« អវតារ » ជាគ្រឹះស្ថានបោះពុម្ពផ្សាយសៀវភៅដែលបង្កើតឡើងដោយអ្នកស្រីហួត សុជាតា។ តែមុននឹងបង្កើតគ្រឹះស្ថានមួយនេះដោយខ្លួនឯង អ្នកស្រីក៏ជាអ្នកបកប្រែសៀវភៅអក្សរសិល្ប៍បរទេស ជាអ្នកនិពន្ធ និងជាអ្នកគ្រប់គ្រងការបាះពុម្ភផ្សាយសៀវភៅម្នាក់ដែលធ្លាប់មានបទពិសោធន៍ជាង១០ឆ្នាំនៅអង្គការស៊ីប៉ា។ សម្រាប់សុជាតា គ្រឹះស្ថានបោះពុម្ពផ្សាយអវតារមានគោលបំណងសំខាន់ពាំនាំមកនូវសៀវភៅប្លែកៗដែលមានគុណភាពជាងបរិមាណ។ គ្រឹះស្ថានអវតារមានទាំងសៀវភៅឈុតឆាករូបភាព និងសៀវភៅប្រលោមលោកដែលរួមមានប្រភេទបែបស៊ើបអង្កត វិទ្យាសាស្ត្រ ចិត្តសាស្ត្រ សង្គម និងសក្ខីកម្មបែបប្រវត្តិសាស្ត្រផងដែរ៕
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងប្រៃសណីយ៍ និងទូរគមគមន៍បានអះអាងពីការខិតខំដោះស្រាយបញ្ហាខ្សែកាបលើអាកាស និងសេវាអ៊ីនធ័រនែតទូរសព្ទនៅកម្ពុជា។ ការបញ្ជាក់របស់ក្រសួងប្រៃសណីយ៍ និងទូរគមគមន៍នាពេលនេះធ្វើឡើង បន្ទាប់ពីមានការផ្សព្វផ្សាយជាច្រើនស្តីពីផលលំបាក និងគ្រោះថ្នាក់បង្កដោយបញ្ហាខ្សែកាបលើអាកាស និងសេវាសេវាអ៊ីនធ័រនែតទូរសព្ទតាមលំនៅឋាន។
ថ្ងៃពុធទី ១៨ ខែធ្នូ អាជ្ញាធររុស្ស៊ី បានប្រកាសថា ជនដែលធ្វើឃាតមេទ័ពរុស្ស៊ី លោក Igor Kirillov នៅថ្ងៃ ទី ១៧ ខែធ្នូ ក្នុងទីក្រុងម៉ូស្គូ ដោយបំផ្ទុះគ្រាប់បែក គឺជាពលរដ្ឋសញ្ជាតិ អ៊ូសបេគីស្ថាន ដែលជាប្រទេសកាន់សាសនាអ៊ីស្លាម ស្ថិតក្នុងតំបន់ អាស៊ីកណ្តាល និង ជាអតីតសមាជិក នៃសភាពសូរៀត។
បន្ទាប់ពីត្រូវបានសមាជិកសភាបោះឆ្នោតទម្លាក់ពីមុខតំណែង លោកប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកសោល ត្រូវបានទីភ្នាក់ងារប្រឆាំងអំពើពុករលួយ កោះហៅឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺ ទាក់ទិននឹងសំណុំរឿងប៉ុនប៉ង់ប្រើច្បាប់អាជ្ញាសិក។ ក៏ប៉ុន្តែ លោកយូន សុកយោល មិនបានមានវត្តមានបង្ហាញខ្លួន ទៅតាមការកោះហៅទេ កាលពីថ្ងៃពុធ ទី១៨ធ្នូ។ ករណីនេះ អាចជាកំហុសធ្ងន់មួយបន្ថែមទៀត របស់លោកយូន សុកយោល។
ថែទាំសុខភាពសាច់ដុំ ជាប្រការចាំបាច់ខ្លាំងណាស់ មិនសម្រាប់តែសុខភាពផ្លូវកាយមួយមុខទេ។ សុខភាពខួរក្បាល បញ្ញាញាណ និងការចងចាំល្អ ក៏ត្រូវការទម្រពីសាច់ដុំដែរ។ បើតាមការសិក្សាចុងក្រោយរបស់អាមេរិក មានសុខភាពសាច់ដុំល្អ ជួយចូលរួមចំណែកលើកកម្ពស់សុខភាពខួរក្បាលនិងជួយកាត់បន្ថយគ្រោះភ្លេចភ្លាំង។
សហភាពអឺរ៉ុបនឹងផ្តល់កញ្ចប់ថវិកាថ្មី ចំនួន១ពាន់លានដុល្លារទៅឲ្យតួកគី ដើម្បីជួយដល់ជនភៀសខ្លួនស៊ីរី ជាច្រើនលាននាក់ដែលកំពុងស្ថិតនៅតួកគី។ គួរបញ្ជាក់ថា នៅក្នុងបរិបទក្រោយការដួលរលំ នៃរបបដឹកនាំ បាស្ហា អាល់អាសាដ សហភាពអឺរ៉ុបក៏ដូចជាអង្គការសហប្រជាជាតិ មិនទាន់ចង់ឃើញជនភៀសខ្លួនស៊ីរី សំរុកនាំគ្នាត្រឡប់ចូលស្រុកវិញឡើយ នៅពេលនេះ ព្រោះថាស៊ីរីកំពុងតែស្ថិតនៅក្នុងស្ថានភាពស្រពិចស្រពិលនៅឡើយ។
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា លោកហ៊ុន សែនបានបង្ហោះសារនយោបាយហូរហែទាក់ទងនឹងពាក្យ « ផ្ការីក »។ ពាក្យ « ផ្ការីក » ដែលគេយល់ឃើញថាជាយុទ្ធនាការនយោបាយមួយថ្មីរបស់លោកសម រង្ស៊ី ប្រធានអតីតគណបក្សសង្រ្គោះជាតិ និងជាអ្នកនយោបាយប្រឆាំង។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានមើលឃើញពីការឌឺដងគ្នារវាងអ្នកនយោបាយចាស់វស្សាទាំង ២នាក់ គឺលោក ហ៊ុន សែន និងលោក សម រង្ស៊ីជុំវិញយុទ្ធនាការ «ផ្ការីក»។
វិវាទការងាររវាងបុគ្គលិក និងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍រយៈពេល ៣ឆ្នាំកន្លងទៅនេះនៅមិនទាន់អាចដោះស្រាយបានដោយសន្តិវិធីនៅឡើយទេ។ នេះបើតាមសេចក្តីថ្លែងការណ៍ស្តីពីខួប៣ឆ្នាំ «ភាពអយុត្តិធម៌នៅតែបន្តនៃការធ្វើកូដកម្មរបស់កម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍» ដែលវិទ្យុបារាំងអន្តរជាតិ RFI ទទួលបាននៅថ្ងៃទី១៨ ធ្នូនេះ។ តាមសេចក្តីថ្លែងការណ៍ ក្រុមកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍បញ្ជាក់ថា គឺមានរយៈពេល ៣ឆ្នាំមកហើយ ពោលតាំងពីថ្ងៃទី១៨ ធ្នូ ឆ្នាំ ២០២១ ដែលពួកគេបានចេញធ្វើកូដកម្មទាមទាររកយុត្តិធម៌ និងការពារសិទ្ធិការងារ។
ស្ថានទូតចិនប្រចាំកម្ពុជាចេញមុខមកបញ្ជាក់ថា រដ្ឋាភិបាលចិនមិនបានផ្អាកការផ្តល់កម្ចីឲ្យកម្ពុជាទេ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាង វេនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានៅថ្ងៃទី១៧ ធ្នូ ដោយអះអាងបន្ថែមថា ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានអះអាងក្នុងថ្ងៃទី១៧ ធ្នូថា ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោកស្រី Bridgette L. Walker បានស្នើឱ្យលោកចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាពនៅប្រទេសកម្ពុជា។ តាមលោកហ៊ុន សែន ក្រៅពីស្នើសុំបទពិសោធន៍ លោកស្រី Bridgette L. Walker ក៏បានរំលេចក្តីព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីបទល្មើសឆបោកអនឡាញដោយលើកហេតុផលថា វាបានជះឥទ្ធិពលមិនល្អដល់បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចនៅកម្ពុជា និងនៅក្នុងតំបន់។
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៤នេះ អង្គការសង់ត្រាល់បានប្រារព្ធទិវាពលករចំណាកស្រុកអន្តរជាតិលើកទី២៥ ក្រោមប្រធានបទ «ផ្ដល់ភាពស្របច្បាប់ និងកិច្ចគាំពារសង្គមដល់ពលករ»។ ព្រឹត្តិការណ៍នេះធ្វើឡើងនៅទីតាំងចំនួន៤ ក្នុងខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃ។ លោក សៀប សីហា អ្នកសម្របសម្រួលមជ្ឈមណ្ឌលធនធានពលករ និងទេសន្តរប្រវេសន៍ បានលើកឡើងថា ពលករខ្មែរនៅតែធ្វើចំណាកស្រុកដោយប្រថុយប្រថាន បើទោះជាពួកគេមួយចំនួនទទួលបានការអប់រំផ្សព្វផ្សាយពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពក៏ដោយ។ តាម លោក សៀប សីហា ដែលបានស្រង់សម្តីពលករខ្មែរខ្លះឲ្យដឹងថា មូលហេតុចំបងនៃការធ្វើចំណាកស្រុករបស់ពួកគេគឺស្វែងរកប្រាក់ដើម្បីដោះបំណុល៕
ចាប់តាំងពីក្រុមឧទ្ទាមប្រដាប់អាវុធផ្តួលរំលំរបបបាស្ហាអាល់អាសាដ និងចូលកាន់អំណាចដឹកនាំរដ្ឋាភិបាលអន្តរកាលនៅស៊ីរី ថ្នាក់ដឹកនាំប្រទេសលោកខាងលិច ដែលនៅក្នុងនោះមានសហរដ្ឋអាមេរិកបានបោះដៃ ជាមួយថ្នាក់ដឹកនាំថ្មីរបស់ស៊ីរី។ នៅថ្ងៃអាទិត្យទី១៥ធ្នូ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិធ្វើដំណើរទៅដល់រដ្ឋធានីដាម៉ាស ក្នុងខណៈពេលដែលបារាំង និងតួកគី នៅដើមសប្តាហ៍នេះបានត្រលប់ទៅបង្ហូតទង់ជាតិនៅស្ថានទូតរៀងៗខ្លួនបន្ទាប់ពីអវត្តមានជាង១០ឆ្នាំ នៅស៊ីរី។ ក្រោយពីរបបបាស្ហា អាល់អាសាដដួលរលំ សម្ព័ន្ធមិត្តរុស្ស៊ី និងអ៊ីរ៉ង់ដកខ្លួនថយ ចំណែក អាមេរិក និងអង់គ្លេសប្រកាសភ្ជាប់ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំស៊ីរីថ្មី ដែលគ្មានអ្នកណាក្រៅពីក្រុមប្រដាប់អាវុធអ៊ីស្លាមជ្រុលនិយម Hayat Tahrir Al-Sham ដែលអាមេរិកនៅតែចាត់ទុកជាក្រុមភេរវនិយម និងស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
សកម្មភាពទេសចរណ៍នៅលើតំបន់ទេសចរណ៍កោះរ៉ុងមានភាពមមាញឹកគួរឱ្យកត់សម្គាល់ បន្ទាប់ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរមកលេងកម្សាន្តជាបន្តបន្ទាប់ឥតដាច់។ អាជីវករលក់ដូរម្ហូបអាហារ និងអ្នកផ្តល់សេវាកម្មកម្សាន្តនៅលើកោះរ៉ុងមួយចំនួន ត្រេកអរ សប្បាយចិត្ត ពីព្រោះភ្ញៀវទេសចរ គឺជាដង្ហើមសេដ្ឋកិច្ចរបស់ពួកគេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ អាជីវករ និងអ្នកផ្តល់សេវាកម្មកម្សាន្តទទូចឱ្យអាជ្ញាធរកំណត់តម្លៃលក់ និងតម្លៃកញ្ចប់សេវាទេសចរណ៍រួមមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសបង្កាទប់ស្កាត់ការបំប៉ោងតម្លៃហួសកម្រិតដែលធ្វើឱ្យភ្ញៀវមិនសប្បាយចិត្ត។
ក្រសួងការបរទេសឥណ្ឌូណេស៊ីបង្ហាញក្តីកង្វល់កាន់តែខ្លាំងឡើង ចំពោះកំណើនពលរដ្ឋឥណ្ឌូណេស៊ី ចេញមកបម្រើការងារល្បែងអនឡាញខុសច្បាប់នៅកម្ពុជា។ តាមការចុះផ្សាយរបស់សារព័ត៌មាន The Jakarta Globe ចុះថ្ងៃទី១៦ធ្នូ ក្នុងឆ្នាំ២០២៤នេះ ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជាបានដោះស្រាយករណីផ្លូវច្បាប់ក្នុងសំណុំរឿងល្បែងអនឡាញខុសច្បាប់ ជិត ៨០% នៃករណីសរុបជាង ២៣០០។ តាម The Jakarta Globe ដដែល ក្នុងឆ្នាំ២០២៤នេះ ឥណ្ឌូណេស៊ីរកឃើញចរន្តលុយក្នុងពិភពល្បែងអនឡាញជាង ៦១ពាន់លានដុល្លារដែលភាគច្រើនហូរចូលកម្ពុជា និងថៃ។
ព្រឹកថ្ងៃអង្គារទី ១៧ ធ្នូ ក្នុងក្រុងម៉ូស្គូ មេទ័ពរុស្ស៊ីម្នាក់ដែលទទួលបន្ទុកខាងការពារទល់នឹងអាវុធ នុយក្លេអ៊ែរ លោកឧត្តមសេនីយទោ Igor Kirillov បានស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកលាក់ក្នុង ទោចក្រយានយន្ដអគ្គិសនី នៅជាន់ទី១នៃអគារលំនៅគាត់ ដែលមាន៧ជាន់។ នេះបើតាមដំណឹងប្រកាសដោយ គណៈ កម្មាធិការរដ្ឋរុស្ស៊ីខាងស៊ើបអង្កេត។ ឃាតកម្មនេះ ត្រូវបានក្រុងកៀវចេញមុខទទួលស្គាល់ថាជា ស្នាដៃខ្លួន។
អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសមួយ ឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក្នុងករណីជម្លៀសប្រជាពលរដ្ឋចេញពីរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា អះអាងថា អាជ្ញាធរ តែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍប្រកបដោយចីរភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ចំនួន១១២ភូមិ ដែលមានវត្តមានយូរលង់ណាស់មកហើយ ក្នុងតំបន់អង្គរ។
ចាប់តាំងពីមានវិបត្តិជំងឺកូវីដ១៩មក ស្ថានភាពវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា បានជាប់គាំង ពិបាកនឹងងើបស្ទុះឡើងវិញ។ ក្នុងខេត្តព្រះសីហនុ ជាទីដែលមានសំណង់អគារជាច្រើននៅជាប់គាំង មិនដំណើរការតាំងពីសម័យកូវីដ រដ្ឋាភិបាលកម្ពុជា នៅឆ្នាំ ២០២៤បានដាក់ចេញនូវគោលនយោបាយមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តមួយនេះ។ ជាលទ្ធផល កម្មវិធីជំរុញការវិនិយោគពិសេសនៅខេត្តព្រះសីហនុ បានសម្រេចគោលដៅលើសផែនការរបស់ខ្លួនសម្រាប់ការវិនិយោគ និងការបង្កើតការងារ ជាមួយនឹងការវិនិយោគជាង ៦ ពាន់លានដុល្លារ និងបង្កើតការងារជិត ៤ម៉ឺននាក់ ក្នុងរយៈពេលត្រឹមតែ ១១ ខែនៃឆ្នាំ២០២៤។ ទោះជាយ៉ាងណា អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងអ្នកជំនាញសេដ្ឋកិច្ចនៅតែបន្តមើលឃើញការងើបតិចតួចក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដោយហេតុផលផ្សេងៗ ដូចជាវិបត្តិសេដ្ឋកិច្ចសកល និងការវិនិយោគតិចតួចពីបរទេស។
ប្រមុខគណបក្សកាន់អំណាច លោក ហ៊ុន សែន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានសរសេរសារបែបបញ្ឆិតបញ្ឆៀង សំដៅ«យុទ្ធសាស្ត្រផ្ការីក»របស់ លោក សម រង្ស៊ី។ មេដឹកនាំបក្សប្រឆាំងដែលបានបង្កើតយុទ្ធនាការ «ផ្ការីក» នៅតាមបណ្តាញសង្គម កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។ លោក សម រង្ស៊ី និយាយថា «យុទ្ធសាស្រ្តផ្ការីក» ធ្វើឲ្យ លោក ហ៊ុន សែន «វង្វេង» ខណៈមេដឹកនាំប្រទេសមួយចំនួនបានបាត់បង់អំណាចទាំងស្រុង ដោយសារតែយុទ្ធសាស្ត្រផ្ការីក។
អាជ្ញាធរបារាំងនៅថ្ងៃចន្ទនេះ កំពុងញាប់ដៃជើងដើម្បីនាំយកជំនួយបន្ទាន់ទៅជួយប្រជាជននៅលើកោះមែយ៉ុត (Mayotte) ដែនដីនាយសមុទ្ររបស់បារាំងនៅមហាសមុទ្រឥណ្ឌា ដែលបានរងបោកបក់ បំផ្លិចបំផ្លាញដោយខ្យល់ព្យុះកំណាចស្ហ៊ីដូ Chido កាលពីថ្ងៃសៅរ៍ទី ១៤ធ្នូ។ ក្រុមអ្នកជួយសង្រ្គោះកំពុងបារម្ភថា ចំនួនមនុស្សស្លាប់នៅក្នុងគំនរផ្ទះបាក់រលំផ្ទះ អគារនៅក្នុងគ្រោះមហន្តរាយខ្យល់ព្យុះនៅមែយ៉ុត អាចមានច្រើនរាប់រយនាក់ ខណៈប្រជាជននៅលើកោះសឹងទាំងមូលគ្មានទឹក គ្មានភ្លើង និងគ្មានសេវាព្យាបាល ដោយសារតែមន្ទីរពេទ្យរងការខូចខាតដោយសារកម្លាំងខ្យល់ព្យុះ បក់ក្នុងល្បឿន ២២០គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្រសួងការពារជាតិតៃវ៉ាន់ បានប្រកាសនៅថ្ងៃចន្ទ ទី១៦ ធ្នូ ពីការទទួលរថក្រោះ Abrams ពីអាមេរិក ចំនួន ៣៨គ្រឿង ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន ទប់ទល់នឹងការគំរាមកំហែងនិងឈ្លានពាន របស់ចិនឥតឈប់ឈរ។ សកម្មភាពរបស់អាមេរិកនេះ បានធ្វើឲ្យចិនប្រតិកម្មភ្លាមៗ និងបានទទូចឲ្យអាមេរិកបញ្ឈប់ការលក់អាវុធឲ្យតៃវ៉ាន់។
ថ្ងៃអាទិត្យទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ វិមានក្រេមឡាំងបានប្រកាសឲ្យដឹងថា រុស្ស៊ី បានធ្វើមាតុភូមិនិវត្តន៍ មន្ត្រីការទូតមួយចំនួនរបស់ខ្លួន ប្រចាំការនៅស្ថានទូតរុស្ស៊ី ក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី មួយសប្តាហ៍ ក្រោយពីរដ្ឋាភិបោលរបស់លោក បាស្ហា អាល់អាសាដ បានដួលរលំ។
នៅថ្ងៃចន្ទ ទី១៦ធ្នូនេះ ហ្វីលីពីនបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយជាមួយជប៉ុន។ សច្ចាប័ននេះអនុញ្ញាតឲ្យហ្វីលីពីននិងជប៉ុន រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ និងដាក់ពង្រាយកងទ័ពគ្នាទៅវិញទៅមក នៅលើទឹកដីនៃប្រទេសទាំងពីរ ដើម្បីទប់ទល់នឹងការដាក់សម្ពាធ កាន់តែខ្លាំងឡើងៗរបស់ចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិក។
សភាកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍ ទី ១៤ធ្នូបានបោះឆ្នោតទម្លាក់ប្រធានាធិបតី លោក យូន សុកយោល ដែលបានប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹក។ តុលាការធម្មនុញ្ញមានរយៈពេល៦ខែដើម្បីពិចារណា តុលាការ សម្រេចចិត្ត ប៉ុន្តែប្រធានបក្សប្រឆាំងកូរ៉េខាងត្បូង លោកលី ចេម្ញុងបានទាមទារឲ្យតុលាការធម្មនុញ្ញចាត់វិធានការឲ្យបានឆាប់រហ័សបំផុតដើម្បីបិទបញ្ចប់ទុក្ខព្រួយរបស់ប្រជាជនកូរ៉េខាងត្បូង។ ចាប់តាំងពីលឺប្រធានាធិបតីប្រកាសប្រើច្បាប់អាជ្ញាសឹក ប្រជាជនកូរ៉េខាងត្បូងរាប់ម៉ឺននាក់បានចុះថ្នល់ធ្វើបាតុកម្មនៅមុខរដ្ឋសភា ទាមទារឲ្យគេបោះឆ្នោតទម្លាក់លោកយូន សុកយោល ដែលពួកគេចោទថា ជាគ្រោះថ្នាក់ គំរាមកំហែងលទ្ធិប្រជាធិបតេយ្យរបស់កូរ៉េខាងត្បូង។
រដ្ឋាភិបាលអាល្លឺម៉ង់បានអះអាងនៅថ្ងៃអាទិត្យទី១៥ធ្នូនេះថា សមាជិករដ្ឋាភិបាលចាស់របស់ស៊ីរីណាដែលរត់គេចចេញពីប្រទេស តាមមេដឹកនាំផ្តាច់ការ នឹងត្រូវនាំទៅកាត់ទោសនៅតុលាការអាល្លឺម៉ង់ ដើម្បីទទួលទោសទៅតាមកំហុសនៅមុខផ្លូវច្បាប់។ ចំណែកនៅក្នុងផ្ទៃប្រទេសវិញ អន្តរការីអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី ដែលបានទៅដល់ក្រុងដាម៉ាសនៅថ្ងៃអាទិត្យនេះ ប្រកាសចង់ដាក់ឱ្យដំណើរការប្រព័ន្ធយុត្តិធម៌ជាទីទុកចិត្តមួយ នៅស៊ីរី ដើម្បីបញ្ចៀសការសងសឹកគ្នាបង្ហូរឈាម។
សារព័ត៌មានក្នុងស្រុកថៃ The Nation នៅថ្ងៃទី១៣ធ្នូ បានដកស្រង់សម្តីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រី ដែលថា កោះគុតស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ថៃផ្តាច់មុខ១០០% ដោយគ្មានប្រទេសណាផ្សេងអាចទាមទារកាន់កាប់បានឡើយ។ សម្តីរបស់លោក ថាក់ស៊ីន នាំឲ្យអ្នកតាមដានបញ្ហានយោបាយក្នុងស្រុកខ្មែរ យល់ថា ជាការបង្ហាញច្បាស់ៗរបស់ថៃពីចេតនាគ្រប់គ្រងកោះគុតដោយផ្តាច់មុខ ខណៈដែលដែនអធិបតេយ្យភាពរបស់ថៃ ឬកម្ពុជា ទៅលើកោះមួយបន្តស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។ អ្នកតាមដាននយោបាយ យល់ថា រដ្ឋាភិបាលកម្ពុជាមិនអាចបន្តអាកប្បកិរិយាចាស់ទុំ រក្សាភាពស្ងៀមស្ងាត់ ចំពោះបញ្ហាកោះគុតទៀតទេ។ ផ្ទុយមកវិញ គឺត្រូវបញ្ជាក់ប្រាប់ភាគីថៃឲ្យច្បាស់លាស់ថា កម្ពុជាមានសិទ្ធិមួយផ្នែកក្នុងការគ្រប់គ្រងកោះគុត ហើយរុញបញ្ហាមួយនេះទៅកាន់តុលាការអន្តរជាតិជួយដោះស្រាយ។
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ស្នើឲ្យបណ្តាប្រទេសនៅអារ៉ាប់បង្កើនការវិនិយោគនៅកម្ពុជា ព្រោះថា កម្ពុជាមានសន្តិសុខស្បៀង ខណៈប្រទេស៤ទៀតនៅអារ៉ាប់មានសន្តិសុខថាមពល ធនធានហិរញ្ញវត្ថុ និងមានបច្ចេកទេសខ្ពស់ ដែលអាចបំពេញឲ្យគ្នាទៅវិញទៅមក។ ការជំរុញលើកទឹកចិត្តរបស់ លោក ហ៊ុន សែន ធ្វើឡើងក្នុងអំឡុងពេលដែល លោក ទៅបំពេញទស្សនកិច្ច នៅប្រទេសអារ៉ាប៊ីសាអូឌីត រដ្ឋកាតា អេមីរ៉ាតអារ៉ាប់រួម និងសាធារណៈរដ្ឋតួកគី ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៤ បានចេញមកច្រានចោលព័ត៌មានដែលថា «ចិនឈប់ផ្តល់កម្ចីឲ្យកម្ពុជា» ។ ចំពោះក្រសួងសេដ្ឋកិច្ច នេះជាការលើកឡើងដែលបង្កឲ្យមានការយល់ច្រឡំ។ ការច្រានចោលរបស់មន្ត្រីរដ្ឋាភិបាល ធ្វើឡើងក្រោយពី លោក សម រង្ស៊ី បានចំអកឲ្យ លោក ហ៊ុន សែន ថា «បរាជ័យនយោបាយសេដ្ឋកិច្ច» និងថា ចិនលែងឲ្យកម្ពុជាខ្ចីលុយទៀតហើយ។
របរបិតស្រាស ជាផ្នែកមួយនៃទំនៀមទំលាប់ប្រពៃណីខ្មែរ ដែលមានស្ទើរគ្រប់ស្រុកគ្រប់តំបន់ក្នុងប្រទេស។ ស្រាស គឺជាស្រាផលិតចេញពីអង្ករ ដែលពេញនិយមនៅក្នុងចំណោមពលរដ្ឋខ្មែររស់នៅតាមទីជនបទ។ លើសពីនេះទៀត ក៏មានពលរដ្ឋមួយចំនួនធំ បានយកស្រាស ធ្វើជាថ្នាំព្យាបាលជំងឺ ដោយត្រាំនឹងឫសឈើ និងផ្លែឈើផ្សេងៗជាដើម។ បច្ចុប្បន្ននេះ ការបិតស្រាសតាមផ្ទះហាក់ដូចជាថយចុះ ក៏ព្រោះតែអ្នកបិតស្រាមួយចំនួនប្រើប្រាស់ មេតំបែមិនត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ ម្យ៉ាង ទីផ្សារស្រាសមិនសូវទូលំទូលាយ ដោយសារមានការប្រជែងពីទីផ្សារឧស្សាហកម្មស្រាបៀរជាច្រើន។
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានចេញមុខអះអាងថា កោះគុតស្ថិតក្នុងដែនអធិបតេយ្យរបស់ប្រទេសថៃផ្តាច់មុខ ១០០%។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation នៅថ្ងៃទី១៣ ធ្នូ។ លោកថាក់ស៊ីនបានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងកម្មវិធីសិក្ខាសាលាក្រោមគម្រោង «កសាងសមត្ថភាព សមាជិកសភា និងបុគ្គលិកនយោបាយ» របស់គណបក្សភឿថៃ។ បើតាមលោកថាក់ស៊ីន គ្មានប្រទេសណាផ្សេងអាចទាមទារកាន់កាប់កោះគុតរបស់ប្រទេសថៃបានឡើយ។
ក្នុងរយៈពេលតែ២៣ថ្ងៃ គិតពីខែតុលាដល់ខែវិច្ឆិកា ហ្វីលីពីនបានរងគ្រោះព្យុះសង្ឃរាទីហ្វុង ចំនួន៦ដង និងជួនមានព្យុះជាច្រើនកើតឡើងក្នុងពេលតែមួយផង។ ព្យុះកំណាចខ្លាំងកើតឡើងជាក្រុម ជាចង្កោម ដែលជាករណីចម្លែកនិងកម្រឃើញពីមុនមក ជាបាតុភូតនៃការប្រែប្រួលអាកាសធាតុ។ នេះបើតាមការសិក្សារបស់បណ្តាញក្រុមអ្នកវិទ្យាសាស្ត្រ World Weather Attribution ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១២ធ្នូ។
ក្រសួងអប់រំនៅថ្ងៃទី១៣ ខែធ្នូ ចេញមកបដិសេធរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមដែលថា ក្រសួងបានដាក់បញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សា។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំបំភ្លឺយ៉ាងខ្លីថា ក្រសួងពុំធ្លាប់យល់ព្រមសំណើណាមួយក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាជាផ្លូវការនោះទេ។
នាវាចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកឈ្មោះ USS SAVANNAH (LCS 28) នឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ក្រសួងការពារជាតិកម្ពុជា អះអាងថា នេះជាលើកទី១ ក្នុងរយៈពេល ៨ឆ្នាំដែលនាវាចម្បាំងសហរដ្ឋអាមេរិកមានវត្តមានសំចតនៅកម្ពុជា។ តាមគម្រោង គណៈប្រតិភូអាមេរិកគ្រោងជួបពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម។ សមុទ្ររាម ជាទីដែលអាមេរិកបន្តសង្ស័យពីវត្តមានកងទ័ពជើងទឹកចិនឈរជើងនៅទីនោះ។ កម្ពុជាអនុញ្ញាតឲ្យវានាចម្បាំងអាមេរិក ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ តើការណ៍នេះនឹងអាចបិទបញ្ចប់មន្ទិលសង្ស័យដែលអាមេរិកបន្តលើកឡើង ពីមូលដ្ឋានកងទ័ពជើងទឹកចិននៅកំពង់ផែរាមដែរឬទេ?
នៅថ្ងៃសៅរ៍ទី ៧ធ្នូ ប៉ុន្មានម៉ោងក្រោយប្រធានាធិបតីស៊ីរីរត់ចេញពីប្រទេស ដោយសារការវាយផ្តួលរំលំអំណាចពីសំណាក់ក្រុមឧទ្ទាមប្រដាប់អាវុធ អ៊ីស្រាអែលដែលមានព្រំដែនជាប់ព្រំដែនភាគខាងត្បូងរបស់ស៊ីរីបានបញ្ជូនទ័ពភ្លាម ទៅចូលគ្រប់គ្រងតំបន់ខ្ពង់រាបហ្គោឡានផ្នែកខាងស៊ីរី។ អ៊ីស្រាអែលបានលើកឡើងពីសិទ្ធិការពារសន្តិសុខផ្ទាល់ខ្លួន និងវត្តមានតាំងទីកងទ័ពជាបណ្តោះអាសន្នក្នុងតំបន់ហ្គោឡានរបស់ស៊ីរី ក្នុងកាលៈទេសៈដែលស៊ីរីកំពុងជួបចលាចល និងធ្លាក់ក្រោមដៃដឹកនាំរបស់ក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយម។ ប៉ុន្តែ នៅថ្ងៃសុក្រទី ១៣ធ្នូ រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលបានប្រកាសប្រាប់ឲ្យកងទ័ពត្រៀមខ្លួនដើម្បីបន្តឈរជើងនៅហ្គោឡានស៊ីរី ជាពិសេសនៅពេញមួយរដូវរងានាខាងមុខ៕
នៅក្នុងសិក្ខាសាលាស្តីអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលរៀបចំឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយក្រុមការងារសារព័ត៌មានគិរីប៉ុស្ដិ៍ អ្នកជំនាញក្នុងប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថា ចំណេះដឹងអំពីបច្ចេកវិទ្យា AI ដែលប្រើក្នុងវិស័យសារព័ត៌មានក្នុងប្រទេសកម្ពុជា គឺនៅមានកម្រិតនៅឡើយ។ ដោយសារចំណេះដឹងនៅមានកម្រិត អ្នកជំនាញសម្លឹងឃើញថា ផលវិជ្ជមាន និងអវិជ្ជមានក៏កើតឡើងដំណាលគ្នាដែរ ដែលទាមទារឱ្យអ្នកពាក់ព័ន្ធត្រូវតែពិនិត្យ យកចិត្តទុកដាក់។