ប្រជានេសាទនៅតាមតំបន់ទន្លេបានអះអាងថា ទិន្នផលត្រីប្រហុកក្នុងឆ្នាំ ២០២៤ នេះមានការកើនឡើង តែត្រីឆ្នាំនេះមានទំហំតូចជាងរាល់ឆ្នាំ។ ទោះយ៉ាងណា ប្រជានេសាទទាំងនោះបានត្អូញត្អែរពីតម្លៃត្រីប្រហុកធ្លាក់ថ្លៃ និងខ្វះទីផ្សារដើម្បីលក់ចេញ។ ក្នុងន័យនេះ ពួកគេបានស្នើឲ្យរដ្ឋាភិបាលជួយរកទីផ្សារត្រីប្រហុក រួមទាំងបង្កើនតម្លៃឲ្យប្រសើរជាងនេះ។
សមាជិកសហភាពអឺរ៉ុបទាំងអស់បានព្រមព្រៀងគ្នានៅថ្ងៃព្រហស្បតិ៍ទី១២ធ្នូនេះ ឲ្យ រូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកអឺរ៉ុបយ៉ាងពេញលេញ ដោយមានសិទ្ធសេរីភាព ក្នុងការធ្វើចរាចរណ៍ក្នុងលំហស្ហេនហ្កេន Schengen ចាប់ពីថ្ងៃទី ១ មករា ២០២៥ទៅ។
នៅស៊ីរី ពួកប្រដាប់អាវុធអ្នកកាន់អំណាចថ្មី ប្រកាសបង្កើតក្រុមការងាររៀបចំរដ្ឋធម្មនុញ្ញថ្មី។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងក្រុមប្រទេសហ្សេG7 រំពឹងចង់ឃើញស៊ីរីបង្កើតរដ្ឋាភិបាលថ្មី ដោយមានការចូលរួមពីគ្រប់ភាគី គោរពសិទ្ធិនារី និងមិនប្រកាន់និកាយសាសនាជ្រុលនិយម។
ទិន្នន័យស្តីពីព្រឹត្តិបត្របំណុលសាធារណៈកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញថា បំណុលដែលកម្ពុជាជំពាក់ចិនបានថយចុះចំនួន ២% គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ ការថយចុះនៃបំណុលចិនពេលនេះត្រូវបានសារព័ត៌មាន Reuters និងអ្នកនយោបាយប្រឆាំងដាក់សេចក្តីសន្និដ្ឋានថា ចិនបានផ្អាកផ្តល់កម្ចីឱ្យកម្ពុជាដោយសារតែចិនបរាជ័យក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ និងថា ចិនហាក់មិនគាំទ្ររបបដឹកនាំកម្ពុជាសព្វថ្ងៃ។
កំណត់ត្រារបស់អង្គការការពារសិទ្ធិមនុស្សលីកាដូដែលទើបចេញផ្សាយនៅថ្ងៃទី១១ ធ្នូបានបង្ហាញថាក្នុងឆ្នាំ២០២៤ កម្ពុជាមានអ្នកជាប់ឃុំដោយប្រើសិទ្ធិជាមូលដ្ឋានយ៉ាងហោច ១០០នាក់ ក្នុងនោះ មានជិត ៦០នាក់កំពុងជាប់នៅក្នុងពន្ធនាគារនៅឡើយ។ តាមលីកាដូ តុលាការកម្ពុជាចាប់ផ្តើមប្រើប្រាស់មាត្រាច្បាប់ ៨៨ នៃក្រមព្រហ្មទណ្ឌលើអ្នកជាប់ឃុំទាំងនេះ និងថា ដើម្បីអាចមានសេរីភាព អ្នកជាប់ឃុំខ្លះត្រូវបានគេបង្ខំឱ្យសុំទោសជាសាធារណៈ ឬត្រូវឆ្លើយទម្លាក់កំហុសដាក់អ្នកផ្សេងទៀតផង។
បន្ទាប់ពីសហភាពអឺរ៉ុប និងកាដាណា, នៅពេលនេះដល់វេន អូស្ត្រាលី ដែលចាប់បង្ខំឲ្យបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យា ត្រូវតែបង់ប្រាក់ឲ្យបណ្តាញផ្សព្វផ្សាយព័ត៌មាន។ នេះក៏ព្រោះតែក្រុមហ៊ុនយក្សទាំងនេះ យកខ្លឹមសារព័ត៌មានពីកាសែតឬផ្សព្វផ្សាយព័ត៌មាននានា ទៅភ្ជាប់នឹងប្រព័ន្ធបណ្តាញសង្គមរបស់ខ្លួន។ វិធានការថ្មីរបស់អូស្ត្រាលី ត្រូវប្រកាសចេញដោយរដ្ឋមន្ត្រីទូរគមនាគមន៍។
ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៣ ដល់ទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត។ ពីខេត្តកំពត លោក វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុគណៈកម្មការកីឡានៃពិធីបុណ្យសមុទ្រលើកទី១១ បានផ្តល់កិច្ចសម្ភាសឲ្យវិទ្យុបារាំងអន្តរជាតិ RFI តាមទូរស័ព្ទនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះថា មានកីឡាចំនួន ១០ប្រភេទ ត្រូវបានដាក់ឲ្យមានការប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ។ តាមលោក វ៉ាហេង ដាវុធ ការរៀបចំប្រកួតកីឡានៅក្នុងឱកាសបុណ្យសមុទ្រឆ្នាំនេះមានលក្ខណៈប្លែកជាងមុនៗ ដោយធ្វើយ៉ាងណាឲ្យមហាជនចូលរួមលេង និងកម្សាន្តសប្បាយឲ្យបានច្រើន។
ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ជាខួប៣០ឆ្នាំនៃការផ្ដល់អាហារូបករណ៍របស់អូស្ដ្រាលីដល់និស្សិតខ្មែរទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សាក្នុងប្រទេសអូស្ដ្រាលី។ ក្នុងថ្ងៃខួប ៣០ឆ្នាំនាឆ្នាំ ២០២៤ នេះ ស្ថានទូតអូស្ដ្រាលីប្រចាំនៅកម្ពុជាបានបញ្ជាក់ថា មាននិស្សិតខ្មែរជាង ១០០០នាក់ហើយបានទៅបន្ដការសិក្សានៅក្នុងប្រទេសអូស្ដ្រាលីតាមរយៈកម្មវិធីអាហារូបករណ៍ និងថា ២ឆ្នាំចុងក្រោយនេះ ស្ដ្រីខ្មែរដែលទទួលបានអាហារូបករណ៍មានដល់ទៅជាង ៦០%។
បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការអ្នកយកការណ៍គ្មានព្រំដែន ចេញផ្សាយនៅថ្ងៃទី ១២ធ្នូ២០២៤នេះ មានអ្នកកាសែតចំនួន៥៤រូបបានបាត់បង់ជីវិត ពេលបំពេញការងារ និងដោយសារអាជីពជាអ្នកយកព័ត៌មាន។ ក្នុងចំណោមនោះ មួយភាគបីបានស្លាប់ដោយស្នាដៃរបស់យោធាអ៊ីស្រាអែល។
លោកម៉ូហាម៉េដ អាល់បាឆៀត ត្រូវបានក្រុមឧទ្ទាមស៊ីរី តែងតាំងជាផ្លូវការ ឲ្យធ្វើជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលសម័យអន្តរកាលនៅស៊ីរី។ ចូលកាន់មុខងារនេះភ្លាម លោក ម៉ូហាម៉េដ អាល់បាឆៀរ បានប្រកាសធានាអះអាងថា រដ្ឋាភិបាលថ្មីរបស់លោក នឹងគោរពសិទ្ធិសេរីភាពជំនឿសាសនា របស់ប្រជាជនស៊ីរីគ្រប់ៗរូប។ មិនត្រឹមតែប៉ុណ្ណោះ លោកបានអំពាវនាវឲ្យប្រជាជនស៊ីរីទាំងអស់ ត្រលប់ចូលស្រុកវិញដើម្បីកសាងប្រទេស។ ការប្រកាសធានាអះអាងរបស់លោកនាយករដ្ឋមន្ត្រីស៊ីរីនេះ គឺបន្ទាប់ពីមានការព្រួយបារម្ភ ខ្លាចក្រែងក្រុមឧទ្ទាមដែលធ្លាប់ជាកូនចៅក្រុមអាល់កៃដានោះ រៀបចំបង្កើតរបបដឹកនាំបែបអ៊ីស្លាមផ្តាច់ការនៅស៊ីរី ដែលអាចគំរាមដល់អាយុជីវិតរបស់ប្រជាជនស៊ីរីដែលមិនកាន់សាសនាអ៊ីស្លាម។
រដ្ឋាភិបាលស៊ីរីរបស់លោក បាស្ហា អាល់អាសាដ ដួលរលំកាលពីចុងសប្តាហ៍កន្លងទៅ។ បណ្តាអ្នកទោស ដែលជាប់ឃុំក្រោមរបបចាស់ និងក្រុមភេរវជន ដែលជាប់ឃុំក្នុងមន្ទីរពន្ធនាគារ ត្រូវដោះលែងឲ្យមានសេរីភាព ជាបន្តបន្ទាប់។ ការណ៍នេះ បង្កជាក្តីព្រួយបារម្ភថ្មី ចំពោះការរីករាលដាលចលនាអ៊ីស្លាមជីហាត។
នៅក្នុងដំណើរជួសជុលឡើងវិញ ព្រះវិហារគ្រិស្តសាសនាបុរាណ Notre-Dame de Paris ដែលបានរងការខូចខាត ខ្ទេចខ្ទាំ ក្នុងអគ្គិភ័យដ៏ធំមួយ កាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៩ កន្លងទៅ ស្ថាបត្យករជនជាតិម៉ិកស៊ិកម្នាក់ បានប្រើបច្ចេកវិទ្យាទំនើប ចុងក្រោយបង្អស់ ដើម្បីធានានូវសុក្រិតភាព និង គុណភាព នៃការងារ ស្រោចស្រង់ សំណង់សាសនាកាតូលិកខាងលើ ដែលមានអាយុជាង ៨ សតវត្សរ៍។
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីប្រកាសហាមមិនឲ្យលក់ ឬផ្សព្វផ្សាយផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និងជុំវិញបរិវេណសាលារៀនដល់សិស្សសាលា។ ការហាមប្រាមជាថ្មីនេះធ្វើឡើង បន្ទាប់ពីក្រសួងអប់រំបានមើលឃើញថា សេចក្តីណែនាំជាហូរហែកន្លងមកមិនមានការអនុវត្តដោយប្រសិទ្ធភាពនោះទេ។
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ជាថ្ងៃចុងក្រោយនៃការដាក់កំហិតរបស់លោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃឱ្យក្រុមអ្នកផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់បញ្ឈប់សកម្មភាពផ្សព្វផ្សាយលើបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានាជាបន្ទាន់។ ក្រសួងមហាផ្ទៃបានបញ្ជាក់នៅថ្ងៃទី១១ ធ្នូថា បើក្រសួងរកឃើញនៅមានបន្ដផ្សព្វផ្សាយចាប់ពីថ្ងៃទី១១ ធ្នូនេះទៀត អាជ្ញាធរមានសមត្ថកិច្ចនឹងចាប់ខ្លួនអ្នកពាក់ព័ន្ធទាំងអស់ដោយគ្មានការលើកលែង រួមទាំងបិទមធ្យោបាយផ្សព្វផ្សាយមិនឱ្យដំណើរការ។
ក្រសួងការបរទេសបារាំង និងអាល្លឺម៉ង់បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី ១០ ធ្នូ ឆ្នាំ២០២៤ នៅក្នុងស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ។ នាឱកាសនោះ ក្រសួងការបរទេសបារាំង និងអាល្លឺម៉ង់បានផ្តល់ពានរង្វាន់សិទ្ធិមនុស្ស និងនីតិរដ្ឋឆ្នាំ ២០២៤ ដល់អ្នកស្រីម៉ៅ ម៉ាប់ នាយកប្រតិបត្តិនៃអង្គការក្លាហាន និងធ្លាប់ជាអ្នកការពារសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងកុមារនៃអង្គការអាដហុក។ នេះជាពានរង្វាន់ពិភពលោកដែលអបអរសាទរ និងទទួលស្គាល់ស្នាដៃរបស់ស្ត្រីកម្ពុជាក្នុងផ្នែកការពារសិទ្ធិស្រី្ត និងយែនឌ័ររយៈពេលជិត ២០ឆ្នាំកន្លងទៅនេះ៕
ក្នុងរយៈពេល២ថ្ងៃជាប់គ្នាមកនេះ កងទ័ពចិន បានប្រើយន្តហោះចម្បាំង និងនាវាចម្បាំងជាច្រើនសិបគ្រឿង មកក្រវែលឡោមព័ទ្ធតៃវ៉ាន់។ នេះបើផ្អែកតាមការអះអាង របស់ក្រសួងការពារជាតិតៃវ៉ាន់ នៅព្រឹកថ្ងៃពុធ ទី១១ធ្នូនេះ។ សម្រាប់តៃវ៉ាន់ នេះគឺជាសកម្មភាពបង្ករឿងពីសំណាក់ចិន ធ្វើឲ្យតំបន់កាន់តែឈានចូលទៅក្នុងអស្ថិរភាព និងអសន្តិសុខ។
នៅកូរ៉េខាងត្បូង កងកម្លាំងនគរបាលស៊ើបអង្កេតពិសេស បានចូលឆែកឆេរការិយាល័យប្រធានាធិបតី លោក យូន ស៊ុកយោល និងការិយាល័យមេប៉ូលិសក្រុងសេអ៊ូល។ មេប៉ូលិសធំៗ២នាក់ ត្រូវចាប់ឃាត់ខ្លួន ជាផ្លូវការ នៅថ្ងៃពុធ ទី១១ធ្នូ។ ចំណែកឯ អតីតរដ្ឋមន្ត្រីការពារជាតិ ដែលបានចូលរួមក្នុងសកម្មភាពអនុវត្តច្បាប់អាជ្ញាសឹក បែរជាប៉ុនប៉ងធ្វើអត្តឃាត។
នៅថ្ងៃទី១០ ធ្នូដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ សង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន១៤ស្ថាប័នបានទទូចឱ្យអាជ្ញាធរកម្ពុជាស្វែងរកយុត្តិធម៌ចំពោះការស្លាប់របស់អ្នកកាសែតម្នាក់ឈ្មោះ ឈឿង ឈឹង ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីសប្តាហ៍មុន។ ការទទូចរបស់ក្រុមសង្គមស៊ីវិលទាំងនេះដោយសារតែពួកគេមិនអាចទទួលយកបានឡើយនូវការអះអាងរបស់អាជ្ញាធរខេត្តសៀមរាបដែលថា ការបាញ់អ្នកកាសែត ឈឿង ឈឹង គឺជាទំនាស់បុគ្គល។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ចេញផ្សាយថ្ងៃទី១ ធ្នូ ឆ្នាំ ២០២៤ បង្ហាញថា នៅឆ្នាំ ២០២៣ កម្ពុជាមានអ្នកឆ្លងមេរោគអេដស៍ថ្មីមានចំនួន ១.២០០នាក់ ក្នុងនោះ ៨៦% នៅក្នុងចំណោមអ្នកឆ្លងថ្មីជាប្រជាជនគន្លឹះ។ មួយវិញទៀត ក្នុងចំណោមអ្នកឆ្លងថ្មីមាន ៤៦% ជាបុរសរួមភេទជាមួយបុរស និងមានក្រុមអ្នកបំប្លែងភេទដល់ទៅ ៩៩%។ គិតសរុបត្រឹម ឆ្នាំ២០២៣ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៦.០០០នាក់។ តាមរបាយការណ៍ដដែល អត្រាអ្នកឆ្លងថ្មីមានការថយចុះ៤៦% នៅក្នុងចំណោមមនុស្សវ័យពី១៥ ដល់ ៤៩ឆ្នាំ។ តើកម្ពុជាអាចសម្រេចគោលដៅបញ្ចប់ការឆ្លងមេរោគអេដស៍នៅត្រឹមឆ្នាំ២០២៥ បានដែរ ឬទេ?
សង្គ្រាមស៊ីវីលនៅស៊ីរី ដែលបានចាប់ផ្តើមតាំងតែពីឆ្នាំ២០១១ បានរុញច្រានប្រជាជនស៊ីរីចំនួនប្រមាណ១៣លាននាក់ ឲ្យភៀសខ្លួលចោលផ្ទះសម្បែង និងខ្លះភៀសខ្លួនទៅប្រទេសផ្សេង។ នៅទីបំផុត របបផ្តាច់ការស៊ីរីដឹកនាំដោយ បាស្ហា អាល់អាសាដ បានដួលរលំទាំងស្រុងហើយ កាលពីថ្ងៃអាទិត្យទី៨ធ្នូ បន្ទាប់ពីក្រុមឧទ្ទាមស៊ីរី វាយសម្រុកយ៉ាងលឿនរហ័ស។ របបបាស្ហាដួលរលំ បានចោទជាសំណួរ ថាតើជនភៀសខ្លួនស៊ីរីជាច្រើនលាននាក់ទាំងនោះ នឹងត្រឡប់ចូលស្រុកវិញឬយ៉ាងណា ខណៈស្ថានការណ៍ហាក់មិនទាន់ប្រាដកប្រជានៅឡើយនៅស៊ីរី។
នៅទីក្រុងអូស្លូ ប្រទេសន័រវែស ថ្នាក់ដឹកនាំ៣រូបរបស់អង្គការជប៉ុន នីហុន ហ៊ីដានគ្យោ Nihon Hidankyo ដែលធ្វើការតស៊ូមតិប្រឆាំងនឹងអាវុធនុយក្លេអ៊ែរបានឡើងទទួលរង្វាន់ណូបែលសន្តិភាព នៅក្នុងកម្មវិធីដ៏អធិកអធមក្រោមព្រះរាជអធិបតីភាពរបស់ព្រះរាជាន័រវែស។ ជាថ្មីម្តងទៀត ជនរងគ្រោះ និងអ្នករួចរស់ជីវិតពីមហាសោកនាដកម្មដោយសារគ្រាប់បែកនុយក្លេអ៊ែរបានទទូចសុំឲ្យគ្រប់ប្រមុខរដ្ឋលុបបំបាត់ កុំឲ្យអាវុធប្រល័យលោកមានវត្តមាននៅលើផែនដី។
ថ្ងៃអង្គារទី១០ធ្នូនេះ គឺជាទិវាសិទ្ធិមនុស្សលើកទី៧៦។ អង្គការសង្គមស៊ីវិលមួយចំនួន បានរៀបចំកម្មវិធីជួបជុំមួយនៅថ្ងៃអង្គារនេះ ដោយលើកឡើងពីក្តីបារម្ភទាក់ទងនឹងការគោរពសិទ្ធិមនុស្ស ដោយរួមមានទាំងសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធសហជីព សេរីភាពសារព័ត៌មាន។ ល។ ពួកគេអះអាងថា ការអនុវត្តសិទ្ធិរបស់ពលរដ្ឋកាន់តែរឹតត្បិត ជាពិសេសទៅលើសិទ្ធិនៃការជួបជុំ និងសិទ្ធិនយោបាយ។ តើការគោពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែរួមតូចមែនឬ?
អតីតមេដឹកនាំក្រុមអាវលឿងថៃ លោក Sondhi Limthongkul នៅថ្ងៃទី០៩ ខែធ្នូ បានប្រកាសដាក់ឱសានវាទឱ្យរដ្ឋាភិបាលថៃត្រូវតែលុបចោលអនុស្សារណៈនៃការយោគយល់(MOU) ស្តីពីការអភិវឌ្ឍរួមគ្នា នៅតំបន់OCA កាលពីឆ្នាំ២០០១ រវាងកម្ពុជា និងថៃ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post អតីតមេដឹកនាំបាតុករក្រុមអាវលឿងរូបនេះតម្រូវឱ្យរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ ត្រូវឆ្លើយតបនឹងសំណើទាមទារនេះក្នុងរយៈពេល១៥ថ្ងៃ។ បើមិនដូច្នេះទេ រដ្ឋាភិបាលរបស់លោកស្រីផេ ថងថាន ស៊ីណាវ៉ាត់នឹងអាចប្រឈមនឹងបាតុកម្មប្រឆាំងរបស់ក្រុមអាវលឿង ដូចឪពុកលោកស្រី។
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ ជាទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៧៦។ នៅកម្ពុជា ក្រុមយុវជនដែលជាគ្រួសាររបស់អ្នកជាប់ឃុំ បានយកឱកាសនៃថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សនេះ លើកបដាទាមទារ ទទូចឲ្យអាជ្ញាធរដោះលែងសាច់ញាតិរបស់ពួកគេ ដែលរួមមាន សកម្មជនបរិស្ថាន ប្រធានសមាគមនិស្សិត និងយុវជនដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធគម្រោងបាតុកម្មប្រឆាំងCLV។ ក៏ប៉ុន្តែ សមត្ថកិច្ចបានរារាំងក្រុមយុវជនទាំងនោះមិនឲ្យធ្វើដំណើរទៅអុជធូបនៅព្រះអង្គដងកើ តាមការប៉ុនប៉ងរបស់ពួកគេ។
ក្រមាខ្មែរទើបត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោក នៃអង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្រមាខ្មែរចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ ជាមោទនភាពជាតិមួយចំពោះប្រជាជនកម្ពុជា ដែលតែងតែរំពឹងចង់បានជាយូរមកហើយ។ ចំពោះអ្នកតម្បាញក្រមាផ្ទាល់ ក្រមាខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌរបស់យូណេស្កូ គឺជារឿងដ៏ស័ក្ដិសម ដោយហេតុថា ក្រមាខ្មែរមានអាយុកាល និងប្រវត្តិកាលគ្រប់គ្រាន់សម្រាប់ឱ្យគេចុះក្នុងបញ្ជីពិភពលោក។
២ថ្ងៃក្រោយការដួលរលំ នៃរបបដឹកនាំ បាស្ហា អាល់អាសាដ នៅស៊ីរី កងទ័ពអ៊ីស្រាអែលបានសំរុកបើកប្រតិបត្តិការវាយប្រហារ ទៅលើទីតាំងយោធារបស់កងទ័ពស៊ីរីជាច្រើនកន្លែង។ ផ្អែកតាមប្រភពពីអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ការវាយប្រហាររបស់អ៊ីស្រាអែលនេះ គឺដើម្បីកំទេចអាវុធនិងសម្ភារៈយោធា កុំឲ្យវាធ្លាក់ទៅក្នុងដៃក្រុមឧទ្ទាមជីហាតដែលអាចនឹងមកគ្រប់គ្រងស៊ីរី។ ប្រភពផ្សេងទៀត បានអះអាងថាកងទ័ពអ៊ីស្រាអែល បានរុលចូលទឹកដីស៊ីរី ទៅកៀកនឹងរដ្ឋធានីដាម៉ាសថែមទៀតផង។
ការដួលរលំរបបផ្តាច់ការស៊ីរីរបស់លោកបាស្ហា អាល់អាសាដជាការទះកំភ្លៀងមួយយ៉ាងធំចំពោះ រុស្ស៊ី និងអ៊ីរ៉ង់ សម្ព័ន្ធមិត្តដែលតែងតែជ្រោមជ្រែងជួយលោកបាស្ហា អាល់អាសាដ ទាំងផ្នែកហិរញ្ញវត្ថុ និងយោធា នៅក្នុងជម្លោះប្រយុទ្ធតទល់ជាមួយក្រុមប្រឆាំងប្រដាប់អាវុធ។ នៅក្នុងកាលៈទេសៈដែលក្រុមឧទ្ទាមប្រដាប់អាវុធ ប្រយុទ្ធយកឈ្នះ ចូលកាន់កាប់រដ្ឋធានី ដាម៉ាស រហូតធ្វើឲ្យលោកប្រធានាធិបតីស៊ីរីរត់គេចខ្លួនទៅជ្រកកោននៅ ម៉ូស្គូ រុស្ស៊ី និងអ៊ីរ៉ង់បាត់បង់ទាំងស្រុងឥទ្ធិពលរបស់ខ្លួននៅស៊ីរី ។ តួកគីឯណោះវិញដែលជាប្រទេសជិតខាង និងជាអ្នកគាំទ្រក្រុមឧទ្ទាមមួយក្នុងចំណោមសម្ព័ន្ធឧទ្ទាមប្រឆាំងផ្តួលរំលំអំណាចរបស់លោកបាស្ហា អាល់អាសាដ ស្រាប់តែមានទឹកមាត់ប្រៃ និងអាចជាអ្នកមានឥទ្ធិពលខ្លាំងនៅស៊ីរី ដោយដណ្តើមកន្លែងរបស់រុស្ស៊ី និងអ៊ីរ៉ង់។
ស្ថាប័នយុត្តិធម៌ហិរញ្ញវត្ថុអាស៊ី ឬហៅថា Fair Finance Asia បានចេញផ្សាយរបាយការណ៍វាយតម្លៃមួយស្តីពីស្ថានភាពវិស័យធនាគារនៅតំបន់អាស៊ីដោយកំណត់យកធនាគារធំៗចំនួន១៥ពីប្រទេសចំនួន៥ ហើយក្នុងនោះក៏មានធនាគារចំនួន៣កំពុងធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា។ ក្នុងរបាយការណ៍នោះ ស្ថាប័នយុត្តិធម៌ហិរញ្ញវត្ថុអាស៊ីបានរំលេចឱ្យឃើញពីភាពវិជ្ជមាននៃវិស័យធនាគារនៅកម្ពុជា ដែលបានខិតខំប្រឹងប្រែងអប់រំផ្នែកអក្ខរកម្មហិរញ្ញវត្ថុដល់អតិថិជន។ តែបញ្ហានៅត្រង់ថា វិស័យធនាគារនៅកម្ពុជាកង្វះតម្លាភាព និងគណនេយ្យភាព។
សហគមន៍នេសាទព្រែកត្នោត ជាកន្លែងការពារព្រៃកោងកាងពីការកាប់បំផ្លាញ និងដាំស្ដារឡើងវិញ។ លើសពីនេះទៀត សហគមន៍មួយនេះ ក៏ជាកន្លែងអភិរក្សធនធានជីវៈចម្រុះក្នុងសមុទ្រដូចជា ផ្កាថ្ម ស្មៅសមុទ្រ ផ្សោតពណ៌ផ្កាឈូក ជ្រូកទឹក និងអណ្តើកសមុទ្រជាដើម។ ទោះបីជាសម្បូរទៅដោយធនធានដែលជាសក្តានុពលទេសចរណ៍យ៉ាងណាក្តី ក៏ពលរដ្ឋក្នុងសហគមន៍ទាំងមូល មិនទាន់អាចមានលទ្ធភាពបង្កើនជីវភាពរបស់ខ្លនតាមរយៈការពង្រឹងសកម្មភាពទេសចរណ៍ក្នុងសហគមន៍នៅឡើយ។ ដូចនេះហើយបានជា លោកស្រី យ៉ែម សុភា អនុប្រធានសហគមន៍នេសាទព្រែកត្នោត អំពាវនាវស្វែងរកដៃគូអភិវឌ្ឍន៍ សហគមន៍នេសាទទៅជាទិសដៅទេសចរណ៍ដ៏ពេញលេញមួយ។
ស៊ីរីកំពុងតែបើកទំព័រប្រវត្តិសាស្ត្រថ្មី ក្រោយពីក្រុមឧទ្ទាមប្រដាប់អាវុធ បានផ្តួលរំលំរបបដឹកនាំលោក បាស្ហា អាល់អាសាដ ដែលវង្សត្រកូលឪកូន កាន់អំណាចផ្តាច់ការ ប្រមាណ៥០ឆ្នាំ។ នៅពេលនេះ សហគមន៍អន្តរជាតិជាច្រើនប្រទេស នាំគ្នាសម្តែងឆន្ទៈចង់ចូលរួមជ្រោមជ្រែងកសាងស្តារ ស៊ីរី ឡើងវិញ។ ក៏ប៉ុន្តែ ប្រទេសនេះ ត្រូវតែផ្តាច់ខ្លួនពីគំនិតអ៊ីស្លាមជ្រុលនិយម។
គណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ បានចាប់ផ្តើមបំពេញការងាររបស់ខ្លួនពេញលេញចាប់ពីពេលនេះទៅ បន្ទាប់ពីគណៈកម្មការមួយនេះត្រូវបានបង្កើតឡើងដោយប្រមុខរដ្ឋាភិបាលកម្ពុជាកាលពីខែកញ្ញាកន្លងទៅ។ លោកបណ្ឌិត រ័ត្ន សណ្តាប់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកជំនាញខាងអារ្យធម៌ខ្មែរ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះថា ការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរនេះ មានសារសំខាន់ណាស់។ តាមលោកបណ្ឌិត រ័ត្ន សណ្តាប់ ការស្រាវជ្រាវគឺជាការប្រមូលផ្តុំឡើងវិញនូវយុទ្ធគុនដូនតាខ្មែរ ដែលបានបាត់បង់ដោយមូលហេតុផ្សេងៗពីអតីតកាល ឲ្យមានការឯកភាពគ្នានៅក្នុងក្បាច់គុនបុរាណខ្មែរ។ សូមស្តាប់ការលើកឡើងរបស់លោកបណ្ឌិត រ័ត្ន សណា្តប់ ដែលរៀបចំដោយ ញឹម សុផល៖
ល្ងាចថ្ងៃ អាទិត្យទី ៨ ខែធ្នូ ឆ្នាំ ២០២៤ បើផ្អែកតាមបណ្តាញព័ត៌មាននានាក្នុងប្រទេសរុស្ស៊ី ដែលដកស្រង់សំដីចេញពីប្រភពមួយ នៃវិមានក្រេមឡាំង លោក បាស្ហា អាល់អាសាដ និង ក្រុមគ្រួសារ បានធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូ បន្ទាប់ពីចលនាបះបោរ យ៉ាងគំហុក បានវាយផ្តួលរំលំ រដ្ឋាភិបាលរបស់ មេដឹកនាំស៊ីរី រូបនេះ ដែលបានក្តោបក្តាប់អំណាច តាំងពីឆ្នាំ ២០០០។
នៅថ្ងៃទី៩ ខែធ្នូនេះ អង្គការ លីកាដូ និងអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ (KTNC Watch) បានដាក់ពាក្យបណ្តឹងទៅកាន់ក្រុមការងារនៃអង្គការសហប្រជាជាតិ ផ្នែកធុរកិច្ច និងសិទ្ធិមនុស្ស និងទៅកាន់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិចំនួន៤រូបផ្សេងទៀត ដោយលើកឡើងអំពីការអនុវត្តកម្ចីបែបកេងប្រវ័ញ្ច និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា។ ពាក្យបណ្តឹងនេះ ទាក់ទងនឹងសកម្មភាព របស់គ្រឹះស្ថានហិរញ្ញវត្ថុ រួមមាន KB Financial Group ធនាគារអភិវឌ្ឍន៍រដ្ឋហូឡង់ FMO ធនាគារ LOLC និងអ្នកវិនិយោគរដ្ឋ និងឯកជនផ្សេងទៀត។ ហេតុអ្វីបានជាការផ្តល់កម្ចីមួយចំនួននៅកម្ពុជាត្រូវបានរកឃើញថា មានការកេងប្រវ័ញ្ច និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ?
សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ដែលមានព្រះជន្ម ១០០ព្រះវស្សា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ថ្វាយព្រះថានៈជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីនៃប្រទេសកម្ពុជា។ ការថ្វាយព្រះឋានៈដល់ សម្តេច នន្ទ ង៉ែត ពេលនេះ ធ្វើឡើងក្រោយសម្តេចព្រះសង្ឃរាជ ទេព វង្ស បានចូលទិវង្គតកាលពីខែកុម្ភៈ ឆ្នាំ២០២៤។
បន្ទាប់ពីប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកពីសំណាក់លោកប្រធានាធិបតីកូរ៉េខាងត្បូង កាលដើមសប្តាហ៍មុន ដែលធ្វើឲ្យកូរ៉េខាងត្បូងធ្លាក់ក្នុងភាពចលាចលនយោបាយ គណបក្សរបស់លោក យូន សុកយោល ស្នើសុំនៅថ្ងៃអាទិត្យ ទី៨ធ្នូនេះ ឲ្យលោកដកខ្លួនចេញពីគណបក្សតាមសម្រួល។ នៅថ្ងៃដដែលនេះ ប្រធានគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំជាងគេ បានឲ្យដឹងថាគណបក្សរបស់លោកនឹងព្យាយាមឲ្យរដ្ឋសភាបោះឆ្នោតទម្លាក់លោក យូន សុកយោល ម្តងទៀត នៅសប្តាហ៍ក្រោយ។