ទីបំផុតទៅ រដ្ឋអំណាចចិន បានសម្រេចយល់ព្រមផ្តល់អាជ្ញាប័ណ្ណនាំចេញរ៉ែដីកម្រ ទៅឲ្យក្រុមហ៊ុនអាមេរិក។ ចិន ជាប្រទេសផ្គត់ផ្គង់រ៉ែដីកម្រច្រើនជាងគេលើពិភពលោក ហើយរ៉ែប្រភេទនេះ ជាយុទ្ធសាស្ត្រដ៏សំខាន់របស់ប៉េកាំង តែដើម្បីសម្រួលកិច្ចការចរចាពាណិជ្ជកម្ម ចិនបានសម្រេចចិត្តធ្វើសម្បទានខ្លះ ទៅឲ្យលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ លោក ត្រាំ ក៏ប្រកាសថាត្រូវជួបចរចាជាលើកទី២ ជាមួយភាគីចិន នៅថ្ងៃចន្ទ ទី៩មិថុនា។
អ៊ីស្រាអែល បានបង្ហើបពីយុទ្ធសាស្ត្រថ្មី ដោយជ្រើសរើសពួកជនអន្ធពាលមួយក្រុម ដើម្បីតទល់ប្រឆាំងនឹងពួកហាម៉ាស នៅហ្កាហ្សា។ នេះក៏ទំនងជាល្បិចម្យ៉ាងដែរ ខណៈពេលដែល អ៊ីស្រាអែល អះអាងថាខ្វះកងទ័ពប្រយុទ្ធ ប្រមាណ ១ ម៉ឺននាក់ថែមទៀត ដើម្បីសម្រេចផែនការយោធា នៅហ្កាហ្សា។ ក្នុងប្រតិបត្តិការមួយ នៅតំបន់ហ្កាហ្សា នាថ្ងៃសុក្រ ទី៦មិថុនា អ៊ីស្រាអែលបាត់បង់ទាហាន ៤ នាក់ ហើយចំណែកឯខាងពួកហាម៉ាស មានស្លាប់មនុស្ស ជិត៤០នាក់។
លោកលូឡា ប្រធានាធិបតីប្រេស៊ីល ដែលកំពុងតែបំពេញទស្សនកិច្ចនៅបារាំង បានថ្លែងកាលពីថ្ងៃសៅរ៍ ទី៧មិថុនាម្សិលមិញថា ដល់ពេលហើយ ដែលអង្គការសហប្រជាជាតិត្រូវតែដើរតួនាទីចាំបាច់ ដើម្បីរៀបចំដឹកនាំការចរចា រវាងអ៊ុយក្រែននិងរុស្ស៊ី។ លោកប្រធានាធិបតីប្រេស៊ីល បានលើកឡើងទៀតថា លោកសូមស្នើខ្លួនដឹកនាំក្រុមប្រទេសអព្យាក្រិត្យដែលមិនពាក់ព័ន្ធក្នុងជម្លោះនេះ ដើម្បីនិយាយបញ្ចុះបញ្ចូលភាគីជម្លោះទាំង២។
ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៣មិថុនា បានឲ្យដឹងថា កម្ពុជា-វៀតណាម បានឯកភាពគ្នាអនុគ្រោះពន្ធដល់០% ចំពោះការនាំចេញ-នាំចូលទំនិញមួយចំនួន សម្រាប់ឆ្នាំ២០២៥-២០២៦។ កម្ពុជាមានលទ្ធភាពនាំចេញទំនិញចំនួន២៨មុខ ទៅវៀតណាមដោយមិនគិតពន្ធ ខណៈវៀតណាមអាចនាំទំនិញមកកម្ពុជាចំនួន២៥មុខ ដោយមិនគិតពន្ធដូចគ្នា។ ទោះជាយ៉ាងនេះក្តី អ្នកសេដ្ឋកិច្ចយល់ថា វៀតណាមនៅតែមានប្រៀបជាងកម្ពុជា ចំពោះការអនុគ្រោះពន្ធ០%នេះ ដោយសារទំនិញរបស់វៀតណាមដែលនាំចូលមកកម្ពុជា ភាគច្រើនជាបន្លែនិងផ្លែឈើ។
ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយឯកតោភាគី ដើម្បីរង់ចាំការចរចា ពាក់ព័ន្ធករណីវិវាទព្រំដែនគោករវាងថៃនិងកម្ពុជា។ នេះជាការបញ្ជាក់នៅក្នុងលិខិតជូនដំណឹង របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បន្ទាប់ពីបានទទួលព័ត៌មានពីយោធាថៃ ដែលប្រចាំការនៅតំបន់ព្រំដែន ខេត្តស្រះកែវ។
តំបន់កោះ រ៉ាចាអាំប៉ាត ឋានសួគ៌ធម្មជាតិរបស់ឥណ្ឌូណេស៊ី កំពុងតែរងនូវការគំរាមបំផ្លិចបំផ្លាច ដោយសារតែអាជីវកម្មជីករ៉ែនីកែល។ នេះគឺជាសារប្រកូកប្រកាស អមដោយរូបភាពវីដេអូជាច្រើន ដែលអង្គការGreenpeace បានធ្វើការផ្សព្វផ្សាយយ៉ាងសកម្មនៅតាមបណ្តាញសង្គម នៅឥណ្ឌូណេស៊ី ប៉ុន្មានសប្តាហ៍មកនេះ។ ដោយរងសំពាធកាន់តែខ្លាំង រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសសន្យាគិតគូរឡើងវិញ និងព្យួរគម្រោងជីករ៉ែនីកែលមួយចំនួន នៅតំបន់កោះរ៉ាចាអាំប៉ាត។
រុស្ស៊ីបានវាយប្រហារទ្រង់ទ្រាយធំទៅលើអ៊ុយក្រែន ដោយសម្រុកប្រើមីស៊ីល និងដ្រូនយ៉ាងច្រើននៅទីតាំងសំខាន់ៗទូទាំងប្រទេសដែលបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងស្លាប់មនុស្សជាច្រើននាក់។ នេះជាការសងសឹកទៅលើអ៊ុយក្រែនដែលបានវាយប្រហារកម្ទេចយន្តហោះរុស្ស៊ីជាច្រើនគ្រឿងមូលដ្ឋានទ័ពអាកាសរុស្ស៊ី។
លោកណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌាបានអញ្ជើញជាអធិបតីបើកសម្ពោធផ្លូវដែក និងស្ពានរថភ្លើងថ្មីនៅតំបន់កាស្មៀរកាលពីថ្ងៃសុក្រទី៦ មិថុនា។ យោងតាមលោកនាយករដ្ឋមន្ត្រីឥណ្ឌា បណ្តាញខ្សែរថភ្លើងនេះនឹងចូលរួមជួយដល់ការអភិវឌ្ឍន៍តំបន់ភ្នំកាស្មៀរឲ្យរីកចម្រើន និងថា វាក៏ជាបណ្តាញដឹកជញ្ជូនដ៏ចាំបាច់ផងដែរសម្រាប់កងទ័ពឥណ្ឌាដើម្បីទៅការពារទឹកដីប្រឈមមុខនឹងប៉ាគីស្ថានដែលគ្រប់គ្រងផ្នែកម្ខាងទៀតនៃតំបន់កាស្មៀរ។
សង្រ្គាមពាក្យសម្តីរវាងមហាសេដ្ឋីអេឡុនម៉ាស្ក៍ និងប្រធានាធិបតីអាមេរិកបានផ្ទុះរីកមុខកាន់តែធំ នៅតែប៉ុន្មានថ្ងៃក្រោយម្ចាស់ក្រុមហ៊ុនតេសស្លាដើរចេញពីរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ។ កាលពីថ្ងៃសុក្រ ទី៣០ ឧសភាដែលជាថ្ងៃការងារចុងក្រោយរបស់លោកអេឡុន ម៉ាស្ក៍ គេឃើញប្រធានាធិបតីអាមេរិក និយាយលេងសើច និងអរគុណ ព្រមទាំងប្រគល់រង្វាន់ជាសោមាស ក្នុងក្តីសង្ឃឹមថា មហាសេដ្ឋី អេឡុន ម៉ាស្ក៍អាចត្រលប់មកដឹកនាំក្រសួងរឹតត្បិត កាត់បន្ថយការចំណាយ DOGEឡើងវិញ។ ប៉ុន្តែ ភាពល្អូកល្អឺន និងសរសើរ គាំទ្រគ្នាទៅវិញ ទៅមក លែងមានទៀតហើយ ព្រោះថា អ្នកទាំងពីរបានប្រែក្លាយពីសម្ព័ន្ធមិត្ត ទៅជាសត្រូវ និយាយរិះគន់ បង្ហោះសារហែកហួរគ្នាទៅវិញ ទៅមក នៅលើបណ្តាញសង្គមរៀងៗខ្លួនកាលពីថ្ងៃព្រហស្បតិ៍ទី ៥មិថុនា។ ហេតុអ្វីអេឡុន ម៉ាស្ក៍ និងលោកដូណាល់ ត្រាំស្រាប់តែឈ្លោះគ្នានៅពេលនេះ?
អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបសម្តែងក្តីសោកស្តាយជាពន់ពេកចំពោះការសម្រេចចិត្តរបស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនដែលបានប្រកាសទណ្ឌកម្មប្រឆាំងចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ ចំនួន ៤ នាក់។ ទណ្ឌកម្មអាមេរិកដាក់ចេញ ក្រោយពីចៅក្រមអន្តរជាតិទាំង ៤នាក់នេះបានបើកនីតិវិធីស៊ើបអង្កេតចំពោះបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមដែលជាប់ពាក់ព័ន្ធអ៊ីស្រាអែល និងទ័ពអាមេរិក។
“រលកក្រោយ” ជាឈ្មោះនៃពិព័រណ៌ស្នាដៃថតរូបបែបសិល្បៈ របស់សិស្សនៃសាលាបង្រៀនថតរូបទីលាននិម្មិត។ ពិព័រណ៌នេះបានបង្ហាញនូវរូបថតចំនួន៣២សន្លឹក ដែលក្រុមនិស្សិតបានចុះថតផ្ទាល់ពីជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋនៅតាមតំបន់ផ្សេងៗគ្នា ក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ គ្រូបណ្តុះបណ្តាលថតរូបនៃសាលាបង្រៀនថតរូបទីលាននិម្មិត ចង់ឃើញសិស្សចេញពីសាលារបស់ខ្លួន ថតរូបភាពណា ដែលជាប្រយោជន៍សម្រាប់ការចងចាំ និងជាការទទួលខុសត្រូវសម្រាប់សង្គមជាតិទាំងមូល។
ការលក់នាំចេញគ្រឿងសព្វាវុធរបស់អ៊ីស្រាអែលបានហក់កើនឡើងខ្ពស់ បំបែកឯតទគ្គកម្ម កាលពីឆ្នាំ ២០២៤ ជាមួយនឹងទំហំទឹកប្រាក់ ១៤,៧ពាន់លានដុល្លារ។ យោងតាមក្រសួងការពារជាតិអ៊ីស្រាអែល គេបញ្ជាទិញគ្រឿងសព្វាវុធអ៊ីស្រាអែលកាន់តែច្រើនឡើង បន្ទាប់ពីឃើញស្នាដៃរបស់កងទ័ពអ៊ីស្រាអែលនៅក្នុងសង្រ្គាមហ្កាហ្សា រួមទាំងការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល នៅទឹកដីលីបង់ ស៊ីរី និងអ៊ីរ៉ង់។
ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានផ្តល់ដីទំហំ ២ហិកតា ស្ថិតក្នុងទឹកប្រាក់ប្រមាណ ១០លានដុល្លារ ដើម្បីកសាងកន្លែងស្នាក់នៅរបស់និស្សិតស្រីក្រីក្រចំនួន ៥០០នាក់ ដែលកំពុងបន្តការសិក្សាក្នុងទីក្រុងភ្នំពេញ។ តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្រ្តីជាមួយក្រសួងកិច្ចការនារីនៅថ្ងៃអង្គារ ទី៤ មិថុនា លោក ហ៊ុន សែន បានបញ្ជាក់ដោយលើកឡើងពីការលំបាករបស់និស្សិតស្ត្រី និងថាការកសាងកន្លែងស្នាក់នៅនេះទៀតសោតនឹងអាចជួយសម្រាលបន្ទុកនិស្សិតក្រីក្រដែលមកពីជនបទ។
ចាប់ពីថ្ងៃចន្ទ ទី៩ មិថុនា ពលរដ្ឋរបស់ប្រទេសចំនួន១២ នឹងលែងមានសិទ្ធិទទួលបានទិដ្ឋាការធ្វើដំណើរទៅសហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ទើបតែចុះហត្ថលេខាលើបម្រាមថ្មី កាលពីថ្ងៃពុធទី ៤មិថុនា ដោយលើកយកព្រឹត្តិការណ៍វាយប្រហារទៅលើក្រុមបាតុករនៅរដ្ឋកូឡូរ៉ាដូ មកធ្វើជាហេតុផលសំខាន់។ យោងតាមអាជ្ញាធរអាមេរិក ការវាយប្រហារដោយប្រើគ្រឿងផ្ទុះទៅលើក្រុមបាតុករជ្វីហ្វកាលពីថ្ងៃអាទិត្យ ទី១ មិថុនាថាជាស្នាដៃរបស់បុរសដើមកំណើតអេហ្ស៊ីបម្នាក់ដែលលួចស្នាក់នៅដោយខុសច្បាប់ក្នុងទឹកដីអាមេរិក។
ថ្ងៃព្រហស្បតិ៍ ទី៥ មិថុនា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងប៉ារីស ប្រទេសបារាំង ប្រធានាធិបតីប្រេស៊ីលបានជំរុញឲ្យសមភាគីបារាំងយល់ព្រមចុះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និង ក្រុមប្រទេសស្ថិតក្នុងសហគមន៍សេដ្ឋកិច្ចប៉ែកខាងត្បូង ហៅកាត់ មែរកូសួរ (Mercosur)។ កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសនេះ បានត្រូវប្រទេសបារាំងជំទាស់ជាយូរមកហើយ ដោយក្រុងប៉ារីសខ្លាចប៉ះពាល់ផលប្រយោជន៍របស់កសិករបារាំង។
នៅប្រទេសបែលហ្ស៊ិកនាថ្ងៃព្រហស្បតិ៍ ទី៥ មិថុនា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ អូតង់។ ថ្លែងនៅចំពោះមុខក្រុមអ្នកកាសែតមុនពេលចូលប្រជុំ ប្រមុខដឹកនាំមន្ទីរបញ្ចកោណអាមេរិករូបនេះ បានដាក់សម្ពាធបង្ខំឲ្យប្រទេសសមាជិកអូតង់បង្កើនវិភាគទាន ៥% នៃផលិតផលសរុបក្នុងស្រុករបស់ខ្លួន។
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសឲ្យដឹងពីការឯកភាពគ្នារវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាម ចំពោះការអនុគ្រោះពន្ធ០% លើការនាំចេញនាំចូលទំនិញមួយចំនួនទៅវិញទៅមក។ សម្រាប់ភាគីកម្ពុជា គឺអាចនាំចេញទំនិញចំនួន២៨មុខទៅវៀតណាម ក្នុងអត្រាពន្ធ០% ដែលត្រូវធ្វើឡើងសម្រាប់ឆ្នាំ២០២៥-២០២៦។ រីឯវៀតណាមវិញ ទទួលបានការអនុគ្រោះពន្ធ០%ពីកម្ពុជា ចំពោះទំនិញចំនួន២៥មុខ ដែលភាគច្រើនជាបន្លែ និងផ្លែឈើ។
ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានផ្តល់ដីទំហំ ២ហិកតា ស្ថិតក្នុងទឹកប្រាក់ប្រមាណ ១០លានដុល្លារ ដើម្បីកសាងកន្លែងស្នាក់នៅរបស់និស្សិតស្រីក្រីក្រចំនួន ៥០០នាក់ ដែលកំពុងបន្តការសិក្សាក្នុងទីក្រុងភ្នំពេញ។ តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្រ្តីជាមួយក្រសួងកិច្ចការនារីនៅថ្ងៃអង្គារ ទី៤ មិថុនា លោក ហ៊ុន សែន បានបញ្ជាក់ដោយលើកឡើងពីការលំបាករបស់និស្សិតស្ត្រី និងថាការកសាងកន្លែងស្នាក់នៅនេះទៀតសោតនឹងអាចជួយសម្រាលបន្ទុកនិស្សិតក្រីក្រដែលមកពីជនបទ។
ចាប់ពីថ្ងៃចន្ទទី ៩មិថុនា ពលរដ្ឋរបស់ប្រទេសចំនួន១២នឹងលែងមានសិទ្ធិទទួលបានទិដ្ឋាការធ្វើដំណើរទៅសហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ទើបតែចុះហត្ថលេខាលើបម្រាមថ្មី កាលពីថ្ងៃពុធទី ៤មិថុនា ដោយលើកយកព្រឹត្តិការណ៍វាយប្រហារទៅលើក្រុមបាតុកម្មនៅរដ្ឋកូឡូរ៉ាដូ មកធ្វើជាហេតុផលសំខាន់។ យោងតាមអាជ្ញាធរអាមេរិក ការវាយប្រហារដោយប្រើគ្រឿងផ្ទុះទៅលើក្រុមបាតុករជ្វីហ្វកាលពីថ្ងៃអាទិត្យ ជាស្នាដៃរបស់បុរសដើមកំណើតអេហ្ស៊ីបម្នាក់ដែលលួចស្នាក់នៅដោយខុសច្បាប់ក្នុងទឹកដីអាមេរិក។
មេដឹកនាំកម្ពុជា និងវៀតណាម បានបង្ហាញពីការឯកភាពគ្នាក្នុងការសាងសង់ស្តូបមិត្តភាព កម្ពុជា-វៀតណាម នៅក្នុងទឹកដីវៀតណាម។ ការរំលឹកពីការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងទឹកដីវៀតណាមនេះ ធ្វើឡើងនៅក្នុងជំនួបរវាងអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក ង្វៀន តិនគឿង និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ អំឡុងពេលដែលលោក គឿង បំពេញទស្សនកិច្ចនៅកម្ពុជា។
ក្នុងសមាជព្រឹទ្ធសភា-រដ្ឋសភាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា នឹងមានការកែសម្រួលក្រុមការងារដែលកាន់កិច្ចការពិនិត្យគុណភាពទំនិញ បន្លែផ្លែឈើពីក្រៅប្រទេសឡើងវិញ ដើម្បីបញ្ចៀសការជាន់ការងារគ្នា និងម្យ៉ាងដើម្បីធានាគុណភាពទំនិញនាំចូលផង។ ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលយ៉ាងដូច្នេះ ត្រូវបានអ្នកសិក្សាស្រាវជ្រាវសង្គមសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាល។ តែទន្ទឹមគ្នានេះ អ្នកជំនាញទាំងនោះក៏លើកសំណើឱ្យរដ្ឋាភិបាល ពិនិត្យ តាមដានជាប់ជាប្រចាំទៅលើមន្ត្រីតាមច្រកព្រំដែន ដោយធ្វើយ៉ាងណាតម្រូវឱ្យមន្ត្រីទាំងនោះត្រួតពិនិត្យគុណភាពទំនិញឱ្យបានហ្មត់ចត់ ពិសេសពិនិត្យសារធាតុគីមីនៅលើបន្លែ ផ្លែឈើ ត្រី សាច់ដែលនាំចូលមកកម្ពុជា ព្រមទាំងទទូចឱ្យមន្ត្រីច្រកព្រំដែនជៀសវាងការប្រព្រឹត្តអំពើពុករលួយដែលបង្កហានិភ័យដល់សុខភាពពលរដ្ឋខ្មែរ។
នៅប្រទេសបែលហ្ស៊ិក ថ្ងៃព្រហស្បតិ៍ ទី៥មិថុនានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការសម្ព័ន្ធយោធាអូតង់។ គ្រាន់តែអញ្ជើញមកទីក្រុងព្រុចសែល ភ្លាម ប្រមុខដឹកនាំមន្ទីរបញ្ចកោណអាមេរិក បានដាក់សម្ពាធបង្ខំឲ្យសមាជិកអង្គការអូតង់ បង្កើនវិភាគទានថវិកា ៥% នៃចំណូលផលិតផលក្នុងស្រុកសរុប។
រដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ រដ្ឋាភិបាលកម្ពុជាបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ថា កិច្ចប្រជុំ JBCនេះ នឹងគ្មានការជជែកអំពីវិវាទព្រំដែនកម្ពុជា-ថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីនោះទេ ដោយកម្ពុជាបានសម្រេចបញ្ជូនវិវាទនៅតំបន់ទាំង៤នេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ រួចហើយ។ ជំហរផ្លូវការរបស់កម្ពុជាដូច្នេះ ធ្វើឲ្យក្រុមជាតិនិយមថៃបានចេញមកប្រតិកម្មតវ៉ានៅតាមស្ថាប័នរដ្ឋនានារបស់ថៃភ្លាមៗ។
ចំនួនអ្នកមានកើនឡើងកាន់តែច្រើន និងកាន់តែមានខ្លាំងជាប្រវត្តិសាស្ត្រនៅលើពិភពលោក។ នេះបើតាមការសិក្សាអន្តរជាតិរបស់ការិយាល័យប្រឹក្សាបារាំងចេញផ្សាយនៅថ្ងៃពុធទី៤ មិថុនា ២០២៥។ កំណើនទ្រព្យសម្បត្តិ និងចំនួនអ្នកមានបានមកពីផលចំណេញផ្នែកទីផ្សារភាគហ៊ុន និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
ថ្ងៃទី៤ មិថុនា ជាទិវាខួបរំឭកគម្រប់ ៣៦ ឆ្នាំនៃព្រឹត្តិការណ៍បង្ក្រាបបាតុកម្មយ៉ាងហិង្សាពីសំណាក់យោធាចិននៅទីលានធានអានមេនក្នុងក្រុងប៉េកាំង។ ក្នុងឱកាសរំឭកខួបឆ្នាំនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក និងប្រធានាធិបតីតៃវ៉ាន់បានអំពាវនាវក្នុងសំឡេងតែមួយកុំឲ្យបំភ្លេចព្រឹត្តិការណ៍បង្ក្រាបបាតុករស្លូតត្រង់ កាលពីថ្ងៃទី ៤ មិថុនា ១៩៨៩។ តែរដ្ឋអំណាចក្រុងប៉េកាំងបានប្រតិកម្មខឹងនឹងសម្តីប្រមុខទូតអាមេរិកដោយចាត់ទុកថា វ៉ាស៊ីនតោនកំពុងតែលូកដៃជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងរបស់ចិន។
វៀតណាមមានច្បាប់កំហិតឱ្យមានកូនតែពីរនាក់តាំងពីឆ្នាំ១៩៨៨មក ប៉ុន្តែចាប់ពីពេលនេះតទៅ គូស្វាមីភរិយាមានសិទ្ធិសម្រេចបង្កើតកូនតាមប្រាថ្នាបានហើយ។ ប្រឈមនឹងការធ្លាក់ចុះជាលំដាប់នៃអត្រាកំណើត វៀតណាមបានប្រកាសនៅថ្ងៃពុធទី៤មិថុនា ២០២៥ លុបចោលនយោបាយដាក់កំរិតឱ្យគ្រួសារមួយអាចមានកូនត្រឹមពីរនាក់។
ពលរដ្ឋងាយរងគ្រោះដោយសារទឹកជំនន់ជុំវិញបឹងទន្លេសាបប្រមាណ ៦០០គ្រួសារ បានទទួលបង្គន់អនាម័យសម្រាប់ប្រើប្រាស់ជាលើកដំបូង ដើម្បីលើកកម្ពស់ការរស់នៅ និងទប់ស្កាត់ការបំពុលទឹកអំឡុងពេលទឹកជន់លិច។ បង្គន់អនាម័យនេះជាជំនួយរបស់អង្គការ IDE កម្ពុជាដែលជាប្រភេទបង្គន់អនាម័យមានកម្ពស់ខ្ពស់ និងសុវត្ថិភាព ឬ Sky Latrine ធន់នឹងអាកាសធាតុ និងអាចប្រើប្រាស់បានគ្រប់រដូវកាល។
រដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៤ ខែមិថុនា ដោយបញ្ជាក់ជំហរបន្តចរចាវិវាទព្រំដែនជាមួយកម្ពុជាតាមយន្តការទេ្វភាគី បន្ទាប់ពីកម្ពុជា បានបង្ហាញជំហរប្តឹងវិវាទនេះ ទៅតុលាការយុត្តធម៌អន្តរជាតិ ICJ។ ភាគីថៃអះអាងថា ខ្លួនមានការតាំងចិត្តមុតមាំក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា ហើយគោរពច្បាប់អន្តរជាតិ និងសន្ធិសញ្ញានានា ក៏ដូចជាអនុស្សារណៈយោគយល់ឆ្នាំ២០០០។ តែអ្នកវិភាគយល់ថា ជម្រើសដែលល្អបំផុតសម្រាប់ពន្លត់ជម្លោះព្រំដែនជាមួយទីក្រុងបាងកកគឺកម្ពុជាត្រូវតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទន្ទឹមគ្នានឹងការបើកទ្វារ ចរចាទ្វេភាគីកំពុងបន្ត៕
កងទ័ពកម្ពុជា និងកងទ័ពថៃបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចព្រំដែនមុំ៣ ក្នុងខេត្តព្រះវិហារ ដែលបណ្តាលឲ្យទាហានកម្ពុជាម្នាក់បាត់បង់ជីវិត។ ហេតុការណ៍នេះបានរុញឲ្យស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ មានភាពតានតឹង ដោយកម្ពុជាបានចោទប្រកាន់ទាហានថៃថាបានលួចវាយឆ្មក់មកលើទាហានកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានសម្តែងនូវការព្រួយបារម្ភចំពោះហេតុការណ៍ដែលបានកើតឡើង និងថាហេតុការណ៍នេះនឹងប៉ះពាល់ធំធេង ដល់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ ប្រសិនបើមិនមានដំណោះស្រាយ៕
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាអះអាងថា កម្ពុជានៅតែប្រកាន់ជំហរជ្រើសយកយន្តការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ដដែល ខណៈកិច្ចចរចារវាងគណៈកម្មការចម្រុះព្រំដែន (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក៏នឹងបន្តធ្វើដូចគ្នា។ ការបញ្ជាក់ជំហររបស់កម្ពុជាបែបនេះ ធ្វើឡើងក្រោយរដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ដោយបង្ហាញចេតនាចង់ដោះស្រាយទំនាស់ព្រំដែនគោកជាមួយកម្ពុជាត្រឹមកម្រិតទ្វេភាគី ជាជាងរុញសំណុំរឿងឡើងដល់តុលាការយុត្តិធម៌អន្តរជាតិ។
ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ជាខួបលើកទី៧៦ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ក្រោយបារាំងបានកាត់ទៅឲ្យវៀតណាម។ នៅព្រឹកថ្ងៃទី៤ មិថុនានេះដែរ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានរៀបចំពិធីតាមបែបព្រះពុទ្ធសាសនា ដើម្បីរំលឹកដល់ភាពឈឺចាប់របស់ពលរដ្ឋខ្មែរក្រោមចំពោះការបាត់បង់សេរីភាព ដែលធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់វៀតណាម។ មិនថាពលរដ្ឋខ្មែរកណ្តាល ឬអ្នកនយោបាយ បានទទួលស្គាល់ពីភាពឈឺចាប់របស់ពលរដ្ឋខ្មែរក្រោម និងបានទទូចដល់ប្រមុខរដ្ឋាភិបាលកម្ពុជាជួយស្នើទៅភាគីវៀតណាម ឲ្យវៀតណាមជួយយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរក្រោម។
កងទ័ពជើងទឹកកម្ពុជា នឹងរៀបចំការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅលើដែនសមុទ្ររយៈពេល៣ថ្ងៃ នៅចន្លោះកោះពូលូវ៉ៃ និងកោះតាង នាភូមិសាស្ត្រខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីជូនដំណឹងរបស់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ និងដោយបានក្រើនរំលឹកឱ្យពលរដ្ឋ និងប្រជានេសាទផ្អាកការធ្វើដំណើរឆ្លងកាត់ ឬនេសាទជុំវិញតំបន់ហ្វឹកហ្វឺន។
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកំពូលចិន ប្រធានាធិបតីបេឡារុស អាឡិចសង់ លូកាស្ហេនកូ មានប្រសាសន៍ថា ចិននិងបេឡារុស ទទួលរងសម្ពាធដ៏ធ្ងន់ពីបស្ចិមលោក និងបញ្ជាក់ថា ចិន ជាប្រទេសរងសម្ពាធគាបសង្កត់ ទី១ ខ្លាំងជាងគេ។ បុរសខ្លាំងបេឡារុស លូកាស្ហេនកូ បានថ្លែងយ៉ាងដូច្នេះ នៅចំពោះមុខប្រធានាធិបតីចិន ស៊ី ជីនពីង នាថ្ងៃទី៤ មិថុនា។