ភាពតានតឹងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ នៅលីបង់ គ្មានភាពធូរស្បើយទេ។ ការគំរាមកំហែងដោយអាវុធនិងពាក្យសំដី នៅតែបន្តមាន។ ក្នុងពេលដែលក្តីព្រួយបារម្ភរីកធំទ្វេឡើងខ្លាចផ្ទុះសង្គ្រាមទូទៅនៅក្នុងតំបន់ នាថ្ងៃសុក្រទី៤តុលានេះ ប្រមុខដឹកនាំកំពូលរបស់អ៊ីរ៉ង់ អាលី ខាមឺណី បានប្រកាសថា សម្ព័ន្ធមិត្តអ៊ីរ៉ង់ មានជាអាទិ៍ចលនាហេសបូឡា និងហាម៉ាស បន្តប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល ដោយគ្មានរាថយទេ។ អ៊ីស្រាអែលនឹងមិនអាចត្រដររស់បានយូរទៀតឡើយ។
សមត្ថកិច្ចម៉ាឡេស៊ីបានបញ្ជូនពលករខ្មែរម្នាក់មកដាក់ទោសនៅកម្ពុជា ក្រោយរូបគេបាននិយាយរិះគន់ឥតសំចៃមាត់នៅតាមបណ្តាញសង្គមអំពីបញ្ហាព្រំដែនជាមួយវៀតណាម ពិសេសអំពីការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។ មន្ត្រីនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ តុលានេះថា ពលករខ្មែរនៅម៉ាឡេស៊ីរូបនោះមានឈ្មោះ នួន តឿន និងកំពុងឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ក្នុងបទល្មើសព្រហ្មទណ្ឌចំនួន ២ដែលអាចប្រឈមនឹងការដេកក្នុងគុកយ៉ាងតិច ៥ឆ្នាំ។
ពិភពលោកកាន់តែប្រេះឆាឡើងៗ ! សង្គ្រាមអ៊ុយក្រែនបច្ចុប្បន្នអាចជាគំរូអាស៊ីខាងកើតនាពេលអនាគត។ នេះជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីជប៉ុន ក្នុងឱកាសថ្លែងសុន្ទរកថាបង្ហាញផែនការនយោបាយទូទៅរបស់រដ្ឋាភិបាល ជាលើកដំបូង។
ទឹកអប់ម៉ាក Dior Chanel Yves Saint Laurent Cartier តើអ្នកប្រើទឹកអប់ណា ដែលមិនស្គាល់ម៉ាកទឹកអប់បារាំងនោះ? ទឹកអប់បារាំងមានកេរ្តិ៍ឈ្មោះល្បីល្បាញ នាំចេញទៅគ្រប់ប្រទេសគ្រប់ទ្វីប នៅក្នុងពិភពលោក។ នៅសារមន្ទីរអន្តរជាតិទឹកអប់ Grasse គេអាចស្វែងយល់ពីដើមកំណើត និងមូលហេតុដែលធ្វើឲ្យទឹកអប់បារាំងមានកេរ្តិ៍ឈ្មោះល្បីទាំងនៅក្នុងប្រទេស និងនៅឆាកអន្តរជាតិ។ ឈាង បុប្ផារៀបរៀងបទយកការណ៍ពីទីក្រុង Grasse ភាគខាងត្បូងប្រទេសបារាំង
លោក Issa Amro សកម្មជនការពារសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនប៉ាឡេស្ទីន ត្រូវបានគេជ្រើសរើសឲ្យទទួលបានពានរង្វាន់ Right Livelihood ប្រចាំឆ្នាំ២០២៤។ លោក Issa Amro ត្រូវគេស្គាល់ថា គឺជាសកម្មជនដែលតែងធ្វើសកម្មភាពប្រយុទ្ធប្រឆាំងដោយសន្តិវិធី ទល់នឹងសកម្មភាពដាក់អាណានិគមរបស់អ៊ីស្រាអែល នៅតំបន់ស៊ីសហ្សកដានីរបស់ប៉ាឡេស្ទីន។
ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានបើកការប្រជុំបន្ទាន់ កាលពីថ្ងៃពុធទី២តុលា ដើម្បីនិយាយអំពីវិបត្តិនៅតំបន់ដើមបូព៌ា ដែលកាន់តែក្តៅគគុក អាចឆេះរាលដាលក្លាយជាភ្លើងសង្គ្រាមពេញតំបន់។ នៅក្នុងកិច្ចប្រជុំនេះ តំណាងអង្គទូតអ៊ីស្រាអែល និងអ៊ីរ៉ង់ បន្តនិយាយគំរាមនិងចោទប្រកាន់គ្នាទៅវិញទៅមក បើទោះបីជាលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងរន្ធាន់ឲ្យគូបដិបក្សទាំង២ត្រូវតែឈប់តបតសងសឹកគ្នាទៅវិញទៅមកទៀត ដើម្បីកុំឲ្យសង្គ្រាមនេះកាន់តែឆាបឆេះ។
តុលាការសិង្ហបុរីបានចេញសាលក្រម នៅថ្ងៃព្រហស្បតិ៍ទី៣តុលា២០២៤នេះ កាត់ទោសអតីតរដ្ឋមន្ត្រី ក្រសួងដឹកជញ្ជូន លោក ឥសវ៉ារ៉ាន ឱ្យជាប់ពន្ធនាគារចំនួន១២ខែ ពីបទពុករលួយ។ នេះជាសំណុំរឿងពុករលួយដ៏កម្រ ដែលមានពាក់ព័ន្ធឥស្សរជននយោបាយរបស់ប្រទេស។
ប្រសិនបើ នៅក្នុងផែនការកាត់បន្ថយផ្សែងពុលលើកក្រោយ ចិនមានកម្មវត្ថុប្រកបដោយមហិច្ឆតាខ្លាំង នោះចិននឹងអាចកាត់បន្ថយការបញ្ចេញឧស្ម័នពុលកាបូនិក បានជិតមួយភាគបី នៅត្រឹមឆ្នាំ២០៣៥។ លទ្ធភាពនេះអាចសម្រេចបានដោយសារតែចិនមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃវិស័យថាមពលកើតឡើងវិញ។ នេះបើតាមរបាយការណ៍ចុះថ្ងៃទី៣តុលារបស់មជ្ឈមណ្ឌលស្រាវជ្រាវស្តីពីថាមពលនិងខ្យល់បរិសុទ្ធ ដែលមានទីស្នាក់ការនៅទីក្រុងហែលស៊ីនគី។
មានអត្រាជាតិខ្លាញ់ក្នុងឈាមខ្ពស់ និងមិនព្យាបាលភ្នែកពេលមើលមិនច្បាស់ ជាកត្តាហានិភ័យពីរថ្មី ដែលនាំឱ្យមានគ្រោះកើតជំងឺរង្វេងវង្វាន់ អាល់ហ្សៃម៉ែរ។ នេះបើតាមការសិក្សាទើបចេញផ្សាយ នៅថ្ងៃទី ៣១កក្កដា ២០២៤។ ប៉ុន្តែជាដំណឹងល្អ នៅពេលអនាគតដ៏ខ្លីខាងមុខ វេជ្ជសាស្ត្រទំនងជាអាចជួយវែករកជំងឺអាល់ហ្សៃម៉ែរ បានឆាប់រហ័សនិងដោយភាពប្រាកដប្រជាខ្លាំង ហើយងាយ ដោយគ្រាន់តែយកឈាមទៅវិភាគជំងឺ។
អ្នកនេសាទវៀតណាម១០នាក់រងការវាយធ្វើបាបនិងរឹបអូសសម្ភារៈអស់ នៅក្នុងតំបន់ប្រជុំកូនកោះជាប់ជម្លោះនៃសមុទ្ទចិនខាងត្បូងរវាងចិននិងវៀតណាម។ នេះបើតាមការចុះផ្សាយរបស់កាសែតផ្លវុការរដ្ឋវៀតណាម។ ប៉ុន្តែប៉េកាំងបានឆ្លើយតបវិញដោយចាត់ទុកការប៉ះទង្គិចគ្នានេះថាជាឧប្បត្តិហេតុដ៏សាមញ្ញតែប៉ុណ្ណោះ។
១ថ្ងៃក្រោយទទួលការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា រដ្ឋាភិបាលជប៉ុនថ្មី បោះដៃស្ថាបនាទំនាក់ទំនង ឲ្យបានល្អប្រសើរ ប្រកបដោយស្ថិរភាពនិងកិច្ចស្ថាបនា ជាមួយប្រទេសចិនក្បែរខាង។ ជំហរការទូតថ្មីនេះ ប្រកាសឡើង បន្ទាប់ពី ជាច្រើនខែចុងក្រោយ ប្រទេសទាំង២ហាក់មិនសូវមើលមុខគ្នាចំប៉ុន្មានឡើយ ព្រោះតែ រដ្ឋអំណាចក្រុងប៉េកាំង បង្កើនសកម្មភាពបំពារបំពានដែនសមុទ្រ និងបានធ្វើសមយុទ្ធជាញឹកញយជាមួយរុស្ស៊ី។
ក្នុងឱកាសថ្ងៃបុណ្យជាតិ ថ្ងៃទី ១តុលា និងតាមរយៈក្រិត្យប្រធានាធិបតី អាជ្ញាធរវៀតណាមបានលើកលែងទោសទណ្ឌិតចំនួនជិត៣៨០០នាក់។ ប៉ុន្តែគ្មាន សកម្មជនប្រឆាំង ឬជាអ្នកទោសនយោបាយណាម្នាក់បានទទួលសេរីភាពទេ នាពេលនេះ។
អ៊ីរ៉ង់ និង អ៊ីស្រាអែល ប្រឈមមុខគ្នាកាន់តែខ្លាំង និងជាចំហ។ អ៊ីរ៉ង់ ដើម្បីសម្តែងសាមគ្គីភាពជាមួយដៃជើងសម្ព័ន្ធមិត្តហេសបូឡានិងហាម៉ាស បានបាញ់មីស៊ីលស្រោចលើ ទឹកដីអ៊ីស្រាអែល។ មេបញ្ជាការអ៊ីរ៉ង់ អះអាងថា ៩០%នៃមីស៊ីលជាង ២០០ គ្រាប់ សុទ្ធតែបាញ់ត្រូវចំគោលដៅយោធាសំខាន់ៗរបស់អ៊ីស្រាអែល។ បញ្ច្រាសទៅវិញ អ៊ីស្រាអែលបញ្ជាក់ថា មីស៊ីលអ៊ីរ៉ង់ ភាគីច្រើន ត្រូវប្រព័ន្ធខែលការពារមីស៊ីលបាញ់ស្ទាក់ជាប់។
នៅលីបង់ ការវាយប្រហារគ្នាទៅវិញ ទៅមក រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាកាន់តែខ្លាំងក្លា។ នៅថ្ងៃអង្គារទី១ អ៊ីស្រាអែលបានប្រកាសបើកសមរភូមិប្រយុទ្ធថ្មើរជើងចូលប្រទេសលីបង់ ជាលើកទី១ គិតចាប់តាំងពីចប់សង្រ្គាមលីបង់ អ៊ីស្រាអែល ឆ្នាំ ២០០៦។ នៅភាគខាងត្បូងលីបង់ ដែលជាគោលដៅវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលដើម្បីបោសសម្អាតក្រុមហេសបូឡាលីបង់ មានកងទ័ពមួកខៀវកម្ពុជាចំនួន ១៨៥នាក់កំពុងបំពេញបេសកកម្មមនុស្សធម៌ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីក និងកាកសំណល់សង្រ្គាម កងកម្លាំងមួកខៀវកម្ពុជាប្រចាំការនៅលីបង់ មានសុវត្ថិភាពធម្មតា។
នៅយប់ថ្ងៃអង្គារទិ ១តុលា អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកប្រមាណ ១៨០ដើមសំដៅអ៊ីស្រាអែល។ នេះបើតាមកងទ័ពអ៊ីស្រាអែល។ អ៊ីរ៉ង់បាញ់មីស៊ីលបាលីស្ទិកច្រើនជាងខែមេសា នៅពេលឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាញ់មីស៊ីលបាលីស្ទិកចំនួន១១០ដើម ហើយនិងមីស៊ីលបណ្តែត ចំនួន៣០ដើមសំដៅអ៊ីស្រាអែលដើម្បីសងសឹកឲ្យមេដឹកនាំហាម៉ាសដែលអ៊ីស្រាអែលលួចវាយប្រហារសម្លាប់ក្នុងទឹកដីអ៊ីរ៉ង់។ លើកនេះ ឆ្មាំបដិវត្តន៍អះអាងថា អ៊ីរ៉ង់បានបាញ់ជាលើកទី១ មីស៊ីលអ៊ីពែសូនិក សងសឹកឲ្យមេបញ្ជាការ អ៊ីរ៉ង់ ហើយនិងមេហេសបូឡាលីបង់ ហាសាន់ ណាស្រាឡាដែលអ៊ីស្រាអែលបាញ់សម្លាប់កាលពីសប្តាហ៍មុន។ បើតាមមន្រ្តីយោធាអ៊ីរ៉ង់ដែលប្រាប់ទីភ្នាក់ងារព័ត៌មាន គឺមេដឹកនាំសាសនាអាលី ខាមេនីដែលជាអ្នកបញ្ជាផ្ទាល់ឲ្យប្រតិបត្តិការវាយប្រហារមីស៊ីលលើអ៊ីស្រាអែល។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលវិញបានគំរាមថា អ៊ីរ៉ង់កំពុងប្រព្រឹត្តកំហុសដ៏ធំ ព្រោះអ៊ីស្រាអែលប្តេជ្ញាហើយថា នឹងវាយសងសឹកអ្នកដែលហ៊ានវាយប្រហារលើអ៊ីស្រាអែល។
អ្នកកាសែតដ៏មានថ្វីដៃ លោក ម៉ិច ដារ៉ា ត្រូវនគរបាលកម្ពុជា ចាប់ឃាត់ខ្លួន នៅខេត្តកោះកុង ពីថ្ងៃចន្ទ ទី៣០កញ្ញា ហើយត្រូវនាំខ្លួនទៅសួរចម្លើយនៅតុលាការដំបូងក្រុងភ្នំពេញ នារសៀល ថ្ងៃអង្គារ ទី១ តុលា។ ចៅក្រមស៊ើបសួរ បានសម្រេចចោទប្រកាន់រូបលោកអំពីបទល្មើសញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ពេលនេះ អាជ្ញាធរបានយកខ្លួនលោក ម៉ិច ដារ៉ា ទៅឃុំឃាំងបណ្តោះអាសន្ន នៅមន្ទីរឃុំឃាំងខេត្តកណ្តាល។
នៅជាយក្រុងបាងកក មានគ្រោះថ្នាក់ផ្ទុះឆេះរថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿង កាលពីថ្ងៃអង្គារទី ១តុលា។ នៅក្នុងចំណោមមនុស្ស៤៤នាក់នៅលើរថយន្តក្រុង មនុស្សចំនួន ១៩នាក់ត្រូវបានសង្រ្គោះ ចេញទាន់ពីអគ្គិភ័យ ចំណែក មនុស្ស២៥នាក់ ដែលនៅក្នុងនោះ កូនក្មេងសិស្សសាលាចំនួន ២២នាក់ និងគ្រូបង្រៀន ៣នាក់ បាត់ខ្លួន នៅក្នុងអណ្តាតភ្លើង។ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាតបានសរសេរក្នុងបណ្តាញសង្គម X ថា មានមនុស្សស្លាប់ច្រើននៅក្នុងគ្រោះថ្នាក់ឆេះរថយន្តក្រុងដឹកសិស្សសាលាថៃ នៅថ្ងៃអង្គារ នេះ។
វិមានក្រេមឡាំង បញ្ជាក់ថា នឹងបន្តប្រតិបត្តិការវាយលុកនៅអ៊ុយក្រែន ទោះបីសង្គ្រាមនេះទាមទារចំនួនមនុស្ស និងសេដ្ឋកិច្ច ទំហំប៉ុណ្ណាក៏ដោយ។ ការបញ្ជាក់នេះ រំលេចឲ្យឃើញដោយ គម្រោងច្បាប់ស្តីអំពីថវិកាសម្រាប់ឆ្នាំ ២០២៥។ ក្នុងនោះ ខ្ទង់ចំណាយវិស័យយោធា ក្នុងឆ្នាំថ្មី នឹងកើនឡើងដល់ទៅ ៣០% បើធៀបមកនឹងឆ្នាំនេះ។ សូមចុចស្តាប់សេចក្តីពន្យល់របស់ កែវ ឆាយា ពីរដ្ឋធានីម៉ូស្គូ ៖
កងទ័ពអ៊ីស្រាអែលបានប្រកាសនៅព្រឹកថ្ងៃអង្គារទី១តុលា ចាប់ផ្តើមប្រតិបត្តិការជើងគោកចូលក្នុងទឹកដីលីបង់។ ជាប្រតិបត្តិការដែលអ៊ីស្រាអែលអះអាងថា ដើម្បីកំទេចទីតាំង និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា កុំឲ្យក្រុមភេរវកម្មនេះ អាចបើកប្រតិបត្តិការវាយប្រហារមកលើអ៊ីស្រាអែលបាន ដូចករណីការវាយប្រហាររបស់ក្រុមហាម៉ាស ថ្ងៃទី៧ តុលា ២០២៣។ យ៉ាងណាងក៏ដោយ មានការព្រួយបារម្ភធំណាស់ អំពីសង្គ្រាមដែលអាចឆេះរោលពេញតំបន់ ហើយប្រជាជនស៊ីវីលលីបង់ នឹងក្លាយជាជនរងគ្រោះ មិនខុសពីប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា។
កាលពីល្ងាចថ្ងៃចន្ទ ទី៣០កញ្ញា បងធំទី២របស់ក្រុមហេសបូឡា ឈ្មោះ ណាអ៊ីម កាសេម (Naïm Kassem) បានចេញមុខថ្លែងសារថា ទោះបី ហាសាន់ ណាស្រាឡា មេធំបំផុតរបស់ហេសបូឡា ត្រូវបានអ៊ីស្រាអែលសម្លាប់ហើយក្តី តែក្រុមហេសបូឡានឹងបន្តការតស៊ូប្រយុទ្ធ តទល់នឹងអ៊ីស្រាអែល។ យ៉ាងណាក៏ដោយ នៅក្នុងសារនេះ បងធំទី២របស់ក្រុមហេសបូឡា មិនបានបញ្ជាក់ឲ្យដឹងទេ ថាអ្នកនរណានឹងឡើងមកដឹកនាំក្រុមហេសបូឡា ជំនួសហាសាន់ ណាស្រាឡា។
នៅថ្ងៃទី២៩កញ្ញាម្សិលមិញនេះ ក្រសួងមហាផ្ទៃ តាមរយៈក្រុមអ្នកនាំពាក្យបានទទូចឱ្យក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសរថយន្តដឹកទំនិញធំៗ គប្បីអប់រំអ្នកបើកបរឱ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ល្បឿន និងប្រុងប្រយ័ត្នបំផុតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ បើតាមក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ រថយន្តដឹកទំនិញធំៗក៏គួរតែផ្អាកចរាចរណ៍នៅតាមដងផ្លូវមួយរយៈសិន ដើម្បីបញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ជាយថាហេតុណាមួយ។
ក្រោយបានធ្វើការតវ៉ាអស់រយៈពេលជាច្រើនឆ្នាំ ក្រុមសហជីពនៃក្រុមហ៊ុនដឹកអ្នកដំណើរ Giant Ibis នៅទីបំផុត ទទួលបានប្រាក់សំណងពីភាគីក្រុមហ៊ុន។ តំណាងសហជីពក្រុមហ៊ុន Giant Ibis លើកឡើងថា ពួកគេសម្រេចចិត្តទទួលសំណងនេះទាំងបង្ខំ និងថា ភាគីក្រុមហ៊ុនបានប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់មកលើពួកគេ។
អាជ្ញាធរចិននៅតាមទីក្រុងធំៗមួយចំនួន បានចេញវិធានការពិសេស ដើម្បីជួយដល់វិស័យអចលនទ្រព្យ ដែលនៅជាប់គាំងក្នុងវិបត្តិ តាំងតែពីឆ្នាំ២០២០មក។ វិធានការដែលមានជាអាទិ៍ ដូចជាការដកចេញវិញ នូវការហាមឃាត់ ការទិញផ្ទះចាប់ពី២ឡើងទៅជាដើម។ ការប្រកាសនូវវិធានការទាំងនេះ បានញ៉ាំងឲ្យទីផ្សារភាគហ៊ុនចិន បានកម្រើកស្ទុះឡើង នៅថ្ងៃចន្ទនេះ បើទោះបីជាសកម្មភាពផលិតកម្មរោងចក្រចិន បានធ្លាក់ដៃប្រមាណ៥ខែជាប់គ្នាមកហើយ។
ក្រោយពីវាយប្រហារខ្លាំង ជាច្រើនថ្ងៃជាប់ៗគ្នា ពេញ១សប្តាហ៍មក កងទ័ពអ៊ីស្រាអែល អះអាងថាបាញ់គ្រាប់ប្លោង ១២០ដងបន្ថែមទៀត ទៅលើលីបង់ នៅល្ងាចថ្ងៃអាទិត្យ ដោយសម្លាប់ផ្តាច់ជីវិតមេខ្លោងធំរបស់ក្រុមហាម៉ាសប៉ាឡេស្ទីនប្រចាំលីបង់។ ក្រុមកម្លាំងសន្តិសុខលីបង់ ជូនដំណឹងថា ពេលនេះ ទ័ពអ៊ីស្រាអែល វាយប្រហារផ្លូវអាកាសចូលដល់កណ្តាលរដ្ឋធានីបេរូត ដែលពីមុនមក ប្រតិបត្តិការសឹកត្រឹមតែនៅភាគខាងត្បូងរដ្ឋធានីបេរូត តែប៉ុណ្ណោះ។ នេះជាសញ្ញាបញ្ជាក់ថាអ៊ីស្រាអែលកំពុងតែបើកមុខសមរភូមិសង្គ្រាមពេញទីតែម្តង។
សភាសហភាពអឺរ៉ុប បានប្រគល់រង្វាន់ការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២៤ ជូនលោកស្រីមេបក្សប្រឆាំងវ៉េណេស៊ុយអេឡា ដែលបានប្រយុទ្ធតស៊ូដើម្បីសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសរបស់ខ្លួន។ ជ័យលាភីលោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ ថ្លែងទទួលកិត្តិយស ដោយបញ្ជាក់ថា ពានរង្វាន់សិទ្ធិមនុស្សអឺរ៉ុបនេះ ពុំមែនសម្រាប់តែលោកស្រីម្នាក់នោះទេ តែវាសម្រាប់ជូនពលរដ្ឋវ៉េណេស៊ុយអេឡាដែលប្រឹងប្រែងតស៊ូរួមគ្នា ដើម្បីបុព្វហេតុសេរីភាព។
ពេលនេះ ប្រទេសជប៉ុន មហាអំណាចសេដ្ឋកិច្ចលំដាប់ទី៤លើពិភពលោក កំពុងតែខ្វះអង្ករ នៅក្នុងជង្រុក និងនៅកន្លែងស្តុកសម្រាប់លក់ដូរ។ ប្រជាជនជប៉ុន ដែលទទួលទានអង្ករជាមូលដ្ឋានចំណីអាហារ កំពុងតែព្រួយបារម្ភពីខ្វះស្បៀងអង្ករ ព្រោះលំបាករកទិញអង្ករ ហើយតម្លៃអង្ករ ទៀតសោត ក៏ហក់ឡើងខ្ពស់។ ប្រឈមមុខនឹងបញ្ហា អ្នកជំនាញនិងប្រជាពលរដ្ឋ បានស្តីបន្ទោសបន្ទាត់នយោបាយកសិកម្មរបស់រដ្ឋាភិបាលក្រុងតូក្យូ។
កម្ពុជាតាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេស បានបង្ហាញក្តីព្រួយបារម្ភចំពោះការរីករាលដាលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ពិសេសការអូសបន្លាយវិបត្តិនយោបាយក្នុងប្រទេសភូមា។ ការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជាដូច្នេះ ធ្វើឡើងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នៅទីក្រុងញូយ៉កសហរដ្ឋអាមេរិក។
កម្មករសំណង់ចំនួន៥រូប បានបាត់បង់ជីវិត ក្រោយកើតមានឧបទ្ទវហេតុដាច់ខ្សែកន្ត្រកយោងនៅការដ្ឋានកំពុងសាងសង់មួយក្នុងអគារអូឡាំព្យា កាលពីថ្ងៃទី២៧កញ្ញា ឆ្នាំ២០២៤។ នេះមិនមែនជាករណីទី១ទេ ដែលកម្មករក្នុងវិស័យសំណង់តែងគ្រោះថ្នាក់ដល់អាយុជីវិត។ ការណ៍នេះ អ្នកតាមដានបញ្ហាសង្គម បានលើកពីក្តីបារម្ភដែលកម្មករក្នុងវិស័យមួយនេះ មិនសូវមានការអើពើពីប្រព័ន្ធគាំពារសុវត្ថិភាព។ តើគួរមានយន្តការបែបណា ដើម្បីធានាដល់សុវត្ថិភាពកម្មករសំណង់ អំឡុងពេលពួកគេបំពេញការងារ?
យោងតាមការចុះផ្សាយពីសារព័ត៌មានអន្ដរជាតិ Mongabay នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ អ្នកកាសែតនៅខេត្តស្ទឹងត្រែងម្នាក់ឈ្មោះ អ៊ុក ម៉ៅ ដែលតែងចុះផ្សាយពីការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ភ្នំជម្រកសត្វ ត្រូវបានតុលាការខេត្តចោទប្រកាន់ពីបទ កាប់រានព្រៃឈើដោយខុសច្បាប់ និងបទញុះញង់។ Mongabay បញ្ជាក់ថាការសម្រេចចោទប្រកាន់បែបនេះ ធ្វើឡើងក្រោយពេលអ្នកកាសែត អ៊ុក ម៉ៅ មិនរាងចាលក្នុងការចុះផ្សាយពីក្រុមហ៊ុនរុករករ៉ែមួយ ដែលមានទំនាក់ទំនងនឹងឥស្សរជនជាន់ខ្ពស់ផ្នែកយោធានៅកម្ពុជា។
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ បានស្នើឱ្យស្ថាប័នរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងកងកម្លាំងប្រដាប់អាវុធ បង្កើតក្រុម CoopApp សម្រាប់ទំនាក់ទំនងគ្នា ជំនួសការប្រើបណ្ដាញសង្គមTelegram។ មូលហេតុដែលលោក ហ៊ុន សែន ស្នើឡើងបែបនេះ គឺដោយសារលោកបារម្ភពីសន្ដិសុខជាតិ។
នៅនេប៉ាល់ គ្រោះទឹកជំនន់និងបាក់ដី បណ្តាលឲ្យស្លាប់មនុស្សប្រមាណជាង ១០០ នាក់ ហើយរាប់សិបនាក់ទៀត កំពុងតែបាត់ខ្លួន។ គ្រោះថ្នាក់មហន្តរាយនេះ បង្កចេញពីភ្លៀងធំ ជាច្រើនថ្ងៃជាប់ៗគ្នា។ ក្រសួងអប់រំនេប៉ាល់ សម្រេចចិត្តប្រកាសបិទសាលារៀននិងមហាវិទ្យាល័យ មួយរយៈសិន។
ថ្ងៃទី២៨កញ្ញា ជាទិវាពិភពលោកនៃការរំលូតកូនដោយសុវត្ថិភាព។ តែការរំលូតកូន ជាសិទ្ធិ ដ៏ផុយស្រួយនៅឡើយ នៅលើពិភពលោក ព្រោះការរំលូតត្រូវបានហាមឃាត់ជាដាច់ខាតក្នុងប្រទេសមួយចំនួន។ ហើយប្រទេសខ្លះទៀត មានបម្រាមតឹងតែងខ្លាំងណាស់ជុំវិញទង្វើនេះ។
នៅថ្ងៃសុក្រទី២៧កញ្ញា អង្គការសង្គមស៊ីវិលចំនួន ១៨ស្ថាប័នបានស្នើសុំរដ្ឋាភិបាលកម្ពុជាពន្លឿនការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដែលជាប់គាំងអស់ជាច្រើនឆ្នាំ។ តាមសេចក្តីថ្លែងការណ៍ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានមានប្រយោជន៍ដល់ការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋជាចាំបាច់។
តើមេចលនាហេសបូឡា ហាសាន់ ណាស្រាឡា ពិតជាស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើភាគខាងត្បូងក្រុងបេរ៉ូតប្រទេសលីបង់មែនឬ? មែន ! នេះបើតាមសេចក្តីប្រកាសរបស់យោធាអ៊ីស្រាអែល នៅព្រឹកថ្ងៃសៅរ៍ទី២៨កញ្ញា។ ប្រភពស្និទ្ធនឹងចលនាហេសបូឡា ក៏បានអះអាងនៅព្រឹកនេះដែរថា បាត់ទំនាក់ទំនងជាមួយប្រមុខចលនាហេសបូឡា ណាស្រាឡា តាំងពីល្ងាចថ្ងៃសុក្រមក តែមិនបញ្ជាក់ព័ត៌មានទាក់ទងនឹងការស្លាប់រស់របស់មេកើយរូបនេះទេ។