មានទោសប្រហារជីវិតក្នុងសំណុំរឿងទីមួយ ដែលតុលាការវៀតណាមបានសម្រេចផ្តន្ទាកាលពីខែមេសា នៅថ្ងៃព្រហស្បតិ៍ទី ១៧តុលា២០២៤នេះ សេដ្ឋីនីអចលនវត្ថុ ជឿង មីឡាន ត្រូវមានទោសក្នុជាប់ពន្ធនាគារអស់មួយជីវិតទៀត ក្នុងសំណុំរឿងក្តីទីពីរ ពីបទពុករលួយលាងលុយ។
អ្នកចិញ្ចឹមកណ្តុរប្រែងមួយចំនួនកំពុងសប្បាយចិត្តជាមួយនឹងតម្រូវការទីផ្សារខ្ពស់ និងទទួលបានតម្លៃសមរម្យ។ លោក រឿន កុសល់ អ្នកចិញ្ចឹមកណ្តុរប្រែងម្នាក់ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានអះអាងថា សព្វថ្ងៃនេះ លោកស្ទើរតែពុំអាចផ្គត់ផ្គង់កណ្តុរប្រែងដែលអាំងរួចទៅឱ្យអតិថិជនបានគ្រប់ចំនួន។ តាមលោក រឿន កុសល់ កណ្តុរប្រែងអាំងកំពុងក្លាយជាអាហារពេញនិយម តែទីផ្សារចិញ្ចឹមកណ្តុរប្រែងនៅតូចចង្អៀត និងមិនទាន់ទូលំទូលាយនៅឡើយ។
លោកនុត សវនា អ្នកនាំពាក្យ និងជាអគ្គនាយករងនៃនាយកដ្ឋានពន្ធនាគារត្រូវបានតែងតាំងជាប្រធានពន្ធនាគារព្រៃសដោយបន្ថែមលើមុខងារបច្ចុប្បន្ន។ ការផ្តល់តួនាទីដល់លោកនុត សវនាធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបញ្ជាឱ្យផ្លាស់ប្តូរក្បាលម៉ាស៊ីនពន្ធនាគារ ក្រោយបែកធ្លាយវីដេអូរាំរែក ស៊ីផឹក និងសេពគ្រឿងញៀនយ៉ាងអនាធិបតេយ្យក្នុងពន្ធនាគារ។ តែក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យរង លោកទូច សុខៈបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៧ តុលានេះថា ការផ្លាស់ប្តូរក្បាលម៉ាស៊ីនពន្ធនាគារព្រៃសពេលនេះ គឺដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងពន្ធនាគារ ពោលមិនមែនដោយសារប្រធានចាស់អសមត្ថភាពនោះទេ។
ជាង១ពាន់១រយលាននាក់ ជាជនក្រីក្រស្រួចស្រាវ ក្នុងនោះជាងពាក់កណ្តាលជាក្មេងក្រោមអាយុ១៨ឆ្នាំ។ ភាពក្រីក្រស្រួចស្រាវកើនឡើងខ្លាំងជាពិសេសនៅក្នុងប្រទេសមានសង្គ្រាម។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់កម្មវិធីអង្គការសហប្រជាជាតិដើម្បីការអភិវឌ្ឍ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៧តុលា២០២៤។
បន្ទាប់ពីបន្ទាបការប្រាក់ និងបន្ធូរបន្ថយលក្ខខណ្ឌក្នុងការទិញផ្ទះ រដ្ឋាភិបាលចិនបានប្រកាសនៅថ្ងៃទី១៧តុលានេះ ថាគេនឹងបង្កើនការផ្តល់កម្ចី ក្នុងទំហំ៤០០០ពាន់លានយ៉ន់ ដែលស្មើនឹងប្រមាណ៥៦០ពាន់លានដុល្លារ ទៅឲ្យគម្រោងអចលនទ្រព្យមួយចំនួនដែលនៅជាប់គាំង សង់មិនទាន់រួចរាល់។ នេះគឺជាវិធានការថ្មីមួយទៀត របស់អាជ្ញាធរចិន ដើម្បីជំរុញផ្តល់សន្ទុះ ដល់វិស័យអចលនទ្រព្យ ដែលនៅជាប់គាំង។ តែយ៉ាងណា អ្នកជំនាញខ្លះមិនជឿថាវិធានការទាំងនេះ អាចជួយដល់សេដ្ឋកិច្ចចិនជាទូទៅ ដែលកំពុងតែជួបការលំបាកឡើយ។
ឃ្លីបវីដេអូដែលបង្ហាញពីការរាំរែកសប្បាយនៅក្នុងពន្ធនាគារព្រៃស «ម១» កាលពីដើមសប្តាហ៍បានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ និងហួសចិត្តនៅក្នុងចំណោមមហាជន។ អ្នកវិភាគសង្គម និងច្បាប់នានាយល់ឃើញថា គឺជាទង្វើមួយបែបអានាធិបតេយ្យដែលអ្នកគ្រប់គ្រងពន្ធនាគារជាអ្នកបណ្តោយឲ្យមានកម្មវិធីសប្បាយមួយនេះ។ បាតុភាពដូចគ្នានេះក៏ត្រូវបានគេសង្ស័យថាអាចកើតមាននៅតាមពន្ធនាគារផ្សេងៗទៀតនៅទូទាំងប្រទេស។ ហេតុអ្វីបានជាមានហេតុការណ៍បែបនេះកើតឡើង និងថា តើអ្នកគ្រប់គ្រងពន្ធនាគារគួរប្រឈមនឹងការទទួលខុសត្រូវយ៉ាងណា?
កូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្ត១០ប្រទេសទៀត បានប្រមូលផ្តុំគ្នាបង្កើតក្រុមត្រួតនិពិត្យនិងតាមដានឃ្លាំមើលទណ្ឌកម្មកូរ៉េខាងជើង។ ក្រុមអន្តរប្រទេសនេះ បង្កើតឡើង តែថ្ងៃតែមួយប៉ុណ្ណោះ ក្រោយពី កូរ៉េខាងជើង និង រុស្ស៊ី បានចុះកិច្ចព្រមព្រៀងការពារជាតិរួម។
ផលិតផលសំអាងសម្រាប់ក្មេងកំពុងក្លាយជាបាតុភូតដ៏ពេញនិយម។ ក្រោមឥទ្ធិពលរបស់អ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម មានក្មេងស្រីៗច្រើនឡើងៗចង់ផាត់ម្សៅ លាបឡេ តាមដែរ។ ប៉ុន្តែក្មេងក្នុងវ័យជំទង់មិនគួរប្រើផលិតផលសំអាងឡើយ ព្រោះមិនត្រឹមតែអត់ប្រយោជន៍ទេ តែថែមទាំងធ្វើឱ្យខូចសុខភាពទៀត។
ថ្ងៃ អង្គារ ទី ១៥ ខែតុលា ឆ្នាំ ២០២៤ វិមានក្រេមឡាំង បានបញ្ជាក់ជាថ្មីម្តងទៀត អំពីខ្លឹមសារនៃកិច្ចព្រមព្រៀងជំនួយយោធា រវាង រុស្ស៊ី និង កូរ៉េខាងជើង ដែលភាគីទាំងពីរបានចុះហត្ថលេខា កាលពីខែមិថុនា កន្លងទៅ។ ផ្អែកតាមសំដីរបស់នាំពាក្យ វិមានក្រេមឡាំង កិច្ចព្រមព្រៀងថ្មីនេះ បានកំណត់ច្បាស់ថា រុស្ស៊ី និង កូរ៉េខាងជើង នឹងធ្វើអន្តរាគមន៍ផ្លូវយោធា ជួយគ្នាទៅវិញទៅមក ប្រសិនបើប្រទេសណាមួយក្នុងចំណោមប្រទេសទាំងពីរនេះ ត្រូវរងការឈ្លានពាន ឬ ការប្រកាសសង្គ្រាមជាផ្លូវការ ពីសំណាក់ប្រទេសខាងក្រៅ។
នៅថ្ងៃពុធទី១៦តុលានេះ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានបង្ហាញ “ផែនការយកឈ្នះសង្គ្រាម” ទៅកាន់អង្គសភា នៅទីក្រុងកៀវ។ បើតាម លោកប្រធានាធិបតី ផែនការសន្តិភាពនេះបានទទួលការគាំទ្រទាំងស្រុងពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ហើយសង្គ្រាមជាមួយរុស្ស៊ីអាចនឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ។ លោកហ្សេឡេនស្គីបានគូសបញ្ជាក់ច្បាស់ៗថា ប្រយុទ្ធបង្ហូរឈាមអស់ជាងពីរឆ្នាំ អ៊ុយក្រែនមិនព្រមឱ្យបាត់បង់ទឹកដីទេ ឬរំកិលព្រំដែនមកនៅត្រឹមខ្សែប្រយុទ្ធបច្ចុប្បន្នដើម្បីចង់សង្គ្រាមឡើយ។
កូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្ត១០ប្រទេសទៀត បានប្រមូលផ្តុំគ្នាបង្កើតក្រុមត្រួតនិពិត្យនិងតាមដានលាំមើលទណ្ឌកម្មកូរ៉េខាងជើងរបស់លោក គីម ជុងអ៊ុន។ ក្រុមអន្តរប្រទេសនេះ បង្កើតឡើង តែថ្ងៃតែមួយប៉ុណ្ណោះ ក្រោយពី កូរ៉េខាងជើង និង រុស្ស៊ី បានចុះកិច្ចព្រមព្រៀងការពារជាតិរួម។
បន្ទាប់ពីដំណើរការប្រលងបាក់ឌុបថ្ងៃទី៨-៩ ខែតុលា ត្រូវបានបិទបញ្ចប់ក្រសួងអប់រំយុវជននិងកីឡាកំពុងមម៉ាញឹកជាថ្មីម្តងទៀតលើការរៀបចំកំណែសន្លឹកកិច្ចការបេក្ខជនប្រលងបាក់ឌុបទាំងជិត១៤ម៉ឺននាក់នៅទូទាំងប្រទេស យ៉ាងម៉ត់ចត់និងសំងាត់ជាងមុន ជាពិសេសក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ បានលើកឡើងថា មានតែអ៊ីស្រាអែលម្នាក់គាត់ ដែលជាអ្នកសម្រេច កំណត់គោលដៅថាវាយអ៊ីរ៉ង់ត្រង់កន្លែងកន្លែងណា ដើម្បីសងសឹកចំពោះការដែលអ៊ីរ៉ង់ បាញ់មីស៊ីល២០០គ្រាប់ មកលើអ៊ីស្រាអែល។ ផ្អែកតាមកាសែត Washington Post នេះគឺជាសំដីរបស់នេតាន់យ៉ាហ៊ូ ឆ្លើយទៅកាន់លោកចូ បៃដិនតាមទូរស័ព្ទ បន្ទាប់ពីលោក ចូ បៃដិនបានស្នើសុំឲ្យអ៊ីស្រាអែល កុំវាយប្រហារ ទៅលើទីតាំងប្រេង និងស្ថានីយ៍នុយក្លេអ៊ែររបស់អ៊ីរ៉ង់ឲ្យសោះ។
ក្នុងបរិបទថ្មីដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ, មនុស្សជាតិផ្តើមចាប់អារម្មណ៍ងាកទៅប្រើប្រាស់រថយន្តអគ្គិសនី។ ម្លោះហើយ ការផលិតឡានដើរដោយថាមពលអគ្គិសនីកំពុងតែទទួលការពេញនិយម ជាខ្លាំង នៅលើពិភពលោក។ ទន្ទឹមនឹងគ្នានេះ ដំណើរការទាញយករ៉ែកម្រដើម្បីធ្វើថ្មសាកអគ្គិសនីនោះ បានបង្កការរំលោភបំពានសិទ្ធិមនុស្ស បំផ្លាញធនធានធម្មជាតិ និងប៉ះពាល់សិទ្ធិជនជាតិភាគតិច ជាខ្លាំងដែរ។ នេះបើតាមរបាយការណ៍សិក្សាថ្មី របស់ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International ចេញផ្សាយនៅថ្ងៃអង្គារ ទី១៥តុលា។ ការរិះគន់យ៉ាងដូច្នោះ ជួនចំឱកាសពិព័រណ៍រថយន្តពិភពលោក ដែលកំពុងប្រព្រឹត្តទៅ ពេញ១សប្តាហ៍នេះ ក្នុងក្រុងប៉ារីស។
អ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ត្រូវបានមេធាវីការពារក្តីបញ្ជាក់នៅថ្ងៃទី១៥ ខែតុលានេះថា កូនក្តីរបស់ខ្លួនកំពុងមានជំងឺថប់អារម្មណ៍ដោយសារមិនបានទទួលដំណេកគ្រប់គ្រាន់ និងថា លោក ម៉ិច ដារ៉ា ក៏កំពុងបារម្ភពីម្តាយដែលមានវ័យចំណាស់ដែរ។ តាមមេធាវីការពារក្តីរូបនេះដដែល លោក ម៉ិច ដារ៉ា បានស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន ខណៈអ្នករួមអាជីពស្នើឲ្យដោះលែង លោក ម៉ិច ដារ៉ា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី១៥ តុលានេះ លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខាមបូចារ) ស្នើឲ្យអ្នកសម្រេចចិត្តលើករណីនេះមានការថ្លឹងថ្លែងរវាងកំហុសរបស់លោក ម៉ិច ដារ៉ា និងស្នាដៃរបស់លោកដែលបានចូលរួមដោះស្រាយបញ្ហាសង្គមតាមរយៈអត្ថបទស៊ើបអង្កេតពាក់ព័ន្ធនឹងការជួញដូរមនុស្សនៅកម្ពុជា៕
ក្រោយពីបានប្រកាសដកខ្លួនចេញពីគម្រោងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV កម្ពុជាកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយឡាវ និងវៀតណាម។ នៅក្នុងជំនួបត្រីភាគីក្រៅក្របខណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសឡាវកាលពីថ្ងៃទី១០ តុលា ប្រមុខរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាមបានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីធ្វើឱ្យអនុតំបន់ទន្លេមេគង្គ និងឥណ្ឌូចិនក្លាយជាគំរូភាពនៃទំនាក់ទំនង ពិសេសជំរុញការអភិវឌ្ឍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ សម្រាប់អ្នកនយោបាយ កិច្ចសហប្រតិបត្តិការត្រីភាគីរបៀបនេះមិនខុសពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ CLV ទេ និងថា កម្ពុជាអាចប្រឈមគ្រោះថ្នាក់ទៅថ្ងៃខាងមុខ។ តែអ្នកតាមដានភូមិសាស្ត្រនយោបាយមិនជំទាស់នឹងការដែលកម្ពុជាធ្វើកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយប្រទេសជិតខាងដើម្បីផលប្រយោជន៍ជាតិនោះទេ៕
វិបត្តិការទូតរវាងកាណាដានិងឥណ្ឌាកាន់តែផ្ទុះខ្លាំង។ ប្រទេសទាំង ២ បានសម្រេចបណ្តេញឯកអគ្គរដ្ឋទូត និងមន្ត្រីទូតជាន់ខ្ពស់ ចេញពីប្រទេសរៀងៗខ្លួន នៅថ្ងៃចន្ទ ទី១៤តុលា ម្សិលមិញនេះ។ ដើមហេតុព្រោះតែករណីសម្លាប់មេក្រុមចលនាប្រឆាំងរដ្ឋាភិបាលឥណ្ឌានៅលើទឹកដីកាណាដា កាលពីឆ្នាំទៅមិញ។ តម្រួតនគរបាលកាណាដា ទើបតែបង្ហាញការស៊ើបអង្កេតថ្មី ដោយបញ្ជាក់ថា ឃាតកម្មនេះ ពិតជាជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលឥណ្ឌា។
បន្ទាប់ពីជោគជ័យក្នុងការចុះចតកំណាត់ទី១នៃរ៉ូក្កែតមកលើជើងទម្រ ដែលជារឿងមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត ក្រុមហ៊ុនSpace X បានសម្រេចជោគជ័យម្តងទៀត ក្នុងការបញ្ជូនយានរបស់ទីភ្នាក់ងារ ណាសា ដើម្បីទៅស្វែងរកជីវិតនៅឋានព្រះចន្ទរបស់ភពព្រហស្បតិ៍។ នៅថ្ងៃចន្ទទី ១៤ តុលា យាន Europa Clipper របស់ទីភ្នាក់ងារណាសាបានចាកចេញពីមជ្ឈមណ្ឌលអវកាសKennedy ក្នុងរដ្ឋFlorida សំដៅយូរ៉ូប៉ា Europa ព្រះចន្ទមួយ ក្នុងចំណោមព្រះចន្ទធំៗចំនួន៤របស់ភពព្រហស្បតិ៍ ដែលស្ថិតនៅចម្ងាយប្រមាណ ៦៦៨លានគីឡូម៉ែត្រពីផែនដី។
មេដឹកនាំជាន់ខ្ពស់ ស្ថាប័នរដ្ឋ ឯកជន និងបណ្តាគណបក្សនយោបាយបាននាំគ្នារំលឹកខួប ១២ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ(សម្តេចឪ) អតីតព្រះមហាក្សត្រនៃកម្ពុជា។ ការរំលឹកខួបសោយទិវង្គតសម្តេចឪនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមរូបភាពផ្សេងៗគ្នា ដូចជាការគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គនៅស្តូបព្រះបរមរូប ការសរសេរសារបង្ហោះលើបណ្តាញសង្គមនានា ការលើកយកព្រះបរមឆាយាល័ក្ខណ៍ និងស្នាព្រះហស្ថរបស់ព្រះអង្គមកបង្ហាញជាដើម។
នៅក្នុងពិធីអបអរខួប៣០ឆ្នាំ នៃការបង្កើតកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា លោកបានឯកភាពជាមួយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានរៀបចំចាត់វិធានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារ«ម១» ព្រៃស ស្ថិតនៅរាជធានីភ្នំពេញ។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះ ធ្វើឡើងបន្ទាប់ពីមានឃ្លីបវីដេអូមួយបែកធ្លាយតាមបណ្តាញសង្គមកាលពីប៉ុន្មានថ្ងៃកន្លងទៅ ដែលបង្ហាញពីឧក្រិដ្ឋជនជនជាតិចិនរាំរែកជប់លៀងសប្បាយនៅក្នុងពន្ធនាគារ។ សូមស្តាប់លោក ហ៊ុន ម៉ាណែត ដែលរៀបចំឡើងដោយ ញឹម សុផល៖
លោក អង់ដ្រេ បេលូសូវ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានធ្វើដំណើរទៅទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ ទី១៤តុលា។ នៅក្នុងពេលជួបជាមួយលោករដ្ឋមន្ត្រីការបរទេសចិន រដ្ឋមន្ត្រីទាំង២នាក់ បានប្រកាសសន្យ ថានឹងដើរតាមមាគ៌ាដឹកនាំរបស់ប្រមុខដឹកនាំ ដើម្បីធ្វើឲ្យចំណងសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងមហាមិត្តទាំង២ ចាក់ឫសកាន់តែជ្រៅជាងនេះថែមទៀត។ គួរកត់សំគាល់ថា ក្រោយរុស្ស៊ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែន ទំនាក់ទំនងរវាងចិននិងរុស្ស៊ី កាន់តែស្អិតរមួតឡើង ដែលធ្វើឲ្យគេសំឡឹងឃើញថា វាជាទំនាក់ទំនងយុទ្ធសាស្ត្រដើម្បីប្រឆាំងនឹងក្រុមប្រទេសលោកខាងលិច។
ថ្ងៃចន្ទ ទី១៤តុលា ជាថ្ងៃបិទបញ្ចប់រដូវកាលប្រគល់រង្វាន់ណូបែលពិភពលោក។ ជ័យលាភីណូបែលសេដ្ឋកិច្ច ឆ្នាំ២០២៤ ត្រូវប្រគល់ជូនសាស្ត្រាចារ្យ ៣ នាក់ ដែលមានសញ្ជាតិអាមេរិក-តួកគី និងអាមេរិក-អង់គ្លេស។ សេដ្ឋវិទូទាំង ៣ រូបនេះ បានស្រាវជ្រាវអំពីរបៀបកកើតស្ថាប័នសង្គមជាតិមួយ ហើយនិងការជះឥទ្ធិពលផលវិបាករបស់សង្គមនោះទៅលើវិបុលភាព ព្រមទាំងសិក្សាអំពីវិសមភាពគម្លាតរវាងអ្នកមាននិងអ្នកក្រ នៅក្នុងសង្គមជាតិ។
រហូតមកដល់ពេលនេះ ការចរចាសំណងសម្រាប់ពលរដ្ឋរស់នៅអគារអង្គរមានជ័យស្ថិតចំក្រុងភ្នំពេញនៅមិនទាន់មានការឯកភាពទាំងស្រុងនៅឡើយទេ។ ពលរដ្ឋខ្លះដែលបានយល់ព្រមទទួលយកសំណងរបស់រដ្ឋដោយសារតែមើលឃើញពីភាពចំណាស់របស់អគារ។ តែពលរដ្ឋខ្លះទៀតមិនព្រមទទួលយកដោយយល់ថាជាសំណងតិចតួចដែលពិបាកឲ្យពួកគាត់អាចរកបានកន្លែងស្នាក់នៅក្នុងក្រុងភ្នំពេញ។
ក្រោយបានធ្វើបាតុកម្មអស់រយៈពេល ៤ថ្ងៃពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកបានសម្រេចបង្កើតក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា។ ការសម្រេចដូចនេះធ្វើឡើងនៅក្នុងសមាជមួយកាលពីថ្ងៃទី១២ ខែតុលាក្នុងគោលបំណងតស៊ូមតិឱ្យរដ្ឋាភិបាលកម្ពុជាងាកមកគោរពសិទ្ធិមនុស្ស ស្ដារលទ្ធិប្រជាធិបតេយ្យ និងផ្សះផ្សាជាតិឡើងវិញ។ ពួកគេយល់ថា ក្រុមប្រឹក្សានេះមានសិទ្ធិធ្វើជាតំណាងរបស់កម្ពុជានៅឯអង្គការសហប្រជាតិ។
១៣ តុលា ២០០៤-១៣ តុលា ២០២៤ គឺជាខួប២០ឆ្នាំ ដែលប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)។ តែរដ្ឋាភិបាលទើបតែប្រារព្ធពិធីអបអរនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃចន្ទនេះដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថាកម្ពុជាទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្មជាច្រើនបន្ទាប់ពីប្រទេសនេះបានក្លាយជាសមាជិកអង្គការ WTO។ តាមអ្នកឧកញ៉ា លឹម ហេង កម្ពុជាមានដៃគូពាណិជ្ជកម្មកាន់តែច្រើន រួមនឹងការអនុគ្រោះពាណិជ្ជកម្មមួយចំនួនផងដែរ។ ទោះយ៉ាងណាប្រទេសកម្ពុជាក៏នៅតែអាចប្រកួតប្រជែងការនាំចេញបានជាមួយប្រទេសជិតខាងនៅពេលគ្មានភាពអនុគ្រោះ ក្រោយកម្ពុជាចាកចេញពីប្រទេសដែលមានឋានៈក្រីក្រនៅក្រោយឆ្នាំ២០២៧។
តាំងពីព្រឹកព្រលឹម ថ្ងៃចន្ទ ទី១៤តុលា ទាហានអ៊ីស្រាអែលនិងក្រុមប្រដាប់អាវុធហេសបូឡាលីបង់ នៅតែបន្តបាញ់ប្រហារគ្នាទៅវិញទៅមក។ កងទ័ពអ៊ីស្រាអែល ប្រកាសតុល្យការ បញ្ជាក់ថា ពីថ្ងៃអាទិត្យ ទាហានអ៊ីស្រាអែល ៤ នាក់ស្លាប់ និង ៧នាក់រងរបួស ព្រោះតែការវាយប្រហារយន្តហោះដ្រូនរបស់ក្រុមប្រដាប់អាវុធហេសបូឡាលីបង់ នៅភាគខាងជើងអ៊ីស្រាអែល។ សហរដ្ឋអាមេរិក ប្រកាសថានឹងបញ្ជូនប្រព័ន្ធខែលការពារប្រឆាំងមីស៊ីល បន្ថែមទៀត បំពាក់ឲ្យអ៊ីស្រាអែល។
៤ថ្ងៃក្រោយបុណ្យជាតិតៃវ៉ាន់ ដូចការសង្ស័យ គឺចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ឡោមព័ទ្ធកោះតៃវ៉ាន់ នៅថ្ងៃទី១៤តុលា។ ផ្អែកតាមការផ្សាយរបស់បណ្តាញទូរទស្សន៍ចិន កងទ័ពចិនបានប្រើប្រាស់យន្តហោះចម្បាំង និងនាវាចម្បាំងច្រើនប្រភេទ ហាត់សមឡោមព័ទ្ធតៃវ៉ាន់ពីទិសខាងកើត។ កងទ័ពតៃវ៉ាន់វិញ បានប្រកាសអាសន្នកម្រិតខ្ពស់ និងបានអះអាងថាបានត្រៀមខ្លួនរួចហើយដើម្បីការពារបូរណភាព និងអធិបតេយ្យភាពរបស់តៃវ៉ាន់។
លោក បេន ដាវិស ជាជនជាតិអាមេរិកាំង និងភរិយាគាត់ជាជនជាតិអូស្ត្រាលី។ អ្នកទាំងពីរបាននាំកូនស្រីទាំង២នាក់ មករស់នៅ និងចូលរួមការពារ អភិរក្សព្រៃឈើសត្វព្រៃជាមួយរដ្ឋាភិបាលកម្ពុជាតាំង ពីឆ្នាំ២០១២ រហូតរដ្ឋាភិបាលសម្រេចបង្កើតជាតំបន់ដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក លើផ្ទៃដីទំហំ ៥១ ៧៣០ ហិកតា ។ ក្នុងឆ្នាំ២០២២ លោក បេន និងក្រុមគ្រួសារ ទទួលបានសញ្ជាតិខ្មែរ។ ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ លោក បេន និយាយថា លោកបានប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ជាច្រើនដងក្នុងការចុះបង្ក្រាបបទល្មើស។ នោះក៏ព្រោះតែអ្នករកស៊ីកាប់ព្រៃ និងអ្នកដាក់អន្ទាក់បរបាញ់សត្វព្រៃ មានកាំភ្លើងកែច្នៃ កាំភ្លើង AK 47ជាដើម៕
លោក សាំ ហ៊ូហ្វៃ អតីតចៅក្រមតុលាការកំពូលម៉ាកាវ ត្រូវបានគេបោះឆ្នោតតែងតាំង នៅថ្ងៃអាទិត្យទី១៣តុលា ឲ្យធ្វើជាអភិបាលតំបន់រដ្ឋបាលពិសេសម៉ាកាវ។ នេះគឺជាលើកទី១ហើយ ដែលអភិបាលតំបន់ម៉ាកាវ គឺជាមនុស្សដែលមិនកើតនៅតំបន់នេះ ហើយក៏ជាលើកទីមួយដែរ ដែលជាមនុស្សមកពីវិស័យតុលាការ។ តំបន់រដ្ឋបាលពិសេសម៉ាកាវ គឺជាដែនដីតែមួយគត់របស់ចិន ដែលអនុញ្ញាតឲ្យមានបនល្បែង។
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ តុលាការកម្ពុជា បានចាត់ការដោះស្រាយសំណុំរឿងចំនួន១៣២ ៨០៥ សំណុំ ឬស្មើ៧៣.៥១% នៃសំណុំរឿងសរុប។ សំណុំរឿងទាំងនោះជារឿងព្រហ្មទណ្ឌ រឿងរដ្ឋប្បវេណី និងសំណុំរឿងដទៃទៀត។ លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី១២ តុលានេះថា យុទ្ធនាការជំរុញ និងពន្លឿនដោះស្រាយរឿងក្ដីនៅតាមតុលាការនេះ មិនមែនជាយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការទេនោះ តែជាការលើកកម្ពស់ការផ្ដល់សេវាយុត្តិធម៌ដល់ពលរដ្ឋរងគ្រោះ។ លោកមិនភ្លេចបញ្ជាក់ថា យុទ្ធនាការនេះនឹងបន្ដរហូត ឱ្យតែមានបណ្ដឹងពីប្រជាពលរដ្ឋ។
នៅក្នុងជំនួបទ្វេរភាគីរវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋាភិបាលកាណាដា ក្រៅកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី១១ តុលាកន្លងទៅ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានលើកឡើងពីការពង្រឹងទំនាក់ទំនងវិស័យការទូតនៃប្រទេសពីរ និងថាកាណាដាគ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូត នៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ។ តាមភាគីកាណាដា ការបើកឲ្យមានស្ថានទូតខ្លួននៅកម្ពុជាគឺដើម្បីបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
ទោះបីជាមានភាពតានតឹងនឹងគ្នាខ្លះជុំវិញជម្លោះថ្មីៗនៅក្នុងសមុទ្ទចិនខាងត្បូងក៏ដោយ ក៏ វៀតណាមនិងចិន នៅតែបង្ហាញឱ្យឃើញអំពីទំនាក់ទំនងយ៉ាងស្អិតល្មួតនឹងគ្នាជានិច្ច។ នៅថ្ងៃអាទិត្យទី ១៣តុលា២០២៤នេះ ប្រទេសទាំងពីរបានថែមទាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច ដើម្បីពង្រឹងបណ្តាញផ្លូវដែកនិងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងគ្នា។
លោក គួង សំណាង គឺជាសាស្ត្រាចារ្យវិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកបានចូលរៀនមុខជំនាញនេះតាំងប្រមាណ២០ឆ្នាំមុន ខណៈនិស្សិតភាគច្រើនមិនសូវចាប់អារម្មណ៍។ តែសាស្ត្រចារ្យ គួង សំណាង បានបញ្ជាក់ថា មុខជំនាញបច្ចេកទេសមួយនេះកំពុងតែមានតម្រូវការទីផ្សារការងារច្រើន ខណៈប្រទេសជាតិចេះតែវិវត្តន៍ទៅមុខតាមសម័យបច្ចេកវិទ្យាទំនើប។ លោកចង់ឲ្យសិស្សដែលទើបប្រឡងបាក់ឌុប ពិចារណាចូលរៀនមុខជំនាញ វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច(TEED) ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រទេសជាតិ។
ព្រឹកថ្ងៃអាទិត្យទី១៣តុលា កងទ័ពតៃវ៉ាន់បានប្រកាសអាសន្នភ្លាមៗ បន្ទាប់ពីមាននាវាចម្បាំងមួយគ្រឿង បានបើកសំដៅមកកៀកបំផុតនិងខាងត្បូងកោះតៃវ៉ាន់។ ការប្រកាសអាសន្ន គឺវាស្ថិតនៅក្នុងបរិបទមួយដ៏តានតឹង ដែលចិនបានគំរាមជាប់ជាប្រចាំ ថាអាចនឹងប្រើកម្លាំងវាយដើម្បីគ្រប់គ្រងតៃវ៉ាន់។ បុណ្យជាតិតៃវ៉ាន់ ថ្ងៃសទី១០តុលា ទើបតែរំលងផុតទៅ ហើយអ្នកជំនាញមួយចំនួនបានព្រួយបារម្ភថាចិនអាចនឹងឆក់ឱកាសធ្វើសមយុទ្ធយោធា ដើម្បីបង្ហាញសាច់ដុំបំភ័យតៃវ៉ាន់។