អគ្គិសនីកម្ពុជាបានអះអាងនៅថ្ងៃសុក្រ ទី៩ ឧសភានេះថា ប្រជាពលរដ្ឋស្ទើរតែ១០០%នៅទូទាំងប្រទេសទទួលបានសេវាអគ្គិសនីប្រើប្រាស់។ ការអះអាងនេះធ្វើឡើងតាមរយៈលោក ប្រាំង ជលសា ប្រធានអគ្គិសនីកម្ពុជាក្នុងឱកាសខួប២០ឆ្នាំរបស់មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទនៃអគ្គិសនីកម្ពុជា។
នៅថ្ងៃសុក្រ ទី៩ ឧសភានេះ ក្រសួងការពារជាតិកម្ពុជា បានចេញមកទាត់ចោលការលើកឡើងថា កម្ពុជា និងថៃបានដកកងទ័ពចេញពីប្រាសាទតាមាន់។ ការបញ្ជាក់របស់ក្រសួងការពារជាតិធ្វើឡើង បន្ទាប់ពីសារព័ត៌មានថៃ កាលពីសប្តាហ៍កន្លងទៅ បានរាយការណ៍ថា កងទ័ពថៃ និងកម្ពុជាបានឯកភាពគ្នាដកទ័ពចេញពីកន្លែងដែលធា្លប់ឈរជើងលើប្រាសាទតាមាន់។
ស្ថានទូតបារាំងប្រចាំកម្ពុជា និងវិទ្យាស្ថានបារាំងបានរៀបចំកម្មវិធីពិព័រណ៌រូបថត «ប្រឈមមុខនឹងខ្មែរក្រហម» ដើម្បីរំលឹកខួប ៥០ឆ្នាំនៃការធ្លាក់ទីក្រុងភ្នំពេញក្នុងកណ្តាប់ដៃរបស់ពួកខ្មែរក្រហម។ ការតាំងពិព័រណ៌ដែលមានរយៈពេល ៣ខែនឹងនាំអ្នកទស្សនាឲ្យត្រឡប់ទៅមើលការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ពិសេសនៅក្នុងបរិវេណរបស់ស្ថានទូតបារាំងដែលមានមនុស្សរាប់រយនាក់បានភៀសខ្លួនជ្រកកោននៅពេលពួកខ្មែរក្រហមចូលដល់ទីក្រុងភ្នំពេញ។ ពលរដ្ឋខ្មែរដែលបានចូលរួមក្នុងពិព័រណ៌បានលើកឡើងថា ពិព័រណ៌នេះជាឱកាសសម្រាប់ឲ្យពួកគេអាចស្វែងយល់បន្ថែមពីប្រវត្តិរបស់ពួកខ្មែរក្រហម។
បន្ទាប់ពីជួបប្រជុំគ្នាដោយសម្ងាត់ បិទទ្វារជិត ដោយផ្តាច់ពីពិភពលោកខាងក្រៅអស់ជិត២ថ្ងៃនៅព្រះវិហារSixtine ក្នុងបុរីវ៉ាទីកង់ ក្រុមមន្ត្រីសង្ឃកាតូលិកចំនួន១៣៣អង្គនៅក្នុងពិភពលោក នៅទីបំផុតបានបោះឆ្នោតជ្រើសតាំងសម្តេចសង្ឃកាតូលិកថ្មី បន្តវេនពីសម្តេចប៉ាបហ្វ្រង់ស័រ ដែលសុគតកាលពីថ្ងៃទី២១មេសាកន្លងទៅ។ ប្រមុខដឹកនាំថ្មីនៃវិហារសាសនាកាតូលិក មានព្រះនាមថា ឡេអុងទី១៤ Leon XIV ជន្មាយុ ៦៩ព្រះវស្សា សញ្ជាតិអាមេរិកាំង។ នៅព្រឹកថ្ងៃសុក្រ ទី៩ឧសភា ព្រះអង្គរៀបចំបា្ររព្ធពិធីបុណ្យ messe លើកទីមួយរបស់ព្រះអង្គក្នុងនាមជាសម្តេចប៉ាបកាតូលិកថ្មី។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងអរគុណរដ្ឋាភិបាលចិនដែលតែងតែផ្តល់ជំនួយដល់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍនានាក្នុងប្រទេស ដោយមិនមានការបញ្ជា ឬដាក់លក្ខខណ្ឌឲ្យកម្ពុជាធ្វើនេះ ធ្វើនោះតាមខ្លួនឡើយ។ លោកហ៊ុន សែនបានអះអាងដូចនេះនៅពេលថ្លែងបាឋកថាក្រោមប្រធានបទ« មេរៀនរបស់ហ៊ុនសែនពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព »នៅប្រទេសទីម័រខាងកើតនាព្រឹកថ្ងៃទី ៩ ឧសភា។ តាមលោក ហ៊ុន សែន មានប្រទេសមួយចំនួនបានបញ្ជាឲ្យកម្ពុជាអនុវត្តតាមគោលការណ៍របស់ខ្លូនជាមុនសិន ទើបពួកគេសម្រេចផ្តល់ជំនួយនានាឲ្យកម្ពុជា។
បន្ទាប់ពីជួបប្រជុំគ្នាដោយសម្ងាត់ បិទទ្វារជិត ដោយផ្តាច់ពីពិភពលោកខាងក្រៅអស់ជិត២ថ្ងៃនៅព្រះវិហារSixtine ក្នុងបុរីវ៉ាទីកង់ ក្រុមមន្ត្រីសង្ឃកាតូលិកចំនួន១៣៣អង្គនៅក្នុងពិភពលោក នៅទីបំផុតបានបោះឆ្នោតជ្រើសតាំងសម្តេចសង្ឃកាតូលិកថ្មី បន្តវេនពីសម្តេចប៉ាបហ្វ្រង់ស័រ ដែលសុគតកាលពីថ្ងៃទី២១មេសាកន្លងទៅ។ ប្រមុខដឹកនាំថ្មីនៃវិហារសាសនាកាតូលិក មានព្រះនាមថា ឡេអុងទី១៤ Leon XIV ជន្មាយុ ៦៩ព្រះវស្សា សញ្ជាតិអាមេរិកាំង។ នៅព្រឹកថ្ងៃសុក្រ ទី៩ឧសភា ព្រះអង្គរៀបចំបា្ររព្ធពិធីបុណ្យ messe លើកទីមួយរបស់ព្រះអង្គក្នុងនាមជាសម្តេចប៉ាបកាតូលិកថ្មី។
ប្រធានាធិបតីទីម័រខាងកើត លោក ចូសេ រ៉ាម៉ូស ហ័រតា(José Ramos-Horta) បានទទួលបដិសណ្ឋារកិច្ច និងបើករថយន្តដោយផ្ទាល់ជូនលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានបំពេញទស្សនកិច្ចនៅទីម័រខាងកើតនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ កាយវិការរបស់ លោក ចូសេ រ៉ាម៉ូស ហ័រតា ចំពោះលោក ហ៊ុន សែន ដូចនេះជាសក្ខីកម្មបង្ហាញថា មេដឹកនាំនៃប្រទេសទាំងពីរមានភាពស្និទ្ធស្នាលនឹងគ្នាយ៉ាងខ្លាំង។ តើកម្ពុជា និងទីម័រខាងកើតមានផលប្រយោជន៍អ្វីខ្លះរវាងគ្នា?
ក្រសួងរៀបចំដែនដីណែនាំឱ្យពលរដ្ឋ ៤គ្រួសារចុងក្រោយដែលរស់នៅក្នុងអគារសហកម្មសិទ្ធិ ឬអតីតសណ្ឋាគារអង្គរមានជ័យចាកចេញពីអគារនេះជាបន្ទាន់ ក្រោមហេតុផលថា សំណង់អគារនេះមានលក្ខណៈចាស់ទ្រុឌទ្រោមខ្លាំង និងអាចប្រឈមនឹងការបាក់រលំជាយថាហេតុ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដីនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ និងថា ពលរដ្ឋទាំង ៤គ្រួសារត្រូវចាកចេញពីអាគារនេះក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹង ខណៈអាជ្ញាធរសន្យាសម្របសម្រួល និងដោះស្រាយសំណងជូន។
កម្មវិធីព័ត៌មានប្រចាំថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ ២០២៥ ដោយ អោ ស្រីពេជ្រ
ក្នុងខណៈដែលមានការវាយប្រហារដ្រូនកាន់តែសន្ធាប់ឡើងៗជាប់គ្នាអស់៥ថ្ងៃ Anmnesty International បានចេញសេចក្តីថ្លែងការណ៍ប្រកាសថា មានអាវុធចិនជាច្រើន ត្រូវបានអេមីរ៉ាតអារ៉ាប់រួមយកទៅផ្គត់ផ្គង់ក្រុមប្រដាប់អាវុធប៉ារ៉ាយោធាស៊ូដង់។ ទង្វើនេះជាការរំលោភយ៉ាងច្បាស់ក្រលែតបម្រាមរបស់អង្គការសហប្រជាជាតិ។
នៅចុងខែមេសាកន្លងទៅ រដ្ឋបាលលោកដូណាល់ ត្រាំបានប្រកាសគម្រោងដំឡើងពន្ធខ្ពស់កប់ពពកលើផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យដែលនាំចូលពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។ ដោយប្រកាសដំឡើងពន្ធពី៣០% ទៅ៣០០០% ដូចករណីផ្ទាំងសូឡានាំចូលពីកម្ពុជា លោកដូណាល់ត្រាំចង់ប្រើវិធានការដំឡើងពន្ធដើម្បីដាក់សម្ពាធលើចិនដែលអាមេរិកជឿថា លួចទៅបង្កើតរោងចក្រផលិតនៅប្រទេសអាស៊ីផ្សេងទៀត ក្នុងគោលបំណងគេចពន្ធរបស់អាមេរិក និងអឺរ៉ុប។ អ្នកជំនាញវិញវាយតម្លៃថា វិធានការដំឡើងពន្ធរបស់រដ្ឋបាលលោកដូណាល់ត្រាំ អាចជាឱកាសមាសព្រោះថា បណ្តាប្រទេសនៅអាស៊ីអាចទិញផ្ទាំងសូឡាក្នុងតម្លៃថោកដើម្បីជំរុញការប្រើប្រាស់ថាមពលស្អាតស្អំ មិនបំពុលបរិស្ថានដូចជាថាមពលផូស៊ីល។
ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិបានរាយការណ៍ថា មានវត្ថុជាទីសក្ការបូជាដ៏កម្ររបស់ពុទ្ធសាសនិកចំនួន ៣០០ប្រភេទដែលមានតម្លៃជាង ១០លានដុល្លារត្រូវបានសារមន្ទីរ Sotheby របស់អាមេរិកយកទៅដាក់ដេញថ្លៃក្នុងទីក្រុងហុងកុង ប្រទេសចិន។ ការណ៍នេះបានញ៉ាំងឲ្យមានអារម្មណ៍ខឹងសម្បារពីក្នុងចំណោមព្រះសង្ឃ បញ្ញវន្ត និង សហគមន៍អ្នកកាន់ព្រះពុទ្ធសាសនាទូទាំងសាកលលោក។ អ្នកជំនាញសាសនាយល់ថា គេមិនគួរយកព្រះសារីរិកធាតុសក្តិសិទ្ធទាំងនោះទៅដាក់ដេញថ្លៃបែបនេះទេ ព្រោះវាជាការបង្អាប់ព្រះពុទ្ធសាសនា។ ព្រះញ្ញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញមិនបានដឹងលម្អិតជុំវិញរឿងរ៉ាវនេះទេ តែព្រះអង្គមានសង្ឃដីកាថា អ្នកដាក់ដេញថ្លៃព្រះសារីរិកធាតុទាំងនោះគួរតែគិតពីតម្លៃជាសាកលនៃព្រះពុទ្ធសាសនា។
បន្ទាប់ពីបានទទួលទំនុកចិត្តពីសភា នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ថ្មី លោក ហ្វ្រីដ្រិក មែក្ស បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅប្រទេសបារាំង និងបន្ទាប់មកនៅប្រទេសប៉ូឡូញ។ លោកប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ថ្មីសង្ឃឹមថាទស្សនកិច្ចនេះនឹងផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងរវាងប្រទេសផង និងជាការពង្រឹងក្បាលម៉ាស៊ីនដឹកនាំអឺរ៉ុប ឱ្យកាន់តែខ្លាំងជាងមុនផង។ នេះបើតាមការអបអររបស់លោកប្រធានាធិបតីបារាំង។
ដូចអ្វីដែលគេបានព្រួយបារម្ភប៉ុន្មានថ្ងៃមកនេះ ទីបំផុតកងទ័ពឥណ្ឌា និងប៉ាគីស្ថាន បានផ្ទុះអាវុធវាយប្រយុទ្ធគ្នានៅតំបន់កាស្មៀរ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធទី៧ឧសភានេះ។ គិតត្រឹមពេលនេះ យ៉ាងហោចណាស់ មានមនុស្សស្លាប់ជាង៣០នាក់ និងរបួសជិត១០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាប្រជាជនស៊ីវីល។ សហគមន៍អន្តរជាតិ បានចេញមុខអំពាវនាវជាបន្តបន្ទាប់ ឲ្យភាគីជម្លោះទាំង២ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែររៀងៗខ្លួន ថាត្រូវតែខំអត់ធ្មត់ រំងាប់កំហឹងរៀងៗខ្លួន កុំបញ្ឆេះសង្គ្រាមថែមមួយទៀត ព្រោះថាពិភពលោកបច្ចុប្បន្ននេះ មានភាពវឹកវរដោយសារសង្គ្រាមច្រើនរួចទៅហើយ។
អ្នកនយោបាយប្រឆាំងបាន និងកំពុងបន្តផ្សព្វផ្សាយ ករណីដែលគេអះអាងថា មានការបាចក្រដាសប្រាក់រៀលជាច្រើនសន្លឹកជាបន្តបន្ទាប់នាប៉ុន្មានថ្ងៃមកនេះ នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ សារនៅលើក្រដាសប្រាក់រៀលនោះ មានខ្លឹមសារ រិះគន់ខ្លាំងៗទៅលើអ្នកកាន់អំណាចបច្ចុប្បន្ននេះ។ លោក សម រង្ស៊ី ប្រធានចលនាជាតិតស៊ូ អះអាងថា យុទ្ធនាការនេះផុសចេញពីឆន្ទៈរបស់ពលរដ្ឋខ្មែរ ដែលរងភាពអយុត្តិធម៌ តែលោកបដិសេធថា យុទ្ធនាការនេះមិនមែនរៀបចំឡើងដោយក្រុមបក្សប្រឆាំងណាមួយនោះទេ។ តើការប្រើក្រដាសប្រាក់សរសេរសាររិះគន់អ្នកកាន់អំណាចដើម្បីចែកចាយមានឥទ្ធិពលលើពលរដ្ឋឬទេ?
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ នេះថា សាលាឧទ្ធរណ៍ភ្នំពេញគ្រោងបន្តកម្មវិធីសវនាការរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឡើងវិញនៅពេលខាងមុខ តែមិនទាន់អាចបញ្ជាក់កាលបរិច្ឆេទជាក់លាក់បាននៅឡើយទេ។
យ៉ាងហោចមានកម្មករ១នាក់ បានស្លាប់ និងជាង៤០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនាព្រលឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យកម្មករស្លាប់ និងរបួសនេះ គឺជាឧបទ្ទវហេតុដ៏កំរ ទាក់ទងទៅនឹង ការធ្វើដំណើររបស់កម្មករដោយរថយន្តក្រុងរួមគ្នា បន្ទាប់ពីផ្លាស់ប្តូរពីការធ្វើដំណើរដោយរថយន្តដឹកទំនិញ។
នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២២០៥ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរនឹងចូលជួបសួរសុខទុក្ខថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួន ដែលកំពុងជាប់ក្នុងពន្ធនាគារនៅមណ្ឌលអប់រំកែប្រែទី១ ព្រៃស។ ការចូលជួបថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួននៅក្នុងពន្ធនាគារពេលនេះធ្វើឡើង បន្ទាប់ពីគណបក្សបានស្នើសុំទៅពន្ធនាគារកាលពី២ខែមុន និងក្រោមឥទ្ធិពលនៃជំនួបរវាងសមាជិកព្រឹទ្ធសភាបក្សប្រឆាំងចំនួន៣រូប ជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកាលពីពេលថ្មីៗនេះ។
ដើម្បីការពារជីវិតយុវវជ័យពីគ្រោះថ្នាក់នៃបណ្តាញសង្គម អូស្ត្រាលីមានច្បាប់ ដែលនឹងចូលជាធរមាននៅក្នុងឆ្នាំ២០២៥នេះ។ នៅថ្ងៃនេះនូវែលសេឡង់ បានបង្ហាញគម្រោងច្បាប់សំដៅហាមឃាត់មិនឱ្យក្មេងអាយុក្រោម១៦ឆ្នាំលេងបណ្តាញសង្គមដែរ។ ចំណែកនៅអឺរ៉ុប រដ្ឋាភិបាលបារាំងកំពុងចាប់ផ្តើមពិចារណារៀបចំការពារយុវវ័យ ដោយចង់ដាក់បម្រាមមិនឱ្យក្មេងអាយុក្រោម១៥ឆ្នាំប្រើប្រាស់បណ្តាញសង្គម។
កាលពីចន្ទទី៥ឧសភា ប្រជាជនអ៊ីស្រាអែលជាច្រើនពាន់នាក់ បានធ្វើបាតុកម្មនៅក្បែរវិមានរដ្ឋសភាអ៊ីស្រាអែល នៅទីក្រុងហ្សេរុយសាឡឹម ដើម្បីប្រឆាំងគម្រោងផែនការទន្ទ្រានយកតំបន់ហ្កាហ្សាមកគ្រប់គ្រងទាំងស្រុង ដែលរដ្ឋាភិបាលលោកណេតាន់យ៉ាហ៊ូបានសម្រេច។ ប្រជាជនអ៊ីស្រាអែលមួយចំណែកធំ បានបង្ហាញការព្រួយបារម្ភខ្លាំងណាស់ ទាក់ទិននឹងគម្រោងនេះ ព្រោះវានឹងធ្វើឲ្យប្រជាជនប៉ាឡេស្ទីនត្រូវរត់ផ្លាស់ទី ភៀសខ្លួន ហើយមិនត្រឹមប៉ុណ្ណោះទេ វានឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតចំណាប់ខ្មាំងអ៊ីស្រាអែល ដែលស្ថិតនៅក្នុងដៃរបស់ក្រុមហាម៉ាសនៅឡើយ។
បង់ក្លាដែសមានកម្មវត្ថុ “លុបបំបាត់ជំងឺរបេងទាំងស្រុងនៅឆ្នាំ២០៣៥”។ ប៉ុន្តែសេចក្តីសម្រេចកាត់ជំនួយអភិវឌ្ឍន៍អន្តរជាតិរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បាននិងកំពុងធ្វើឱ្យក្តីរំពឹង និងកិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំ ត្រូវរលត់រលាយទៅវិញ។
នៅយប់ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារទី៦ឧសភា អ៊ុយក្រែនបានបញ្ជូនយានដ្រូនប្រមាណជាង១០០គ្រឿងចូលទៅដល់ក្បែររដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី។ នេះអាចចាត់ទុកបានថា ជាការបង្ហាញកម្លាំងយ៉ាងច្បាស់ ថាអ៊ុយក្រែនអាចមានលទ្ធភាពវាយប្រហារដល់ទីក្រុងម៉ូស្គូ ខណៈដែលនៅបាំងតែ៣ថ្ងៃទៀតប៉ុណ្ណោះ រុស្ស៊ីនឹងរៀបចំពិធីបុណ្យរំឭកខួបជ័យជំនះនៃកងទ័ពក្រហមសូវៀត កាលពីអំឡុងសង្គ្រាមលោកលើកទី២។ តាមការគ្រោងទុក លោកស៊ី ជីនពីង ក៏នឹងមានវត្តមានដែរនៅក្នុងកម្មវិធីនេះ នៅទីក្រុងម៉ូស្គូ។
បារាំងនិងសហភាពអឺរ៉ុប បានរួមគ្នាសន្យាចំណាយប្រាក់វិនិយោគ សរុបប្រមាណ៦០០លានអឺរ៉ូ ដើម្បីទាក់ទាញអ្នកវិទ្យាសាស្ត្រពីបរទេស ឲ្យមកស្រាវជ្រាវនៅបារាំង និងតាមបណ្តាប្រទេសអឺរ៉ុប។ គោលនយោបាយទាក់ទាញអ្នកស្រាវជ្រាវវិទ្យាសាស្ត្រឲ្យមកអឺរ៉ុបនេះ គឺបន្ទាប់ពីអ្នកស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើននាក់ នៅតាមបណ្តាសកលវិទ្យាល័យធំៗនៅសហរដ្ឋអាមេរិក បានចាប់ផ្តើមត្អូញត្អែរ និងខកចិត្តជាខ្លាំង ជាមួយនឹងរដ្ឋបាលថ្មីរបស់លោកដូណាល់ ត្រាំ ដែលបានដាក់សំពាធនិងបំបិទសិទ្ធិសេរីភាពក្នុងការស្រាវជ្រាវ។
នៅថ្ងៃទី៥ ឧសភានេះ ប្រហុកសៀមរាបរបស់កម្ពុជាត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ឬ GI ដើម្បីលើកកម្ពស់ការកែច្នៃតាមបែបប្រពៃណី គាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងការប្រកបរបរចិញ្ចឹមជីវិតនៅតាមជនបទ។ តាមរយៈការចុះបញ្ជីនេះ កម្ពុជារំពឹងថានឹងអាចជួយលើកកម្ពស់ជីវភាពរស់នៅរបស់ផលិតករក្នុងស្រុក លើកស្ទួយកេរ្ត៍ឈ្មោះកម្ពុជាទៅកាន់ឆាកអន្តរជាតិ និងលើកតម្កើងឱ្យមានការទទួលស្គាល់មរតកម្ហូបខ្មែរជាដើម។
នៅថ្ងៃចន្ទទី៥ ខែឧសភានេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចដាក់ទោស លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិឲ្យជាប់ក្នុងពន្ធនាគារចំនួន ០៤ ឆ្នាំ និងពិន័យជាប្រាក់ ៤ លានរៀល ព្រមទាំងមិនឲ្យលោកឈរឈ្មោះបោះឆ្នោត និងដកសិទ្ធិមិនឲ្យបោះឆ្នោតមួយជីវិត។ អ្នកនយោបាយប្រឆាំង និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកថា ការកាត់ទោសនេះ មានលក្ខណៈនយោបាយ និងជាការបញ្ចប់ជីវិតនយោបាយរបស់ លោក រ៉ុង ឈុន កុំឲ្យចូលរួមប្រកួតការបោះឆ្នោតនៅឆ្នាំ២០២៨៕
នៅថ្ងៃចន្ទ ទី៥ ឧសភា ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យលោកស្រី ម៉ាលី សុជាតាបានអះអាងថា ក្រសួងការពារជាតិត្រៀមឆ្លើយតបនឹងភាគីថៃដែលថាប្រាសាទតាមាន់នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ។ ប្រតិកម្មរបស់លោកស្រី ម៉ាលី សុជាតាធ្វើឡើង ក្រោយកាសែត The Nation របស់ថៃបានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិថៃ លោក ភុំថាម វីឆាយ៉ាឆៃបានអះអាងជាថ្មីថា ការដកទាហានថៃចេញពីតំបន់ប្រាសាទតាមាន់នឹងមិនបង្កការខាតបង់ទឹកដីរបស់ថៃទេ និងថា ប្រាសាទតាមាន់ដែលជាប្រាសាទបុរាណខ្មែរ និងស្ថិតក្នុងខេត្តឧត្តរមានជ័យរបស់កម្ពុជានៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ។
កាលពីពេលថ្មីៗនេះ ខេត្តមុដាហាន ប្រទេសថៃ បានរកឃើញវិជ្ជមានជំងឺអង់ត្រាក់(ពិសធ្យូង) ចំនួនពីរករណីលើមនុស្ស ក្នុងនោះមួយករណីបានធ្វើឲ្យបុរសអាយុ ៥៣ឆ្នាំម្នាក់ស្លាប់ និងម្នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ។ ព័ត៌មាននេះធ្វើឲ្យពលរដ្ឋខ្មែរមានការចាប់អារម្មណ៍ និងសម្តែងការព្រួយបារម្ភផងដែរ ដោយខ្លះបានចៀសវាង ឬកាត់បន្ថយការបរិភោគសាច់គោមួយរយៈ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងបញ្ជាក់ថាកម្ពុជាមិនទាន់មានឆ្លងជំងឺនេះនៅឡើយទេ។ ជាមួយគ្នានេះ លោក លី សូវ៉ាន់ ស្នើឲ្យអ្នកសម្លាប់សត្វមិនត្រូវយកសាច់សត្វដែលឈឺមកលក់លើទីផ្សារ និងអ្នកទិញក៏មិនត្រូវទិញសាច់សត្វដែលមិនមានប្រភពត្រួតពិនិត្យច្បាស់លាស់ដែរ៕
នៅក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី១ នៅប្រទេសរូម៉ានី កាលពីថ្ងៃអាទិត្យទី៤ឧសភា គឺបេក្ខជនអាយុ៣៨ឆ្នាំ មកពីបក្សស្តាំនិយមជ្រុល ដែលគាំទ្រលោកដូណាល់ ត្រាំ និងស្អប់អឺរ៉ុប បានឈ្នះនាំមុខខ្លាំង ដាច់ឆ្ងាយពីបក្សផ្សេងៗទៀត។ គួរកត់សំគាល់ថា ការបោះឆ្នោតនៅរូម៉ានីនេះ បានទទួលការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែចលនាគាំទ្របក្សស្តាំនិយមជ្រុល ជាតិនិយមជ្រុល បានស្ទុះឡើងខ្លាំង ហើយវាបានបង្ហាញពីទំនោរទូទៅនៅអឺរ៉ុប។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅសហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បានងាកទៅចិញ្ចឹមត្រីឆ្ពង់សមុទ្រវិញ ស្របពេលផលនេសាទពីសមុទ្រកាន់តែធ្លាក់ចុះ។ មូលហេតុមួយទៀត ដែលធ្វើឲ្យពលរដ្ឋនៅទីនោះងាកទៅចិញ្ចឹមត្រីឆ្ពង់ គឺពួកគេលែងចង់ប្រឈមនឹងគ្រោះថ្នាក់បាត់បង់ជីវិត ដោយសារខ្យល់ព្យុះនៅពេលចេញទៅនេសាទលើលំហសមុទ្រ។ ប្រជានេសាទរំពឹងថា ការចិញ្ចឹមត្រីឆ្ពង់នឹងអាចជួយបង្កើនប្រាក់ចំណូលឱ្យកាន់តែប្រសើរឡើងថែមទៀត៕
ក្នុងគោលបំណងលើកកំពស់រួមគ្នាដើម្បីការអប់រំទាំងអស់គ្នា ជាពិសេសផ្តោតសំខាន់លើការអប់រំរបស់ស្ត្រីនិងក្មេងស្រីជនជាតិដើមភាគតិច ក្រុមសកម្មភាពយុវជនអាស៊ី ហៅកាត់ថា(AYA) បានសហការជាមួយអង្គការសីលការកម្ពុជានិងអង្គការAFSC បង្កើតវេទិកានៃការប្រកួតប្រជែងសិល្បៈគំនូរ កាលពីថ្ងៃ៣ឧសភា ក្រោមប្រធានបទ « រួមគ្នាដើម្បីការអប់រំ »។
នៅថ្ងៃសៅរ៍ ទី៣ ឧសភា រដ្ឋាភិបាលក្រុងប៉េកាំង និង រដ្ឋាភិបាលក្រុងតូក្យូ បានចោទដាក់គ្នាទៅវិញទៅមក អំពីការរំលោភចូលដែនទឹកនិងដែនអាកាស នៅសមុទ្រចិនខាងកើត ក្បែរប្រជុំកោះជម្លោះ ដែលជប៉ុនហៅថា សេនកាគូ ហើយដែលចិនហៅថា ទៀវយូ។ ចិននិងជប៉ុនតែងតែឈ្លោះគ្នាជាញឹកញយ ដោយសារការទាមទារជាម្ចាស់កម្មសិទ្ធិលើប្រជុំកោះនេះ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចុះដុនដាប។
ប៉ាគីស្ថាន និងឥណ្ឌាកំពុងប្រុងប្រៀបខ្លួនធ្វើសង្រ្គាមនឹងគ្នាសាជាថ្មី ដោយសារតែការវាយប្រហារភេរវកម្មក្នុងតំបន់កាស្មៀរឥណ្ឌា កាលពីថ្ងៃទី ២២ខែមេសា ដែលបានសម្លាប់អ្នកទេសចរឥណ្ឌាចំនួន២៦នាក់។ ឥណ្ឌាបានចោទប៉ាគីស្ថានថា ជាអ្នកនៅពីក្រោយក្រុមភេរវនិយម ប៉ុន្តែ ប៉ាគីស្ថានបដិសេធ និងថា ឥណ្ឌាកំពុងរកលេសដើម្បីធ្វើសង្រ្គាមវាយប្រហារប៉ាគីស្ថាន។ ក្រៅតែពីចោទប្រកាន់ ទម្លាក់កំហុសដាក់គ្នាទៅវិញ ទៅមក និងចាត់វិធានការសងសឹកផ្នែកការទូត ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទាហានឥណ្ឌា និងទាហានប៉ាគីស្ថាននៅតាមបណ្តោយព្រំដែនក្នុងតំបន់កាស្មៀរចាប់ផ្តើមបាញ់បោះដាក់គ្នាជារៀងរាល់ថ្ងៃ។ តើឥណ្ឌា និងប៉ាគីស្ថាននឹងផ្ទុះសង្រ្គាមនឹងគ្នាសាជាថ្មី? តើអ្នកណានឹងអាចអន្តរាគម ជួយបន្ធូរបន្ថយភាពតានតឹងរវាងបងប្អូនសត្រូវទាំងពីរ?
គណបក្សកាន់អំណាចសិង្ហបុរីបានទទួលជ័យជំនះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសកល ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៣ ឧសភា ដោយទទួលបានអាសនៈច្រើនបំផុតក្នុងសភា ពោលគឺ ៨៧ អាសនៈ ក្នុងចំណោមអាសនៈសរុបចំនួន ៩៧។ លោកនាយករដ្ឋមន្រ្តី ឡរ៉ែនស៍ វ័ង Lawrence Wong នៅបន្តដឹកនាំរដ្ឋាភិបាលសិង្ហបុរី មួយអាណត្តិទៀត ដើម្បីប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចសកល ដោយសារការដំឡើងពន្ធគយរបស់លោក ដូណាល់ ត្រាំ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៣ឧសភា បានអះអាងថា ផ្ទៃដីកម្ពុជាកើនឡើងដល់ ១៨១ ៤៣៦គីឡូម៉ែត្រការ៉េ បើធៀបនឹងផ្ទៃក្រឡាចាស់ ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ដែលបារាំងបានវាស់វែង។ ក៏ប៉ុន្តែអ្នកនយោបាយប្រឆាំង រស់នៅក្រៅប្រទេសបានប្រតិកម្ម វាយតម្លៃថា ការបញ្ចេញតួលេខផ្ទៃក្រឡាថ្មីរបស់កម្ពុជា ពីសំណាក់ប្រមុខរដ្ឋាភិបាល គឺជាសារបន្លប់ចិត្តពលរដ្ឋឲ្យឈប់គិតពីបញ្ហាព្រំដែន។
អង្គការសង្គមស៊ីវិល នៅថ្ងៃអាទិត្យទី៤ឧសភានេះ ចាប់ផ្តើមធ្វើយុទ្ធនាការតាមបណ្តាញសង្គមដើម្បីសង្រ្គោះព្រៃឡង់។ យុទ្ធនាការនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា កាលពីដើមឆ្នាំ២០២៥ បានសម្រេចកាត់ផ្ទៃដីព្រៃឡង់ចំនួន៩៩ហិកតា ឲ្យទៅក្រុមហ៊ុនឯកជនវិនិយោគលើការសាងសង់រោងចក្រផលិតស៊ីម៉ងត៍។