ថ្ងៃអង្គារ ទី៥វិច្ឆិកា ប្រជាពលរដ្ឋអាមេរិក អញ្ជើញទៅបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី។ បេក្ខជន ២ នាក់ ដែលគេស្គាល់ស្រាប់ គឺអតីតប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និង អនុប្រធានាធិបតីផុតអាណត្តិ លោកស្រី ខាម៉ាឡា ហារីស។ នេះជាការបោះឆ្នោតដែលពិភពលោកកំពុងតែទន្ទឹងរង់ចាំតាមដានយ៉ាងប្រកៀកប្រកិត ដ្បិតថា នរណាម្នាក់ ដែលឡើងទៅកាន់ក្តាប់អំណាចសេតវិមានអាមេរិក នឹងជះឥទ្ធិពលទៅដល់ដំណើរការរបស់ពិភពលោក នាអំលុង ៤ ឆ្នាំទៅមុខទៀត។
កូរ៉េខាងត្បូង បានផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Meta ជាទឹកប្រាក់សរុប ប្រមាណ ១៤លានអឺរ៉ូ ចំពោះបទល្មើសប្រមូលនិងចែកចាយព័ត៌មានរបស់អ្នកប្រើប្រាស់ ចំនួនប្រហែល ១លាននាក់។ ព័ត៌មានខ្លះជារឿងរសើប តួយ៉ាងពាក់ព័ន្ធនឹងការស្រឡាញ់ភេទដូចគ្នាជាដើម។ នេះបើយោងស្ថាប័នទទួលបន្ទុកការពារទិន្នន័យផ្ទាល់ខ្លួនរបស់កូរ៉េខាងត្បូង ប្រកាសផ្សាយនៅថ្ងៃអង្គារ ទី៥ វិច្ឆិកា។
សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានចាត់ទុកថាការដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តខ្មែរក្រោមគឺជាព្រឹត្តិការណ៍ដ៏កម្រ និងមានគុណតម្លៃជាប្រវត្តិសាស្ត្រ។ នៅក្នុងលិខិតចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍បានសម្តែងការសាទរដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ភរិយាលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនដែលបានដឹកនាំអង្គកឋិនទៅកាន់វត្តពោធិគីរីវង្សារាម ស្ថិតក្នុងខេត្តព្រះត្រពាំងដែនដីកម្ពុជាក្រោម។ លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍បានប្រាប់វិទ្យុបារាំង RFI បន្ថែមថា ការដង្ហែកឋិនទៅកម្ពុជាក្រោមរបស់រដ្ឋាភិបាលកម្ពុជានៅពេលនេះគឺជារបត់ថ្មីមួយ ដែលបង្ហាញពីកាយវិការផ្សារភ្ជាប់សាច់ឈាមគ្នារវាងបងប្អូនខ្មែរទាំងអស់។ លើសពីនេះ លោកអគ្គលេខាធិការបានរំពឹងថាបញ្ហារំលោភសិទ្ធិមនុស្សរបស់អាជ្ញាធរវៀតណាមទៅលើខ្មែរក្រោមអាចនឹងលើកយកមកជជែកគ្នាឲ្យប្រសើរឡើងវិញនាពេលអនាគត។ សូមស្តាប់ការលើកឡើងរបស់លោកសឺន ជុំជួនដែលរៀបចំដោយ ញឹម សុផល៖
កសិករមួយចំនួននៅខេត្តឧត្តរមានជ័យដែលដាំស្វាយកែវល្មៀតខុសរដូវបានសម្តែងការខកចិត្ត ខណៈផ្លែស្វាយដែលពួកគេប្រមូលផលនៅដើមខែវិច្ឆិកានេះមានតម្លៃតែពី ៣០០ ទៅ ៤០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៥ ខែវិច្ឆិកានេះ អ្នកស្រី សឿន ស្រី ម្ចាស់ចម្ការស្វាយមួយកន្លែងនៅខេត្តឧត្តរមានជ័យប្រាប់ថា កាលពីឆ្នាំកន្លងទៅ គាត់លក់ស្វាយកែវល្មៀតខុសរដូវបានក្នុងតម្លៃចន្លោះពី១២០០រៀលទៅ១៤០០រៀលក្នុងមួយគីឡូក្រាម៕
អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរកាលពីថ្ងៃទី០៣ និងទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ទទួលបានបច្ច័យសរុបចំនួនជាង ៦០ប៊ីលានដុង(២,៣លានដុល្លារ) ក្នុងនោះព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រីបានចូលបច្ច័យចំនួន ២ម៉ឺនដុល្លារផងដែរ។ បច្ច័យដែលបានមកពីអង្គកឋិនទានដង្ហែទៅកាន់វត្តកម្ពុជាក្រោមនេះត្រូវបានបែងចែកជា៧ផ្នែក។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ប្រធានរដ្ឋសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ក្រោមសម្ពាធនៃស្ថានភាពសេដ្ឋកិច្ច និងសេដ្ឋវិទូ ចិនបានចេញវិធានការជាបន្តបន្ទាប់ មានជាអាទិ៍ការបញ្ចុះអត្រាការប្រាក់ ការបន្ធូរបន្ថយលក្ខខណ្ឌទិញផ្ទះ ... កាលពីប៉ុន្មានសប្តាហ៍ចុងក្រោយមកនេះ។ ហើយចាប់ពីថ្ងៃចន្ទទី រហូតដល់ថ្ងៃសុក្រ៨វិច្ឆិកា អ្នកទទួលខុសត្រូវសភាចិន ត្រូវជួបប្រជុំគ្នា ដើម្បីរៀបចំអនុម័តផែនការផ្តល់សន្ទុះសេដ្ឋកិច្ចតែម្តង។ បើតាមអ្នកវិភាគ ទំហំនៃផែនការផ្តល់សន្ទុះ អាស្រ័យទៅលើលទ្ធផលឆ្នោត ថាតើនរណាជាអនាគតប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក។ បើជាលោកដូណាល់ត្រាំ ផែនការចិននឹងអាចធំខ្លាំង។
អ្នកស្រី ជន់ សុខលិច ជាកសិករដាំស្វាយចន្ទី និងដំឡូងមី នៅខេត្តព្រះវិហារ។ កសិកររូបនេះ អះអាងថា គាត់បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរហូតដល់ទៅ៣ស្ថាប័នដើម្បីយកមកប្រើប្រាស់ជាទុនប្រកបរបរកសិកម្ម។ លោកស្រីនិយាយថា គាត់បានបង្ខំចិត្តរត់ចេញពីផ្ទះ ចោលប្តីនិងកូន ដោយសារតែមានការបង្ខំឲ្យលក់ផ្ទះសម្បែងដើម្បីសងប្រាក់ត្រលប់ទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក៏ប៉ុន្តែអ្នកស្រី សុខលិច បានទទួលស្គាល់ថា ការប្រើប្រាស់កម្ចីរបស់គាត់គឺមិនចំគោលដៅ ទើបធ្វើឲ្យគ្រួសារគាត់ធ្លាក់ខ្លួនក្នុងបំណុលវ័ណ្ឌកបែបនេះ៕
ពិភពលោកកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់ ការបោះឆ្នោតនៅសហរដ្ឋអាមេរិកដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារទី ៥វិច្ឆិកានេះ។ ជាសម្ព័ន្ធមិត្តដែលត្រូវការពឹងផ្អែកខ្លាំងលើជំនួយយោធារបស់អាមេរិក តៃវ៉ាន់ដឹងច្បាស់ថា អាមេរិកនឹងនៅតែបន្តលក់សព្វាវុធទៅឲ្យតៃវ៉ាន់ មិនថា បេក្ខជនណាមួយ ដូណាល់ ត្រាំ ឬខាម៉ាឡា ហារីសឈ្នះឆ្នោតចូលដឹកនាំអាមេរិក៤ឆ្នាំខាងមុខ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យតៃវ៉ាន់មិនច្បាស់ និងបារម្ភនៅត្រង់ថា តើលោកដូណាល់ ត្រាំនឹងចេញមុខជួយការពារតៃវ៉ាន់ ក្នុងករណីចិនចូលឈ្លានពានដែរតៃវ៉ាន់ដែរឬទេ?
នៅថ្ងៃទី៤ វិច្ឆិកានេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានស្នើសុំឱ្យលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលុបចោលសេចក្តីសម្រេចពិន័យអន្តរការណ៍លើសមាគមជាង ១៨លានរៀលដោយសំអាងថា សមាគមកំពុងរងការផាកពិន័យផ្ទុយពីលក្ខខណ្ឌច្បាប់។ តែក្រសួងសេដ្ឋកិច្ច តាមរយៈអ្នកនាំពាក្យលោកមាស សុខសេនសានបានច្រានចោលលើអំណះអំណាងនេះ។
អាជ្ញាធរវៀតណាមបានរារាំង និងហាមឃាត់ពលរដ្ឋខ្មែរក្រោមមួយចំនួនដែលមានបំណងចង់ទៅចូលរួមអង្គកឋិនទានរបស់រដ្ឋាភិបាលកម្ពុជាទៅកាន់វត្តខ្មែរក្រោមក្នុងខេត្តត្រាវិញ ប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅថ្ងៃទី៤ ខែវិច្ឆិកានេះ។
លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាប្រាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនលោកលី សាម៉េតបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ភ្លាមៗ បើទោះបីជាលោកលី សាម៉េតបានសុំពេលព្យាបាលជំងឺនៅផ្ទះ មុនពេលចូលខ្លួនឲ្យតុលាការកាត់ទោសក្តី។ ការប្រកាសរបស់លោកហ៊ុន សែនយ៉ាងដូចនេះធ្វើឡើង ក្រោយលោក លី សាម៉េតបានចេញវីដេអូបកស្រាយកំហុសរបស់ខ្លួន និងសុំទោសលោកហ៊ុន សែននៅថ្ងៃចន្ទ ទី៤ វិច្ឆិកានេះ។
លោកស្រី ម៉ៃយ៉ា សានឌូ ប្រធានាធិបតីផុតអាណត្តិស្និទ្ធនឹងអឺរ៉ុបបានជាប់ឆ្នោតជាថ្មី នៅក្នុងសម័យបោះឆ្នោតប្រធានាធិបតីជុំទីពីរ ថ្ងៃទី៣វិច្ឆិកា។ បេក្ខជនប្រធានាធិបតីទាំងពីរ មានសំឡេងគាំទ្រប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង ប៉ុន្តែនៅទីបំផុត ដោយសារសំឡេងរបស់ប្រជាពលរដ្ឋម៉ុលដាវីរស់នៅបរទេស លោកស្រីប្រធានាធិបតី បានឈ្នះនាំមុខលើគូប្រជែងដែលស្និទ្ធនឹងរុស្ស៊ី ដោយទទួលសំឡេងគាំទ្រចំនួន៥៤%។
នៅឥណ្ឌូណេស៊ី ភ្នំភ្លើង Lewotobi Laki-Laki ចាប់ផ្ទុះ ព្រួសភ្លើង សម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ កាលពីយប់ថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទ ទី ៤វិច្ឆិកានេះ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបានទាញសញ្ញាអាសន្ន ហាមមិនឲ្យគេចូលទៅក្នុងតំបន់ភ្នំភ្លើង ដែលគេវាយតម្លៃថា នឹងអាចបញ្ចេញកំអែល គ្រោះថ្នាក់ដល់ជីវិតមនុស្ស។ បើតាមអ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ផ្ទុះភ្នំភ្លើង Lewotobi Laki-Laki នៅលើកោះទេសចរណ៍ Flores បានបំផ្លាញផ្ទះជាច្រើនខ្នង និងប៉ះពាល់ដល់ប្រជាជនយ៉ាងតិចជាង ១ម៉ឺននាក់។
អ្នកឃ្លាំមើលចង់ឃើញរដ្ឋាភិបាលកម្ពុជាលើកឡើងពីបញ្ហាសិទ្ធិសេរីភាព ជំនឿសាសនា វប្បធម៌ និងការសិក្សាពីប្រវត្តិសាស្ត្រដល់ពលរដ្ឋខ្មែរកម្ពុជាក្រោមដើម្បីឲ្យអាជ្ញាធរវៀតណាមបើកទូលាយពីបញ្ហាទាំងនេះ។ ការលើកឡើងនេះកើតឡើង ចំពេលដែលរដ្ឋាភិបាលកម្ពុជាបានដង្ហែអង្គកឋិនទានមួយទៅកាន់ទឹកដីខ្មែរកម្ពុជាក្រោមនៅថ្ងៃទី៤ វិច្ឆិកានេះ។ ក្នុងពេលជាមួយគ្នា មានសេចក្តីរាយការណ៍ពីអង្គការខ្មែរកម្ពុជាក្រោម និងអ្នកសារព័ត៌មានដែលទៅតាមអង្គកឋិនទានថា អាជ្ញាធរវៀតណាមបានរារាំង និងដកហូតទូរស័ព្ទរបស់ពលរដ្ឋខ្មែរក្រោម និងព្រះសង្ឃមួយចំនួនដែលឡើងមកទទួលស្វាគមន៍អង្គកឋិនទាននេះ៕
កន្លងមក ហ្វីលីពីនតែងត្រូវបានគេចាត់ទុកថា ជាប្រទេសដែលបោះចោលកាកសំណល់ប្លាស្ទិកទៅក្នុងសមុទ្រ ច្រើនជាងគេបង្អស់។ ក៏ប៉ុន្តែ ប្រមាណមួយឆ្នាំមកនេះ រដ្ឋាភិបាលហ្វីលីពីន ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានចាប់ផ្តើមអនុវត្តវិធានការមួយចំនួន ដើម្បីឈានទៅកាត់បន្ថយការប្រើប្រាស់ និងការបោះចោលកាកសំណល់ប្លាស្ទិកទៅក្នុងធម្មជាតិ។ ជាក់ស្តែង ហ្វីលីពីនមានច្បាប់ថ្មីមួយ ដែលបានដាក់កាតព្វកិច្ចឲ្យក្រុមហ៊ុនសហគ្រាសទាំងអស់ត្រូវតែកាត់បន្ថយការប្រើផលិតផលប្លាស្ទិក និងចូលរួមជាថវិកាដើម្បីកែច្នៃសំរាម។ តើបទពិសោធន៍កន្លងមកនេះរបស់ហ្វីលីពីន បានទទួលផលវិជ្ជមានយ៉ាងណាខ្លះ ?
សម្ព័ន្ធមិត្តកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានបើកធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា នៅថ្ងៃអាទិត្យទី ៣វិច្ឆិកា២០២៤ សម្រាប់រយៈពេលបីថ្ងៃ។ នេះបើតាមសេចក្តីជូនដំណឹងរបស់យោធាកូរ៉េខាងត្បូងដែលបញ្ជាក់ថា សមយុទ្ធលើកនេះ បានការចូលរួមជាពិសេស ពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រាអាមេរិក B-1B។
បាំងតែ២ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតប្រធានាធិបតីអាមេរិកនឹងមកដល់ហើយ។ បេក្ខជនទាំង២ គឺលោកស្រី កាម៉ាឡា ហារីស និងលោកដូណាល់ ត្រាំ កំពុងតែប្រឹងប្រែងសំរុកនៅនាទីចុងក្រោយ នៃយុទ្ធនាការឃោសនារៀងៗខ្លួន។ ជាការឃោសនាដ៏សែនក្តៅគគុក និងពោរពេញដោយសង្គ្រាមពាក្យសំដីធ្ងន់ៗរិះគន់ជេរប្រមាថគ្នា។ ពិភពលោកទាំងមូល កំពុងសំឡឹងមើលឃើញថា ការបោះឆ្នោតនេះ សហរដ្ឋអាមេរិកហាក់ដូចជាត្រូវពុះចែកជា២ ដោយមិនអាចផ្សះផ្សារគ្នាបាន។
នៅក្នុងខេត្តព្រះវិហារ ជនល្មើសភាគច្រើនដែលកាប់ឆ្ការទន្ទ្រានដីព្រៃ និងបរបាញ់សត្វច្រើនជាអ្នកមកពីខេត្តឆ្ងាយៗ ដូចជាខេត្តសៀមរាប និងខេត្តកំពង់ធំ។ ចំណែកពលរដ្ឋជាអ្នកស្រុក អ្នកភូមិផ្ទាល់ ពិសេសអ្នករស់នៅភ្នំត្នោត-ភ្នំពកដែលធ្លាប់កាប់ឆ្ការដីព្រៃ ធ្វើស្រែចំការបាននាំគ្នាចូលរួមជាអ្នកអភិរក្សធនធានធម្មជាតិវិញ។ ការចូលរួមរបស់ពួកគេបានចាប់ផ្តើមតាំងពីការបង្កើតសហគមន៍ការពារព្រៃឈើក្នុងឆ្នាំ២០០៧៕
លីម សុខគង់ ជានិស្សិតកម្ពុជាម្នាក់ដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិត នៅសហភាពអឺរ៉ុប លើជំនាញវិស្វកម្មនុយក្លេអ៊ែរ។ បើទោះបីជាមុខជំនាញវិស្វកម្មនុយក្លេអ៊ែរនេះ មិនមានតម្រូវការច្រើន លើទីផ្សារការងាររបស់កម្ពុជាក៏ដោយ តែនិស្សិតអាយុ២៥ឆ្នាំរូបនេះ ចាត់ទុកមុខជំនាញនេះ គឺជាចំណង់ចំណូលចិត្តរបស់ខ្លួន និងថាមុខជំនាញមួយនេះ កំពុងតែមានតម្រូវការទីផ្សារការងារច្រើននៅសហភាពអឺរ៉ុប៕
ជនជាតិដើមភាគតិច នៅទូទាំងពិភពលោក ដែលចង់បានការទទួលស្គាល់តួនាទីជា “ឆ្មាំការពារធម្មជាតិ” បានសម្រេចបំណងនៅថ្ងៃសុក្រទី១វិច្ឆិកានេះ។ សន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៦ បានអនុម័តនៅទីក្រុងកាលី ពង្រឹងលក្ខន្តិកៈជនជាតិដើមភាគតិច ជាឆ្មាំការពារធម្មជាតិ។
នៅក្នុងទិវាបញ្ចប់និទណ្ឌភាពលើអ្នកសារព័ត៌មាន ថ្ងៃទី២ ខែវិច្ឆិកា មានអង្គការសារព័ត៌មាន និងអង្គការសិទ្ធិមនុស្ស ជាច្រើន ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួម ដោយស្នើរដ្ឋាភិបាលពន្លឿនការស៊ើបអង្កេតឃាតកម្មលើអ្នកសារព័ត៌មាននៅកម្ពុជា។ បើតាមសេចក្តីការណ៍រួមរបស់អង្គការសង្គមស៊ីវិល គិតពីឆ្នាំ១៩៩៤មក អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជាយ៉ាងហោចណាស់ ១៥ នាក់ ត្រូវបានសម្លាប់ ហើយថាពួកគេនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ៕
៣ថ្ងៃ មុនថ្ងៃបោះឆ្នោតមកដល់ ទីក្រុងវ៉ាស៊ីនតោនរដ្ឋធានីសហរដ្ឋអាមេរិក កំពុងតែមមាញឹក ត្រៀមលក្ខណៈបង្ការការពារសន្តិសុខ សុវត្ថិភាព នៅតាមអគារនិងទីសាធារណៈនានា ដោយខ្លាចក្រែងផ្ទុះអំពើហិង្សាក្រោយការបោះឆ្នោត។ ជាការត្រៀមលក្ខណៈការពារសុវត្ថិភាពទុកជាមុន ព្រោះគេនៅចាំមិនទាន់ភ្លេចទេ នូវអំពើហិង្សាចលាចលកាលពី៤ឆ្នាំមុន បន្ទាប់ពីក្រុមគាំទ្រលោកដូណាល់ ត្រាំ បានធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត។
អ្នកស្រាវជ្រាវអាមេរិក និងចិន បានណែនាំឱ្យគ្រូពេទ្យជំនួសការវាស់វែងមាឌ ដោយប្រើ សន្ទទស្សន៍ម៉ាសរាងកាយ (ហៅកាត់ជាភាសាបារាំង IMC ឬBMI ជាភាសាអង់គ្លេស) ដោយការវាស់ទំហំក្បាលពោះវិញ។ ហេតុអ្វី? តើសន្ទទស្សន៍ទំហំក្បាលពោះ Body Roundness Index ជាអ្វី ? អាចបញ្ជាក់អំពីឥទ្ធិពលចំពោះសុខភាពយ៉ាងណា?
អំពើឃាតកម្មសម្លាប់អ្នកកាសែត នៅលើពិភពលោក ភាគច្រើន គ្មានការផ្តន្ទាទោសទេ។ នេះបើតាមរបាយការណ៍របស់អង្គការយូណេស្កូ ចេញផ្សាយនាឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន នៅថ្ងៃសៅរ៍ទី២ វិច្ឆិកា ដោយបញ្ជាក់ថានៅឆ្នាំ២០២២-២០២៣ មានអ្នកកាសែត១៦២នាក់បានបាត់បង់ជីវិតក្នុងវិជ្ជាជីវៈ។
នៅថ្ងៃសុក្រទី ០១ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់លុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ CLV DTA ទៅកាន់គណៈកម្មាការជំនាញត្រួតពិនិត្យ។ អ្នកតាមដានសង្គមបង្ហាញការសាទរចំពោះការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា តែទាមទារឲ្យរដ្ឋាភិបាលបង្ហាញតម្លាភាពកាន់តែច្បាស់ចំពោះការសម្រេចដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម។ អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជាបានដកខ្លួនរួចជាស្រេច និងថា ការប្រជុំរបស់រដ្ឋសភានៅថ្ងៃសុក្រ ទី១ វិច្ឆិកានេះជានិតីវិធីនៃការដកខ្លួនចេញការអភិវឌ្ឍន៍តំបន់ត្រីកោណទៅលើវិស័យពាណិជ្ជកម្ម។
ប្រឈមមុខនឹងក្តីព្រួយបារម្ភចំពោះការគំរាមកំហែងសន្តិសុខ នៅក្នុងតំបន់អាស៊ី, ប្រទេសជប៉ុនបានចុះកិច្ចព្រមព្រៀងវិសួយការពារជាតិជាមួយ សហភាពអឺរ៉ុប។ កតិកាសញ្ញាស្តីពីសន្តិសុខនិងការពារជាតិ រវាងរដ្ឋាបាលក្រុងតូក្យូនិងព្រុចសែល ចុះហត្ថលេខានៅថ្ងៃទី១វិច្ឆិកា មានចែងអំពីកិច្ចសហការគ្នាក្នុងវិស័យជាច្រើន។ ពោលគឺគិតចាប់ពីផ្នែកសន្តិសុខផ្លូវសមុទ្រ និងសន្តិសុខអាវកាស ព្រមទាំងស្តីពីសមយុទ្ធយោធារួមគ្នា។
ពិព័រណ៍សៀវភៅ Big Bad Wolf បានត្រលប់មកកម្ពុជាជាថ្មីនៅឆ្នាំ ២០២៤ ជាមួយនឹងសៀវភៅជាច្រើនប្រភេទ។ យុវជនខ្មែរ និងអាណាព្យាបាលមួយចំនួនមានការចាប់អារម្មណ៍ខ្លាំងចំពោះពិព័រណ៍សៀវភៅបែបអន្តរជាតិមួយនេះដោយយល់ថា ការអានសៀវភៅមានប្រយោជន៍ដល់ពួកគេ ពិសេសទាក់ទងនឹងជំនាញ និងអាជីពរបស់ពួកគេផ្ទាល់។
លោកភិថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃប្រាប់ឱ្យរដ្ឋាភិបាលថៃដកសំណុំរឿងកោះខុតចេញពីកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីទាញកិច្ចសហការអភិវឌ្ឍន៍រួមនៅតំបន់ប្រេងត្រួតស៊ីគ្នាត្រលប់មកវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation ក្នុងថ្ងៃទី៣១ តុលា។ អតីតមេដឹកនាំបក្សប្រឆាំងថៃដដែលរូបនេះក៏បានឆ្លៀតព្រមានថា ទង្វើជាតិនិយមជ្រុលរបស់ពលរដ្ឋថៃមួយចំនួននឹងបំផ្លាញឱកាសទាញយកប្រយោជន៍ជាតិថៃ។
លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិបានបញ្ជាក់ជាថ្មីលើបណ្ដាញសង្គមនៅថ្ងៃទី ១ វិច្ឆិកានេះ ថា “ចលនាជាតិខ្មែរតស៊ូ” នឹងឈានទៅបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយនៅក្រៅប្រទេស។ ការលើកឡើងជាថ្មីរបស់លោកសម រង្ស៊ី ពេលនេះបានធ្វើឱ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបភ្លាមៗដោយបញ្ជាក់ថា កម្ពុជាមានរដ្ឋាភិបាលតែមួយគត់ដែលតំណាងឱ្យពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។
ក្នុងពិភពលោកសព្វថ្ងៃ វិបត្តិជម្លោះចម្បាំងរាំងជល់ នៅច្រើនប្រទេស បានរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ កាន់តែច្រើនឡើង និងធ្ងន់ធ្ងរ។ អង្គការកាកបាទក្រហមអន្តរជាតិ បានទាមទារឲ្យភាគីជម្លោះ ត្រូវគោរពច្បាប់មនុស្សធម៌ ត្រូវផ្តល់ជំនួយសង្គ្រោះដល់ជនស៊ីវិល ហើយនិងមិនត្រូវបំផ្លិចបំផ្លាញរចនាសម្ព័ន្ធទាក់ទងស៊ីវិល នោះឡើយ។ គ្រានេះជាឱកាសដែលត្រូវជជែកគ្នានិងរកដំណោះស្រាយរួម។ ដ្បិតថា បណ្តាញចលនាអង្គការកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ដែលបានជួបប្រជុំកំពូលប្រចាំឆ្នាំ នៅប្រទេសស្វីស។ ស្វីសជាទឹកដីកំណើតដំបូងរបស់អង្គការកាកបាទក្រហម។
Kong-rey ព្យុះសង្ឃរាដ៏កំណាចបំផុតមួយ មិនធ្លាប់មានក្នុងរយៈប៉ុន្មានទសវត្សរ៍ចុងក្រោយ បានវាយសង្គ្រុបលើតៃវ៉ាន់ នៅរសៀលថ្ងៃព្រហស្បតិ៍ ជាមួយកម្លាំងខ្យល់ឆក់កន្ទ្រាក់ និងភ្លៀងដូចគេចាក់ទឹក បង្កឱ្យមានទឹកជំនន់និងការហូរបាក់ដី។ មានស្លាប់យ៉ាងហោចណាស់ពីរនាក់ និងរបួសជាង៥រយនាក់ ព្រមទាំងមានការបាត់ខ្លួនមនុស្សជាច្រើននាក់ផ្សេងទៀត។ នៅចំពោះមុខការខូចខាតយ៉ាងដំណំ ក្រុមអ្នកសង្គ្រោះ និងក្រុមសម្អាតបានចាប់ផ្តើមការងារយ៉ាងសកម្ម តាំងពីព្រលឹមអុលថ្ងៃសុក្រទី១វិច្ឆិកានេះ។
ថ្ងៃទី៥វិច្ឆិកា គឺជាថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក ខណៈដែលពេលនេះ នៅតាមរដ្ឋខ្លះ គឺគេបានចាប់ផ្តើមបោះឆ្នោតជាបណ្តើរៗហើយ។ ការស្ទាបស្ទង់មតិបង្ហាញថា បេក្ខជនធំៗទាំង២ គឺលោកដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស ស្ថិតនៅប្រកៀកប្រកិតគ្នាខ្លាំងណាស់។ បេក្ខជនទាំង២ កំពុងតែប្រឹងប្រែងធ្វើការឃោសនា ទាក់ទាញការគាំទ្ររៀងៗខ្លួន។ តើការសន្យានយោបាយ របស់លោកដូណាល់ ត្រាំ និងរបស់លោកស្រីកាម៉ាឡា ហារីស មានភាពខុសគ្នាអ្វីខ្លះ?
អង្គការសហប្រជាជាតិ ថ្លែងក្តីព្រួយបារម្ភជាខ្លាំងអំពីបញ្ហាគ្រោះទុរ្ភិក្សនៅលើពិភពលោក ដែលត្រូវនឹងឈានមកដល់ឆាប់ៗនេះ។ ក្នុងរបាយការណ៍សន្និដ្ឋានថ្មីចេញផ្សាយចុងខែតុលា, ស្ថាប័នជំនាញខាងស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បានទាញសញ្ញាអាសន្នជាខ្លាំង ដោយបញ្ជាក់ថា នៅតំបន់ហ្កាហ្សា ហើយនិងប្រទេសសូដង់ ម៉ាលី និងហៃទី នឹងជួបគ្រោះអត់ឃ្លានក្នុងអំលុងពេល៧ខែ ទៅមុខទៀត។ តំបន់ទាំងនោះ សុទ្ធតែកំពុងជួបវិបត្តិសង្គ្រាមនិងបញ្ហាអសន្តិសុខ ជាខ្លាំង។
នៅថ្ងៃព្រហស្បតិ៍ ទី៣១ តុលានេះ ពលរដ្ឋជិត ៦០នាក់ដែលអះអាងរស់នៅលើដីដែលមានហានិភ័យក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបានជួបជុំគ្នានៅមុខសាលាក្រុងភ្នំពេញ។ កម្មវត្ថុនៃការជួបជុំគឺដើម្បីស្នើសុំឲ្យលោកអភិបាលក្រុងពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍនៅនឹងកន្លែង ខណៈដែលការរស់នៅសព្វថ្ងៃរបស់ពួកគាត់កំពុងជួបការលំបាក និងការភ័យខ្លាច៕
រដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឱ្យពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ និងការស្នាក់នៅសម្រាប់ពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតសុពលភាពនៅថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២៥ ក្នុងរយៈពេល ២ឆ្នាំបន្តទៀតរហូតដល់ឆ្នាំ២០២៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារកម្ពុជា ស្តីពីលទ្ធផលក្នុងជំនួបទ្វេភាគីរបស់រដ្ឋមន្ត្រីក្រសួងការងារកម្ពុជាលោក ហេង សួរ និងរដ្ឋមន្រ្តីក្រសួងការងារថៃលោក Phiphat Ratchakitprakarn នៅថ្ងៃទី៣០តុលានេះ។