ថ្ងៃទី២៦ ខែមេសា គឺជាព្រឹត្តិការណ៍នៃឃាតកម្មលើសកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធីដែលត្រូវបានគេធ្វើឃាតក្នុងខេត្តកោះកុង ពេលលោក និងអ្នកកាសែតពីរនាក់ចុះទៅអង្កេតបទល្មើសព្រៃឈើខុសច្បាប់នៅក្នុងតំបន់ភ្នំក្រវ៉ាញ។ ១៣ឆ្នាំក្រោយមក អង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជានៅតែបន្តរំឭកដល់ការបាញ់សម្លាប់លោក ឈុត វុទ្ធី ដើម្បីបន្តរកយុត្តិធម៌ឲ្យបានពេញលេញ និងដើម្បីបំបាត់ទិទណ្ឌភាពក្នុងសង្គមកម្ពុជា។
ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជានឹងមានកំណើនអត្រា៤ភាគរយនៅឆ្នាំ២០២៥ ដែលថយចុះបន្តិចធៀបនឹងអត្រាកំណើន៥,៣ភាគរយកាលពីឆ្នាំ២០២៤។ អ្នកជំនាញពាណិជ្ជកម្មថា សេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ បើជាប់ពន្ធច្រើនលើការនាំទំនិញទៅសហរដ្ឋអាមេរិក ព្រោះកំណើនដែលមានកន្លងមកគឺពឹងផ្អែកមួយភាគធំលើការនាំចេញទៅទីផ្សារអាមេរិក។
មិនដែលធ្លាប់មាននៅកម្ពុជា បណ្ណាគាររបស់ជប៉ុនឈ្មោះ Tsutaya ដែលជាបណ្ណាគារដ៏ធំ ល្បីឈ្មោះក្នុងពិភពលោក បានមកបង្កើតទីតាំងជាលើកដំបូងនៅក្នុងទីក្រុងភ្នំពេញ។ ហាងលក់សៀវភៅដែលមានរចនាបថបែបជប៉ុនមួយនេះបាននាំយកសៀវភៅរហូតដល់ទៅប្រមាណ ៧ម៉ឺនចំណងជើង មកតាំងលក់ ព្រមទាំងមានហាងកាហ្វេ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត។ ពលរដ្ឋខ្មែរ ដែលវិទ្យុបារាំងអន្តរជាតិ RFI បានសម្ភាសន៍ បានលើកឡើងពីក្តីរំភើបនៅពេលឃើញមានបណ្ណាគារប្រភេទនេះ ដែលសម្បូរសៀវភៅចម្រុះបែប ឲ្យអ្នកចូលចិត្តសៀវភៅអាចជ្រើសរើសបាន។ បន្ថែមពីនេះ ពួកគេចង់ឃើញបណ្ណាគារបែបនេះបន្ថែមទៀតក្នុងប្រទេសកម្ពុជា ដោយមិនចាំបាច់ត្រូវធ្វើដំណើរទៅបរទេស។
នៅថ្ងៃសៅរ៍ ទី២៦ មេសា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានផ្សាយរូបភាពប្រមុខដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ចូលរួមក្នុងកម្មវិធីសម្ភោធដាក់ឲ្យប្រើប្រាស់នាវាចម្បាំងទម្ងន់ប្រមាណ ៥ពាន់តោន នៅការដ្ឋានសាងសង់នាវាមួយកន្លែង ដែលស្ថិតនៅភាគខាងលិចប្រទេសកូរ៉េខាងជើង។ នាវាចម្បាំងប្រភេទថ្មីនេះ ជាសព្វាវុធទំនើបនិងមានអានុភាពខ្លាំងក្លាជាមួយបច្ចេកវិទ្យាជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ព្រមទាំងមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរតាក់ទិករយៈចម្ងាយខ្លី។ នេះបើយោងតាមគេហទំព័រអាមេរិក NK News។
ពិធីបុណ្យព្រះសពរបស់សម្តេចប៉ាបហ្វ្រង់ស្វ័រ បានប្រព្រឹត្តិធ្វើទៅនៅបុរីវ៉ាទីកង់ នៅថ្ងៃសៅរ៍ទី២៦មេសានេះ។ ព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូសរុបជាង១៦០ បានមកចូលរួមនៅក្នុងកម្មវិធីនេះ។ បុរីវ៉ាទីកង់ និងទីក្រុងរ៉ូមប្រទេសអ៊ីតាលី បានក្លាយជាបេះដូងនៃពិភពលោក នៅថ្ងៃនេះ ដោយមានការយាមសន្តិសុខយ៉ាងប្រុងប្រយ័ត្នបំផុត។ មនុស្សម្នាជាច្រើនសិបម៉ឺននាក់ បាននាំគ្នាធ្វើដំណើរមកពីគ្រប់ទិសទីនៃពិភពលោក ដើម្បីមកថ្វាយបង្គំលាសម្តេចប៉ាបហ្វ្រង់ស្វ័រ ជាលើកចុងក្រោយ ដែលគ្រប់គ្នាចាត់ទុកព្រះអង្គថា ជាសម្តេចប៉ាបនៃជនក្រីក្រ។
របបសឹកភូមាដែលបានសន្យាផ្អាកការវាយប្រហារបណ្តោះអាសន្ន ទៅលើក្រុមឧទ្ទាម បន្ទាប់ពីប្រទេសបានជួបគ្រោះរញ្ជួយដីនោះ គឺនៅតែបន្តការវាយប្រហារដដែលទេ។ នេះបើផ្អែកតាមព័ត៌មាន ប្រមូលបានដោយទីភ្នាក់ងារព័ត៌មានReuters ចេញផ្សាយកាលពីថ្ងៃទី២៥មេសា។ គ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨មីនា បានផ្តាច់ជីវិតមនុស្សប្រមាណ៣៧០០នាក់នៅភូមា ហើយបច្ចុប្បន្ន ប្រជាជនភូមាប្រមាណ៦ម៉ឺននាក់ ត្រូវរស់នៅក្នុងជំរកបណ្ដោះអាសន្ន ដោយសារផ្ទះសម្បែងត្រូវបាក់បែកអស់។
នគរបាលប្រេស៊ីលបានបញ្ជាក់អំពីការចាប់ខ្លួនលោកអតីតប្រធានាធិបតី ហ្វែរណាន់ដូ ខូល្ល័រ ឌឺ មែលឡូ។ ក្នុងវ័យ៧៥ឆ្នាំ អតីតប្រមុខដឹកនាំប្រទេសប្រេស៊ីល រូបនេះ រងបទចោទប្រកាន់ក្នុងសំណុំរឿងពុករលួយ ស៊ីសំណូក និងលាងលុយកខ្វក់។
លោកដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤មេសា បានចុះហត្ថលេខាលើក្រិត្យមួយ ដែលមានខ្លឹមសារបើកផ្លូវឲ្យមានការជីកគាស់កកាយយករ៉ែនៅបាតសមុទ្រ ក្នុងដែនទឹកអន្តរជាតិ។ នេះគឺជាលើកទីមួយហើយ ដែលប្រទេសមួយហ៊ានធ្វើបំពាន រំលងនឹងសិទ្ធិអំណាច របស់អាជ្ញាធរអន្តរជាតិគ្រប់គ្រងបាតសមុទ្រ ហៅកាត់ថា AIFM។ អ្នកជំនាញនិងអង្គការបរិស្ថាននានា បានថ្លែងការបារម្ភថា ការសម្រេចរបស់រដ្ឋបាលលោកដូណាល់ ត្រាំ នឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ ដល់ប្រព័ន្ធជីវចម្រុះបាតសមុទ្រក្នុងដែនទឹកអន្តរជាតិ ដែលជាសម្បត្តិរួមរបស់មនុស្សជាតិ ហើយវានឹងបើកផ្លូវឲ្យប្រទេសផ្សេងៗនាំគ្នាធ្វើតាម។
ទេសាភិបាលធនាគារជាតិនៃកម្ពុជាលោកស្រី ជា សិរី កាលពីពេលថ្មីៗនេះបានឲ្យដឹងថាបច្ចុប្បន្ននេះចំនួន QR code សម្រាប់ទូទាត់ប្រាក់ ដែលបានស្នើ និងអនុញ្ញាតឲ្យដាក់នៅតាមបញ្ជ ទូទាត់ និងហាងទំនិញកើនដល់ជាង១,៥លាន។ ការទូទាត់ឆ្លងដែនតាមរយៈ KHQR Code ក៏បានពង្រីកកាន់តែទូលំទូលាយទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់ផងដែរ។ អ្នកជំនាញសេដ្ឋកិច្ចនានាមើលឃើញថាកំណើននៃការទូទាត់ប្រាក់តាម QR code នៅក្នុងបរិបទនៃប្រទេសកម្ពុជា គឺជាចំណុចវិជ្ជមាននៃវិស័យសេដ្ឋកិច្ចជាតិ ជាជាងហានិភ័យ។
ក្នុងបរិបទសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក រដ្ឋអំណាចក្រុងប៉េកាំងបានប្រញាប់ប្រញាល់កោះប្រជុំការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន ដើម្បីរកដំណោះស្រាយវិបត្តិរនាំងពន្ធគយ។ ទន្ទឹមនឹងគ្នានេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលក្រុងប៉េកាំងក៏បានអំពាវនាវសហគមអន្តរជាតិ ឲ្យពួតដៃគ្នាជាមួយចិន ដើម្បីទប់ទប់នឹងការគំរាមសម្លុតរបស់រដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោន។
មកដល់ពេលនេះ ការចរចាការដាក់ពន្ធលើមុខទំនិញរវាងកម្ពុជា និងអាមេរិក នៅមិនទាន់មានការកំណត់ជាក់លាក់យ៉ាងណានៅឡើយ។ ក្នុងរយៈពេល៩០ថ្ងៃ គិតចាប់ពីថ្ងៃទី៩មេសា កម្ពុជាត្រូវប្រើប្រាស់ពេលវេលានេះ ដើម្បីបន្ទន់ចិត្តអាមេរិកឲ្យបញ្ចុះពន្ធដល់កម្ពុជា ខណៈដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ចង់ដំឡើងពន្ធលើទំនិញកម្ពុជានាំចូលទៅកាន់សហរដ្ឋអាមេរិករហូតដល់៤៩%។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រទី២៥មេសានេះ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិក បានកត់សម្គាល់ថា ការដំឡើងពន្ធ៤៩%របស់អាមេរិកចំពោះកម្ពុជា ជារឿងដ៏ហួសហេតុ ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យកាត់ដេរ។ តែនៅទន្ទឹមនេះប្រធានសភាពាណិជ្ជកម្មអាមេរិកក៏កត់សម្គាល់ដែរថា កម្ពុជាមានទាំងឱកាស មានទាំងហានិភ័យ ក្នុងបរិបទដំឡើងពន្ធរបស់អាមេរិក។
ពលរដ្ឋខ្មែរជាង៩០% បានស្នើឱ្យរដ្ឋាភិបាលដាក់កំហិតកាន់តែខ្លាំងទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងគ្រប់ទម្រង់ ដើម្បីការពារ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹង។ នេះបើយោងតាមការសិក្សាមួយរបស់រាជបណ្ឌិត្យសភាកម្ពុជាស្តីពីទស្សនៈសាធារណជនទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ ការសិក្សាដដែលក៏បានបង្ហាញឱ្យឃើញថា ការសេពគ្រឿងស្រវឹងក្នុងចំណោមពលរដ្ឋខ្មែរទូទៅនាពេលកន្លងមក គឺបានជះផលអវិជ្ជមានខ្លាំងដល់សេដ្ឋកិច្ច សង្គម និងអ្នកប្រើប្រាស់ផ្ទាល់។
កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិបរទេសស្បែកខ្មៅ២នាក់ ក្នុងចំណោមជនល្មើសសរុប៥នាក់ ក្រោយប្រើវិធីសាស្ត្រថ្មីឆបោកប្រាក់ជនរងគ្រោះម្នាក់អស់ប្រាក់ប្រមាណ៧លានដុល្លារអាមេរិក។ ជនជាតិបរទេសទាំង២នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនត្រូវបានបញ្ចូនតាមនីតិវិធីទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ខណៈបក្ខពួកសេសសល់៣នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។
ស្ថានទូតបារាំងប្រចាំកម្ពុជានឹងរៀបចំព្រឹត្តិការណ៍រំលឹកខួប ៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ ដែលមានរយៈពេលជាង ៣ខែដើម្បីឧទ្ទិសដល់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម និងរក្សាការចងចាំពីព្រឹត្តិការណ៍នេះ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ព្រឹត្តិការណ៍រំលឹកនឹងធ្វើឡើងដោយមានការតាំងពិព័រណ៍ ពិធីឧទ្ទិសកុសល និងកម្មវិធីបញ្ចាំងភាពយន្តទាក់ទងនឹងសម័យខ្មែរក្រហមជាដើម។
នៅទីបំផុត រូបព្រះវិស្ណុផ្ទំដែលទទួលបានការជួសជុលសំអាតជាច្រើនខែ បានមកដល់សារមន្ទីរសិល្បៈអាស៊ី ហ្គីមេ Guimetក្នុងទីក្រុងប៉ារីស កាលពីសប្តាហ៍មុន ដើម្បីចូលរួមក្នុងពិធីតាំងពិព័រណ៌ដ៏ធំ ដែលរៀបចំឡើងដោយសារមន្ទីរសិល្បៈអាស៊ីហ្គីមេ ពីចុងខែមេសា រហូតដល់ខែកញ្ញាឆ្នាំ ២០២៥។ នៅមុនការដាក់តាំងបង្ហាញជាសាធារណៈនៅសប្តាហ៍ក្រោយ ព្រះវិស្ណុផ្ទំដែលជាបដិមាធ្វើពីសំរឹទ្ធបុរាណធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា ឬនៅអាស៊ីអាគ្នេយ៍ បានទទួលការជួសជុសយ៉ាងយកចិត្តទុកដាក់ពីអ្នកឯកទេសបារាំង អស់រយៈពេល៣ខែ នៅមន្ទីរពិសោធន៍ឯកទេស ឈ្មោះ អាក់ កង់ទិក Arc’Antique ក្នុងទីក្រុង ណង់ Nantes ភាគពាយ័ព្យនៃប្រទេសបារាំង។ ឈាង បុប្ផាបានទៅធ្វើបទយកការណ៍នៅពេលរូបព្រះវិស្ណុផ្ទំត្រូវបានដឹក និងយកទៅដំឡើងនៅសារមន្ទីរសិល្បៈអាស៊ីហ្គីមេ កាលពីសប្តាហ៍មុន។
ភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថាន បានឡើងដល់កំរិតកំពូល ក្រោយភេរវកម្មបាញ់ប្រហារទេសចរ នៅតំបន់កាស្មៀរ។ ក្រៅអំពីប្រកាសប្តេជ្ញាតាមប្រមាញ់ភេរវជន ឱ្យខាងតែបាន នៅថ្ងៃព្រហស្បតិ៍ទី២៤មេសានេះ ឥណ្ឌានិងប៉ាគីស្ថានចេញវិធានការក្តៅដាក់គ្នាទៅវិញទៅមក បណ្តេញមន្ត្រីទូត ផ្អាកការផ្តល់ទិដ្ឋាការ បិទព្រំដែនគោក ព្រំដែនអាកាស... នាយករដ្ឋមន្ត្រីឥណ្ឌាបានថែមទាំងប្រកាសផ្អាកសន្ធិសញ្ញាស្តីពីទន្លេIndus។ សម្រាប់ប៉ាគីស្ថាន ប៉ះពាល់ដល់សន្ធិសញ្ញាទឹក មានន័យថាជាការប្រកាសសង្គ្រាមហើយ។ តើសន្ធិសញ្ញាទឹកទន្លេIndus ជាអ្វី?
ដើម្បីពង្រឹងការគាំទ្របុព្វហេតុប៉ាឡេស្ទីន រដ្ឋាភិបាលអេស្ប៉ាញ បានប្រកាសផ្តាច់កិច្ចសន្យាទិញលក់គ្រឿងសព្វាវុធជាមួយក្រុមហ៊ុនអ៊ីស្រាអែល។ ការសម្រេចចិត្តនេះ បានបង្កភាពមិនពេញចិត្តពីសំណាក់អ៊ីស្រាអែល ហើយនៅក្នុងជួររដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ក៏មិនសប្បាយចិត្តប៉ុន្មានដែរ ព្រមទាំងបានបញ្ចេញប្រតិកម្មរិះគន់ជាខ្លាំង។
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំនូវអចលនវត្ថុ(ផ្ទះ)របស់លោក រ៉ុង ឈុន កាលពីថ្ងៃទី២៧មីនា ដើម្បីជាថ្នូរនឹងសំណងទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ ដែលលោករ៉ុងឈុន ត្រូវបង់សងជំងឺចិត្តទៅឲ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលជាម្ចាស់ដើមបណ្តឹង។ ដីការបស់ចៅក្រម យី សុខវួច ដែលចេញតាំងពីថ្ងៃទី២៧មីនានោះ ទើបតែទៅដល់ដៃលោក រ៉ុង ឈុន នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលធ្វើឲ្យលោករ៉ុង ឈុនមានការភ្ញាក់ផ្អើលជាខ្លាំង។ នៅក្នុងបទសម្ភាសន៍ជាមួយ ជួប នរក្សានៅថ្ងៃនេះ លោក រ៉ុង ឈុន និយាយថា ពេលនេះលោកមិនទាន់ឃើញវត្តមានអាជ្ញាធរចុះទៅរឹបអូសផ្ទះរបស់លោក តាមដីការបស់តុលាការនៅឡើយ។
កងទ័ពរុស្ស៊ីបានបាញ់មីស៊ីលនិងវាយប្រហារដ្រូនយ៉ាងច្រើនសម្បើម ទៅលើតំបន់សំខាន់ៗ ចំនួន ៦ របស់អ៊ុយក្រែន ដែលបានបណ្តាលឲ្យស្លាប់មនុស្ស យ៉ាងតិច ១០ នាក់ និងរបួសជាង ៧០ នាក់។ នេះបើតាមកងទ័ពជើងអាកាសអ៊ុយក្រែន ដោយបញ្ជាក់លម្អិតថា រុស្ស៊ីបាញ់មីស៊ីលយ៉ាងហោច ៧០ គ្រាប់ និង ដ្រូន ១៤៥ គ្រឿង។ ការវាយប្រហាររបស់កងទ័ពរុស្ស៊ីកើតឡើង នៅបន្ទាប់ពីចៅហ្វាយសេតវិមានអាមេរិក ដូណាល់ ត្រាំ បានរិះគន់ថ្កោលទោសប្រធានាធិបតីអ៊ុយក្រែន ក្នុងសំណុំរឿងដែនដីគ្រីមេ។ ចំពោះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, ជំហររបស់លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដែលមិនព្រមទទួលស្គាល់ដែនដីគ្រីមេថាជារបស់រុស្ស៊ី នឹងធ្វើឲ្យរាំងស្ទះដល់ផែនការចុះកិច្ចព្រមព្រៀងសន្តិភាព។
នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាមួយស្តីពីការរៀបចំកម្មវិធី(សុសវែរ) ពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ ដោយមានការចូលរួមពីអ្នកជំនាញផ្នែកសុសវែរភាសាខ្មែរមួយចំនួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺធ្វើយ៉ាងណាបង្កើតសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរមួយ ដែលមានលក្ខណៈពេញលេញ និងអាចប្រើប្រាស់បានជាទូទៅ។
គ្រួសារកសិករខ្នាតតូចកម្ពុជាប្រមាណ ៦០០០នាក់ បានទទួលការគាំទ្រពីគម្រោងមូលនិធិនូវែលសេឡង់ដើម្បីបង្កើនប្រាក់ចំណូល និងពង្រឹងភាពធន់របស់កសិករនៅចំពោះមុខបញ្ហាប្រឈម ដូចជាការប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ច។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទីព្រហស្បតិ៍ ទី២៤ មេសា អង្គការអាយឌីអ៊ីកម្ពុជា (IDE) ដែលធ្វើការលើផ្នែកអនាម័យ និងបញ្ចប់ភាពក្រីក្រនៅប្រទេសកម្ពុជា បានអះអាងថា ជំនួយរបស់ប្រទេសនូវែលសេឡង់នៅបានជួយគាំទ្រដល់អាជីវកម្មកសិកម្មចំនួនជាង ៣០០កន្លែងផ្សេងទៀត ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការអនុវត្តកសិកម្មឆ្លាតវៃ។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់នាយករដ្ឋមន្ត្រីថៃនៅប្រទេសកម្ពុជា ប្រមុខរដ្ឋាភិបាលកម្ពុជាបានរំលេចឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការបន្តចាប់ដៃគ្នាកសាងសហគមន៍រួមគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។ តែចំពោះសំណុំរឿងក្តៅៗ ដូចជា បញ្ហាកោះគុត តំបន់ប្រេងត្រួតស៊ីគ្នានៅក្នុងសមុទ្រ បញ្ហាព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ និងករណីឃាតកម្មលើអតីតតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ានៅទីក្រុងបាងកក ពុំត្រូវបានលើកឡើងមកនិយាយនៅក្នុងការបូកសរុបលទ្ធផលនៃដំណើរទស្សនកិច្ចនោះទេ។ ចំពោះអ្នកនយោបាយ និងអ្នកវិភាគ ភាគីទាំងពីរ កម្ពុជា ថៃអាចមិនលើកយកសំណុំរឿងទាំងនេះមកជជែកគ្នា ពីព្រោះរដ្ឋាភិបាលទាំងពីរបារម្ភខ្លាចខាតបង់ផលប្រយោជន៍រវាងគ្នា។ តើក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃនៅកម្ពុជារយៈពេល២ថ្ងៃមកនេះ ភាគីទាំងពីរពិតជាមិនអើពើលើកនិយាយពីសំណុំរឿងធំៗដែលជាប្រយោជន៍ជាតិពិតមែន ឬយ៉ាងណា?
របាយការណ៍ថ្មីរបស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ជាភាសាអង់គ្លេសថា UNODC បានបង្ហាញថា ឧក្រិដ្ឋកម្មឆ្លងដែននៅអាស៊ីអាគ្នេយ៍ ដែលរួមមានកម្ពុជាផង កំពុងវិវឌ្ឍលឿនជាងពេលណាទាំងអស់ និងកំពុងរាលនៅទូទាំងពិភពលោក។ បើតាម UNODC ទោះរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍បានបង្កើតកិច្ចសហការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែនរួមគ្នា ប៉ុន្តែស្ថាប័នរបស់អង្គការសហប្រជាជាតិមួយនេះនៅតែកត់សម្គាល់ឃើញ ការរីកសាយភាយនៃមជ្ឍមណ្ឌលបោកប្រាស់តាមអ៊ីនធ័រនែត ទំហំឧស្សាហកម្មដែលបាន និងកំពុងជំរុញឱ្យមានការកើនឡើងនៃក្រុមឧក្រិដ្ឋកម្មឆ្លងដែនសម័យទំនើប បណ្តាញលាងលុយកខ្វក់ ការជួញដូរមនុស្ស ឬការលួចប្លន់យកទិន្នន័យជាដើម។
ក្នុងខណៈដែលប្រធានាធិបតីអ៊ុយក្រែន បានទទូចជាថ្មី ឱ្យមានបទឈប់បាញ់ ទាំងស្រុង ភ្លាម និងដោយគ្មានលក្ខខណ្ឌ អនុប្រធានាធិបតីអាមេរិកលោក JD Vance បានអះអាង បែបដាក់ឱសានវាទ ថាអ៊ុយក្រែននិងរុស្ស៊ីចាំបាច់ត្រូវតែធ្វើសម្បទានទឹកដី ទើបរកសន្តិភាពឃើញ។ បើតាមអនុប្រធានាធិបតីរូបនេះ អាមេរិកបានលើកសំណើលម្អិតបង្ហាញក្រុងកៀវនិងម៉ូស្គូហើយ។ តើផែនការសន្តិភាពស្នើដោយអាមេរិកនេះមានខ្លឹមសារយ៉ាងណា?
រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-ណូអែល បាររ៉ូត៍ (Jean-Noël Barrot) បំពេញទស្សនកិច្ចជាលើកទី១ នៅអ៊ីរ៉ាក់។ ចេញពីអ៊ីរ៉ាក់ ប្រមុខទូតបារាំងបន្តទៅអារ៉ាប៊ីសាអូឌីតនិងកូវ៉ែត ដើម្បីបញ្ចុះបញ្ជូលផែនការសន្តិភាពនៅហ្កាហ្សា។ ពោលគឺរដ្ឋពីររស់នៅក្បែរគ្នា អ៊ីស្រាអែលនិងប៉ាឡេស្ទីន។
នៅព្រឹកថ្ងៃពុធទី២៣មេសានេះ តុលាការកំពូលបានបើកការសវនាការលើការស្នើសុំរបស់សកម្មជនមាតាធម្មជាតិ ដើម្បីនៅក្រៅឃុំ។ សវនាការដែលចាយពេលអស់មួយព្រឹក នៅមិនទាន់មានការសម្រេចអ្វីឡើយ ដោយចៅក្រមអះអាងថា នឹងប្រកាសសាលដីកា នៅថ្ងៃទី៣០មេសាខាងមុខ។ នៅចំពោះមុខនៃការទន្ទឹងរង់ចាំលទ្ធផលក្រុមគ្រួសាររបស់សកម្មជនចលនាមាតាធម្មជាតិ បង្ហាញក្តីអស់សង្ឃឹមលើប្រព័ន្ធតុលាការ ដ្បិតថាការស្នើសុំនៅក្រៅឃុំកន្លងមកតែងតែបរាជ័យ។
នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជារបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីសារៈសំខាន់នៃការតភ្ជាប់វិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងថៃ។ ក្រោមទិសស្លោក«ព្រះរាជាណាចក្រពីរ ក្នុងគោលដៅតែមួយ» អ្នកជំនាញក្នុងវិស័យទេសចរណ៍បានសម្តែងសុទិដ្ឋិនិយមចំពោះការរួមគ្នារវាងថៃ និងកម្ពុជា ដើម្បីស្រូបទាញទេសចរអន្តរជាតិឲ្យបានជាអតិបរមា។ តែខ្លះទៀតយល់ថា កម្ពុជាត្រូវតែរៀបចំខ្លួនឲ្យបានរួចរាល់ និងមានសមត្ថភាពគ្រប់គ្រាន់។
ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាកំពុងខ្នះខ្នែងស្វែងការគាំទ្រផ្នែកថវិកាពីសហគមន៍ខ្មែរនៅក្រៅប្រទេសដើម្បីបន្តសកម្មភាពការងាររបស់ខ្លួនទៅមុខទៀត បន្ទាប់ពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនជួបប្រទះបញ្ហាខ្វះថវិកា ដោយសាររដ្ឋបាលលោក ដូណាល់ត្រាំ កាត់ផ្តាច់ជំនួយរបស់USAIDទៅកាន់បណ្តាប្រទេសនានា។ យុទ្ធនាការស្វែងរកជំនួយនេះ ត្រូវបានផ្តួចផ្តើមឡើងដោយអង្គការ Save Cambodia ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិ និងជាអ្នកដែលបានសម្របសម្រួលឲ្យមានការសន្ទនាគ្នារវាងពលរដ្ឋកម្ពុជា និងសហគមន៍ខ្មែរ នៅក្នុងវេទិកាតុមូលមួយ ជាមួយមន្ត្រីក្រសួងការបរទេសអាមេរិកកាលពីពេលថ្មីៗនេះ។
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានបើកសវនាការជំនុំជម្រះសំណុំរឿង លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ «ពីបទមិនរាងចាល» ក្នុងបទល្មើសមជ្ឈិម បន្ទាប់ពីមានការផ្តន្ទាទោសក្នុងបទល្មើសមួយផ្សេងទៀតដែលផ្តើមចេញពីការនិយាយរឿងព្រំដែនកម្ពុជាវៀតណាមកន្លងមក។នៅក្រោយសវនាការ លោក រ៉ុង ឈុន មានសុទិដ្ឋិនិយមថា តុលាការនឹងពិចារណាទម្លាក់បទចោទលើរូបលោកទាំងស្រុង ដើម្បីប្រយោជន៍ជាតិ។
រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តម្ចាស់គម្រោងអគារជាប់គាំងក្នុងខេត្តព្រះសីហនុ តាមរយៈការអនុគ្រោះពន្ធសម្រាប់អគារដែលត្រូវបានសាងសង់ ចាប់ពីឆ្នាំ ២០១៦។ នៅក្នុងសេចក្តីជូនដំណឹងនៅថ្ងៃពុធទី ២៣មេសានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំឱ្យម្ចាស់គម្រោងដែលមិនទាន់ទទួលបានការសម្រួលពន្ធ អាចទៅស្នើពាក្យសុំពីក្រុមការងារជំរុញវិនិយោគរបស់ខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួល និងការលើកទឹកចិត្តផ្សេងទៀត។
កម្ពុជា និងថៃ បានប្តេជ្ញាចិត្តរួមគ្នានៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្នុងការប្រយុទ្ធប្រឆាំងនឹងករណីឆបោកតាមអនឡាញ នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តនេះធ្វើឡើងនៅក្នុងពេលដែលប្រមុខរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋាភិបាលថៃ ធ្វើសន្និសីទកាសែតរួមគ្នា នៅក្រោយពិធីចុះហត្ថលេខាលើឯកសារចំនួន០៧ ដែលសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត់ នៅប្រទេសកម្ពុជា។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch នៅថ្ងៃទី២២ ខែមេសាបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន លើកយកពីក្តីកង្វល់ ជុំវិញការរំលោភបំពានឆ្លងដែនមកជជែកជាមួយរដ្ឋាភិបាលកម្ពុជា។ សំណើរបស់ Human Rights Watch នាពេលនេះ ធ្វើឡើងចំពេលដែលលោកស្រីនាយករដ្ឋមន្ត្រីថៃ កំពុងតែបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា។
ស្ថានការណ៍សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន បានធូរស្រាលមួយកម្រិត បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសបន្ធូរបន្ថយរនាំងពន្ធគយចំពោះទំនិញចិន ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំងព្រមចរចាចុះកិច្ចព្រមព្រៀង។ ចំណែក រដ្ឋអំណាចចិន វិញ ក៏បានប្រកាសបើកចំហទ្វារសម្រាប់ចរចា តែប៉េកាំងបានបដិសេធ មិនទទួលយកកិច្ចព្រមព្រៀងដែលបង្ខូចប្រយោជន៍ចិន នោះឡើយ។
នៅថ្ងៃអង្គារទី ២២មេសា ឆ្នាំ ២០២៥ អនុរដ្ឋមន្រ្តីទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហិ្វកនៃក្រសួងការបរទេស អង់គ្លេសបាននិងកំពុងធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជា ដែលនៅក្នុងនោះ មានការចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច។ អមដោយឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលអង់គ្លេសបានចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល ក្រោមការរចនារបស់ក្រុមហ៊ុនអង់គ្លេសឈ្មោះ Foster + Partners។
នៅពេលចូលកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចង់កាត់ផ្តាច់ប្រទេសកម្ពុជាចេញពីពិភពលោកខាងក្រៅ តាមរយៈការបណ្តេញជនបរទេសដែលនៅសេសសល់ចេញពីប្រទេសរបស់កម្ពុជា។ កាលពី៥០ឆ្នាំមុន លោក Roland Neveu គឺជាអ្នកថតរូបរបស់កាសែតបារាំងម្នាក់ ដែលស្ថិតនៅក្នុងចំណោមជនបរទេសចុងក្រោយគេ ដែលត្រូវបានគេជម្លៀសចេញពីស្ថានទូតបារាំងនៅទីក្រុងភ្នំពេញ នៅថ្ងៃចុងក្រោយបង្អស់គឺ ថ្ងៃទី៨ ឧសភា ឆ្នាំ១៩៧៥។ ជាសាក្សីដ៏កម្រនៃសោកនាដកម្មមួយរបស់កម្ពុជា លោក Roland Neveu បានផ្តិតយករូបភាពជាច្រើនសន្លឹកដែលជានិមិត្តរូបជាប្រវត្តិសាស្ត្រថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។