Sun blasts three massive solar flares on May 22 — scientists
newsare.net
The longest flare lasted 44 minutesSun blasts three massive solar flares on May 22 — scientists
The longest flare lasted 44 minutes Read more
The longest flare lasted 44 minutes Read more
ចេញពីព្យុងយ៉ាង លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានបន្តដំណើរទៅដល់ទីក្រុងហាណូយ នៅថ្ងៃព្រហស្បតិ៍ ទី២០មិថុនា។ វៀតណាមនិងរុស្ស៊ី គឺជាសម្ព័ន្ធមិត្តស្និទ្ធស្នាលបំផុត តាំងតែពីសម័យសង្គ្រាមត្រជាក់។ ទស្សនកិច្ចរបស់លោកពូទីន នៅវៀតណាមក្នុងពេលនេះ គឺធ្វើឡើងក្នុងកម្មវត្ថុពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ច ការពារជាតិ និងជាពិសេសលើវិស័យការទូត ស្របពេលដែលរុស្ស៊ីកំពុងស្ថិតនៅឯកោ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។
ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត ទើបបញ្ចប់ទស្សនកិច្ចនៅសិង្ហបុរីកាលពីថ្ងៃពុធ ទី១៩ ខែមិថុនាម្សិលមិញ។ ជាទស្សនកិច្ចផ្លូវការដែលរដ្ឋាភិបាលកម្ពុជាប្រកាសថា ទទួលបានជោគជ័យដ៏ត្រចះត្រចង់។ ត្រចះត្រចង់ ដោយសារតែកម្ពុជាបានស្វែងយល់ពីគំរូដឹកនាំប្រទេសប្រកបដោយភាពរុងរឿងរបស់សិង្ហបុរី ហើយរំពឹងថាកម្ពុជានឹងឈានទៅដល់កំរិតជឿនលឿនដូចសិង្ហបុរី នាថ្ងៃអនាគត។ ក៏ប៉ុន្តែបរិបទ និងប្រព័ន្ធដឹកនាំប្រទេសរបស់កម្ពុជាត្រូវគេមើលឃើញថា នៅមានទម្លាប់ចាស់ ស្មុគ្រស្មាញ និងពិបាកដោះស្រាយ។ តើអាចទេថា កម្ពុជានឹងមានភ័ព្វសំណាងដូចសិង្ហបុរីនៅថ្ងៃអនាគត?
អ្នកឧកញ៉ា ម៉ុង ឫទ្ធីអះអាងថា រោងចក្រចម្រាញ់ប្រេងដូង របស់លោកពុំបានបង្ហូរសារធាតុគីមី ទៅបំពុលក្នុងទឹកព្រែកកំពង់សីលា ដូចការចោទប្រកាន់របស់សកម្មជនចលនាមាតាធម្មជាតិនោះទេ។ បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅព្រឹកថ្ងៃទី២០ ខែមិថុនា ម្ចាស់រោងចក្រចម្រាញ់ប្រេងដូង MTSI រូបនេះនិយាយថា កាកសំណល់រាវដែលបង្ហូរចេញពីរោងចក្រ អន្លង់ក្រពើ ក្នុងស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ត្រូវបានឆ្លងកាត់ការចម្រោះលើផ្ទៃដីជាង៦គីឡូម៉ែត្រ មុននឹងហូរចូលទៅក្នុងព្រែកកំពង់សីលា។ អ្នកឧកញ៉ាម៉ុង ឫទ្ធី បញ្ជាក់ថា អ្វីដែលសំខាន់ រោងចក្ររបស់លោកមិនធ្លាប់ប្រើប្រាស់សារធាតុគីមីក្នុងការចម្រាញ់យកប្រេងដូងម្តងណាឡើយ។ បើការវាយតម្លៃរបស់លោក ករណីពុលត្រីក្នុងព្រែកកំពង់សីលាកន្លងទៅនេះ អាចបណ្តាលមកការកត្តាប្រែប្រួលអាកាសធាតុ។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រកាសជាសាធារណៈថា កម្ពុជាគាំទ្រសេចក្ដីថ្លែងការណ៍រួម ស្ដីពីការឈប់ដាក់ទោសទណ្ឌជាសកលលើក្រុមអ្នកស្រលាញ់ភេទដូចគ្នា។ ការប្រកាសចូលរួមរបស់កម្ពុជា គឺស្របតាមសំណើរបស់ប្រទេសបារាំងដែលចង់ឱ្យកម្ពុជាចូលរួមគាំទ្រនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយនេះ។
លោកប្រធានាធិបតីរុស្ស៊ី វ្លាដេមៀពូទីន និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកជំនួបកំពូលទ្វេភាគី នៅព្រឹកថ្ងៃពុធទី១៩មិថុនា២០២៤នេះ នៅទីក្រុងព្យុងយ៉ាង។ ជាលទ្ធផល ប្រមុខដឹកនាំទាំងពីរបានចុះកិច្ចព្រមព្រៀងលើភាពជាដៃគូយុទ្ធសាស្ត្រ ដែលគ្រោងជួយគ្នាទៅវិញទៅមកក្នុងករណីមានការឈ្លានពានណាមួយ។ នេះបើតាមប្រសាសន៍របស់លោកពូទីន ក្រោយចុះហត្ថលេខាលើកកិច្ចព្រមព្រៀងរួច។
ថ្មីៗនេះរដ្ឋាភិបាលនៃប្រទេសជិតខាងទាំង៣ កម្ពុជា វៀតណាម ថៃបានប្រកាសបង្កើតកិច្ចសហប្រតិបត្តិការនៅក្នុងគម្រោងផ្លូវសមុទ្រតភ្ជាប់ខេត្តព្រះសីហនុជាមួយខេត្តត្រាតរបស់ថៃ និងខេត្តគៀនយ៉ាងរបស់វៀតណាម ដើម្បីជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ អ្នកជំនាញលើវិស័យទេសចរណ៍រំពឹងថា ការរួមគ្នារបស់ប្រទេសទាំង៣ នឹងធ្វើឱ្យកម្ពុជាទទួលបានផលប្រយោជន៍ច្រើន ពិសេសលើវិស័យទេសចរណ៍ និងការដឹកជញ្ចូន។ បើតាមអ្នកជំនាញ វិស័យទេសចរណ៍កម្ពុជានឹងកាន់តែរីកចម្រើនទៅមុខ ហើយអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់បាន ព្រោះថា ខេត្តព្រះសីហនុសក្តិសម ទាំងកត្តាភូមិសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធនានា។
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ពលរដ្ឋមកពីខេត្តក្រចេះប្រមាណ ៦០នាក់បានយកញត្តិទៅដាក់នៅស្ថាប័នរដ្ឋចំនួន៣គឺ ក្រសួងមហាផ្ទៃ ខុទ្ទកាល័យនាយករដ្ឋមន្ដ្រី និងក្រសួងរៀបចំដែនដីដើម្បីស្នើសុំអន្តរាគមន៍បញ្ឈប់ការឈូសឆាយដី និងដំណាំរបស់ពួកគាត់។ បើតាមការអះអាងរបស់អង្គការលីកាដូ ពលរដ្ឋជាង១ពាន់គ្រួសារនៅក្នុងភូមិចំនួន២ ក្នុងខេត្តក្រចេះបានចោទក្រុមហ៊ុនក្នុងស្រុកមួយថា បានឈូសឆាយដីរបស់ពួកគាត់ ដែលក្រុមហ៊ុនគ្រប់គ្រងដោយជនជាតិសិង្ហបុរី ចាត់ទុកថា ស្ថិតនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។
តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រយៈពេល២ថ្ងៃនៅសិង្ហបុរី គឺថ្ងៃទី១៨ និង១៩ ខែមិថុនានេះ សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរីបានចុះអនុស្សរណៈយោគយល់គ្នា(MOU)មួយស្តីពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ឆេង គឹមឡុង នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) និងជាអ្នកជំនាញសេដ្ឋកិច្ចមួយរូបបានមើលឃើញថាការចុះMOU រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរីនឹងជួយឲ្យកម្ពុជាអាចទាក់ទាញការវិនិយោគផ្ទាល់ពីសិង្ហបុរីឲ្យកាន់តែច្រើនជាងមុន។
អាណាព្យាបាលសិស្សនៅសាលាបឋមសិក្សាប្រាសាទគោលក្នុងខេត្តសៀមរាប បានលើកឡើងពីកង្វល់ផ្នែកសេដ្ឋកិច្ច បន្ទាប់ពីពួកគេទទួលបន្ទុកចំណាយលើការសិក្សាបន្ថែមម៉ោងរបស់កូនៗតាំងតែពីប៉ុន្មានខែមកនេះ។ ជារួម ពួកគេត្រូវបង់ថវិកាចំនួន១៥០០០រៀលក្នុងមួយខែដើម្បីជួយឧបត្ថម្ភគ្រូដែលបង្រៀនបន្ថែមម៉ោង។ កង្វល់របស់អាណាព្យាបាលកើតឡើងក្រោយពេលដែលសាលាបឋមសិក្សាមួយចំនួន ចាប់ផ្តើមអនុវត្តការរៀនបន្ថែមម៉ោង ចំនួន២ម៉ោងដល់សិស្សបឋមសិក្សា។ យន្តការបង្រៀនបន្ថែមម៉ោងដល់សិស្សបឋមសិក្សាត្រូវបានប្រមុខរដ្ឋាភិបាលប្រកាសជាសាធារណៈកាលពីពេលថ្មីៗ និងបញ្ជាក់អះអាងថារដ្ឋនឹងទទួលបន្ទុកលើចំណាយគ្រូបង្រៀន។ ប៉ុន្តែ នៅលើទីតាំងជាក់ស្តែង អាណាព្យាបាលរបស់សិស្សបានត្អូញត្អែរថាពួកគេជាអ្នកបង់រហូតមក និងបានស្នើឲ្យរដ្ឋគិតគូរពីបញ្ហានេះ ដើម្បីជួយសម្រាលបន្ទុករបស់ពលរដ្ឋក្រីក្រតាមជនបទ៕
ពលករបរទេសជាង ២៦ ០០០នាក់ មកពីភូមា កម្ពុជា ឡាវ វៀតណាម និងប្រទេសផ្សេងៗទៀត ត្រូវបានអាជ្ញាធរថៃប្រមូលចាប់ខ្លួនតែក្នុងរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្នុងចំណោមពលករខុសច្បាប់ទាំងនោះ មានពលករកម្ពុជាប្រមាណ ៤ពាន់នាក់។ នេះបើតាមកាសែត The Nation របស់ថៃ ចុះផ្សាយនៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤។
គណបក្សជំនាន់ថ្មី ដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានសម្តែងការព្រួយបារម្ភ និងស្នើឲ្យគណបក្សប្រជាជនដែលជាបក្សកាន់អំណាច បកស្រាយសារសំឡេងបែកធ្លាយ របស់លោក ហ៊ុន សែន ដែលគណបក្សជំនាន់ថ្មីចាត់ទុកថា ជាសារគំរាមកំហែងអ្នកប្រឆាំង។ សំណើរបស់គណបក្សជំនាន់ថ្មីនេះ ធ្វើឡើងស្របពេលដែលសារជាសំឡេង បែបហិង្សារបស់លោក ហ៊ុន សែន ត្រូវបានគេចែកចាយ តាមបណ្តាញសង្គម រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។
មួយរយៈពេលចុងក្រោយនេះ ហេតុការណ៍បាញ់សម្លាប់គ្នាហាក់កក្រើកឡើងខ្លាំង ដែលបង្កឱ្យមានវិបត្តិអសន្តិសុខក្នុងសង្គម។ ករណីបាញ់សម្លាប់គ្នាភាគច្រើន កើតចេញពីទំនាស់បុគ្គល អំពើហិង្សាក្នុងគ្រួសារ និងករណីជម្លោះពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ។ បញ្ហាទាំងអស់នេះបានធ្វើឲ្យអ្នកវិភាគសង្គមភាគច្រើនព្រួយបារម្ភពីអសន្តិសុខ ភាពគ្មានសណ្តាប់ធ្នាប់ក្នុងសង្គម ពិសេសការប្រើប្រាស់អាវុធគ្រឿងផ្ទុះដោយខុសច្បាប់ដើម្បីប្រព្រឹត្តអំពើឃាតកម្ម។ បើតាមក្រុមអ្នកវិភាគសង្គម រដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរឹង ដើម្បីបញ្ចប់វិបត្តិសង្គមមួយនេះឱ្យបានឆាប់។
ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀត្រូវធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ២ថ្ងៃ នៅប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារទី១៨មិថុនា និងថ្ងៃពុធស្អែក។ ប៉ុន្តែ មុនធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង នៅថ្ងៃអង្គារនេះ មេដឹកនាំរុស្ស៊ី លោកពូទីនបាននិយាយកោតសរសើរកូរ៉េខាងជើងដែលបង្ហាញជំហរម៉ឺងម៉ាត់ គាំទ្រប្រតិបត្តិការយោធាពិសេសររបស់រុស្ស៊ីនៅអ៊ុយក្រែន។ នៅក្នុងលិខិតរបស់លោកពូទីន ដែលកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun ចុះផ្សាយនៅថ្ងៃអង្គារនេះ លោកពូទីននៅបានសន្យាបង្កើតយន្តការពិសេស ដើម្បីធ្វើការដោះដូរពាណិជ្ជកម្មនិងប្រព័ន្ធសន្តិសុខជាមួយកូរ៉េខាងជើង ដោយមិនឲ្យជាប់សំណាញ់ត្រួតពិនិត្យរបស់ប្រទេសលោកខាងលិច។ វត្តមានរបស់ប្រធានាធិបតីរុស្ស៊ី នៅប្រទេសកូរ៉េខាងជើងដែលទើបក្លាយជាមហាអំណាចនុយក្លេអ៊ែរបានធ្វើឲ្យលោកខាងលិច ជាពិសេសអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ ភ័យព្រួយបារម្ភ។
វិបត្តិអចលទ្រព្យនៅក្នុងប្រទេសកម្ពុជាត្រូវគេមើលឃើញថានៅបន្តអូសបន្លាយមកដល់ឆ្នាំ២០២៤ នេះ បើទោះបីជាកម្ពុជាមានស្ថានភាពសេដ្ឋកិច្ចងើបឡើងវិញចាប់តាំងពីឆ្នាំ២០២២ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ សកម្មភាពទិញដូរអចលនទ្រព្យពីសំណាក់ពលរដ្ឋខ្មែរមិនមានភាពសកម្ម បន្ទាប់ពីការសាងសង់ផ្ទះ និងបុរីកន្លងមកមានសន្ទុះខ្លាំង។ វិបត្តិអចលនទ្រព្យកំពុងបន្តមាននៅកម្ពុជាដូចនេះ ត្រូវបានអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យមើលឃើញផ្សេងៗគ្នាថា វាជាការជាប់គាំង និងជាការផ្គត់ផ្គង់លើសពីតម្រូវការផងដែរ៕
នៅក្នុងកញ្ចប់ថវិកាសម្រាប់ឆ្នាំ ២០២៥ ខាងមុខ រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយជាង៩ពាន់លានដុល្លារ និងត្រៀមប្រមូលវិញជាង៧ពាន់លានដុល្លារ។ នេះបើយោងតាមខ្លឹមសារដកស្រង់ថវិកាឆ្នាំ២០២៥ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ផែនការចំណាយរបស់រដ្ឋាភិបាល ជាង៩ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៥ គឺអាចមានទំហំ ១៧,៨៤%នៃផលិតផលសរុបក្នុងស្រុក និងមានកំណើនជាង០,៥% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២៤។
ចាប៉ីដងវែងជាឧបករណ៍ភ្លេងបុរាណខ្មែរមួយដែលមានតាំងពីយូរលង់។ ចាប៉ីដងវែងត្រូវបានគេយកទៅលេងផ្គុំជាមួយឧបករណ៍ភ្លេងបុរាណផ្សេងទៀតនៅក្នុងវង់ភ្លេងអារក្ស វង់ភ្លេងមហោរី ឬមួយក៏លេងទោលសម្រាប់កំដរចម្រៀងកំណាព្យ។ តែគេបានសង្កេតឃើញថាពីសម័យកាលមួយទៅសម័យកាលមួយ ឧបករណ៍ភ្លេងបុរាណខ្មែរមួយនេះហាក់បាត់ចំណាប់អារម្មណ៍បន្តិចម្តងៗរហូតស្ទើរលែងមានវត្តមានក្នុងកម្មវិធី។ ករណីនេះបានធ្វើឲ្យលោកពេជ សារ៉ាតមានការបារម្ភជាពន់ពេក។ ក្នុងនាមជាគ្រូបង្រៀនចាប៉ីដងវែងម្នាក់ដែលកំពុងបង្រៀនសិស្សចំនួន ២០០នាក់ លោកពេជ សារ៉ាតមិនញញើតនឹងថ្លែងថា ចាប៉ីដងវែងនឹងបាត់បង់នៅថ្ងៃណាមួយ បើលែងមានអ្នកគាំទ្រ៕
បន្ទាប់ពីរង្គោះរង្គើដោយសារការដើរចេញរបស់ប្រមុខបក្សប្រឆាំង កាលពីសប្តាហ៍មុន ខុទ្ទកាល័យសង្រ្គាមដែលត្រូវបានបង្កើតឡើងដើម្បីចាត់ចែងការធ្វើសង្រ្គាមប្រឆាំងក្រុមហាម៉ាសនៅហ្កាហ្សា ត្រូវប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូប្រកាសរំលាយចោល កាលពីថ្ងៃចន្ទទី ១៧មិថុនា។ យោងតាមអ្នកទទួលខុសត្រូវអ៊ីស្រាអែល ដែលដកស្រង់សំដីដោយ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានពង្រួមខុទ្ទកាល័យសង្រ្គាម មកនៅត្រឹមខុទ្ទកាល័យសន្តិសុខ ដែលមានការចូលរួមរបស់រដ្ឋមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលដែលស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តីតែប៉ុណ្ណោះ។
បន្ទាប់ពីរងការរិះគន់និងជំទាស់ជាខ្លាំងពីអ្នកបរិស្ថាននិយម អស់ជាច្រើនឆ្នាំរួចមក ទីបំផុតទៅ ប្រធានាធិបតីស៊ែរប៊ី ប្រកាសឲ្យដឹង នៅថ្ងៃអាទិត្យ ទី១៦មិថុនា ថា ប្រទេសរបស់ខ្លួនអាចនឹងចម្រាញ់ទាញយក រ៉ែលីចូម មកប្រើប្រាស់ នៅឆ្នាំ២០២៨។ នេះបើតាមបទសម្ភាស១របស់ប្រមុខរដ្ឋស៊ែរប៊ី ដែលបានផ្តល់ទៅឲ្យកាសែតអង់គ្លេស Financial Times។ ការប្រកាសដំណឹងចម្រាញ់រ៉ែនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនរ៉ែអូស្ត្រាលីនិងអង់គ្លេស បានចេញរបាយការណ៍១ស្តីពីផលប៉ះពាល់ផ្នែកបរិស្ថាន បណ្តាលមកពីឧស្សាហកម្មនីស្សារណកម្ម នៅប៉ែកខាងលិចស៊ែរប៊ី។
ឧប្បត្តិហេតុប៉ះទង្គិចគ្នារវាងឆ្មាំសមុទ្ទចិននិងហ្វីលីពីនកើនឡើងច្រើន នៅក្នុងសមុទ្ទចិនខាងត្បូង នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ឥលូវភាពប្រកួតប្រជែងរវាងប្រទេសទាំងពីរកំពុងឈានចូលដល់ដំណាក់កាលថ្មី លើកនេះ នៅលើផ្លូវច្បាប់ម្តង។ នៅថ្ងៃទី១៥មិថុនាម្សិលមិញ ម៉ានីលបានស្នើសុំទៅអង្គការសហប្រជាជាតិ ឱ្យទទួលស្គាល់អធិបតេយ្យភាពនៃធ្នើទ្វីបរបស់ហ្វីលីពីន ដែលលាតសន្ធឹងដល់សមុទ្ទចិនខាងត្បូង។ ការទាមទារពង្រីកអធិបតេយ្យភាពនេះ ធ្វើឡើងតែមួយថ្ងៃក្រោយពីចិនបានចេញច្បាប់ថ្មីសម្រាប់ចាប់ឃុំអ្នកបំពាននៅសមុទ្ទចិនខាងត្បូង។
លោកលី ឈាំង នាយករដ្ឋមន្ត្រីចិន បានអញ្ជើញទៅដល់ប្រទេសអូស្ត្រាលីនៅថ្ងៃសៅរ៍ទី១៥មិថុនា២០២៤ ដើម្បីបំពេញទស្សនកិច្ចរយៈពេលបួនថ្ងៃ។ នេះគឺជាលើកទីមួយហើយ គិតចាប់តាំងពីឆ្នាំ២០១៧មក ដែលបុរសខ្លាំងពីរចិន ធ្វើដំណើរទៅដែនដីអូស្ត្រាលី។ គ្រាន់តែទៅដល់ភ្លាម លោកនាយករដ្ឋមន្ត្រីចិនបានបង្ហាញឆន្ទៈផ្សះផ្សា បញ្ចុះសម្ពាធតានតឹងទាំងឡាយដោយអំពាវនាវឱ្យប្រមុខដឹកនាំអូស្ត្រាលីរុញភាពមិនត្រូវគ្នានៅកន្លៀតសិន។ ដើម្បីផ្តល់សន្ទុះដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ លោក លីឈាំង បានប្រកាសឱ្យអូស្ត្រាលីខ្ចីសត្វប៉ងដាពីរក្បាល ដែលជាតំណាងយុទ្ធសាស្ត្រនយោបាយការទូតស្រទន់របស់ចិន។
ក្រុមសហជីពមួយដែលអះអាងថា មានសមាជិក៤ម៉ឺននាក់ បានធ្វើបាតុកម្មនៅមុខមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(សង់ត្រាល់) កាលពីថ្ងៃទី១៤ខែមិថុនា និងបានដាក់ញ្ញត្តិទៅក្រសួងមហាផ្ទៃឲ្យត្រួតពិនិត្យសកម្មភាពរបស់អង្គការមួយនេះ។ ក្រុមសហជីពដែលគេស្គាល់ថា មានទំនោរទៅរករដ្ឋាភិបាលនេះ បានចោទប្រកាន់អង្គការសង់ត្រាល់ថា ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្មករ និងអ្នកវិនិយោគ បន្ទាប់ពីអង្គការសង់ត្រាល់ចេញ«របាយការណ៍ស្រមោល»មួយទាក់ទងនឹងសេរីភាពសហជីពនៅកម្ពុជា។
ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រមែងមមាញឹកជាប្រចាំថ្ងៃ ដោយសារតែការឆ្លងដែនរបស់ប្រជាពលរដ្ឋរួមទាំងអ្នកប្រកបមុខរបរអូសរទេះដឹកទំនិញឆ្លងដែនផង។ តែសកម្មភាពកម្មករអូសរទេះដែលជាការងាររកចំណូលជាប្រចាំថ្ងៃរបស់កម្មករឆ្លងដែន ហាក់បានប្រែប្រួលច្រើននៅពេលបច្ចុប្បន្ន។ កម្មករអូសរទេះមួយចំនួនអះអាងថា ពួកគេ តែងតែប្រឈមនឹងការរឹតត្បិតការចេញចូលច្រកព្រំដែន ដោយសារតែមិនមានបណ្ណដែលចេញដោយអាជ្ញាធរព្រំដែន។ រនាំងឧបសគ្គ បានញាំងកម្មករដែលធ្លាប់អូសរទេះរាប់ឆ្នាំមកហើយគ្មានជម្រើអ្វីក្រៅពីងាកទៅប្រកបរបរជាអ្នករើសអេតចាយដើម្បីរកកម្រៃចិញ្ចឹមក្រពះនោះឡើយ ។
ថ្ងៃសៅរ៍ ទី១៥មិថុនា ប្រជាពលរដ្ឋបារាំងជាច្រើនពាន់នាក់ បានចុះផ្លូវធ្វើបាតុកម្មប្រឆាំងនឹងបក្សស្តាំនិយមជ្រុល គឺ គណបក្សរួបរួមជាតិរបស់លោកស្រី ម៉ារីន ឡឺប៉ែន និងលោក ហ្សកដង បារដេលឡា។ បាតុកម្មនេះរៀបចំនៅកណ្តាលក្រុងប៉ារីស និងដឹកនាំដោយក្រុមសហជីព ចំនួន៥។ ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមសហជីព ប្រសិនបើបក្សស្តាំនិយមជ្រុលឈ្នះឆ្នោត នៅពេល២សប្តាហ៍ទៀត ប្រទេសបារាំងនឹងលែងដូចមុន ហើយនិងបាត់បង់តម្លៃរបស់សាធារណៈរដ្ឋ។
ផ្អែកតាមលិខិតមួយដែលលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤បញ្ជាក់ថា ស្ថាប័នអន្ដរជាតិបានវាយតម្លៃពីតម្លាភាពថវិកានៅកម្ពុជាថាមានភាពល្អប្រសើរជាងមុនច្រើន។ ល្អប្រសើរដោយសារមានការកើនឡើងខ្ពស់នៃសន្ទស្សន៍ការអង្កេតលើការបើកចំហថវិកានៅកម្ពុជា។
ចិន អនុញ្ញាតឲ្យឆ្មាំសមុទ្រ មានសិទ្ធិចាប់ខ្លួនជនបរទេសដែលរំលោភចូលដែនសមុទ្រចិន យកទៅឃុំឃាំង ដល់រយៈពេល៦០ថ្ងៃ ដោយគ្មានចាំបាច់ជំនុំជម្រះ។ នេះបើតាមវិធានការថ្មីរបស់រដ្ឋអំណាចក្រុងប៉េកាំង ប្រកាសចេញនៅថ្ងៃសៅរ៍ ទី១៥មិថុនា ដោយបញ្ជាក់ថា ចាប់ឃាត់ទុកទាំងមនុស្សនិងទូកនេសាទឬនាវាបរទេស។ ផ្ទុយទៅវិញ អាជ្ញាធរហ្វីលីពីន បានប្រកាសកុំឲ្យប្រជានេសាទរបស់ខ្លួនភ័យខ្លាចឲ្យសោះ។
ជំនួបកំពូលពិភពលោកដើម្បីសន្តិភាពអ៊ុយក្រែន លើកទីមួយ បានចាប់បើកនៅថ្ងៃសៅរ៍ទី ១៥មិថុនា រហូតដល់ថ្ងៃអាទិត្យទី១៦មិថុនា នៅប្រទេសស្វ៊ីស។ ប្រមុខរដ្ឋ-រដ្ឋាភិបាលប្រមាណ៥០ប្រទេសនៅលើពិភពលោកបានបង្ហាញវត្តមានក្បែរប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី ប៉ុន្តែគ្មានរូបលោកពូទីនទេ។ ហេតុដូច្នេះហើយបានជារុស្ស៊ីចាត់ទុកជំនួបកំពូលនេះថាគ្មានន័យ។
នៅថ្ងៃសុក្រ ទី១៤ មិថុនា ពោលមួយថ្ងៃមុនការរៀបចំកិច្ចប្រជុំកំពូលរកសន្តិភាពឲ្យអ៊ុយក្រែនក្នុងប្រទេសស្វីស លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានកំហិតឲ្យអ៊ុយក្រែនលើកទង់ សទម្លាក់អាវុធសុំចុះចាញ់ដើម្បីធ្វើការចរចា។ ការដាក់កំហិតនេះរបស់លោកពូទីនត្រូវបានប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គីឆ្លើយតបច្រានចោលភ្លាមភ្លែតដោយចាត់ទុកជាឱសានវាទតាមរបៀបហ៊ីត្លែរ។
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ គឺជាទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានយកឱកាសនេះ ជំរុញឱ្យយុវជនយល់ដឹងអំពីសារសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយចាត់ទុកថា ជំនាញនេះគឺអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ទាំងក្នុង និងក្រៅប្រទេស។
ក្រុមអ្នកឃ្លាំមើលទាញសញ្ញាអាសន្ននៃបញ្ហាគ្រឿងញៀននៅកម្ពុជា គ្រាដែលចំនួនអ្នកជាប់ឃុំកើនឡើងដល់ជិត៥ម៉ឺនដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ក្នុងនោះមានជិតពាក់កណ្តាលគឺពាក់ព័ន្ធនឹងគ្រឿងញៀន។ មន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារបានចាត់ទុកកំណើនអ្នកជាប់ឃុំនេះគឺជាបញ្ហា ដែលទាមទារឲ្យមានដំណោះស្រាយរួមគ្នា តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។
នៅពាក់កណ្តាលខែឧសភាកន្លងទៅ ប្រតិមា ព្រះនរាយណ៍ផ្ទុំ ឬព្រះវិស្ណុ ធ្វើពីសំរិទ្ធមកពីប្រាសាទមេបុណ្យខាងលិច ត្រូវបានដឹកជញ្ជូនតាមយន្តហោះទៅប្រទេសបារាំង នៅក្នុងក្របខ័ណ្ឌនៃសហប្រតិបត្តិការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយ ស្ថាប័នបីរបស់បារាំង គឺមជ្ឈមណ្ឌលស្រាវជ្រាវ និងជួសជុល សារមន្ទីរអាស៊ីហ្គីមេ និងសាលាចុងបូព៌ា។ ចាប់តាំងពីទៅដល់ប្រទេសបារាំង ប្រតិមាព្រះវិស្ណុផ្ទុំ ត្រូវបានអ្នកជំនាញបារាំងយកទៅថត ស្កែននៅក្នុងបន្ទប់មួយ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងជួសជុលនៃសារមន្ទីរជាតិបារាំង ក្នុងទីក្រុងប៉ារីស ក្រោមការតាមដានរបស់អ្នកជំនាញ និងមន្រ្តីមកពីក្រសួងវប្បធម៌កម្ពុជា។
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញគ្រឿងញៀនសុទ្ធជាង៤តោន នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនជាង ៣តោនផ្សេងទៀត ដែលជាអាស៊ីតមិនទាន់អាចបំផ្លាញដោយវិធីដុតបានទេ ព្រោះត្រូវរង់ចាំការបន្សាបដោយបច្ចេកទេសផ្សេងពីនេះ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី១៤ ខែមិថុនានេះ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនៅថ្ងៃនេះជាលទ្ធផលនៃការបង្ក្រាបរបស់សមត្ថកិច្ចនៅចុងឆ្នាំ២០២២ ឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤។ តាមលោក មាស វីរិទ្ធ នៅមានគ្រឿងញៀនជាច្រើនតោនទៀតដែលមិនទាន់ចប់នីតិវិធីតុលាការនឹងត្រូវដុតបំផ្លាញនៅឆ្នាំ ២០២៥ខាងមុខ៕
កាលពីថ្ងៃទី១២មិថុនា មាននាវាចម្បាំងរបស់កងទ័ពរុស្ស៊ីចំនួន៤គ្រឿង ក្នុងនោះមាននាវាមុជទឹកបាតសមុទ្រ ដើរដោយប្រព័ន្ធនុយក្លេអ៊ែរ១គ្រឿងផង បានបើកចូលចតនៅកំពង់ផែឡាហាវ៉ាន របស់គុយបា។ កោះគុយបា ស្ថិតនៅចម្ងាយមិនដល់២០០គីឡូម៉ែត្រទេ ពីឆ្នេររបស់សហរដ្ឋអាមេរិក។ ការទៅដល់របស់នាវាចម្បាំងរុស្ស៊ីនៅពេលនេះ គឺស្ថិតនៅក្នុងបរិបទមួយ ដែលមានការគំរាមកំញើញគ្នាខ្លាំង រវាងមហាអំណាចនុយក្លេអ៊ែរទាំង២ រុស្ស៊ី-អាមេរិក។ មួយថ្ងៃបន្ទាប់ នាវាមុជទឹករបស់អាមេរិកមួយគ្រឿង ក៏បានចូលគុយបាដែរ ត្រង់ចំណុចហ្គ័នតាណាម៉ូ។
ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ និងតាមបណ្តាញសង្គមហាក់នៅតែមានភាពគគ្រឹកគគ្រេង និងមានកំណើនខ្លាំងនាពេលសព្វថ្ងៃ។ កំណើនបែបនេះធ្វើឱ្យអ្នកជំនាញជាច្រើនព្រួយបារម្ភពីគ្រោះថ្នាក់ចំពោះសង្គម ពិសេសផលប៉ះពាល់ដល់សុខមាលភាពរបស់ពលរដ្ឋ។ អ្នកសិក្សាស្រាវជ្រាវផ្នែកសង្គមហាក់លែងមានជំនឿលើរដ្ឋាភិបាលក្នុងការទប់ស្កាត់បញ្ហានេះ។ ចំណែកអ្នកវិភាគសង្គមហ៊ានទាំងនិយាយថា កំណើននៃការផ្សព្វផ្សាយគ្រឿងស្រវឹងនេះ គឺដោយសារតែអំពើពុករលួយ និងលាភសក្ការៈ។