មេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង បានអំពាវនាវសុំជំនួយអន្តរជាតិ ដើម្បីជួយស្រោចស្រង់ជនរងគ្រោះ ព្រោះតែទឹកជំនន់។ គ្រោះទឹកជំនន់និងបាក់ដី បណ្តាលមកពីការរងឥទ្ធិពលខ្យល់ព្យុះសង្ឃរា យ៉ាគី (Yagi) កាលពីសប្តាហ៍មុន បានសម្លាប់មនុស្សជាច្រើនក្នុងប្រទេសភូមា និងប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទោះយ៉ាងនេះក្តី ការអំពាវនាវរបស់ថ្នាក់ដឹកនាំភូមា សុំជំនួយបរទេស នៅក្នុងករណីដូច្នេះ ជារឿងដ៏កម្របំផុត ហើយលើកនេះ ជាអ្វីដែលអន្តរជាតិលំបាកនឹងយល់។
មន្ត្រីក្រសួងកសិកម្មរំពឹងថា កម្ពុជានឹងក្លាយជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលេខ១នៅលើពិភពលោកនាឆ្នាំ២០៣០ខាងមុខ ពោលគឺនៅក្រោយពេលបញ្ចប់គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧។ តាមមន្ត្រីក្រសួងកសិកម្ម មហិច្ឆតាចង់ក្លាយជាអធិរាជស្វាយចន្ទីនឹងអាចទៅរួច ព្រោះថាបច្ចុប្បន្នកម្ពុជាកំពុងឈរចំណាត់ថ្នាក់លេខ២លើការនាំចេញស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក បន្ទាប់ពីវៀតណាម។ តែប្រធានសមាគមស្វាយចន្ទីកម្ពុជាស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាពីរ គឺទុនបង្វិល និងកាត់បន្ថយថ្លៃដើមផលិត។
ក្រសួងរ៉ែ និងថាមពល តាមរយៈអគ្គនាយកដ្ឋានធនធានរ៉ែ បានសម្រេចផ្អាកអាជីវកម្មក្រុមហ៊ុនរុករករ៉ែមាសមួយកន្លែងឈ្មោះ សឹងយន្ដគ័ងយិក (Xing Yuan Kanng Yeak CO., LTD.) ដែលមានមូលដ្ឋាននៅតំបន់អូរខ្លិកខ្លក់ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ការផ្អាកបណ្តោះអាសន្ននេះ គឺចាប់ពីថ្ងៃទី១០កញ្ញា ឆ្នាំ២០២៤ ដោយមូលហេតុមានកម្មករម្នាក់បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុបាក់ថ្មសង្កត់នៅការរដ្ឋានអាជីវកម្មរុករករ៉ែមួយនេះ។
លោក ហ៊ុន ឡាក់ អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា បានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះថា ការសម្រេចដាក់ទណ្ឌកម្មពីរតនាគារសហរដ្ឋអាមេរិកលើលោកលី យ៉ុងផាត់ ដែលជាប្រធានសមាគមឧកញ៉ាកម្ពុជា មិនបង្កឱ្យប៉ះពាល់ដល់សមាគមឧកញ៉ានោះទេ។ មិនបង្កផលប៉ះពាល់ដោយលោកអះអាងថា សមាគមគឺជានីតិបុគ្គលដែលបង្កើតឡើងដោយព្រះរាជក្រឹត្យ ដូច្នេះមិនអាចរង្គោះរង្គើរដល់សមាគមឡើយ។ តែយ៉ាងណា អ្នកនាំពាក្យរូបនេះសម្ដែងការសោកស្ដាយដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដោយអយុត្តិធម៌បែបនេះលោកប្រធានសមាគម៕
នាយករដ្ឋមន្ត្រីអង់គ្លេស លើកឡើងសំណុំបញ្ហាសង្គ្រាមអ៊ុយក្រែន ទៅជជែកដោយផ្ទាល់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ជុំវិញការបើកភ្លើងខៀវឲ្យ កងទ័ពក្រុងកៀវ ប្រើមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយចូលទឹកដី រុស្ស៊ី។ សហរដ្ឋអាមេរិក និង អង់គ្លេស ថានឹងត្រូវពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តដទៃផ្សេងទៀត នៅក្នុងឱកាសកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែ អាល្លឺម៉ង់ ជាម្ចាស់ជំនួយយោធាធំមួយដែរ បានរក្សាជំហរបដិសេធ ខុសពីប្រទេសប៉ូឡូញ ដែលនៅជាប់ព្រំដែននឹងអ៊ុយក្រែន បានប្រកាសយល់ស្របយ៉ាងទទូច។
ស្ថាប័នស៊ើបការណ៍សម្ងាត់រុស្ស៊ី បានប្រកាសថ្ងៃសុក្រ ទី ១៣ កញ្ញា លុបចោលការទទួលស្គាល់ អ្នកការទូតអង់គ្លេស ៦ នាក់ ឲ្យប្រចាំនៅក្រុងម៉ូស្គូ ដោយចោទអ្នកទាំងនោះថាប្រព្រឹត្តចារកម្ម ប្រឆាំងរុស្ស៊ី ក្នុងបរិបទនៃទំនាក់ទំនងតានតឹងស្រាប់ទៅហើយជាមួយក្រុងឡុងដ្រ៏។ វិមានក្រេមឡាំង បរិហារអង់គ្លេសដែលគាំទ្រអ៊ុយក្រែនឲ្យប្រើជាយថាហេតុ មីស៊ីលបាញ់ទៅចម្ងាយឆ្ងាយ ទល់នឹងផ្ទាំងស៊ីបនានា នៅជ្រៅក្នុងដែនដីប្រទេសរុស្ស៊ីតែម្តង។
កាលពីថ្ងៃសុក្រ ទី១៣កញ្ញា អង្គការសុខភាពពិភពលោក បានប្រកាសអនុញ្ញាត ឲ្យប្រើវ៉ាក់សាំងប្រភេទ MVA-BN ដើម្បីបង្ការជំងឺMpox ដែលកំពុងឆ្លងរាលដាលគួរឲ្យបារម្ភ នៅតាមបណ្តាប្រទេសអាហ្វ្រិក។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះ មិនទាន់មានវ៉ាក់សាំងណាមួយដែលគេផលិតជាពិសេស ដើម្បីតម្រូវជំងឺMpox ឬជំងឺអុតស្វាឡើយ។ តែក្រុមអ្នកជំនាញបានសម្រេចប្រើប្រាស់វ៉ាក់សាំង ដែល MVA-BN ដែលគេប្រើសម្រាប់ជំងឺអុតធម្មតា បន្ទាប់ពីបានសាកល្បងទៅឃើញថាមានប្រសិទ្ធភាពខ្ពស់ លើជំងឺMpox។
ការចរចាជាដំណោះស្រាយតែមួយគត់ដើម្បីបិទបញ្ចប់សង្រ្គាមហ្កាហ្សា សង្រ្គាមអ៊ុយក្រែន។ នេះជាប្រសាសន៍របស់ប្រមុខការពារជាតិចិន លោកDong Jun នៅចំពោះមុខគណៈប្រតិភូជាង ៥០០នាក់នៅក្នុងវេទិកាស្តីពីសន្តិសុខ ដែលរៀបចំរយៈពេល៣ថ្ងៃ ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃសៅរ៍ ទី ១៤កញ្ញា។ នៅក្នុងចំណោមគណៈប្រតិភូដែលចូលរួមនៅក្នុងវេទិកានៅទីក្រុងប៉េកាំង មានមន្រ្តីជាន់ខ្ពស់យោធាមកពីប្រទេស រុស្ស៊ី ប៉ាគីស្ថាន សិង្ហបុរី អ៊ីរ៉ង់ ភូមា និងអាល្លឺម៉ង់។
ជប៉ុនបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងទៅហោះនៅអាកាស បន្ទាប់ពីចាប់បានសញ្ញាយន្តហោះល្បាតរបស់រុស្ស៊ីពីរគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ទី ១២ កញ្ញា។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិជប៉ុន យន្តហោះយោធាទាំងពីរគ្រឿងរបស់រុស្ស៊ីមិនបានហោះរំលោភចូលក្នុងដែនអាកាសរបស់ជប៉ុនទេ ប៉ុន្តែហោះជុំវិញប្រទេសជប៉ុន និងហោះនៅពីលើតំបន់ប្រជុំកោះជាប់ជម្លោះ ជប៉ុន និងរុស្ស៊ី។ នេះជាលើកទី២ ដែលយន្តហោះចម្បាំងជប៉ុនបើកប្រតិបត្តិការបន្ទាន់ បន្ទាប់ពីធ្លាប់ចេញទៅបណ្តេញយន្តហោះស៊ើបការណ៍សម្ងាត់របស់ចិនដែលហោះរំលោភចូលក្នុងដែនអាកាសរបស់ជប៉ុនកាលពីខែ សីហាកន្លងទៅ។
ស្រូវដែលកសិករកំពុងប្រមូលផលក្នុងរដូវវស្សាឆ្នាំ២០២៤ នេះត្រូវបានគេកត់សម្គាល់ថា មានតម្លៃធ្លាក់ចុះ បើធៀបនឹងឆ្នាំ ២០២៣។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៣ កញ្ញានេះ លោកបណ្ឌិតយ៉ង សាំងកុមារ អនុរដ្ឋលេខាក្រសួងកសិកម្មកម្ពុជាបានពន្យល់ថា តម្លៃស្រូវដែលកំពុងធ្លាក់ថ្លៃនេះជាពូជ ឬប្រភេទស្រូវវៀតណាម OM ដែលមានតម្លៃទាបបំផុតត្រឹម ៩២០រៀលក្នុងមួយគីឡូក្រាម។ តែផ្ទុយទៅវិញ និងបើតាមលោកបណ្ឌិតយ៉ង សាំងកុមារ ពូជ ឬប្រភេទស្រូវរបស់ខ្មែរបែរជាហក់ឡើងខ្ពស់ជាងឆ្នាំមុនៗទៅវិញ។ សម្រាប់អ្នកជំនាញកសិកម្មរូបនេះ ស្រូវពូជរបស់ខ្មែរមិនពិបាកដាំ និងនៅតែជាជម្រើសល្អរបស់កសិករខ្មែរ៕
បណ្តាញផ្សព្វផ្សាយផ្លូវការកូរ៉េខាងជើង បានបង្ហោះផ្សាយជាសាធារណៈ នៅថ្ងៃសុក្រទី១៣កញ្ញានេះ នូវរូបភាពប៉ុន្មានសន្លឹក ដែលគេឃើញលោកគីម ជុងអ៊ុន ចូលទៅពិនិត្យរោងចក្រចម្រាញ់ធាតុអារ៉ានីញ៉ូម។ នេះគឺជាលើកទី១ហើយ ដែលរបបផ្តាច់ការកូរ៉េខាងជើង បង្ហាញឲ្យគេឃើញ នូវទីតាំងក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ ផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ការបង្ហាញរូបភាពទាំងនេះ គឺត្រូវបានធ្វើឡើង២ថ្ងៃក្រោយ គីម ជុងអ៊ុន បានប្រកាសថាកូរ៉េខាងជើងនឹងប្រឹងប្រែងផលិតអាវុធនុយក្លេអ៊ែរឲ្យបានច្រើន ដើម្បីត្រៀមទប់ទល់សត្រូវ។
ក្រសួងសេដ្ឋកិច្ចអាមេរិកបានដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនរបស់លោកលី យ៉ុងផាត់ដោយសារតែមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជាការជួញដូរមនុស្ស និងពលកម្មដោយបង្ខំក្នុងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺនែត។ ការដាក់ទណ្ឌកម្មរបស់អាមេរិកលើឧកញ៉ាខ្មែរ និងជាសមាជិកព្រឹទ្ធសភារូបនេះត្រូវបានស្ថាប័ននានារបស់រដ្ឋាភិបាលកម្ពុជាចេញមុខច្រានចោល និងចាត់ទុកជាការរំលោភបំពានអធិបតេយ្យភាពប្រទេសកម្ពុជា។
នៅថ្ងៃទី១២ កញ្ញា ក្រសួងសេដ្ឋកិច្ចអាមេរិកបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនរបស់លោកលី យ៉ុងផាត់ដោយចោទពីបទជាប់ពាក់ព័ន្ធនឹងការបំពានសិទ្ធិមនុស្ស និងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញយ៉ាងធ្ងន់ធ្ងរ។ អ្នកតាមដានសង្គមយល់ថា នេះជាចំណាត់ការរបស់អាមេរិកចំពោះជនមានប្រាក់ និងអំណាចមួយចំនួនដែលហ៊ានប្រព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិមនុស្ស។ គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សកាន់អំណាចបានថ្កោលទោសលើការសម្រេចរបស់ក្រសួងសេដ្ឋកិច្ចអាមេរិកដោយចាត់ទុកជាការបំពានអធិបតេយ្យភាពកម្ពុជា។
លោកអាល់ប៊ែរតូ ហ្វូជីម៉ូរី ជនជាតិជប៉ុនដែលដឹកនាំប្រទេសប៉េរូដោយកណ្តាប់ដៃដែក ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០០ បានស្លាប់កាលពីថ្ងៃពុធទី ១១ កញ្ញា ក្នុងវ័យ ៨៦ឆ្នាំ។ នេះបើតាមការប្រកាសរបស់កូនប្រុសស្រីរបស់លោកហ្វូជីម៉ូរីពី ពីរដ្ឋធានី លីម៉ា។ ក្រៅពីផ្ញើសាររំលែកទុក្ខជាមួយ ក្រុមគ្រួសាររបស់លោកអាល់ប៊ែរតូ ហ្វូជីម៉ូរី ប្រធានាធិបតី ប៉េរូ បានប្រកាសកាន់ទុក្ខជាតិរយៈពេល៣ថ្ងៃ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍នេះ។ ប៉េរូកាន់ទុក្ខជាតិឲ្យសពអតីតប្រធានាធិបតីចម្រូងចម្រាសដែលមានឥទ្ធិពលធ្វើឲ្យប្រជាជនប៉េរូបែកបាក់ ចែកគ្នាជា២ក្រុម។
ចិនបានប្រកាសគំរាមជាឱឡាឫក កងទ័ពចិននឹងកម្ទេច នូវរាល់ការរំលោភបំពានណាមួយ មកលើអធិបតេយ្យភាពដែនដីចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះគឺជាសម្តីរបស់មេបញ្ជាការកងទ័ពចិនម្នាក់ នៅក្នុងឱកាសវេទិកាស្តីពីសន្តិសុខនៅទីក្រុងប៉េកាំង ថ្ងៃទី១២កញ្ញានេះ។ សូមបញ្ជាក់ថា មានបញ្ហាតានតាំងខ្លាំងឡើងៗ ប៉ុន្មានខែចុងក្រោយនេះនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលចិនអះអាងថាជារបស់ខ្លួនសឹងទាំងអស់ ខណៈវៀតណាម ម៉ាឡេស៊ី ប៊្រុយណេ និងហ្វីលីពីនជាដើម ក៏អះអាងថា គេមានចំណែកអធិបតេយ្យភាពដែរ។
នៅថ្ងៃទី១១ កញ្ញា ឆ្នាំ ២០២៤ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មបានសម្រេចបន្តអនុវត្តរយៈពេល ៦ខែបន្ថែមទៀតនូវវិធានការហាមការនាំចូលជាបណ្តោះអាសន្ននូវថ្លើមជ្រូកបង្កក ភាគបំណែកសាច់ និងគ្រឿងក្នុងផ្សេងទៀត។ ការសម្រេចដូចនេះដោយក្រសួងទាំងពីរមើលឃើញថា ការអនុវត្តវិធានការរយៈពេល៦ខែដំបូងទទួលបានលទ្ធផលល្អ ព្រោះអាចជួយសង្គ្រោះផលិតកម្មចិញ្ចឹញសត្វនៅកម្ពុជា។ ទោះយ៉ាងនេះក្តី ការនាំចូលថ្លើមសត្វជ្រូកបង្កក និងភាគបំណែកសាច់ និងគ្រឿងក្នុងផ្សេងទៀត ក្រៅពីថ្លើមជ្រូក ដែលអាចបរិភោគបាននៅតែបណ្តាលឲ្យផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគំរាមកំហែង និងឈានទៅដល់ការខូចខាតទាំងស្រុង៕
ជាលើកទី១នៅក្នុងប្រវត្តិអវកាសពិភពលោក អវកាសយានិកមិនអាជីព២រូបបានបណ្តែតខ្លួនក្នុងលំហអវកាស។ នៅថ្ងៃព្រហស្បតិ៍ អវកាសយានិកពីរនាក់បានអណ្តែតចេញពីយានអវកាសរបស់ក្រុមហ៊ុនSpaceX ដើម្បីដាក់ខ្លួនចូលទៅក្នុងលំហអវកាសដែលស្ថិតនៅចម្ងាយ ប្រមាណ ៧០០គីឡូម៉ែត្រពីផែនដី។ បេសកកម្មថ្មីរបស់ក្រុមហ៊ុនSpaceX ដែលមានឈ្មោះថា Polaris Dawn មានគោលដៅធ្វើតេស្តសំលៀកបំពាក់របស់អវកាសយានិក ដែលជាផ្នែកមួយនៃគម្រោងការធំរបស់ក្រុមហ៊ុនSpaceX។ ដូចជាក្រុមហ៊ុនអវកាសឯកជនផ្សេងទៀត ដូចជា Blue Origine ឬប៊ូអ៊ីង ក្រុមហ៊ុនSpace X របស់មហាសេដ្ឋី Elon Muskអភិវឌ្ឍយានសម្រាប់ហោះហើរពាណិជ្ជកម្ម ដើម្បីគោលដៅទេសចរណ៍ នៅថ្ងៃអនាគត។
កម្ពុជា និងហ្វីលីពីនត្រៀមធ្វើលំហាត់សឹករួមគ្នាលើការងារសង្គ្រោះពេលមានគ្រោះមហន្តរាយ និងកិច្ចការមនុស្សធម៌ដើម្បីរឹតចំណង និងបង្កើនសមត្ថភាពកងទ័ពនៃប្រទេសទាំងពីរ។ ការសម្រេចត្រៀមធ្វើសមយុទ្ធយោធារួមគ្នាមួយនេះធ្វើឡើងនៅក្រោយជំនួបរវាងលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោករ៉ូមេអូ អេស ប្រាវនើ ជេអ នាយសេនាធិការកងទ័ពហ្វីលីពីនកាលពីថ្ងៃទី៨ កញ្ញាកន្លងទៅ។
នៅថ្ងៃទី១០ កញ្ញា អង្គការ Verra បានសម្រេចលើកលែងការព្យួរលើការចេញលិខិតបញ្ជាក់ឱ្យគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងនៅប្រទេសកម្ពុជា បន្ទាប់ពីបានត្រួតពិនិត្យអស់ពេលជាង ១ឆ្នាំ។ អង្គការ Verra បានបញ្ជាក់ថា ការចេញវិញ្ញាបនបត្របញ្ជាក់កាបូនឱ្យគម្រោងកាត់បន្ថយការបំភាយឧស្ម័នពីការកាប់បំផ្លាញព្រៃឈើ និងភាពរិចរិលព្រៃឈើដ៏ចម្រូងចម្រាសឡើងវិញនេះក៏ព្រោះតែអង្គការ Verra បានពិនិត្យឃើញថា ការអនុវត្តគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance កន្លងមកមិនបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដូចការចោទប្រកាន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ទេ។
នៅថ្ងៃព្រហស្បតិ៍ ទី១២ កញ្ញានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន ម៉ាណែតបានថ្លែងជាសាធារណៈថា ការពង្រីកចំណតកំពង់ផែស្វយ័តព្រះសីហនុជាការពង្រឹងសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជាបន្ថែមទៀត។ ការអះអាងយ៉ាងដូចនេះរបស់លោកហ៊ុន ម៉ាណែតធ្វើឡើងនៅក្នុងពិធីសម្ពោធចំណតផែកុងតឺន័រស្វយ័តព្រះសីហនុប្រវែងជាង ២០០ម៉ែត្រដែលសាងសង់ឡើងដោយប្រើឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន។
ប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញនៅមិនទាន់ទទួលបានទឹកស្អាតប្រើប្រាស់នៅឡើយទេ។ ពួកគេដែលរស់នៅទីនោះកំពុងបន្តប្រើប្រាស់ទឹកស្ទឹងព្រែកត្នោតប្រចាំថ្ងៃ ប្រើប្រាស់ទឹកភ្លៀង និងទឹកបរិសុទ្ធ។ នៅចំពោះមុខបញ្ហានេះ ពួកគេបានស្នើឲ្យរដ្ឋាករទឹកជួយពន្លឿនគម្រោងផ្គត់ផ្គង់ទឹកស្អាតដល់ពយកគេឲ្យដូចប្រជាពលរដ្ឋផ្សេងទៀតដែលរស់ក្នុងក្រុងភ្នំពេញ។
លោកអាល់ប៊ែរតូ ហ្វូជីម៉ូរី ជនជាតិជប៉ុនដែលដឹកនាំប្រទេសប៉េរូដោយកណ្តាប់ដៃដែក ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០០ បានស្លាប់កាលពីថ្ងៃពុធទី ១១ កញ្ញា ក្នុងវ័យ ៨៦ឆ្នាំ។ នេះបើតាមការប្រកាសរបស់កូនប្រុសស្រីរបស់លោកហ្វូជីម៉ូរីពី ពីរដ្ឋធានី លីម៉ា។ ក្រៅពីផ្ញើសាររំលែកទុក្ខជាមួយ ក្រុមគ្រួសាររបស់លោកអាល់ប៊ែរតូ ហ្វូជីម៉ូរី ប្រធានាធិបតី ប៉េរូ បានប្រកាសកាន់ទុក្ខជាតិរយៈពេល៣ថ្ងៃ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍នេះ។ ប៉េរូកាន់ទុក្ខជាតិឲ្យសពអតីតប្រធានាធិបតីចម្រូងចម្រាសដែលមានឥទ្ធិពលធ្វើឲ្យប្រជាជនប៉េរូបែកបាក់ ចែកគ្នាជា២ក្រុម។
លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្រកាសក្នុងពិធីបិទវេទិកាអង្ករលើកទី៧នៅថ្ងៃទី១០ កញ្ញាថា រដ្ឋាភិបាលកម្ពុជានឹងបន្តអនុវត្តគោលនយោបាយអនុគ្រោះក្នុងវិស័យកសិកម្ម។ ការប្រកាសដាក់ឱ្យបន្តអនុវត្តគោលនយោបាយអនុគ្រោះក្នុងវិស័យកសិកម្មនាពេលនេះត្រូវបានលោកហ៊ុន ម៉ាណែតពន្យល់ថា គឺដើម្បីគាំទ្រដល់វិស័យកសិកម្មដែលនៅមិនទាន់មានស្ថានភាពប្រសើរ។ បើតាមលោក ហ៊ុន ម៉ាណែត គោលនយោបាយអនុគ្រោះក្នុងវិស័យកសិកម្មដែលរដ្ឋាភិបាលបន្តអនុវត្តរួមមាន ការមិនយកពន្ធ ឬបន្ថយពន្ធចំពោះអ្នកបំពេញការងារលើវិស័យកសិកម្ម។ល។ អ្នកជំនាញកសិកម្មមួយចំនួនមើលឃើញលទ្ធផលតិចតួចណាស់ចេញពីការបន្តអនុវត្តគោលនយោបាយអនុគ្រោះកសិកម្មនេះ ប្រសិនបើផែនការកសិកម្មនៅតែដើរយឺតដដែលនោះ។
បន្ទាប់ពីទទួលបានការតែងតាំងជាអ្នកតំណាងបក្សរៀងៗខ្លួន បេក្ខជនប្រធានាធិបតីអាមេរិកបានជួបមុខគ្នានៅក្នុងកម្មវិធីពិភាក្សាដេញដោល រយៈពេល ១ម៉ោងកន្លះ ដែលរៀបចំឡើងនៅស្ថានីយ៍ទូរទស្សន៍អាមេរិក ABC កាលពីថ្ងៃអង្គារទី ១០កញ្ញា។ ចាប់តាំងពីត្រូវតែងតាំងជាបេក្ខនារីប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ជំនួសលោកចូ បៃដិនដែលទើបប្រកាសដកខ្លួននៅខែ កក្កដាកន្លងទៅ នេះជាលើកទី១ដែលលោកស្រី ខាម៉ាឡា ហារីស ជួបពិភាក្សាដេញដោលផ្ទាល់ ជាមួយលោកដូណាល់ ត្រាំ បេក្ខជនបក្សសាធារណរដ្ឋ។
គណបក្សកម្លាំងជាតិគ្រោងធ្វើសមាជនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំបក្ស។ តែលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី២០ ខែកញ្ញា ពោល ៥ថ្ងៃក្រោយសមាជបក្ស។ តាមដីកាចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យ លោក រ៉ុង ឈុន ចូលបំភ្លឺនៅម៉ោង៩ព្រឹកថ្ងៃទី២០ កញ្ញាពីដំណើររឿង «ការមិនរាងចាលក្នុងបទមជ្ឈឹម បន្ទាប់ពីផ្អាកទោសមជ្ឈឹម និងពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តិនៅកម្ពុជាក្នុងឆ្នាំ២០២៤។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីមូលដ្ឋានជាក់លាក់នៃវិធានការទាំងឡាយរបស់រដ្ឋាភិបាលកម្ពុជាដែលសំដៅដល់ការចាប់ខ្លួនយុវជនមួយចំនួននាពេលកន្លងទៅថ្មីៗនេះ។ តំណាងសហភាពអឺរ៉ុបបានបង្ហាញពីការមិនយល់ស្របគ្នាខ្លះលើអ្វីដែលជាវិធានការរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងការចាប់ខ្លួនយុវជនទាក់ទងនឹងគម្រោងបាតុកម្មកាលពីថ្ងៃទី១៨ ខែសីហាដែលគេហៅជាគម្រោងបាតុកម្មប្រឆាំងCLV។
ក្រសួងពាណិជ្ជកម្មកម្ពុជាបានកំណត់តម្លៃប្រេងឥន្ធនៈពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយប្រេងសាំងធម្មតាមានតម្លៃ ៣៩០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៣ ៧៥០រៀលក្នុង១លីត្រ។ តម្លៃប្រេងដែលបានធ្លាក់មកនៅក្រោម ១ដុល្លារ ក្នុងមួយលីត្រនេះ ជារឿងកម្រនឹងកើតមានអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមើលឃើញថា ការបន្តធ្លាក់ចុះនៃតម្លៃប្រេងឥន្ធនៈនេះជាសញ្ញាមួយជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានភាពវិជ្ជមាន ពិសេសនឹងជួយដល់ច្រវ៉ាក់ផលិតកម្មគ្រប់វិស័យដែលប្រើប្រាស់វត្ថុធាតុដើមពីប្រេងឥន្ធនៈ។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើងនឹងប្រឹងប្រែងអភិវឌ្ឍន៍គ្រឿងសព្វាវុធនុយក្លេអ៊ែរ ឲ្យល្អឥតខ្ចោះ ដើម្បីត្រៀមទប់ទល់ជាមួយសត្រូវ។ សម្តីនេះត្រូវបានថ្លែង នៅថ្ងៃទី១០កញ្ញានេះ ក្នុងឱកាសបុណ្យខួបទី៧៦ នៃការបង្កើត សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។ នេះអាចទុកបានថាជាលើកទី១ហើយ ដែលមេដឹកនាំកូរ៉េខាងជើងរូបនេះ និយាយប្រកាសជាផ្លូវការ ថាខ្លួនពិតជាមានគ្រឿងសព្វាវុធនុយក្លេអ៊ែរ។
មហាយក្សចិន និងមហាអំណាចរុស្ស៊ី រួមពួតដៃគ្នាធ្វើសមយុទ្ធយោធាជើងទឹកនិងជើងអាកាស នៅក្នុងដែនទឹក ក្បែរនឹងសមុទ្រជប៉ុន។ ក្រសួងការពារជាតិរុស្ស៊ី ចាត់ទុកព្រឹត្តិការណ៍ដ៏សម្បើមនេះ ជាមហាសមយុទ្ធដ៏សំខាន់ប្រចាំឆ្នាំ ហើយចំណែក រដ្ឋអំណាចចិន បញ្ជាក់ថា ការសាកល្បងហ្វឹកហាត់ក្បួនទ័ពនេះ បន្តធ្វើរហូតដល់ថ្ងៃទី១៦កញ្ញា។ ភាគីក្រុងតូក្យូ ក្រៅពីថ្លែងក្តីបារម្ភនិងមិនសប្បាយចិត្ត ជប៉ុនបានតាមដានសកម្មភាពចល័តទ័ព របស់នាវាចម្បាំងចិន យ៉ាងកៀកកិត។
ឧស្ម័នម៉េតាន គឺជាអ្នករួមចំណែកដ៏សំខាន់ដែរ ទន្ទឹមនឹងឧស្ម័នកាបូនិក ក្នុងការធ្វើឲ្យសីតុណ្ហភាពផែនដីយើង ឡើងកំដៅ។ បើទោះបីជាមានការសន្យាពីបណ្តាប្រទេសនានា ថាប្រឹងប្រែងកាត់បន្ថយការបញ្ចេញឧស្ម័នម៉េតាន តែគេក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ បានសង្កេតឃើញថា ឧស្ម័នប្រភេទនេះនៅតែមានកម្រិតច្រើនក្នុងបរិយាកាស ហើយបានកើនឡើងយ៉ាងលឿនរហ័ស។
គ្រាប់បែកចង្កោមនៅបន្តសម្លាប់មនុស្ស ហើយអ្នកដែលរងគ្រោះថ្នាក់ដល់អាយុជីវិតច្រើនជាងគេ គឺ ប្រជាជនស៊ីវិល កុមារ។ យោងតាមរបាយការណ៍របស់អង្គការសម្ព័ន្ធគ្រាប់បែកចង្កោម ចេញផ្សាយកាលពីថ្ងៃចន្ទទី ៩ កញ្ញា ពាក់កណ្តាលនៃជនរងគ្រោះស្លាប់ និងរបួសដោយសារគ្រាប់បែកចង្កោមនៅក្នុងពិភពលោក គឺជាប្រជាជនអ៊ុយក្រែន។ ប្រជាជនស៊ីវិលអ៊ុយក្រែនរងគ្រោះដោយសារគ្រាប់បែកចង្កោមដែលភាគីជម្លោះទាំងពីរ ទាំងអ៊ុយក្រែន និងរុស្ស៊ីបានប្រើស្មើដៃគ្នា នៅក្នុងសង្រ្គាមអ៊ុយក្រែន។ នៅក្នុងក្រសែភ្នែករបស់អង្គការការពារសិទ្ធិមនុស្ស ការប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងសង្រ្គាមអ៊ុយក្រែន ដោយគ្មានខ្លាចរអែង ពីគ្រោះថ្នាក់សម្លាប់ប្រជាជនស៊ីវិល អាចជាចរន្តជំរុញឲ្យសន្ធិសញ្ញាហាមឃាត់គ្រាប់បែកចង្កោមរបស់អង្គការសហប្រជាជាតិកាន់តែចុះខ្សោយ។
រដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានប្រកាសពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ការប្រកាសពីការរៀបចំពិធីបុណ្យមួយនេះក្នុងឆ្នាំនេះត្រូវបានអ្នកវិភាគមើលឃើញថា គឺជាយន្តការមួយជួយបន្ធូបន្ថយអារម្មណ៍តានតឹងរបស់ពលរដ្ឋ និងជួយឲ្យមានចរន្តសាច់ប្រាក់នៅក្នុងចំណោមមហាជន។