ចេញពីអាល្លឺម៉ង់ លោកប្រធានាធិបតីអ៊ុយក្រែន បានបន្តដំណើរមកដល់ភាគខាងជើងអ៊ីតាលី កាលពីថ្ងៃសៅរ៍ ទី៧កញ្ញា ដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចមួយ។ លោកវ្លូឌីមៀរ ហ្សេឡេនស្គី បានថ្លែងសារជាបន្តបន្ទាប់ អំពាវនាវឲ្យប្រទេសសម្ព័ន្ធមិត្ត ជួយផ្តល់អាវុធបន្ថែមទៀតមកឲ្យអ៊ុយក្រែន និងជាពិសេសនោះ គឺត្រូវតែអនុញ្ញាតឲ្យអ៊ុយក្រែនអាចប្រើគ្រឿងសព្វាវុធទាំងនោះ វាយប្រហារទីតាំងយោធាក្នុងទឹកដីរុស្ស៊ី។ លោកស្រីម៉េឡូនី ប្រមុខរដ្ឋាភិបាលអ៊ីតាលី បានធានាប្រាប់លោកហ្សេឡេនស្គីសាជាថ្មី អំពីការជួយគាំទ្រដោយឥតរាថយរបស់អ៊ីតាលី ចំពោះអ៊ុយក្រែន។
បន្ទាប់ពីជួបបញ្ហាបច្ចេកទេសក្នុងពេលតភ្ជាប់ជាមួយស្ថានីយ៍យានអវកាសអន្តរជាតិកាលពីខែ មិថុនាកន្លងទៅ យានអវកាស Starliner របស់ក្រុមហ៊ុនប៊ូអ៊ីងបានផ្តាច់ខ្លួន និងវិលត្រលប់មកផែនដីវិញ ដោយសុវត្ថិភាពកាលពីយប់ថ្ងៃសុក្រទី ៧ កញ្ញា។ ប៉ុន្តែជាការកត់សំគាល់ អវកាសយាននិកពីរនាក់របស់ទីភ្នាក់ងារណាសា ដែលយាន Starlinerបានដឹកទៅដាក់ស្ថានីយ៍អវកាសកាលពីមិថុនា គ្មានវត្តមាននៅក្នុងយានដែលវិលត្រលប់មកផែនដី។ ទីភ្នាក់ងារអវកាសណាសាធ្លាប់បានធ្វើសន្និសីទកាសែតកាលពីចុងខែសីហាកន្លងទៅ ដើម្បីបញ្ជាក់ថា អវកាសយានិករបស់ក្រុមហ៊ុនប៊ូអ៊ីងនឹងបន្តរស់នៅ ស្ថានីយ៍អវកាសរហូតដល់កុម្ភៈឆ្នាំ ២០២៥ មុននឹងអាចត្រលប់មកផែនដីវិញ ជាមួយ យានរបស់ក្រុមហ៊ុនSpace X ដែលជាគូប្រជែងរបស់ក្រុមហ៊ុនប៊ូអ៊ីង។
ចាប់ពីថ្ងៃទី២ កញ្ញាមក ពលរដ្ឋដែលបង្កបង្កើនផលនៅតំបន់ ២ នៃបឹងទន្លេសាបក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យចំនួន ២២០គ្រួសារបានចេញមកតវ៉ាលើចំណាត់ការដោះដូរទៅទីតាំងថ្មីរបស់អាជ្ញាធរខេត្ត។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៦ កញ្ញានេះ លោក អ៊ិន គង់ជិត ប្រធានការិយាល័យអង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យបានលើកឡើងថា មូលហេតុនៃការចេញតវ៉ារបស់ពលរដ្ឋទាំងជាង ២០០គ្រួសារដោយសារទីតាំងដោះដូរនោះមានចម្ងាយឆ្ងាយពីទីតាំងចាស់ និងក្រោយពីពលរដ្ឋសង្កេតឃើញមានភាពមិនប្រក្រតីមួយចំនួននៅក្នុងដំណើរការដោះដូរ។ ក្នុងនាមជាមន្ត្រីឃ្លាំមើលបញ្ហាសិទ្ធិមនុស្សម្នាក់ លោកអ៊ិន គង់ជិតចង់ឃើញចំណាត់ការដោះដូរដីអាស្រ័យផលនៅបឹងទន្លេសាបរបស់អាជ្ញាធរនេះប្រកបដោយតម្លាភាព៕
នៅក្នុងរបាយការណ៍របស់ខ្លួនដែលចេញផ្សាយ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ អង្គការសមាគមធាងត្នោតបានលើកឡើងថា ទីក្រុងភ្នំពេញត្រូវតែរកវិធីដាក់បញ្ចូលទីធ្លាសាធារណៈបន្ថែម ជាពិសេសនៅតាមសហគមន៍ក្រីក្រ ពីព្រោះទីធ្លាសាធារណៈទាំងនោះអាចជួយជំរុញឱ្យប្រសើរឡើងនូវលទ្ធភាពរស់នៅរបស់ប្រជាជនក្រីក្រ។ អ្នកនាំពាក្យសាលាក្រុងភ្នំពេញបញ្ជាក់ថា សាលាក្រុងបានគិតគូររួចរាល់ហើយ និងមានគម្រោងបង្កើតទីធ្លាសាធារណៈបន្ថែមទៀតផងដែរ។
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+3 (AMRO) ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់៥,៦% សម្រាប់ឆ្នាំ២០២៤នេះ ខណៈរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចរំពឹងកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤នេះស្ទុះងើបឡើងដល់៦,៦%។ ចំពោះអ្នកវិភាគសេដ្ឋកិច្ច ការព្យាកររបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+3 នៅវិជ្ជមានដដែល ព្រោះថាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣កន្លងទៅ កើនក្នុងអត្រាតែ៥%ប៉ុណ្ណោះ។
ខ្យល់ព្យុះទីហ្វុងដ៏កំណាច ឈ្មោះ យ៉ាជី (YAGI) បានបោកសង្គ្រុប មកលើភាគខាងជើងប្រទេសវៀតណាម នៅព្រឹកថ្ងៃសៅរ៍ទី៧កញ្ញា។ មានល្បឿនខ្យល់ប្រមាណ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង នេះគឺជាព្យុះសង្ឃរាដ៏ខ្លាំងក្លា ដែលវៀតណាមកម្របានធ្លាប់ជួបប្រទះ។ មុននឹងមកដល់វៀតណាម ព្យុះនេះបានបក់ឆ្លងកាត់ កោះហៃណាន ភាគខាងត្បូងប្រទេសចិន បណ្តាលឲ្យស្លាប់មនុស្សយ៉ាងហោច២នាក់ និងរបួសជិត១០០នាក់ទៀត។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ កំពុងតាមដានគ្រប់ប្រភព និងត្រៀមខ្លួនរួចរាល់ដើម្បីបង្ការគ្រោះថ្នាក់ ក្នុងករណីឡាវបើកទំនប់បង្ហូរទឹក។ ប្រទេសឡាវបានប្រកាសថា នឹងបើកទំនប់អគ្គិសនីនៅថ្ងៃសៅរ៍នេះ ដើម្បីបង្ការទឹកជំនន់ដែលបង្កឡើងដោយព្យុះសង្ឃរាយ៉ាកជី។
អនុក្រឹត្យរបស់រដ្ឋាភិបាលចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៤ ដែលសមាគមឧកញ៉ាកម្ពុជាបានចុះផ្សាយកាលពីពេលថ្មីៗនេះ បានកំណត់ថា ដើម្បីទទួលគោរមងារជា«លោកអ្នកឧកញ៉ា» គឺទាល់តែអ្នកនោះបានចំណាយថវិកាជួយជាតិយ៉ាងតិច៤លានដុល្លារអាមេរិក។ ចំណែកគោរមងារជា «អ្នកឧកញ៉ា» គឺត្រូវបានចំណាយថវិកាជួយជាតិយ៉ាងតិច១លានដុល្លារ ខណៈគោរមងារជា«ឧកញ៉ា» គឺត្រូវបានចំណាយថវិកាជួយជាតិយ៉ាងតិច៥០ម៉ឺនដុល្លារ។ លើសពីនេះ នៅក្នុងអនុក្រឹត្យថ្មីនេះ រដ្ឋាភិបាលបានតម្រូវឲ្យ«លោកអ្នកឧកញ៉ា»ត្រូវបង់វិភាគទានប្រចាំឆ្នាំ១០ម៉ឺនដុល្លារ។ ចំណែក«អ្នកឧកញ៉ា» ត្រូវបង់វិភាគទានប្រចាំឆ្នាំ១ម៉ឺន៥ពាន់ដុល្លារ និង «ឧកញ៉ា»ត្រូវបង់វិភាគទានប្រចាំឆ្នាំ៨ពាន់ដុល្លារ។
កម្ពុជា-ចិន បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហការផ្នែកសន្តិសុខ ដើម្បីទប់ស្កាត់បទឧក្រិដ្ឋកម្មឆ្លងដែន។ ការប្តេជ្ញានេះ ធ្វើឡើងតាមរយៈជំនួបផ្លូវការរវាងលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក វ៉ាង ស៊ាវហុង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៅប្រទេសចិន កាលពីថ្ងៃទី០៦កញ្ញា។
អនាគតប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រ៉ាបូវ៉ូ ស៊ូប៊ីយ៉ាតូ Prabowo Subianto បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា កាលពីថ្ងៃសុក្រទី០៦កញ្ញា។ ការមកបំពេញទស្សនកិច្ចនៅកម្ពុជា ធ្វើឡើងនៅមុនពេលលោកត្រៀមខ្លួនក្លាយជាប្រធានាធិបតីឥណ្ឌូណេស៊ី នាអំឡុងខែតុលាខាងមុខ និងចួនចំពេលដែលឥណ្ឌូណេស៊ីទើបផ្តល់ជំនួយសព្វាវុធដល់កម្ពុជា។
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំប្រទេសកម្ពុជាបានចុះហត្ថលេខាផ្ដល់កម្ចីសម្បទានដល់កម្ពុជាចំនួន ៧ ៩៨៨លានយ៉េន ឬស្មើប្រមាណ ៥៥លានដុល្លារអាមេរិកដើម្បីឱ្យកម្ពុជាពង្រីកបណ្ដាញអគ្គិសនីក្នុងទីក្រុងភ្នំពេញ។ ការផ្ដល់កម្ចីនេះត្រូវបានទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន JICA អះអាងថា គឺដើម្បីជួយសម្រេចគោលបំណងរបស់កម្ពុជាក្នុងការពង្រឹងអគ្គិសនីក្នុងទីក្រុងភ្នំពេញ។
នៅក្នុងកិច្ចប្រជុំលើកទី៣ ស្ដីពីប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០២៥ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ភាគីកម្មករបានបន្ថយការទាមទារប្រាក់ឈ្នួលរបស់ខ្លួនមកត្រឹម១០ដុល្លារវិញ បន្ទាប់ពីទាមទារដល់១៤ដុល្លារកាលពីកិច្ចប្រជុំលើកទី២។ ចំណែកភាគីថៅកែបានអះអាងថានឹងដំឡើងប្រាក់ឈ្នួលដល់កម្មករពី១ដុល្លារ ទៅ២ដុល្លារប៉ុណ្ណោះលើប្រាក់ឈ្នួលបច្ចុប្បន្នសម្រាប់ឆ្នាំ២០២៥ខាងមុខ។
ចិននិងសហរដ្ឋអាមេរិក នឹងរួមគ្នាផ្តួចផ្តើមរៀបចំជំនួបកំពូលអន្តរជាតិមួយ ស្តីពីឧស្ម័នពុលផ្សេងទៀតក្រៅពីឧស្ម័នកាបូនិក ដូចជាឧស្ម័នម៉េតានជាដើម។ នេះបើផ្អែកតាមការលើកឡើង របស់លោករដ្ឋមន្ត្រីអាមេរិកទទួលបន្ទុកអាកាសធាតុ ពីទីក្រុងប៉េកាំង កាលពីថ្ងៃទី៦សីហា។ មិនខុសពីឧស្ម័នកាបូនិក ចិននិងសហរដ្ឋអាមេរិក គឺជាអ្នកបញ្ចេញចោលនូវឧស្ម័នពុលប្រភេទផ្សេងៗទៀត ច្រើនជាងគេបង្អស់ បើប្រៀបធៀបទៅបណ្តាប្រទេសដ៏ទៃទៀតទូទាំងពិភពលោក។
មុននឹងចុះពីកៅអីប្រមុខរដ្ឋាភិបាលជប៉ុន ចុងខែកញ្ញានេះ នាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា បានអញ្ជើញបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ជាលើកចុងក្រោយ។ ថ្នាក់ដឹកនាំជាតិទាំង២បានលើកឡើងអំពីជំនឿទុកចិត្តគ្នាទៅវិញទៅមក បានធ្វើឲ្យចំណងមេត្រីភាពរវាងប្រទេសទាំង២ ទទួលផលផ្លែផ្កាចម្រើនជឿនលឿនជាខ្លាំង នាប៉ុន្មានឆ្នាំចុងក្រោយ។ ប្រឈមមុខនឹងឥទ្ធិពលពីមហាយក្សចិន និងការគំរាមកំហែងកាន់តែខ្លាំងទៅៗពីសំណាក់របបកុម្មុយនិស្តកូរ៉េខាងជើង, រដ្ឋបាលទីក្រុងសេអ៊ូលនិងតូក្យូ បានប្តេជ្ញាបន្តរឹតចំណងទាក់ទងឲ្យកាន់តែខ្លាំងឡើងជាលំដាប់។
ធាតុអាកាសក្តៅខ្លាំង ជាប់បន្តគ្នាពីឆ្នាំមុន មកដល់ឆ្នាំនេះ មិនថមថយសោះ។ រដូវក្តៅឆ្នាំ២០២៤ ត្រូវអ្នកជំនាញអាកាសធាតុបញ្ជាក់ថា ជារដូវក្តៅខ្លាំង ពុំធ្លាប់ជួបសោះ នៅលើពិភពលោក។ មូលហេតុបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលជះផលវិបាកកាន់តែធ្ងន់ធ្ងរឡើង រួមនិងបាតុភូតអេលនីញ៉ូ។
លោកយាយ ធូ គឹមអេង វ័យ៧៦ឆ្នាំ និងលោកយាយទួត វ័យ៩៥ឆ្នាំត្រូវជាម្ដាយកូននឹងគ្នារស់នៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្រ្តីជរាទាំង ២រូបនេះកំពុងរស់ពឹងលើចៅអាយុ ៣១ឆ្នាំម្នាក់ដែលមានពិការភាព គ-ថ្លង់កំពុងប្រកបរបរធ្វើបដិមាថ្ម។ តាមពិត គឺលោកយាយ ធូ គឹមអេងជាអ្នកបង្រៀនចៅតាំងពីចៅនៅអាយុជាង ១០ឆ្នាំ។ សព្វថ្ងៃនេះ ចៅវ័យ ៣១ឆ្នាំដែលមានពិការភាពមានសមត្ថភាពអាចធ្វើបដិមាថ្មដោយខ្លួនឯង។ តែបញ្ហានៅត្រង់ថា គឺមិនសូវមានទីផ្សារសម្រាប់លក់ចេញ។
នៅរដ្ឋស្ហានភាគឦសានភូមា កងទ័ពជាតិភូមាបានវាយប្រហារដោយការទំលាក់គ្រាប់ពីលើអាកាស បណ្តាលឲ្យស្លាប់ជនស៊ីវីលយ៉ាងហោច១១នាក់ កាលពីយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រទី៦សីហា។ នេះបើផ្អែកតាមការអះអាង របស់ “កងទ័ពជាតិរំដោះតាអាង” ដែលជាកងកម្លាំងបះបោរប្រឆាំងរបបសិក នៅក្នុងតំបន់នេះ។ តំបន់មួយភាគធំក្នុងរដ្ឋស្ហានជាប់ព្រំដែនខេត្តយូណានរបស់ចិន បានធ្លាក់ទៅក្នុងដៃគ្រប់គ្រង របស់កងកម្លាំងបះបោរប្រឆាំងរបបសិកភូមា តាំងតែពីខែតុលាឆ្នាំ២០២៣មកម្លេះ។
លោកយ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាម្ចាស់គម្រោងកសិកម្មសម្បូរសប្បាយបានស្នើសុំការយោគយល់ពីពលរដ្ឋ និងសុំឱ្យពលរដ្ឋរង់ចាំការដោះស្រាយពីភាគីម្ចាស់គម្រោង។ តាមការបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិនាព្រឹកថ្ងៃទី០៦ កញ្ញានេះ លោកយ៉ង សាំងកុមារសន្យាទូទាត់សំណងជូនពលរដ្ឋទាំងអស់ តែសុំធ្វើតាមដំណាក់កាល ដ្បិតក្រុមហ៊ុនក៏កំពុងជួបបញ្ហាហិរញ្ញវត្ថុដូចគ្នា។ ការចេញមុខបញ្ជាក់របស់ម្ចាស់គម្រោងដូច្នោះធ្វើឡើង បន្ទាប់ពីពលរដ្ឋដែលអះអាងកំពុងរងគ្រោះបានចោទលោកយ៉ង់ សាំងកុមារពីបទបានបង្កើតគម្រោងខ្យល់ និងមិនបានផ្តល់ទិន្នផលកសិកម្មដូចការសន្យា។
ថ្ងៃព្រហស្បតិ៍ ទី ៥ ខែ កញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបញ្ជាក់ថា រុស្ស៊ី ត្រៀមខ្លួនជានិច្ច ដើម្បីចរចាជាមួយអ៊ុយក្រែន។ តែ លោក ពូទីន បន្ថែមទៀតថា កិច្ចចរចានេះដែរ ត្រូវធ្វើឡើង ដោយយក ការចរចារទី១ វាងរុស្ស៊ី និង អ៊ុយក្រែន ក្នុងឆ្នាំ ២០២២ ជាគោល។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខ្លឹមសារ នៃកិច្ចចរចា ឆ្នាំ ២០២២ នោះ នៅពុំទាន់បានលាតត្រដាងជាសាធារណៈ នៅឡើយទេ។ ផ្អែកតាមសំដីរបស់ មេដឹកនាំរុស្ស៊ី ដែលបានបន្លឺឡើងកាលពីខែ មិថុនា ឆ្នាំ ២០២៤ ថ្មីៗនេះ រុស្ស៊ីនឹងយល់ព្រមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដរាបណាអ៊ុយក្រែនយល់ព្រម កាត់ទឹកដី ខេត្តចំនួន ៤ ទៅឲ្យរុស្ស៊ី និង បោះបង់មហិច្ឆតារបស់ខ្លួន ចង់ចូលជាសមាជិកបក្សសម្ព័ន្ធអូតង់។
ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍បានចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មសរីរាង្គជាមួយសហគមន៍កសិករចំនួន ២៨នៅក្នុងខេត្តព្រះវិហារក្នុងការទិញលក់ស្រូវចំនួន ២៥ ០០០តោន ក្នុងមួយឆ្នាំដើម្បីកែច្នៃជាអង្ករនាំចេញទៅក្រៅប្រទេស។ ជាមួយគ្នានេះ អង្ករកម្ពុជាក៏ទទួលបានការចាប់អារម្មណ៍ពីប្រទេសឥណ្ឌូណេស៊ីដែរ។ តែបើតាមការចុះផ្សាយរបស់កាសែតវៀតណាមមួយក្នុងថ្ងៃទី៤ កញ្ញា ឥណ្ឌូណេស៊ីកំពុងពិចារណាលើសមត្ថភាពផលិត និងហេដ្ឋារចនាសម្ព័ន្ធកម្ពុជាដែលនៅមានកម្រិត។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៦ កញ្ញា ឆ្នាំ២០២៤នេះ លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍យល់ឃើញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការអង្ករពីឥណ្ឌូនេស៊ី៕
នៅក្នុងពិធីបើកវេទិកាសហប្រតិបត្តិការចិន អាហ្វ្រិកនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានប្រកាសសន្យាកញ្ចប់លុយ ជាង៥០ពាន់លានដុល្លារដើម្បីជួយអាហ្វ្រិក។ ក្រៅពីផ្តោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជំរុញសេដ្ឋកិច្ចក្នុងទឹកដីអាហ្វ្រិក ចិនបានប្រកាសផ្តល់ជំនួយថវិកាជាង១៤០លានដុល្លារដល់វិស័យយោធា និងសន្យាបណ្តុះបណ្តាលទាហាន ប៉ូលិសអាហ្វ្រិក៧ពាន់នាក់ ក្នុងរយៈពេល៣ឆ្នាំទៅមុខ។ នៅក្នុងក្រសែភ្នែករបស់អាមេរិក ជាមួយកញ្ចប់លុយដ៏សន្ធឹកសន្ធាប់សម្រាប់ទ្វីបអាហ្វ្រិក ចិនមិនត្រឹមចង់បានប្រយោជន៍សេដ្ឋកិច្ច ប៉ុន្តែ សម្លឹងឃើញផលប្រយោជន៍ភូមិសាស្រ្តនយោបាយសន្តិសុខ តាមរយៈការបោះទីតាំងនៅមូលដ្ឋានទ័ពជើងទឹកថ្មីមួយទៀតនៅទឹកដីអាហ្រ្វិក នៅហ្គីណេអេក្វាទ័រ ក្នុងមហាសមុទ្រអាត្លង់ទិក។
ទីបំផុតទៅ ប្រទេសបារាំងមាននាយករដ្ឋមន្ត្រីថ្មីហើយ ក្រោយពីអតីតប្រមុខរដ្ឋាភិបាល ហ្កាប៊្រីយែល អាតតាល់ បានលាចុះពីតំណែង។ ក្រោយពីពិគ្រោះប្រឹក្សាយោបល់ជាមួយអ្នកជំនាញនិងអ្នកនយោបាយជាច្រើននិន្នាការ, លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានសម្រេចចិត្តតែងតាំង លោក មីស្ហែល បាញេ ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី ដើម្បីឲ្យរៀបចំគណៈរដ្ឋមន្ត្រី និងដឹកនាំរដ្ឋាភិបាល ដើម្បីបម្រើផល ប្រយោជន៍ជាតិ។ តើប្រមុខរដ្ឋាភិបាលបារាំងថ្មីមានប្រវត្តិនយោបាយបែបណា?
នាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុន ម៉ាណែតបានឯកភាពលើសំណើរបស់អ្នកស្រីពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលស្នើឲ្យលោកឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់របស់កម្ពុជាជាមួយប្រទេសឡាវ វៀតណាម និងថៃ។
មហាអំណាចចិនប្រកាសចាយលុយដ៏ច្រើនសម្បើមសម្រាប់ជួយបណ្តាប្រទេសនៅអាហ្វ្រិក។ នៅក្នុងសុន្ទរកថាបើកវេទិកាសហប្រតិបត្តិការចិន អាហ្វ្រិក នៅថ្ងៃព្រហស្បតិ៍ ទី ៥កញ្ញា នៅទីក្រុងប៉េកាំង ប្រមុខរដ្ឋចិន លោកស៊ី ជីនពីងបានសន្យាផ្តល់ថវិកាជាង ៥០ពាន់លានដុល្លារទៅឲ្យប្រទេសនៅអាហ្វ្រិក ក្នុងរយៈពេល៣ឆ្នាំ។ កញ្ចប់លុយរបស់ចិន ដែលអាចជាប្រាក់កម្ចី លុយវិនិយោគ និងជំនួយគ្មានចំណង ជាការបោះទុនបន្ថែមទៀតរបស់ចិន ដើម្បីទាក់ទាញបណ្តាប្រទេសនៅអាហ្វ្រិក ដែលសំបូរទៅដោយធនធានរ៉ែធម្មជាតិ។
ថ្ងៃព្រហស្បតិ៍ ទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានថ្លែងជាសាធារណៈថា លោក គាំទ្រអ្នកស្រី កាម៉េឡា ហារីស ក្នុងនាមអ្នកស្រីជាបេក្ខជន នៃការបោះឆ្នោត ប្រធានាធិបតី អាមេរិក នៅខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។ ការអះអាងរបស់លោក ពូទីន ដូច្នេះ គឺធ្វើឡើង ១ថ្ងៃក្រោយ វ៉ាស៊ីនតោន បានចោទ ម៉ូស្គូ ថាកំពុងលូកដៃ ជ្រៀតជ្រែក ក្នុងដំណើរការបោះឆ្នោត នៅអាមេរិក។ ជាការចោទប្រកាន់មួយ ដែលរុស្ស៊ី បានបដិសេធ ច្រានចោល ទាំងស្រុង។ សូមរំឭកឡើងវិញថា កាលពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក្នុងឆ្នាំ ២០១៦ អាមេរិក ក៏ធ្លាប់ចោទរុស្ស៊ី ម្តងហើយ ថាបានប្រើឥទ្ធិពល ជ្រៀតជ្រែក តាមរយៈបណ្តាញសង្គម ដើម្បីជួយឲ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោត នៅពេលនោះ។
នៅថ្ងៃព្រហស្បតិ៍ ទី៥កញ្ញានេះ សម្តេច ប៉ាប ហ្វ្រង់ស័រ ប្រមុខសាសនាគ្រិស្តកាតូលិក នៃបុរីវ៉ាទីកង់ និង ប្រមុខដឹកនាំជាន់ខ្ពស់សាសនាអ៊ីស្លាមនៅឥណ្ឌូណេស៊ី បានចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររួមគ្នា ដែលផ្តល់សារៈសំខាន់លើបុព្វហេតុមនុស្សជាតិនិងអាកាសធាតុ។ កិច្ចព្រមព្រៀងរវាងសាសនាគ្រិស្តនិងសាសនាអ៊ីស្លាមនេះ ធ្វើឡើងដោយមានបណ្តាប្រមុខដឹកនាំសាសនា និកាយផ្សេងៗទៀតជាច្រើន ធ្វើជាសាក្សី និងដែលត្រូវប្រសិទ្ធនាម ហៅថា ជាសេចក្តីប្រកាស អ៊ីស្ទីកឡាល។
នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សមេធាវីនាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងជាថ្មីថា រដ្ឋាភិបាលត្រូវធ្វើជាបន្ទាន់នូវការអភិវឌ្ឍន៍ និងការធានាមិនឲ្យបាត់បង់អធិបតេយ្យភាព និងទឹកដីទៅអនាគត។ ការអនុវត្តន៍គោលដៅធំ ដែលប្រជាពលរដ្ឋចង់បានដូចបានលើកឡើងខាងលើត្រូវបានលោក ហ៊ុន ម៉ាណែត យល់ថា វាប្រសើរជាងការយកចាញ់យកឈ្នះគ្នាជុំវិញការដក ឬមិនដកខ្លួនពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ ការបញ្ជាក់របស់នាយករដ្ឋមន្ត្រីដូច្នេះត្រូវបានអ្នកវិភាគសង្គម និងនយោបាយបន្តមើលឃើញផ្សេងគ្នាដោយមានមតិគាំទ្រ និងមតិព្រួយបារម្ភ៕
ចុងខែសីហា អូស្ត្រាលីផលិតអគ្គិសនីចម្រាញ់ចេញពីចំហេះធ្យូងថ្ម បានចំនួនតិចជាង ៥០% នៃថាមពលប្រើប្រាស់សរុប។ នេះជាការបំបែកកំណត់ត្រា ជាលើកទី១សម្រាប់អូស្ត្រាលី និងជាដំណឹងល្អចំពោះមហិច្ឆតាទប់ទល់ការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ ការផលិតអគ្គិសនីចេញពីថាមពលកកើតឡើងវិញ បានហក់ឡើងគួរឲ្យកត់សម្គាល់។
ដើមសប្តាហ៍នេះ កូរ៉េខាងជើង បានយល់ព្រមទទួលកិច្ចសហការជាមួយនឹងអង្គការសហប្រជាជាតិដើម្បីកុមារ ហៅកាត់ថា យូនីសេហ្វ (Unicef) ដើម្បីនឹងបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺ។ អ្នកទទួលផលពីយុទ្ធនាការនេះ អាចនឹងមានកុមារ ចំនួនប្រមាណជាង ៨០ម៉ឺននាក់ និងស្រ្តីមានផ្ទៃពោះ ចំនួនជាង ១២ម៉ឺននាក់។ បើគិតចាប់តាំងពីឆ្នាំ២០២០មក យុទ្ធនាការចាក់ថ្នាំបង្ការ នៅវេលានេះ គឺជាជំនួយអន្តរជាតិតែមួយគត់ ដែលរបបកុម្មុយនិស្តកូរ៉េខាងជើង ព្រមទទួលយក។
វិស័យសហគ្រាសធុនតូច និងមធ្យម(SME) របស់កម្ពុជាបានរៀបចំតាំងបង្ហាញផលិតផលរបស់ខ្លួននៅស្ថានឯកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិនកាលពីខែសីហាកន្លងទៅ។ ការបង្ហាញផលិតផលSMEកម្ពុជានៅកណ្តាលទីក្រុងសៀងហៃធ្វើឡើងមុនជំនួបមួយកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញរវាងសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) និងគណៈប្រតិភូពាណិជ្ជកម្មអន្តរជាតិទីក្រុងសៀងហៃ។ ជាជំនួបដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពរវាងចិន-កម្ពុជា។ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានឲ្យដឹងថា គោលដៅរបស់លោកគឺចង់ជំរុញផលិតផល SME កម្ពុជាទៅកាន់ទីផ្សារសៀងហៃ ដែលទីក្រុងនេះមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាចំនួន ៧០០លានដុល្លារក្នុងមួយឆ្នាំរួចទៅហើយ។ សូមស្តាប់ការលើកឡើងរបស់លោកឧកញ៉ា តែ តាំងប៉ ដែលរៀបចំឡើងដោយ ញឹម សុផល៖
នៅក្នុងជំនួបជាមួយឯកអគ្គរាជទូតថៃដែលបញ្ចប់អាណត្តិនៅកម្ពុជានាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឱ្យភាគីថៃពិចារណាចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួនជាមួយកម្ពុជា។ ការលើកសំណើដូចនេះត្រូវបានលោកហ៊ុន សែនពន្យល់ថា គឺដើម្បីចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមកលើបេតិកភណ្ឌទាំងនោះ និងជាការបង្ហាញពីសាមគ្គីភាព ហើយជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ។ ចំណែកអ្នកជំនាញខាងវប្បធម៌ក៏បានយល់ឃើញដូចប្រធានព្រឹទ្ធសភាកម្ពុជាដែរ។ តែសួរថា តើកម្ពុជាអាចចំណេញអ្វីខ្លះ បើដាក់បេតិកភណ្ឌមួយចំនួនរបស់ខ្លួនទៅក្នុងបញ្ជីរួមជាមួយថៃ?
នៅក្នុងជំនួបលើកទី១២ ជាមួយប្រជាពលរដ្ឋរងគ្រោះក្នុងរឿងរ៉ាវជាមួយក្រុមហ៊ុនប្រ៊ីលានស៊ីធីរបស់អតីតឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមមេធាវីរដ្ឋាភិបាលកម្ពុជា លោក គី តិចបានជួបពលរដ្ឋរងគ្រោះសរុប ៤១១០ នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ និងក្បែររាជធានីភ្នំពេញ។ តាមលោក គី តិច ជំនួបជាមួយជនរងគ្រោះក្រុមហ៊ុនប្រ៊ីលានស៊ីធីរបស់អតីតឧកញ៉ា ឡេង ចាន់ណា គឺដើម្បីឲ្យមេធាវីរបស់រដ្ឋាភិបាលមានសិទ្ធិក្នុងការ ការពារក្តីក្នុងសំណុំរឿងនេះ។