ជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាដូចជាខេត្តព្រះសីហនុ ក្រចេះ ស្ទឹងត្រែង ដែលបានកើតឡើងដោយសារភ្លៀងធ្លាក់ក្នុងកំរិតពីជាង១០០ ទៅជាង២០០មីលីម៉ែត្រ នឹងថមថយទៅវិញ នៅវេលាយប់ថ្ងៃអង្គារទី១៧កញ្ញានេះ។ ដោយឡែកប្រទេសកម្ពុជានៅមិនទាន់ប្រឈមនៅឡើយទេ ទៅនឹងទឹកជំនន់ទន្លេមេគង្គ។ ឥទ្ធិពលនៃព្យុះយ៉ាជី នឹងនាំទឹកមកដល់កម្ពុជា ក្នុងរង្វង់ពី៣ ទៅ៤ថ្ងៃទៀត។ នេះបើតាមលោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម។ តាមអ្នកនាំពាក្យរូបនេះ ខេត្តចំនួន៤ នៅតំបន់មេគង្គលើរបស់កម្ពុជាដូចជាខេត្តក្រចេះ ស្ទឹងត្រែង កំពង់ចាម និងត្បូងឃ្មុំ ត្រូវបានជូនដំណឹងឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់។ ប្រុងប្រយ័ត្នដោយសារទឹកចាស់មិនទាន់ត្រូវបានរំដោះ ចំណែកឥទ្ធិពលនៃវិសម្ពាធថ្មីមួយទៀត អាចនាំមកនូវទឹកភ្លៀងបន្ថែមទៀតក្នុងពេលខាងមុខ។ សូមស្តាប់លោក ចាន់ យុត្ថា ដែលរៀបចំដោយ ញឹម សុផល៖
ទីបំផុតទៅ ជប៉ុន ប្រកាសបន្តពន្យារពេលស្រង់យកសំណាកទឹកកាកសំណល់រ៉េអាក់ទ័រនុយក្លេអ៊ែរ នៅហ្វ៊ូគូស្ហ៊ីម៉ា ព្រោះតែបញ្ហាបច្ចេកទេស។ នេះបើតាមអ្នកតំណាងក្រុមហ៊ុន តេបកូ មជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្វ៊ូគូស្ហ៊ីម៉ា។ សំណុំរឿងទឹកកាកសំណល់ចេញពីរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅហ្វ៊ូគូស្ហ៊ីម៉ា បង្កភាពចម្រូងចម្រាសខ្លាំង ជាង១ទសវត្សរ៍មកហើយ។
ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ លោកម៉ាស៊ូត ប៉េហ្សេស្សខ្ចន់ នៅដើមសប្តាហ៍នេះបានទាត់ចោលលទ្ធភាពជួបប្រធានាធិបតីអាមេរិក លោកចូ បៃដិន នៅពេលលោកធ្វើដំណើរទៅទីក្រុងញូវយ៉ក ដើម្បីចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញានេះ។ នៅក្នុងសន្និសីតកាសែតកាលពីថ្ងៃចន្ទ មេដឹកនាំរបស់អ៊ីរ៉ង់បានទម្លាក់កំហុសទៅលើអាមេរិកថា ជាអ្នកបង្ករឿងមុន តាមរយៈការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ និងបង្កើតមូលដ្ឋានទ័ពនៅតាមប្រទេសជុំវិញអ៊ីរ៉ង់។ ចំពោះប្រធានាធិបីអ៊ីរ៉ង់ អ៊ីរ៉ង់នឹងលះបង់ចោលការផលិតមីស៊ីល ព្រោះបើគ្មានមីស៊ីល អ៊ីរ៉ង់នឹងធ្លាក់ខ្លួនហ្កាហ្សាបច្ចុប្បន្ន។
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងកំពុងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី“ការអភិរក្សវាយនភណ្ឌ” ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ការបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ គឺបន្តចែករំលែកចំណេះដឹង អំពីការងារជំនាញអភិរក្សវាយនភណ្ឌ បណ្តុះស្មារតីយុវជន និងផ្តល់តម្លៃលើវត្ថុតាងប្រវត្តិសាស្ត្រ និងការចងចាំពីរបបខ្មែរក្រហម។
ក្រុមហ៊ុនបច្ចេកវិទ្យា មេតា ដែលជាមេក្រុមហ៊ុនរបស់ហ្វេសបុក បានប្រកាសបិទខ្ទប់រាល់បណ្តាលប្រព័ន្ធឃោសនាព័ត៌មានរបស់រដ្ឋរុស្ស៊ី នៅលើគ្រប់បណ្តាញប្រព័ន្ធរបស់ខ្លួន។ ការសម្រេចចិត្តបែបនេះ ព្រោះតែមានក្តីបារម្ភអំពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអាមេរិក និងលូកដៃកកូរកកាយប្រជាធិបតេយ្យ។ ក្នុងបរិបទ ដែលសហរដ្ឋអាមេរិក កំពុងតែធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី ដូច្នេះហើយ ទើបអាមេរិកប្រយ័ត្នប្រយែងខ្លាំង។
ថ្ងៃ ចន្ទ ទី១៦ ខែ កញ្ញា មន្ត្រីយោធា ២ នាក់ នៃក្រសួងការពារជាតិរុស្ស៊ី ត្រូវគេឃាត់ខ្លួន ពីបទពុករលួយ ដែលនឹងអាចមានទោស ជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ នេះបើយោងតាមសេចក្តីប្រកាស របស់គណៈកម្មធិការស៊ើបអង្កេតរុស្ស៊ី។ សូមរំឭកថា នៅប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធររុស្ស៊ី បានឃាត់ខ្លួន និង ដាក់ទោស បុគ្គលសំខាន់ៗច្រើនរូប មកពីក្រសួងការពារជាតិ ក្រោមរូបភាពនៃការកំចាត់អំពើពុករលួយក្នុងប្រទេស។ តែសម្រាប់ អ្នកវិភាគមួយចំនួនវិញយល់ថា នេះគឺជាប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដែលធ្វើឡើង ក្នុងបំណងបោសសម្អាត រាល់មន្ត្រីជាន់ខ្ពស់នានា ក្នុងក្រសួងខាងលើ ដែលមានជាប់ពាក់ព័ន្ធនិងរឿងអាស្រូវ ពុករលួយ ស៊ីសំណូកសូកប៉ាន់។ គួរបញ្ជាក់ថា ក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែនដែលអូសបន្លាយច្រើនឆ្នាំ រុស្ស៊ី ចាំបាច់ត្រូវបង្កើនប្រសិទ្ធភាព និង ត្រួតពិនិត្យលើខ្ទង់ចំណាយដ៏មហាសាល នៃក្រសួងការពារជាតិ។
នៅថ្ងៃចន្ទ នាយករដ្ឋមន្ត្រីអង់គ្លេស អញ្ជើញទៅប្រទេសអ៊ីតាលី ដើម្បីជជែកពីសំណុំរឿងជនអន្តោប្រវេសន៍ និងឈ្វេងយល់ដកស្រង់បទពិសោធពីនយោបាយទប់ស្កាត់ជនភៀសខ្លួន របស់ថ្នាក់ដឹកនាំអ៊ីតាលី។ អ៊ីតាលី ជាទីដែល នាយករដ្ឋមន្ត្រីអង់គ្លេស កោតសរសើរថា នយោបាយទប់ស្កាត់ជនអន្តោប្រវេសន៍ បានរីកចម្រើនខ្លាំង។ ដំណើរឈ្វេងយល់ពីចំណាត់ការទប់ស្កាត់ជនភៀសខ្លួននេះ ធ្វើឡើងតែ១ថ្ងៃ ក្រោយពីជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើននាក់ លង់ទឹកស្លាប់បាត់បង់ជីវិត ព្រោះតែព្យាយាមឆ្លងសមុទ្រចូលទឹកដីអង់គ្លេស។
ថ្ងៃទី១៦កញ្ញា គឺជាថ្ងៃខួបគម្រប់២ឆ្នាំ នៃបាតុកម្មបះបោររបស់ស្ត្រីអ៊ីរ៉ង់ ដែលបានងើបតវ៉ាប្រឆាំងនឹងការកៀបសង្កត់ ពីសំណាក់របបផ្តាច់ការសាសនាជ្រុលនិយមអ៊ីរ៉ង់។ បាតុកម្មបះបោរ ដែលបានផ្ទុះឡើងក្រោយការស្លាប់របស់ស្ត្រីឈ្មោះ Mahsa Amini បន្តាប់ពីនគរបាលសិលធម៌អ៊ីរ៉ង់ចាប់ខ្លួនយកទៅ ដោយចោទថាទទួលក្រណាត់រុំមិនជិតក្បាលត្រឹមត្រូវ។ នៅក្នុងថ្ងៃខួប២ឆ្នាំនេះ លោកស្រី Narges Mohammadi ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ដែលបច្ចុប្បន្នកំពុងជាប់ក្នុងពន្ធនាគារនៅអ៊ីរ៉ង់ បានផ្ញើសារវីដេអូ អំពាវនាវឲ្យពិភពលោកទាំងមូល ជាពិសេសអង្គការសហប្រជាជាតិ ត្រូវតែចូលរួមជួយស្រែក ជួយឈឺឆ្អាល ចំពោះទុក្ខវេទនារបស់ស្ត្រីអ៊ីរ៉ង់។
ពេលនេះ បេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ «មានសុវត្ថិភាព និងសុខសប្បាយជាធម្មតា» ក្រោយពីព្រឹត្តិការណ៍ផ្ទុះអាវុធច្រើនគ្រាប់ នៅទីលានវាយកូនហ្កោលរបស់លោក ត្រាំ ក្នុងរដ្ឋហ្វ័រីដា។ ២ខែមុន លោក ត្រាំ ត្រូវរងរបួសដាច់ត្រចៀក តែលើកទី២នេះ គ្មានរបួសអ្វីឡើយ ហើយជនសង្ស័យម្នាក់ ត្រូវនគរបាលអាមេរិកចាប់ខ្លួនបាន រួមនឹងវត្ថុតាងកាំភ្លើង ប្រភេទ«AK-47» ១ដើម។ នគរបាលស៊ើបអង្កេតរដ្ឋសហព័ន្ធអាមេរិក FBI បើកសំណុំរឿងស៊ើបអង្កេតអំពីបទប៉ុនប៉ងធ្វើឃាត និងកំពុងសួរចម្លើយជនសង្ស័យ។
ព្រឹកថ្ងៃចន្ទទី១៦កញ្ញា ខ្យល់ព្យុះកំណាចទីហ្វុង បេប៊ីនកា បានបោកសង្គ្រុបលើទីក្រុងសៀងហៃ និងតំបន់មួយចំនួនទៀត នៅភាគខាងកើតប្រទេសចិន។ ផ្អែកតាមអាជ្ញាធរឧតុនិយមចិន ខ្យល់ព្យុះសង្ឃរានេះ មានកម្លាំងខ្លាំងក្លា ដែលតំបន់ភាគខាងកើតចិន មិនបានជួបប្រទះប្រមាណ៧០ឆ្នាំមកហើយ។ ស្ថានីយ៍រថភ្លើង និងព្រលានយន្តហោះច្រើនទីតាំង ត្រូវបិទទ្វារផ្អាកលែងដំណើលការ ខណៈពេលនេះ គឺចំពេលបុណ្យសែនព្រះខែប្រពៃណីចិន ដែលមានមនុស្សធ្វើដំណើរច្រើន។
ស្ថានទូតស៊ុយអែតប្រចាំទីក្រុងភ្នំពេញបានប្រកាសតាមហ្វេសប៊ុកនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា ស្ថានទូតនឹងបិទទ្វារជាផ្លូវការចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ។ ការប្រកាសលែងដំណើរការការងាររបស់ស្ថានទូតស៊ុយអែតនៅទីក្រុងភ្នំពេញ ធ្វើឡើងតាមការសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយកម្ពុជា។
លោក ជា មុនី អតីតអនុប្រធានគណបក្សកម្លាំងជាតិត្រូវបានសមាជវិសាមញ្ញផ្តល់សេចក្តីទុកចិត្តឲ្យធ្វើជាប្រធានគណបក្សកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។ សមាជវិសាមញ្ញដែលមានសមាជិកចូលរួមប្រមាណ ២០០នាក់ ធ្វើឡើងដើម្បីជ្រើសរើសប្រធានថ្មីជំនួសលោក ស៊ុន ចន្ធី ដែលកំពុងជាប់ឃុំ។ លោកជា មុនី ដែលទើបត្រូវបានសមាជវិសាមញ្ញជ្រើសឲ្យធ្វើជាប្រធានបានឲ្យដឹងថា កិច្ចការជាអាទិភាពរបស់លោក និងសហការីគឺបន្តការងារដែលគណបក្សបានធ្វើកន្លងមក ពោលបញ្ចប់នូវការរៀបចំរចនាសម្ព័ន្ធគណបក្សតាមខេត្ត រាជធានីឲ្យបានពេញលេញនៅមុនដំណាច់ឆ្នាំ ២០២៤នេះ។ សូមស្តាប់លោក ជា មុនី ដែលរៀបចំដោយ ញឹម សុផល៖
«មាសម្តាយ» ជាឈ្មោះស្នាដៃសិល្បៈ ដែលបង្កើតឡើងដោយការប្រើប្រាស់សំណល់ក្រដាសកែច្នៃឲ្យចេញជារូបភាព 3D របស់សិល្បការិនី ស៊ូ សុភី។ សិល្បការិនី ស៊ូ សុភី បានបង្កើតស្នាដៃរូបភាព3D «មាសម្តាយ» ដើម្បីបង្ហាញប្រាប់ក្មេងៗ ពីទឹកចិត្តស្រលាញ់របស់ឪពុកម្តាយចំពោះកូនៗ តាំងពីនៅក្នុងផ្ទៃរហូតដល់ធំពេញរូបពេញរាង។ យើងមានបទយកការណ៍របស់ ជួប នរក្សា៖
ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបង្រ្កាប និងដោះស្រាយករណីជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទបានចំនួន ១០៤ ក្នុងនោះមាន ២២ ករណីជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និង៨២ ករណីជាប់ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទ។
កញ្ញាឈឹម ស៊ីថរ អតីតមេដឹកនាំសហជីពក្នុងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ត្រូវបានដោះលែងពីពន្ធនាគារព្រៃសនៅព្រឹកថ្ងៃទី១៦កញ្ញានេះ ក្រោយបញ្ចប់ការអនុវត្តទោសរយៈពេល ២ឆ្នាំ។ កញ្ញាបានជាប់ចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម និងបទចោទបន្តបន្ទាប់តាមបទបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី១៦ កញ្ញានេះ កញ្ញា ឈឹម ស៊ីថរបានបញ្ជាក់ពីការមិនប្តូរជំហរការពារសិទ្ធិ និងការងារតស៊ូមតិឱ្យបុគ្គលិកកម្មករនៅកាស៊ីណូណាហ្កាវើលដ៍ជាដាច់ខាត។ ទន្ទឹងគ្នានេះ កញ្ញាក៏បានប្តេជាថានឹងដឹកនាំក្រុមសហជីពក្នុងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដើម្បីទាមទារនូវអ្វីដែលពួកគេបានធ្វើជាច្រើនឆ្នាំកន្លងមករហូតទទួលបានដំណោះស្រាយសមស្របមួយដែលអាចទទួលយកបាន៕
ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជាត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍មួយនេះមានការចូលរួមពីមហាសេដ្ឋី អ្នកមានឥទ្ធិពលលើបណ្តាញសង្គម កីឡាករ និងតារារ៉េបល្បីៗ។ អ្នករៀបចំព្រឹត្តិការណ៍អះអាងថា នេះមិនមែនជាព្រឹត្តិការណ៍ដើម្បីបង្អួតរថយន្តទំនើបៗពីសំណាក់អ្នកមាននៅកម្ពុជាទេ តែវាជាព្រឹត្តិការណ៍ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា ការរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ ការបើកឱកាសឲ្យអ្នកវិនិយោគបានជួបគ្នា និងជាការបង្កើតកំណត់ត្រាពិភពលោកហ្គីណេសដែលមានការចតរថយន្តច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត។ តែអ្នកតាមដានសង្គមវិញយល់ឃើញថា ព្រឹត្តិការណ៍នេះមានទាំងផលប្រយោជន៍ និងផលប៉ះពាល់។
បណ្តាមន្ត្រីការទូតស៊ុយអែត បាននាំគ្នាចូលរដ្ឋធានីព្យុងយ៉ាង វិញហើយ ក្រោយពីបានអវត្តមាន ប្រមាណ ៤ ឆ្នាំ គិតចាប់ពី របបដឹកនាំកូរ៉េខាងជើង បិទខ្ទប់ប្រទេសជិតឈឹង ក្នុងរដូវកាលជំងឺរាតត្បាតកូវីដ១៩ រហូតមកទល់ពេលនេះ។ ពេលនេះ ស៊ុយអែត ជាប្រទេសបស្ចិមលោកទី១ដែលទទួលការអនុញ្ញាតឲ្យបើកដំណើរការទូតឡើងវិញ នៅក្នុងរដ្ឋកុម្មុយនិស្តកូរ៉េខាងជើង។ នេះជាសញ្ញាវិជ្ជមានថ្មី បង្ហាញពីឆន្ទៈបើកព្រំដែនរបស់ក្រុងព្យុងយ៉ាង។
បើគ្មានការប្រែប្រួលទេ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ កញ្ញា ឈឹម ស៊ីថរ ជាមេដឹកនាំសហជីពម្នាក់ នឹងត្រូវដោះលែងពីពន្ធនាគារ ក្រោយអនុវត្តទោស២ឆ្នាំ។ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានប្រកាសនៅថ្ងៃ១៥ កញ្ញានេះថា តំណាងកម្មករ រួមទាំងកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ ដែលកំពុងធ្វើកូដកម្មនឹងទៅទទួល កញ្ញា ឈឹម ស៊ីថរ ដោយផ្ទាល់នៅមុខពន្ធធនាការព្រៃស។
Plastic Odyssey កប៉ាល់ប្រយុទ្ធប្រឆាំងនឹងប្លាស្ទីក កំពុងចុះចតនៅកម្ពុជាចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០២៤ កប៉ាល់Plastic Odyssey ដែលមានបេសកកម្មធ្វើដំណើរជុំវិញពិភពលោក ដើម្បីចូលរួមផ្សព្វផ្សាយនិងស្វែងរកដំណោះស្រាយរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលរិស្ថានដោយបញ្ហាប្លាស្ទីក កំពុងចុះចតនិងបំពេញកិច្ចការរបស់ខ្លួននៅទីក្រុងភ្នំពេញ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
នាពេលថ្មីៗនេះ ក្រុមហ៊ុនស្រាបៀមួយចំនួនធំ បានប្តូរយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួន ដោយផ្តល់រង្វាន់ទឹកប្រាក់ផ្សងសំណាងជាប្រចាំខែ ដល់អ្នកនិយមសេពគ្រឿងស្រវឹង។ ការប្តូរយុទ្ធសាស្ត្រថ្មីនេះ គឺក្រោយពេលការផ្សព្វផ្សាយពាណិជ្ជគ្រឿងស្រវឹងនៅតាមទីសាធារណៈត្រូវអាជ្ញាធរខេត្តមួយចំនួនហាមឃាត់។ ចំណែកយុទ្ធសាស្ត្រផ្តល់ប្រាក់រង្វាន់ជាប្រចាំខែដល់អ្នកសេពគ្រឿងស្រវឹង ត្រូវអ្នកតាមដានសង្គម យល់ឃើញថា ជាការពង្វក់ស្មារតី និងបំផុសទឹកចិត្តឲ្យយុវជនខ្មែរ កាន់តែភ្លើតភ្លើនទៅនឹងការសេពគ្រឿងស្រវឹងកាន់តែខ្លាំងតាមរយៈការចង់ឈ្នះទឹកប្រាក់ដែលក្រុមហ៊ុនស្រាបៀរផ្តល់ជូន។
រុស្ស៊ី និង អ៊ុយក្រែន ប្រកាសថ្ងៃសៅរ៍ ទី១៤កញ្ញា ថាបានបំពេញប្រតិបត្តិការដោះដូរគ្នា ឈ្លើយសង្គ្រាម សរុប ចំនួន ២០៦ នាក់។ ភាគីម្ខាងៗបានទទួលចំណាប់ថ្នូរស្មើៗគ្នា។ នៅក្នុងចំណោមឈ្លើយសង្គ្រាមទាំងនោះ មានពួកទាហានរុស្ស៊ី ដែលត្រូវកងទ័ពអ៊ុយក្រែនចាប់ខ្លួនបាន នៅពេលពួកគេបានវាយលុកសម្រុកចូល តាមតំបន់ជាប់ព្រំដែនអ៊ុយក្រែន ។ សូមស្តាប់ កែវ ឆាយា ពីក្រុងម៉ូស្គូ៖
អាជ្ញាធរវ៉េណេស៊ុយអេឡា ចាប់ឃាត់ខ្លួនជនបរទេស ចំនួន ៦នាក់ ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ ចង់ផ្តួលរំលំរដ្ឋាភិបាល។ ក្នុងនោះ មានជនជាតិអាមេរិក ៣នាក់ អេស្ប៉ាញ២នាក់ និងឆែកូស្លូវ៉ាគី ម្នាក់។ ភ្លាមៗ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បានច្រានចោលថាពុំមានពាក់ព័ន្ធនឹងខ្លួនឡើយ ហើយ ក្រសួងការបរទេសអេស្ប៉ាញ ក៏អះអាងថា ជនជាតិអេស្ប៉ាញដែលត្រូវរដ្ឋអំណាចវ៉េណេស៊ុយអេឡា ពុំមែនជាក្រុមភ្នាក់ងារសម្ងាត់របស់រាជធានីម៉ាឌ្រីដ នោះឡើយ។
មានអាយុ ៤៤ ឆ្នាំ លោក អ៊ុំ ប៊ុនរ៉េត បានចំណាយពេលជិះម៉ូតូផ្សងព្រេងជិត២០ឆ្នាំមកហើយ។បទពិសោធន៍នេះបានធ្វើឲ្យប្រធានក្លឹបម៉ូតូ BMW កម្ពុជារូបនេះ ជួបគ្រោះថ្នាក់ជាច្រើនសាររហូតពិការជើងរយៈពេលខ្លី។ ទោះជាបែបនេះក្តី ក៏អនុប្រធានក្លឹបម៉ូតូ BMW Asia និងជាអគ្គលេខាធិការរងនៃសហព័ន្ធកីឡាយានយន្តកម្ពុជារូបនេះ នៅតែមិនព្រមបោះបង់ចោល ក្តីស្រមៃរបស់ខ្លួន ក្នុងការសម្រេចឲ្យបានជើងឯកអ្នកជិះម៉ូតូឆ្លងទ្វីបចំងាយ ២៥០០០គីឡូម៉ែត្រ។ បេសកម្មរបស់ លោក អ៊ុំ ប៊ុនរ៉េត មិនត្រឹមតែជាការកំសាន្តអារម្មណ៍ប៉ុណ្ណោះទេ តែជាគោលដៅរកមូលនិធិដើម្បីមន្ទីរពេទ្យគន្ធបុផ្ផាឲ្យបាន១០ម៉ឺនដុល្លារ។
មេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង បានអំពាវនាវសុំជំនួយអន្តរជាតិ ដើម្បីជួយស្រោចស្រង់ជនរងគ្រោះ ព្រោះតែទឹកជំនន់។ គ្រោះទឹកជំនន់និងបាក់ដី បណ្តាលមកពីការរងឥទ្ធិពលខ្យល់ព្យុះសង្ឃរា យ៉ាគី (Yagi) កាលពីសប្តាហ៍មុន បានសម្លាប់មនុស្សជាច្រើនក្នុងប្រទេសភូមា និងប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទោះយ៉ាងនេះក្តី ការអំពាវនាវរបស់ថ្នាក់ដឹកនាំភូមា សុំជំនួយបរទេស នៅក្នុងករណីដូច្នេះ ជារឿងដ៏កម្របំផុត ហើយលើកនេះ ជាអ្វីដែលអន្តរជាតិលំបាកនឹងយល់។
មន្ត្រីក្រសួងកសិកម្មរំពឹងថា កម្ពុជានឹងក្លាយជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលេខ១នៅលើពិភពលោកនាឆ្នាំ២០៣០ខាងមុខ ពោលគឺនៅក្រោយពេលបញ្ចប់គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧។ តាមមន្ត្រីក្រសួងកសិកម្ម មហិច្ឆតាចង់ក្លាយជាអធិរាជស្វាយចន្ទីនឹងអាចទៅរួច ព្រោះថាបច្ចុប្បន្នកម្ពុជាកំពុងឈរចំណាត់ថ្នាក់លេខ២លើការនាំចេញស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក បន្ទាប់ពីវៀតណាម។ តែប្រធានសមាគមស្វាយចន្ទីកម្ពុជាស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាពីរ គឺទុនបង្វិល និងកាត់បន្ថយថ្លៃដើមផលិត។
ក្រសួងរ៉ែ និងថាមពល តាមរយៈអគ្គនាយកដ្ឋានធនធានរ៉ែ បានសម្រេចផ្អាកអាជីវកម្មក្រុមហ៊ុនរុករករ៉ែមាសមួយកន្លែងឈ្មោះ សឹងយន្ដគ័ងយិក (Xing Yuan Kanng Yeak CO., LTD.) ដែលមានមូលដ្ឋាននៅតំបន់អូរខ្លិកខ្លក់ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ការផ្អាកបណ្តោះអាសន្ននេះ គឺចាប់ពីថ្ងៃទី១០កញ្ញា ឆ្នាំ២០២៤ ដោយមូលហេតុមានកម្មករម្នាក់បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុបាក់ថ្មសង្កត់នៅការរដ្ឋានអាជីវកម្មរុករករ៉ែមួយនេះ។
លោក ហ៊ុន ឡាក់ អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា បានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះថា ការសម្រេចដាក់ទណ្ឌកម្មពីរតនាគារសហរដ្ឋអាមេរិកលើលោកលី យ៉ុងផាត់ ដែលជាប្រធានសមាគមឧកញ៉ាកម្ពុជា មិនបង្កឱ្យប៉ះពាល់ដល់សមាគមឧកញ៉ានោះទេ។ មិនបង្កផលប៉ះពាល់ដោយលោកអះអាងថា សមាគមគឺជានីតិបុគ្គលដែលបង្កើតឡើងដោយព្រះរាជក្រឹត្យ ដូច្នេះមិនអាចរង្គោះរង្គើរដល់សមាគមឡើយ។ តែយ៉ាងណា អ្នកនាំពាក្យរូបនេះសម្ដែងការសោកស្ដាយដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដោយអយុត្តិធម៌បែបនេះលោកប្រធានសមាគម៕
នាយករដ្ឋមន្ត្រីអង់គ្លេស លើកឡើងសំណុំបញ្ហាសង្គ្រាមអ៊ុយក្រែន ទៅជជែកដោយផ្ទាល់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ជុំវិញការបើកភ្លើងខៀវឲ្យ កងទ័ពក្រុងកៀវ ប្រើមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយចូលទឹកដី រុស្ស៊ី។ សហរដ្ឋអាមេរិក និង អង់គ្លេស ថានឹងត្រូវពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តដទៃផ្សេងទៀត នៅក្នុងឱកាសកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែ អាល្លឺម៉ង់ ជាម្ចាស់ជំនួយយោធាធំមួយដែរ បានរក្សាជំហរបដិសេធ ខុសពីប្រទេសប៉ូឡូញ ដែលនៅជាប់ព្រំដែននឹងអ៊ុយក្រែន បានប្រកាសយល់ស្របយ៉ាងទទូច។
ស្ថាប័នស៊ើបការណ៍សម្ងាត់រុស្ស៊ី បានប្រកាសថ្ងៃសុក្រ ទី ១៣ កញ្ញា លុបចោលការទទួលស្គាល់ អ្នកការទូតអង់គ្លេស ៦ នាក់ ឲ្យប្រចាំនៅក្រុងម៉ូស្គូ ដោយចោទអ្នកទាំងនោះថាប្រព្រឹត្តចារកម្ម ប្រឆាំងរុស្ស៊ី ក្នុងបរិបទនៃទំនាក់ទំនងតានតឹងស្រាប់ទៅហើយជាមួយក្រុងឡុងដ្រ៏។ វិមានក្រេមឡាំង បរិហារអង់គ្លេសដែលគាំទ្រអ៊ុយក្រែនឲ្យប្រើជាយថាហេតុ មីស៊ីលបាញ់ទៅចម្ងាយឆ្ងាយ ទល់នឹងផ្ទាំងស៊ីបនានា នៅជ្រៅក្នុងដែនដីប្រទេសរុស្ស៊ីតែម្តង។
កាលពីថ្ងៃសុក្រ ទី១៣កញ្ញា អង្គការសុខភាពពិភពលោក បានប្រកាសអនុញ្ញាត ឲ្យប្រើវ៉ាក់សាំងប្រភេទ MVA-BN ដើម្បីបង្ការជំងឺMpox ដែលកំពុងឆ្លងរាលដាលគួរឲ្យបារម្ភ នៅតាមបណ្តាប្រទេសអាហ្វ្រិក។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះ មិនទាន់មានវ៉ាក់សាំងណាមួយដែលគេផលិតជាពិសេស ដើម្បីតម្រូវជំងឺMpox ឬជំងឺអុតស្វាឡើយ។ តែក្រុមអ្នកជំនាញបានសម្រេចប្រើប្រាស់វ៉ាក់សាំង ដែល MVA-BN ដែលគេប្រើសម្រាប់ជំងឺអុតធម្មតា បន្ទាប់ពីបានសាកល្បងទៅឃើញថាមានប្រសិទ្ធភាពខ្ពស់ លើជំងឺMpox។
ការចរចាជាដំណោះស្រាយតែមួយគត់ដើម្បីបិទបញ្ចប់សង្រ្គាមហ្កាហ្សា សង្រ្គាមអ៊ុយក្រែន។ នេះជាប្រសាសន៍របស់ប្រមុខការពារជាតិចិន លោកDong Jun នៅចំពោះមុខគណៈប្រតិភូជាង ៥០០នាក់នៅក្នុងវេទិកាស្តីពីសន្តិសុខ ដែលរៀបចំរយៈពេល៣ថ្ងៃ ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃសៅរ៍ ទី ១៤កញ្ញា។ នៅក្នុងចំណោមគណៈប្រតិភូដែលចូលរួមនៅក្នុងវេទិកានៅទីក្រុងប៉េកាំង មានមន្រ្តីជាន់ខ្ពស់យោធាមកពីប្រទេស រុស្ស៊ី ប៉ាគីស្ថាន សិង្ហបុរី អ៊ីរ៉ង់ ភូមា និងអាល្លឺម៉ង់។
ជប៉ុនបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងទៅហោះនៅអាកាស បន្ទាប់ពីចាប់បានសញ្ញាយន្តហោះល្បាតរបស់រុស្ស៊ីពីរគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ទី ១២ កញ្ញា។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិជប៉ុន យន្តហោះយោធាទាំងពីរគ្រឿងរបស់រុស្ស៊ីមិនបានហោះរំលោភចូលក្នុងដែនអាកាសរបស់ជប៉ុនទេ ប៉ុន្តែហោះជុំវិញប្រទេសជប៉ុន និងហោះនៅពីលើតំបន់ប្រជុំកោះជាប់ជម្លោះ ជប៉ុន និងរុស្ស៊ី។ នេះជាលើកទី២ ដែលយន្តហោះចម្បាំងជប៉ុនបើកប្រតិបត្តិការបន្ទាន់ បន្ទាប់ពីធ្លាប់ចេញទៅបណ្តេញយន្តហោះស៊ើបការណ៍សម្ងាត់របស់ចិនដែលហោះរំលោភចូលក្នុងដែនអាកាសរបស់ជប៉ុនកាលពីខែ សីហាកន្លងទៅ។
ស្រូវដែលកសិករកំពុងប្រមូលផលក្នុងរដូវវស្សាឆ្នាំ២០២៤ នេះត្រូវបានគេកត់សម្គាល់ថា មានតម្លៃធ្លាក់ចុះ បើធៀបនឹងឆ្នាំ ២០២៣។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៣ កញ្ញានេះ លោកបណ្ឌិតយ៉ង សាំងកុមារ អនុរដ្ឋលេខាក្រសួងកសិកម្មកម្ពុជាបានពន្យល់ថា តម្លៃស្រូវដែលកំពុងធ្លាក់ថ្លៃនេះជាពូជ ឬប្រភេទស្រូវវៀតណាម OM ដែលមានតម្លៃទាបបំផុតត្រឹម ៩២០រៀលក្នុងមួយគីឡូក្រាម។ តែផ្ទុយទៅវិញ និងបើតាមលោកបណ្ឌិតយ៉ង សាំងកុមារ ពូជ ឬប្រភេទស្រូវរបស់ខ្មែរបែរជាហក់ឡើងខ្ពស់ជាងឆ្នាំមុនៗទៅវិញ។ សម្រាប់អ្នកជំនាញកសិកម្មរូបនេះ ស្រូវពូជរបស់ខ្មែរមិនពិបាកដាំ និងនៅតែជាជម្រើសល្អរបស់កសិករខ្មែរ៕
បណ្តាញផ្សព្វផ្សាយផ្លូវការកូរ៉េខាងជើង បានបង្ហោះផ្សាយជាសាធារណៈ នៅថ្ងៃសុក្រទី១៣កញ្ញានេះ នូវរូបភាពប៉ុន្មានសន្លឹក ដែលគេឃើញលោកគីម ជុងអ៊ុន ចូលទៅពិនិត្យរោងចក្រចម្រាញ់ធាតុអារ៉ានីញ៉ូម។ នេះគឺជាលើកទី១ហើយ ដែលរបបផ្តាច់ការកូរ៉េខាងជើង បង្ហាញឲ្យគេឃើញ នូវទីតាំងក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ ផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ការបង្ហាញរូបភាពទាំងនេះ គឺត្រូវបានធ្វើឡើង២ថ្ងៃក្រោយ គីម ជុងអ៊ុន បានប្រកាសថាកូរ៉េខាងជើងនឹងប្រឹងប្រែងផលិតអាវុធនុយក្លេអ៊ែរឲ្យបានច្រើន ដើម្បីត្រៀមទប់ទល់សត្រូវ។