុងនោះមានទាំងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ «ហ្វូណនតេជោ» ដែលចិនចាត់ទុកថា មានសារសំខាន់ជាយុទ្ធសាស្ត្រ។ ជាយុទ្ធសាស្រ្តដោយចិនអះអាងថាខ្លួនមានបទពិសោធន៍ជោគជ័យជាយូរមកហើយលើវិស័យនេះ។ ការបញ្ជាក់ពីការគាំទ្ររបស់ចិនបែបនេះធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាស្តីពីទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជាទៅកាន់ប្រទេសចិនពីថ្ងៃទី២៣ដល់ទី២៥ ខែឧសភាឆ្នាំ២០២៤។
សមយុទ្ធ«នាគមាស»លើកទី៦រួមគ្នា រវាងកងទ័ពកម្ពុជា-ចិន បានបិទបញ្ចប់ហើយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីបើកធ្វើអស់រយៈពេល២សប្តាហ៍។ សមយុទ្ធយោធារវាងប្រទេសទាំងពីរបានធ្វើឡើងនៅក្នុងកាលៈទេសៈមួយ ដែលមានភាពចម្រូងចម្រាសខាងភូមិសាស្ត្រនយោបាយរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក ជាពិសេសលើភាពមន្ទិលសង្ស័យជុំវិញមូលដ្ឋានកងទ័ពចិននៅកំពង់ផែរាម។ អ្នកតាមដាននយោបាយ និងភូមិសាស្ត្រនានាបានមើលឃើញផ្សេងៗគ្នា ជុំវិញសំណួរថាតើសមយុទ្ធយោធារួមគ្នាកម្ពុជា-ចិន នឹងធ្វើឲ្យភូមិសាស្ត្រនយោបាយកាន់តែឡើងកំដៅ ឬយ៉ាងណា?
លោកប្រធានាធិបតីបារាំង អាម៉ានុយអែល ម៉ាក្រុង បានចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យទី២៦ឧសភា។ ជាទស្សនកិច្ចដែលត្រូវបានធ្វើឡើង ដើម្បីពង្រឹងមិត្តភាព ការសហការរវាងបារាំងនិងអាល្លឺម៉ង់ ដែលជាកម្លាំងក្បាលម៉ាស៊ីនដ៏សំខាន់របស់អឺរ៉ុប។ ការលើកកំពស់លិទ្ធិប្រជាធិបតេយ្យសេរី ក៏ជាផ្នែកមួយដ៏សំខាន់ដែរ នៅក្នុងទស្សនកិច្ចនេះ ស្របពេលដែលការបោះឆ្នោតសភាអឺរ៉ុបខិតជិតមកដល់ ហើយដែលក្រុមបក្សស្តាំនិយមជ្រុលនៅតាមប្រទេសអឺរ៉ុបនានា កាន់តែមានសន្ទុះប្រជាប្រិយភាពគួរឲ្យបារម្ភ។
គណបក្សជំទាស់បាត់សំឡេងឆ្នោតជិតពាក់កណ្តាលនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ ២០២៤ ដែលបិទបញ្ចប់កាលពីថ្ងៃទី២៦ខែឧសភា។ នៅក្នុងចំណោមសមាជិកក្រុមប្រឹក្សាសរុប ទាំង៤២០០ អសនៈ គណបក្សឆន្ទៈខ្មែរអាចនឹងទទួលបានតែជាង៣០០អសនៈប៉ុណ្ណោះ។ តែបើផ្អែកលើអង្គបោះដែលគណបក្សជំទាស់មាន គណបក្សឆន្ទៈខ្មែរអាចទទួលបានជិត៦០០អសនៈ។
មិនដល់៥ខែស្រួលបួលផង ចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ ឆ្លងចូលប្រទេសអង់គ្លេស បានបំបែកកំណត់ត្រា ច្រើនជាង ១ ម៉ឺននាក់ បើគិតពីត្រឹមខែមករាដើមឆ្នាំរហូតទល់ពេលនេះ។ នេះបើតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃអង់គ្លេស ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ នឹងចាត់វិធានការបន្ថែមជាបន្ទាន់ ដើម្បីបញ្ចូនជនអន្តោប្រវេសន៍ខុសច្បាប់ ចេញពីប្រទេសឲ្យបានឆាប់។ នៅអង់គ្លេស បញ្ហាជនភៀសខ្លួនជាសំណុំរឿងក្តៅខ្លាំង និងក្លាយជាប្រធានដ៏ចម្បង១សម្រាប់យុទ្ធនាការបោះឆ្នោតជាតិ ដែលត្រូវចាប់ផ្តើម ក្នុងពេលដ៏ខ្លីខាងមុខនេះ។
១០ថ្ងៃ នៃការប្រកួតប្រជែងភាពយន្តអន្តរជាតិ នៅបារាំង, មហោស្រពទីក្រុងកាន បិទបញ្ចប់ដោយប្រគល់ពានរង្វាន់ដល់ស្នាដៃកុន ដែលឧទ្ទិសដល់តម្លៃស្ត្រី និងសិទ្ធិសេរីភាព។ វណ្ណកម្មសិល្បៈទី៧របស់អាមេរិក ស្តីពីជីវិតស្នេហារបស់នារីបម្រើសេវាកម្សាន្ត បានទទួលរង្វាន់តាលប័ត្រមាស ស្របពេលដែល នារីសមិទ្ធិករភាពយន្តឥណ្ឌា បានទទួលរង្វាន់ធំ។ នារីប្តូរភេទពីប្រុសទៅស្រី ទទួលបានរង្វាន់តួសម្តែងស្រីដ៏ល្អបំផុត។ ជាមួយគ្នានេះ គណៈមហោស្រពភាពយន្តក្រុងកាន ក៏បានបង្កើតរង្វាន់ពិសេស១ ចំពោះភាពយន្តអ៊ីរ៉ង់ ដែលតស៊ូដើម្បីសេរីភាព ប្រឆាំងនឹងអំណាចជិះជាន់ផ្តាច់ការ តេហេរ៉ង់។
១សប្តាហ៍បន្ទាប់ពីបាន ចូលកាន់មុខងារជាផ្លូវការ លោកប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ ឡៃ ឈីងទឿ បានប្រកាសនៅថ្ងៃអាទិត្យ ទី២៦ឧសភានេះថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយចិន ឈានទៅកសាងការយល់គ្នា និងការផ្សះផ្សាគ្នា។ ការប្រកាសដែលបានធ្វើឡើង បន្ទាប់ពីចិនបានបិទបញ្ចប់សមយុទ្ធយោធាទ្រង់ទ្រាយធំ ឡោមព័ទ្ធជុំវិញកោះតៃវ៉ាន់។
តម្លៃមាសនៅកម្ពុជានឹងបន្តហក់ឡើងរហូតដល់ជាង៣ពាន់ដុល្លារក្នុងមួយតម្លឹង នៅដើមខែមិថុនាខាងមុខ និងអាចកើនឡើងកាន់តែខ្ពស់បន្ថែមទៀតនៅចុងឆ្នាំ២០២៤នេះ។ នេះបើតាម លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុនGolden FX Link Capital។ ការហក់ឡើងតម្លៃមាសជាបន្តបន្ទាប់នៅកម្ពុជា និងនៅទីផ្សារអន្តរជាតិ គឺដោយសារតែបញ្ហាសង្គ្រាមនៅមជ្ឈឹមបូព៌ាបន្តអូសបន្លាយ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងបញ្ហានៃការធ្លាក់ចុះអត្រាការប្រាក់របស់ប្រាក់ដុល្លារអាមេរិក។
សាលាដំបូងរាជធានីភ្នំពេញប្រកាសបើកសវនាការនៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៤ លើសំណុំរឿង«រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» ដែលបានចោទប្រកាន់ទៅលើសកម្មជនបរិស្ថាន ចំនួន១០នាក់ រួមទាំង លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវីតសុន ជនជាតិអេស្បាញផងនោះ។ ប៉ុន្តែសកម្មជនបរិស្ថានដែលរងការចោទប្រកាន់ទាំងនោះគឺពួកគេស្ថិតនៅក្រៅឃុំ និងខ្លះនៅក្រៅប្រទេស។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានប្រារព្ធឡើងនៅខេត្តកំពង់ស្ពឺ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រ។ លទ្ធផលនៃការផ្សងប្រផ្នូលរបស់គោឧសភរាជបានបង្ហាញថា ស្រូវ ពោត សណ្ដែត នៅក្នុងឆ្នាំនេះទទួលបានទិន្នផលល្អ។
មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលកម្ពុជាចេញមកច្រានចោលការផ្សព្វផ្សាយថា មានការរកឃើញបំបែកយន្តហោះម៉ាឡេស៊ីMH370ដែលបានបាត់ខ្លួនកាលពីឆ្នាំ២០១៤ និងថាបានធ្លាក់នៅក្នុងព្រៃជ្រៅនៃប្រទេសកម្ពុជា។ ការបដិសេធរបស់អាកាសចរណ៍ស៊ីវិលកម្ពុជា ធ្វើឡើងបន្ទាប់មានសារព័ត៌មានបរទេសមួយចំនួនបន្តចុះផ្សាយដោយផ្អែកតាមរូបភាពទាញចេញពី Google Map បង្ហាញថា គេរកឃើញរូបភាពយន្តហោះរបស់ម៉ាឡេស៊ីពិតជាធ្លាក់ក្នុងព្រៃជ្រៅក្នុងទឹកដីកម្ពុជា។ តែយ៉ាងណា មន្ត្រីអាកាសចរណ៍ស៊ីវិលកម្ពុជាបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ប្រសិនបើមានសំណើសុំបើកការស៊ើបអង្កេតករណីនេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក។ នេះជាលើកទី២ហើយដែលរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិករូបនេះធ្វើដំណើរមកកម្ពុជា ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងក្នុងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
ប្រទេសមានសេដ្ឋកិច្ចជឿនលឿនខ្លាំង ទាំង៧ ប្រកាសឯកភាពគ្នាថាចង់ប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កក ក្នុងរង្វង់ប្រទេសហ្សេ៧និងនៅបស្ចិមលោក យកទៅជួយជំនួយផ្នែកហិរញ្ញវត្ថុនិងសព្វាវុធ ដល់ អ៊ុយក្រែន។ នេះបើតាមស្មារតីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចហិរញ្ញវត្ថុ នៃប្រទេសហ្សេ៧ នៅក្នុងប្រទេសអ៊ីតាលី នាថ្ងៃសៅរ៍ ទី២៥ឧសភា។ ភ្លាមៗ ភាគីរុស្ស៊ី ប្រតិកម្មថា នោះជាគម្រោងផែនការខុសច្បាប់សុទ្ធសាធ។ គួររំឭកដែរថា ផែនការប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កកនេះ ប្រទេសសហភាពអឺរ៉ុប ទាំង២៧ បានសម្រេចអនុវត្តវិធានការរួចទៅហើយ នៅក្នុងខែឧសភា។
លោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF លើកឡើងថា ការស្តារសត្វព្រៃឡើងវិញគឺជារឿងល្អ។ ប៉ុន្តែទន្ទឹមគ្នានេះលោកចង់ឱ្យមានយុទ្ធសាស្រ្តទប់ស្កាត់ឬសគល់នៃការបាត់បង់សត្វខ្លាផងដែរ ដើម្បីជៀងវាងយកមកអភិរក្សហើយត្រូវបាត់បង់ទៅវិញ។ ការលើកឡើងបែបនេះរបស់អ្នកជំនាញ ធ្វើឡើងបន្ទាប់ពី រដ្ឋាភិបាលឥណ្ឌាប្រកាសផ្តល់សត្វខ្លាធំចំនួន៤ក្បាល ឱ្យកម្ពុជានៅចុងឆ្នាំនេះ។
រិទ្ធីលំអពេជ្រ ស្រ្តីសមិទ្ធិករខ្មែរលើកដំបូងគេដែលមានខ្សែភាពយន្តចាក់បញ្ចាំងនៅក្នុងក្របខ័ណ្ឌមហោស្រពភាពយន្តអន្តរជាតិកាន លើកទី៧៧ ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ឧសភា។ Silig ខ្សែភាពយន្តខ្នាតខ្លី ដែលរិទ្ធី លំអពេជ្រជាអ្នកដឹកនាំរឿងជាមួយសមិទ្ធិករភាពយន្តហ្វីលីពីន ត្រូវបានចាក់បញ្ចាំងក្នុងមហោស្រព Quinzaine des cinéastes។ លំអពេជ្រធ្លាប់ទៅចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិកាន កាលពី៤ឆ្នាំមុន ដើម្បីចូលមើលកុនដូចអ្នកស្នេហាខ្សែភាពយន្តផ្សេងទៀត។ នៅ ៤ឆ្នាំក្រោយ លំអពេជ្របានត្រលប់ទៅកាន ក្នុងនាមជាសមិទ្ធិករភាពយន្ត។
ថ្ងៃសៅរ៍ទី២៥ឧសភានេះ ការបោះឆ្នោតសភានៅឥណ្ឌា បានចាប់ផ្តើមបន្តនៅក្នុងដំណាក់កាលទី៦ មុននឹងបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៤មិថុនាខាងមុខ។ នៅក្នុងដំណាក់កាលនេះ គឺដល់វេនទីក្រុងញូដេលី និងរដ្ឋមួយចំនួននៅភាគខាងជើងឥណ្ឌា ដែលត្រូវបោះឆ្នោតជ្រើសរើសសមាជិកសភា។ លទ្ធផលឆ្នោតនៅទីក្រុងញូដេលី ត្រូវបានគេរងចាំតាមដានបំផុត ព្រោះវាមានតម្លៃជានិម្មិតរូប បញ្ជាក់ពីកម្លាំងគាំទ្រខ្លាំងឬខ្សោយរបស់ប្រជាជនឥណ្ឌា ទៅលើគណបក្សរបស់លោកណារិន្ទ្រ ម៉ូឌី។ តែយ៉ាងណា សីតុណ្ហភាពដ៏សែនក្តៅនៅញូដេលី ហាក់បានទាញទំលាក់ កម្រិតនៃការចូលរួមបោះឆ្នោត។
ស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃសុក្រទី២៤ឧសភា បានរៀបចំនូវការជួបជុំនៃអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាពីប្រទសបារាំង ដើម្បីបង្កើនទំនាក់ទំនងទៅវិញទៅមក។ ជាពិធីជួបជុំដែលមានអតីតនិស្សិតចូលរួមជាង៥០០នាក់ បង្កើតបរិយាកាសអ៊ូអរនៅក្នុងស្ថានទូតបារាំង។ ចំណែកឯក្រុមអតីតនិស្សិតដែលចូលរួម ក៏បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ពួកគេពិតជារីករាយដែលបានទទួលឱកាសទៅរៀនសូត្រនៅបារាំង ហើយយកចំណេះដឹងទាំងនោះមកបម្រើការងារនៅកម្ពុជា។
អ៊ីស្រាអែលនៅតែបន្តវាយប្រហារទៀត ពិសេសនៅប៉ែកខាងត្បូងតំបន់រ៉ាហ្វាហ៍ និងប៉ែកកណ្តាលតំបន់ហ្កាហ្សា។ ប្រតិបត្តិការសឹកនៅបន្ត បើទោះបីជា តុលាការយុត្តិធម៌អន្តរជាតិ បានចេញសេចក្តីសម្រេចបញ្ជាឲ្យ អ៊ីស្រាអែល បញ្ឈប់ជាបន្ទាប់ រាល់ប្រតិបត្តិការយោធា នៅតំបន់រ៉ាហ្វាហ៍។ សាលក្រមនេះ ឆ្លើយតបនឹងទៅបណ្តឹងរបស់ប្រទេសអាហ្វ្រិកខាងត្បូង ដែលប្តឹងអ៊ីស្រាអែលពីបទល្មើសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ សេចក្តីសម្រេចនេះ ធ្លាក់មកនៅថ្ងៃសុក្រ ទី២៤ឧសភា ជួនចំពេលដែល ប្រទេសបារាំង និងភាគីដទៃទៀត រួមប្រជុំគ្នារកដំណោះស្រាយសន្តិភាព នៅតំបន់ហ្កាហ្សា។
នៅរយៈពេលប៉ុន្មានសប្តាហ៍មកនេះ គេឃើញរលកចាប់ខ្លួនមន្រ្តីយោធាជាន់ខ្ពស់របស់រុស្ស៊ីជាច្រើនរូប នៅក្នុងបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ។ នៅក្នុងចំណោមនោះ មានយ៉ាងហោច ៤នាក់ជាឧត្តមសេនីយ៍ ឬជាអ្នកទទួលខុសត្រូវជាន់ខ្ពស់ក្នុងជួរកងទ័ពរុស្ស៊ី។ នៅពាក់កណ្តាលខែឧសភានេះ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោកស៊ែកហ្គី ឆយហ្គូ ដែលកាន់តំណែងអស់១២ឆ្នាំ និងជាមនុស្សស្និទ្ធនឹងលោកប្រធានាធិបតី ពូទីន ក៏ត្រូវបានដកចេញពីតំណែង នៅក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្តូរសមាសភាពរដ្ឋាភិបាលថ្មី ដែលមានលោកពូទីនដឹកនាំសម្រាប់អាណត្តិទី៥។ ការដករដ្ឋមន្រ្តីការពារជាតិ និងការចាប់ខ្លួនមន្រ្តីយោធាជាន់ខ្ពស់រុស្ស៊ីប្រព្រឹត្តទៅនៅក្នុងបរិបទមួយដែលរុស្ស៊ីកំពុងជាប់លង់ខ្លួននៅក្នុងសង្រ្គាមអូសបន្លាយជាង២ឆ្នាំនៅ អ៊ុយក្រែន។ អ្នកនាំពាក្យរបស់វិមានក្រេមឡាំងវិញ បដិសេធថា រុស្ស៊ីមិនបានផ្តើមយុទ្ធនាការបោសសម្អាតក្នុងជួរកងទ័ព។
លែងជារឿងសម្ងាត់ទៅហើយ ដែលកូរ៉េខាងជើងបានផ្គត់ផ្គង់នូវគ្រឿងសព្វាវុធ ទៅឲ្យរុស្ស៊ីដើម្បីយកទៅធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។ នៅថ្ងៃសុក្រទី២៤ឧសភានេះ រដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូង ទើបតែបានប្រកាសដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចំនួន១១ និងមនុស្ស១នាក់ ដែលបានចូលរួមនៅក្នុងសកម្មភាពនេះ។ ជាការសម្រេចដោយសហការជាមួយរដ្ឋបាលអាមេរិក ដែលកំពុងតែព្យាយាមរកផ្លូវកាត់ផ្តាច់ ស្តុកអាវុធរបស់រុស្ស៊ី។
ថ្ងៃសុក្រទី២៤ឧសភា សាកសពចំណាប់ខ្មាំងចំនួន៣នាក់ ត្រូវបានកងទ័ពអ៊ីស្រាអែល យកបានពីភាគខាងជើងតំបន់ហ្កាហ្សា។ ជាចំណាប់ខ្មាំង ដែលក្រុមហាម៉ាសបានសម្លាប់ កាលពីថ្ងៃទី៧តុលា ហើយបានយកសាកសពទៅកាន់តំបន់ហ្កាហ្សា។ នេះបើផ្អែកតាមការបញ្ជាក់ពីក្រសួងការពារជាតិអ៊ីស្រាអែល។ បច្ចុប្បន្ននេះ នៅមានចំណាប់ខ្មាំងចំនួនប្រមាណ១៣០នាក់ ដែលស្ថិតនៅក្នុងដៃក្រុមហាម៉ាស។
មន្ត្រីពាក់ព័ន្ធខាងហ្វ្រង់កូហ្វូនីប្រទេសកម្ពុជាបានចាប់ផ្តើមជួបប្រជុំគ្នាជាលើកទី២ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាបានដាក់បេក្ខភាព។ គេអាចនិយាយបានថា កិច្ចប្រជុំនៅដើមសប្តាហ៍នេះបានផ្តើមចេញពីលទ្ធផលនៃព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរនៅប្រទេសបារាំងក្នុងឆ្នាំ ២០២៣។ នៅក្នុងជំនួបជាមួយលោក ម៉ាក្រុង ប្រធានាធិបតីបារាំង លោក ម៉ាក្រុងបានសម្តែងការគាំទ្របេក្ខភាពរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។