ថ្ងៃសុក្រ ទី១១តុលា ពានរង្វាន់ណូបែលសន្តិភាពពិភពលោក ត្រូវប្រគល់ជូនអង្គការជប៉ុន នីហុង ហ៊ីដាំងគ្យោ ដែលជាក្រុមអ្នកប្រឆាំងនឹងគ្រាប់បែកបរមាណូ។ សមាជិកអង្គការ នីហុង ហ៊ីដាំងគ្យោ ភាគច្រើន សុទ្ធសឹងជាជនរងគ្រោះនិងជាអ្នករស់រានមានជីវិតពីការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី កាលពីឆ្នាំ ១៩៤៥។
រដ្ឋាភិបាលក្រុងប៉េកាំងផ្តល់ជំនួយឥតសំណងចំនួន ៣០០ លានយ័ន ឬស្មើប្រមាណ ៤២ លានដុល្លារអាមេរិកឲ្យកម្ពុជាដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេស។ ការប្រកាសផ្តល់ជំនួយនេះត្រូវបានភាគីចិនបញ្ជាក់នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសនៃការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
នៅលីបង់ ទាហានមួកខៀវ ២ នាក់ របស់អង្គការសហប្រជាជាតិ បានរងរបួស ព្រោះតែគ្រាប់ប្លោងអ៊ីស្រាអែល។ ទាហានទាំង ២ នាក់នោះ ជាជនជាតិឥណ្ឌូណេស៊ី។ បន្ទាប់ពីវាយប្រហារលើប៉ុស្តិ៍ប្រចាំការឥណ្ឌូណេស៊ីពីម្សិលមិញ ថ្ងៃនេះ ប៉ុស្តិ៍ប្រចាំការរបស់ទាហានមួកខៀវស្រីលង្ការ ក៏ត្រូវឋិតក្នុងផ្ទាំងស៊ីបរបស់អ៊ីស្រាអែលដែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសលីបង់។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាក់ព័ន្ធចំនួន៣ បានដាក់ចេញគោលការណ៍ «ឆន្ទៈល្អ» ដើម្បីគ្រប់គ្រងការផ្សព្វផ្សាយគ្រឿងស្រវឹងឲ្យមានសណ្តាប់ធ្នាប់។ សម្រាប់អ្នកជំនាញ នេះជាសញ្ញាវិជ្ជមានមួយដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងរបស់ប្រជាពលរដ្ឋខ្មែរ។ ទន្ទឹមគ្នានេះ អ្នកជំនាញក្នុងវិស័យសុខាភិបាលក៏កំពុងទាញសញ្ញាណអាសន្នពីការសេពគ្រឿងស្រវឹងដែលកំពុងកើនឡើង។ នៅក្នុងន័យនេះ ក្រុមអ្នកជំនាញបានលើកជាយោបល់ថា រដ្ឋត្រូវមានឆន្ទៈខ្ពស់ដោយហ៊ានប្រើកណ្តាប់ដៃដែកលើឈ្មួញរកស៊ីផ្គត់ផ្គង់គ្រឿងស្រវឹង ប្រសិនបើចង់ទប់ស្កាត់កំណើននៃការសេពគ្រឿងស្រវឹង។
មិនដល់មួយខែទៀតទេ អាមេរិកនឹងរៀបចំការបោះឆ្នោតប្រធានាធិបតី ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា។ នៅក្នុងការប្រកួតប្រជែងសំឡេងឆ្នោត ដ៏ប្រកៀកប្រកិតគ្នា អតីតប្រធានាធិបតីអាមេរិកដែលមានវោហារកោសល លោកបារ៉ាក់ អូបាម៉ាបានចេញមុខធ្វើយុទ្ធនាការបោះឆ្នោត ជួយបេក្ខនារី លោកស្រី ខាម៉ាឡា ហារីស នៅរដ្ឋគន្លឹះ Pennsylvanieកាលពីថ្ងៃព្រហស្បតិ៍ទី ១០ តុលា។ ដោយលើកបង្អួតគោលនយោបាយរបស់បេក្ខរនារីរបស់គណបក្សប្រជាធិបតេយ្យ លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកទី ៤៤ បានរិះគន់ខ្លាំងៗ លោកដូណាល់ ត្រាំ ថា ជាមនុស្សពើងទ្រូង គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន គ្មានគិតដល់ជីវភាពរបស់ពលរដ្ឋអាមេរិក។
ក្រោយត្រឡប់ពីប្រទេសបារាំងកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ជាទីដែលលោកបានបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចុះទៅកាន់តំបន់មួយចំនួនក្នុងខណ្ឌចំនួន៤ ដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀង។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង បានបញ្ជាក់ថាជំនន់ទឹកភ្លៀងនៅទីក្រុងភ្នំពេញគឺជាមូលហេតុដែលលោកសុខចិត្តប្តូរសំបុត្រយន្តហោះត្រឡប់មកកម្ពុជាមុនកំណត់។ តាមអភិបាលរាជធានីរូបនេះ ការលិចលង់តំបន់មួយចំនួននៅភ្នំពេញ គឺបណ្តាលមកពីបាតុភូតអាកាសធាតុសកល និងថាក្នុងនាមអាជ្ញាធរ លោកត្រូវតែមានដំណោះស្រាយចំពោះមុខភ្លាមៗជូនពលរដ្ឋ។ លោកថានៅឆ្នាំ២០២៥ ខាងមុខ ការរំដោះទឹកភ្លៀងចេញពីទីក្រុងនឹងមានភាពល្អប្រសើរមួយកំរិតធំ៕
នៅក្នុងបទយកការណ៍នៅថ្ងៃនេះ ឈាង បុប្ផានាំលោកអ្នកនាងទៅស្គាល់កំណប់ដ៏មានតម្លៃរបស់កម្ពុជាដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់សារមន្ទីរជាតិមួយក្នុងក្រុងអាឡង់សុង Allençon ភាគខាងលិចទីក្រុងប៉ារីស។ Le musé des beaux arts et de la dentelle នៅទីក្រុងអាឡង់សុងមានវត្ថុបុរាណខ្មែរអាយុជាង១០០ឆ្នាំ និងកំណត់ត្រាជាច្រើនស្តីពីកម្ពុជានាចុងសតវត្សរ៍ទី១៩ ដែលប្រមូលចងក្រងដោយរ៉េស៊ីដង់បារាំងនៅកម្ពុជា គឺលោក អាដេម៉ា ឡឺក្លែរ។
ជាង៣ឆ្នាំ បន្ទាប់ពីក្រុមយោធាភូមាបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រីអ៊ុងសាន ស៊ូជី គេសង្កេតឃើញថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកអ៊ុងសាន ស៊ូជី ហាក់កំពុងបាក់កម្លាំង រលាយសាបសូន្យម្តងបន្តិចៗ។ លោកស្រីអ៊ុងសាន ស៊ូជី និងសមាជិកធំៗភាគច្រើន កំពុងជាប់នៅក្នុងឃុំ ខណៈមេដឹកនាំធំៗ ដែលមានវ័យចំណាស់របស់គណបក្សនេះ បានស្លាប់ម្តងមួយៗ។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានធ្លាក់ចុះទន់ខ្សោយ គ្មានធនធានមនុស្ស ធ្វើឲ្យក្រុមយោធាមានសង្ឃឹមកាន់តែខ្លាំងនៅក្នុងការបោះឆ្នោត ដែលរបបសិកបានសន្យាថានឹងរៀបចំធ្វើនៅឆ្នាំក្រោយ។
ក្នុងជំនួបត្រីភាគីនៅក្រៅក្របខណ្ឌកិច្ចប្រជុំកំពូលអាស៊ាននានៅថ្ងៃទី១០ តុលាក្នុងក្រុងវៀងចន្ទន៍ ប្រទេសឡាវ ប្រមុខរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាមបានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីធ្វើឱ្យតំបន់មេគង្គ និងឥណ្ឌូចិនក្លាយជាគំរូនៃការទំនាក់ទំនង ការច្នៃប្រឌិត និងវិបុលភាពតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមគ្នា។ ជំនួបនេះធ្វើឡើង បន្ទាប់ពីកម្ពុជាបានសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA។
នៅក្នុងឱកាសបុណ្យជាតិតៃវ៉ាន់១០តុលា លោកប្រធានាធិបតី ឡៃ ឈីងទឿ បានថ្លែងសុន្ទរកថា ដោយលោកបានប្រកាសថា លោកនឹងតស៊ូ ទប់ទល់ប្រឆាំងទៅនឹងការច្បាមភ្ជាប់កោះតៃវ៉ាន់ទៅក្នុងទឹកដីរបស់ចិន។ ទន្ទឹមគ្នានេះ លោកប្រធានាធិបតីតៃវ៉ាន់ លើកឡើងថាលោកប្រឆាំងដាច់ខាត ចំពោះចេតនាណាមួយ ដែលចង់មកបំផ្លាញស្ថិរភាព និងសន្តិសុខតំបន់។ គួរបញ្ជាក់ថា សុទ្ទរកថានេះ គឺជាសារផ្ញើទៅកាន់ចិន ដែលគំរាមកាន់តែខ្លាំងថាអាចនឹងប្រើកម្លាំងដើម្បីភ្ជាប់កោះតៃវ៉ាន់មកក្នុងមហាគ្រួសារចិន។
ជ័យលាភីណូបែលអក្សរសិល្ប៍ពិភពលោក បានផ្តល់កិត្តិយសទៅលើលោកស្រី ហាន់ កង អ្នកនិពន្ធជាតិកូរ៉េខាងត្បូង។ លោកស្រីតាក់តែងនិពន្ធជាភាសាកូរ៉េ ជាច្រើនចំណងជើង និងចម្រុះទម្រង់ ហើយនិងត្រូវគេបកប្រែជាច្រើនភាសា។ ក្នុងចំណោមជ័យលាភីណូបែលអក្សរសិល្ប៍ពិភពលោក ប្រមាណ១២០នាក់ដែលសម្បូរសុទ្ធតែប្រុសៗ, លោកស្រី ហាន់ កង ក្លាយជាអ្នកនិពន្ធ ភេទស្រី លេខរៀងទី១៨។ អ្នកនិពន្ធស្រីរូបនេះ ក៏ធ្លាប់ឋិតក្នុងបញ្ជីខ្មៅ ក្នុងចំណោមជនជាតិកូរ៉េខាងត្បូង ប្រមាណជា១០០នាក់ ដែលរិះគន់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ប៉ាក់ គុនហេ កាន់អំណាចចន្លោះឆ្នាំ២០១៣ -២០១៧។
ជំនួបកំពូលអាស៊ាន-ចិនបានបើកធ្វើនៅថ្ងៃទី១០ ខែតុលានេះនៅក្នុងទីក្រុងវៀងចនន្ទ៍ ប្រទេសឡាវ។ នាឱកាសនោះ នាយករដ្ឋមន្ត្រីចិនលោក លី ឈាំងបានថ្លែងពីសារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ានដែលមិនអាចខ្វះបាន។ តែលោកប្រធានាធិបតីហ្វីលីពីន ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉របានឆ្លៀតនិយាយពីជម្លោះនៅសមុទ្រចិនខាងត្បូង។ ក្នុងន័យនេះ លោកហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រប្រាប់អាស៊ានកុំឲ្យគិតតែពីទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនដោយមិនខ្វាយខ្វល់ពីសកម្មភាពរំលោភឈ្លានពានដ៏គឃ្លើនរបស់ចិនទៅលើរដ្ឋសមាជិកអាស៊ានផ្សេងទៀតនោះ។
ព័ត៌មានចុះផ្សាយដោយរបស់សារព័ត៌មានថៃ Pattaya Mail កាលពីថ្ងៃទី០៨ ខែតុលាបានឲ្យដឹងថា ប្រទេសថៃកំពុងតែព្រួយបារម្ភខ្លាំងចំពោះការពង្រឹងឥទ្ធិពលដែនសមុទ្ររបស់ចិន ពិសេសការប្រើប្រាស់មូលដ្ឋានទ័ពរាមរបស់កម្ពុជាពីសំណាក់កងទ័ពចិន។ ក្តីបារម្ភខ្លាំងយ៉ាងដូច្នេះរបស់ថៃដោយហេតុថា ទីតាំងមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជាមានចម្ងាយប្រហែលតែជាង ៣០០គីឡូម៉ែត្រប៉ុណ្ណោះពីកំពង់ផែកងទ័ពជើងទឹករបស់ថៃមួយមានឈ្មោះ«សាតាហីប»។ តាម Pattaya Mail ដដែល ថៃ រួមទាំងប្រទេសជិតខាងកម្ពុជាផ្សេងទៀតក៏កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅមូលដ្ឋានទ័ពរាមរបស់កម្ពុជា។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ ក្នុងក្រុងវៀងចន្ទន៍ ប្រទេសឡាវនាថ្ងៃទី០៩ ខែតុលា មេដឹកនាំអាស៊ានបានលើកឡើងសារជាថ្មីពីសារៈសំខាន់នៃការលើកកម្ពស់ និងពង្រឹងមជ្ឈភាពអាស៊ាន។ តើកិច្ចប្រជុំកំពូលអាស៊ាននៅឡាវឆ្នាំ២០២៤នេះ អាចជួយឲ្យសមាជិកអាស៊ានទាំង១០ប្រទេសរកឃើញភាពជឿនលឿនដែលនាំឲ្យប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងនេះឈរជាកណ្តាលបាន ឬទេ។ អ្នកតាមដានភូមិសាស្ត្រនយោបាយ និងកិច្ចការអាស៊ានមួយចំនួនមើលឃើញថា ការស្វែងរកមជ្ឈភាពអាស៊ានជារឿងលំបាក និងបន្តស្ថិតនៅក្នុងសុបិន្តជាបន្តទៀត។ នេះក៏ដោយសារថាសមាជិកអាស៊ាននីមួយៗបានគិតគូរតែពីប្រយោជន៍ផ្ទាល់ខ្លួនជាងប្រយោជន៍សហគមន៍។
នៅថ្ងៃពុធ ទី០៩ កញ្ញា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រកាសបដិសេធចំពោះព័ត៌មានដែលថា មន្ត្រីអាវុធហត្ថក្នុងខេត្តប៉ៃលិនបានធ្វើទារុណកម្មបណ្តាលឲ្យជនជាតិចិនម្នាក់បាត់បង់ជីវិត។ ការច្រានចោលនេះធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយជាសាធារណៈអំពីករណីជនជាតិចិនមួយរូបដែលត្រូវបានក្រុមហ៊ុនកាស៊ីណូប៉ៃលិនបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្តប៉ៃលិនពីបទលួចលុយក្រុមហ៊ុន។ មេបញ្ជាការប៉េអឹមលើផ្ទៃប្រទេសបានប្រកាសបើកការស៊ើបអង្កេតជាបន្ទាន់លើសំណុំរឿងស្លាប់ជនជាតិចិនរូបនោះ។
៥០ឆ្នាំចុងក្រោយ សត្វព្រៃ សត្វសមុទ្រ ត្រីទឹកសាប ត្រូវរងគ្រោះបាត់បង់ចំនួនជាមធ្យម២ភាគ៣។នេះបើតាមរបាយការណ៍ថ្មីរបស់អង្គការមូលនិធិសត្វព្រៃពិភពលោក WWF។ ក្រៅពីទាញសញ្ញាអាសន្ននិងសម្តែងក្តីព្រួយបារម្ភខ្លាំង អង្គការអភិរក្សធម្មជាតិ WWF ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលនីមួយៗត្រូវចាត់វិធានាការសង្គ្រោះសត្វ ជាបន្ទាន់។ ការសិក្សាថ្មីរបស់អង្គការWWFនេះ ផ្សាយចេញនៅមុនពេល១០ថ្ងៃ នៃកិច្ចប្រជុំសន្និសីទស្តីពីការអភិរក្សប្រព័ន្ធជីវៈចម្រុះ Cop16 នៅប្រទេសកូឡុំប៊ី។
លោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី និងលោកនាយករដ្ឋមន្ត្រីក្រូអាស៊ី បានចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការយូរអង្វែងជួយគ្នាទៅវិញទៅមក កាលពីថ្ងៃពុធទី៩តុលា។ ការចុះហត្ថលេខានេះ គឺធ្វើឡើងនៅមុនពេលបន្តិច នៃការចាប់ផ្តើមបើកជំនួបកំពូល រវាងអ៊ុយក្រែននិងប្រទេសអឺរ៉ុបភាគអាគ្នេយ៍ ដែលរៀបចំធ្វើនៅទីក្រុងឌុយប្រូវនិក ប្រទេសក្រូអាស៊ី។ ជាជំនួបកំពូល ដែលអ៊ុយក្រែននឹងប្រឹងប្រែង ប្រមូលការបន្តគាំទ្រជួយខ្លួន ខណៈសង្គ្រាមបានអូសបន្លាយជាង២ឆ្នាំមកហើយ។
ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់បឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្ហោ រាជធានីភ្នំពេញបានស្នើឲ្យរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យ និងរៀបចំប្រព័ន្ធលូរំដោះទឹកឲ្យបានត្រឹមត្រូវ។ ការស្នើយ៉ាងដូច្នេះដោយសារនៅពេលភ្លៀងធ្លាក់ខ្លាំងម្តងៗ ទឹកបានហូរចូលក្នុងផ្ទះរបស់ពួកគេ និងបង្កការលំបាកដល់ការរស់នៅ។
ពលករទេសន្តរប្រវេសន៍ខ្មែរខុសច្បាប់នៅក្នុងប្រទេសថៃត្រូវបានកត់សម្គាល់ថាបានរងការចាប់ខ្លួនពីអាជ្ញាធរថៃកាន់តែច្រើន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ លោក ឌី ថេហូយ៉ា ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់មើលឃើញថា ពលករខ្មែរដែលរងការចាប់ខ្លួនពីសំណាក់អាជ្ញាធរថៃ គឺដោយសារពួកគេបន្តស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃជាមួយនឹងឯកសារហួសសុពលភាព។ តាមមន្ត្រីអង្គការសង់ត្រាល់រូបនេះដដែល ការស្នើសុំឯកសារសំខាន់ៗមួយចំនួន ដើម្បីបន្តធ្វើការងារនៅក្នុងប្រទេសថៃមានភាពស្មុគ្រស្មាញដែលជាមូលហេតុធ្វើឲ្យមានពលករខ្មែរកាន់តែច្រើនក្លាយជាពលករមិនស្របច្បាប់៕
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានផ្ទុះរឿងអាស្រូវជុំវិញការប្រកួតសម្រស់នៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីរបស់ថៃឈ្មោះ Miss Grand International។ ការជជែកដេញដោលលើប្រធានបទមួយនេះកំពុងបន្តកើតមានយ៉ាងផុសផុលនៅលើបណ្តាញសង្គមក្រោយស្ថាប័ន Miss Grand International បានដកសិទ្ធិកម្ពុជាភ្លាមៗក្នុងនាមជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតសម្រស់ក្រោមហេតុផលមិនមានជំនាញវិជ្ជាជីវៈ។ តែនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នេះ ស្ថាប័ន Miss Grand Cambodia បានរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីបកស្រាយរឿងរ៉ាវទាំងនេះដោយបញ្ជាក់ថា អ្វីដែលបានកើតឡើងម្ចាស់កម្មវិធីថៃមានចេតនាចង់បំបាក់មុខកម្ពុជា។ ចំណែកអ្នកតាមដានសង្គមយល់ថា ទង្វើរបស់ស្ថាប័ន Miss Grand International បានធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជានៅលើឆាកអន្ដរជាតិ៕
ចូលកាន់តំណែងមិនទាន់បាន១០ថ្ងៃស្រួលបួលផង លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ី្ហកេរុ អ៊ីស៊ី្ហបា បានប្រកាសរំលាយសភាជាន់ទាបជប៉ុន ដើម្បីរៀបចំការបោះឆ្នោតមុនអាណត្តិ នៅថ្ងៃទី២៧តុលា។ តាមរយៈការបោះឆ្នោតនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន អះអាងថាលោកចង់ទទួលបានកម្លាំងគាំទ្រដ៏រឹងមាំង ពីសំណាក់ប្រជាជនជប៉ុនក៏ដូចជាសភា មកលើរដ្ឋាភិបាលលោក ដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅ ធំៗមួយចំនួន។
តុលាការខេត្តកណ្តាលបានចេញដីកាកោះហៅមេដឹកនាំគណបក្សជំទាស់ចំនួន ៥រូប ព្រមទាំងមនុស្សមួយចំនួនទៀតឲ្យចូលបំភ្លឺនៅថ្ងៃទី៩ ខែតុលានេះ ពីបទ«រំលោភលើទំនុកចិត្ត»។ គឺជាបណ្តឹងដែលធ្វើឡើងដោយឈ្មោះ ឃិន យឿន អតីតសមាជិកគណបក្សជំទាស់ដូចគ្នា និងជាបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤ ក្នុងមណ្ឌលភូមិភាគ៣ តែមិនបានជាប់ឆ្នោត។
តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊្វីសបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ដោយបានសម្តែងការសោកស្ដាយចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេសស្ដីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា។ អ្នករាយការណ៍ពិសេសដែលបានលើកឡើងនៅក្នុងសម័យប្រជុំលើកទី៥៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃចន្ទ ទី៧ តុលា ដែលទទូចឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការបង្ក្រាបទៅលើសំឡេងអ្នករិះគន់ ឬសំឡេងរបស់គណបក្សប្រឆាំងនៅកម្ពុជា។
នៅរដ្ឋFloridaភាគខាងត្បូងសហរដ្ឋអាមេរិក អាជ្ញាធរបានប្រកូកប្រកាសឲ្យប្រជាជនចាកចេញជាបន្ទាន់ពីតំបន់ដែលស្ថិតនៅលើខ្សែផ្លូវឆ្លងកាត់របស់ខ្យល់ព្យុះសង្ឃរាMilton។ ធ្លាក់ចុះខ្សោយមកនៅកម្រិតទី៤នៅ ព្រឹកថ្ងៃអង្គារម្សិលមិញ ព្យុះសង្ឃរាMilton ដែលលោកប្រធានាធិបតីអាមេរិក ចូ បៃដិនចាត់ទុកជាមហាព្យុះកំណាចប្រចាំសតវត្សរ៍ បានកើនឥទ្ធិពលខ្លាំងឡើងវិញ ដល់កម្រិតទី៥ ដែលជាកំរិតអតិបរមានៃកម្លាំងខ្យល់ព្យុះ។ បក់វិលក្នុងល្បឿន២៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះសង្ឃរា Miltonនឹងចាប់បោកបក់លើរដ្ឋ Florida ចាប់ពីល្ងាចថ្ងៃពុធ ដល់ព្រឹកថ្ងៃព្រហស្បតិ៍ មុននឹងបក់វិលទៅក្នុងមហាសមុទ្រអាត្លង់ទិក។
ប្រមាណ២ឆ្នាំមកនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បានរីកសាយភាយនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគេគិតថា ទៅថ្ងៃអនាគតដ៏ខ្លី គេនឹងប្រើបច្ចេកវិទ្យានេះជាទូទៅ ដើម្បីផលិតមាតិកា អត្ថបទ និងរូបភាពនានា។ ភាពល្បីរន្ទឺមួយរំពេចនេះ បានញ៉ាំងឲ្យក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ទទួលបានការបោះទុនវិនិយោគ យ៉ាងច្រើនសន្ធឹក។ តែជាមួយគ្នានេះ មានមតិអ្នកជំនាញខ្លះលើកឡើងថា ការសំរុកបោះទុនវិនិយោគលើបញ្ញាសិប្បនិម្មិត វាប្រៀបបីដូចដុំប៉ោងមូល តែធាតុពិតគឺវាប្រហោងក្នុង ព្រោះថាគិតត្រឹមពេលនេះ ការបោះទុននេះមិនទាន់ទទួលបានប្រាក់ចំណេញនៅឡើយទេ។
ថ្ងៃទី៨ ខែតុលានេះជាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ សម្រាប់ការប្រឡងឆ្នាំ ២០២៤ នេះ ក្រសួងអប់រំបានចេញសេចក្តីណែនាំមិនឲ្យបង្ហោះវិញ្ញាសាក្នុងពេលប្រឡង។ មួយវិញទៀត ដើម្បីធានាគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន រួមទាំងការចៀសវាងការដាក់ទណ្ឌកម្មនានាចំពោះបេក្ខជនប្រឡង អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា ក្រសួងហាមមិនឲ្យសរសេរ ឬថតចម្លងវិញ្ញាសាទៅបង្ហោះចែកចាយលើបណ្តាញសង្គម។ ក្រៅពីនេះ ក្រសួងអប់រំក៏បានស្នើឲ្យម្ចាស់គណនីទាំងអស់ដែលបានបង្ហោះលើបណ្តាញសង្គមលុបចេញជាបន្ទាន់ មុននឹងក្រសួងចាត់វិធានការតាមផ្លូវច្បាប់។ សូមស្តាប់ការលើកឡើងរបស់អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ៖
ប្រឈមមុខនឹងការពង្រឹកដែនឥទ្ធិពលរបស់រដ្ឋអំណាចចិន, វៀតណាម ដែលជាភាគីជម្លោះមួយក្នុងសំណុំរឿងវិបត្តិសមុទ្រចិនខាងត្បូង ពឺតប្រឹងពង្រឹងចំណងមេត្រីភាពជាមួយបស្ចិមលោក។ ២សប្តាហ៍មុន ប្រធានាធិបតីវៀតណាម បានធ្វើដំណើរទៅជួបប្រធានាធិបតីអាមេរិក ចូ បៃដិន នៅក្រុងវ៉ាស៊ីនតោន។ ដើមសប្តាហ៍នេះ ប្រមុខរដ្ឋវៀតណាម តូ ឡិម ក៏បានអញ្ជើញជួបប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ នៅក្រុងប៉ារីស ថ្នាក់ដឹកនាំវៀតណាមនិងបារាំង បានប្តេជ្ញាចិត្តរួមគ្នាពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី លើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅ។
បន្ទាប់ពីរងការចោទប្រកាន់ថា បានបញ្ជូនអាវុធទៅឲ្យរុស្ស៊ីធ្វើសង្រ្គាមវាយប្រហារអ៊ុយក្រែន កូរ៉េខាងជើងត្រូវគេសង្ស័យថា បានបញ្ជូនទ័ពទៅជួយប្រយុទ្ធផ្ទាល់ក្នុងសមរភូមិអ៊ុយក្រែន។ នៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក គីម យុងយ៉ន់ Kim Yong-Hyunបានឡើងនិយាយមុខសភាកូរ៉េខាងត្បូងថា មន្រ្តីយោធា និងទាហានកូរ៉េខាងជើងជាច្រើននាក់ទំនងស្លាប់នៅក្នុងសមរភូមិអ៊ុយក្រែន។ នៅមុនការឡើងបញ្ជាក់របស់ប្រមុខការពារជាតិកូរ៉េខាងត្បូងទៅទៀត ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនរាយការណ៍ថា មន្រ្តីយោធាអ៊ុយក្រែន ៦នាក់ស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែនទៅលើតំបន់ដូនែតស្ក៍ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ដោយលើកឡើងពីលោក លី សាម៉េត(គ្រូមា) ដែលបានប្រើឈ្មោះលោកទៅបោកប្រាស់លុយគេរាប់សែន រាប់លានដុល្លារ។ ឧទាហរណ៍ជាក់ស្តែង អភិបាលស្រុកល្វាឯម លោក កន សុខកាយ បានចាញ់បោកលោក លី សាម៉េត ដោយបានផ្តល់ប្រាក់ ៣០ម៉ឺនដុល្លារ ឲ្យលោកលី សាម៉េត ដើម្បីរត់ការទទួលបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។ លោក ហ៊ុន សែន បានប្រាប់សមត្ថកិច្ចឲ្យចាត់វិធានការលើលោក លី សាម៉េត តាមផ្លូវច្បាប់ ហើយលោក កន សុខកាយ ក៏ត្រូវបានរដ្ឋាភិបាលដកតំណែងពីអភិបាលស្រុកល្វាឯមភ្លាមៗដែរ។ តាមរយៈករណីមួយនេះនាំឲ្យអ្នកវិភាគ និងសង្គមស៊ីវិលនានាចោទសួរថា តើវាអាចនឹងមានជាប់ពាក់ព័ន្ធច្រើនទៀតនឹងអំពើពុករលួយនៅក្នុងរដ្ឋបាលសាធារណៈ ឬយ៉ាងណា?
ប៉ុន្មានថ្ងៃបន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេចបន្ថែមពន្ធនាំចូលទៅលើរថយន្តអគ្គីសនីចិន នៅថ្ងៃអង្គារទី៨តុលានេះ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសវិធានការសងសឹកវិញទៅលើស្រាខ្លាំងនាំចូលពីអឺរ៉ុប ដែលជាមានជាអាទិ៍ ស្រាកូញ៉ាក់ របស់បារាំង។ រដ្ឋាភិបាលចិនបានដាក់កំហិត ឲ្យក្រុមហ៊ុននាំចូលស្រាខ្លាំងអឺរ៉ុប ត្រូវតែដាក់តំកល់ប្រាក់ធានាស្មើនឹងតម្លៃពន្ធនាំចូលរបស់ចិន។ នេះគឺជាវិធានការសងសឹកជាបឋមរបស់ចិន ដែលធ្វើឲ្យអ្នកនាំចូលស្រាខ្លាំងរបស់អឺរ៉ុបព្រួយបារម្ភ និងជឿថា ចិនអាចនឹងដាក់កំហិតពន្ធនាំចូល៣៥%ជាមធ្យម ទៅលើស្រាខ្លាំងនាំចូលពីអឺរ៉ុប ។
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤ តុលាការខេត្តរតនគិរីបានសម្រេចដាក់លក្ខខណ្ឌចំនួន ៤ចំណុចលើ លោក មាជ សុវណ្ណរ៉ា ប្រធានគណបក្សជំនាន់ថ្មីដោយហាមការធ្វើសកម្មភាពណាដែលតុលាការចាត់ទុកជាការ«ញុះញង់» និងតម្រូវឲ្យលោកត្រូវតែបង្ហាញខ្លួនដល់សមត្ថកិច្ចមូលដ្ឋានរៀងរាល់ ២ខែម្តងជាដើម។ តែលោក មាជ សុវណ្ណរ៉ា យល់ថា ការដាក់លក្ខខណ្ឌបែបនេះធ្វើឲ្យប៉ះពាល់ដល់សេរីភាពនៃការធ្វើនយោបាយក្នុងឋានៈលោកជាប្រធានគណបក្សនៅក្រៅរដ្ឋាភិបាល៕
ព័ត៌មានចុះផ្សាយដោយកាសែត The Asia Financial នៅថ្ងៃទី៧ ខែតុលាបានឲ្យដឹងថា កម្ពុជាបានក្លាយជាជម្រកនៃការលាងលុយកខ្វក់សម្រាប់ឧក្រិដ្ឋជនចិនក្រោមហេតុផលមួយចំនួននៃការអនុវត្តគោលការណ៍របស់រដ្ឋាភិបាលកម្ពុជា។ តាមការចុះផ្សាយរបស់កាសែតបរទេសមួយនេះដដែល កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនក្នុងពិលោកដែលទាក់ទាញឲ្យបុគ្គលមួយចំនួនចង់លាក់ទ្រព្យសម្បត្តិរបស់ពួកគេ។
ថ្មីៗនេះ ប្រមុខការទូតរុស្ស៊ី លោក Sergueï Lavrov បានអំពាវនាវទៅកាន់បណ្តា ប្រទេសបស្ចិមលោក ឲ្យដកការដាក់ទណ្ឌកម្មលើ់ប្រទេសអាហ្វហ្កានីស្ថាន ដែលបច្ចុប្បន្នកំពុងស្ថិត ក្រោមការគ្រប់គ្រងរបស់ ពួកតាលីបង់ ។ ចំពោះរុស្ស៊ី ប្រទេសលោកខាងលិច មានភារកិច្ចចូលរួម កសាង និង ស្តារ ស្ថានភាពនៅ អាហ្វហ្កានីស្ថាន ឲ្យប្រសើរឡើងវិញ បន្ទាប់ពីប្រទេសនេះ បានឆ្លងកាត់ ការបំផ្លិចបំផ្លាញដោយសង្គ្រាម ក្នុងអំឡុងពេលរាប់សិបឆ្នាំ។
ប្រទេសភូមាបានប្រកាសបញ្ជូនអ្នកតំណាងរបស់ខ្លួនឱ្យទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ ដែលរៀបចំនៅក្នុងទីក្រុងវៀងចន្ទប្រទេសឡាវពីថ្ងៃទី៨ ដល់ទី១១ ខែតុលា។ តាំងពីក្រោយរដ្ឋាភិបាលយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលស្របច្បាប់ក្នុងឆ្នាំ ២០២១ នេះជាលើកទី១ ដែលភូមាមានមុខនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ត្រង់ចំណុចនេះត្រូវបានបានអ្នកតាមដានភូមិសាស្ត្រនយោបាយមើលឃើញថា របបសឹកភូមាត្រូវតែបន្ទន់ជំហរនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៤ នេះ។