Russian ambassador’s escort car drives into mine in Pakistan, policemen injured
newsare.net
Russian diplomats were not hurtRussian ambassador’s escort car drives into mine in Pakistan, policemen injured
Russian diplomats were not hurt Read more
Russian diplomats were not hurt Read more
បច្ចុប្បន្ន CDC ជាអគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបន្សល់ទុកតាំងពីជំនាន់បារាំង។ អគារដ៏ចំណាស់មួយនេះ ជាអតីតអគារនៃឧត្តមស្នងការបារាំង ដែលហ៊ុំព័ទ្ធទៅដោយរុក្ខជាតិបៃតង ដូចនៅក្នុងស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញដែរ។ ការបើកអគារ CDC ជាសាធារណៈបានធ្វើឡើងក្នុងថ្ងៃបេតិកភណ្ឌអឺរ៉ុប នៅថ្ងៃសៅរ៍ទី២១កញ្ញា។ អ្នកដែលចូលរួម សុទ្ធតែបានកោតសរសើរពីរចនាបទអគារបារាំងដ៏ចំណាស់មួយនេះ ដែលបានបើកឲ្យចូលទស្សនាជាលើកទី១។
នៅថ្ងៃទី២៣ កញ្ញានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្តេជ្ញាបន្តអភិវឌ្ឍន៍តំបន់ព្រំដែន បើទោះបីជាកម្ពុជាគ្មានកិច្ចសហប្រតិបត្តិការ CLV ក៏ដោយ។ ការប្តេជ្ញាចិត្តរបស់លោកហ៊ុន ម៉ាណែតនេះធ្វើឡើង បន្ទាប់ពីពលរដ្ឋខ្មែរជាច្រើនបានចោទសួរជុំវិញការអភិវឌ្ឍន៍តំបន់ព្រំដែន និងបន្ទាប់ពីកម្ពុជាបានសម្រេចបញ្ចប់កិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមតំបន់ត្រីកោណ CLV- DTA។
ស្ថិតនៅភាគខាងត្បូងប្រទេសបារាំង ទីក្រុងGrasse និមិត្តរូបនៃដែនដីសុគន្ធវារីរបស់បារាំង សំបូរទៅដោយដីចម្ការផ្កា ក្រុមហ៊ុនផលិតទឹកអប់ និងសារមន្ទីរទឹកអប់ ដែលមានតែមួយលើលោក។ សារមន្ទីរអន្តរជាតិទឹកអប់ បើកទ្វារតាំងពីឆ្នាំ ១៩៨៩ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិដែលចង់ដឹងពីប្រវត្តិរឿងរ៉ាវទាក់ទងនឹងការផលិតទឹកអប់ នៅក្នុងតំបន់ភាគខាងត្បូងបារាំង។ នៅមុនធ្វើដំណើរផ្ទាល់ទៅទស្សនាសារមន្ទីរអន្តរជាតិទឹកអប់ យើងអាចស្តាប់ការពន្យល់របស់លោក Gilles Burois អ្នកសម្របសម្រួលកម្មវិធីវប្បធម៌ និងជាមគ្គទេសក៍សន្និសីទរបស់សារមន្ទីរដែលឈាង បុប្ផាបានជួបសម្ភាសន៍សម្រាប់បទយកការណ៍នៅថ្ងៃនេះ។
របាយការណ៍ស្ថានភាពឥណទាននៅកម្ពុជា ដែលក្រុមហ៊ុន Credit Bureau Cambodia (CBC) បានចេញផ្សាយកាលពីចុងខែមីនា ឆ្នាំ២០២៤ បង្ហាញថា ពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ចំនួនជាង១សែន៥ម៉ឺននាក់ ( ១៥២ ៤៧៤នាក់) កំពុងប្រើប្រាស់ប្រាក់ឥណទានពីប្រព័ន្ធធនាគារ ដែលមានទំហំទឹកប្រាក់ ប្រមាណ ៣ទ្រីលានរៀល (៣ ២៤៣ ២៦០ លានរៀល) ស្មើនឹង៨១១ លានដុល្លារអាមេរិក។ ប៉ុន្តែ ដោយសារប្រាក់ចំណូលធ្លាក់ចុះ ពលរដ្ឋមួយចំនួនដែលជាអ្នកប្រកបរបរនេសាទ កំពុងប្រឈមនឹងបំណុលវ័ណ្ឌក។ ពីខេត្តកំពង់ឆ្នាំង យើងមានបទយកការណ៍របស់ ឈា ប៊ុណ្ណារិទ្ធ៖
ក្នុងសប្តាហ៍កន្លងទៅនេះ អង្គការសន្ធិសញ្ញាសន្តិសុខរួមដែលគេតែងប្រដូច ហៅថាជាអង្គការអូតង់ដឹកនាំដោយរុស្ស៊ីនោះ បានបើកការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។ តែពីមួយឆ្នាំទៅមួយឆ្នាំ គេសង្កេតឃើញថា សម្ព័ន្ធភាពយោធាដែលរុស្ស៊ីបង្កើតឡើងដើម្បីប្រជែងកម្លាំងនឹងអូតង់នេះ ហាក់ដូចជាបានធ្លាក់ចុះឥទ្ធិពលជាបន្តបន្ទាប់។ ជាក់ស្តែង នៅក្នុងសមយុទ្ធយោធាឆ្នាំនេះ ប្រទេសអាម៉េនី ដែលជាសាមជិកម្នាក់ក្នុងចំណោមទាំង៦នាក់ បានអវត្តមានមិនចូលរួមជាមួយទេ។ ប្រទេសក្នុងតំបន់អាស៊ីកណ្តាលផ្សេងទៀត ដែលរុស្ស៊ីខំបញ្ចុះបញ្ចូលឲ្យចូលជាសមាជិកសម្ព័ន្ធភាពនេះ ក៏បានងាកមុខចេញដែរ។ តើមានមូលហេតុអ្វីខ្លះ បានជាអង្គការសម្ព័ន្ធភាពយោធារបស់រុស្ស៊ីនេះ ធ្លាក់ចុះឥទ្ធិពល?
កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យទី ២២ កញ្ញាបានប្រាប់អ្នកកាសែតរបស់ទូរទស្សន៍ភាសាអារ៉ាប់ Al Jazeeraប្រមូលឧបករណ៍ និងចាកចេញជាបន្ទាន់ពីការិយាល័យរបស់ទូរទស្សន៍នៅទីក្រុងរ៉ាម៉ាឡា ក្នុងទឹកដីស៊ីហ្សកដានីប៉ាឡេស្ទីន។ អ៊ីស្រាអែលបានបញ្ជាឲ្យទូរទស្សន៍Al Jazeeraបិទការិយាល័យ ក្នុងរយៈពេល ៤៥ថ្ងៃ ក្នុងបទចោទប្រកាន់ថា ទូរទស្សន៍ដែលទទួលបានប្រាក់ឧបត្ថម្ភពីប្រទេសកាតា ត្រូវបានប្រើប្រាស់ជាឧបករណ៍ញុះញង់ឲ្យការប្រព្រឹត្តអំពើភេរវកម្ម។ ចំពោះអ្នកទទួលខុសត្រូវរបស់ទូរទស្សន៍Al Jazeera សាជាថ្មីម្តងទៀត អ៊ីស្រាអែលមិនត្រឹមឈប់ធ្វើទុក្ខបុកម្នេញអ្នកកាសែតរបស់Al Jazeera ប៉ុន្តែ បិទខ្ទប់សិទ្ធិសេរីភាពផ្សព្វផ្សាយព័ត៌មាន សំឡេងពិតចេញរបស់ប្រជាជនប៉ាឡេស្ទីន។
២សប្តាហ៍បន្ទាប់ពីបានចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រីបារាំង នៅទីបំផុតលោក មីស្ហែល បាញេ បានប្រកាសសមាសភាពរដ្ឋាភិបាលថ្មីរបស់លោក កាលពីល្ងាចថ្ងៃសៅរ៍ទី២១កញ្ញា។ សមាសភាពរដ្ឋាភិបាលថ្មី ដែលភាគច្រើនលើសលុប សុទ្ធតែមនុស្សមានចរន្តនយោបាយស្តាំនិយម។ ទើបតែកកើត រដ្ឋាភិបាលថ្មីរបស់លោកមីស្ហែល បាញេ កំពុងប្រឈមគ្រោះថ្នាក់រួចទៅហើយ ដោយក្រុមសមាជិកសភាសម្ព័ន្ធបក្សឆ្វេងនិយម បានប្រកាសថាគេនឹងរួមគ្នាបោះឆ្នោតដកសេចក្តីទុកចិត្ត ដើម្បីទំលាក់រដ្ឋាភិបាលនេះ។
មនុស្សជាង១០ម៉ឺនបានចូលរួមគាំទ្រញាត្តិទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន៥រូបដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។ នេះបើផ្អែកតាមតួលេខពីអង្គការជួយសង្គ្រោះព្រៃឈើ Rainforest Rescue និងដោយបន្ថែមថា ក្នុងចំណោមមនុស្សទាំងជាង ១០ម៉ឺននាក់ដែលចូលរួមគាំទ្រញាត្តិដោះលែងសកម្មជនមាតាធម្មជាតិ មានភាគច្រើនជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេស និងក្រៅប្រទេស។
រដ្ឋាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃសុក្រទី ២០ កញ្ញាពីការដកខ្លួនចេញពីគម្រោងកិច្ចសហប្រតិបត្តិអភិវឌ្ឍន៍រួមគ្នាជាឡាវ និងវៀតណាមហៅកាត់ CLV។ ក្រោយការសម្រេចដូចនេះនាំឲ្យមានការចោទសួរថា តើការរៀបចំកម្មវិធីទស្សនកិច្ចរបស់ពលរដ្ឋទៅតំបន់ព្រំដែន និងការប្រមូលលុយក្នុងមូលនិធិព្រំដែនគួរបន្តធ្វើ ឬគួរលុបចោលវិញ?។ អ្នកវិភាគមួយចំនួនធំយល់ថា រដ្ឋាភិបាលគួរបន្តធ្វើការងារទាំងពីរនេះ ព្រោះវាអនុញ្ញាតឲ្យសាធារណជនយល់ និងស្គាល់ទឹកដីព្រំដែនរបស់ខ្លួន។
នៅស្រីលង្កា បន្ទាប់ពីដំណើរការបោះឆ្នោតប្រធានាធិបតីប្រព្រឹត្តទៅដោយរលូន គ្មានភាពតានតឹង និងការប្រឈមមុខកាលពីថ្ងៃសៅរ៍ទី ២១ កញ្ញា ការរាប់សន្លឹកឆ្នោតនៅថ្ងៃអាទិត្យនេះបង្ហាញថា ប្រធានបក្សសម្ព័ន្ធឆ្វេងនិយមទទួលបានសំឡេងឆ្នោតច្រើនជាងគេ ពោលគឺច្រើនជាង លោកRail Wickremesinghe រ៉ានីល វីក្រេម៉េស៊ីងហ្កេ ប្រធានាធិបតីផុតអាណត្តិ ដែលទទួលបានសំឡេងឆ្នោតតែ ១៧%តែប៉ុណ្ណោះ។ នៅមុនទទួលបានសំឡេងឆ្នោតនាំមុខគេ គណបក្សរណសិរ្សរំដោះប្រជាជនរបស់លោក Anura Kumara Dissanayaka អានុរ៉ា កុមារ៉ា ឌីស៊ីណាយ៉ាកា ធ្លាប់បានសន្យាថា នឹងប្រយុទ្ធប្រឆាំងអ្នកនយោបាយពុករលួយ និងជួយសម្រាលបន្ទុករបស់ប្រជាជនដែលរួបរឹតដោយការបង់ពន្ធ វិបត្តិទំនិញឡើងថ្លៃ និងនយោបាយរឹតបន្តឹងថវិការបស់រដ្ឋាភិបាលមុន។ ឈាង បុប្ផារាយការណ៍ព័ត៌មាននេះលម្អិត៖
នៅថ្ងៃសៅរ៍ទី ២១កញ្ញា អ៊ីស្រាអែលប្រកាសបាញ់សម្លាប់បានមេធំម្នាក់ទៀតរបស់ចលនាហេសបូឡាលីបង់ នៅក្នុងការវាយប្រហារផ្លូវអាកាស ទៅលើទីក្រុងបេរូត កាលពីយប់ថ្ងៃសុក្រ។ អ៊ីស្រាអែលសម្លាប់បានសមាជិករបស់ក្រុមហេសបូឡា១៦នាក់ ដែលនៅក្នុងនោះ មាន អ៊ីប្រាហ៊ីម អាគីល មេបញ្ជាការកងពលពិសេសរបស់ចលនាហេសបូឡាដែលអ៊ីស្រាអែល និងអាមេរិកបានតាមរកមុខជាយូរមកហើយ។ នេះជាដំណឹងដ៏អាក្រក់ ហើយក៏ជាការដាក់ទោសធ្ងន់មួយជាន់ទៀតរបស់អ៊ីស្រាអែលទៅលើចលនាហេសបូឡាលីបង់ ដែលទើបតែរងការវាយប្រហារយ៉ាងដំណំ ដោយសារវិទ្យុទាក់ទង និងឧបករណ៍ផ្ញើសាររាប់ពាន់គ្រឿងបានផ្ទុះក្នុងពេលពេលតែមួយ សម្លាប់មនុស្សយ៉ាងហោច ៣៧នាក់ និងរបួសជាង ៣ពាន់នាក់។ អ៊ីស្រាអែលជាគោលដៅចោទប្រកាន់របស់ក្រុមហេសបូឡាលីបង់។
អត្រាអត់ការងារធ្វើ ក្នុងចំណោមយុវជនចិនអាយុក្រោម២៤ឆ្នាំ បានកើនឡើងបន្ថែមទៀត នៅក្នុងខែសីហាកន្លងទៅនេះ។ ផ្អែកតាមតួលេខចុងក្រោយ ផ្សាយដោយការិយាល័ស្ថិតិជាតិចិន យុវជនចិនអត់ការងារធ្វើ មានចំនួន១៨,៨% តែដោយមិនរាប់និស្សិតចូលក្នុងនេះទេ។ យ៉ាងណាក៏ដោយ អត្រាយុវជនអត់ការងារធ្វើ កើនឡើងជាលំដាប់នេះ បានបង្ហាញអំពីការលំបាកនៃសេដ្ឋកិច្ចចិន ក្នុងពេលបច្ចុប្បន្ននេះ។
កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ ទី ២១ ខែកញ្ញា ឆ្នាំ ២០២៤
នៅក្នុងការបើកអោយចូលទស្សនាស្ថានទូតបារាំងនៅកម្ពុជា នៅក្នុងទិវាបេតិកភ័ណ្ឌអឺរ៉ុប ថ្ងៃ២១ កញ្ញា ឆ្នាំ២០២៤នេះ មហាជនបានចូលទស្សនារាប់ពាន់នាក់ទាំងជនជាតិខ្មែរនិងបរទេស។ ពួកគេមិនត្រឹមតែទាក់ទាញដោយភាពស្រស់ស្អាតនៃឧទ្យានបៃតងនិងអគារ ស្នាដៃស្ថាបត្យកម្ម នៅចំកណ្តាលទីក្រុងភ្នំពេញ ប៉ុន្តែមហាជនក៏ចាប់អារម្មណ៍ណាស់ដែរ របងចាស់មួយរបស់ស្ថានទូតបារាំង ដែលដាស់រំលឹកគេឲ្យនឹកទៅដល់ប្រវត្តិដ៏ជូរចត់នៃការដួលរលំទីក្រុងភ្នំពេញ និងចូលកាន់កាប់ប្រទេសរបស់ពួកទាហានខ្មែរក្រហម។
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលនៃប្រទេសម៉ាឡេស៊ី បានបើកដំណើរការបណ្ដាញទូទាត់QR Code ឆ្លងដែនរវាងប្រទេសទាំងពីរ ក្នុងដំណាក់កាលដំបូងជាផ្លូវការនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ ធនគារកណ្ដាលម៉ាឡេស៊ីបញ្ជាក់ថា ការទូទាត់តាម QRនេះ នឹងអនុញ្ញាតឱ្យទីតាំងរបស់ពាណិជ្ជករនៅក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី ជាង៥លានកន្លែង ដែលភាគច្រើនធ្វើអាជីវកម្មខ្នាតតូច អាចទទួលបានអតិថិជនកាន់តែទូលំទូលាយ និងអាចជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ប្រធានព្រឹទ្ធសភាកម្ពុជា លោកហ៊ុន សែន និងនាយករដ្ឋមន្ដ្រីកម្ពុជា លោកហ៊ុន ម៉ាណែត បានប្រកាសដកកម្ពុជាចេញពីតំបន់អភិវឌ្ឍន៍ត្រីកោណCLV-DTA។ ការដកប្រទេសចេញពីកិច្ចសហប្រតិបត្តិការណ៍រួមគ្នានេះ ធ្វើឡើងបន្ទាប់ពីមានការតវ៉ាជាច្រើនលើកពីសំណាក់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស និងការទទូចសុំរបស់ក្រុមប្រឆាំង។ យ៉ាងណាក៏ដោយ បើទោះបីជាដកខ្លួនចេញជាផ្លូវការ លោកហ៊ុន សែន អះអាងថា រដ្ឋាភិបាលនឹងមិនអាចដោះលែងអ្នកកំពុងជាប់ឃុំក្នុងពន្ធនាគារ ក្នុងព្រឹត្តិការណ៍១៨សីហានោះទេ។
កូនប្រុសរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ឈ្មោះ ឌឿន ឧត្តម ត្រូវបានតុលាការរដ្ឋវិចតូរៀអូស្ត្រាលីសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលជាង១២ឆ្នាំ បន្ទាប់ពីរូបគេបានបើកឡានបុកមនុស្សស្លាប់២នាក់ ក្នុងប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៣។ បណ្តាញសារព័ត៌មានក្នុងប្រទេសអូស្ត្រាលីជាច្រើនបានរាយការណ៍ថា កូនប្រុសរដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ នឹងត្រូវបណ្តេញចេញពីប្រទេសអូស្ត្រាលី និងហាមមិនឱ្យចូលទឹកដីប្រទេសអូស្ត្រាលីអស់មួយជីវិត ក្រោយអនុវត្តទោសចប់ជាស្ថាពរ។
ភ្លាមៗបន្ទាប់ពី អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ប្រកាសថា កម្ពុជាបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) មានប្រតិកម្មគាំទ្រពីច្រើនមជ្ឈដ្ឋានរួមទាំងអ្នកដែលធ្លាប់តែប្រឆាំងផងដែរ។ បើតាម លោក ហ៊ុន សែន មូលហេតុសំខាន់មួយដែលធ្វើឲ្យលោកផ្លាស់ប្តូរជំហរ ដោយដកកម្ពុជាចេញពីគម្រោងCVLពេលនេះ ក៏ព្រោះថា លោកគ្មានទម្លាប់អង្គុយបក់ផ្សែងនោះទេ ប៉ុន្តែត្រូវពន្លត់ភ្លើងទាំងស្រុង។ ទន្ទឹមគ្នានឹងការគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាលលើកនេះ ក្រុមអ្នកវិភាគ ចង់ឃើញ អាជ្ញាធរដោះលែងសកម្មជនប្រឆាំងនឹង CLV ឲ្យមានសេរីភាពឡើងវិញ ហើយនោះ គឺជាសញ្ញាឈានទៅរកការឯកភាពជាតិទាំងស្រុងរបស់កម្ពុជាក្នុងសំណុំរឿងព្រំដែន។
អង្គការបរិស្ថានGreenpeace បានចេញរបាយការណ៍មួយ ទាញសញ្ញាអាសន្នអំពីការប្រឈមគ្រោះថ្នាក់ធំបំផុត នៃធនធានបាតសមុទ្រនៅតំបន់អាកទិក ប្រសិនបើប្រទេសន័រវែស នឹងបើកឲ្យមានការជីកគាស់យកធនធានរ៉ែបាតសមុទ្រ ចាប់ពីឆ្នាំ២០២៥ទៅ។ អ្នកស្រាវជ្រាវរបស់ Greeanpeace បានអះអាងថា អាជីវកម្មគាស់កកាយយកធនធានរ៉ែនេះ នឹងបំផ្លាញប្រព័ន្ធជីវចម្រុះបាតសមុទ្រ ឲ្យរលាយហិនហោច គ្មានថ្ងៃអាចស្រោចស្រង់វិញបាន។
ក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក និងវិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុនបានលើកឡើងថា ជំងឺរបេងក្នុងប្រទេសកម្ពុជានៅតែជាបន្ទុកផ្នែកសុខភាពសាធារណៈដែលត្រូវដោះស្រាយ ទោះបីជាអត្រាឆ្លងជំងឺនេះបានថយចុះ៥០% ក្នុងរយៈពេល១២ឆ្នាំចុងក្រោយក៏ដោយ។ ការលើកឡើងនេះគឺបន្ទាប់ពីតំណាងក្រុមការងារស្រាវជ្រាវទាំង ២ស្ថាប័នបានចុះអង្កេតស្រាវជ្រាវប្រេវ៉ាឡង់ជំងឺរបេងលើកទី៣ នៅកម្ពុជា ក្នុងរយៈពេល១ឆ្នាំកន្លងមក។
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២០ កញ្ញានេះបានចេញដីកាសម្រេចលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិឲ្យនៅក្រៅឃុំ និងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ លោក រ៉ុង ឈុន ត្រូវបានតុលាការក្រុងភ្នំពេញដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ការមិនរាងចាលក្នុងបទមជ្ឈឹម បន្ទាប់ពីផ្អាកទោសមជ្ឈឹម និងពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តិនៅកម្ពុជាក្នុងឆ្នាំ២០២៤។
អ៊ីស្រាអែលដើរឈានផុតបន្ទាត់ក្រហម ហើយបានប្រកាសសង្គ្រាមជាចំហតែម្តង។ នេះជាប្រសាសន៍របស់ប្រមុខដឹកនាំហេសបូឡាលីបង់ ដោយបានសន្យាសងសឹកឲ្យចាស់ដៃចំពោះទង្វើដ៏សាហាវរបស់អ៊ីស្រាអែល។ ការថ្លែងគំរាមសងសឹកអ៊ីស្រាអែល ធ្វើឡើងក្រោយព្រឹត្តិការណ៍បំផ្ទុះឧបករណ៍ទាក់ទង ផ្ទួនៗគ្នា នៅថ្ងៃអង្គារនិងថ្ងៃពុធ សម្លាប់សមាជិកចលនាហេសបូឡា យ៉ាងហោច ៣៧ នាក់ និងរបួសប្រមាណជិត ៣ ពាន់នាក់។ ប្រមុខដឹកនាំហេសបូឡាលីបង់ លើកឡើងថា សោកនាដកម្មនេះ ហេសបូឡាពុំដែលជួបប្រទះទាល់តែសោះ ចាប់តាំងពីការបង្កើតក្រុមចលនាហេសបូឡាលីបង់ នៅឆ្នាំ១៩៨២។
សមត្ថកិច្ចហុងកុងកំពុងតែអនុវត្តច្បាប់សន្តិសុខជាតិចិន យ៉ាងតឹងតែងបំផុត។ ក្នុងរយៈពេលត្រឹមតែ២ថ្ងៃ មានមនុស្សចំនួន៣នាក់ ដែលត្រូវបានសមត្ថកិច្ចហុងកុងចាប់ដាក់ឃុំ ដោយចោទពីបទ ផ្សព្វផ្សាយសារញុះញង់បះបោរ និងបង្ករអស្ថិរភាពសង្គម។ មនុស្ស២នាក់ បានជាប់ការចោទប្រកាន់នេះកាលពីថ្ងៃព្រហស្បតិ៍ ដោយគ្រាន់តែពាក់អាវយឺត ដែលមានសរសេរអក្សរពីលើថា “រំដោះហុងកុង”។ ចំណែកមនុស្សទី៣ ត្រូវតុលាការប្រកាសទោសជាប់ពន្ធនាគារ១៤ខែ នៅព្រឹកថ្ងៃសុក្រនេះ ពីបទបង្ហោះសារមានន័យ “បះបោរបំបែកទឹកដី” នៅលើបណ្តាញសង្គម។
នៅថ្ងៃព្រហស្បតិ៍ ទី១៩កញ្ញា ក្រុមអ្នកជំនាញនៃគណៈកម្មាធិការគ្រប់គ្រងបញ្ញាសិប្បនិម្មិត ដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ បានទាញសញ្ញាអាសន្ន អំពីការរីកចម្រើនយ៉ាងលឿន និង ហានិភ័យ នៃបច្ចេកវិទ្យា AI។ ក្រុមអ្នកជំនាញខាងលើ បានទទួចសុំឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ពីគ្រប់ភាគីទាំងអស់ជាបន្ទាន់ ដើម្បីចៀសវៀងគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយបច្ចេកវិទ្យាថ្មីនេះ។
រំលងតែ២ថ្ងៃ ក្រុមហេសបូឡាលីបង់ បានរងនូវការវាយប្រហារផ្ទួនៗគ្នា ស្លាប់សមាជិកប្រមាណ៣៧នាក់ និងរបួសជាង៣៥០០នាក់។ ជាការវាយប្រហារដ៏ធំមិនធ្លាប់មាន តាមរយៈការបញ្ជាឲ្យផ្ទុះពីចម្ងាយក្នុងពេលតែមួយ នូវឧបករណ៍ផ្ញើសាររាប់ពាន់គ្រឿង កាលពីថ្ងៃអង្គារ ហើយមួយថ្ងៃបន្ទាប់ គឺផ្ទុះវិទ្យុទាក់ទងអាយកូម រាប់រយគ្រឿងក្នុងពេលតែមួយ។ ផ្អែកតាមការចុះផ្សាយ របស់កាសែត New York Times នៅរសៀលថ្ងៃព្រហស្បតិ៍ គឺក្រុមហ៊ុនដែលបានលក់ឧបករណ៍ផ្ញើសារ ហើយផ្ទុះកាលពីថ្ងៃអង្គារ គឺជាក្រុមហ៊ុនខ្មោចបង្កើតឡើងដោយអ៊ីស្រាអែល។
នៅថ្ងៃព្រហស្បតិ៍ ទី១៩កញ្ញា ការចរចាប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៥បានបញ្ចប់ដោយភាគីទាំងអស់បានបោះឆ្នោតទទួលយកប្រាក់ខែចំនួន ២០៦ដុល្លារ។ តែលោក ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីបានបន្ថែមចំនួន២ដុល្លារ។ ដូច្នេះប្រាក់ឈ្នួលកម្មករជាផ្លូវការក្នុងវិស័យកាត់ដេរនឹងមាន ២០៨ដុល្លារក្នុងឆ្នាំ២០២៥។
ភាគីវៀតណាមបានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមរវាងកម្ពុជា ឡាវ ភូមា និងវៀតណាម (CLMV) ដើម្បីដោះស្រាយរាល់ឧបសគ្គ និងរបាំងពាណិជ្ជកម្មដើម្បីសម្រួលដល់សកម្មភាពលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃប្រទេសទាំង៤។ ការលើកឡើងពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៤ប្រទេសនេះត្រូវបានបញ្ជាក់ដោយលោក Nguyen Sinh Nhat Tan អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា ឡាវ ភូមា និងវៀតណាមលើកទី១៦ (CLMV-EMM 16) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវកាលពីថ្ងៃទី១៨ កញ្ញា។
រដ្ឋសភាកម្ពុជា នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ស្អែក ដោយមានរបៀបវារៈសំខាន់មួយគឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពសមាជិករាជរដ្ឋាភិបាលចំនួន២រូប។ ក្នុងនោះត្រូវបានគេដឹងក្រៅផ្លូវការនៅឡើយថា នឹងមានការផ្លាស់ប្តូរការងារគ្នាទៅវិញទៅមករវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងអធិការកិច្ច។ អ្នកវិភាគសង្គម និងនយោបាយនានាមើលឃើញថាជាដំណើរការប្រព្រឹត្តទៅធម្មតារបស់រដ្ឋាភិបាលស្របតាមរដ្ឋធម្មនុញ្ញ សំដៅពង្រឹងបន្ថែមទៀតនូវសមត្ថភាពការងារ។ ក៏ប៉ុន្តែការសម្រួលការងារទៅលើរដ្ឋមន្ត្រីទទួលបន្ទុកវិស័យទេសចរណ៍ហាក់មានការចាប់អារម្មណ៍ខ្លាំង ដោយសារវិស័យទេសចរណ៍កម្ពុជានៅតែជាកម្មវត្ថុនៃការចោទសួរនៅឡើយ។
នៅថ្ងៃព្រហស្បតិ៍ ទី១៩កញ្ញានេះ តុលាការក្រុងហូជីមិញ បានបើកសវនាការ ក្នុងសំណុំរឿងថ្មីមួយទៀត ដើម្បីកាត់ទោសអ្នកស្រី ជឿង មីឡាន សេដ្ឋីនីអចលនទ្រព្យវៀតណាម។ សូមរំឭកថា កាលពីខែមេសា កន្លងមកនេះ តុលាការវៀតណាម បានកាត់ទោសសេដ្ឋីនីរូបនេះ ឲ្យជាប់ទោសប្រហារជីវិត ពីបទគៃបន្លំប្រាក់ប្រមាណ ២៧ពាន់លានដុល្លារអាមេរិក ដែលជាទឹកប្រាក់ដ៏ច្រើនមហាសាល មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តវៀតណាម។
នៅលីបង់ មួយថ្ងៃបន្ទាប់ពីផ្ទុះឧបករណ៍ផ្ញើសារ បណ្តាលឲ្យស្លាប់សមាជិកក្រុមហេសបូឡាចំនួន១២នាក់ និង របួសជិត៣០០០នាក់ កាលពីថ្ងៃពុធទី១៨កញ្ញាមានករណីផ្ទុះវិទ្យុទាក់ទងផ្ទួនៗគ្នាមួយទៀត បណ្តាលឲ្យស្លាប់មនុស្សចំនួនយ៉ាងហោច២០នាក់ និងរបួសច្រើនរយនាក់។ មិនទាន់មានការអះអាងទទួលស្គាល់ណាមួយទេ តែគេបានដាក់ការសង្ស័យថានេះ គឺជាការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល។ មានការព្រួយបារម្ភជាខ្លាំង ថាសង្រ្គាមនឹងផ្ទុះឡើងជាចំហ រវាងអ៊ីស្រាអែល និងក្រុមអេសបូឡាលីបង់។
នៅថ្ងៃពុធ ទី ១៨ ខែកញ្ញា ពលរដ្ឋតំបន់កាស្មៀរ (Cachemire) ប៉ែកឥណ្ឌា បានចាប់ផ្តើមនាំគ្នាទៅចូលរួមបោះឆ្នោតជ្រើសរើស ក្រុមអ្នកតំណាងរបស់ខ្លួន ប្រចាំតំបន់។ ការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅជា ៣ ដំណាក់កាល ដោយមានដំណាក់កាលទី ២ រៀបចំឡើង នៅថ្ងៃទី ២៥ ខែកញ្ញា និង ដំណាក់ទី ៣ នៅថ្ងៃទី ២ ខែតុលា។ ជាសរុប មានមនុស្សទាំងអស់ជិត ៩ លាន នាក់ ដែលបានចុះឈ្មោះបោះឆ្នោត។ សូមបញ្ជាក់ថា ប្រជាជននៅតំបន់កាស្មៀរ ពុំមានឱកាសបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន អស់រយៈពេល ១០ មកហើយ ដោយការបោះឆ្នោតលើកមុន បានប្រព្រឹត្តទៅក្នុងឆ្នាំ ២០១៤។
នៅប្រទេសម៉ាលី ក្រុមភេរវជនអ៊ីស្លាមជាដៃជើងអាល់កៃដានិងជីហាតនៅអាហ្វ្រិក បានវាយប្រហារទៅបន្ទាយទាហាន និងព្រលានយន្តហោះយោធា បណ្តាលឲ្យស្លាប់មនុស្សជាច្រើននាក់។ ការវាយប្រហារភេរវកម្មនេះ ធ្វើឡើងតែ១ថ្ងៃបន្ទាប់ពីខួបគម្រប់៦៤ឆ្នាំ នៃការបង្កើតកងកម្លាំងយោធាម៉ាលី (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៦០)។ អង្គការថ្នាក់តំបន់ សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច ( Cedeao) បានថ្លែងសមានចិត្តអាណិតអាសូរចំពោះប្រទេសម៉ាលី បើទោះបីជាម៉ាលីបានដកខ្លួនចេញពីអង្គការនេះទៅហើយ។ សហគមន៍សេដ្ឋកិច្ចអាហ្វ្រិក បានថ្កោលទោសអំពើហិង្សាវាយប្រហារប្រដាប់អាវុធ ដែលបំផ្លិតបំផ្លាញសន្តិភាពស្ថិរភាពនៅតំបន់។