កម្មវិធីផ្សាយ ថ្ងៃសៅរ៍ទី ១៩ តុលា ២០២៤
newsare.net
កម្មវិធីផ្សាយព័ត៌មាន ថ្ងៃសៅរ៍ទី ១៩ តុលា ២០២៤ ដោយ សាំ ឧត្តមកម្មវិធីផ្សាយ ថ្ងៃសៅរ៍ទី ១៩ តុលា ២០២៤
កម្មវិធីផ្សាយព័ត៌មាន ថ្ងៃសៅរ៍ទី ១៩ តុលា ២០២៤ ដោយ សាំ ឧត្តម Read more
កម្មវិធីផ្សាយព័ត៌មាន ថ្ងៃសៅរ៍ទី ១៩ តុលា ២០២៤ ដោយ សាំ ឧត្តម Read more
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ អយ្យការអមសាលាដំបូង ក្រុងភ្នំពេញបានសម្រចចោទប្រកាន់បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី ពីបទល្មើសចំនួន២ ពាក់ព័ន្ធនឹងករណីរំលោភសិស្សស្រី១៨នាក់ នៅសាលារៀនឥស្លាមមួយកន្លែង ក្នុងក្រុងភ្នំពេញ។ នៅសប្តាហ៍នេះ ជនសង្ស័យ កាម៉ារូទីន ស៊ូហៃមី ត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានបដិសេធមិនទទួលស្គាល់ទង្វើរបស់ខ្លួន ទោះបីជាមានជនរងគ្រោះចេញមុខមកបំភ្លឺពីករណីនេះក៏ដោយ។
នៅសហរដ្ឋអាមេរិក សំណុំរឿងចេតនាលួចបន្លំសន្លឹកឆ្នោតនិងកែប្រែលទ្ធផលបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០ បានមកលងបន្លាចលោក ដូណាល់ ត្រាំ ជាថ្មី។ ពីថ្ងៃសុក្រ ទី១៨តុលា ចៅក្រមតុលាការសហព័ន្ធអាមេរិក បានសម្រេចអនុញ្ញាតឲ្យផ្សព្វផ្សាយឯកសារភស្តុតាង សរុបចំនួន ១ ៨៨៩ ទំព័រ ស្តីអំពីសកម្មភាពនិងចេតនារបស់លោក ដូណាល់ ត្រាំ ដែលបានបញ្ជាឲ្យកែប្រែបង្វែរលទ្ធផលបោះឆ្នោតប្រធានាធិបតី កាលពី ឆ្នាំ២០២០។ ឆ្នាំ២០២០ ដែលលោក ចូ បៃដិន ឈ្នះឆ្នោតធ្វើជាប្រធានាធិបតីជំនួសលោក ត្រាំ។ ការប្រកាសផ្សាយភស្តុតាងក្នុងសំណុំរឿងបង្វែរលទ្ធផលបោះឆ្នោត នៅពេលនេះ ត្រូវក្រុមមេធាវីការពារក្តីឲ្យលោក ត្រាំ ចោទប្រកាន់ថា តុលាការកំពុងតែជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក អាណត្តិថ្មី ដែលនឹងប្រព្រឹត្តធ្វើឡើង នៅ៣សប្តាហ៍ទៀត។
ក្រោយពីធ្វើសមយុទ្ធទ្រង់ទ្រាយធំឡោមព័ទ្ធតៃវ៉ាន់, ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចេញបញ្ជាឲ្យកងទ័ពចិន ត្រៀមខ្លួនសម្រាប់ស្ថានការណ៍សង្គ្រាម។ សេចក្តីអំពាវនាវនេះ ទន្ទឹមនឹងការចោទប្រកាន់របស់តៃវ៉ាន់ ដែលថា រដ្ឋអំណាចក្រុងប៉េកាំង ជាអ្នកនៅពីក្រោយខ្នងនៃការផ្តាច់ស្ថានទំនាក់ទំនងក្រុងតៃប៉ិនៅប្រទេសអាហ្វ្រិកខាងត្បូង។
ប៉ូលិសជប៉ុននៅថ្ងៃសៅរ៍ទី ១៩ តុលា បានចាប់ឃាត់ខ្លួនបុរសវ័យជាង ៤០ម្នាក់ ដែលបានគប់គ្រាប់បែកច្នៃ ដប Molotov cocktailទៅលើទីស្នាក់ការគណបក្សកាន់អំណាច គណបក្សសេរីប្រជាធិបតេយ្យ។ ក្រៅពីវាយប្រហារទៅលើទីស្នាក់ការគណបក្ស ជនសង្ស័យនៅបានបើករថយន្តបុកបារ៉ាស នៅមុខការិយាល័យនាយករដ្ឋមន្រ្តី នៅក្បែរនោះ។ ថ្លែងពីភាគខាងត្បូងប្រទេសជាទីដែលលោកកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោកនាយករដ្ឋមន្រ្តីជប៉ុន ស្ហ៊ីហ្កេរូ អ៊ីស្ហីដា បានថ្លែងថា ប្រជាធិបតេយ្យមិនអាចចុះចាញ់ ស្លាប់ដោយសារអំពើហិង្សាដាច់ខាត។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក សុទ្ធ គឹមកុលមុនីបានអះអាងថា ជំនន់ទឹកភ្លៀងនៅក្នុងខេត្តប៉ៃលិនបានស្រកអស់ហើយ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែតុលានេះ។ តាមការបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិRFI លោក សុទ្ធ គឹមកុលមុនីបានឱ្យដឹងថា ជំនន់ទឹកភ្លៀងកាលពីថ្ងៃទី១៨ តុលាបានបង្កការខូចខាតដល់ផ្ទះសម្បែងប្រជាពលរដ្ឋសរុបចំនួន៧២ខ្នង បាត់គោ២ក្បាល ខូចខាតរថយន្ត៤គ្រឿង និងម៉ូតូ២៣គ្រឿង ប៉ុន្តែ ពុំបណ្តាលឱ្យពលរដ្ឋណាម្នាក់ស្លាប់បាត់បង់អាយុជីវិតឡើយ។ អ្នកនាំពាក្យរូបនេះនៅបានបន្ថែមថា ជំនន់ទឹកភ្លៀងលើកនេះ ពុំមែនបណ្តាលមកពីការបាក់ទំនប់ទឹកអ្វីឡើយ ពោលគឺជាជំនន់ទឹកភ្លៀងដែលកើតចេញមកពីទឹកហូរធ្លាក់ចុះខ្លាំងពីលើភ្នំតែប៉ុណ្ណោះ៕
ក្រុមប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ បានជួបប្រជុំគ្នាក្នុងជំនួបកំពូលកាលពីថ្ងៃព្រហស្បតិ៍ ទី១៧តុលាកន្លងទៅ។ សំណុំរឿងដ៏ធំនិងបន្ទាន់បំផុត គឺបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ដែលសម្រុកចូលមកក្នុងទឹកដីអឺរ៉ុបឥតដាច់ ស្របពេលដែលអឺរ៉ុបគ្មានដំណោះស្រាយរួមឲ្យមានប្រសិទ្ធភាព។ បញ្ហាអន្តោប្រវេសន៍ គឺជាចំណុចធ្វើឲ្យប្រទេសអឺរ៉ុបប្រកែកទាស់ទែងគ្នា ខណៈប្រទេសខ្លះចង់បិទទ្វារខ្ទប់ ប្រទេសខ្លះទៀតចង់បើកចំហទទួលអន្តោប្រវេសន៍។ ឆ្លងកាត់ការប្រជុំជជែកគ្នាយ៉ាងតឹងតែង គេសង្កេតឃើញថា ប្រទេសសមាជិកអឺរ៉ុបកាន់តែច្រើន ហាក់ដូចជាចង់គាំទ្រឲ្យមានច្បាប់ថ្មី ដែលអនុញ្ញាតឲ្យគេអាចចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ត្រលប់ទៅកាន់ប្រទេសដើមវិញ ឲ្យបានច្រើន និងលឿនរហ័សបំផុត។
មេកើយចលនាហាម៉ាស យ៉ាហយ៉ា ស៊ីនវ៉ា (Yahya Sinwar) ស្លាប់នៅថ្ងៃទី ១៧ តុលា ក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កហ្សា។ ប្រតិកម្មលោកខាងលិចបានធ្លាក់មកជាបន្តបន្ទាប់។ ប្រមុខដឹកនាំខ្លះយល់ថាការកម្ចាត់មេកើយហាម៉ាសបាន ជាឱកាសនាំដល់ការបិទបញ្ចប់សង្គ្រាមនៅហ្កាហ្សា តែលោកនេតាន់យ៉ាហ៊ូ បានព្រមានភ្លាមថាសង្គ្រាមមិនទាន់បញ្ចប់ទេ។ ចំណែកអ៊ីរ៉ង់ចាត់ទុកការស្លាប់របស់យ៉ាហយ៉ា ស៊ីនវ៉ារ ថាជាការពង្រឹងស្មារតីតស៊ូ។ ចលនាហេសបូឡាបានប្រកាសបើកប្រតិបត្តិការវាយប្រហារដំណាក់កាលថ្មីលើអ៊ីស្រាអែល។
នៅពហុកីឡដ្ឋានជាតិអូឡាំពិក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នឹងមានការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ។ ការប្រកួតនេះ មានគោលបំណងប្រមូលផ្តុំក្បាច់គុនទាំងអស់ បង្ហាញដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យយល់ដឹងពីក្បាច់គុនខ្មែរបុរាណដែលនៅសល់ ខណៈក្បាច់គុនល្បីៗមានតែ២-៣ប៉ុណ្ណោះ ដូចជា គុនខ្មែរ និងល្បុក្កតោជាដើម។ នៅក្នុងឱកាសនេះ សិល្បករ និងអ្នកហាត់គុណអំពាវនាវឱ្យមហាជនទូទៅ ចូលរួមទស្សនាការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណឱ្យបានច្រើនកុះករ ដើម្បីគាំទ្រ លើកទឹកចិត្តដល់អ្នកដែលខំថែរក្សាក្បាច់គុនបុរាណ។ ការចូលទស្សនាមិនត្រូវបានគិតថ្លៃនោះទេ។
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត និងជាប្រេសិតពិសេសបារាំងទទួលបន្ទុកភូមា លោក Christian Lechervy នាថ្ងៃទី១៧តុលា ម្សិលមិញនេះ ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា កិច្ចព្រមព្រៀងកុងសង់ស៊ុស ៥ចំណុចរបស់អាស៊ានក្នុងបញ្ហាភូមាហាក់ដូចជាហួសសម័យទៅហើយ។ អ្វីដែលនាំឱ្យលោកហ៊ុន សែនលើកឡើងយ៉ាងដូច្នេះ គឺដោយមកពីលោកមើលឃើញថា ចំណុច១ ក្នុងចំណោមកុងសង់ស៊ុស ទាំង ៥ចំណុច លើកឡើងពីការទប់ស្កាត់អំពើហិង្សា ប៉ុន្តែនាពេលនេះ ស្ថានការណ៍នៅភូមាបានរាលដាល សឹងតែក្លាយទៅជាសង្គ្រាមស៊ីវិលទៅហើយ។ អ្នកតាមដានកិច្ចការអន្តរជាតិ និងភូមិសាស្ត្រនយោបាយក៏បានបង្ហាញការយល់ឃើញស្រដៀងគ្នាជាមួយលោក ហ៊ុន សែន ដោយថា អាស៊ានហាក់គ្មានអ្វីជាដុំកំភួនក្នុងកិច្ចការដោះស្រាយវិបត្តិភូមា។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វៀតណាមអះអាងថា នឹងបន្ដពិគ្រោះយោបល់ជាមួយភាគីកម្ពុជា និងឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ទោះបីកម្ពុជាដើរចេញពីគម្រោងតំបន់អភិវឌ្ឍន៍រួម CLV-DTA។ ភាគីវៀតណាម ចេញមុខមកប្រកាស បន្ដពិគ្រោះយោបល់ជាមួយប្រទេស២ទៀត បន្ទាប់ពីប្រមុខរដ្ឋាភិបាលប្រទេសទាំង៣ នៅក្រៅកិច្ចប្រជុំអាស៊ាននៅទីក្រុងវៀងច័ន្ទ បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការរួមគ្នា ទោះគ្មាន CLV-DTA។
កងទ័ពជួរមុខកម្ពុជា-ថៃ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានណាត់ជួបពិភាក្សាគ្នានៅក្នុងភូមិចំប៉ីរួត ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ការជួបជជែកគ្នានេះ ធ្វើឡើងបន្ទាប់ពីកងទ័ពឈុតខ្មៅថៃប្រមាណ២០០នាក់ បានចូលមកស្នើឲ្យពលរដ្ឋខ្មែរដែលដាំដំណាំកសិកម្មនៅតំបន់ព្រំដែននោះបញ្ឈប់ការដាំដុះ ដោយថៃយល់ថា ជាតំបន់ស មិនទាន់ច្បាស់លាស់។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០២ បានឲ្យដឹងថា កងទ័ពប្រទេសទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់បញ្ហាហើយ។ បើតាមលោក ឃួន ភិរុណ ភាគីកម្ពុជាមិនអនុញ្ញាតឲ្យកងទ័ពថៃដកបំផ្លាញដំណាំកសិកម្មរបស់កសិករខ្មែរនៅពេលនេះទេ ដោយរង់ចាំទទួលផលនៅដើមឆ្នាំក្រោយ។
មានទោសប្រហារជីវិតក្នុងសំណុំរឿងទីមួយ ដែលតុលាការវៀតណាមបានសម្រេចផ្តន្ទាកាលពីខែមេសា នៅថ្ងៃព្រហស្បតិ៍ទី ១៧តុលា២០២៤នេះ សេដ្ឋីនីអចលនវត្ថុ ជឿង មីឡាន ត្រូវមានទោសក្នុជាប់ពន្ធនាគារអស់មួយជីវិតទៀត ក្នុងសំណុំរឿងក្តីទីពីរ ពីបទពុករលួយលាងលុយ។
អ្នកចិញ្ចឹមកណ្តុរប្រែងមួយចំនួនកំពុងសប្បាយចិត្តជាមួយនឹងតម្រូវការទីផ្សារខ្ពស់ និងទទួលបានតម្លៃសមរម្យ។ លោក រឿន កុសល់ អ្នកចិញ្ចឹមកណ្តុរប្រែងម្នាក់ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានអះអាងថា សព្វថ្ងៃនេះ លោកស្ទើរតែពុំអាចផ្គត់ផ្គង់កណ្តុរប្រែងដែលអាំងរួចទៅឱ្យអតិថិជនបានគ្រប់ចំនួន។ តាមលោក រឿន កុសល់ កណ្តុរប្រែងអាំងកំពុងក្លាយជាអាហារពេញនិយម តែទីផ្សារចិញ្ចឹមកណ្តុរប្រែងនៅតូចចង្អៀត និងមិនទាន់ទូលំទូលាយនៅឡើយ។
លោកនុត សវនា អ្នកនាំពាក្យ និងជាអគ្គនាយករងនៃនាយកដ្ឋានពន្ធនាគារត្រូវបានតែងតាំងជាប្រធានពន្ធនាគារព្រៃសដោយបន្ថែមលើមុខងារបច្ចុប្បន្ន។ ការផ្តល់តួនាទីដល់លោកនុត សវនាធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបញ្ជាឱ្យផ្លាស់ប្តូរក្បាលម៉ាស៊ីនពន្ធនាគារ ក្រោយបែកធ្លាយវីដេអូរាំរែក ស៊ីផឹក និងសេពគ្រឿងញៀនយ៉ាងអនាធិបតេយ្យក្នុងពន្ធនាគារ។ តែក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យរង លោកទូច សុខៈបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៧ តុលានេះថា ការផ្លាស់ប្តូរក្បាលម៉ាស៊ីនពន្ធនាគារព្រៃសពេលនេះ គឺដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងពន្ធនាគារ ពោលមិនមែនដោយសារប្រធានចាស់អសមត្ថភាពនោះទេ។
ជាង១ពាន់១រយលាននាក់ ជាជនក្រីក្រស្រួចស្រាវ ក្នុងនោះជាងពាក់កណ្តាលជាក្មេងក្រោមអាយុ១៨ឆ្នាំ។ ភាពក្រីក្រស្រួចស្រាវកើនឡើងខ្លាំងជាពិសេសនៅក្នុងប្រទេសមានសង្គ្រាម។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់កម្មវិធីអង្គការសហប្រជាជាតិដើម្បីការអភិវឌ្ឍ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៧តុលា២០២៤។
បន្ទាប់ពីបន្ទាបការប្រាក់ និងបន្ធូរបន្ថយលក្ខខណ្ឌក្នុងការទិញផ្ទះ រដ្ឋាភិបាលចិនបានប្រកាសនៅថ្ងៃទី១៧តុលានេះ ថាគេនឹងបង្កើនការផ្តល់កម្ចី ក្នុងទំហំ៤០០០ពាន់លានយ៉ន់ ដែលស្មើនឹងប្រមាណ៥៦០ពាន់លានដុល្លារ ទៅឲ្យគម្រោងអចលនទ្រព្យមួយចំនួនដែលនៅជាប់គាំង សង់មិនទាន់រួចរាល់។ នេះគឺជាវិធានការថ្មីមួយទៀត របស់អាជ្ញាធរចិន ដើម្បីជំរុញផ្តល់សន្ទុះ ដល់វិស័យអចលនទ្រព្យ ដែលនៅជាប់គាំង។ តែយ៉ាងណា អ្នកជំនាញខ្លះមិនជឿថាវិធានការទាំងនេះ អាចជួយដល់សេដ្ឋកិច្ចចិនជាទូទៅ ដែលកំពុងតែជួបការលំបាកឡើយ។
ឃ្លីបវីដេអូដែលបង្ហាញពីការរាំរែកសប្បាយនៅក្នុងពន្ធនាគារព្រៃស «ម១» កាលពីដើមសប្តាហ៍បានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ និងហួសចិត្តនៅក្នុងចំណោមមហាជន។ អ្នកវិភាគសង្គម និងច្បាប់នានាយល់ឃើញថា គឺជាទង្វើមួយបែបអានាធិបតេយ្យដែលអ្នកគ្រប់គ្រងពន្ធនាគារជាអ្នកបណ្តោយឲ្យមានកម្មវិធីសប្បាយមួយនេះ។ បាតុភាពដូចគ្នានេះក៏ត្រូវបានគេសង្ស័យថាអាចកើតមាននៅតាមពន្ធនាគារផ្សេងៗទៀតនៅទូទាំងប្រទេស។ ហេតុអ្វីបានជាមានហេតុការណ៍បែបនេះកើតឡើង និងថា តើអ្នកគ្រប់គ្រងពន្ធនាគារគួរប្រឈមនឹងការទទួលខុសត្រូវយ៉ាងណា?
កូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្ត១០ប្រទេសទៀត បានប្រមូលផ្តុំគ្នាបង្កើតក្រុមត្រួតនិពិត្យនិងតាមដានឃ្លាំមើលទណ្ឌកម្មកូរ៉េខាងជើង។ ក្រុមអន្តរប្រទេសនេះ បង្កើតឡើង តែថ្ងៃតែមួយប៉ុណ្ណោះ ក្រោយពី កូរ៉េខាងជើង និង រុស្ស៊ី បានចុះកិច្ចព្រមព្រៀងការពារជាតិរួម។
ផលិតផលសំអាងសម្រាប់ក្មេងកំពុងក្លាយជាបាតុភូតដ៏ពេញនិយម។ ក្រោមឥទ្ធិពលរបស់អ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម មានក្មេងស្រីៗច្រើនឡើងៗចង់ផាត់ម្សៅ លាបឡេ តាមដែរ។ ប៉ុន្តែក្មេងក្នុងវ័យជំទង់មិនគួរប្រើផលិតផលសំអាងឡើយ ព្រោះមិនត្រឹមតែអត់ប្រយោជន៍ទេ តែថែមទាំងធ្វើឱ្យខូចសុខភាពទៀត។
ថ្ងៃ អង្គារ ទី ១៥ ខែតុលា ឆ្នាំ ២០២៤ វិមានក្រេមឡាំង បានបញ្ជាក់ជាថ្មីម្តងទៀត អំពីខ្លឹមសារនៃកិច្ចព្រមព្រៀងជំនួយយោធា រវាង រុស្ស៊ី និង កូរ៉េខាងជើង ដែលភាគីទាំងពីរបានចុះហត្ថលេខា កាលពីខែមិថុនា កន្លងទៅ។ ផ្អែកតាមសំដីរបស់នាំពាក្យ វិមានក្រេមឡាំង កិច្ចព្រមព្រៀងថ្មីនេះ បានកំណត់ច្បាស់ថា រុស្ស៊ី និង កូរ៉េខាងជើង នឹងធ្វើអន្តរាគមន៍ផ្លូវយោធា ជួយគ្នាទៅវិញទៅមក ប្រសិនបើប្រទេសណាមួយក្នុងចំណោមប្រទេសទាំងពីរនេះ ត្រូវរងការឈ្លានពាន ឬ ការប្រកាសសង្គ្រាមជាផ្លូវការ ពីសំណាក់ប្រទេសខាងក្រៅ។
នៅថ្ងៃពុធទី១៦តុលានេះ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានបង្ហាញ “ផែនការយកឈ្នះសង្គ្រាម” ទៅកាន់អង្គសភា នៅទីក្រុងកៀវ។ បើតាម លោកប្រធានាធិបតី ផែនការសន្តិភាពនេះបានទទួលការគាំទ្រទាំងស្រុងពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ហើយសង្គ្រាមជាមួយរុស្ស៊ីអាចនឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ។ លោកហ្សេឡេនស្គីបានគូសបញ្ជាក់ច្បាស់ៗថា ប្រយុទ្ធបង្ហូរឈាមអស់ជាងពីរឆ្នាំ អ៊ុយក្រែនមិនព្រមឱ្យបាត់បង់ទឹកដីទេ ឬរំកិលព្រំដែនមកនៅត្រឹមខ្សែប្រយុទ្ធបច្ចុប្បន្នដើម្បីចង់សង្គ្រាមឡើយ។
កូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្ត១០ប្រទេសទៀត បានប្រមូលផ្តុំគ្នាបង្កើតក្រុមត្រួតនិពិត្យនិងតាមដានលាំមើលទណ្ឌកម្មកូរ៉េខាងជើងរបស់លោក គីម ជុងអ៊ុន។ ក្រុមអន្តរប្រទេសនេះ បង្កើតឡើង តែថ្ងៃតែមួយប៉ុណ្ណោះ ក្រោយពី កូរ៉េខាងជើង និង រុស្ស៊ី បានចុះកិច្ចព្រមព្រៀងការពារជាតិរួម។
បន្ទាប់ពីដំណើរការប្រលងបាក់ឌុបថ្ងៃទី៨-៩ ខែតុលា ត្រូវបានបិទបញ្ចប់ក្រសួងអប់រំយុវជននិងកីឡាកំពុងមម៉ាញឹកជាថ្មីម្តងទៀតលើការរៀបចំកំណែសន្លឹកកិច្ចការបេក្ខជនប្រលងបាក់ឌុបទាំងជិត១៤ម៉ឺននាក់នៅទូទាំងប្រទេស យ៉ាងម៉ត់ចត់និងសំងាត់ជាងមុន ជាពិសេសក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ បានលើកឡើងថា មានតែអ៊ីស្រាអែលម្នាក់គាត់ ដែលជាអ្នកសម្រេច កំណត់គោលដៅថាវាយអ៊ីរ៉ង់ត្រង់កន្លែងកន្លែងណា ដើម្បីសងសឹកចំពោះការដែលអ៊ីរ៉ង់ បាញ់មីស៊ីល២០០គ្រាប់ មកលើអ៊ីស្រាអែល។ ផ្អែកតាមកាសែត Washington Post នេះគឺជាសំដីរបស់នេតាន់យ៉ាហ៊ូ ឆ្លើយទៅកាន់លោកចូ បៃដិនតាមទូរស័ព្ទ បន្ទាប់ពីលោក ចូ បៃដិនបានស្នើសុំឲ្យអ៊ីស្រាអែល កុំវាយប្រហារ ទៅលើទីតាំងប្រេង និងស្ថានីយ៍នុយក្លេអ៊ែររបស់អ៊ីរ៉ង់ឲ្យសោះ។
ក្នុងបរិបទថ្មីដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ, មនុស្សជាតិផ្តើមចាប់អារម្មណ៍ងាកទៅប្រើប្រាស់រថយន្តអគ្គិសនី។ ម្លោះហើយ ការផលិតឡានដើរដោយថាមពលអគ្គិសនីកំពុងតែទទួលការពេញនិយម ជាខ្លាំង នៅលើពិភពលោក។ ទន្ទឹមនឹងគ្នានេះ ដំណើរការទាញយករ៉ែកម្រដើម្បីធ្វើថ្មសាកអគ្គិសនីនោះ បានបង្កការរំលោភបំពានសិទ្ធិមនុស្ស បំផ្លាញធនធានធម្មជាតិ និងប៉ះពាល់សិទ្ធិជនជាតិភាគតិច ជាខ្លាំងដែរ។ នេះបើតាមរបាយការណ៍សិក្សាថ្មី របស់ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International ចេញផ្សាយនៅថ្ងៃអង្គារ ទី១៥តុលា។ ការរិះគន់យ៉ាងដូច្នោះ ជួនចំឱកាសពិព័រណ៍រថយន្តពិភពលោក ដែលកំពុងប្រព្រឹត្តទៅ ពេញ១សប្តាហ៍នេះ ក្នុងក្រុងប៉ារីស។
អ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ត្រូវបានមេធាវីការពារក្តីបញ្ជាក់នៅថ្ងៃទី១៥ ខែតុលានេះថា កូនក្តីរបស់ខ្លួនកំពុងមានជំងឺថប់អារម្មណ៍ដោយសារមិនបានទទួលដំណេកគ្រប់គ្រាន់ និងថា លោក ម៉ិច ដារ៉ា ក៏កំពុងបារម្ភពីម្តាយដែលមានវ័យចំណាស់ដែរ។ តាមមេធាវីការពារក្តីរូបនេះដដែល លោក ម៉ិច ដារ៉ា បានស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន ខណៈអ្នករួមអាជីពស្នើឲ្យដោះលែង លោក ម៉ិច ដារ៉ា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី១៥ តុលានេះ លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខាមបូចារ) ស្នើឲ្យអ្នកសម្រេចចិត្តលើករណីនេះមានការថ្លឹងថ្លែងរវាងកំហុសរបស់លោក ម៉ិច ដារ៉ា និងស្នាដៃរបស់លោកដែលបានចូលរួមដោះស្រាយបញ្ហាសង្គមតាមរយៈអត្ថបទស៊ើបអង្កេតពាក់ព័ន្ធនឹងការជួញដូរមនុស្សនៅកម្ពុជា៕
ក្រោយពីបានប្រកាសដកខ្លួនចេញពីគម្រោងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV កម្ពុជាកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយឡាវ និងវៀតណាម។ នៅក្នុងជំនួបត្រីភាគីក្រៅក្របខណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសឡាវកាលពីថ្ងៃទី១០ តុលា ប្រមុខរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាមបានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីធ្វើឱ្យអនុតំបន់ទន្លេមេគង្គ និងឥណ្ឌូចិនក្លាយជាគំរូភាពនៃទំនាក់ទំនង ពិសេសជំរុញការអភិវឌ្ឍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ សម្រាប់អ្នកនយោបាយ កិច្ចសហប្រតិបត្តិការត្រីភាគីរបៀបនេះមិនខុសពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ CLV ទេ និងថា កម្ពុជាអាចប្រឈមគ្រោះថ្នាក់ទៅថ្ងៃខាងមុខ។ តែអ្នកតាមដានភូមិសាស្ត្រនយោបាយមិនជំទាស់នឹងការដែលកម្ពុជាធ្វើកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយប្រទេសជិតខាងដើម្បីផលប្រយោជន៍ជាតិនោះទេ៕
វិបត្តិការទូតរវាងកាណាដានិងឥណ្ឌាកាន់តែផ្ទុះខ្លាំង។ ប្រទេសទាំង ២ បានសម្រេចបណ្តេញឯកអគ្គរដ្ឋទូត និងមន្ត្រីទូតជាន់ខ្ពស់ ចេញពីប្រទេសរៀងៗខ្លួន នៅថ្ងៃចន្ទ ទី១៤តុលា ម្សិលមិញនេះ។ ដើមហេតុព្រោះតែករណីសម្លាប់មេក្រុមចលនាប្រឆាំងរដ្ឋាភិបាលឥណ្ឌានៅលើទឹកដីកាណាដា កាលពីឆ្នាំទៅមិញ។ តម្រួតនគរបាលកាណាដា ទើបតែបង្ហាញការស៊ើបអង្កេតថ្មី ដោយបញ្ជាក់ថា ឃាតកម្មនេះ ពិតជាជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលឥណ្ឌា។
បន្ទាប់ពីជោគជ័យក្នុងការចុះចតកំណាត់ទី១នៃរ៉ូក្កែតមកលើជើងទម្រ ដែលជារឿងមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត ក្រុមហ៊ុនSpace X បានសម្រេចជោគជ័យម្តងទៀត ក្នុងការបញ្ជូនយានរបស់ទីភ្នាក់ងារ ណាសា ដើម្បីទៅស្វែងរកជីវិតនៅឋានព្រះចន្ទរបស់ភពព្រហស្បតិ៍។ នៅថ្ងៃចន្ទទី ១៤ តុលា យាន Europa Clipper របស់ទីភ្នាក់ងារណាសាបានចាកចេញពីមជ្ឈមណ្ឌលអវកាសKennedy ក្នុងរដ្ឋFlorida សំដៅយូរ៉ូប៉ា Europa ព្រះចន្ទមួយ ក្នុងចំណោមព្រះចន្ទធំៗចំនួន៤របស់ភពព្រហស្បតិ៍ ដែលស្ថិតនៅចម្ងាយប្រមាណ ៦៦៨លានគីឡូម៉ែត្រពីផែនដី។
មេដឹកនាំជាន់ខ្ពស់ ស្ថាប័នរដ្ឋ ឯកជន និងបណ្តាគណបក្សនយោបាយបាននាំគ្នារំលឹកខួប ១២ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ(សម្តេចឪ) អតីតព្រះមហាក្សត្រនៃកម្ពុជា។ ការរំលឹកខួបសោយទិវង្គតសម្តេចឪនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមរូបភាពផ្សេងៗគ្នា ដូចជាការគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គនៅស្តូបព្រះបរមរូប ការសរសេរសារបង្ហោះលើបណ្តាញសង្គមនានា ការលើកយកព្រះបរមឆាយាល័ក្ខណ៍ និងស្នាព្រះហស្ថរបស់ព្រះអង្គមកបង្ហាញជាដើម។
នៅក្នុងពិធីអបអរខួប៣០ឆ្នាំ នៃការបង្កើតកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា លោកបានឯកភាពជាមួយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានរៀបចំចាត់វិធានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារ«ម១» ព្រៃស ស្ថិតនៅរាជធានីភ្នំពេញ។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះ ធ្វើឡើងបន្ទាប់ពីមានឃ្លីបវីដេអូមួយបែកធ្លាយតាមបណ្តាញសង្គមកាលពីប៉ុន្មានថ្ងៃកន្លងទៅ ដែលបង្ហាញពីឧក្រិដ្ឋជនជនជាតិចិនរាំរែកជប់លៀងសប្បាយនៅក្នុងពន្ធនាគារ។ សូមស្តាប់លោក ហ៊ុន ម៉ាណែត ដែលរៀបចំឡើងដោយ ញឹម សុផល៖
លោក អង់ដ្រេ បេលូសូវ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានធ្វើដំណើរទៅទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ ទី១៤តុលា។ នៅក្នុងពេលជួបជាមួយលោករដ្ឋមន្ត្រីការបរទេសចិន រដ្ឋមន្ត្រីទាំង២នាក់ បានប្រកាសសន្យ ថានឹងដើរតាមមាគ៌ាដឹកនាំរបស់ប្រមុខដឹកនាំ ដើម្បីធ្វើឲ្យចំណងសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងមហាមិត្តទាំង២ ចាក់ឫសកាន់តែជ្រៅជាងនេះថែមទៀត។ គួរកត់សំគាល់ថា ក្រោយរុស្ស៊ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែន ទំនាក់ទំនងរវាងចិននិងរុស្ស៊ី កាន់តែស្អិតរមួតឡើង ដែលធ្វើឲ្យគេសំឡឹងឃើញថា វាជាទំនាក់ទំនងយុទ្ធសាស្ត្រដើម្បីប្រឆាំងនឹងក្រុមប្រទេសលោកខាងលិច។
ថ្ងៃចន្ទ ទី១៤តុលា ជាថ្ងៃបិទបញ្ចប់រដូវកាលប្រគល់រង្វាន់ណូបែលពិភពលោក។ ជ័យលាភីណូបែលសេដ្ឋកិច្ច ឆ្នាំ២០២៤ ត្រូវប្រគល់ជូនសាស្ត្រាចារ្យ ៣ នាក់ ដែលមានសញ្ជាតិអាមេរិក-តួកគី និងអាមេរិក-អង់គ្លេស។ សេដ្ឋវិទូទាំង ៣ រូបនេះ បានស្រាវជ្រាវអំពីរបៀបកកើតស្ថាប័នសង្គមជាតិមួយ ហើយនិងការជះឥទ្ធិពលផលវិបាករបស់សង្គមនោះទៅលើវិបុលភាព ព្រមទាំងសិក្សាអំពីវិសមភាពគម្លាតរវាងអ្នកមាននិងអ្នកក្រ នៅក្នុងសង្គមជាតិ។