នៅក្នុងឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូនអាចលក់ផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនបានប្រមាណជាង ៣ម៉ឺន៣រយលេខដោយទទួលចំណូលបានប្រមាណ ១៨លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានប្រកាសឱ្យដឹងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៥ នាថ្ងៃទី២២មករា ឆ្នាំ២០២៥។
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ គ្រួសារជនរងគ្រោះបានបន្តដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ក្រោយអតីតឧកញ៉ាស្រី ស៊ីណាប្តឹងទៅសាលាឧទ្ធរណ៍ពាក់ព័ន្ធនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានសម្រេចឱ្យស្រី ស៊ីណាជាប់ក្នុងពន្ធនាគាររយៈពេល ៣១ឆ្នាំ និងបង់សំណងជំងឺចិត្តឲ្យគ្រួសារជនរងគ្រោះជាង២លាន៥០ម៉ឺនដុល្លារ។ នៅក្នុងការបន្តប្តឹងទៅសាលាឧទ្ធរណ៍នេះ គ្រួសារជនរងគ្រោះបានទារសំណងជំងឺចិត្តបន្ថែមម្នាក់៥០ម៉ឺនដុល្លារ និងស្នើឱ្យតុលាការកាត់ទោសដាក់ទណ្ឌិតស្រី ស៊ីណាមួយជីវិត។
ប្រមុខរដ្ឋាភិបាលកម្ពុជាកំពុងជំរុញគោលនយោបាយបង្កើតសហគមន៍កសិកម្មទំនើប តាមរយៈការចងក្រងកសិករដែលមានដីដាំដុះកសិកម្មឲ្យដាំដុះរួមគ្នាជាលក្ខណៈសហគមន៍ដោយមានការគាំទ្រផ្នែកបច្ចេកទេស ទុន និងទីផ្សារ។ តាមមន្ត្រីក្រសួងកសិកម្ម សហគមន៍កសិកម្មទំនើបនឹងជួយឱ្យកសិករកាត់បន្ថយថ្លៃដើមផលិត មិនប្រឈមបញ្ហាកង្វះទុន និងមិនបារម្ភពីបញ្ហាគុណភាពក្រោយប្រមូលផលបាន ពិសេសមានទីផ្សារសម្រាប់លក់មួយច្បាស់លាស់។ អ្នកជំនាញផ្នែកកសិកម្មបង្ហាញជំហរគាំទ្រគោលនយោបាយបង្កើតសហគមន៍កសិកម្មទំនើប តែបានស្នើឱ្យរដ្ឋាភិបាលមានឆន្ទៈជួយកសិករឱ្យបានផុលផុស៕
ប្រធានាធិបតីព្យួរតំណែងកូរ៉េខាងត្បូង លោក យូន ស៊ុកយោល បានបង្ហាញខ្លួនជាលើកទីមួយ នៅថ្ងៃអង្គារទីទី២១មករា២០២៥នេះ នៅក្នុងអង្គសវនាការនៃតុលាការធម្មនុញ្ញ។ តុលាការធម្មនុញ្ញបើកការជំនុំជម្រះដើម្បីឈានទៅសម្រេចជោគវាសនាលោក យូនស៊ុកយោលថាត្រូវអស់អំណាចទាំងស្រុង ឬត្រលប់មកកាន់តួនាទីជាធម្មតាឡើងវិញ។
ថ្មីៗនេះ សហភាពអឺរ៉ុបបានបញ្ជូនអង្ករខ្មែរមួយចំនួនឲ្យត្រលប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបានរកឃើញនៅមានសំណល់ថ្នាំកសិកម្មលើសកម្រិតបញ្ញត្តិ។ នេះបើតាមក្រសួងកសិកម្មក្នុងថ្ងៃទី២០ មករាដោយអះអាងបន្ថែមថា បញ្ហានេះពិតជាបាន និងកំពុងជះឥទ្ធិពលអាក្រក់ដល់ការនាំចេញអង្ករខ្មែរទៅកាន់សហភាពអឺរ៉ុប។
ត្រលប់មកកាន់អំណាចដឹកនាំអាមេរិកជាថ្មី លោក ដូណាល់ ត្រាំបានបញ្ជូនសញ្ញាឲ្យគេភ័យព្រួយ ស្លុតចិត្ត តាមរយៈការចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតីដែលបញ្ជាក់ជំហរដាច់ណាត់របស់អាមេរិកក្នុងអាណត្តិរបស់លោក។ ក្រៅពីប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងប៉ារីស និងអង្គការសុខភាពពិភពលោក លោកដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យប្រកាសអាសន្នជាតិនៅព្រំដែនជាមួយម៉ិកស៊ិក បង្កើនការបូមប្រេងនៅទឹកដីអាមេរិក និងបញ្ជាក់ជំហរចង់ចូលគ្រប់គ្រងព្រែកជីករបស់ប្រទេសប៉ាណាម៉ា។ លោកដូណាល់ ត្រាំ បានសន្យាធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍របស់អាមេរិកមុនគេ។ តើពិភពលោកត្រូវភ័យ ឬត្រេកអរនៅពេលលោកដូណាល់ ត្រាំត្រលប់មកដឹកនាំអាមេរិកជាថ្មី?
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ កសិករជាច្រើននាក់មកពីឃុំចំនួន៥ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ បាននាំគ្នាបិទផ្លូវជាតិលេខ២ ដើម្បីជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយរឿងខ្វះទឹកដើម្បីសង្គ្រោះស្រូវប្រាំងរបស់ពួកគេ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានបញ្ជាក់ថា អាជ្ញាធរខេត្តតាកែវ និងអង្គភាពពាក់ព័ន្ធបានជួយអន្តរាគមន៍ឆ្លើយតបនឹងសំណូមពររបស់កសិករហើយ។ តាមលោកអភិបាលខេត្ត កង្វះទឹកដោយសារតែកសិករបានធ្វើស្រែលើសពីផែនការកំណត់ដល់ទៅពីរដង ខណៈអាជ្ញាធរបានជូនដំណឹងពីដើមរដូវថា អាជ្ញាធរមានការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រផ្នែកខាងលើឲ្យប្រសើរឡើង៕
ថ្មីៗនេះ សហភាពអឺរ៉ុបបានបញ្ជូនអង្ករខ្មែរមួយចំនួនឲ្យត្រលប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបានរកឃើញនៅមានសំណល់ថ្នាំកសិកម្មលើសកម្រិតបញ្ញត្តិ។ នេះបើតាមក្រសួងកសិកម្មក្នុងថ្ងៃទី២០ មករាដោយអះអាងបន្ថែមថា បញ្ហានេះពិតជាបាន និងកំពុងជះឥទ្ធិពលអាក្រក់ដល់ការនាំចេញអង្ករខ្មែរទៅកាន់សហភាពអឺរ៉ុប។
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅមជ្ឈមណ្ឌលអតីតយុទ្ធជន ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលបានតម្លើងឥណទានរហូតដល់ ១៥០លានដុល្លារ ដើម្បីប្រមូលទិញស្រូវពីកសិករ។ ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវិបត្តិស្រូវធ្លាក់ថ្លៃនៅក្នុងប្រទេសកម្ពុជា។ តាមលោក ហ៊ុន ម៉ាណែត ការទំលាក់លុយ១៥០លានរបស់រដ្ឋ គឺដើម្បីធានាដល់រោងម៉ាស៊ីនកិនស្រូវនៅពេលម្ចាស់រោងម៉ាស៊ីនកិនស្រូវទៅខ្ចីលុយពីធនាគារឯកជន។ សូមស្តាប់ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលរៀបចំដោយ ញឹម សុផល៖
នៅព្រឹកថ្ងៃទី២០ មករានេះ បុគ្គលិកកម្មករក្រុមហ៊ុនប្រមូលសំរាម 800 Super-GAEA Cambodia ជាច្រើននាក់ធ្វើកូដកម្មតវ៉ាប្រឆាំងនឹងការបណ្តេញតំណាងសហជីព ៤នាក់ចេញពីការងារ។ ឆ្លៀតនៅក្នុងឱកាសកូដកម្មនោះ ក្រុមបុគ្គលិកកម្មករក៏បានតវ៉ាទាមទារឱ្យក្រុមហ៊ុនប្រមូលសំរាម 800 Super-GAEA ផ្តល់អត្ថប្រយោជន៍ឱ្យពួកគេស្របតាមច្បាប់ការងារកម្ពុជា។
របាយការណ៍ឆ្នាំ២០២៤ ស្តីពីស្ថានភាពការងារជាសកលរបស់ក្រុមអ្នកស្រាវជ្រាវទិន្នន័យ Gallup បង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤ ដែលបុគ្គលិកនិយោជិកមានកម្រិតបញ្ហាផ្លូវចិត្ត និងស្រ្តេសខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មូលហេតុគឺ ដោយសារស្ថានភាពទីផ្សារការងារ ស្ថានភាពសេដ្ឋកិច្ច និងការចូលរួមរបស់ក្រុមនិយោជិក រួមទាំងការគោរពសិទ្ធិការងារ។ តាមរយៈរបាយការណ៍មួយនេះ អ្នកជំនាញផ្នែកចិត្តសាស្ត្រ និងអ្នកតាមដានសង្គមជំរុញឲ្យរដ្ឋាភិបាលបញ្ចូលសេវាសុខភាពផ្លូវចិត្តទៅក្នុងបណ្ណបេឡាជាតិរបបសន្តិសុខសង្គម ឬ ប.ស.ស សម្រាប់បុគ្គលិកនិយោជិកដើម្បីឲ្យពួកគេមានឱកាសទទួលបានសេវាពិនិត្យ និងពិគ្រោះសុខភាពផ្លូវចិត្ត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលកម្ពុជាចាំបាច់បញ្ជូនឃាតករទៅឲ្យថៃធ្វើអ្វី ប្រសិនបើខ្លួនឯងនៅពីក្រោយខ្នងឃាតកម្មលោក លិម គិមយ៉ា។ ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដូច្នេះធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានានៅមជ្ឈមណ្ឌលអតីតយុទ្ធជន ប៊ុន រ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
ទោះបីយឺតយ៉ាវបន្តិចមែន ប៉ុន្តែបទឈប់បាញ់រវាងអ៊ីស្រាអែលនិងចលនាហាម៉ាសនៅហ្កាហ្សា បានជាចូលជាធរមាន នៅថ្ងៃអាទិត្យទី ១៩មករា២០២៥ ដូចសេចក្តីប្រកាសក្នុងកិច្ចព្រមព្រៀង។ ប៉ុន្មានម៉ោងក្រោយពីចលនាហាម៉ាសបានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់ដំបូងមក អាជ្ញាធរអ៊ីស្រាអែលបានផ្តល់សេរីភាពដល់អ្នកទោសប៉ាឡេស្ទីនចំនួន៩០នាក់ជាថ្នូរ។
លោក ទីវ តារារិទ្ធិ បានចំណាយពេលជិះកង់ឆ្លងទ្វីបបានចម្ងាយជិត ២ម៉ឺនគីឡូម៉ែត្រ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៤មកទល់ពេលនេះ។ មានអាយុ៣៥ឆ្នាំ លោក តារារិទ្ធិ ត្រូវបានគេឲ្យរហ័សនាមថា«វីរជនកុមារកម្ពុជា» នោះក៏ព្រោះតែលោកបានចំណាយពេល៦ឆ្នាំក្នុងការជិះកង់ដើម្បីអង្គាសប្រាក់ជួយមន្ទីរពេទ្យកុមារអង្គរ។ ពីប្រទេសក្នុងតំបន់អាស៊ីកណ្តាល លោក តារារិទ្ធិ បានចាត់ទុកបេសកម្មជិះកង់ឆ្លងទ្វីបរបស់លោកលើកនេះប្រៀបដូចបានទៅដល់ក្តីស្រមៃនៃឋានសួគ៌ពិតៗ។
ធនាគារពិភពលោក បញ្ជាក់ថា តំបន់អាហ្វ្រិកបានជួបកំណើនសន្ទុះវឌ្ឍនភាពសេដ្ឋកិច្ច ២ ឆ្នាំជាប់គ្នា។ ក៏ប៉ុន្តែ ប្រទេសអាហ្វ្រិកនីមួយៗ មានភាពរីកចម្រើនមិនស្មើគ្នាទេ ហើយនៅមានបញ្ហាច្រើនណាស់ដែលបង្កហានិភ័យចំពោះសេដ្ឋកិច្ចហិរញ្ញវត្ថុក្នុងតំបន់នេះ។
លេខាធិការដ្ឋាននៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ (CITES) បានលើកឡើងពីអនុសាសន៍របស់ខ្លួន នៅថ្ងៃទី១៩មករា ឆ្នាំ២០២៥ ប្រាប់ទៅបណ្តាប្រទេសដែលធ្លាប់នាំចូលសត្វស្វាកន្ទុយវែងពីកម្ពុជា ត្រូវផ្អាកការនាំចូលសត្វប្រភេទនេះទៅធ្វើការពិសោធន៍ ចាប់ពីពេលនេះតទៅ។ ការផ្តល់អនុសាសន៍នេះធ្វើឡើងបន្ទាប់ពី CITES រកឃើញពីភាពជិតផុតពូជនៃសត្វស្វាកន្ទុយវែង និងបានស្នើឲ្យកម្ពុជាផ្តល់ព័ត៌មាន ដោយតម្លាភាពពីការនាំចេញស្វាកន្ទុយវែងទៅទីផ្សារខាងក្រៅ។
នៅថ្ងៃអាទិត្យ ទី១៩ មករា តុលាការទីក្រុងសេអ៊ូល បានសម្រេចបន្តឃុំខ្លួនលោកប្រធានាធិបតីព្យួរតំណែង យូន ស៊ុកយោល។ សាលក្រមនេះ បានធ្វើឲ្យក្រុមបាតុករគាំទ្ររូបលោក ផ្ទុះកំហឹងយ៉ាងខ្លាំង និង បាននាំគ្នាសម្រុកចូលតុលាការ បង្កជាចលាចល។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន បានដាស់តឿនរបបសឹកភូមា ឲ្យប្រញាប់ធ្វើបទឈប់បាញ់និងបញ្ឈប់ជម្លោះបង្ហូរឈាម មុននឹងគិតពីរឿងរៀបចំបោះឆ្នោត។ ការជំរុញឲ្យបញ្ចប់ជម្លោះប្រដាប់អាវុធនិងបង្កើតសន្តិភាពឲ្យឆាប់នេះ ធ្វើឡើងនៅក្នុងឱកាសកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងប្រទេសម៉ាឡេស៊ី។
ប្រាសាទសំបូរព្រៃគុក ជាតំបន់ប្រាសាទមួយក្នុងចំណោមប្រាសាទចំណាស់ជាច្រើនក្នុងប្រទេសកម្ពុជា ដែលបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០១៧។ ប៉ុន្តែប្រាសាទក្នុងខេត្តកំពង់ធំមួយនេះហាក់មានការថមថយភ្ញៀវទេសចរ ដោយសារកត្តាផ្លូវចូលតំបន់នោះមានភាពហុយដីត្រលោម។ មុគ្គទេ្ទសក៍ទេសចរណ៍ និងភ្ញៀវទេសចរដែលបានទៅទស្សនានៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានសាងសង់ផ្លូវបេតុង ដើម្បីសម្រួលដល់ការធ្វើដំណើរ។
នៅថ្ងៃអាទិត្យ ទី១៩ ខែមករានេះ សកម្មជននយោបាយបក្សប្រឆាំង និងពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក បានប្រកាសធ្វើបាតុកម្មទ្រង់ទ្រាយធំមួយ ដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាទាមទារយកផ្នែកខ្លះនៃកោះគុតមកធ្វើជាកម្មសិទ្ធិវិញ។ លោក អ៊ុំ សំអាន មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិរំពឹងថា រដ្ឋាភិបាលកម្ពុជានឹងស្តាប់សំឡេងទាមទារបស់ពលរដ្ឋ ប្រមាណ៣០០នាក់ ដែលចូលរួមបាតុកម្មនោះ ដើម្បីរក្សាផលប្រយោជន៍ជាតិ។
ព្រឹត្តិការណ៍ «សំណេរអង្គរ» លើកទី២បានប្រព្រឹត្តឡើងនៅថ្ងៃទី១៩ មករា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីបេក្ខជនប្រកួតសរសេរសំណេរប្រមាណ ១២២០អង្គ/នាក់។ កម្មវត្ថុនៃការសរសេរតាមអាន «សំណេរអង្គរ» គឺដើម្បីលើកកម្ពស់សមត្ថភាពការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឲ្យបានច្បាស់។
នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រជានេសាទអាចខ្ចីប្រាក់ពីធនាគារបានយ៉ាងច្រើនត្រឹម ៣លានរៀលប៉ុណ្ណោះ។ នេះក៏ដោយសារតែពួកគាត់គ្មានប័ណ្ណកម្មសិទ្ធិអចលទ្រព្យសម្រាប់ធ្វើជាទ្រព្យបញ្ចាំ។ តែដើម្បីអាចបង្គ្រប់ដើមទុនទិញសម្ភារៈ និងទូកនេសាទបាន ពួកគាត់បានបង្ខំចិត្តខ្ចីលុយពីឯកជនជាមួយអត្រាការប្រាក់ ១០ភាគរយក្នុងមួយខែ។ បញ្ហានៅត្រង់ថា ជាមួយនឹងចំណូលធ្លាក់ចុះ ពួកគេកំពុងមានជីវភាពលំបាកលំបិន ពិសេសការរកប្រាក់ដើម្បីសងបំណុល។
លោកបូជាចារ្យ ហ្វ្រង់ស័រ ប៉ុងស្ហូដ៍ ជាអ្នកនិពន្ធជនជាតិបារាំង និងជាសាក្សីប្រវត្តិសាស្ត្រដ៏សំខាន់មួយរូបស្តីពីសំណុំរឿងខ្មែរក្រហម។ ក្នុងមុខនាទីជាបុព្វជិតសាសនាគ្រិស្តនិកាយកាតូលិក លោកនិយាយនិងប្រើប្រាស់ភាសាខ្មែរយ៉ាងប៉ិនប្រសប់ ហើយបានរស់នៅក្នុងប្រទេសកម្ពុជា ជាងកន្លះសតវត្សរ៍។ អ្នកនិពន្ធដ៏ល្បីល្បាញរូបនេះ បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ៨៥ ឆ្នាំ នៅប្រទេសបារាំង ពីថ្ងៃសុក្រ ទី១៧ មករា។
តុលាការកំពូលអាមេរិក បានដាក់ឱសានវាទឲ្យបណ្តាញសង្គមចិន TikTok ដែលមានប្រជាជនអាមេរិកប្រើប្រាស់ប្រមាណជា១៤០លាននាក់ ត្រូវផ្តាច់ខ្លួនចេញពីក្រុមហ៊ុនចិន ByteDance និងត្រូវលក់ឲ្យក្រុមហ៊ុនអាមេរិក នៅត្រឹម ថ្ងៃអាទិត្យ ទី១៩ មករា។ បើមិនដូច្នោះទេ ក្រុមហ៊ុន TikTok នឹងត្រូវបិទទ្វារ ហើយត្រូវហាមឃាត់ឈប់ឲ្យប្រើប្រាស់នៅលើទឹកដីសហរដ្ឋអាមេរិក។
នៅលីបង់ ក្រោយពីជ្រើសរើសបានប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីថ្មី សហគមន៍អន្តរជាតិផ្តើមជ្រោមជ្រែងផ្តល់ជំនួយជាបន្តបន្ទាប់។ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ប្រកាសផ្តល់ជំនួយជាទឹកប្រាក់មុនគេ ចំនួន ១១៧ លានដុល្លារ ដើម្បីជួយពង្រឹងកម្លាំងយោធាជាតិលីបង់ ។ ទន្ទឹមនឹងគ្នានេះ រដ្ឋបាលទីក្រុងប៉ារីស ក៏ប្រកាសឲ្យបើកជើងហោះហើរឡើងវិញ។
នៅអ៊ីរ៉ង់ ថ្ងៃសៅរ៍ ទី១៨ មករា បុរសខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់ចៅក្រមតុលាការកំពូលពីរនាក់ ។ កន្លងមក ចៅក្រមទាំងពីរនាក់នេះធ្លាប់បានកាត់ក្តីសំណុំរឿងសំខាន់ៗ ជុំវិញបញ្ហាសន្តិសុខជាតិ អំពើភេរវកម្ម និង ចារកម្ម។ ក្រោយបង្កហេតុ ជនល្មើសបានធ្វើអត្តឃាតខ្លួនឯង នៅនឹងកន្លែង។
អ្នកការទូតជើងចាស់កម្ពុជាលោក អូស្មាន់ ហាស្សាន់ (Othsman Hassan) ត្រូវបានម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំ២០២៥នេះ ត្រៀមតែងតាំងធ្វើជាប្រេសិតពិសេសសម្រាប់ដោះស្រាយវិបត្តិនយោបាយនៅភូមា។ នេះបើយោងតាមការចុះផ្សាយដោយកាសែតថៃ Thai PBS នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ និងថា ការប្រកាសតែងតាំងលោក អូស្មាន់ ហាស្សាន់ ជាផ្លូវការនឹងធ្វើឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននាសប្តាហ៍ក្រោយ។ ទោះយ៉ាងណា គេនៅពុំទាន់ដឹងពីមូលហេតុពិតប្រាកដដែលធ្វើឱ្យម៉ាឡេស៊ីសម្រេចយកអ្នកការទូតជើងចាស់កម្ពុជាធ្វើជាប្រេសិតពិសេស ជំនួសឱ្យការយកអ្នកការទូតរបស់ខ្លួនទៅវិញ។
គ្រាប់មីនតោន បានសម្លាប់ពលរដ្ឋម្នាក់ នៅក្នុងភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃសុក្រទី១៧មករា ឆ្នាំ២០២៥។ បើតាមមន្ត្រី ជំនាញរបស់ CMAC ការផ្ទុះមីនតោននេះ ដោយសារពលរដ្ឋម្នាក់បើកបររថយន្តប្រមូលផលដំឡូងមីក្នុងចម្ការរបស់ខ្លួន រួចក៏ជាន់ត្រូវគ្រាប់មីនតោនដែលជាសំណល់ពីសង្គ្រាម។
នៅថ្ងៃសៅរ៍ទី១៨មករា អាជ្ញាធរក្រុងភ្នំពេញតាមរយៈលោក ឃួង ស្រេង បាននាំយកអំណោយមួយចំនួននិងបានផ្តល់ទីតាំងអាជីវកម្មមួយកន្លែងនៅវត្តភ្នំដល់ លោក សល់ សុខចាន់ ជនមានពិការភាពដែលមានសមត្ថភាពអាចយកជើងគូរគំនូរ។ ការផ្តល់អំណោយនិងទីតាំងអាជីវកម្មនេះ ធ្វើឡើងបន្ទាប់ពីការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិRFI ដែលលោក សល់ សុខចាន់ ត្រូវមន្ទីរសង្គមកិច្ចបញ្ឈប់មិនឲ្យធ្វើអាជីវកម្មនៅសួនច្បារវិមានឯករាជ្យ ក្រោមហេតុផលប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។
ភរិយាសព លោក លិម គិមយ៉ា ជាជនជាតិបារាំង បានអះអាងថា តុលាការបារាំងបានសាកសួរលោកស្រីជុំវិញឃាតកម្មទៅលើស្វាមីរបស់គាត់រួចហើយតាំងតែក្រោយមានការបាញ់សម្លាប់លោក លិម គិមយ៉ាក្នុងទីក្រុងបាងកក។ អ្នកច្បាប់ពន្យល់ថា ករណីឃាតកម្មនេះ គឺជាបទល្មើសព្រហ្មទណ្ឌថ្នាក់ឧក្រិដ្ឋ ដែលតំណាងអយ្យការត្រូវតែអនុវត្តន៍ទៅតាមនីតិវិធីច្បាប់ បើទោះជាគ្មានពាក្យបណ្តឹងពីតំណាងជនរងគ្រោះក៏ដោយ។ តើតុលាការបារាំងមានសមត្ថកិច្ចអ្វីខ្លះ ចំពោះករណីឃាតកម្មទៅលើអ្នកនយោបាយបក្សប្រឆាំងរបស់កម្ពុជា ខណៈតុលាការថៃកំពុងដំណើរការរឿងក្តីឧក្រិដ្ឋកម្មមួយនេះ?
ពីពេលនេះដល់ឆ្នាំ២០២៩ ថៃអាចនឹងក្លាយជាវិមានកាស៊ីណូប្រចាំតំបន់អាស៊ី។ នេះជាកម្មវត្ថុរបស់រដ្ឋាភិបាលថៃដែលទើបអនុម័តគម្រោងច្បាប់អនុញ្ញាតឱ្យបើកកាស៊ីណូនិងកន្លែងលេងល្បែងស៊ីសងដោយស្របច្បាប់ នៅក្នុងរាជាណាចក្រថៃ។ គំនិតផ្តួចផ្តើមរបស់ក្រសួងហិរញ្ញវត្ថុនេះ ធ្វើឡើងក្នុងទិសដៅលើកស្ទួយវិស័យទេសចរណ៍ និងពង្រឹងសេដ្ឋកិច្ច ព្រមទាំងប្រយុទ្ធប្រឆាំងនឹងកាស៊ីណូខុសច្បាប់។
សហគមន៍ខ្មែរនៅប្រទេសបារាំង ជាពិសេសអ្នកដែលស្គាល់លោកលិម គិមយ៉ានៅរន្ធត់មិនទាន់បាត់ ក្រោយពីដឹងលឺថា លោកលិម កិមយ៉ាត្រូវខ្មាន់កាំភ្លើងជនជាតិថៃបាញ់សម្លាប់នៅទីក្រុងបាងកកកាលពីថ្ងៃទី ៧មករា។ នៅថ្ងៃព្រហស្បតិ៍ទី ១៦មករា ប្រជាជនខ្មែរជិត២០០នាក់ ដែលនៅក្នុងនោះមានមិត្តភក្តិ សាច់ញាតិ និងសមាជិករបស់អតីតគណបក្សសង្រ្គោះជាតិ ដែលលោកលិម គិមយ៉ាធ្លាប់ចូលរួមជីវភាពនយោបាយបានទៅចូលរួមក្នុងពិធីបុណ្យសពរំលឹកវិញ្ញាណក្ខន្ធរបស់លោកលិម គិមយ៉ា។ នៅក្នុងពិធីបុណ្យទកិ្ខណានុប្បទានតាមបែបព្រះពុទ្ធសាសនានៅវត្តពោធិវង្សជាយក្រុងប៉ារីស ភរិយាបារាំង និងកូនប្រុសស្រីរបស់លោកលិម គិមយ៉ាបានទទួលការជួយជ្រោមជ្រែងលើកទឹកចិត្តពីមិត្តភក្តិខ្មែរ និងចំណុះជើងវត្តដែលមានសមានចិត្តនឹកអាណិតអាសូរដល់ក្រុមគ្រួសាររបស់លិម គិមយ៉ា។ នៅមុនឃាតករបាញ់សម្លាប់នៅទីក្រុងបាងកក លោកលិម គិមយ៉ា ធ្លាប់ជាអតីតអ្នកតំណាងរាស្រ្តរបស់អតីតគណបក្សសង្រ្គោះជាតិ។ ដោយទទួលបានសញ្ញាប័ត្រវិស្វករស្ថិតិ និងបម្រើការជាអធិការកិច្ចត្រួតពិនិត្យហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចបារាំង លោកលិម គិមយ៉ាជាមនុស្សចូលចិត្តគណិតវិទ្យា និងជំរុញកូនៗឲ្យរៀនបានខ្ពង់ខ្ពស់នៅប្រទេសបារាំង។ នៅចូលនិវត្តន៍ លោកបានចូលបម្រើក្នុងគណបក្សនយោបាយសង្រ្គោះជាតិ នៅឆ្នាំ ២០១៣ និងបានជាប់ជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ។ យើងស្តាប់បទយកការណ៍របស់ឈាង បុប្ផា ដែលមានជំនួយបច្ចេកទេសរូបភាពពីទុយ ដានែល។
លោក អ៊ីមរ៉ាន់ ខាន់ អតីតនាយករដ្ឋមន្ត្រី និងជាប្រមុខបក្សប្រឆាំងដ៏ចម្បងនៅប៉ាគីស្ថាន ដែលកំពុងជាប់ឃុំស្រាប់ទៅហើយ ត្រូវបានតុលាការកាត់ទោស ឱ្យជាប់ពន្ធនាគារ១៤ឆ្នាំ ក្នុងសំណុំរឿងពុករលួយមួយទៀត។ ពីមន្ទីរឃុំឃាំង លោកអ៊ីមរ៉ាន់ខាន់នៅតែសង្ឃឹមថានឹងអាចវិលត្រលប់មកធ្វើនយោបាយវិញជានិច្ច។