ចាប់ពីថ្ងៃសុក្រទី១ ខែសីហា ឆ្នាំ ២០២៥ ទៅ ពលរដ្ឋរុស្ស៊ីណា ដែលប្រើបណ្តាញអ៊ិនធ័រនែត ដើម្បីស្វែងមាតិកាផ្សេងៗ ដែលត្រូវអាជ្ញាធរវិនិច្ឆ័យថាមានលក្ខណៈ ជ្រុលនិយម នឹងត្រូវរងពិន័យ។ មានទម្រង់ស្រពិចស្រពិលនៅឡើយ ច្បាប់ថ្មីនេះ នឹងបើកផ្លូវឲ្យអាជ្ញាធររុស្ស៊ី ដាក់សម្ពាធមួយជាន់បន្ថែមទៀត លើប្រជាជនក្នុងស្រុក។
លោកដូណាល់ ត្រាំបានដាក់ឱសានវាទថាថ្ងៃទី១សីហានេះ អត្រាពន្ធថ្មីលើទំនិញនាំចូល នឹងត្រូវអនុវត្ត។ តែកាលពីរសៀលថ្ងៃទី៣១កក្កដា សេតវិមានបានប្រកាសថា អត្រាពន្ធថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី៧សីហា ដើម្បីទុកពេលវេលាឲ្យអាជ្ញាធរគយរៀបចំដំណើរការការងារ។ គិតត្រឹមពេលនេះ មានប្រទេសតែ៧ទេ ដែលបានសម្រេចបានកិច្ចព្រមព្រៀងកំណត់អាត្រាពន្ធជាមួយអាមេរិក។ តើចាប់ពីថ្ងៃ៧សីហាទៅ អត្រាពន្ធនាំចូលរបស់អាមេរិក នឹងមានកម្រិតប៉ុន្មានខ្លះ សម្រាប់ប្រទេសនីមួយៗ ?
សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធបដិការឱ្យកម្ពុជាមកត្រឹម ១៩% រាល់មុខទំនិញនាំចេញពីកម្ពុជាចូលទៅទីផ្សាររបស់អាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន ចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ ការបញ្ចុះអត្រាពន្ធបដិការរបស់អាមេរិក ធ្វើឡើងបន្ទាប់ពី កម្ពុជា និងថៃសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់មួយដែលផ្តើមឡើងពីការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា កម្ពុជានឹងក្លាយជាប្រទេសមួយដែលមានការប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ចំពោះការទាក់ទាញអ្នកវិនិយោគពីបរទេសមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ តែអ្នកជំនាញក៏ស្នើឱ្យរដ្ឋាភិបាលគិតគូរទៅលើការបង្កើននូវបរិយាកាសវិនិយោគងាយស្រួល និងការដឹកជញ្ចូនមានតម្លៃទាបជាងមុន។
អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី(OIF) លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO)កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសស្វាគមន៍បទឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ឌ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ បន្ថែមពីនេះ លោកស្រី មូស៊ីគីវ៉ាបូ ក៏បានស្នើឲ្យភាគីកម្ពុជា-ថៃ គោរពឲ្យបាននូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព។
គិតត្រឹមម៉ោង ៤រសៀល ថ្ងៃសុក្រទី០១ ខែសីហា ឆ្នាំ២០២៥ កម្ពុជាទទួលបានទាហាន ២រូប ដែលស្ថិតក្នុងស្ថានភាពរបួសពីភាគីថៃ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ។ តុល្យការចុងក្រោយ មានទាហានកម្ពុជា ១៨រូបផ្សេងទៀត ដែលភាគីថៃបន្តឃុំឃាំងជាចំណាប់ខ្មាំង និងមិនទាន់បានប្រគល់មកឲ្យកម្ពុជាវិញ។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានរកឃើញអាវុធយុទ្ធភណ្ឌផ្ទុះ និងមិនទាន់ផ្ទុះ ព្រមទាំងរណ្តៅគ្រាប់បែកជាច្រើន ដែលកងទ័ពអាកាសថៃបានទម្លាក់លើប្រទេសកម្ពុជា អំឡុងពេលនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥បានចេញមកបញ្ជាក់ចំៗថា អាវុធយុទ្ធភណ្ឌដូចជាគ្រាប់ប្រភេទ MK-84 ដែលកម្ពុជារកឃើញនាពេលនេះសុទ្ធសឹងជាគ្រាប់ថ្មីថ្មោង ដែលថៃបានយកមកប្រើប្រាស់ក្នុងការឈ្លានពានទឹកដីកម្ពុជា។ តែថៃបានបដិសេធ និងគេចពីការទទួលខុសត្រូវចំពោះការលើកឡើងរបស់អង្គភាពស៊ីម៉ាក់ដូច្នេះ។
កម្ពុជាបានឯកភាពទៅលើសំណើរបស់ភាគីថៃ ក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅក្នុងប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនាពេលនេះ កម្ពុជាក៏បានស្នើសុំដល់ភាគីអាមេរិក ចិន និងម៉ាឡេស៊ី ឲ្យចូលរួមជាអ្នកសង្កេតការណ៍ផងដែរ ដើម្បីឲ្យដំណើរការកិច្ចប្រជុំនេះប្រកបដោយអព្យាក្រឹត្យ។
អាមេរិកបានសម្រេចបញ្ចុះអត្រាពន្ធបដិការដល់កម្ពុជាមកត្រឹម១៩% ដែលការសម្រេចនេះបានចូលជាធរមានចាប់ពីថ្ងៃសុក្រទី០១ ខែសីហា ឆ្នាំ២០២៥តទៅ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃសុក្រទី០១សីហានេះ។ ការបញ្ចុះអត្រាពន្ធរបស់អាមេរិកលើទំនិញកម្ពុជាមកត្រឹម ១៩%នេះ ធ្វើឡើងក្រោយពេលដែលកម្ពុជា-ថៃ យល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់កាលពីពេលថ្មីៗនេះ ជុំវិញជម្លោះនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។
នៅក្នុងឱកាសខួប៥០ឆ្នាំ នៃកិច្ចព្រមព្រៀងហ៊ែលស៊ីនគីស្តីពីសន្តិសុខអឺរ៉ុប ១សីហា១៩៧៥ លោកប្រធានាធិតបីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានថ្លែងសុន្ទរកថា ដោយលោកបានអំពាវនាវឲ្យពិភពលោក ត្រូវតែរួមគ្នាផ្លាប់ប្តូររបបដឹកនាំនៅរុស្ស៊ី ព្រោះពុំនោះទេ រុស្ស៊ីនឹងបន្តគំរាមសន្តិសុខ គំរាមសន្តិភាពរបស់ប្រទេសអឺរ៉ុបជាបន្តបន្ទាប់។ សុន្ទរកថាលោកប្រធានាធិបតីអ៊ុយក្រែន ត្រូវបានធ្វើឡើងបន្ទាប់ពីវេលាទៀបភ្លឺថ្ងៃព្រហស្បតិ៍ទី៣១កក្កដា រុស្ស៊ីបានបញ្ជាដ្រូនចំនួន៣០៩គ្រឿងនិងបាញ់មីស៊ីល៩គ្រាប់ សំដៅមកលើរដ្ឋធានីកៀវ។ អាជ្ញាធរអ៊ុយក្រែនបានអះអាងថា ដ្រូននិងមីស៊ីលរុស្ស៊ីបានវាយសំដៅចំអគារផ្ទះសំបែង មន្ទីរពេទ្យ និងសាលារៀន បណ្តាលឲ្យមានមនុស្សរបួសយ៉ាងហោចជាង៥០នាក់។
២ថ្ងៃមុនផុតឱសានវាទដែលលោក ដូណាល់ ត្រាំ បានគំរាមអនុវត្តអត្រាពន្ធ២៥% ទីបំផុតកូរ៉េខាងត្បូង បានសម្រេចបានកិច្ចព្រមព្រៀងមួយ ជាមួយសហហរដ្ឋអាមេរិក។ យោងតាមកិច្ចព្រមព្រៀងនេះ អត្រាពន្ធបន្ថែមលើទំនិញកូរ៉េខាងត្បូងដែលនាំចូលទៅអាមេរិក នឹងមានកម្រិត១៥% ហើយកូរ៉េខាងត្បូងវិញ បានសន្យាវិនិយោគច្រើនម៉ឺនលានដុល្លារ នៅសហរដ្ឋអាមេរិក។
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញមុខជាលើកដំបូងនៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធដល់កងទ័ពកម្ពុជា ដែលបានពលីជីវិតនៅក្នុងសមរភូមិតាមព្រំដែនកម្ពុជា-ថៃ។ វត្តមានរបស់មេដឹកនាំបក្សប្រឆាំងនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពយុទ្ធជនពលីពេលនេះ ធ្វើឡើងដោយមានការអមដំណើរពីសំណាក់ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចផងដែរ។
ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាលោក Casey Barnett បានបញ្ជាក់ថា អាមេរិក និងកម្ពុជាបានឈានដល់ដំណាក់កាលឯកភាពគ្នាលើអត្រាពន្ធជាថ្មីម្តងទៀត។ លោក Casey Barnett បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះថា អាមេរិកបានឯកភាពផ្តល់អត្រាពន្ធល្អជាងមុនដល់កម្ពុជា ដោយសារតែរដ្ឋាភិបាលកម្ពុជា បានធ្វើសកម្មភាពចរចាយ៉ាងសកម្មក្នុងការងារចរចាអត្រាពន្ធជាមួយភាគីអាមេរិក។ តាមប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា អត្រាពន្ធថ្មីរបស់កម្ពុជា នឹងជួយដល់ការវិនិយោគរបស់បរទេស និងវិស័យវាយនភណ្ឌនៅកម្ពុជា ឲ្យកាន់តែមានកំណើន។
និស្សិតខ្មែរប្រមាណ ៤២៣នាក់ បានវិលត្រឡប់មកកាន់មាតុភូមិវិញ ក្រោយបានសម្រេចចាកចេញពីប្រទេសថៃ បន្ទាប់ពីការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា និស្សិតចំនួន ១៧២នាក់ក្នុងចំណោម ៤២៣នាក់ បានទទួលអាហារូបករណ៍របស់ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន ដើម្បីបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសាធារណ និងឯកជនក្នុងប្រទេសកម្ពុជា។ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI បន្ថែមថាក្រសួងនឹងបន្តធ្វើការសម្របសម្រួលដល់និស្សិត ដែលចង់វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ និងផ្តល់អាហារូបករណ៍ទៅតាមជំនាញរៀងៗខ្លួន។ សូមស្តាប់ការលើកឡើងរបស់លោកស្រី ឃួន វិច្ឆិកា ដែលជាការរៀបចំឡើងដោយ សើ ដាវី៖
ក្នុងរបត់នៃសង្រ្គាមកម្ពុជា-ថៃ បានផ្ទុះឡើង សាលារៀនគ្រប់កម្រិតក្នុងខេត្តឧត្តរមានជ័យ បានបិទទ្វារទាំងស្រុង ដោយមិនទាន់មានកាលបរិច្ឆេទបើកឡើងវិញ។ កុមារៗដែលរស់នៅក្នុងជំរំភៀសសឹកក្នុងខេត្តឧត្តរមានជ័យ បានបាត់បង់ឱកាសសិក្សានៅតាមសាលារៀន និងត្រូវបង្ខំចិត្តស្វ័យសិក្សាដោយខ្លួនឯង តាមរយៈការអានសៀវភៅ និងធ្វើលំហាត់គណិតវិទ្យាជាដើម។ កុមាររស់ក្នុងជំរំប្រាថ្នាឲ្យសង្រ្គាមឆាប់បញ្ចប់ ដើម្បីពួកគេបានត្រលប់ទៅទទួលសិក្សានៅតាមសាលារៀនឡើងវិញ។
រដ្ឋអំណាចភូមាប្រកាសដកចេញ «ស្ថានភាពអាសន្នជាតិ» ដើម្បីឈានទៅរៀបចំការបោះឆ្នោតសភាជាតិ ឲ្យប្រកបដោយប្រជាធិបតេយ្យពហុបក្ស។ នេះបើតាមអ្នកនាំពាក្យរបបសឹកភូមា នៅថ្ងៃព្រហស្បតិ៍ ទី៣១ កក្កដា។ តែយ៉ាងណាក៏ដោយ បណ្តាគណបក្សប្រឆាំង និងក្រុមអ្នកសង្កេតការណ៍អន្តរជាតិ យល់ឃើញថា សភាពការណ៍ភូមាសព្វថ្ងៃពុំអាចរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌បានឡើយ។
សាកសពទាហានកម្ពុជាមួយរូប ត្រូវភាគីថៃបញ្ជូនត្រលប់ឲ្យមកកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី ៣១ ខែកក្កដានេះ និងថាទាហានកម្ពុជាចំនួន ២០រូបទៀត ត្រូវថៃបន្តឃុំខ្លួនជាចំណាប់ខ្មាំង។ មេបញ្ជាការភូមិភាគ២នៃកងទ័ពថៃ បានអះអាងប្រាប់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីថា ថៃនឹងដោះលែងទាហានខ្មែរទាំង២០រូបវិញ នៅពេលចប់នីតិវិធីច្បាប់។
អង្គការយូណេស្កូប្រកាសថា ខ្លួនបានត្រៀមរួចរាល់ក្នុងការផ្តល់ជំនួយផ្នែកបច្ចេកទេស ដើម្បីធានាដល់ការការពារសម្បត្តិបេតិកភណ្ឌទាំងក្នុងប្រទេសកម្ពុជា និងប្រទេសថៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអន្តរជាតិនេះ ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ តែយ៉ាងណា អង្គការអន្តរជាតិមួយនេះ មិនបានបញ្ជាក់អំពីចំណាត់ការផ្លូវច្បាប់ ឬការទទួលខុសត្រូវណាមួយរបស់ភាគីថៃ ចំពោះការខូចខាត និងការបំផ្លិចបំផ្លាញមកលើសំណង់ប្រាសាទព្រះវិហាររបស់ខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកឡើយ។
នៅចិន មនុស្សស្លាប់យ៉ាងហោចជាង ៣០នាក់ ព្រោះតែឥទ្ធិពលខ្យល់ព្យុះ Co May ដែលបានធ្វើឲ្យមានភ្លៀងធំ ទឹកជំនន់ និងបាក់ដីនៅភាគឧត្តរប្រទេស។ ខ្យល់ព្យុះកំណាចនេះ ទើបតែឆ្លងចូលប្រទេសចិន ក្រោយពីបង្កមហន្តរាយនៅ ហ្វីលីពីន។
ផ្កាយរណបដ៏ទំនើបបំផុតមួយ ត្រូវបានបាញ់ចេញពីភាគអាគ្នេយ៍ឥណ្ឌា កាលពីល្ងាចថ្ងៃពុធ ទី៣០កក្កដា ដែលជាលទ្ធផលនៃការសហការផ្គុំនិងស្រាវជ្រាវ រវាងទីភ្នាក់ងារអវកាសអាមេរិក ជាមួយអង្គភាពស្រាវជ្រាវអវកាលឥណ្ឌា។ ផ្កាយរណបពិសេសនេះ នឹងថតរូបភាពលម្អិតបំផុត ដើម្បីតាមដានដំណើរវិវឌ្ឍន៍ប្រែប្រួល របស់ផ្ទៃផែនដីទាំងមូលតែម្តង។ ការតាមដានលម្អិតជាប្រចាំ ដែលអាចអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រព្យាករណ៍ដឹងមុន អំពីហានិភ័យគ្រោះមហន្តរាយនានា។
នៅក្នុងឱកាសបិទសន្និសីទនៅឯអង្គការសហប្រជាជាតិ ស្តីពីសំណុំរឿងអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅថ្ងៃអង្គារទី២៩កក្កដា មានប្រទេសលោកខាងលិចចំនួន១៥ប្រទេស បានរួមគ្នាចេញសេចក្តីថ្លែងការណ៍ អំពាវនាវហៅឲ្យពិភពលោក ប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។ ចំណែកក្រុមប្រទេសអារ៉ាប់វិញ បានរួមគ្នាប្រកាសហៅឲ្យក្រុមហាម៉ាស ត្រូវតែទម្លាក់អាវុធចុះ ដើម្បីកសាងសន្តិភាព។
មេបញ្ជាការយោធាកម្ពុជាមួយរូបបានឲ្យដឹងនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥នេះថា ទាហានកម្ពុជា ជិត២០នាក់ ត្រូវបានចាប់ខ្លួន ដោយទាហានថៃ ដែលបានប្រើកលល្បិចបញ្ឆោតឲ្យក្រុមទាហានខ្មែរថតរូបជាមួយពួកគេ រួចយកកាំភ្លើងភ្ជង់ចាប់ខ្លួនយកទៅទឹកដីថៃ។ ការលើកឡើងបែបនេះ ធ្វើឡើងនៅពេល អនុព័ន្ធយោធា និងអង្គទូតចំនួន ១៣ប្រទេសប្រចាំកម្ពុជា បានចុះទៅពិនិត្យសា្ថនការណ៍តាមព្រំដែនខ្មែរ និងថៃ ក្រោយមានបទឈប់បាញ់រវាងភាគីទាំង២។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ប្រព័ន្ធផ្សព្វផ្សាយថៃ និងអន្តរជាតិមួយចំនួនក៏បានរាយការណ៍អំពីថៃចាប់ខ្លួនទាហានកម្ពុជាធ្វើជាឈ្លើយសឹកដែរ តែក្រសួងការពារជាតិកម្ពុជា មិនទាន់មានការបញ្ជាក់ផ្លូវការបែបណានៅឡើយ។
គ្រោះរញ្ជួយដីក្រោមបាតសមុទ្រដ៏ធំកម្រិត ៨,៧ រ៉ិចទ័រ បានបណ្តាលឲ្យកើតមានរលកស៊ូណាមិដ៏គ្រោះថ្នាក់នៅរុស្ស៊ី និងក្នុងតំបន់ប៉ាស៊ីហ្វិក។ រុស្ស៊ី ជប៉ុន ចិន ហ្វីលីពីន និងប្រទេសកូនកោះបានប្រកាសអាសន្នព្រមៗគ្នា និងណែនាំឲ្យពលរដ្ឋជម្លៀសខ្លួនរកទីទួលសុវត្ថិភាព។ អ្នកជំនាញឧតុនិយមអាមេរិកក៏ប្រកាសអាសន្នដែរ ពិសេសនៅកោះហាវ៉ៃ។
បន្ទាប់ពីមានការប្រយុទ្ធគ្នានៅតាមព្រំដែនរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ អង្គការការពារកុមារចំនួន ២ គឺអង្គការ UNICEF និង World Vision បាននឹងកំពុងស្វែងរកជំនួយចាំបាច់សម្រាប់កុមារភៀសសឹកនៅតាមខេត្តជាប់ព្រំដែនប្រទេសកម្ពុជា-ថៃ។ អង្គការទាំង ២ ដែលប្រចាំការនៅកម្ពុជា បានរកឃើញថាជនភៀសសឹក ពិសេសកុមារកំពុងជួបប្រទះនូវកង្វះសម្ភារៈអនាម័យ និងការអប់រំ ខណៈជំនួយសំខាន់ផ្សេងទៀតរួមមានជំនួយគាំពារសុខភាព និងអាហារូបត្ថម្ភក៏កំពុងត្រូវការបន្ទាន់ផងដែរ។
ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានសម្រេចលុបចោលបំណុលទាំងស្រុង និងបំណុលតាមការកំណត់ទឹកប្រាក់ណាមួយ ដល់យុទ្ធជន ដែលបានពលី ពិការ និងរងរបួសក្នុងការប្រយុទ្ធគ្នាជាមួយថៃនៅតាមព្រំដែនកាលពីពេលថ្មីៗកន្លងទៅ។ ដោយឡែក ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានបញ្ជាក់ថា ការសម្រេចលុបចោលបំណុលទាំងស្រុងដល់យុទ្ធជនពលី ដែលជាកូនបំណុលរបស់អេស៊ីលីដា និងអ្នករួមកម្ចី គឺជាការដឹងគុណដ៏ធំធេងដល់យុទ្ធជន ដែលបានតស៊ូច្បាំងនឹងថៃ។ ជាការច្បាំងដ៏ប្តូរផ្តាច់ និងលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី សេចក្តីសុខសាន្តរបស់ពលរដ្ឋ ព្រមទាំងផ្តល់នូវបរិយាកាសល្អដល់ការធ្វើអាជីវកម្មនៃវិស័យធនាគារផងដែរ។
គ្រោះរញ្ជួយដីក្រោមបាតសមុទ្រដ៏ធំកម្រិត ៨,៧ រ៉ិចទ័រ បានបណ្តាលឲ្យកើតមានរលកស៊ូណាមិដ៏គ្រោះថ្នាក់នៅរុស្ស៊ី និងក្នុងតំបន់ប៉ាស៊ីហ្វិក។ រុស្ស៊ី ជប៉ុន ចិន ហ្វីលីពីន និងប្រទេសកូនកោះបានប្រកាសអាសន្នព្រមៗគ្នា និងណែនាំឲ្យពលរដ្ឋជម្លៀសខ្លួនរកទីទួលសុវត្ថិភាព។ អ្នកជំនាញឧតុនិយមអាមេរិកក៏ប្រកាសអាសន្នដែរ ពិសេសនៅកោះហាវ៉ៃ។
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ អនុព័ន្ធយោធាមកពីប្រទេសចំនួន១៣ ប្រចាំនៅកម្ពុជា បានធ្វើដំណើរទៅកាន់ទីតាំងនានា ដែលមានការប្រយុទ្ធគ្នាកន្លងទៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងតំបន់ប្រាសាទព្រះវិហារ។ កម្មវត្ថុនៃការដឹកនាំអនុព័ន្ធយោធាទាំង១៣ប្រទេស ទៅកាន់ទីតាំងជម្លោះព្រំដែន គឺដើម្បីត្រួតពិនិត្យនូវដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។
ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា បានណែនាំឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលុបចោលនូវឥណទានចំនួន១០លានរៀល ចំពោះយោធិនពិការ និងលុបចោលឥណទានចំនួន៨០លានរៀល ចំពោះយោធិនពលី។ ការជំរុញរបស់ធនាគារជាតិនៃកម្ពុជា គឺជាការឆ្លើយតបទៅនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការជួយសម្រាលបន្ទុកដល់យោធិន ដែលបានធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធតតាំងនឹងការឈ្លានពានរបស់កងទ័ពថៃ។ ក្រោយការណែនាំ ធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនបានប្រកាសលុបចោលនូវបំណុលទាំងស្រុងជូនយោធិនពិការ និងយោធិនពលីជីវិតក្នុងសមរភូមិ។
ក្រសួងការបរទេសកម្ពុជា បានប្រកាសជាសាធារណៈថា កម្ពុជាមិនអាចទទួលយកបានជាដាច់ខាតលើពាក្យសម្តីចោទប្រកាន់នានាប្រកបដោយគ្រោះថ្នាក់ ដែលថាកម្ពុជា បានរំលោភលើបទឈប់បាញ់។ នៅក្នុងសនិ្នសីទព័ត៌មានមួយនាទីក្រុងភ្នំពេញ នៅថ្ងៃពុធទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី បានថ្លែងថា កម្ពុជាទទូចឲ្យមានការបង្កើត ក្រុមសង្កេតការណ៍ឯករាជ្យមួយ ដែលក្រុមនេះគួរតែត្រូវបានធ្វើឡើងឲ្យបានឆាប់ ដើម្បីគាំទ្រដំណើរការដ៏ផុយស្រួយក្នុងការកសាងទំនុកចិត្តលើការអនុវត្តបទឈប់បាញ់គ្នារវាងភាគីកម្ពុជា និងថៃ។
ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌបន្តវេនឲ្យសាច់ញាតិបង្កើតមួយរូបរបស់យោធិន និងនគរបាលជាតិ ដែលបានពលីជីវិត ឬរងពិការភាព ក្នុងសមរភូមិប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ។ ចំពោះលោក ហ៊ុន ម៉ាណែត ការផ្តល់ក្របខ័ណ្ឌបន្តវេនទៅសាច់ញាតិរបស់ «វីរៈកងទ័ពជួរមុខ» គឺជាការតបស្នងនូវកិច្ចខិតខំប្រឹងប្រែង និងបូជាជីវិតការពារជាតិមាតុភូមិ។
សេដ្ឋកិច្ចពិភពលោក ៣ខែចុងក្រោយ មានភាពធន់ ហើយអាចទប់ទល់នឹងវិបត្តិសកល ទោះបីជាឋិតក្រោមសម្ពាធរនាំងពន្ធគយដ៏ធ្ងន់របស់សហរដ្ឋអាមេរិក ក៏ដោយក្តី។ នេះបើតាមការព្យាករ របស់ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ជាបារាំងថា FMI។ តែ FMI ក៏បានព្រមានដែរថា ភាពស្រពិចស្រពិល មិនច្បាស់លាស់ មានទំហំធំនៅឡើយ។
ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ អ៊ីស្រាអែលបានផ្អាកបាញ់ប្លោងគ្រាប់ នៅទីកន្លែងខ្លះក្នុងហ្កាហ្សា ព្រមទាំងអនុញ្ញាតឲ្យ ទម្លាក់ស្បៀងតាមឆ័ត្រយោងផងដែរ។ ស្បៀងអាហារប្រមាណ១២០កាមីញ៉ុង ក៏ត្រូវបានគេដឹកចូលហ្កាហ្សាដែរ ២ថ្ងៃមកនេះ។ តែយ៉ាងណា អង្គការមនុស្សធម៌បន្តស្រែកដង្ហើយ ឲ្យមានការសំរុកបញ្ជូនស្បៀងឲ្យបានច្រើនបំផុត ទៅហ្កាហ្សា ព្រោះគ្រោះទុរ្ភិក្សកំពុងតែគំរាមអាសន្នខ្លាំងណាស់។ រសៀលថ្ងៃអង្គារ២៩កក្កដា បារាំង អាល្លឺម៉ង់ បានប្រកាសថាគេនឹងបញ្ជូនស្បៀងបន្ថែមឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។
មេដឹកនាំបរទេសមួយចំនួនទាំងក្នុងទ្វីបអាស៊ី និងលោកខាងលិច បានចេញមកសាទរ និងស្វាគមន៍ចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានឯកភាពគ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីប្រធានប្តូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ ក្នុងខ្លឹមសារស្រដៀងគ្នា មេដឹកនាំបរទេសទាំងនោះបានចាត់ទុក ការចរចាបទឈប់បាញ់ដែលជាគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងមានការចូលរួមពីចិន ថាជាជំហានទៅរកការស្តារសន្តិភាព និងកិច្ចសហប្រតិបត្តិការឡើងវិញរវាងប្រទេសកម្ពុជា និងថៃ។
ក្រសួងព័ត៌មានកម្ពុជាអំពាវនាវឱ្យអ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងពលរដ្ឋខ្មែរទាំងអស់បញ្ឈប់រាល់ការកាត់តរូបភាពប្រមាថមេដឹកនាំថៃ បង្កើតព័ត៌មានញុះញង់បង្ករឱ្យឆេះកំហឹង និងរើសអើងពូជសាសន៍។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបានស្នើឱ្យពលរដ្ឋខ្មែរទាំងអស់ប្រុងប្រយ័ត្នចំពោះព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ពាក់ព័ន្ធនឹងករណីជម្លោះព្រំដែនកម្ពុជា-ថៃ។
សហរដ្ឋអាមេរិកមិនអាចសម្រេចកិច្ចចរចាពន្ធបដិការជាមួយកម្ពុជា ឬថៃបានឡើយ។ នេះបើតាមការបញ្ជាក់របស់លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដែលបានប្រាប់វិទ្យុបារាំងRFI នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ។ ការបញ្ជាក់របស់លោក Casey Barnett ដូច្នេះ គឺបន្ទាប់ពីកាសែតបរទេសមួយចំនួនបានរាយការណ៍ពីការផ្ទុះអាវុធជាថ្មី នៅតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយភាគីទាំង២ ព្រមព្រៀងបង្កើតបទឈប់បាញ់បន្ទាន់មួយ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបទឈប់បាញ់នេះត្រូវបានផ្តួចផ្តើមដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។