ថវិកាយោធារបស់អឺរ៉ុប បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២៤។ ប៉ុន្តែសំណើរបស់ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ឱ្យក្រុមប្រទេសនៅអឺរ៉ុបដំឡើងចំណាយយោធាដល់៥%មិនអាចសម្រេចបានទេ នៅពេលនេះ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់វិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអង់គ្លេស ចេញផ្សាយនៅថ្ងៃពុធទី១២កុម្ភៈ២០២៥។
ប្រធានាធិបតីតួកគីលោក រេសេប តាយីប អ៊ែរដូហ្កាន កំពុងតែបំពេញទស្សនកិច្ចមួយជុំអាស៊ី ដោយផ្តើមដំបូងនៅឥណ្ឌូណេស៊ី ។ ប្រធានាធិបតីឥណ្ឌូណេស៊ី បានទទួលស្វាគមន៍សមភាគីតួកគី នៅក្រុងហ្សាការតា។ ក្នុងជំនួប ថ្ងៃពុធ ទី១២កុម្ភៈ ថ្នាក់ដឹកនាំប្រទេសទាំង២ បានចុះកិច្ចព្រមព្រៀង ជាង ១០ ដែលផ្តោតជាសំខាន់ទៅលើវិស័យការពារជាតិ ប្រយុទ្ធប្រឆាំងភេរវកម្ម ថាមពល កិច្ចការសាសនា និងពាណិជ្ជកម្ម។ ប្រទេសកាន់សាសនាអ៊ីស្លាមដ៏ធំទាំង២ ក៏សន្យាពួតដៃផលិតយន្តហោះដ្រូនចម្បាំង រួមគ្នាទៀតផង។
ប៉ុន្មានថ្ងៃមកនេះ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបាននិយាយចំ្រដែលៗដោយថា អាមេរិកនឹងចូលគ្រប់គ្រងហ្កាហ្សា នៅក្រោយចប់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន។នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិកFox News លោកដូណាល់ ត្រាំបានបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនទាំងជាង២លាននាក់នឹងត្រូវផ្លាស់ទី រើចេញពីហ្កាហ្សា ដើម្បីឲ្យអាមេរិកអាចសាងសង់ ប្រែក្លាយហ្កាហ្សាទៅជាកូនទីក្រុងជាប់មាត់សមុទ្រដ៏ស្រស់ស្អាតមួយនៅតំបន់ដើមបូព៌ា។ លោកដូណាល់ ត្រាំបានបញ្ជាក់ច្បាស់ៗថា ប្រជាជនប៉ាឡេស្ទីននឹងមិនអាចវិលត្រលប់ទៅហ្កាហ្សាវិញបានទេ។ នៅក្នុងជំនួបជាមួយព្រះចៅហ្សកដានីកាលពីថ្ងៃអង្គារទី១១កុម្ភៈ នៅសេតវិមាន លោកដូណាល់ ត្រាំបានទទូចប្រាប់ឲ្យហ្សកដានី ក៏ដូចជាអេហ្ស៊ីប ទទួលយកប្រជាជនប៉ាឡេស្ទីន ដែលត្រូវផ្ទេរចេញពីហ្កាហ្សា។ តើលោកដូណាល់ ត្រាំអាចសម្រេចមហិច្ឆតាបណ្តេញប្រជាជនប៉ាឡេស្ទីន ដើម្បីចូលកាន់កាប់ទឹកដីហ្កាហ្សាដែរឬទេ?
ថ្ងៃអង្គារ ទី ១១ ខែ កុម្ភៈ ស្ថាប័នសន្តិសុខជាតិរុស្ស៊ី FSB បានប្រកាសថា តុលាការរុស្ស៊ី ទើបកាត់ទោសពលរដ្ឋរុស្ស៊ីពីរនាក់ ឲ្យជាប់ពន្ធនាគារយ៉ាងធ្ងន់ធ្ងរ ពីបទភេរវនិយម និង ក្បត់ជាតិ ដោយទៅចូលដៃជាមួយភាគីអ៊ុយក្រែន។ ការកាត់ទោសខាងលើ់នេះ ប្រព្រឹត្តទៅក្នុងបរិបទដ៏តានតឹងមួយ ដោយហេតុថា អាជ្ញាធររុស្ស៊ីកំពុងធ្វើ់ប្រតិបត្តិការ វាយបង្ក្រាបពេញទំហឹង រាល់ប្រជាជនរុស្ស៊ីណា ដែលហ៊ានចេញមុខប្រឆាំង នឹងការវាយលុករបស់ក្រុងម៉ូស្គូ ទៅលើ អ៊ុយក្រែន។
នៅបង់ក្លាដែស មានភស្តុតាងជាច្រើនដែលអាចបញ្ជាក់ថា របបដឹកនាំរបស់លោកស្រីអតីតនាយករដ្ឋមន្ត្រី ឆេក ហាស៊ីណា បានប្រព្រឹត្តិបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នេះបើតាមការអះអាងរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលកំពុងតែបើកការស៊ើបអង្កេត ជុំវិញការបង្ក្រាបបង្ហូរឈាមបាតុករនិងក្រុមអ្នកប្រឆាំងរដ្ឋាភិបាលបង់ក្លាដែស។ ការបង្ក្រាបហិង្សានោះ បណ្តាលឲ្យមនុស្សស្លាប់ ប្រមាណ ១ ៤០០ នាក់។
រឿងអាស្រូវក្មេងជាច្រើននាក់ធ្លាក់ខ្លួនមានជំងឺទឹកនោមផ្អែម បានបំផុសមតិសាធារណៈឱ្យចាប់អារម្មណ៍អំពីគ្រោះថ្នាក់នៃទទួលទានភេសជ្ជៈផ្អែមច្រើន និងអាហារមានជាតិស្ករខ្ពស់។ តើស្ករពិតជាអាចបង្កបញ្ហាដល់សុខភាពមែនឬ? ភេសជ្ជៈផ្អែម ដែលខ្មែរមានទម្លាប់ហៅថាទឹកក្រូចកំប៉ុងនោះបំផ្លាញសុខភាពយ៉ាងណា?
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ព្រមានឱ្យបិទចោល ឬដកអាជ្ញាបណ្ណអាជីវកម្មជាបណ្តោះអាសន្ន ឬជាស្ថាពរចំពោះទីតាំងក្លឹបកម្សាន្ត ខុនដូ បារ ខេធីវី និងផ្ទះសំណាក់ដែលបណ្តែតបណ្តោយឱ្យមានសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ នេះជាវិធានការរដ្ឋបាលរបស់ប្រមុខរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវវិធានការមួយចំនួនផ្សេងទៀតសំដៅបញ្ចៀសកុំឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនចង់ឱ្យគ្រឿងញៀនញាំញីសង្គមកម្ពុជាបន្តទៀត។
រដ្ឋមន្ត្រីការបរទេស នៃសម្ព័ន្ធបីប្រទេស បារាំង អាល្លឺម៉ង់ និងប៉ូឡូញ ត្រូវជួបប្រជុំគ្នានៅថ្ងៃពុធទី១២កុម្ភៈ២០២៥នេះ ដើម្បីបញ្ជាក់អំពីសាមគ្គីភាពរបស់អឺរ៉ុបចំពោះអ៊ុយក្រែន។ ជំនួបប្រជុំប្រព្រឹត្តទៅជួនចំពេលដែលប្រធានាធិបតីអ៊ុយក្រែនហ្សេឡេនស្គី បានប្រកាសត្រៀមដោះដូរទឹកដីជាមួយរុស្ស៊ី ដើម្បីឈានទៅបើកកិច្ចចរចាសន្តិភាព។
រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់នៅថ្ងៃទី១២ ខែកុម្ភៈនេះថា អាជ្ញាធរនឹងសិក្សាទីតាំងថ្មីដែលមានទំហំធំទូលាយក្នុងក្រុងសៀមរាបសម្រាប់រៀបចំធ្វើសួន «តេជោសន្តិភាព» តាមការណែនាំរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ នេះបើតាមខ្លឹមសារនៃសេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបដែលវិទ្យុបារាំងអន្តរជាតិ RFI ទទួលបានពីនាយករដ្ឋបាលខេត្ត។ ដោយឡែក សួនក្បែរព្រះរាជដំណាក់ត្រូវបានរដ្ឋបាលខេត្តសៀមរាបសម្រេចរក្សាទុកនៅដដែល។
នៅថ្ងៃទី១០ កុម្ភៈ ក្រសួងអប់រំ និងក្រសួងវប្បធម៌បានចេញសេចក្តីណែនាំដាច់ដោយឡែកពីគ្នាឲ្យមានវិធានការទប់ស្កាត់នូវភាពមិនប្រក្រតីក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ។ ការចេញសេចក្តីណែនាំរបៀបនេះដោយសារក្រសួងអប់រំសង្កេតឃើញថា នៅមានសិស្សានុសិស្សមួយចំនួនតូចពុំទាន់យល់ច្បាស់ពីអត្ថន័យនៃថ្ងៃ១៤ កុម្ភៈនៅឡើយ។ អ្នកជំនាញបានគាំទ្រការចេញវិធានការបង្ការទុកជាមុន ទោះបីជានិន្នាការនៃភាពមិនប្រក្រតី ឬការរួមភេទនៅថ្ងៃទិវានៃក្តីស្រឡាញ់នៅកម្ពុជាមានការថយចុះក្តី។
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញបានជូនដំណឹងទៅកាន់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងសកម្មជននយោបាយ ២នាក់ទៀតបង់លុយចំនួន ១០ម៉ឺនដុល្លារទៅឱ្យគណៈកម្មាធិការកិច្ចការព្រំដែន។ ការបង្គាប់របស់តុលាការដូចនេះធ្វើឡើង ក្រោយលោក រ៉ុង ឈុន និងសកម្មជននយោបាយទាំង ២រូបបានលើកឡើងក្នុងឆ្នាំ២០២១ ពីការបាត់បង់ដីកសិកម្ម អំឡុងពេលរដ្ឋាភិបាលបោះបង្គោលព្រំដែននៅខេត្តត្បូងឃ្មុំ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធលើមុខទំនិញមួយចំនួនដែលនាំចូលសហរដ្ឋអាមេរិក។ ប្រទេសដៃគូពាណិជ្ជកម្មជាមួយអាមេរិក ដែលកំពុងរងនូវការដំឡើងពន្ធពីលោក ត្រាំ មានម៉ិកស៊ិក កាណាដា ចិន និងប្រទេសអឺរ៉ុបមួយចំនួន។ ជាការកត់សម្គាល់ មានប្រទេសច្រើនក្នុងលោកហាក់មិនទាន់ស្ថិតក្នុងវិធានការដំឡើងពន្ធរបស់អាមេរិកពេលនេះទេ ពិសេសប្រទេសដែលស្ថិតលើបន្ទាត់ក្រីក្រដូចជាកម្ពុជាជាដើម។ តែទោះជាយ៉ាងណា អ្នកវិភាគនានាកំពុងតាមដានពីដំណើរវិវត្តន៍នៃសង្គ្រាមពាណិជ្ជកម្មបង្កឡើងដោយអាមេរិកពេលនេះ ពិសេសចង់ដឹងថា តើវាអាចនឹងរាលដាលដល់ប្រទេសក្រីក្រដែរ ឬយ៉ាងណា?
នៅក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីជាតិនិយម កាន់សាសនាហិណ្ឌូ ប្រជាជនឥណ្ឌាដែលកាន់សាសនាផ្សេង ក្រៅពីសាសនាហិណ្ឌូបានរងការរើសអើងខ្លាំង។ យោងតាមរបាយការណ៍របស់អង្គការIndia Hate Lab ដែលមានទីតាំងនៅ សហរដ្ឋអាមេរិក ពាក្យសំដី ស្អប់រើសអើងអ្នកកាន់សាសនាភាគតិច នៅឥណ្ឌាបានកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ នៅឆ្នាំ ២០២៤។
ថ្លែងក្នុងពិធីសម្ពោធអាគារសិក្សាក្នុងខេត្តកណ្តាលនាព្រឹកថ្ងៃទី១១ កម្ភៈនេះ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតគ្មានផ្លូវដើរចេញពីស្រមោលលោកដែលជាឪពុក ឬស្រមោលគណបក្សប្រជាជនកម្ពុជាបានឡើយ។ សម្រាប់លោក ហ៊ុន សែន កុំថាឡើយអ្នកផ្សេង សូម្បីតែកូនខ្លួនឯងក៏នឹងត្រូវដកចេញពីតំណែងដែរ ប្រសិនបើហ៊ានដើរ ឬអនុវត្តផ្ទុយពីគោលនយោបាយបក្ស។ តាមប្រធានគណបក្សកាន់អំណាចនៅកម្ពុជារូបនេះដែល ការប្រគល់អំណាចឱ្យរដ្ឋាភិបាលបន្តវេនធ្វើឡើងតាមគោលនយោបាយគណបក្ស និងការបោះឆ្នោតស្របច្បាប់។
ជំនួបកំពូលស្តីពីបញ្ញាសិប្បនិម្មិត ដែលបានបើកទ្វារនៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទទី១០កុម្ភៈ មានមនុស្សចូលរួមប្រមាណ១៥០០នាក់ ដែលសុទ្ធតែជាប្រមុខដឹកនាំរដ្ឋាភិបាល និងប្រធានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ព្រមទាំងអ្នកជំនាញក្នុងវិស័យបញ្ញាសិប្បនិម្មិត។ នៅក្នុងឱកាសនេះ លោកម៉ាក្រុងប្រធានាធិបតីបារាំង បានថ្លែងសារបើកស្វាគមន៍ជំនួបកំពូល ហើយថែមទាំងបានអួតអំពីសក្តានុពលរបស់បារាំង និងរបស់អឺរ៉ុបថែមទៀត ដើម្បីទាក់ទាញអ្នកវិនិយោគនៅក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
លោក Elon Musk រដ្ឋមន្ត្រីក្រសួងប្រសិទ្ធិភាពនៃរដ្ឋបាល លោក ដូណាល់ ត្រាំ បានប្រកាសពីផែនការកាត់ផ្តាច់ជំនួយរបស់សហរដ្ឋអាមេរិកពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកលហៅកាត់ USAGM។ ទីភ្នាក់ងារមួយនេះជាអ្នកផ្តល់ជំនួយទៅឲ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអឺរ៉ុបសេរី (RFE) និងវិទ្យុអាស៊ីសេរី(RFA)។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១១ ខែកុម្ភៈ លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខាមបូចារ) លើកឡើងថា បើផែនការនេះក្លាយជាការពិតមែន នោះវានឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់សិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋខ្មែរ៕
ចាប់តាំងពីត្រលប់ចូលកាន់អំណាចជាប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំប្រកាសដំណឹងដែលធ្វើឲ្យពិភពលោករំជើបរំជួលសឹងមិនលស់ថ្ងៃ ជាពិសេសសង្រ្គាមពាណិជ្ជកម្ម ដំឡើងពន្ធគយ ដែលលោកសន្យា ដើម្បីឈប់ឲ្យអាមេរិកចាញ់ប្រៀបគេ។ បន្ទាប់ពីប្រកាសដំឡើងពន្ធលើទំនិញនាំចូលមកពីចិន ម៉ិកស៊ិក និងកាណាដា ដល់ពេលលោកដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម នាំចូលទៅអាមេរិក។ សង្រ្គាមដំឡើងពន្ធគយរបស់លោកដូណាល់ ត្រាំនៅថ្ងៃចន្ទ ប៉ះគ្រប់គ្នា ជាពិសេសកូរ៉េខាងត្បូង និងអឺរ៉ុបដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។ រដ្ឋមន្រ្តីការបរទេសបារាំងបានអះអាងថា អឺរ៉ុបនឹងមិននៅស្ងៀមទេ។ អឺរ៉ុបនឹងឆ្លើយតបនឹងការដំឡើងពន្ធរបស់អាមេរិក។
ពលរដ្ឋប្រមាណជាង ១៣គ្រួសារ រស់នៅភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ នៅតែនាំគ្នាបន្តប្រកបរបរធ្វើចន្លុះបូតដោយដៃ ដើម្បីបានជាកម្រៃផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រៅតែពីធ្វើស្រែចម្ការ ពលរដ្ឋអះអាងថា មុខរបរធ្វើចន្លុះបានជួយឲ្យអ្នកភូមិរកបានប្រាក់ចំណូលទៀងទាត់ គេចផុតពីការធ្វើជាពលករចំណាកស្រុកនៅប្រទេសថៃ ប៉ុន្តែបញ្ហាប្រឈមធំរបស់ពួកគេ គឺសុខភាពផ្លូវដង្ហើម។
ដើម្បីផ្តល់សន្ទុះសេដ្ឋកិច្ចឲ្យកាន់តែបោះជំហានលឿនទៅមុខ បក្សកុម្មុយនិស្តវៀតណាមចង់ធ្វើបដិវត្តមួយធំ ដោយកាត់បន្ថយចំនួនបុគ្គលិកតាមស្ថាប័នរដ្ឋ ឲ្យបាន២០%ពីពេលនេះ រហូតដល់ឆ្នាំ ២០៣០។ ឆ្នាំដែលវៀតណាមប្តេជ្ញាចង់ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យម មុននឹងហក់ចូលក្នុងចំណោមប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងរង្វង់ឆ្នាំ ២០៤៥។ តើប្រទេសកុម្មុយនិស្តវៀតណាមអាចធ្វើកំណែទម្រង់ ដោយការបណ្តេញ បញ្ឈប់បុគ្គលិករដ្ឋតាមគោលដៅរបស់ខ្លួនដែរឬទេ?
វិស័យសំណង់ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥នេះត្រូវបានព្យាករថា គឺនឹងងើបឡើងវិញយឺត បន្ទាប់ពីបានដាំក្បាលចុះតាំងពីផ្ទុះជំងឺរាតត្បាតកូវីដ១៩ ក្នុងឆ្នាំ២០២០។ ការព្យាករយ៉ាងដូចនេះត្រូវបានលើកឡើងនៅក្នុងវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៥ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅព្រឹកថ្ងៃចន្ទទី១០ កុម្ភៈនេះ។
ជំនួបកំពូលស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បើកទ្វារនៅថ្ងៃទី១០កុម្ភៈ នៅទីក្រុងប៉ារីសប្រទេសបារាំង។ មានរយៈពេល២ថ្ងៃ ជំនួបកំពូលនេះមានការចូលរួមពីថ្នាក់ដឹកនាំបណ្តាប្រទេសធំៗ តំណាងក្រុមហ៊ុនបច្ចេកវិទ្យា អ្នកស្រាវជ្រាវ ព្រមទាំងអង្គការអន្តរជាតិជាច្រើន។ ផ្អែកតាមវិមានប្រធានាធិបតីបារាំងដែលជាអ្នករៀបចំកម្មវិធី កម្មវត្ថុនៃជំនួនកំពូលនេះ គឺនឹងផ្តោតសំខាន់ទៅលើការជជែកគ្នាស្វែងរកយុទ្ធសាស្ត្ររួម ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បម្រើដល់ប្រយោជន៍មនុស្សជាតិ និងដោយធានាឲ្យមានវិធានច្បាប់ គ្រប់គ្រងបច្ចេកវិទ្យានេះឲ្យត្រឹមត្រូវផងដែរ។
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សមាគមអាដហុកបានចេញផ្សាយរបាយការណ៍ឆ្នាំ ២០២៤ ដោយរកឃើញថា អាជ្ញាធរមូលដ្ឋានជាង ៩០% នៅក្នុងខេត្តចំនួន ២២ បានរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋដោយប្រើរូបភាពសួររកលិខិតអនុញ្ញាតជួបជុំ រារាំងមិនឱ្យផ្សព្វផ្សាយ ឬហាមឃាត់ពលរដ្ឋមិនឱ្យចូលរួមជាដើម។ តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាយល់ថា ការលើកឡើងរបស់អាដហុកជាការធ្វើបុរេវិនិច្ឆ័យ ឬចោទប្រកាន់រដ្ឋាភិបាលដោយមិនបានពិនិត្យមើលអង្គហេតុ និងច្បាប់កម្ពុជា។ តើអាជ្ញាធរមូលដ្ឋានពិតជាបានរឹតត្បិតសិទ្ធិសេរីភាពជួបជុំដោយសន្តិវិធីរបស់ពលរដ្ឋដូចការរកឃើញរបស់អាដហុក ឬយ៉ាងណា?
ចំណាប់ខ្មាំងជនជាតិថៃទាំង៥នាក់ ដែលត្រូវក្រុមហាម៉ាសដោះលែងកាលពីចុងខែមករា បានធ្វើដំណើរមកដល់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃអាទិត្យ ទី៩ កុម្ភៈ។ ចំណាប់ខ្មាំងទាំង៥នាក់នេះ មានសុខភាពល្អ ខុសស្រឡះពីចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល៣នាក់ ដែលត្រូវក្រុមហាម៉ាសដោះលែង នៅថ្ងៃសៅរ៍ ទី៨កុម្ភៈ មានរូបរាងស្គមស្លេកស្លាំងសល់តែស្បែកដណ្តប់ឆ្អឹង ។
បញ្ញាសិប្បនិម្មិត បានក្លាយជាការប្រកួតប្រជែង ជាប្រចាំក្នុងវិស័យសេដ្ឋកិច្ច។ ក្រៅអំពីOpenAi របស់អាមេរិក និង DeepSeek របស់ចិន អឺរ៉ុបក៏កំពុងក្លាយជាតួអង្គសំខាន់ ចាប់លេចធ្លោឡើងដែរ។ ក្រុមប្រទេសនៅអាហ្វ្រិក នៅដើមបូព៌ា អាស៊ីខាងត្បូង ត្រៀមភ្ជាប់ខ្លួននឹងបច្ចេកវិទ្យាទំនើបនេះ ដើម្បីការពារអធិបតេយ្យជាតិរៀងខ្លួនៗ។ កាណាដាបានប្រកាសវិនិយោគ២០ពាន់លានអឺរ៉ូនៅអឺរ៉ូនៅបារាំង។ ចំណែកអេមីរ៉ាតអារ៉ាប់រួមនឹងចូលរួមស្ថាបនាមជ្ឈមណ្ឌលដាតា នៅបារាំងដែរក្នុងទំហំទឹកប្រាក់ប្រមាណពី៣០ទៅ៥០ពាន់លានអឺរ៉ូ។
ចៅក្រមសហព័ន្ធអាមេរិកបានចេញដីកា នៅថ្ងៃសៅរ៍ ទី៨ កុម្ភៈ ហាមឃាត់ជាបណ្តោះអាសន្ន មិនឲ្យនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលដឹកនាំដោយ លោក Elon Musk ចូលប្រើប្រាស់ទិន្នន័យនៃប្រព័ន្ធទូទាត់ប្រាក់របស់រតនាគារជាតិអាមេរិក។ ប្រព័ន្ធទូទាត់ប្រាក់នេះ ផ្ទុកទិន្នន័យរសើបៗខ្លាំង ពាក់ព័ន្ធនឹងការបង់ពន្ធរបស់ប្រជាជនអាមេរិក អត្ថប្រយោជន៍សន្តិសុខសង្គម ការទូទាត់ប្រាក់ពិការភាព និងប្រាក់ខែរបស់មន្រ្តីសហព័ន្ធ។
វិវាទដីធ្លីរវាងពលរដ្ឋជាង៧០០គ្រួសារនិងក្រុមហ៊ុនស្ករអំពៅថៃ ឈ្មោះ មិត្រ ផល (Mitr Phol) បានអូសបន្លាយអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ នៅក្នុងនោះមានពលរដ្ឋ៣២៩គ្រួសារប៉ុណ្ណោះដែលទទួលបានដំណោះស្រាយ ខណៈនៅសល់៣៨២គ្រួសារទៀតមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ ពលរដ្ឋរងគ្រោះដីធ្លីនៅសង្កាត់កូនគ្រៀល ខេត្តឧត្តរមានជ័យបានអះអាងថា ការពន្យារពេលចេញប័ណ្ណកម្មសិទ្ធិ និងការយឺតយ៉ាវវាស់វែងដីធ្លីជូនពលរដ្ឋនេះ ធ្វើឱ្យពួកគាត់បារម្ភពីសុវត្ថិភាពដីធ្លី និងគ្មានដីសម្រាប់បង្កបង្កើនផល។
កម្ពុជា កំពុងក្លាយជាមជ្ឈមណ្ឌលសម្រាប់ពង្រើកទីផ្សារធុរកិច្ចដ៏រីកចម្រើន និងមានសក្តានុពលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការវាយតម្លៃរបស់សហព័ន្ធធុរកិច្ចសិង្ហបុរី Singapore Business Federation ចេញផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ និងដោយបានបន្ថែមថា ប្រទេសកម្ពុជា ក៏ជាច្រកទ្វារដ៏ល្អមួយបន្ថែមទៀតសម្រាប់វិនិយោគិន និងក្រុមហ៊ុនបរទេសដែលកំពុងស្វែងរកឱកាសពង្រើកទីផ្សារក្នុងតំបន់។
ថ្មីៗនេះ ជនជាតិវៀតណាមចំនួន១៧៧នាក់ត្រូវបានអាជ្ញាធរខ្មែរបញ្ចូនទៅឱ្យអាជ្ញាធរវៀតណាម ក្រោយពួកគេរស់នៅលើទឹកដីកម្ពុជាខុសច្បាប់ ហើយធ្វើការក្នុងទីតាំងបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺនែតក្នុងប្រទេសកម្ពុជា។ នេះបើផ្អែកតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាម Vietnam Plus។ តាមកាសែតដដែលនេះ ពលរដ្ឋវៀតណាមទាំងនោះ ក៏បានលាតត្រដាងពីទីតាំង និងរបៀបដែលក្រុមឆបោកអនឡាញ ធ្វើប្រតិបត្តិការឆបោកប្រាក់ពីជនរងគ្រោះដែរ។
ប្រមុខគណបក្សប្រឆាំងនៅក្រៅប្រទេស លោក សម រង្ស៊ី ហាក់មិនភ្ញាក់ផ្អើលនឹងការបែកលេចធ្លាយសារឆ្លើយឆ្លងរវាង លោក ហ៊ុន សែន និង លោកបណ្ឌិត សេង សារី ដែលត្រូវបានគេចាត់ទុកជា«ចារបុរស»នោះឡើយ។ ចំពោះ លោក សម រង្ស៊ី ការបើកមុខ លោក សេង សារី ដែលជាអ្នកលួចយកការណ៍ឲ្យ លោក ហ៊ុន សែន នៅពេលនេះ មិនបានបង្អាក់ផែនការរបស់គណបក្សប្រឆាំងឡើយ។ ផ្ទុយទៅវិញ បើតាម លោក សម រង្ស៊ី លោក សេង សារី បានបំពុល លោក ហ៊ុន សែន ឲ្យកាន់តែវង្វេង។
បញ្ហាកោះគុតបានត្រលប់មកជាបច្ចុប្បន្នភាពសាជាថ្មី។ នៅថ្ងៃអាទិត្យទី៩ ខែកុម្ភៈនេះ ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនរាប់រយនាក់បានធ្វើបាតុកម្មដោយដើរក្បួនថ្មើរជើងក្នុងទីក្រុងតូក្យូ ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ប្តឹង យកសំណុំរឿងកោះគុតជាមួយថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់។ ប្រមុខរដ្ឋាភិបាលកម្ពុជាធ្លាប់បានចេញមកបញ្ជាក់ កាលពីពេលកន្លងទៅថា ករណីកោះគុត ភាគីកម្ពុជាបានចរចាជាបន្តបន្ទាប់ តាំងពីឆ្នាំ១៩៩៥ ដើម្បីផលប្រយោជន៍ជាតិរួមគ្នា និងថា រដ្ឋាភិបាលមិនបានធ្វើឱ្យបាត់បង់សិទ្ធិក្នុងការចរចាព្រំដែនដែរ។
ធនាគារជាតិកម្ពុជាបានអះអាងថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនដល់២២.៥ពាន់លានដុល្លារអាមេរិក កើនឡើង១២.៦% នៅឆ្នាំ២០២៤។ បើតាមធនាគារជាតិ កម្រិតទុនបម្រុងអន្តរជាតិរបស់កម្ពុជានាពេលនេះ ត្រូវបានចាត់ទុកថា មានកម្រិតខ្ពស់សមស្រប ដែលស្មើនឹងរយៈពេលប្រមាណ៧ខែនៃការនាំចូលទំនិញនិងសេវាកម្មសម្រាប់គ្រាបន្ទាន់ណាមួយ។
នៅថ្ងៃសុក្រ ទី៧ កុម្ភៈ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទូចឲ្យបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេស USAID ចោលតែម្តង ដោយចោទអង្គការមួយនេះថាបានប្រព្រឹត្តអំពើពុករលួយ។ ក្នុងមួយឆ្នាំៗ អង្គការ USAID បានផ្តល់ជំនួយមនុស្សធម៌ និងជំនួយអភិវឌ្ឍន៍ រាប់ពាន់លានដុល្លារ សម្រាប់ប្រជាជនរាប់លាននាក់ នៅទូទាំងពិភពលោក។
កាលពីថ្ងៃសៅរ៍ទី៨កុម្ភៈ ក្រុមហាម៉ាសប៉ាឡេស្ទីនបានដោះលែងចំណាប់ខ្មាំងចំនួន៣នាក់ទៀត។ ប្រជាជនអ៊ីស្រាអែលបានអបអររំភើប តែទន្ទឹមនឹងនេះក៏មានសេចក្តីរំជួលចិត្តតក់ស្លុតជាខ្លាំង បន្ទាប់ឃើញចំណាប់ខ្មាំងទាំង៣នាក់ មានរូបរាងស្គមស្លេកស្លាំងសល់តែស្បែកដណ្តប់ឆ្អឹង។ ជាថ្នូរនឹងការដោះលែងនេះ ភាគីអ៊ីស្រាអែលបានឲ្យដឹងថា គេបានដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន១៨៣នាក់។
នៅថ្ងៃសៅរ៍ ទី៨ កុម្ភៈ ប្រទេសបាល់ទិកទាំងបី រួមមាន អេស្តូនី ឡេតូនី និងលីទុយអានី បានចាប់ផ្តើមឈប់ប្រើភ្លើងអគ្គិសនីរុស្ស៊ី ដោយងាកមកតភ្ជាប់បណ្តាញអគ្គិសនីអឺរ៉ុបវិញ។ ដំណើរការរៀបចំតភ្ជាប់បណ្តាញអគ្គិសនីអឺរ៉ុបនេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ដែលត្រូវចំណាយទឹកប្រាក់សរុបប្រមាណ ១៦០០លានអឺរ៉ូ។ រដ្ឋាភិបាលប្រទេសទាំងបីបានពន្លឿនកិច្ចការនេះ បន្ទាប់ពីរុស្ស៊ីបានធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន នៅខែកុម្ភៈ ឆ្នាំ២០២២។
ក្រោយហេតុការណ៍ផ្ទុះគ្រាប់មីនដែលបានបណ្តាលឲ្យមន្ត្រីអង្គភាព CMAC ២នាក់ ស្លាប់បាត់បង់ជីវិតភា្លមៗ កាលពីខែមករាកន្លងទៅ ពលរដ្ឋក្នុងភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបង្ហាញក្តីព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេដែលរស់នៅក្បែរតំបន់នោះ។ ប្រជាជនភាគច្រើន មានចំការដំណាំអាស្រ័យផលនៅក្បែរតំបន់ដែលអាជ្ញាធរ CMAC កំពុងបំពេញប្រតិបត្តិការរុករកគ្រាប់មីនមិនទាន់ផ្ទុះ។ ក្នុងន័យនេះពួកគេអំពាវនាវឲ្យអាជ្ញាធរ CMAC បង្កើនការត្រួតពិនិត្យ ដើម្បីធានាសុវត្ថិភាពដល់ការរស់នៅរបស់ពលរដ្ឋ។