ធនាគារក្ដាម ជាទីតាំងសម្រាប់ភ្ញាស់ពងក្ដាម និងថែបំប៉នមេក្ដាមពង ដើម្បីជួយបង្កើនស្តុកក្ដាមធម្មជាតិ ស្របពេលដែលមានក្តីបារម្ភចំពោះការថយចុះទិន្នផលក្តាមក្នុងសមុទ្រ។ ធនាគារនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទិញក្តាមមានពងក្រៅសន្ទះទ្រូងពីប្រជានេសាទ យកទៅភ្ញាស់ក្ដាមរាប់លានកូននៅក្នុងសំណាញ់។ គោលដៅគឺដើម្បីទិន្នផលក្ដាមក្នុងប្រទេសកម្ពុជាឲ្យមានជានិរន្តភាព។
លោកដូណាល់ ត្រាំ បានចាប់ផ្តើមទស្សនកិច្ចនៅតំបន់ដើមបូព៌ា ដោយបានធ្វើដំណើរទៅដល់ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ ទី១៣ឧសភា។ ដោយភាពស្និទ្ធស្នាលក្អាកក្អាយ ជាមួយនឹងលោកព្រះអង្គមហាម៉េដបេនសាល់ម៉ាន់ លោកដូណាល់ ត្រាំ សង្ឃឹមថានឹងបានទទួលការបោះទុកវិនិយោគដ៏ច្រើនសន្ធឹកនៅសហរដ្ឋអាមេរិក ពីសំណាក់អារ៉ាប៊ីអាសអូឌីត។
ក្រសួងកសិកម្មបានធ្វើសេចក្តីព្រាងច្បាប់ជលផលថ្មីដើម្បីអភិរក្ស និងអភិវឌ្ឍជលផល ពិសេសប្រឆាំងនឹងសកម្មភាពនេសាទខុសច្បាប់។ ការសម្រេចធ្វើសេចក្តីព្រាងច្បាប់ថ្មីនេះប្រព្រឹត្តទៅនៅក្នុងកិច្ចប្រជុំមួយរវាងរដ្ឋមន្រ្តីក្រសួងកសិកម្ម និងគណៈកម្មាធិការទី៣ នៃរដ្ឋសភាកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ តាមក្រសួងកសិកម្ម សេចក្តីព្រាងច្បាប់ថ្មីនេះមានលក្ខណៈខុសពីច្បាប់ចាស់កាលពីឆ្នាំ ២០០៦ និងថា កម្មវត្ថុនៃការធ្វើសេចក្តីព្រាងច្បាប់ថ្មីគឺដើម្បីឲ្យស្របនឹងបរិបទ បច្ចុប្បន្ន ដោយធានាឲ្យមានការ ការពារប្រយោជន៍ប្រជានេសាទ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ ។
គ្រឹះស្ថានអង្គរដែលកត់ត្រាទុកចំនួនទេសចរអន្តរជាតិទៅទស្សនាប្រាសាទអង្គរវត្តបានឲ្យដឹងថា នៅក្នុងរយៈ ៤ខែដំបូងនៃឆ្នាំ២០២៥ ចំនួនទេសចរចិនបានកើនឡើង ២៩ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ចំនួននេះបានធ្វើឲ្យទេសចរចិនឈរនៅលំដាប់ទី៤ នៃចំនួនភ្ញៀវដែលទៅទស្សនាប្រាសាទបុរាណរបស់ខ្មែរច្រើនជាងគេបំផុតក្នុងខេត្តសៀមរាប។ តាមអ្នកគ្រប់គ្រងគ្រឹះស្ថានអង្គរ កំណើនភ្ញៀវបានមកពីស្ថានភាពល្អប្រសើរនៃហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាប និងការផ្សព្វផ្សាយផ្សេងៗទៀត។
នាវាចម្បាំងខ្នាតយក្សរបស់ចិនឈ្មោះ Changbaishan បានចូលចតនៅកំពង់ផែរាមក្រុងព្រះសីហនុនៅថ្ងៃចន្ទ ទី១២ ឧសភា។ វត្តមានរបស់នាវាចម្បាំងខ្នាតយក្សចិននៅដែនសមុទ្រកម្ពុជាពេលនេះ គឺដើម្បីចូលរួមលំហាត់សឹកនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៥ ដែលអ្នកនាំពាក្យកងទ័ពជើងទឹកកម្ពុជាអះអាងថា គឺជាសមយុទ្ធប្រវត្តិសាស្ត្រ ក្រោយពេលកំពង់ផែរាមទើបធ្វើទំនើបកម្មរួចរាល់។
កងទ័ពកម្ពុជា និងកងទ័ពចិនចាប់ផ្តើមធ្វើ«សមយុទ្ធនាគមាស-២០២៥» ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ«ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ សមយុទ្ធនាគមាសកម្ពុជា-ចិន បានពង្រីកកាន់តែធំទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយឆ្នាំនេះមានកងទ័ពកម្ពុជា-ចិន ចូលរួមសរុបជាង ២ ០០០នាក់ មានសព្វាវុធ និងឧបករណ៍យោធាកាន់តែទំនើប ក្នុងនោះក៏មានការប្រើបញ្ញាសិប្បនិម្មិត(AI)ដែរ។ អ្នកវិភាគនានាមើលឃើញថា ការបង្កើនសមយុទ្ធយោធាកម្ពុជា-ចិនកាន់តែធំ គឺជាការបង្កើនសមត្ថភាពការពារជាតិរបស់កម្ពុជាស្របទៅនឹងច្បាប់របស់ប្រទេស និងស្របទៅនឹងបរិបទនៃការប្រែប្រួលភូមិសាស្ត្រនយោបាយ។
ថ្ងៃចន្ទទី១២ ឧសភា វិមានក្រេមឡាំងបានថ្លែងទាត់ចោល” ឱសានវាទ” ដែលដាក់ចេញដោយក្រុងកៀវ និងបណ្តាសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន។ គឺជាឱសានវាទដែលតម្រូវឲ្យមានបទឈប់បាញ់រយៈពេល ៣០ ថ្ងៃនៅអ៊ុយក្រែន មុននឹងចាប់ផ្តើមបើកកិច្ចចរចាសន្តិភាព។ ទន្ទឹមគ្នានេះ ម៉ូស្គូក៏មិនឆ្លើយតបនឹងសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គីដែលស្នើសុំជួបចរចាជាមួយសមភាគីរុស្ស៊ី លោក ពូទីនដោយផ្ទាល់នៅក្រុងអ៊ីស្តង់ប៊ូល ប្រទេស តួកគីនាថ្ងៃព្រហស្បតិ៍ ទី ១៥ ឧសភា ខាងមុខ។
នៅថ្ងៃអង្គារទី១៣ឧសភានេះ លោកប្រធានាធិបតីចិន បានបើកវេទិកាកំពូលមួយនៅទីក្រុងប៉េកាំង ជាមួយថ្នាក់ដឹកនាំនៃក្រុមប្រទេសអាមេរិកឡាទីននិងការ៉ាអ៊ីប។ ជាវេទិកាដែលចិនបានប្រកាសខ្លួន ធ្វើជាអ្នកការពារទ្រឹស្តីពហុភាគីនិយម ហើយបានបរិហារចំពោះការប្រើកម្លាំងគំរាមសម្លុតរបស់សហរដ្ឋអាមេរិក។ ដើម្បីយកចិត្តក្រុមប្រទេសអាមេរិកឡាទីននិងការ៉ាអ៊ីប ចិនបានប្រកាសផងដែរ នូវការផ្តល់កម្ចីសរុបប្រមាណជាង៨ពាន់លានអឺរ៉ូ។
មហោស្រពភាពយន្តអន្តរជាតិលើកទី៧៨ចាប់បើកទ្វារពីថ្ងៃអង្គារទី ១៣ឧសភា រហូតដល់ថ្ងៃទី ២៤ឧសភា។ នៅក្នុងរយៈពេលជិតពីរសប្តាហ៍ មហោស្រពភាពយន្តដ៏ធំជាងគេនៅក្នុងពិភពលោកនឹងក្រាលព្រំក្រហមទទួលតារាភាពយន្តល្បីៗក្នុងពិភពលោក និងចាក់បញ្ចាំងខ្សែភាពយន្តបរទេសជាច្រើន។ នៅក្នុងនោះ ខ្សែភាពយន្តចំនួន២២មកពីអឺរ៉ុប អាស៊ី ដើមបូព៌ា អាមេរិកនឹងត្រូវប្រកួតប្រជែងគ្នា ដណ្តើមរង្វាន់តាល់ប័ត្រមាស ដែលជារង្វាន់ធំរបស់មហោស្រព។ ខ្សែភាពយន្តហូលីវូដរឿង Mission : Impossible-The Final Reckoningដែលមានលោក Tom Cruiseជាតួឯក នឹងមកបន្ថែមទម្ងន់របស់មហោស្រពភាពយន្តកាន។
លោក អ៊ុក ម៉ៅ អ្នកសារព័ត៌មានផ្នែកបរិស្ថានប្រចាំខេត្តស្ទឹងត្រែង បានអះអាងថា លោកបានរងបណ្តឹងនៅតុលាការសរុប១៤ករណីដោយសារតែលោកបានរាយការណ៍ពីការឃុបឃិតគ្នារវាងមន្ត្រី និងក្រុមអ្នកកាប់ឈើនៅតំបន់នោះ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៣ ខែឧសភា អ្នកសារព័ត៌មានដែលគ្មានប្រាក់ខែរូបនេះ ថ្លែងថា លោកធ្លាប់ត្រូវបានគេវាយដំ គេបោកទូរសព្ទចោល ដុតម៉ូតូ និងដុតផ្ទះចោល។ តែលោកថា នៅពេលលោកដាក់ពាក្យបណ្តឹងដើម្បីរកយុត្តិធម៌ មន្ត្រីមួយចំនួនទាត់ចោលពាក្យបណ្តឹងរបស់លោក ហើយនៅពេលដែលភាគីម្ខាងទៀតប្តឹងលោកវិញ គឺបែរជាមន្ត្រីមានចំណាត់ការលឿនទៅវិញ។
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ឬ AMRO បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់មកនៅត្រឹម ៤.៩ភាគរយសម្រាប់ឆ្នាំ ២០២៥ នេះ និង៤.៧ភាគរយសម្រាប់ឆ្នាំ ២០២៦ ប្រសិនបើរនាំងពន្ធគយសហរដ្ឋអាមេរិកចាប់ចូលធរមាន។ ទន្ទឹមនឹងការព្យាករទាញទម្លាក់កំណើនសេដ្ឋកិច្ច AMRO ក៏បានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរនៃសេដ្ឋកិច្ចកម្ពុជា ប្រសិនបើរដ្ឋាភិបាលកម្ពុជាគ្មានវិធានការគោលនយោបាយជាបន្ទាន់ទេនោះ។ របាយការណ៍របស់ AMRO ធ្លាក់មកក្នុងពេលដែលកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មគយកម្ពុជា និងសហរដ្ឋអាមេរិកកំពុងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៥។
មហោស្រពភាពយន្តអន្តរជាតិលើកទី៧៨ចាប់បើកទ្វារពីថ្ងៃអង្គារទី ១៣ឧសភា រហូតដល់ថ្ងៃទី ២៤ឧសភា។ នៅក្នុងរយៈពេលជិតពីរសប្តាហ៍ មហោស្រពភាពយន្តដ៏ធំជាងគេនៅក្នុងពិភពលោកនឹងក្រាលព្រំក្រហមទទួលតារាភាពយន្តល្បីៗក្នុងពិភពលោក និងចាក់បញ្ចាំងខ្សែភាពយន្តបរទេសជាច្រើន។ នៅក្នុងនោះ ខ្សែភាពយន្តចំនួន២២មកពីអឺរ៉ុប អាស៊ី ដើមបូព៌ា អាមេរិកនឹងត្រូវប្រកួតប្រជែងគ្នា ដណ្តើមរង្វាន់តាល់ប័ត្រមាស ដែលជារង្វាន់ធំរបស់មហោស្រព។ ខ្សែភាពយន្តហូលីវូដរឿង Mission : Impossible-The Final Reckoningដែលមានលោក Tom Cruiseជាតួឯក នឹងមកបន្ថែមទម្ងន់របស់មហោស្រពភាពយន្តកាន។
គណបក្សពលករជនជាតិគួដឌីស្ថាន PKK បានប្រកាសរំលាយខ្លួនចោល និងឈប់ធ្វើការតស៊ូនយោបាយដោយអាវុធតទៅទៀត ។ ការប្រកាសរំលាយចោលនូវចលនាតស៊ូជនជាតិគួដឌីស្ថាននេះ គឺបន្ទាប់ពីចលនានេះ បានផ្សះផ្សារនយោបាយជាមួយគណបក្សកាន់អំណាចនៅតួកគី គឺបក្ស AKP។ ស្របពេលដែលលោកអ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី អះអាងថា នេះគឺជាការបោះជំហានដើម្បីកសាងសន្តិភាព តែអ្នកវិភាគខ្លះលើកឡើងថា លោកអ៊ែរដូហ្កាន់នឹងកាន់តែក្តាប់អំណាចពេញដៃ លែងមានចលនាប្រឆាំង។
នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីជនភៀសខ្លួនពិសេសរបស់លោកដូណាល់ ត្រាំ ប្រជាជនអាហ្រ្វិកខាងត្បូងស្បែកសមួយក្រុមដែលមានគ្នីគ្នាចំនួន៤៩នាក់បានទទួលសិទ្ធិជ្រកកោនទៅរស់នៅសហរដ្ឋអាមេរិក ក្នុងនាមជាជនភៀសខ្លួន។ កាលពីថ្ងៃអាទិត្យទី១១ឧសភាម្សិលមិញ ពួកគេទាំងនោះបានធ្វើដំណើរតាមយន្តហោះចាកចេញពីទឹកដីអាហ្វ្រិកខាងត្បូង សំដៅ រដ្ឋធានីវ៉ាស៊ីនតោន មុននឹងទៅតាំងទីជាអចិន្ត្រៃយ៍នៅរដ្ឋតិចសាស់។
សំណុំរឿងកាប់បំផ្លាញព្រៃឈើបានទាញចំណាប់អារម្មណ៍ពីសាធារណជនជាថ្មីទៀត បន្ទាប់ពីសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ ក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានរកឃើញករណីបំផ្លិចបំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការ។ អ្នកការពារបរិស្ថានថា ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធគួរបើកការស៊ើបអង្កេតឲ្យបានល្អិតល្អន់ តាមប្រមាញ់ជនបង្កបទល្មើសព្រៃឈើក្នុងតំបន់ការពារ និងបិទបញ្ចប់ការសាចទឹកដាក់គ្នាទៅវិញទៅមករវាងពលរដ្ឋដែលឃ្លាំមើលធនធានព្រៃឈើ និងអាជ្ញាធរទទួលបន្ទុកអភិរក្សតំបន់ការពារ។
តាមគម្រោង សមាជរួមគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភានឹងធ្វើឡើងរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២ ដល់ទី៣ ខែមិថុនាឆ្នាំ២០២៥។ កម្មវត្ថុ គឺបើកផ្លូវឲ្យមានការពិភាក្សារវាងសភាទាំងពីរដើម្បីរកដំណោះស្រាយឲ្យបញ្ហាសំខាន់ៗនានាជូនប្រទេសជាតិ។ អ្នកនយោបាយ និងអ្នកសង្កេតការណ៍បានគាំទ្រឲ្យមានការរៀបចំសមាជបែបនេះ ដោយពួកគេឆ្លៀតរំលេចពីបញ្ហាធំៗមួយចំនួនរបស់ជាតិដែលជាការចង់បានរបស់ពលរដ្ឋដើម្បីយកទៅពិភាក្សារកដំណោះស្រាយ។
ចិននិងសហរដ្ឋអាមេរិក បានចាប់ផ្តើមចរចាគ្នា កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ដើម្បីដោះស្រាយបញ្ហាសង្គ្រាមពាណិជ្ជកម្ម។ ក្រោយការចរចាបាន២ថ្ងៃ នៅព្រឹកថ្ងៃចន្ទទី១២ឧសភា ភាគីទាំង២បានប្រកាសដំណឹងល្អ អំពីលទ្ធផលវិជ្ជមាន។ មហាអំណាចសេដ្ឋកិច្ចទាំង២ បានព្រមព្រៀងគ្នាផ្អាកការអនុវត្តអត្រាពន្ធខ្ពស់កប់ពពករយៈពេល៩០ថ្ងៃ ដើម្បីបន្តការចរចា ស្វែងរកដំណោះស្រាយជាស្ថាពរ បិទបញ្ចប់សង្គ្រាមពាណិជ្ជកម្មដែលបំផុសឡើង ដោយរដ្ឋបាលលោកដូណាល់ ត្រាំ។
ក្នុងសវនាការនៅព្រឹកថ្ងៃទី១២ ឧសភានេះ សាលាឧទ្ធរណ៍បានបដិសេធសំណើសុំស្តារនីតិសម្បទា ឬការផ្ដល់សិទ្ធិធ្វើនយោបាយឡើងវិញរបស់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ។ ការបដិសេធលើសំណើនេះត្រូវបានតុលាការលើកយកហេតុផលទៅពន្យល់ថា លោក រ៉ុង ឈុន មិនបានផ្តល់ភស្តុតាងគ្រប់គ្រាន់ពាក់ព័ន្ធនឹងការសងសំណងជំងឺចិត្តដល់ដើមបណ្តឹងទេ។
នៅក្នុងចំណោមប្រធានរឿងដ៏រសើបនៅក្នុងនយោបាយខ្មែរ បញ្ហាព្រំដែនគឺជាចំណុចក្តៅមួយដែលអ្នកនយោបាយ និងសកម្មជនលើកយកមកធ្វើជាអាវុធសម្រាប់វាយប្រហារគ្នា ពិសេសការដាក់បន្ទុករបស់ក្រុមអ្នកនយោបាយប្រឆាំងទៅលើរដ្ឋាភិបាល។ តែប្រធានបទព្រំដែននេះអាចនឹងធូរស្រាលវិញរវាងខ្មែរ និងខ្មែរ ប្រសិនបើរដ្ឋាភិបាលកម្ពុជាអាចសម្រេចបាននូវលទ្ធផលជាវិជ្ជមានជាមួយប្រទេសជិតខាង។
នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីជនភៀសខ្លួនពិសេសរបស់លោកដូណាល់ ត្រាំ ប្រជាជនអាហ្រ្វិកខាងត្បូងស្បែកសមួយក្រុមដែលមានគ្នីគ្នាចំនួន៤៩នាក់បានទទួលសិទ្ធិជ្រកកោនទៅរស់នៅសហរដ្ឋអាមេរិក ក្នុងនាមជាជនភៀសខ្លួន។ កាលពីថ្ងៃអាទិត្យទី១១ឧសភាម្សិលមិញ ពួកគេទាំងនោះបានធ្វើដំណើរតាមយន្តហោះចាកចេញពីទឹកដីអាហ្វ្រិកខាងត្បូង សំដៅ រដ្ឋធានីវ៉ាស៊ីនតោន មុននឹងទៅតាំងទីជាអចិន្ត្រៃយ៍នៅរដ្ឋតិចសាស់។
ប្រមុខការទូតអ៊ីស្រាអែលបានឲ្យដឹងថា អ៊ីស្រាអែលគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមរបស់រដ្ឋបាលលោកដូណាល់ ត្រាំ ជុំវិញផែនការផ្តល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ ផែនការរបស់សហរដ្ឋអាមេរិកនេះ តម្រូវឲ្យកងទ័ពអ៊ីស្រាអែលជាអ្នកការពារសន្តិសុខ អំឡុងពេលចែកជំនួយមនុស្សធម៌។ រីឯភ្នាក់ឯកជន រួមមានអតីតទាហានអាមេរិក និង បុគ្គលិកអង្គការមនុស្សធម៌ ទទួលបន្ទុកចែកស្បៀងអាហារនិងជំនួយផ្សេងៗ។
នៅក្នុងពិធីសូត្រធម៌ប្រចាំថ្ងៃអាទិត្យ ជាលើកដំបូងក្នុងនាមសម្តេចសង្ឃកាតូលិក សម្តេចប៉ាប ឡេអុង១៤ បានពញ្ញាក់ស្មារតីក្រុមមហាអំណាចនៅលើពិភពលោកទាំងអស់ឱ្យបញ្ឈប់សង្គ្រាម។ មិនត្រូវឱ្យមានសង្គ្រាមទៀតទេ ! សម្រាប់សម្តេចប៉ាប ឡេអុង១៤ដែលមានជំហរនយោបាយបន្តពីសម្តេចប៉ាបហ្វ្រង់ស័រ ពិភពលោកកំពុងធ្លាក់ក្នុងសេណារីយ៉ូដ៏អាក្រក់ ក្នុងទម្រង់ជាសង្គ្រាមលោកលើកទីបី ដោយអន្លើ។
ដែនអភិរក្សសហគមន៍នេសាទភូមិថ្មីក្នុងខេត្តកែបធ្លាប់តែជាកន្លែងប្រឈមនឹងបទល្មើសនេសាទ។ តែចាប់តាំងពីឆ្នាំ២០២០ មក រដ្ឋបាលជលផល និងអង្គការដៃគូបានទម្លាក់ថ្មសិប្បនិម្មិតចូលសមុទ្រដើម្បីជួយបង្កើនទីជម្រកដល់ជីវចម្រុះ និងទប់ស្កាត់បទល្មើសផ្សេងៗ។ ប្រជានេសាទក្នុងសហគមន៍អះអាងថា វិធានការទម្លាក់ថ្មសិប្បនិម្មិតនេះមានប្រសិទ្ធិភាពខ្ពស់ក្នុងការអភិរក្សធនធានជលផល និងបានស្នើក្រសួងកសិកម្មឲ្យពិនិត្យមើលលទ្ធភាពក្នុងការទម្លាក់ថ្មសិប្បនិម្មិតបន្ថែមទៀត។
នៅថ្ងៃអាទិត្យទី១១ឧសភានេះ អាល់បានី រៀបចំបោះឆ្នោតសភា ដែលមានអត្ថន័យសំខាន់ខ្លាំងលើសសព្វដង សម្រាប់អ្នកស្រមៃចង់ក្លាយជាសមាជិកសហភាពអឺរ៉ុប។ ជាប្រទេសដ៏តូចមួយនៅក្នុងឧបទ្វីបបាល់កង់ ពលរដ្ឋអាល់បានី ត្រូវជ្រើសរើសរវាងបក្សរបស់នាយករដ្ឋមន្ត្រីកំពុងកាន់អំណាច និងបក្សប្រឆាំងដែលធ្វើគ្រប់យ៉ាងដើម្បីទម្លាក់រដ្ឋាភិបាលចាស់។
ថ្ងៃអាទិត្យទី ១១ ឧសភា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានស្នើឲ្យបើកការ ចរចា ដោយ”ត្រង់ផ្ទាល់” និង “ដោយគ្មានលក្ខខណ្ឌជាមុន” រវាងរុស្ស៊ីនិងអ៊ុយក្រែន នៅថ្ងៃព្រហស្បត៏ទី ១៥ ឧសភា ក្នុងក្រុង អ៊ីស្តង់ប៊ូល ប្រទេសទួកគី បានន័យថា លោកច្រានចោលរាល់ការពិភាក្សាដើម្បីបទឈប់បាញ់ ជាយថាហេតុ ដែលទាមទារដោយបណ្តាសម្ព័ន្ធមិត្តរបស់ក្រុងកៀវ។
បន្ទាប់ពីបានវាយប្រហារគ្នាទៅវិញទៅមកយ៉ាងសន្ធាប់ ៤ថ្ងៃជាប់គ្នា ឥណ្ឌានិងប៉ាគីស្ថានសុខចិត្តទទួលយកបទឈប់បាញ់ទាំងស្រុង និងជាបន្ទាន់ តាមសំណើរបស់អាមេរិក កាលពីថ្ងៃសៅរ៍ ទី១០ ឧសភា។ ក៏ប៉ុន្តែភាគីជម្លោះទាំងពីរបន្តប្រយុទ្ធគ្នា នៅតាមបណ្តោយព្រំដែនក្នុងតំបន់កាស្មៀរ រហូតដល់ព្រឹកថ្ងៃអាទិត្យ ដោយបានចោទដាក់គ្នាអំពីការរំលោភបទឈប់បាញ់នេះ។
នាប៉ុន្មានថ្ងៃមកនេះ មានការជជែកយ៉ាងផុលផុសនៅតាមបណ្តាញសង្គមអំពីជំនឿអរូបិយ ឬមន្តអាគម ខណៈដែលតារាចម្រៀងល្បីឈ្មោះ មាស សុខសោភា ប្រកាសចែកផ្លូវគ្នាជាមួយស្វាមី បន្ទាប់ពីនាងមានជំនឿទៅលើបុរសម្នាក់ដែលតាំងខ្លួនឯងជា«តាបស»នៅលើភ្នំត្បែង។ មាស សុខសោភា បានអំពាវនាវឲ្យអតីតស្វាមីរបស់ខ្លួនដកពាក្យបណ្តឹងដែលប្តឹង«បុរសដែលតាំងខ្លួនជាតាបស»នោះ ពីបទឆបោកប្រាក់២៣ម៉ឺនដុល្លារ។ អ្នកតាមដានសង្គម លើកនូវពាក្យស្លោកបុរាណរបស់ខ្មែរមករម្លឹកថា «មន្តអាគមផ្សំជីវិត តែបើជឿមិនចេះគិតធ្វើឲ្យជីវិតអន្តរាយ»។
រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា គ្រោងនឹងធ្វើសមាជរួមគ្នា នៅខែមិថុនា ខាងមុខ ទៅតាមការស្នើរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។ តាម AKP សមាជរបស់សភាទាំងពីរជាដំណើរការលទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវរបស់រដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដែលបានផ្តល់ការគំាទ្រ យ៉ាងច្រើនលើសលប់ ក្នុងអាណត្តិទី៧ នៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តកាលពីឆ្នាំ២០២៣។
ក្រុមបាតុករខ្មែរដែលធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោននៅចុងសប្តាហ៍នេះ បានថ្លែងថា លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក មិនព្រមចេញមកទទួលយកញត្តិរបស់ក្រុមបាតុករ អំឡុងពេលពួកគេឈរតវ៉ានៅមុខស្ថានទូតកម្ពុជា កាលពីថ្ងៃទី១០ឧសភា។ ជាញត្តិដែលក្រុមអ្នកតវ៉ាទាមទារឲ្យមានការដោះស្រាយបញ្ហាជាច្រើន ដូចជា បញ្ហាព្រំដែនជាមួយប្រទេសថៃ និងការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ តែ លោក កុយ គួង បានប្រតិកម្មភ្លាមៗថា បាតុករមិនបានយកញត្តិទៅជូនលោកទេ ពោលគឺលោកគ្រាន់តែឮសម្រែកទាមទារពីនេះពីនោះរបស់ពួកគេតែប៉ុណ្ណោះ។
ក្រសួងយុត្តិធម៌បានឲ្យដឹងថា ទណ្ឌិតចំនួន ២៩៦នាក់ត្រូវបានអង្គព្រះមហាក្សត្រសម្រេចបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជា។ ក្នុងចំណោមទណ្ឌិតជិត៣០០នាក់នោះ ក្រសួងយុត្តិធម៌មិនបានបញ្ជាក់ថាតើមានករណីលើកលែង ឬបន្ធូរបន្ថយទោសទៅលើសកម្មជនការពារបរិស្ថាន សិទ្ធិមនុស្ស និងសកម្មជននយោបាយបក្សប្រឆាំងដែរឬទេ។
ថ្នាក់ដឹកនាំនៃក្រុមប្រទេសអឺរ៉ុប សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បានជួបប្រជុំគ្នានៅទីក្រុងកៀវជាមួយលោកប្រធានាធិបតីហ្សេឡេនស្គី កាលពីថ្ងៃទី១០ឧសភា។ នៅក្នុងកិច្ចប្រជុំនេះ អ៊ុយក្រែននិងសម្ព័ន្ធមិត្តបានប្រកាសជំហរ ស្នើឲ្យរុស្ស៊ីត្រូវតែទទួលយក បទឈប់បាញ់ទាំងស្រុងរយៈពេល៣០ថ្ងៃ ដោយគ្មានលក្ខខណ្ឌបឋមអ្វីទាំងអស់ ដើម្បីឈានទៅបើកផ្លូវចរចាសន្តិភាព។ ទាំងអាមេរិក ទាំងអឺរ៉ុប សុទ្ធតែបានអះអាងថា បើរុស្ស៊ីនៅតែរឹងរូស មិនទទួលយកបទឈប់បាញ់បណ្តោះអាសន្ននេះ នោះគេនឹងដាក់ទណ្ឌកម្មបន្ថែមទៅលើរុស្ស៊ី។
នៅថ្ងៃសៅរ៍និងអាទិត្យចុងសប្តាហ៍ ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក បានបន្តជួបជុំធ្វើបាតុកម្ម ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ ស្តារលទ្ធិប្រជាធិបតេយ្យ និងលើកយកបញ្ហាអធិបតេយ្យភាពកោះគុតប្តឹងទៅតុលាការអន្តរជាតិ។ អ្នកនយោបាយនៅក្រៅប្រទេសថា ការបន្តធ្វើបាតុកម្មនេះ គឺដើម្បីដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា ឲ្យគិតគូពីបញ្ហានយោបាយនិងបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង។ តើការបន្តធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរក្រៅប្រទេសអាចដាក់សម្ពាធរដ្ឋាភិបាលកម្ពុជាកម្រិតណា?
មន្ទីរបរិស្ថានខេត្តព្រះវិហារនៅថ្ងៃទី៩ ខែឧសភា បានប្រតិកម្មនឹងការចេញផ្សាយរបស់វិទ្យុអាសេរីកាលពីថ្ងៃទី៨ ខែឧសភា ដែលបានស្រង់សម្តីអ្នកការពារបរិស្ថាន លោកម៉ា ចិត្រា ដែលថាមានការកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការនៅក្នុងខេត្តព្រះវិហារ។ មន្ទីរបរិស្ថាន បានចោទប្រកាន់អ្នករាយការណ៍ពីរឿងកាប់ឈើនោះថាបានធ្វើសកម្មភាពខុសច្បាប់ និងមានចេតនាញុះញង់ផ្សព្វផ្សាយព័ត៌មានមិនពិត។ តែសកម្មជនបរិស្ថាន ចង់ឃើញ មន្ត្រីពាក់ព័ន្ធចុះទៅពិនិត្យករណីកាប់ឈើដោយផ្ទាល់ជាជាងច្រានចោលសេចក្តីរាយការណ៍នានាពីសកម្មជនព្រៃឈើនៅលើបណ្តាញផ្សព្វផ្សាយ។
ដូចការសន្យា អ្នកទទួលខុសត្រូវនៃវិចិត្រសាល អេពីឌីមីកក្នុងទីប្រទេសបារាំងបានរៀបចំការតាំងពិព័រណ៌បង្ហាញស្នាដៃរូបគំនូររបស់វិចិត្រករខ្មែរជាលើកទី២ ដោយលើកនេះ ផ្តោតសំខាន់តែទៅលើគំនូរសហសម័យរបស់លោក នូសារី។ ជាវិចិត្រករខ្មែរដ៏កម្រដែលបានទទួលការសិក្សានៅសាលាវិចិត្រសិល្បៈនៅប្រទេសបារាំង លោកនូ សារីបានត្រលប់ទៅប្រទេសបារាំងជាលើកទី២ ដើម្បីតាំងបង្ហាញស្នាដៃគំនូររបស់លោក នៅក្នុងពិព័រណ៌ដែលមានឈ្មោះថា “ពណ៌នៃដួងព្រលឹងខ្មែរ”។
ជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន កាន់តែក្តៅគគុកឡើង នៅថ្ងៃសៅរ៍ទី១០ឧសភានេះ ដោយកងទ័ពទាំងសងខាង បានប្រើដ្រូននិងបាញ់មីស៊ីល វាយកម្ទេចមូលដ្ឋានកងទ័ពរបស់ម្ខាងទៀត។ គិតត្រឹមពេលនេះ មានប្រជាជនស៊ីវីលជាង៥០នាក់ដែលបានស្លាប់។ អ្វីដែលសហគមន៍អន្តរជាតិព្រួយបារម្ភបំផុតនោះ គឺកំហឹងជម្លោះចេះតែពុះកញ្ជ្រោកឡើង ដែលអាចឈានផ្ទុះក្លាយជាសង្គ្រាមនុយក្លេអ៊ែរ។ ចិន សហរដ្ឋអាមេរិក និងប្រទេសតំបន់ដើមបូព៌ា បានប្រកូកប្រកាសដូចៗគ្នា ឲ្យឥណ្ឌានិងប៉ាគីស្ថានត្រូវតែអត់ធ្មត់ ឈប់វាយប្រហារ ហើយងាកមកដោះស្រាយបញ្ហានេះឲ្យបាន ដោយសន្តិវិធី។