ជាប្រទេសដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ហ្វីលីពីននិងឥណ្ឌូណេស៊ី អូសជើងខ្លាំងណាស់ក្នុងការអភិវឌ្ឍថាមពលកើតឡើងវិញ។ បើតាមរបាយការណ៍ថ្មីទើបចេញផ្សាយនៅថ្ងៃចន្ទទី ១កក្កដា ភាពរំពឹងលើថាមពលធ្យូងថ្មនៅឥណ្ឌូណេស៊ីនិងហ្វីលីពីន បានកើនឡើងខ្លាំងខ្ពស់ដល់កំរិតកំពូលមិនធ្លាប់មានទេ។
នាយករដ្ឋមន្ត្រីហុងគ្រី លោក វិកទ័រ អកបាន ក្នុងនាមជាប្រធានផ្លាស់វេនក្រុមប្រឹក្សាសហភាពអឺរ៉ុប បានអញ្ជើញធ្វើដំណើរ ទៅរដ្ឋធានីកៀវ ជាលើកទី១ គិតចាប់តាំងពីផ្ទុះសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ថ្នាក់ដឹកនាំហុងគ្រី ដែលស្និទ្ធនឹងចៅហ្វាយវិមានក្រេមឡាំង ជំរុញឲ្យប្រធានាធិបតីអ៊ុយក្រែន ពិចារណាពីលទ្ធភាពធ្វើបទឈប់បាញ់ឲ្យបានឆាប់ ដើម្បីឈានទៅបញ្ចប់សង្គ្រាម។ ចំណែកលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី សង្កត់ធ្ងន់អំពីសារៈសំខាន់នៃសន្តិភាព១ប្រកបដោយក្តីយុត្តិធម៌។
បច្ចុប្បន្ន កញ្ចុះឫស្សីត្រូវបានគេយកទៅដាក់នៅតាមរីសត រមនីយដ្ឋាន និងមុខផ្ទះជំនួសឲ្យគ្រែ ឬតុ។ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកធ្វើកញ្ចុះពីឫស្សីមានការកើនឡើងគួរឲ្យកត់សម្គាល់ដែលបានធ្វើឱ្យអ្នកប្រកបរបបមួយនេះត្រូវប្រឈមនឹងការប្រកួតប្រជែងទីផ្សារ។ លោកវណ្ណ ស៊ីនួន ម្ចាស់សិប្បកម្មមួយកន្លែងក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានទទួលស្គាល់ពីទីផ្សារចង្អៀតជាងមុន និងតម្លៃកញ្ចុះធ្លាក់ចុះ តែលោកប្តេជ្ញារក្សាគុណភាពឲ្យនៅដដែល៕
នាវាចម្បាំងចិនចំនួន ២គ្រឿងដែលក្រសួងការពារជាតិកម្ពុជាអះអាងថាបានចូលសំចតនៅមូលដ្ឋានទ័ពរាមដើម្បីធ្វើសមយុទ្ធជាមួយកម្ពុជាកាលពីអំឡុងខែឧសភានៅតែមិនទាន់បានចាកចេញនៅឡើយទេ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Wall Street Journal នៅថ្ងៃទី០១ កក្កដា។ តាមកាសែតអាមេរិកដដែលនេះ មូលដ្ឋានទ័ពជើងរាមកម្ពុជាបានឈានដល់ការបែងចែកតំបន់បម្រុងទុកសម្រាប់កងទ័ពចិន។
យន្តហោះប៊ូអ៊ីងជួបរឿងអាស្រូវមួយហើយមួយទៀត យ៉ាងរដឹក។ ជាងមួយខែក្រោយគ្រោះរលាក់យន្តហោះដល់ស្លាប់អ្នកដំណើរម្នាក់ នៅថ្ងៃចន្ទម្សិលមិញ យន្តហោះរបស់ក្រុមហ៊ុនAir Europa បានចុះចតជាបន្ទាន់នៅប្រេស៊ីល ក្រោយជួបហេតុរលាក់វឹកវរលើអាកាស ដ៏ធ្ងន់ធ្ងរ។ ជាសរុប មានអ្នកដំណើរជាង៤០នាក់រងរបួសស្រាល ខ្លះប៉ើងទៅជាប់កុនក្នុងកន្លៀតពិដានយន្តហោះ។ នេះបើតាមភ្នាក់ងារសុខាភិបាលមូលដ្ឋាន ក្នុងប្រទេសប្រេស៊ីល។
នៅថ្ងៃទី២ កក្កដានេះ សកម្មជនចលនាមាតាធម្មជាតិចំនួន១០នាក់ រួមទាំងលោក អាឡិច ហ្គន់សាឡេស ដេវិតសុន ស្ថាបនិកអង្គការចលនាមាតាធម្មជាតិត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមកាត់ទោសចន្លោះពី៦ឆ្នាំទៅ៨ឆ្នាំ ក្នុងនោះ មាន៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗនៅក្រោយប្រកាសសាលក្រម។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២ កក្កដានេះ លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ ចាត់ទុក ការកាត់ទោសសកម្មជនចលនាមាតាធម្មជាតិពេលនេះថា ជាការបំបាក់ស្មារតីអ្នកចេញមុខការពារបរិស្ថាន៕
ថ្ងៃអង្គារ ទី២កក្កដា ប្រធានាធិបតីចិន ស៊ី ជីនពីង អញ្ជើញទៅដល់ប្រទេសកាហ្សាក់ស្ថាន ដើម្បីរឹតចំណងមេត្រីភាពទ្វេភាគី ហើយក៏ដើម្បីចូលរួមកិច្ចប្រជុំកំពូល លើកទី២៤ នៃ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ។ នៅតំបន់អាស៊ីកណ្តាល ជាដែនដីដែល ចិន កំពុងបន្តពង្រឹកចំណងទូត និងពង្រីកដែនឥទ្ធិពល។ នេះជាលើកទី៥ហើយ ដែលប្រមុខរដ្ឋចិនអញ្ជើញធ្វើដំណើរទៅ កាហ្សាក់ស្ថាន។ កាហ្សាក់ស្ថាន ក៏ជាទីដែលលោក ស៊ី ជីនពីង បានប្រកាសចេញមហាគម្រោងផែនការផ្លូវសូត្រថ្មី «ផ្លូវ១ខ្សែក្រវាត់១» កាលពីជាង១សវត្សរ៍មុន។
អាជ្ញាធរសេវាហិរញ្ញវត្ថុតាមរយៈនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានជូនដំណឹងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះថា រដ្ឋនឹងលើកលែងការផាកពិន័យផ្សេងៗចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬជាអគារសហកម្មសិទ្ធិ(ខុនដូ) ក្នុងរយៈពេល ១ឆ្នាំ។ ការលើកលែងពិន័យនេះត្រូវបានសាទរដោយប្រតិបត្តិករសាងសង់ ខណៈវិស័យអចលនទ្រព្យកម្ពុជាកំពុងបន្តប្រឈមនឹងវិបត្តិនៅឡើយ។
នៅទីបំផុត សកម្មជនមាតាធម្មជាតិចំនួន៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗដោយកម្លាំងសមត្ថកិច្ច នៅព្រឹកថ្ងៃទី២ខែកក្កដានេះ បន្ទាប់ពីតុលាការប្រកាសសាលក្រមលើសំណុំរឿង«រួមគំនិតក្បត់» និងប្រមាថព្រះមហាក្សត្រ។ សកម្មជនបរិស្ថានទាំងនោះ គឺមាន យុវជន លីចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង លោក ថុន រដ្ឋា។ នេះជាការចាប់ខ្លួនលើកទី២របស់សកម្មជនបរិស្ថានចលនាមាតាធម្មជាតិដែលរដ្ឋាភិបាលចាត់ទុកថាជាអង្គការខុសច្បាប់។
នៅទីបំផុត សកម្មជនមាតាធម្មជាតិចំនួន៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗដោយកម្លាំងសមត្ថកិច្ច នៅព្រឹកថ្ងៃទី២ខែកក្កដានេះ បន្ទាប់ពីតុលាការប្រកាសសាលក្រមលើសំណុំរឿង«រួមគំនិតក្បត់» និងប្រមាថព្រះមហាក្សត្រ។ សកម្មជនបរិស្ថានទាំងនោះ គឺមាន យុវជន លីចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង លោក ថុន រដ្ឋា។ នេះជាការចាប់ខ្លួនលើកទី២របស់សកម្មជនបរិស្ថានចលនាមាតាធម្មជាតិដែលរដ្ឋាភិបាលចាត់ទុកថាជាអង្គការខុសច្បាប់។
នៅថ្ងៃចន្ទ ទី០១ ខែកក្កដា អាជ្ញាធរអ៊ីតាលីបានប្រកាសថា បានរឹបអូសសារធាតុគីមីមកពីចិន ប្រមាណជាង៧តោន។ គួរបញ្ជាក់ថា សមាធាតុគីមីដែលរឹបអូសបាននេះ អាចផលិតថ្នាំញៀនជាង១០លានគ្រាប់ ជាអាទិ៍ ថ្នាំអេស្តាស៊ី និងមានតម្លៃជាទឹកប្រាក់សរុបប្រមាណជា ៦៣០លានអ៊ឺរ៉ូ។ ក្នុងនោះជនជាតិចិនពីរនាក់ ត្រូវបានចាប់ខ្លួននៅប្រទេសហូឡង់ និងអ្នកជំនួញជនជាតិអ៊ីតាលីម្នាក់ទៀត មកពីទីក្រុងមីឡង់ ភាគខាងជើងប្រទេសអ៊ីតាលី កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតជាបឋមនៅឡើយ។ ជនសង្ស័យអ៊ីតាលីរូបនេះ គឺជាមេខ្លោងនាំចូលសារធាតុគីមីស្របច្បាប់ ប៉ុនែ្តទំនងជាយកមកផលិតគ្រឿងញៀនខុសច្បាប់។ បន្ទាប់មក គ្រោងលក់នៅប្រទេសហូឡង់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គយអ៊ីតាលី។
ស្ទើររៀងរាល់ថ្ងៃនៅលើឆាណែលតេឡេក្រាម លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាតែងបង្ហោះរូបថត និងឃ្លីបវីដេអូ ដែលបង្ហាញពីសកម្មភាពនៃការចុះចូលជាមួយបក្សកាន់អំណាចរបស់សកម្មជនគណបក្សប្រឆាំងនៅតាមមូលដ្ឋាន។ រូបភាពដូចនេះត្រូវបានគេលើកជាសំណួរថា តើគណបក្សប្រឆាំងអាចនឹងលែងមានសកម្មជនរឹងម៉ាំនៅតាមមូលដ្ឋាន ឬយ៉ាងណា? សំណួរនេះមានចម្លើយផ្សេងៗគ្នាពីអ្នកវិភាគនយោបាយកម្ពុជា។
ប្រជាជនបារាំងបានបោះឆ្នោតជ្រើសរើសសមាជិកសភានៅជុំទីមួយ កាលពីថ្ងៃអាទិត្យទី៣០មិថុនា។ លទ្ធផលបឋមគិតត្រឹមថ្ងៃចន្ទនេះ បានបង្ហាញថាបក្សស្តាំនិយមជ្រុលបានទទួលបានសន្លឹកឆ្នោតនាំមុខគេ ខណៈក្រុមសម្ព័ន្ធបក្សឆេ្វងនិយម ស្ថិតនៅលេខរៀងទី២។ ដោយឡែក ដូចអ្វីដែលបានគិតស្មានជាមុន គឺសម្ព័ន្ធបក្សកាន់អំណាចរបស់លោកប្រធានាធិបតីម៉ាក្រុង បានបរាជ័យ ស្ថិតនៅលេខទី៣។ ជាការកត់សំគាល់ដែរ ការបោះឆ្នោតសភាបារាំងជុំទីមួយ កាលពីថ្ងៃអាទិត្យ មានអត្រាអ្នកចូលរួមបោះឆ្នោតជិត៧០% ពោលគឺខ្ពស់បំផុតមិនធ្លាប់មានទេជាង២០ឆ្នាំមកហើយ។
នៅក្នុងប្រទេសភូមា របបសឹកបានចាប់ខ្លួននាយកប្រតិបត្តិផ្សារទំនើប Aeon លោកហ៊ីរ៉ូស្ហ៊ី កាសាម៉ាតស៊ូពីបទបានបំពានច្បាប់តម្លៃអង្ករ។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់របបសឹកក្នុងថ្ងៃអាទិត្យ ទី៣០ ខែមិថុនា។ រដ្ឋាភិបាលជប៉ុនបានស្នើឲ្យរបបសឹកដោះលែងលោកហ៊ីរ៉ូស្ហ៊ី កាសាម៉ាតស៊ូជាបន្ទាន់។
នៅថ្ងៃទី០១កក្កដានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្រកាសពីការប្តេជ្ញាការពារ និងទប់ស្កាត់ការបំផ្លាញដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ដរាបណាបឹងទន្លេសាបនៅតែជាជម្រកត្រីពង។ តាមលោក ហ៊ុន ម៉ាណែត ទោះបីរដ្ឋមន្ត្រីអាណត្តិថ្មីនេះមានវ័យក្មេងៗក៏ដោយក៏កុំចង់សាកល្បង និងកុំគិតថា ពួកគេមិនហ៊ានចាត់ការលើជនរំលោភដីអភិរក្សបឹងទន្លេសាបឱ្យសោះ។
លោក សម រង្ស៊ីបានបង្ហាញការ «ត្រេកអរ» ដែលឃើញគណបក្ស « ទាំងអស់គ្នា » របស់លោកប្រធានាធិបតីបារាំងអេម៉ានុយអ៊ែល ម៉ាក្រុងចាញ់ការបោះឆ្នោតសភាមុនអាណត្តិនៅជុំទី១ កាលពីថ្ងៃអាទិត្យ ទី៣០ មិថុនា។ លទ្ធផលផ្លូវការបានបង្ហាញថា គណបក្សស្តាំនិយមជ្រុល (RN) និងសម្ព័ន្ធមិត្តទទួលបានសំឡេងគាំទ្រជាង ៣៣% សម្ព័ន្ធគណបក្សឆ្វេងនិយម (Nouveau Front Populaire) ទទួលបានជិត ២៨% ហើយគណបក្ស « ទាំងអស់គ្នា » ដែលជាគណបក្សកាន់អំណាចស្ថិតលំដាប់ទី៣ ដោយទទួលបានសំឡេងគាំទ្រតែជាង ២០%។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានអះអាងថា អត្រាស្លាប់របស់សត្វផ្សោតទន្លេមេគង្គនៅកម្ពុជាបានថយចុះនារយៈពេលចុងក្រោយដោយសារតែការខិតខំប្រឹងប្រែងរបស់មន្ត្រីកសិកម្មនៅអាណត្តិនេះ។ ការលើកឡើងរបស់ លោក ឌិត ទីណា យ៉ាងដូច្នេះធ្វើឡើងនៅក្នុងទិវាមច្ឆជាតិ ០១ កក្កដា លើកទី១៩ រៀបចំនៅទីតាំងបឹងធំ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
កង្កែបជាប្រភេទសត្វម្យ៉ាងដែលអាចរស់បាននៅក្នុងទឹក និងនៅលើគោក។ កន្លងមក អ្នកចិញ្ចឹមកង្កែបភាគច្រើនបានចាប់អារម្មណ៍លើការចិញ្ចឹមកង្កែបនៅក្នុងទឹកដោយប្រើអាង ពោលមិនចាប់អារម្មណ៍នឹងការចិញ្ចឹមនៅលើគោកទេ។ តែអ្នកចិញ្ចឹមកង្កែបមួយកន្លែងនៅស្រុក កៀនស្វាយ ខេត្តកណ្តាល លោកសេង ប៊ុនហ៊តបានឱ្យដឹងថា ការចិញ្ចឹមកង្កែបនៅលើគោកងាយស្រួលជាងការចិញ្ចឹមនៅក្នុងអាងទឹក ព្រោះវាចំណេញពេលវេលា ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណេញច្រើនគួរសម៕
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងការបរទេសកម្ពុជា បានបង្ហាញគោលជំហរគាំទ្រកុងសង់ស៊ីស៦ចំណុច ដែលបានលើកឡើងដោយភាគីចិន និងប្រេស៊ីស ចំពោះដំណោះស្រាយនយោបាយនៃវិបត្តិនៅអ៊ុយក្រែន ។ ការបង្ហាញគោលជំហររបស់កម្ពុជា ធ្វើឡើងក្រោយពេលមានការសាកសួរពីអ្នកសារព័ត៌មាន អំពីជំហររបស់កម្ពុជាលើកុងសង់ស៊ីសរួមទាំង៦ចំណុចនេះ។
តើលោកចូបៃដិន ត្រូវដកខ្លួនចេញពីការបោះឆ្នោតប្រធានាធិបតីអាមេរិក សម្រាប់អាណត្តិទីពីរឬ? នេះជាសំណួរដែលលាន់ឮកាន់តែខ្លាំងឡើងៗ នៅក្រោយការតស៊ូមតិតាមកញ្ចក់ទូរទស្សន៍ ដែលលោកបៃដិនហាក់បាត់បង់ភាពម្ចាស់ការ។ ប៉ុន្តែ នៅថ្ងៃសៅរ៍ម្សិលមិញ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានចូលរួមក្នុងកម្មវិធីប្រមូលមូលនិធិសម្រាប់ឃោសនាបោះឆ្នោត និងបានអះអាងថាលោកនឹងឈ្នះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។
ឧបនាយករដ្ឋមន្ត្រីអង់គ្លេស លោក Oliver Dowden បានចេញសារព្រមាននៅថ្ងៃអាទិត្យទី ៣០មិថុនា អំពីហានិភ័យរុស្ស៊ីចូលជ្រៀតជ្រែកក្នុងយុទ្ធនាការឃោសនាបោះឆ្នោតទូទៅនៅអង់គ្លេស។ សេចក្តីប្រកាសនេះធ្វើឡើងក្រោយពីសារព័ត៌មានអូស្ត្រាលីបានបង្ហើបឱ្យឃើញអំពីសកម្មភាពសហការជ្រៀតជ្រែកនៅក្នុងទំព័រហ្វេសប៊ុក។ ការបោះឆ្នោតទូទៅនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤កក្កដាខាងមុខនេះ។
នៅប្រទេសបារាំង ការិយាល័យបោះឆ្នោតបើកទ្វារ តាំងពីម៉ោង ៨ ព្រឹក។ ប្រជាពលរដ្ឋបារាំង ប្រមាណជា ៤៩ លាននាក់ ដែលមានក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត ត្រូវបោះឆ្នោតជ្រើសរើសសមាជិកសភា ចំនួន ២៨៩ នាក់។ បារាំងរៀបចំបោះឆ្នោតសភាមុនអាណត្តិ នៅថ្ងៃអាទិត្យ ទី៣០មិថុនា មានលក្ខណៈប្រវត្តិសាស្ត្រ ពីព្រោះថា ការបោះឆ្នោតនេះ អាចនឹងបើកផ្លូវឱ្យគណបក្សស្តាំនិយមជ្រុល ឈានឡើងកាន់អំណាច។ អ្នកកាសែតយើងនៅក្រុងប៉ារីស បានចុះទៅសង្កាត់ទី១៣ ជាទីដែលសម្បូរពលរដ្ឋបារាំងដើមកំណើតខ្មែរ ហើយ ហេង ឧត្ដម បានរៀបចំសេចក្តីរាយការណ៍ជូនលោកអ្នកនាងស្តាប់និងទស្សនា។
តាឡែស (Thales) ក្រុមហ៊ុនបារាំងផលិតសព្វាវុធ ដ៏ល្បីលំដាប់ពិភពលោក នៅគ្រានេះ កំពុងតែរងក្តីសង្ស័យក្នុងសំណុំរឿងពុករលួយសូកប៉ាន់។ អាជ្ញាធរបារាំង ហូឡង់ និងអេស្ប៉ាញ បានបើកនីតិវិធីឆែកឆេរ នៅសាខាក្រុមហ៊ុនតាឡែស ជាបន្តបន្ទាប់។ អ្នកតំណាងក្រុមហ៊ុនបច្ចេកវិទ្យាសព្វាវុធនេះ បញ្ជាក់ថា ពិតជាមានការឆែកឆររបស់សមត្ថកិច្ចពិតប្រាកដមែន ហើយខ្លួនរីករាយសហការក្នុងដំណើរការស៊ើបអង្កេត។
ក្រសួងមហាផ្ទៃបានតម្រូវឱ្យប្រធានមជ្ឃមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធមនុស្សកម្ពុជា ឬហៅកាត់ថា សង់ត្រាល់ បញ្ជូនព័ត៌មានដែលពាក់ព័ន្ធ រាល់គណនីដែលបានបើកសម្រាប់ប្រតិបត្តិការនៅធនាគារ ទៅកាន់ក្រសួងមហាផ្ទៃត្រឹមរយៈពេល៣០ថ្ងៃ។ ការដាក់កំហិតនេះ ធ្វើឡើងបន្ទាប់ពីក្រសួង ទទួលបានពាក្យបណ្តឹង និងសេចក្តីថ្លែងការណ៍របស់ក្រុមសហជីព ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល ដែលចេញដើរតវ៉ាប្រឆាំង អង្គការសង់ត្រាល់ ជាច្រើនថ្ងៃមកនេះ។ នេះបើតាមសេក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤។
គ្មានអ្វីត្រូវខ្លាចនិងភ័យព្រួយសោះ ! នេះជាសេចក្តីអំពាវនាវរបស់ចិនហៅពលរដ្ឋតៃវ៉ាន់ឱ្យទស្សនាដែនទ្វីបចិន។ សម្រាប់ប៉េកាំង ការដំឡើងអាសន្នដល់កំរិតស្ទើរខ្ពស់បំផុតចំពោះអ្នកដំណើរ ពីសំណាក់រដ្ឋាភិបាលតៃវ៉ាន់ ជាលេសញុះញង់នាំឱ្យភាពប្រឈម និងរារាំងមិនឱ្យមានការផ្តោះប្តូរគ្នាតែប៉ុណ្ណោះ។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបស្ចិមលោក បានបន្តចោទប្រកាន់ របបដឹកនាំកូរ៉េខាងជើង ថាបានលក់អាវុធមីស៊ីល ឲ្យទៅ រុស្ស៊ី ដើម្បីបំប៉ន់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន។ ភាគីលោកខាងលិចថែមទាំងអះអាងថាមានភស្តុតាងច្បាស់លាស់ ព្រោះបានរកឃើញសព្វាវុធរបស់ព្យុងយ៉ាង ដែលទ័ពរុស្ស៊ីប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន។ រដ្ឋបាលក្រុងព្យុងយ៉ាងនិងម៉ូស្កូ សុទ្ធតែបដិសេធ ទាត់ចោលការចោទប្រកាន់នេះ។
ក្នុងរយៈពេលកន្លះឆ្នាំពេញ ពោលចាប់ពីថ្ងៃទី១៨ ខែមិថុនា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សារមន្ទីរជាតិបាន និងកំពុងធ្វើការតាំងពិព័រណ៍«រូបចម្លាក់ខ្មែរ»ដែលត្រូវបានប្រគល់ជូនមកកម្ពុជាវិញជាបន្តបន្ទាប់។ តាមសារមន្ទីរជាតិ រូបចម្លាក់នានាដែលដាក់តាំងពិរព័រណ៍ គឺយកត្រឡប់មកពីចំនួន១៥ប្រទេស។ ភ្ញៀវទេសចរដែលបានទៅទស្សនា«រូបចម្លាក់ខ្មែរ»ទាំងនោះ អំពាវនាវដល់ពលរដ្ឋខ្មែរ និងអ្នកទេសចរដទៃទៀត ចូលទៅទស្សនាការតាំងពិព័រណ៍មួយនេះ ព្រោះជាការបង្ហាញឲ្យឃើញពីតម្លៃរបស់វត្ថុបុរាណខ្មែរ។ ពីសារមន្ទីរជាតិ សូមទស្សនាបទយកការណ៍របស់ ឡាក់ ច័ន្ទតារា ដូចតទៅ៖
ពលរដ្ឋទំនប់៩៤មួយចំនួនអះអាងថា ពួកគេហាក់អស់ជំនឿលើកិច្ចអន្តរាគមន៍របស់ក្រសួងដែនដីចំពោះសំណើសុំដោះស្រាយផលប៉ះពាល់របស់ពលរដ្ឋជាង៥០០គ្រួសារជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្តាល។ ភាពអស់ជំនឿរបស់ពលរដ្ឋស្តែងឡើងក្រោយពលរដ្ឋឡើងមកតវ៉ានៅមុខក្រសួងកាលពីថ្ងៃទី២៧ ខែមិថុនា។ តែអ្នកនាំពាក្យក្រសួងដែនដីអះអាងពីការរកដំណោះស្រាយជូន។
នៅចំពោះមុខថ្នាក់ដឹកនាំបរទេសជាច្រើនរូប នាឱកាសខួប៧០ឆ្នាំនៃការចុះកិច្ចព្រមព្រៀងរួមរស់ដោយសន្តិភាពជាមួយឥណ្ឌានិងភូមា ប្រធានាធិបតីចិនលោកស៊ីជីនពីង បានរំលឹកអំពីគោលការណ៍សន្តិនិយម៥ចំណុចរបស់ចិន។ ជាមួយនឹងសេចក្តីប្រកាសការពារនយោបាយពហុប៉ូល ស្មើភាពនិងសណ្តាប់ធ្នាប់ល្អ នៅលើពិភពលោក លោក ស៊ីជីនពីង បានចេញវិធានការសម្រាប់ក្រុមប្រទេសកំពុងលូតលាស់ ឬហៅកាត់ក្រុមប្រទេសខាងត្បូងផង។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានអះអាងថា ភាពស្ងប់ស្ងាត់នៃភ្ញៀវទេសចរធ្វើដំណើរតាមព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប មិនមែនដោយសារព្រលានយន្តហោះនៅឆ្ងាយពីក្រុង ឬតម្លៃសេវាដឹកជញ្ជូនតាមផ្លូវគោកថ្លៃពេក នោះទេ។ បើតាម លោក ស៊ិន ចាន់សេរីវុត្ថា ភាពស្ងប់ស្ងាត់នេះបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកល និងរដូវកាលធ្លាក់ចុះនៃភ្ញៀវទេសចរ ឬហៅថា Low season។
ទិន្នន័យស្ថិតិសេដ្ឋកិច្ច បង្ហាញថា វៀតណាមមានវឌ្ឈនភាពកើនខ្ពស់ជាលំដាប់ និងខ្ពស់ជាងឆ្នាំទៅមិញទៀត។ ឆ្នាំមុន សេដ្ឋកិច្ចវៀតណាម កើនជាង៥% ហើយឆ្នាំនេះ បន្តកើនជាង៦% គ្រាន់តែត្រឹមឆមាសទី១ ឆ្នាំ២០២៤។ ការនាំទំនិញឧស្សាហកម្មចេញទៅបរទេស បានជំរុញកំណើនសេដ្ឋកិច្ចវៀតណាម ជាខ្លាំង។ នេះបើតាមទិន្នន័យរបស់អង្គការ មូលនិធិរូបិយវត្ថុអន្តរជាតិ FMI ដែលបានចេញផ្សាយនៅក្នុងសប្តាហ៍នេះ ដោយឆ្លៀតឲ្យអនុសាសន៍បន្ថែមថា វៀតណាមត្រូវកែទម្រង់មួយចំនួនទៀត ដើម្បីរក្សានិងជំរុញវឌ្ឈនភាពសេដ្ឋកិច្ចបន្តទៀត ជាពិសេសលើវិស័យថាមពលកកើតឡើងវិញ។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានព្រមានរំលាយគណបក្សនយោបាយនៅកម្ពុជាដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលនិរទេសនៅបរទេស នោះប្រសិនបើមានការបង្កើតឡើងដោយក្រុមមួយដែលលោកហៅថាជា«ក្រុមជ្រុលនិយម»នៅពេលខាងមុខ។ ការថ្លែងរបស់ប្រមុខបក្សកាន់អំណាចដូចនេះ ធ្វើឡើងនៅក្នុងមិទ្ទិញ រំឭកខួប៧៣ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ តើការបង្កើតរដ្ឋាភិបាលកម្ពុជានិរទេសខុសច្បាប់ឬ បានជាលោក ហ៊ុន សែន ព្រមានយ៉ាងដូច្នេះ?
សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាដែលមាននិន្នាការស្របនឹងរដ្ឋាភិបាលបានដាក់ពាក្យបណ្តឹងទៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីប្តឹងលោក ឃុន ថារ៉ូ មន្ត្រីអង្គការសង់ត្រាល់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើង។ ជាបណ្តឹងក្រោយលោក ឃុន ថារ៉ូ ធ្វើអត្ថាធិប្បាយជាមួយវិទ្យុអាស៊ីសេរីកាលពីពេលថ្មីៗនេះ។ ស្របពេលជាមួយគ្នា អង្គការសង្គមស៊ីវិលចំនួនជាង៤០ បានចេញសេចក្តីថ្លែងការណ៍រួមដោយស្នើឲ្យបញ្ឈប់ធ្វើទុក្ខបុកម្នេញទៅលើអង្គការសង់ត្រាល់។
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាបានប្រកាសជាផ្លូវការពីគម្រោងរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជាឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃពីថ្ងៃទី៨ដល់ថ្ងៃទី១០ កក្កដាខាងមុខ។ ក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបចំនៅស្ថានទូត ឯកអគ្គរដ្ឋទូតបារាំងលោកហ្ស៉ាក់ ប៉ាល់ឡេបានបញ្ជាក់ថា វេទិការធុរកិច្ចនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ បារាំង កម្ពុជា។