នៅថ្ងៃពុធ ទី ១៨ ខែកញ្ញា ពលរដ្ឋតំបន់កាស្មៀរ (Cachemire) ប៉ែកឥណ្ឌា បានចាប់ផ្តើមនាំគ្នាទៅចូលរួមបោះឆ្នោតជ្រើសរើស ក្រុមអ្នកតំណាងរបស់ខ្លួន ប្រចាំតំបន់។ ការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅជា ៣ ដំណាក់កាល ដោយមានដំណាក់កាលទី ២ រៀបចំឡើង នៅថ្ងៃទី ២៥ ខែកញ្ញា និង ដំណាក់ទី ៣ នៅថ្ងៃទី ២ ខែតុលា។ ជាសរុប មានមនុស្សទាំងអស់ជិត ៩ លាន នាក់ ដែលបានចុះឈ្មោះបោះឆ្នោត។ សូមបញ្ជាក់ថា ប្រជាជននៅតំបន់កាស្មៀរ ពុំមានឱកាសបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន អស់រយៈពេល ១០ មកហើយ ដោយការបោះឆ្នោតលើកមុន បានប្រព្រឹត្តទៅក្នុងឆ្នាំ ២០១៤។
នៅប្រទេសម៉ាលី ក្រុមភេរវជនអ៊ីស្លាមជាដៃជើងអាល់កៃដានិងជីហាតនៅអាហ្វ្រិក បានវាយប្រហារទៅបន្ទាយទាហាន និងព្រលានយន្តហោះយោធា បណ្តាលឲ្យស្លាប់មនុស្សជាច្រើននាក់។ ការវាយប្រហារភេរវកម្មនេះ ធ្វើឡើងតែ១ថ្ងៃបន្ទាប់ពីខួបគម្រប់៦៤ឆ្នាំ នៃការបង្កើតកងកម្លាំងយោធាម៉ាលី (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៦០)។ អង្គការថ្នាក់តំបន់ សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច ( Cedeao) បានថ្លែងសមានចិត្តអាណិតអាសូរចំពោះប្រទេសម៉ាលី បើទោះបីជាម៉ាលីបានដកខ្លួនចេញពីអង្គការនេះទៅហើយ។ សហគមន៍សេដ្ឋកិច្ចអាហ្វ្រិក បានថ្កោលទោសអំពើហិង្សាវាយប្រហារប្រដាប់អាវុធ ដែលបំផ្លិតបំផ្លាញសន្តិភាពស្ថិរភាពនៅតំបន់។
ទីបំផុតទៅ ជប៉ុន បានប្រកាសពន្យារពេលយកសំណាកកម្ទេចសំណល់នុយក្លេអ៊ែរ នៅហ្វ៊ូគូស្ហ៊ីម៉ា ព្រោះតែបញ្ហាបច្ចេកទេស។ នេះបើតាមអ្នកតំណាងក្រុមហ៊ុន តេបកូ (Tepco) មជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វ៊ូគូស្ហ៊ីម៉ា។ នៅហ្វ៊ូគូស្ហ៊ីម៉ា ទន្ទឹមនឹងរឿងកម្ទេចកាកសំណល់បរមាណូ នៅមានសំណុំរឿងទឹកកាកសំណល់នុយក្លេអ៊ែរ ដែលវាបង្កភាពចម្រូងចម្រាសខ្លាំង ជាង១ទសវត្សរ៍មកហើយ។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចេញសេចក្តីប្រកាស នៅដើមសប្តាហ៍នេះ បញ្ជាឲ្យបង្កើន ចំនួនកងទ័ពរុស្ស៊ី ក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់មួយ ដើម្បីឆ្លើយតបនឹងតម្រូវការប្រយុទ្ធ ក្នុងសមរភូមិអ៊ុយក្រែន។ អុ្នកនាំពាក្យ វិមានក្រេមឡាំង បានលម្អិតទៀតថា រុស្ស៊ីត្រូវការបង្កើនចំនួន កងទ័ពរបស់ខ្លួន ដើម្បីការពារ លើទីតាំងភូមិសាស្ត្រនានា ដែលស្ថិតនៅតាមបណ្តោយ ព្រំដែនភាគខាងលិច ជាប់ជាមួយអ៊ុយក្រែន ដែលបានក្លាយជាទីលានប្រយុទ្ធ ដ៏ក្តៅគគុក រវាងភាគីទាំងពីរ។ គួរបញ្ជាក់ដែរថា នេះគឺជាលើកទី ៣ ហើយ ដែលលោក ពូទីន បានបញ្ជាឲ្យរើសទ័ពបន្ថែម គិតចាប់ពីសង្គ្រាមនៅអ៊ុយក្រែន បានផ្ទុះឡើងកាលពីជាង ២ ឆ្នាំមុន។
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្រសួងនឹងជំរុញការប្រើប្រាស់យានយន្ដអគ្គិសនីឱ្យបាន ៤០% នៅត្រឹមឆ្នាំ២០៥០។ ចំពោះ លោកប៉េង ពោធិ៍នា កំណើននៃការប្រើប្រាស់យានយន្ដអគ្គិសនីនៅកម្ពុជានឹងអាចជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា។ ចំណែកអ្នកជំនាញខាងសេដ្ឋកិច្ច និងអ្នកពាក់ព័ន្ធមួយចំនួនមិនបានមើលឃើញដូច្នោះឡើយ ដោយពួកគេបានលើកហេតុផលថា កម្ពុជាដែលជាប្រទេសក្រីក្រមិនទាន់មានទីផ្សារប្រើប្រាស់យានយន្តអគ្គិសនីទូលំទូលាយនៅឡើយទេ។
ព្យុះសង្ឃរា យ៉ាជី បោកបក់បង្កគ្រោះថ្នាក់ខូចខាតធ្ងន់ធ្ងរ និងសម្លាប់មនុស្ស ប្រមាណជាង ៥០០នាក់។ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសដែលរងគ្រោះខ្លាំងជាងគេ គឺ វៀតណាម និងភូមា។ យូនីសេហ្វ ទីភ្នាក់ងារ អង្គការសហប្រជាជាតិដើម្បីកុមារ បានគូសបង្ហាញថា យ៉ាងហោច កូនក្មេងជាង ៦ លាននាក់ រងគ្រោះប៉ះពាល់ពីព្យុះ យ៉ាជី។
ថ្ងៃពុធ ទី១៨ ខែ កញ្ញា ចិន បានបើកនាវាផ្ទុកយន្តយោះចម្បាំងមួយគ្រឿង ឈ្មោះលាវនីង និង នាវាចម្បាំងពីរផ្សេងទៀត ឆ្លងកាត់ចន្លោះកោះពីររបស់ជប៉ុន។ បើតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុន នាវាចម្បាំងរបស់ចិនបានបើកកៀកទៅរកកោះតៃវ៉ាន់ ដោយមិនបានរំលោភចូលដែនទឹករបស់ជប៉ុនក៏ពិតមែន ប៉ុន្តែជប៉ុនបានចាត់ទុកទង្វើនេះ មានចេតនាញុះញុង បង្ករជម្លោះ។
នៅលីបង់ ចលនាហេសបូឡានៅទូទាំងប្រទេសបានរងគ្រោះដោយរលកវាយប្រហារដោយការប្រើគ្រឿងផ្ទុះនៅក្នុងម៉ាស៊ីនផ្ញើសារប្រភេទ Pager។ នៅរសៀលថ្ងៃអង្គារ វីដេអូនៅលើបណ្តាញសង្គមបង្ហាញករណីផ្ទុះ ម៉ាស៊ីនផ្ញើសារPager ជាបន្តបន្ទាប់គ្នាស្ទើរនៅគ្រប់កន្លែង ជាពិសេសនៅតំបន់ភាគខាងត្បូងលីបង់ដែលជាជំរកធំរបស់ចលនាហេសបូឡាលីបង់។ យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលលីបង់ ការផ្ទុះម៉ាស៊ីនទំនាក់ទំនងផ្ញើសារPagerបានសម្លាប់មនុស្សយ៉ាងតិច ៩នាក់ និងធ្វើឲ្យមនុស្សជិត៣ពាន់នាក់រងរបួស។ ភ្លាមៗ ក្រុមហេសបូឡាបានចោទប្រកាន់អ៊ីស្រាអែលថា ជាអ្នកនៅពីក្រោយផែនការដ៏ស្មោគគ្រោកមួយនេះ។ អ៊ីស្រាអែលវិញមិនបានប្រតិកម្ម អ្វីទាំងអស់ ចំណែកសេតវិមានវិញបញ្ជាក់ថា អាមេរិកមិនបានដឹង ហើយនិងគ្មានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់សំដៅក្រុមហេសបូឡាលីបង់។
ជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាដូចជាខេត្តព្រះសីហនុ ក្រចេះ ស្ទឹងត្រែង ដែលបានកើតឡើងដោយសារភ្លៀងធ្លាក់ក្នុងកំរិតពីជាង១០០ ទៅជាង២០០មីលីម៉ែត្រ នឹងថមថយទៅវិញ នៅវេលាយប់ថ្ងៃអង្គារទី១៧កញ្ញានេះ។ ដោយឡែកប្រទេសកម្ពុជានៅមិនទាន់ប្រឈមនៅឡើយទេ ទៅនឹងទឹកជំនន់ទន្លេមេគង្គ។ ឥទ្ធិពលនៃព្យុះយ៉ាជី នឹងនាំទឹកមកដល់កម្ពុជា ក្នុងរង្វង់ពី៣ ទៅ៤ថ្ងៃទៀត។ នេះបើតាមលោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម។ តាមអ្នកនាំពាក្យរូបនេះ ខេត្តចំនួន៤ នៅតំបន់មេគង្គលើរបស់កម្ពុជាដូចជាខេត្តក្រចេះ ស្ទឹងត្រែង កំពង់ចាម និងត្បូងឃ្មុំ ត្រូវបានជូនដំណឹងឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់។ ប្រុងប្រយ័ត្នដោយសារទឹកចាស់មិនទាន់ត្រូវបានរំដោះ ចំណែកឥទ្ធិពលនៃវិសម្ពាធថ្មីមួយទៀត អាចនាំមកនូវទឹកភ្លៀងបន្ថែមទៀតក្នុងពេលខាងមុខ។ សូមស្តាប់លោក ចាន់ យុត្ថា ដែលរៀបចំដោយ ញឹម សុផល៖
ទីបំផុតទៅ ជប៉ុន ប្រកាសបន្តពន្យារពេលស្រង់យកសំណាកទឹកកាកសំណល់រ៉េអាក់ទ័រនុយក្លេអ៊ែរ នៅហ្វ៊ូគូស្ហ៊ីម៉ា ព្រោះតែបញ្ហាបច្ចេកទេស។ នេះបើតាមអ្នកតំណាងក្រុមហ៊ុន តេបកូ មជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្វ៊ូគូស្ហ៊ីម៉ា។ សំណុំរឿងទឹកកាកសំណល់ចេញពីរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅហ្វ៊ូគូស្ហ៊ីម៉ា បង្កភាពចម្រូងចម្រាសខ្លាំង ជាង១ទសវត្សរ៍មកហើយ។
ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ លោកម៉ាស៊ូត ប៉េហ្សេស្សខ្ចន់ នៅដើមសប្តាហ៍នេះបានទាត់ចោលលទ្ធភាពជួបប្រធានាធិបតីអាមេរិក លោកចូ បៃដិន នៅពេលលោកធ្វើដំណើរទៅទីក្រុងញូវយ៉ក ដើម្បីចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញានេះ។ នៅក្នុងសន្និសីតកាសែតកាលពីថ្ងៃចន្ទ មេដឹកនាំរបស់អ៊ីរ៉ង់បានទម្លាក់កំហុសទៅលើអាមេរិកថា ជាអ្នកបង្ករឿងមុន តាមរយៈការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ និងបង្កើតមូលដ្ឋានទ័ពនៅតាមប្រទេសជុំវិញអ៊ីរ៉ង់។ ចំពោះប្រធានាធិបីអ៊ីរ៉ង់ អ៊ីរ៉ង់នឹងលះបង់ចោលការផលិតមីស៊ីល ព្រោះបើគ្មានមីស៊ីល អ៊ីរ៉ង់នឹងធ្លាក់ខ្លួនហ្កាហ្សាបច្ចុប្បន្ន។
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងកំពុងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី“ការអភិរក្សវាយនភណ្ឌ” ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ការបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ គឺបន្តចែករំលែកចំណេះដឹង អំពីការងារជំនាញអភិរក្សវាយនភណ្ឌ បណ្តុះស្មារតីយុវជន និងផ្តល់តម្លៃលើវត្ថុតាងប្រវត្តិសាស្ត្រ និងការចងចាំពីរបបខ្មែរក្រហម។
ក្រុមហ៊ុនបច្ចេកវិទ្យា មេតា ដែលជាមេក្រុមហ៊ុនរបស់ហ្វេសបុក បានប្រកាសបិទខ្ទប់រាល់បណ្តាលប្រព័ន្ធឃោសនាព័ត៌មានរបស់រដ្ឋរុស្ស៊ី នៅលើគ្រប់បណ្តាញប្រព័ន្ធរបស់ខ្លួន។ ការសម្រេចចិត្តបែបនេះ ព្រោះតែមានក្តីបារម្ភអំពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអាមេរិក និងលូកដៃកកូរកកាយប្រជាធិបតេយ្យ។ ក្នុងបរិបទ ដែលសហរដ្ឋអាមេរិក កំពុងតែធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី ដូច្នេះហើយ ទើបអាមេរិកប្រយ័ត្នប្រយែងខ្លាំង។
ថ្ងៃ ចន្ទ ទី១៦ ខែ កញ្ញា មន្ត្រីយោធា ២ នាក់ នៃក្រសួងការពារជាតិរុស្ស៊ី ត្រូវគេឃាត់ខ្លួន ពីបទពុករលួយ ដែលនឹងអាចមានទោស ជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ នេះបើយោងតាមសេចក្តីប្រកាស របស់គណៈកម្មធិការស៊ើបអង្កេតរុស្ស៊ី។ សូមរំឭកថា នៅប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធររុស្ស៊ី បានឃាត់ខ្លួន និង ដាក់ទោស បុគ្គលសំខាន់ៗច្រើនរូប មកពីក្រសួងការពារជាតិ ក្រោមរូបភាពនៃការកំចាត់អំពើពុករលួយក្នុងប្រទេស។ តែសម្រាប់ អ្នកវិភាគមួយចំនួនវិញយល់ថា នេះគឺជាប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដែលធ្វើឡើង ក្នុងបំណងបោសសម្អាត រាល់មន្ត្រីជាន់ខ្ពស់នានា ក្នុងក្រសួងខាងលើ ដែលមានជាប់ពាក់ព័ន្ធនិងរឿងអាស្រូវ ពុករលួយ ស៊ីសំណូកសូកប៉ាន់។ គួរបញ្ជាក់ថា ក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែនដែលអូសបន្លាយច្រើនឆ្នាំ រុស្ស៊ី ចាំបាច់ត្រូវបង្កើនប្រសិទ្ធភាព និង ត្រួតពិនិត្យលើខ្ទង់ចំណាយដ៏មហាសាល នៃក្រសួងការពារជាតិ។
នៅថ្ងៃចន្ទ នាយករដ្ឋមន្ត្រីអង់គ្លេស អញ្ជើញទៅប្រទេសអ៊ីតាលី ដើម្បីជជែកពីសំណុំរឿងជនអន្តោប្រវេសន៍ និងឈ្វេងយល់ដកស្រង់បទពិសោធពីនយោបាយទប់ស្កាត់ជនភៀសខ្លួន របស់ថ្នាក់ដឹកនាំអ៊ីតាលី។ អ៊ីតាលី ជាទីដែល នាយករដ្ឋមន្ត្រីអង់គ្លេស កោតសរសើរថា នយោបាយទប់ស្កាត់ជនអន្តោប្រវេសន៍ បានរីកចម្រើនខ្លាំង។ ដំណើរឈ្វេងយល់ពីចំណាត់ការទប់ស្កាត់ជនភៀសខ្លួននេះ ធ្វើឡើងតែ១ថ្ងៃ ក្រោយពីជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើននាក់ លង់ទឹកស្លាប់បាត់បង់ជីវិត ព្រោះតែព្យាយាមឆ្លងសមុទ្រចូលទឹកដីអង់គ្លេស។
ថ្ងៃទី១៦កញ្ញា គឺជាថ្ងៃខួបគម្រប់២ឆ្នាំ នៃបាតុកម្មបះបោររបស់ស្ត្រីអ៊ីរ៉ង់ ដែលបានងើបតវ៉ាប្រឆាំងនឹងការកៀបសង្កត់ ពីសំណាក់របបផ្តាច់ការសាសនាជ្រុលនិយមអ៊ីរ៉ង់។ បាតុកម្មបះបោរ ដែលបានផ្ទុះឡើងក្រោយការស្លាប់របស់ស្ត្រីឈ្មោះ Mahsa Amini បន្តាប់ពីនគរបាលសិលធម៌អ៊ីរ៉ង់ចាប់ខ្លួនយកទៅ ដោយចោទថាទទួលក្រណាត់រុំមិនជិតក្បាលត្រឹមត្រូវ។ នៅក្នុងថ្ងៃខួប២ឆ្នាំនេះ លោកស្រី Narges Mohammadi ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ដែលបច្ចុប្បន្នកំពុងជាប់ក្នុងពន្ធនាគារនៅអ៊ីរ៉ង់ បានផ្ញើសារវីដេអូ អំពាវនាវឲ្យពិភពលោកទាំងមូល ជាពិសេសអង្គការសហប្រជាជាតិ ត្រូវតែចូលរួមជួយស្រែក ជួយឈឺឆ្អាល ចំពោះទុក្ខវេទនារបស់ស្ត្រីអ៊ីរ៉ង់។
ពេលនេះ បេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ «មានសុវត្ថិភាព និងសុខសប្បាយជាធម្មតា» ក្រោយពីព្រឹត្តិការណ៍ផ្ទុះអាវុធច្រើនគ្រាប់ នៅទីលានវាយកូនហ្កោលរបស់លោក ត្រាំ ក្នុងរដ្ឋហ្វ័រីដា។ ២ខែមុន លោក ត្រាំ ត្រូវរងរបួសដាច់ត្រចៀក តែលើកទី២នេះ គ្មានរបួសអ្វីឡើយ ហើយជនសង្ស័យម្នាក់ ត្រូវនគរបាលអាមេរិកចាប់ខ្លួនបាន រួមនឹងវត្ថុតាងកាំភ្លើង ប្រភេទ«AK-47» ១ដើម។ នគរបាលស៊ើបអង្កេតរដ្ឋសហព័ន្ធអាមេរិក FBI បើកសំណុំរឿងស៊ើបអង្កេតអំពីបទប៉ុនប៉ងធ្វើឃាត និងកំពុងសួរចម្លើយជនសង្ស័យ។
ព្រឹកថ្ងៃចន្ទទី១៦កញ្ញា ខ្យល់ព្យុះកំណាចទីហ្វុង បេប៊ីនកា បានបោកសង្គ្រុបលើទីក្រុងសៀងហៃ និងតំបន់មួយចំនួនទៀត នៅភាគខាងកើតប្រទេសចិន។ ផ្អែកតាមអាជ្ញាធរឧតុនិយមចិន ខ្យល់ព្យុះសង្ឃរានេះ មានកម្លាំងខ្លាំងក្លា ដែលតំបន់ភាគខាងកើតចិន មិនបានជួបប្រទះប្រមាណ៧០ឆ្នាំមកហើយ។ ស្ថានីយ៍រថភ្លើង និងព្រលានយន្តហោះច្រើនទីតាំង ត្រូវបិទទ្វារផ្អាកលែងដំណើលការ ខណៈពេលនេះ គឺចំពេលបុណ្យសែនព្រះខែប្រពៃណីចិន ដែលមានមនុស្សធ្វើដំណើរច្រើន។
ស្ថានទូតស៊ុយអែតប្រចាំទីក្រុងភ្នំពេញបានប្រកាសតាមហ្វេសប៊ុកនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា ស្ថានទូតនឹងបិទទ្វារជាផ្លូវការចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ។ ការប្រកាសលែងដំណើរការការងាររបស់ស្ថានទូតស៊ុយអែតនៅទីក្រុងភ្នំពេញ ធ្វើឡើងតាមការសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយកម្ពុជា។
លោក ជា មុនី អតីតអនុប្រធានគណបក្សកម្លាំងជាតិត្រូវបានសមាជវិសាមញ្ញផ្តល់សេចក្តីទុកចិត្តឲ្យធ្វើជាប្រធានគណបក្សកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។ សមាជវិសាមញ្ញដែលមានសមាជិកចូលរួមប្រមាណ ២០០នាក់ ធ្វើឡើងដើម្បីជ្រើសរើសប្រធានថ្មីជំនួសលោក ស៊ុន ចន្ធី ដែលកំពុងជាប់ឃុំ។ លោកជា មុនី ដែលទើបត្រូវបានសមាជវិសាមញ្ញជ្រើសឲ្យធ្វើជាប្រធានបានឲ្យដឹងថា កិច្ចការជាអាទិភាពរបស់លោក និងសហការីគឺបន្តការងារដែលគណបក្សបានធ្វើកន្លងមក ពោលបញ្ចប់នូវការរៀបចំរចនាសម្ព័ន្ធគណបក្សតាមខេត្ត រាជធានីឲ្យបានពេញលេញនៅមុនដំណាច់ឆ្នាំ ២០២៤នេះ។ សូមស្តាប់លោក ជា មុនី ដែលរៀបចំដោយ ញឹម សុផល៖
«មាសម្តាយ» ជាឈ្មោះស្នាដៃសិល្បៈ ដែលបង្កើតឡើងដោយការប្រើប្រាស់សំណល់ក្រដាសកែច្នៃឲ្យចេញជារូបភាព 3D របស់សិល្បការិនី ស៊ូ សុភី។ សិល្បការិនី ស៊ូ សុភី បានបង្កើតស្នាដៃរូបភាព3D «មាសម្តាយ» ដើម្បីបង្ហាញប្រាប់ក្មេងៗ ពីទឹកចិត្តស្រលាញ់របស់ឪពុកម្តាយចំពោះកូនៗ តាំងពីនៅក្នុងផ្ទៃរហូតដល់ធំពេញរូបពេញរាង។ យើងមានបទយកការណ៍របស់ ជួប នរក្សា៖
ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបង្រ្កាប និងដោះស្រាយករណីជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទបានចំនួន ១០៤ ក្នុងនោះមាន ២២ ករណីជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និង៨២ ករណីជាប់ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទ។
កញ្ញាឈឹម ស៊ីថរ អតីតមេដឹកនាំសហជីពក្នុងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ត្រូវបានដោះលែងពីពន្ធនាគារព្រៃសនៅព្រឹកថ្ងៃទី១៦កញ្ញានេះ ក្រោយបញ្ចប់ការអនុវត្តទោសរយៈពេល ២ឆ្នាំ។ កញ្ញាបានជាប់ចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម និងបទចោទបន្តបន្ទាប់តាមបទបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី១៦ កញ្ញានេះ កញ្ញា ឈឹម ស៊ីថរបានបញ្ជាក់ពីការមិនប្តូរជំហរការពារសិទ្ធិ និងការងារតស៊ូមតិឱ្យបុគ្គលិកកម្មករនៅកាស៊ីណូណាហ្កាវើលដ៍ជាដាច់ខាត។ ទន្ទឹងគ្នានេះ កញ្ញាក៏បានប្តេជាថានឹងដឹកនាំក្រុមសហជីពក្នុងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដើម្បីទាមទារនូវអ្វីដែលពួកគេបានធ្វើជាច្រើនឆ្នាំកន្លងមករហូតទទួលបានដំណោះស្រាយសមស្របមួយដែលអាចទទួលយកបាន៕
ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជាត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍មួយនេះមានការចូលរួមពីមហាសេដ្ឋី អ្នកមានឥទ្ធិពលលើបណ្តាញសង្គម កីឡាករ និងតារារ៉េបល្បីៗ។ អ្នករៀបចំព្រឹត្តិការណ៍អះអាងថា នេះមិនមែនជាព្រឹត្តិការណ៍ដើម្បីបង្អួតរថយន្តទំនើបៗពីសំណាក់អ្នកមាននៅកម្ពុជាទេ តែវាជាព្រឹត្តិការណ៍ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា ការរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ ការបើកឱកាសឲ្យអ្នកវិនិយោគបានជួបគ្នា និងជាការបង្កើតកំណត់ត្រាពិភពលោកហ្គីណេសដែលមានការចតរថយន្តច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត។ តែអ្នកតាមដានសង្គមវិញយល់ឃើញថា ព្រឹត្តិការណ៍នេះមានទាំងផលប្រយោជន៍ និងផលប៉ះពាល់។
បណ្តាមន្ត្រីការទូតស៊ុយអែត បាននាំគ្នាចូលរដ្ឋធានីព្យុងយ៉ាង វិញហើយ ក្រោយពីបានអវត្តមាន ប្រមាណ ៤ ឆ្នាំ គិតចាប់ពី របបដឹកនាំកូរ៉េខាងជើង បិទខ្ទប់ប្រទេសជិតឈឹង ក្នុងរដូវកាលជំងឺរាតត្បាតកូវីដ១៩ រហូតមកទល់ពេលនេះ។ ពេលនេះ ស៊ុយអែត ជាប្រទេសបស្ចិមលោកទី១ដែលទទួលការអនុញ្ញាតឲ្យបើកដំណើរការទូតឡើងវិញ នៅក្នុងរដ្ឋកុម្មុយនិស្តកូរ៉េខាងជើង។ នេះជាសញ្ញាវិជ្ជមានថ្មី បង្ហាញពីឆន្ទៈបើកព្រំដែនរបស់ក្រុងព្យុងយ៉ាង។
បើគ្មានការប្រែប្រួលទេ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ កញ្ញា ឈឹម ស៊ីថរ ជាមេដឹកនាំសហជីពម្នាក់ នឹងត្រូវដោះលែងពីពន្ធនាគារ ក្រោយអនុវត្តទោស២ឆ្នាំ។ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានប្រកាសនៅថ្ងៃ១៥ កញ្ញានេះថា តំណាងកម្មករ រួមទាំងកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ ដែលកំពុងធ្វើកូដកម្មនឹងទៅទទួល កញ្ញា ឈឹម ស៊ីថរ ដោយផ្ទាល់នៅមុខពន្ធធនាការព្រៃស។
Plastic Odyssey កប៉ាល់ប្រយុទ្ធប្រឆាំងនឹងប្លាស្ទីក កំពុងចុះចតនៅកម្ពុជាចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០២៤ កប៉ាល់Plastic Odyssey ដែលមានបេសកកម្មធ្វើដំណើរជុំវិញពិភពលោក ដើម្បីចូលរួមផ្សព្វផ្សាយនិងស្វែងរកដំណោះស្រាយរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលរិស្ថានដោយបញ្ហាប្លាស្ទីក កំពុងចុះចតនិងបំពេញកិច្ចការរបស់ខ្លួននៅទីក្រុងភ្នំពេញ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
នាពេលថ្មីៗនេះ ក្រុមហ៊ុនស្រាបៀមួយចំនួនធំ បានប្តូរយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួន ដោយផ្តល់រង្វាន់ទឹកប្រាក់ផ្សងសំណាងជាប្រចាំខែ ដល់អ្នកនិយមសេពគ្រឿងស្រវឹង។ ការប្តូរយុទ្ធសាស្ត្រថ្មីនេះ គឺក្រោយពេលការផ្សព្វផ្សាយពាណិជ្ជគ្រឿងស្រវឹងនៅតាមទីសាធារណៈត្រូវអាជ្ញាធរខេត្តមួយចំនួនហាមឃាត់។ ចំណែកយុទ្ធសាស្ត្រផ្តល់ប្រាក់រង្វាន់ជាប្រចាំខែដល់អ្នកសេពគ្រឿងស្រវឹង ត្រូវអ្នកតាមដានសង្គម យល់ឃើញថា ជាការពង្វក់ស្មារតី និងបំផុសទឹកចិត្តឲ្យយុវជនខ្មែរ កាន់តែភ្លើតភ្លើនទៅនឹងការសេពគ្រឿងស្រវឹងកាន់តែខ្លាំងតាមរយៈការចង់ឈ្នះទឹកប្រាក់ដែលក្រុមហ៊ុនស្រាបៀរផ្តល់ជូន។
រុស្ស៊ី និង អ៊ុយក្រែន ប្រកាសថ្ងៃសៅរ៍ ទី១៤កញ្ញា ថាបានបំពេញប្រតិបត្តិការដោះដូរគ្នា ឈ្លើយសង្គ្រាម សរុប ចំនួន ២០៦ នាក់។ ភាគីម្ខាងៗបានទទួលចំណាប់ថ្នូរស្មើៗគ្នា។ នៅក្នុងចំណោមឈ្លើយសង្គ្រាមទាំងនោះ មានពួកទាហានរុស្ស៊ី ដែលត្រូវកងទ័ពអ៊ុយក្រែនចាប់ខ្លួនបាន នៅពេលពួកគេបានវាយលុកសម្រុកចូល តាមតំបន់ជាប់ព្រំដែនអ៊ុយក្រែន ។ សូមស្តាប់ កែវ ឆាយា ពីក្រុងម៉ូស្គូ៖
អាជ្ញាធរវ៉េណេស៊ុយអេឡា ចាប់ឃាត់ខ្លួនជនបរទេស ចំនួន ៦នាក់ ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ ចង់ផ្តួលរំលំរដ្ឋាភិបាល។ ក្នុងនោះ មានជនជាតិអាមេរិក ៣នាក់ អេស្ប៉ាញ២នាក់ និងឆែកូស្លូវ៉ាគី ម្នាក់។ ភ្លាមៗ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បានច្រានចោលថាពុំមានពាក់ព័ន្ធនឹងខ្លួនឡើយ ហើយ ក្រសួងការបរទេសអេស្ប៉ាញ ក៏អះអាងថា ជនជាតិអេស្ប៉ាញដែលត្រូវរដ្ឋអំណាចវ៉េណេស៊ុយអេឡា ពុំមែនជាក្រុមភ្នាក់ងារសម្ងាត់របស់រាជធានីម៉ាឌ្រីដ នោះឡើយ។
មានអាយុ ៤៤ ឆ្នាំ លោក អ៊ុំ ប៊ុនរ៉េត បានចំណាយពេលជិះម៉ូតូផ្សងព្រេងជិត២០ឆ្នាំមកហើយ។បទពិសោធន៍នេះបានធ្វើឲ្យប្រធានក្លឹបម៉ូតូ BMW កម្ពុជារូបនេះ ជួបគ្រោះថ្នាក់ជាច្រើនសាររហូតពិការជើងរយៈពេលខ្លី។ ទោះជាបែបនេះក្តី ក៏អនុប្រធានក្លឹបម៉ូតូ BMW Asia និងជាអគ្គលេខាធិការរងនៃសហព័ន្ធកីឡាយានយន្តកម្ពុជារូបនេះ នៅតែមិនព្រមបោះបង់ចោល ក្តីស្រមៃរបស់ខ្លួន ក្នុងការសម្រេចឲ្យបានជើងឯកអ្នកជិះម៉ូតូឆ្លងទ្វីបចំងាយ ២៥០០០គីឡូម៉ែត្រ។ បេសកម្មរបស់ លោក អ៊ុំ ប៊ុនរ៉េត មិនត្រឹមតែជាការកំសាន្តអារម្មណ៍ប៉ុណ្ណោះទេ តែជាគោលដៅរកមូលនិធិដើម្បីមន្ទីរពេទ្យគន្ធបុផ្ផាឲ្យបាន១០ម៉ឺនដុល្លារ។
មេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង បានអំពាវនាវសុំជំនួយអន្តរជាតិ ដើម្បីជួយស្រោចស្រង់ជនរងគ្រោះ ព្រោះតែទឹកជំនន់។ គ្រោះទឹកជំនន់និងបាក់ដី បណ្តាលមកពីការរងឥទ្ធិពលខ្យល់ព្យុះសង្ឃរា យ៉ាគី (Yagi) កាលពីសប្តាហ៍មុន បានសម្លាប់មនុស្សជាច្រើនក្នុងប្រទេសភូមា និងប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទោះយ៉ាងនេះក្តី ការអំពាវនាវរបស់ថ្នាក់ដឹកនាំភូមា សុំជំនួយបរទេស នៅក្នុងករណីដូច្នេះ ជារឿងដ៏កម្របំផុត ហើយលើកនេះ ជាអ្វីដែលអន្តរជាតិលំបាកនឹងយល់។
មន្ត្រីក្រសួងកសិកម្មរំពឹងថា កម្ពុជានឹងក្លាយជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលេខ១នៅលើពិភពលោកនាឆ្នាំ២០៣០ខាងមុខ ពោលគឺនៅក្រោយពេលបញ្ចប់គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧។ តាមមន្ត្រីក្រសួងកសិកម្ម មហិច្ឆតាចង់ក្លាយជាអធិរាជស្វាយចន្ទីនឹងអាចទៅរួច ព្រោះថាបច្ចុប្បន្នកម្ពុជាកំពុងឈរចំណាត់ថ្នាក់លេខ២លើការនាំចេញស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក បន្ទាប់ពីវៀតណាម។ តែប្រធានសមាគមស្វាយចន្ទីកម្ពុជាស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាពីរ គឺទុនបង្វិល និងកាត់បន្ថយថ្លៃដើមផលិត។
ក្រសួងរ៉ែ និងថាមពល តាមរយៈអគ្គនាយកដ្ឋានធនធានរ៉ែ បានសម្រេចផ្អាកអាជីវកម្មក្រុមហ៊ុនរុករករ៉ែមាសមួយកន្លែងឈ្មោះ សឹងយន្ដគ័ងយិក (Xing Yuan Kanng Yeak CO., LTD.) ដែលមានមូលដ្ឋាននៅតំបន់អូរខ្លិកខ្លក់ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ការផ្អាកបណ្តោះអាសន្ននេះ គឺចាប់ពីថ្ងៃទី១០កញ្ញា ឆ្នាំ២០២៤ ដោយមូលហេតុមានកម្មករម្នាក់បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុបាក់ថ្មសង្កត់នៅការរដ្ឋានអាជីវកម្មរុករករ៉ែមួយនេះ។