ប្រជាជនស៊ីវីលស្លាប់ដោយអាវុធគ្រាប់ផ្ទុះ បានកើនចំនួនដល់ទៅ៦០% នៅក្នុងឆ្នាំ២០២៤។ នេះបើផ្អែកតាមរបាយការណ៍មួយ របស់អង្គការឃ្លាំមើលអាវុធគ្រាប់ផ្ទុះ ចេញផ្សាយកាលពីរសៀលថ្ងៃទី២១ឧសភា។ ២ភាគ៣នៃជនរងគ្រោះដែលស្លាប់ដោយអាវុធគ្រាប់ផ្ទុះទាំងនេះ គឺស្ថិតនៅតំបន់ហ្កាហ្សានិងតំបន់ស៊ីហ្សកដានី។
អាជ្ញាធរសុខាភិបាលកម្ពុជា បានអះអាងថា កម្ពុជាកំពុងប្រឈមនឹងកំណើនជំងឺមិនឆ្លង ដែលស្ទើរក្លាយជាមូលហេតុទីមួយនៃមរណភាពរបស់ពលរដ្ឋ។ បើមិនឆ្លងផង ហេតុអ្វីជំងឺនេះមានកំណើនខ្លាំង? តើអ្វីជាកត្តាជំរុញឱ្យមានជំងឺមិនឆ្លង ? តើគេអាចទប់ស្កាត់និងបង្ការជំងឺមិនឆ្លងបានដែរឬទេ?
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានងាកចេញពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងអន្តរជាតិមួយចំនួនដែលអាមេរិកធ្លាប់ជារដ្ឋសមាជិក និងហត្ថលេខី។ លោក ប្រាក់ សុខុនបញ្ជាក់ដូច្នេះនៅក្នុងសិក្ខាសាលាមួយស្តីពី «លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ» នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
តំបន់ត្រូពិកបានបាត់បង់ព្រៃអស់៦លាន៧សែនហិចតា នៅឆ្នាំ២០២៤ ពោលគឺជាការបាត់បង់ព្រៃដ៏ច្រើនខ្លាំងមិនធ្លាប់មាន និងច្រើនជាងឆ្នាំ២០២៣ដល់ទៅ៨០%។ ការប្រែប្រួលអាកាសធាតុ ការឡើងកម្តៅនៃភពផែនដី ដែលសម្រួលឱ្យមានបាតុភូតភ្លើងឆេះព្រៃ ជាមូលហេតុធំ។ នេះបើតាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវអាមេរិក World Resources Institute សហការជាមួយសាកលវិទ្យាល័យMaryland។
ប៉ុន្មានថ្ងៃ បន្ទាប់ពីលោកដូណាល់ ត្រាំ ប្រកាសដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ ចេញពីប្រទេសស៊ីរី គឺដល់វេនសហភាពអឺរ៉ុបម្តង ដែលបានសម្រេចនៅថ្ងៃពុធទី២១ឧសភានេះ។ ផ្អែកតាមលោកស្រីប្រមុខការទូតសហភាពអឺរ៉ុប ការសម្រេចនេះ គឺអឺរ៉ុបមានបំណងជួយដល់ប្រជាជនស៊ីរី ដើម្បីកសាងប្រទេស នៅក្នុងរបបនយោបាយថ្មី ជាមួយនឹងសន្តិភាពនិងការបង្រួបបង្រួមគ្នា។
កាលពីដើមខែឧសភា ឆ្នាំ២០២៥ នេះ សាលារាជធានីភ្នំពេញបានជូនដំណឹងស្តីពីវឌ្ឍនភាពនៃការងាររបស់ខ្លួនទាក់នឹងគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកដើម្បីចៀសវាងការជន់លិចរាជធានីភ្នំពេញ។ គម្រោងនេះសម្រេចបាន៨០% នៃផែនការហើយ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រាជធានីភ្នំពេញអាចទប់ទល់ការជន់លិចបានសម្រាប់កំរិតទឹកភ្លៀងក្រោមកំរិត ១០០មីលីម៉ែត្រ និងថា ការរំដោះទឹកពីរាជធានីភ្នំពេញនឹងទទួលបានជោគជ័យច្រើន នៅពេលគម្រោងនេះត្រូវបញ្ចប់ក្នុងរយៈពេល ២ខែខាងមុខ៕
រដ្ឋមន្ត្រីអន្តោប្រវេសន៍ឥណ្ឌូណេស៊ី លោក Agus Andrianto បានប្រកាសក្នុងថ្ងៃអង្គារ ទី២០ ឧសភាថា រដ្ឋាភិបាលទីក្រុងហ្សាការតានឹងចុះកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់ជាមួយភាគីកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យា។ អ្នកតាមដានសង្គមកម្ពុជាបានវាយតម្លៃថា អនុស្សារណៈយោគយល់នេះជាជំហានដំបូងក្នុងការឆ្លើយតបនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មផ្សេងទៀតក្នុងតំបន់ និងថា ភាគីទាំងពីរកម្ពុជា ឥណ្ឌូណេស៊ីក៏គួរចាប់យកយន្តការអាស៊ានដែលអាចបង្ក្រាបឧក្រិដ្ឋម្មក្នុងវិសាលភាពទូលំទូលាយមួយឈានទៅកាត់ផ្តាច់ខ្សែបណ្តាញរបស់ពួកឧក្រិដ្ឋជន។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញត្រូវរក្សានូវតម្លៃប្រវត្តិសាស្ត្រសម្រាប់ឲ្យពលរដ្ឋប្រើប្រាស់ជាអតិបរមា និងបញ្ជាក់ច្បាស់ៗថា មិនមានគម្រោងលក់ព្រលានយន្តហោះនេះទេ។ ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីផែនការទៅថ្ងៃខាងមុខ ក្រោយពីព្រលានយន្តហោះមួយនេះបិទទ្វារចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ ផែនការទី១ រក្សាទុកព្រលានយន្តហោះនេះជាទ្រព្យសម្បត្តិរដ្ឋដែលមានតម្លៃជាប្រវត្តិសាស្ត្រ ទី២ ទុកសម្រាប់ចុះចតយន្តហោះនៅពេលអាសន្ន និងទី៣ អនុញ្ញាតឲ្យពលរដ្ឋប្រើប្រាស់ក្នុងប្រយោជន៍សាធារណៈជាអតិបរមា។ តើក្រោយបិទទ្វារ ព្រលានយន្តហោះអន្តរជាតិភ្នំពេញអាចទាញប្រយោជន៍សេដ្ឋកិច្ចអ្វីខ្លះ?
ឥណ្ឌាទំនងជាចាប់ជនភៀសខ្លួនអ៊ីស្លាមរ៉ូហ៊ីងយ៉ា ៤៣នាក់ ទៅទម្លាក់ចោលនៅក្នុងសមុទ្ទ។ នេះបើតាមអង្គការសហប្រជាជាតិ ក្រុមគ្រួសារ និងក្រុមមេធាវី។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅភូមាបានប្រកាសបើកអង្កេតជុំវិញការសង្ស័យនេះ ដោយបរិហារថាជាទង្វើមិនអាចទទួលយកបាន។
តៃវ៉ាន់បានត្រៀមខ្លួនជានិច្ច ដើម្បីសន្ទនា និងសហការជាមួយចិន ដោយស្មើភាពគ្នា ដើម្បីបញ្ចៀសសង្រ្គាម។ តែទន្ទឹមនឹងនេះ តៃវ៉ាន់ក៏ត្រូវតែត្រៀមខ្លួនពង្រឹងសមត្ថភាពការពារជាតិដែរ។ នេះគឺជាសម្តីអះអាងរបស់លោក ឡៃ ឈីងទឿ ប្រធានាធិបតីតៃវ៉ាន់ នៅក្នុងឱកាសខួបគម្រប់មួយឆ្នាំនៃការចូលកាន់អំណាចរបស់លោក។ ចិនបានប្រតិកម្មតបវិញថា ចិនបើកផ្លូវសន្ទនា តែត្រូវតែមានលក្ខខណ្ឌ ដែលដើរលើផ្លូវនៃការឈានទៅបង្រួមបង្រួមចិនតែមួយ។
នៅថ្ងៃអង្គារទី២០ឧសភា ក្រុមប្រទេសលោកខាងលិច បានបារាំង អង់គ្លេស កាណាដា បានរួមគ្នាថ្លែងសារថ្កោលទោសអ៊ីស្រាអែល និងបានទាមទារឲ្យអ៊ីស្រាអែល ត្រូវតែបិទបញ្ចប់ប្រតិបត្តិការយោធា ហើយត្រូវបើកផ្លូវដឹកបញ្ជូនស្បៀងចូលទៅកាន់តំបន់ហ្កាហ្សា។ សហភាពអឺរ៉ុបកំពុងពិនិត្យមើលផងដែរ ទាក់ទិននឹងការគោរពសិទ្ធិមនុស្ស ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងអឺរ៉ុបនិងអ៊ីស្រាអែល។ ប្រតិកម្មជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិនេះ គឺបន្ទាប់ពី លោកនេតាន់យ៉ាហ៊ូ បានប្រកាសកាលពីថ្ងៃចន្ទ បើកប្រតិបត្តិការយោធា ចូលទៅទន្ទ្រានដើម្បីគ្រប់គ្រងតំបន់ហ្កាហ្សាទាំងស្រុង។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានជជែកតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅថ្ងៃចន្ទទី១៩ឧសភា២០២៥។ ប្រធានាធិបតីរុស្ស៊ី បានចាត់ទុកថាជាកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនានិងអត្ថប្រយោជន៍។ ចំណែកលោកត្រាំថា រុស្ស៊ីនិងអ៊ុយក្រែន នឹងផ្តើមចរចាភ្លាមដើម្បីស្វែងរកបទឈប់បាញ់។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានថ្លែងនៅក្នុងសន្និសីទកាសែតមួយនាពេលថ្មីៗនេះថា កិច្ចសហការរវាងបណ្តាប្រទេសនានាគួរមានគោលដៅគាំទ្រសន្តិភាព និងសិ្ថរភាពនៅក្នុងតំបន់ និងនៅលើសកលលោកដោយស្របតាមច្បាប់អន្តរជាតិ។ ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមយ៉ាងដូចនេះធ្វើឡើងស្របពេលដែលទ័ពកម្ពុជា និងចិនចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំ «នាគមាស»២០២៥ ក្នុងបុព្វហេតុប្រឆាំងអំពើភេរវកម្ម និងគាំទ្រដល់កិច្ចការមនុស្សធម៌។ អ្នកជំនាញកិច្ចការអន្តរជាតិ និងភូមិសាស្ត្រនយោបាយយល់ថា ប្រតិកម្មរបស់វៀតណាមបានបង្ហាញពីក្តីបារម្ភមួយផ្នែក ក្រោមហេតុផលថា សមយុទ្ធកម្ពុជា និងចិនលើកនេះមានទ្រង់ទ្រាយធំជាងពេលមុន ខណៈវៀតណាមកំពុងបន្តមានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូង។
ជារឿយៗ មិនថានៅភ្នំពេញ ឬនៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា គេតែងឃើញមានអ្នកលោត ឬធ្លាក់ពីលើអគារខ្ពស់ដែលភាគច្រើនជាជនបរទេស។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែឧសភានេះ មានជនបរទេសម្នាក់បានធ្លាក់ពីលើសណ្ឋាគារមួយនៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញបណ្តាលឲ្យស្លាប់ភា្លមៗ។ នៅប៉ុន្មានថ្ងៃមុននេះ មានស្ត្រីជនជាតិចិន និងខ្មែរបានធ្លាក់ពីលើអគារខ្ពស់ស្លាប់នៅភ្នំពេញដែរ។ ករណីនេះត្រូវបានអ្នកតាមដានសង្គមមើលឃើញថា គឺជារឿងគួរឲ្យភា្ញក់ផ្អើល និងត្រូវមានការស៊ើបអង្កេតឲ្យបានជាក់លាក់ដើម្បីទប់ស្កាត់ និងរកយុត្តិធម៌ជូនជនរងគ្រោះ ប្រសិនបើជារឿងឃាតកម្ម។
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតស្នើឲ្យក្រសួងរ៉ែ និងថាមពលពិនិត្យមើលឡើងវិញលើការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនផលិតស៊ីម៉ងត៍នៅកម្ពុជា។ ការស្នើដូចនេះដោយលោក ហ៊ុន ម៉ាណែត សង្កេតឃើញថា ក្រុមហ៊ុនផលិតស៊ីម៉ងត៍នៅកម្ពុជាអាចបំពេញតម្រូវការក្នុងស្រុក និងថា បើរដ្ឋបន្តផ្តល់អាជ្ញាបណ្ណកាន់តែច្រើនថែមទៀត នោះក្រុមហ៊ុនផលិតស៊ីម៉ងត៍នៅកម្ពុជាអាចប្រឈមនឹងការដួលរលំ។
នៅទីក្រុងព្រុយសែល ប្រទេសសមាជិកអឺរ៉ុបទាំង ២៧ប្រទេស បានចុះកិច្ចព្រមព្រៀមគោល ដែលមានឈ្មោះថា «សកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប» ហៅកាត់ជាភាសាអង់គ្លេសថា SAFE កាលពីថ្ងៃចន្ទ ទី១៩ ឧសភា។ កិច្ចព្រមព្រៀងគោលនេះគឺជាស្ថិតក្នុងក្រមខណ្ឌកម្មវិធីកម្ចីហិរញ្ញវត្ថុរួមគ្នារបស់សហភាពអឺរ៉ុប ក្នុងទំហំទឹកប្រាក់ប្រមាណ ១៥០ពាន់លានអឺរ៉ូ ដើម្បីសម្រួលដល់ការទិញសព្វាវុធនិងការផលិតអាវុឌក្នុងទី្វបអឺរ៉ុប។ នេះបើតាមការបញ្ជាក់របស់មន្រ្តីការទូតអឺរ៉ុប។
អង់គ្លេសនិងសហភាពអឺរ៉ុបបានចុះកិច្ចព្រមព្រៀង “ដៃគូយុទ្ធសាស្ត្រថ្មី” ជាមួយគ្នា កាលពីថ្ងៃចន្ទទី១៩ឧសភា។ ៥ឆ្នាំក្រោយពីអង់គ្លេសបានចាកចេញពីសហភាពភាពអឺរ៉ុប កិច្ចព្រមព្រៀងថ្មីនេះនឹងអនុញ្ញាតឲ្យភាគីទាំង២ភ្ជាប់ទំនាក់ទំនង នៅក្នុងបរិបទ ដែលបញ្ហាសន្តិសុខនៅអឺរ៉ុបទាំងមូល កំពុងតែរងការគំរាមកំហែង។
លោក អ៊ុក ម៉ៅ អ្នកសារព័ត៌មានម្នាក់ប្រចាំខេត្តស្ទឹងត្រែងត្រូវបានឃុំខ្លួននៅយប់ថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៥ ក្រោមការចោទប្រកាន់ពីបទញុះញង់ និងបរិហារកេរ្តិ៍។ នេះបើតាមសមាគមអាដហុកដែលយល់ព្រមផ្តល់មេធាវីការពារក្តីជូន លោក អ៊ុក ម៉ៅ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២០ ខែឧសភា លោក នី សុខា ប្រធានសមាគមអាដហុកយល់ថា ការចាប់ខ្លួនសកម្មជនបរិស្ថានរូបនេះធ្វើឡើងដោយពុំត្រឹមត្រូវ ព្រោះចាប់ទាំងពាក់កណ្តាលអាធ្រាត្រ និងពុំបានបង្ហាញដីកាជាមុន។ ក្នុងន័យនេះ លោក នី សុខា បានស្នើឲ្យក្រសួងយុត្តិធម៌បើកការស៊ើបអង្កេតដោយតម្លាភាពលើការចាប់ខ្លួនអ្នកសារព័ត៌មានក្រីក្រអាយុ៥៧ឆ្នាំ លោក អ៊ុក ម៉ៅ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានជជែកតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅថ្ងៃចន្ទទី១៩ឧសភា២០២៥។ ប្រធានាធិបតីរុស្ស៊ី បានចាត់ទុកថាជាកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនានិងអត្ថប្រយោជន៍។ ចំណែកលោកត្រាំថា រុស្ស៊ីនិងអ៊ុយក្រែន នឹងផ្តើមចរចាភ្លាមដើម្បីស្វែងរកបទឈប់បាញ់។
កម្មករជាច្រើនរយនាក់នៅរោងចក្រ Color Star ផ្ទុះការតវ៉ាជាថ្មីនៅថ្ងៃអង្គារ ទី២០ ឧសភានេះ និងឈានដល់ការបិទកំណាត់ផ្លូវមួយកន្លែងក្នុងតំបន់ផ្សារព្រែកជ្រៃ ខណ្ឌដង្កោ ដោយសារការផ្លាស់ប្តូរទីតាំងរោងចក្រពីភ្នំពេញទៅទីតាំងថ្មីនៅស្រុកបាទីខេត្តតាកែវ។ ការតវ៉ាជាថ្មីនេះដោយពួកគេបារម្ភពីការបាត់បង់អត្ថប្រយោជន៍មួយចំនួនចំពោះការប្តូរទីតាំងរោងចក្រនេះ។
នៅឥណ្ឌូនេស៊ី ភ្នំភ្លើង Lewotobi Laki-Laki បានផ្ទុះកម្រើកសាជាថ្មី នៅថ្ងៃចន្ទ ទី១៩ ឧសភា ដែលបានបញ្ចេញផ្សែងអួរអាប់ទៅលើអាកាស កម្ពស់ជាង ១គីឡូម៉ែត្រ។ អាជ្ញាធរឥណ្ឌូនេស៊ីបានទាញសញ្ញាអាសន្នកំរិតខ្ពស់ ណែនាំឲ្យប្រជាជនពាក់ម៉ាស និង ហាមមិនឲ្យអ្នកទេសចរចូលទៅក្បែរតំបន់គ្រោះថ្នាក់។
លោកចូ បៃដិន អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានក្រុមគ្រូពេទ្យ រកឃើញថាមានជំងឺមហារីកប្រូស្តាត ក្នុងកម្រិតមួយធ្ងន់ធ្ងរ។ មានអាយុ ៨២ឆ្នាំ សុខភាពរបស់លោកចូ បៃដិន បានចុះទ្រុឌទ្រោម តាំងតែពីចុងអាណត្តិប្រធានាធិបតីរបស់លោក មុននឹងលោកបានសម្រេចចិត្ត មិនឈរឈ្មោះម្តងទៀត។ ផ្អែកតាមគ្រូពេទ្យជំនាញ ជំងឺមហារីករបស់លោកចូ បៃដិន បានរីករាលដាលជា «ម៉េតាស្តាសក្នុងឆ្អឹង»។
តាមគម្រោង ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងទៅប្រទេសជប៉ុននាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដើម្បីចូលរួមនៅក្នុងសន្និសីទអន្តរជាតិ។ ជាការកត់សម្គាល់ នៅពេលដែលមានមេដឹកនាំកម្ពុជាចេញទៅក្រៅប្រទេសម្តងៗ គេសង្កេតឃើញមានពលរដ្ឋខ្មែរមួយក្រុមចេញមុខប្រកាសទទួលស្វាគមន៍ ខណៈមានពលរដ្ឋខ្មែរមួយក្រុមទៀតដែលនៅក្រៅប្រទេសស្រាប់ចេញមុខប្រកាសធ្វើបាតុកម្ម។ តើសកម្មភាពទាំងពីរនេះឆ្លុះបញ្ចាំងយ៉ាងណាពីស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្ន និងថា តើសកម្មភាពទាំងពីរនេះចំណេញ ឬខាតសម្រាប់កម្ពុជា?
ក្នុងឱកាសរំលឹកខួប៥០ឆ្នាំ ក្រោយថ្ងៃ១៧ មេសា ១៩៧៥ ស្នាដៃតន្ត្រី“បង្សុកូល” ដ៏ល្បីឈ្មោះរបស់កម្ពុជា ដែលដឹកនាំនិពន្ធនិងសម្តែងដោយក្រុមសិល្បកររបស់លោកបណ្ឌិតហ៊ឹម សុភី និងសមិទ្ធិករលោកប៉ាន់ រិទ្ធី កំពុងត្រៀមខ្លួនចាកចេញទៅសម្តែងថ្នាក់ពិភពលោកជាថ្មី នៅក្នុងមហោស្រពសិល្បៈកម្ពុជា នាទីក្រុងម៉ុងរ៉េអាល់។ ការប្រគំតន្ត្រី“បង្សុកូល” ដែលរួមមានការសម្តែងជាមួយសិល្បករអន្តរជាតិផ្សេងៗទៀត ក្នុងគោលបំណងឧទ្ទិសវិញ្ញាណក្ខន្តដល់ជនរងគ្រោះខ្មែរក្នុងរបបខ្មែរក្រហមនិងការរស់ឡើងវិញនៃតន្ត្រីកម្ពុជា នឹងត្រូវរៀបចំធ្វើឡើងជាថ្មីនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ ដោយអង្គការសិល្ប:ខ្មែរអមត:រួមសហការជាមួយអង្គការ Connexion Champa របស់សហគមន៍ខ្មែរនៅប្រទេសកាណាដា។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ឬ Human Rights Watch បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៩ឧសភាដោយជំរុញនាយករដ្ឋមន្ត្រីជប៉ុន លោក ស្ហ៊ីកេរុ អ៊ីស្ហ៊ីបា បរិហារបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាក្នុងពេលដែលនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន ម៉ាណែតទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននាចុងខែឧសភានេះ។ Human Rights Watch យល់ថា ក្នុងនាមជាដៃគូពាណិជ្ជកម្ម និងជាម្ចាស់ជំនួយធំមួយរបស់កម្ពុជា ជប៉ុនមិនត្រូវអោបដៃ ឬបើកភ្លើងខៀវឲ្យរដ្ឋាភិបាលកម្ពុជាបន្តយុទ្ធសាស្ត្រកៀបសង្កត់ និងរំលោភបំពានសិទ្ធិមនុស្សតាមតែចិត្តទៀតឡើយ។
ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ឧសភា មានយុវជនប្រមាណជាង ៤០នាក់ បានចូលរួមបោះជំរុំនៅតំបន់ទេសចរណ៍ធម្មជាតិកោះកុងក្រៅដើម្បីស្វែងយល់ពីកិច្ចការងារការពារបរិស្ថាន និងធនធានធម្មជាតិ។ ក្រុមនិស្សិតដែលមកពីបណ្តារាជធានី ខេត្តផ្សេងគ្នាយល់ថា យុវជនគួរចំណាយពេលចុះសិក្សាស្វែងយល់ពីការងារការពារតំបន់ធនធានធម្មជាតិដែលកម្ពុជាមាន។
ក្រោយការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំ កាលពីដើមខែឧសភា លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ក៏ត្រូវបណ្តាអង្គទូតលោកខាងលិចមួយចំនួន ហៅទៅពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស និងនយោបាយ នៅកម្ពុជា។ កាលពីថ្ងៃទី១៦ ឧសភា លោកបានជួបឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីលើកឡើងពីបញ្ហាប្រឈមផ្នែកនយោបាយក្នុងការអនុវត្តសកម្មភាពរបស់គណបក្សប្រឆាំង រួមទាំងសំណុំរឿងនយោបាយផ្ទាល់ខ្លួនរបស់លោកផង។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នាថ្ងៃអាទិត្យទី១៨ឧសភានេះ លោក រ៉ុង ឈុន បានអះអាងថា ការកាត់ក្តីសំណុំរឿងនយោបាយផ្ទួនៗប្រឆាំងរូបលោកនាពេលថ្មីៗនេះ បានអង្រួនការចាប់អារម្មណ៍ពីសំណាក់បណ្តាទូតលោកខាងលិច ដែលតែងតាមដានពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
ក្រោយពិធីសូត្រធម៌ចូលកាន់តំណែងជាផ្លូវការរួចភ្លាម សម្តេចប៉ាប ឡេអ៊ុង១៤ បានទទួលជួបប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី នៅបុរីវ៉ាទីកង់ មុនគេ។ ជាមួយនឹងសេចក្តីអំពាវនាវឱ្យមានការកសាងពិភពលោកថ្មីក្នុងសន្តិភាព សម្តេចប៉ាបថាអ៊ុយក្រែនរង់ចាំការចរចាដើម្បីបានទទួលសន្តិភាពដ៏យុត្តិធម៌និងជានិរន្តន៍។ ប៉ុន្តែរុស្ស៊ីរបស់លោកពូទីន មិនខ្វល់ឮទេ។ យោធារុស្ស៊ីបានវាយប្រហារដោយដ្រូនក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានលើអ៊ុយក្រែន និងប្រកាសដណ្តើមកាន់កាប់ដីអ៊ុយក្រែនបានមួយដុំបន្ថែមទៀត។
វាជារឿងធម្មតាដែលព្រលឹងខ្មោចជាប់ពាក់ព័ន្ធជានិច្ចនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនថៃ។ អ្នកដឹកនាំរឿងថៃ រាតច្ឆភូមិ ប៊ុនបាន់ឆាឆូក បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងខ្សែភាពយន្តរបស់លោកដែលត្រូវបានជ្រើសរើសសម្រាប់ការប្រកួតប្រជែងយករង្វាន់ផ្នែកsemaine de la critique ក្នុងមហោស្រពភាពយន្តកាន។ ខ្សែភាពយន្តរឿង “ខ្មោចមានប្រយោជន៍” របស់លោកត្រូវបានចាក់បញ្ចាំងកាលពីយប់ថ្ងៃសុក្រ និងថ្ងៃអាទិត្យនេះ។ តើរឿងខ្មោចមានប្រយោជន៍ និយាយពីអ្វី?
ថ្ងៃសៅរ៍ទី១៧ខែឧសភា វិមានក្រេមឡាំងបានចេញសេចក្តីថ្លែងការណ៍ថា ជំនួបដោយផ្ទាល់ រវាង ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន និង សមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី “អាច” ប្រព្រឹត្តទៅបាន តែក្នុងលក្ខខណ្ឌមួយគត់ គឺ ប្រសិនបើ ម៉ូស្គូ និង ក្រុងកៀវ ចេះនិយាយបាន”ត្រូវគ្នា”ជាមុន។ នេះជាការបញ្ជាក់គោលជំហររបស់ក្រេមឡាំង នៅមួយថ្ងៃ ក្រោយពី គូភាគីបដិបក្ខបានជួបចរចាគ្នា ដោយផ្ទាល់ ជាលើកទី១ នៅ ប្រទេសតួកគី ដើម្បីខណ្ឌបញ្ចប់សង្គ្រាមបញ្ឆេះដោយរុស្ស៊ីនៅអ៊ុយក្រែនតាំងពីជាង ៣ ឆ្នាំ មុនមក។
មជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ (CSIS) របស់សហរដ្ឋអាមេរិក តាមរយៈគម្រោងគំនិតផ្តួចផ្តើមតម្លាភាពសន្តិសុខសមុទ្រ បានបញ្ចេញរបាយការណ៍ចុងក្រោយមួយដែលបន្តអះអាងថា ចិននៅមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ក្នុងខេត្តព្រះសីហនុរបស់កម្ពុជា។ តែនៅមិនទាន់មានប្រតិកម្មពីកងទ័ពជើងទឹករបស់កម្ពុជានៅឡើយ។
ភាពអត់ឃ្លានស្រួចស្រាវបានកើនឡើងដល់កំរិតឯតទត្តកម្មនៅលើពិភពលោក។ បើតាមរបាយការណ៍ពិភពលោកស្តីពីវិបត្តិស្បៀងអាហារ នៅឆ្នាំ២០២៤មានមនុស្សចំនួន២៩៥លាននាក់រស់ក្នុងភាពអត់ឃ្លាន ក្នុង៥៣ប្រទេស។ ហើយទស្សនៈវិស័យសម្រាប់ឆ្នាំ២០២៥ កាន់តែអាប់អួរខ្លាំងថែមទៀត ដ្បិតជម្លោះរីកកាន់តែច្រើន ជំនួយអន្តរជាតិកាន់តែតិច។