បន្ទាប់ពីអ៊ុយក្រែន បានបាញ់មីស៊ីលចម្ងាយឆ្ងាយដែលអាមេរិកបានប្រគល់ឲ្យ ចូលទៅក្នុងទឹកដីរុស្ស៊ី លោកពូទីនបានចុះហត្ថលេខាកាលពីថ្ងៃអង្គារ លើក្រិត្យច្បាប់ថ្មីមួយកែប្រែទ្រឹស្ត្រីនុយក្លេអ៊ែររបស់រុស្ស៊ី។ ពោលគឺតាមរយៈទ្រឹស្តីថ្មីនេះ រុស្ស៊ីអាចប្រើអាវុធនុយក្លេអ៊ែរទៅលើអ៊ុយក្រែនបាន។ នេះគឺជាការគំរាមជាថ្មីម្តងទៀត ដែលលោកពូទីនធ្លាប់ធ្វើច្រើនដងមកហើយ។ ទាំងអ៊ុយក្រែន ទាំងក្រុមប្រទេសលោកខាងលិច បានលើកឡើងថាការគំរាមរបស់លោកពូទីននេះ គឺជាទង្វើដុតភ្លើងសង្គ្រាមបន្ថែម ដោយគ្មានការទទួលខុសត្រូវ។ តែយ៉ាងណា តើគេគួរបារម្ភខ្លាចដែរឬទេ ថាសង្គ្រាមនុយក្លេអ៊ែរអាចនឹងផ្ទុះឡើងពិតមែននោះ?
នៅថ្ងៃទី១៩ វិច្ឆិកា សាលាដំបូងខេត្តកំពតបានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ១០៦គណនី រួមទាំងបង្កកអចលនវត្ថុដីធ្លីទំហំជាង ២លាន២៨ម៉ឺនម៉ែត្រការ៉េរបស់បក្សពួកអតីតឧកញ៉ាជា សារ៉នដែលបានបោកប្រាស់ពលរដ្ឋក្រោមរូបភាពវិនិយោគ។ តាមតុលាការខេត្តកំពត ទ្រព្យសម្បត្តិរបស់បក្សពួកដែលរឹបអូសបាននេះនឹងយកទៅធ្វើជាមូលដ្ឋាននៅក្នុងការរកដំណោះស្រាយជូនពលរដ្ឋរងគ្រោះ។
មន្ទីរសុខាភិបាលខេត្តតាកែវបានអះអាងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា មន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ ម៉ារីណា បានដំណើរការផ្តល់សេវាដោយគ្មានច្បាប់ ខណៈសមត្ថកិច្ចបានរកឃើញសពស្ត្រីម្នាក់អាយុ៤១ឆ្នាំ និងក្មេងអាយុ៣ឆ្នាំម្នាក់(រស់) ត្រូវបានដឹកចេញពីមន្ទីរសម្រាកព្យាបាល និងសម្ភពនោះទៅទម្លាក់ចោលក្នុងព្រៃមួយកន្លែងស្ថិតក្នុងភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី។ តាមសមត្ថកិច្ច ស្ត្រីដែលស្លាប់នោះគឺដោយសារតែមានប្រតិកម្មពីការចាក់ថ្នាំ។ ករណីនេះត្រូវបានអ្នកតាមដានសង្គមយល់ឃើញថា គួរតែមានការស៊ើបអង្កេតដោយស៊ីជម្រៅ ព្រោះនេះជាទង្វើអសីលធម៌៕
ថ្ងៃអង្គារ ទី១៩វិច្ឆិកា តុលាការហុងកុង បានកាត់ទោសសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ សរុបចំនួន ៤៥ នាក់ ឲ្យជាប់ពន្ធនាគារ ចន្លោះពី ៤ឆ្នាំ ទៅ ១០ ឆ្នាំ អំពីបទល្មើសវិទ្ធង្សនាបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិហុងកុង។ មួយថ្ងៃបន្ទាប់ តុលាការបន្តបើកសវនាការជម្រះក្តី លោកមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ ជីមី ឡៃ (Jimmy Lai) ដែលបានបំផុសការឃោសនាគាំទ្រសិទ្ធិសេរីភាព និងគៀងគរសហគមអន្តរជាតិឲ្យដាក់ទណ្ឌកម្មលើអាជ្ញាធរហុងកុង និងក្រុងប៉េកាំង។
រដ្ឋសភាកម្ពុជាបានអនុម័តជាឯកច្ឆន្ទតែងតាំងលោកប្រាក់ សុខុនឱ្យធ្វើជារដ្ឋមន្ត្រីការបរទេសឡើងវិញជំនួសលោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន។ ថ្លែងនៅក្នុងសភានៅថ្ងៃទី២០ វិច្ឆិកានេះ នាយករដ្ឋមន្ត្រីលោកហ៊ុន ម៉ាណែតថា លោកប្រាក់ សុខុនស័ក្តិសមជាប្រមុខការទូតកម្ពុជាជាង ខណៈលោកសុខ ចិន្តាសោភាមានបទពិសោធន៍ក្នុងការវិនិយោគ និងការអភិវឌ្ឍន៍។ ជម្រើសយកលោកប្រាក់ សុខុនជាថ្មីត្រូវបានលោកហ៊ុន ម៉ាណែតពន្យល់ថា នៅក្នុងកាលៈទេសៈបច្ចុប្បន្ន កម្ពុជាចាំបាច់ត្រូវតែពង្រឹងគោលនយោបាយ និងទំនាក់ទំនងការបរទេសដើម្បីបម្រើផលប្រយោជន៍រួមរបស់ជាតិ។
អង្គការសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស (FIDH) និងអង្គការពិភពលោកប្រឆាំងនឹងការធ្វើទារុណកម្ម (OMCT) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារលោកកើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។ ទន្ទឹមនឹងការថ្កោលទោស អង្គការសិទ្ធិមនុស្សអន្តរជាតិទាំង២ក៏បានស្នើឲ្យអាជ្ញាធរកម្ពុជាដោះលែងលោក កើត សារ៉ាយជាបន្ទាន់ដោយឥតលក្ខខណ្ឌ រួមទាំងសកម្មជនសិទ្ធិមនុស្សផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។
ក្រសួងទេសចរណ៍កម្ពុជាបានចេញផ្សាយរបាយការណ៍ស្តីពីព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ក្នុងឆ្នាំ២០២៤។ តាមរបាយការណ៍ មានពលរដ្ឋខ្មែរ ដែលចាត់ទុកជាទេសចរជាតិចំនួនជាង ៧លាននាក់ និងទេសចរបរទេសជិត ១០ម៉ឺននាក់ បានចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ឌុច ដារិន្ទ សេដ្ឋវិទូខ្មែរមួយរូបបានប៉ាន់ប្រមាណថា ពលរដ្ឋខ្មែរ១នាក់បានចំណាយជាមធ្យមប្រមាណ ៤០ដុល្លារ ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យអុំទូក។ រីឯជនបរទេសបានចំណាយជាមធ្យមប្រមាណ ៤០ដុល្លារ ក្នុងរយៈពេលតែ ១ថ្ងៃ។ តាមលោក ឌុច ដារិន្ទ មានសាច់ប្រាក់សរុបប្រមាណ ៣២០លានដុល្លារ ត្រូវបានចរាចរណ៍តាមរយៈភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ។
ប្រទេសអឺរ៉ុប យ៉ាងហោច ៤ ត្រូវរងការវាយប្រហារផ្តាច់ប្រព័ន្ធខ្សែកាបបង្កប់ក្រោមសមុទ្របាល់ទិក។ ថ្នាក់ដឹកនាំប្រទេសទាំងនោះបានដាក់ក្តីសង្ស័យថាជាស្នាដៃរបស់រុស្ស៊ី។ រុស្ស៊ីដែលប្រភពគំរាមសន្តិសុខនិងសុវត្ថិភាពប្រទេសអឺរ៉ុប តាំងតែពីបញ្ឆេះសង្គ្រាមឈ្លានពានអ៊ុយក្រែន ជាង២ឆ្នាំមកនេះ។
ម៉ូស្គូចោទអ៊ុយក្រែនថា ក្នុងយប់ថ្ងៃចន្ទ ឆ្លងមកថ្ងៃអង្គារទី ១៩ វិច្ឆិកា អ៊ុយក្រែនបានបាញ់មីស៊ីលអាមេរិកាំង រយៈឆ្ងាយ ប្រភេទ ATACMS ចំនួន ៦ ដើម វាយប្រហារមកលើទីតាំងយោធាមួយនៅក្នុងខេត្តរុស្ស៊ី Briansk ជាប់នឹងព្រំដែនអ៊ុយក្រែន។
នៅព្រឹកថ្ងៃទី១៩ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកម្ពុជាបានបើកកិច្ចប្រជុំដើម្បីពិនិត្យលើសំណើសុំផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក សុខ ចិន្តាសោភា។ រដ្ឋាភិបាលកម្ពុជាអាណតិ្តទី៧ទើបមានអាយុចំនួន១៥ខែ ប៉ុន្តែនេះជាលើកទី២ដែលមានការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។ អ្នកតាមដានសង្គម និងអ្នកជំនាញកិច្ចការអន្តរជាតិបានលើកឡើងថា ការផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសដូចនេះ អាចមកពីរដ្ឋាភិបាលចង់ពង្រឹងនយោបាយការបរទេសកម្ពុជា និងការងារមួយចំនួនរបស់រដ្ឋមន្រ្តីការបរទេសក្នុងអាណត្តិទី៧នេះ។ មូលហេតុអ្វីបានជាមានសំណើសុំឲ្យផ្លាស់ប្តូររដ្ឋមន្រ្តីក្រសួងការបរទេសលោក សុខ ចិន្តាសោភា?។
ក្រុមហ៊ុនស្រាវជ្រាវទិន្នន័យអន្តរជាតិ 60 Decibels រកឃើញថា កម្ពុជានៅតែស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសដែលមានទីផ្សារហិរញ្ញវត្ថុមិនល្អ និងមានពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ យោងតាមរបាយការណ៍របស់ 60 Decibels ពលរដ្ឋខ្មែរប្រមាណ៣២%ដែលខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ បាននិយាយថា ការបង់សងបំណុលជាបន្ទុកធ្ងន់ធ្ងរ ខណៈ២៤%ផ្សេងទៀតត្រូវកាត់បន្ថយការចំណាយលើថ្លៃអាហារដើម្បីសន្សំប្រាក់ទុកបង់សងស្ថាប័នមីក្រូហិរញ្ញវត្ថុ។ ទោះយ៉ាងណា របាយការណ៍របស់60 Decibels រំលេចពីចំណុចវិជ្ជមានខ្លះដែរ ដោយសង្កេតឃើញស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជាបាន និងកំពុងបន្តកែលម្អយន្តការការពារអតិថិជន និងនីតិវិធីសងប្រាក់ត្រឡប់របស់អតិថិជនទៅស្ថាប័នផ្តល់កម្ចី។
មិនទាន់ចូលកាន់អំណាចដឹកនាំអាមេរិកផង លោកដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី ១៨ វិច្ឆិកាបានបញ្ជាក់នៅលើបណ្តាញសង្គមថា លោកគ្រោងនឹងប្រកាសអាសន្នជាតិ ដើម្បីប្រើកងទ័ពអាមេរិកឲ្យចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ នៅក្នុងទ្រង់ទ្រាយធំ។ បើតាមលោកដូណាល់ ត្រាំ យុទ្ធនាការចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់នៅអាមេរិក នឹងចាប់ផ្តើម តាំងពីថ្ងៃដំបូងដែលលោកចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី ២០មករា ឆ្នាំ ២០២៥។
តុលាការហុងកុង បានជម្រះក្តីព្រហ្មទណ្ឌប្រឆាំងអ្នកនយោបាយ អ្នកច្បាប់ និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ សរុបចំនួន ៤៥ នាក់ ឲ្យជាប់ពន្ធនាគារ ចន្លោះពី ៤ឆ្នាំ ២ខែ រហូតដល់ ១០ ឆ្នាំ។ បទចោទប្រកាន់ចំពោះពួកគេទាំងនេះ ទាក់ទងនឹងការប្រព្រឹត្តអំពើវិទ្ធង្សនាបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិហុងកុង។ ការជម្រះក្តីនេះ ឋិតក្រោមច្បាប់សន្តិសុខជាតិហុងកុង ដែលតាក់តែងក្រោមខ្សែញាក់របស់អាជ្ញាធររដ្ឋអំណាចក្រុងប៉េកាំង។ សហគមអន្តរជាតិបានរិះគន់ថ្កោលទោសសាលក្រមរបស់តុលាការហុងកុង និង ក្រើន រំឭកថា «ការទាមទារលទ្ធិប្រជាធិបតេយ្យ ពុំមែនជាទោសឧក្រិដ្ឋឡើយ»។
លោកញឹក សេរីរតនា ជាងចម្លាក់ស្បែកបានបង្កើតសាលាបង្រៀនចម្លាក់ស្បែកមួយកន្លែងក្នុងខេត្តសៀមរាប។ សាលាមួយនេះបានផ្តល់ឱកាសឱ្យយុវជនក្រីក្រ និងកុមារកំព្រាស្នាក់នៅដើម្បីរៀនជំនាញចម្លាក់ស្បែក និងដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ។ តែចាប់តាំងពីវិបត្តិកូវីដ១៩ មក សាលាបានផ្តើមជួបការខ្វះខាតថវិកាសម្រាប់ចំណាយប្រចាំថ្ងៃ។ លោកញឹក សេរីរតនាបានប្រាប់ថា លោកមានលទ្ធភាពចិញ្ចឹមយុវជនក្រីក្រ និងកុមារកំព្រាបានត្រឹមតែ ៣៨នាក់ ខណៈមានមនុស្សដល់ទៅ ៨០នាក់ដែលត្រូវចិញ្ចឹម៕
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០២៤នេះ បានសម្រេចផ្តន្ទាទោសសមាជិកសហគមន៍សំរោងត្បូង៣នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន៦ខែ នៅក្នុងបទចោទ «ស្ថានទម្ងន់ទោស នៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ»។ ការផ្ទន្ទាទោសនេះ ធ្វើឡើងក្រោយពីមានការចោទប្រកាន់ថា ពលរដ្ឋទាំងនេះបានធ្វើការតវ៉ា ដោយហិង្សាប្រឆាំងនឹងអាជ្ញាធរ ដែលចុះទៅរុះរើតូបលក់ដូររបស់ពួកគេ នៅខាងមុខផ្ទះ ជិតបឹងតាមោកកាលពីខែធ្នូ ឆ្នាំ២០២៣។
រដ្ឋសភាកម្ពុជានឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិភាក្សានិងអនុម័តរបៀបវារៈសំខាន់ៗចំនួន៣។ ក្នុងចំណោមរបៀបវារៈសំខាន់ៗទាំង៣នេះ សំណើររបស់រដ្ឋាភិបាលស្នើសុំកែសម្រួលសមាជិករដ្ឋាភិបាលគឺជារបៀបវារៈដែលមានការចាប់អារម្មណ៍ខ្លាំង ពោលគឺអតីតរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន ត្រូវបានស្នើឲ្យមកធ្វើជារដ្ឋមន្ត្រីការបរទេសឡើងវិញជំនួសលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន។
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាវាទេសចរណ៍១គ្រឿង ដែលដឹកមនុស្សចំនួន ២៦៤១នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល១ថ្ងៃ។ នាវាទេសចរណ៍ខ្នាតយក្សនេះ មានឈ្មោះថា NOORDAM មកពីប្រទេសហូឡង់ ដែលដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចំនួន ១៨៦៥នាក់ និងមានបុគ្គលិកធ្វើការ ចំនួន ៧៧៦នាក់។ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ ចាត់ទុកការចូលចតរបស់នាវាទេសចរណ៍ខ្នាតធំនាពេលនេះថា ជាជោគជ័យនៃការទូតសេដ្ឋកិច្ចរបស់កម្ពុជា។
នៅឥណ្ឌា ថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋធានីញូវដេលីទទួលរងផ្សែងពុលអួរអាប់ជាថ្មី។ កម្រិតខ្យល់បរិយាកាសកខ្វក់ កើនឡើងខ្ពស់គួរឲ្យព្រួយបារម្ភជាខ្លាំង។ ដោយក្តីបារម្ភពីខ្យល់មានជាតិពុល អាជ្ញាធរឥណ្ឌា បានសម្រេចបញ្ជាឲ្យបិទសាលារៀនជាច្រើនកន្លែង។
នៅបុរីរដ្ឋសិង្ហបុរី មហាសេដ្ឋីម្នាក់ដែលជាអតីតម្ចាស់ក្រុមហ៊ុនរកស៊ីជួញដូរប្រេងដ៏ល្បីម្នាក់ប្រចាំតំបន់អាស៊ី ត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ចំនួន១៧ឆ្នាំកន្លះ ព្រោះតែប្រព្រឹត្តបទល្មើសបោកប្រាស់គៃបន្លំហិរញ្ញវត្ថុ និងក្លែងបន្លំឯកសារ។ ទោះបីជា មេធាវីការពារជនត្រូវចោទ បានសុំអនុញ្ញាតពីតុលាការឲ្យបន្ធូរបន្ថយទោស ដ្បិតសំអាងលើជំងឺនិងវ័យ៨២ឆ្នាំរបស់ជនត្រូវចោទនោះក្តី ក៏សាលាជម្រះក្តីសិង្ហបុរី មិនព្រមផ្តល់ក្តីមេត្តាអធ្យាស្រ័យសោះឡើយ។
នៅតែជាង ២ខែ មុនអស់អំណាច ដឹកនាំសហរដ្ឋអាមេរិក លោកចូ បៃដិនបានសម្រេចចិត្តបើកភ្លើងខៀវ អនុញ្ញាតឲ្យអ៊ុយក្រែនប្រើមីស៊ីលចម្ងាយឆ្ងាយរបស់អាមេរិក ដើម្បីបាញ់ចូលទឹកដីរុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់កាសែត និងទីភ្នាក់ងារព័ត៌មានអន្តរជាតិ ដែលបានដកស្រង់សំដីរបស់មនុស្សជាន់ខ្ពស់របស់រដ្ឋបាលលោកចូ បៃដិន។ ការសម្រេចចិត្តរបស់លោកចូ បៃដិនបានបង្កឲ្យមានប្រតិកម្មធ្លាក់ព្រោងព្រាត មិនថា ពីខាងរុស្ស៊ី អ៊ុយក្រែន សម្ព័ន្ធមិត្តអឺរ៉ុប ព្រមទាំងចិន និងកូរ៉េខាងជើង។ អ៊ុយក្រែនបានទាមទារចង់ប្រើមីស៊ីលចម្ងាយឆ្ងាយរបស់អាមេរិកយូរណាស់មកហើយ ប៉ុន្តែ អាមេរិកមិនព្រម ដោយសារតែខ្លាចថា រុស្ស៊ីផ្ទុះកំហឹង ពង្រីកសង្រ្គាមអ៊ុយក្រែនឲ្យរាលដាលទៅជាសង្រ្គាមលោក។ ប៉ុន្តែហេតុអ្វីបានជាមេដឹកនាំអាមេរិកទើបតែមកសម្រេចចិត្តនៅពេលនេះទៅវិញ?
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែតបានអះអាងថា គណបក្សប្រជាជនកម្ពុជាមានបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាល រួមជាមួយបណ្តាប្រទេស និងគណបក្សនយោបាយផ្សេងទៀតដែលមានគំនិតដូចគ្នា។ តាមនាយករដ្ឋមន្រ្តីកម្ពុជារូបនេះដដែល គណបក្សប្រជាជនកម្ពុជាគំាទ្រពហុភាគីនិយម និងភាពចម្រុះនៅក្នុងអភិបាលកិច្ចនយោបាយ។
នៅបុរីរដ្ឋសិង្ហបុរី មហាសេដ្ឋីម្នាក់ដែលជាអតីតម្ចាស់ក្រុមហ៊ុនរកស៊ីជួញដូរប្រេងដ៏ល្បីម្នាក់ប្រចាំតំបន់អាស៊ី ត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ចំនួន១៧ឆ្នាំកន្លះ ព្រោះតែប្រព្រឹត្តបទល្មើសបោកប្រាស់គៃបន្លំហិរញ្ញវត្ថុ និងក្លែងបន្លំឯកសារ។ ទោះបីជា មេធាវីការពារជនត្រូវចោទ បានសុំអនុញ្ញាតពីតុលាការឲ្យបន្ធូរបន្ថយទោស ដ្បិតសំអាងលើជំងឺនិងវ័យ៨២ឆ្នាំរបស់ជនត្រូវចោទនោះក្តី ក៏សាលាជម្រះក្តីសិង្ហបុរី មិនព្រមផ្តល់ក្តីមេត្តាអធ្យាស្រ័យសោះឡើយ។
គណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI បានបើកកិច្ចប្រជុំនៅក្នុងខេត្តសៀមរាបនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត អេង កុកថាយ អ្នកស្រាវជ្រាវនយោបាយ និងប្រវត្តិសាស្ត្រកម្ពុជា និងជាសមាជិកម្នាក់ទទួលបន្ទុកការរៀបចំកិច្ចប្រជុំនេះបានថ្លែងថា CDI នឹងចេញសេចក្តីថ្លែងការណ៍ទីក្រុងសៀមរាបមួយដែលផ្តោតសំខាន់ពីការកសាងសន្តិភាពនៅលើពិភពលោកក៏ដូចជាការយកមេរៀនរបស់កម្ពុជាទៅប្រើប្រាស់នៅក្នុងទំនាស់ ឬសង្រ្គាមផ្សេងៗនៅលើពិភពលោក។
សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះថា ក្នុងរយៈពេល១០ខែឆ្នាំ ២០២៤ កម្ពុជាទទួលបានចំណូលជាង ១ ១០០លានដុល្លារអាមេរិកពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាម។ តាមសមាគមស្វាយចន្ទីកម្ពុជា ការនាំចេញក្នុងរយៈពេល១០ខែ ឆ្នាំ ២០២៤ មានការកើនឡើងចំនួន ៣១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ និងថាបច្ចុប្បន្ន គ្រាប់ស្វាយចន្ទីឆៅកំពុងមានតម្រូវការ ហើយទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ។ តែទំហំនៃការនាំចេញទៅវៀតណាមនេះ ហាក់ នៅ ទ្រឹង អស់ រយៈពេល ជិត៤ខែកន្លងមក។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជបណ្ឌិតសភាកម្ពុជាបានបើកកិច្ចពិភាក្សាជុំវិញព្រឹត្តិការណ៍ថ្មីៗរវាងកម្ពុជា និងថៃ។ ក្នុងនោះ បញ្ហាកោះគុតត្រូវបានអ្នកនយោបាយមួយចំនួនយកមកធ្វើជាប្រធានបទពិភាក្សាយ៉ាងក្តៅគគុកនាប៉ុន្មានថ្ងៃមកនេះ។ មន្ត្រីមួយចំនួននៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថា បញ្ហាកោះគុតជាប្រធានបទមួយដែលអ្នកនយោបាយប្រឆាំងរបស់កម្ពុជា និងអ្នកនយោបាយប្រឆាំងរបស់ថៃតែងលើកឡើងដើម្បីកេងចំណេញនយោបាយ។ តែអ្នកនយោបាយប្រឆាំងរបស់កម្ពុជាចាត់ទុកបញ្ហាកោះគុតជារឿងផលប្រយោជន៍ជាតិ៕
ណើរការជួសជុសប្រតិមាព្រះវិស្ណុ ឬ ព្រះនរាយណ៍ផ្ទុំ ធ្វើពីសំរិទ្ធ នៅប្រទេសបារាំងកំពុងបោះមួយជំហានទៅមុខ។ នៅដើមខែវិច្ឆិកានេះ ប្រតិមាព្រះវិស្ណុមកពីប្រាសាទមេបុណ្យខាងលិច ត្រូវបានដឹកជញ្ជូនចេញពីមជ្ឈមណ្ឌលស្រាវជ្រាវ និងជួសជុលនៃសារមន្ទីរជាតិបារាំង ក្នុងទីក្រុងប៉ារីស សំដៅមន្ទីរពិសោធន៍ អាក់ អង់ទិក Arc Antique ក្នុងទីក្រុងណង់ស៍ ភាគខាងលិចប្រទេសបារាំង។ ឈាង បុប្ផាបានចុះទៅធ្វើបទយកការណ៍ផ្ទាល់នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងជួសជុលនៃសារមន្ទីរជាតិបារាំង
ឥណ្ឌាបានសាកល្បងដោយជោគជ័យមីស៊ីលអ៊ីពែសូនិក។ មីស៊ីលដែលលឿនជាងសំឡេង៥ដង។ នៅក្នុងសារបង្ហោះផ្សាយលើបណ្តាញសង្គមX កាលពីថ្ងៃអាទិត្យទី ១៧ វិច្ឆិកា រដ្ឋមន្រ្តីការពារជាតិឥណ្ឌាបាននិយាយសរសើរស្នាដៃសម្រេចបានជាប្រវត្តិសាស្រ្ត ដែលធ្វើឲ្យឥណ្ឌាអាចចូលក្នុងចំណោមមហាអំណាច ប្រទេសដែលមានសមត្ថភាពបច្ចេកវិទ្យាផលិតមីស៊ីលអ៊ីពែសូនិក។
ជាថ្មីម្តងទៀត ហ្វីលីពីនកំពុងតែស្ថិតនៅក្នុងគ្រោះមហន្តរាយខ្យល់ព្យុះសង្ឃរា។ នៅរសៀលថ្ងៃអាទិត្យទី១៧វិច្ឆិកានេះ ព្យុះទីហ្វុងដ៏កំណាច ឈ្មោះម៉ានយី បានបោកបក់មកដល់ដោះលូសុន ដែលជាកោះធំ និងមានមនុស្សរស់នៅច្រើនបំផុតនៅហ្វីលីពីន។ មិនដល់១ខែផង មានព្យុះទីហ្វុងចំនួនដល់ទី៦ ដែលបានបោកសង្គ្រុបលើហ្វីលីពីន បណ្តាលឲ្យស្លាប់មនុស្សជាច្រើនរយនាក់ និងខូចខាតផ្ទះសម្បែងហេដ្ឋារចនាសម្ព័ន្ធសាធារណៈយ៉ាងដំណំបំផុត។
កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ប៉ូលិសសហព័ន្ធFBI បានមកចាប់ខ្លួនភ្នាក់ងារស៊ើបការណ៍សម្ងាត់(CIA)ម្នាក់នៅប្រទេសកម្ពុជា ពីបទធ្វើឱ្យបែកធ្លាយឯកសារសម្ងាត់ ស្តីពីផែនការយោធាអ៊ីស្រាអែល សងសឹកអ៊ីរ៉ង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក The New York Times នៅសប្តាហ៍នេះ ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ភ្នាក់ងារCIAខាងលើ ចំនួនពីរបទល្មើស គឺបទរក្សាទុក និងធ្វើឱ្យបែកធ្លាយព័ត៌មានការពារជាតិអាមេរិកដោយចេតនា។
ភ្នាក់ងារអចលនទ្រព្យកម្ពុជាដែលហៅកាត់ជាភាសាអង់គ្លេស CBRE Cambodia បានចេញរបាយការណ៍វិភាគមួយ កាលពីពេលថ្មីៗនេះ ស្តីពីឱកាស និងហានិភ័យរបស់កម្ពុជា នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងអាណត្តិដឹកនាំថ្មីរបស់លោកដូណាល់ ត្រាំ ជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្រុមអ្នកវិភាគរបស់CBRE Cambodiaអះអាងថា គោលនយោបាយរបស់លោកត្រាំ «អាមេរិកជាអាទិភាពទី១» នឹងជះផលអវិជ្ជមានមួយចំនួនចំពោះកម្ពុជា។ ទន្ទឹមគ្នានេះ កម្ពុជាក៏នឹងទទួលបានផលប្រយោជន៍ខ្លះមកវិញដែរ ដូចជាក្នុងវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ច។
ដូចយើងបានដឹងកន្លងមកហើយ តាំងតែពីអាណត្តិមុន លោកដូណាល់ ត្រាំ តែងតែបាននិយាយរិះគន់ចោទប្រកាន់ចិន និងបានចាប់ផ្តើមប្រកាសសង្គ្រាមពាណិជ្ជកម្មជាមួយចិន។ លោកដូណាល់ ត្រាំ បានសន្យាថានឹងតម្លើងពន្ធលើទំនិញចិន ដល់ទៅ៦០%។ ហើយនៅក្នុងអនាគតរដ្ឋបាលថ្មីរបស់លោក ដែលនឹងចូលកាន់អំណាចនៅខែមករាឆ្នាំក្រោយ គឺមានសមាជិកមួយចំនួនបានចាប់ផ្តើម និយាយប្រើភាសាធ្ងន់ៗទៅលើថ្នាក់ដឹកនាំ។ ជាមួយនឹងការត្រលប់មកដឹកនាំប្រទេសវិញរបស់លោកដូណាល់ ត្រាំ ធ្វើឲ្យគេបារម្ភជាខ្លាំង អំពីជម្លោះសេដ្ឋកិច្ចនិងការទូត ដែលអាចកាន់តែធ្លាក់ផុងជ្រៅឡើងៗ រវាងមហាអំណាចសេដ្ឋកិច្ចដ៏ធំទាំង២នេះ។
ព្រៃកោងកាងធ្លាប់ត្រូវបានកាប់បំផ្លាញ ដោយមួយផ្នែក ដោយប្រជាពលរដ្ឋ ក្រោមរូបភាពយកទៅធ្វើអុសដុត ធ្វើធ្យូង និងមួយផ្នែកទៀត ដោយសារការកាប់ទន្ទ្រានព្រៃកោងកាង ពីសំណាក់អ្នកមានអំណាច ដើម្បីចាក់ដីលុបសមុទ្រ យកដីធ្វើជាកម្មសិទ្ធិឯកជនជាដើម។ ប៉ុន្តែ ក្រោយការបង្កើតសហគមន៍ព្រែកត្នោតក្នុងឆ្នាំ២០១១មក សហគមន៍មួយនេះ បានអភិរក្ស និងស្តារដើមកោងកាងឡើងវិញប្រមាណជា ៤ម៉ឺនដើមក្នុងតំបន់ធ្លាប់រងការកាប់បំផ្លាញ ដោយមានការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ។ ដើមកោងកាង១ ដើម ប្រៀបបាននឹងជីវិត១! ការបាត់បង់ព្រៃកោងកាង គឺបាត់បង់ឆ្នាំងបាយរបស់ប្រជានេសាទ៕
លោកសុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺចាប់ខ្លួន កាលពីថ្ងៃទី ១៣វិច្ឆិកាកន្លងទៅ។ យោងតាមតុលាការខេត្តកំពង់ស្ពឺ លោក សុខ ស៊ុនណារ៉េត ត្រូវបញ្ជូនទៅដាក់ពន្ធនាគារបណ្តោះអាសន្ន ក្នុងបទចោទប្រកាន់ ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ រឿងនេះធ្វើឲ្យអ្នកនយោបាយរស់នៅក្រៅប្រទេស នៅតែមិនអស់ចិត្ត និងប្រតិកម្មជាហូរហែ។ ពួកគេមិនអស់ចិត្តព្រោះលោក ស៊ន តារា ជាអ្នកអធិប្បាយនយោបាយដ៏លេចធ្លោមួយនៅលើបណ្តាញសង្គម ដែលតែងរិះគន់មិនសំចៃ សកម្មភាពរដ្ឋាភិបាលកម្ពុជា។ ក្រុមអ្នកនយោបាយប្រឆាំងរស់នៅក្រៅប្រទេស យល់ថា ការចាប់ខ្លួនលោក សុខ ស៊ុនណារ៉េត ដែលជាឪពុករបស់លោក ស៊ន តារា គឺជារឿងនយោបាយសុទ្ធសាទ។ ក៏ប៉ុន្តែបក្សកាន់អំណាច បានបញ្ជាក់ថា ការចាប់ខ្លួនធ្វើឡើងដោយផ្អែកលើបទល្មើសជាក់ស្តែង ដែលនៅក្នុងនោះ លោក សុខ ស៊ុនណារ៉េត ត្រូវបានរកឃើញថា មានរក្សាទុកសារធាតុញៀន។
លោក ស៊ន តារា អ្នកអត្ថាធិប្បាយនយោបាយនៅលើបណ្តាញសង្គម និងជាសកម្មជននយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅប្រទេសបារាំង បានទទូចឱ្យអតីតនាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន ដោះលែងឪពុករបស់លោក ដែលត្រូវអាជ្ញាធរចាប់ខ្លួន ក្នុងបទចោទប្រកាន់រក្សាទុកសារធាតុញៀន។ អាជ្ញាធរបានសម្រេចឃុំខ្លួនឪពុករបស់លោកស៊ន តារា នៅពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤។
លោក ប៊ុនលុច ពេត្រុស បានផ្អាកការងារព័ត៌មានវិទ្យា(IT)ទៅចាប់យកអាជីពជាអ្នកចែករំលែកចំណេះដឹងពីការងារកសិកម្ម។ មានអាយុ២៩ឆ្នាំ លោក ប៊ុនលុច សព្វថ្ងៃ ជាអ្នកគ្រប់គ្រងកសិដ្ឋានមួយកន្លែងនៅក្នុងខេត្តបាត់ដំបងដែលមានឈ្មោះថា កសិដ្ឋានមនោម្យ។ ប៊ុនលុច ពេត្រុស បានចាត់ទុក ការងារកសិកម្ម ជាចំណង់ចំណូលចិត្តរបស់ខ្លួន និងជាការងារមួយដែលបានរួមចំណែកក្នុងការចែករំលែកចំណេះដឹងដល់កសិករដែលខ្វះជំនាញ៕