២ថ្ងៃមុនផុតឱសានវាទដែលលោក ដូណាល់ ត្រាំ បានគំរាមអនុវត្តអត្រាពន្ធ២៥% ទីបំផុតកូរ៉េខាងត្បូង បានសម្រេចបានកិច្ចព្រមព្រៀងមួយ ជាមួយសហហរដ្ឋអាមេរិក។ យោងតាមកិច្ចព្រមព្រៀងនេះ អត្រាពន្ធបន្ថែមលើទំនិញកូរ៉េខាងត្បូងដែលនាំចូលទៅអាមេរិក នឹងមានកម្រិត១៥% ហើយកូរ៉េខាងត្បូងវិញ បានសន្យាវិនិយោគច្រើនម៉ឺនលានដុល្លារ នៅសហរដ្ឋអាមេរិក។
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញមុខជាលើកដំបូងនៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធដល់កងទ័ពកម្ពុជា ដែលបានពលីជីវិតនៅក្នុងសមរភូមិតាមព្រំដែនកម្ពុជា-ថៃ។ វត្តមានរបស់មេដឹកនាំបក្សប្រឆាំងនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពយុទ្ធជនពលីពេលនេះ ធ្វើឡើងដោយមានការអមដំណើរពីសំណាក់ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចផងដែរ។
ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាលោក Casey Barnett បានបញ្ជាក់ថា អាមេរិក និងកម្ពុជាបានឈានដល់ដំណាក់កាលឯកភាពគ្នាលើអត្រាពន្ធជាថ្មីម្តងទៀត។ លោក Casey Barnett បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះថា អាមេរិកបានឯកភាពផ្តល់អត្រាពន្ធល្អជាងមុនដល់កម្ពុជា ដោយសារតែរដ្ឋាភិបាលកម្ពុជា បានធ្វើសកម្មភាពចរចាយ៉ាងសកម្មក្នុងការងារចរចាអត្រាពន្ធជាមួយភាគីអាមេរិក។ តាមប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា អត្រាពន្ធថ្មីរបស់កម្ពុជា នឹងជួយដល់ការវិនិយោគរបស់បរទេស និងវិស័យវាយនភណ្ឌនៅកម្ពុជា ឲ្យកាន់តែមានកំណើន។
និស្សិតខ្មែរប្រមាណ ៤២៣នាក់ បានវិលត្រឡប់មកកាន់មាតុភូមិវិញ ក្រោយបានសម្រេចចាកចេញពីប្រទេសថៃ បន្ទាប់ពីការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា និស្សិតចំនួន ១៧២នាក់ក្នុងចំណោម ៤២៣នាក់ បានទទួលអាហារូបករណ៍របស់ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន ដើម្បីបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសាធារណ និងឯកជនក្នុងប្រទេសកម្ពុជា។ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI បន្ថែមថាក្រសួងនឹងបន្តធ្វើការសម្របសម្រួលដល់និស្សិត ដែលចង់វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ និងផ្តល់អាហារូបករណ៍ទៅតាមជំនាញរៀងៗខ្លួន។ សូមស្តាប់ការលើកឡើងរបស់លោកស្រី ឃួន វិច្ឆិកា ដែលជាការរៀបចំឡើងដោយ សើ ដាវី៖
ក្នុងរបត់នៃសង្រ្គាមកម្ពុជា-ថៃ បានផ្ទុះឡើង សាលារៀនគ្រប់កម្រិតក្នុងខេត្តឧត្តរមានជ័យ បានបិទទ្វារទាំងស្រុង ដោយមិនទាន់មានកាលបរិច្ឆេទបើកឡើងវិញ។ កុមារៗដែលរស់នៅក្នុងជំរំភៀសសឹកក្នុងខេត្តឧត្តរមានជ័យ បានបាត់បង់ឱកាសសិក្សានៅតាមសាលារៀន និងត្រូវបង្ខំចិត្តស្វ័យសិក្សាដោយខ្លួនឯង តាមរយៈការអានសៀវភៅ និងធ្វើលំហាត់គណិតវិទ្យាជាដើម។ កុមាររស់ក្នុងជំរំប្រាថ្នាឲ្យសង្រ្គាមឆាប់បញ្ចប់ ដើម្បីពួកគេបានត្រលប់ទៅទទួលសិក្សានៅតាមសាលារៀនឡើងវិញ។
រដ្ឋអំណាចភូមាប្រកាសដកចេញ «ស្ថានភាពអាសន្នជាតិ» ដើម្បីឈានទៅរៀបចំការបោះឆ្នោតសភាជាតិ ឲ្យប្រកបដោយប្រជាធិបតេយ្យពហុបក្ស។ នេះបើតាមអ្នកនាំពាក្យរបបសឹកភូមា នៅថ្ងៃព្រហស្បតិ៍ ទី៣១ កក្កដា។ តែយ៉ាងណាក៏ដោយ បណ្តាគណបក្សប្រឆាំង និងក្រុមអ្នកសង្កេតការណ៍អន្តរជាតិ យល់ឃើញថា សភាពការណ៍ភូមាសព្វថ្ងៃពុំអាចរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌បានឡើយ។
សាកសពទាហានកម្ពុជាមួយរូប ត្រូវភាគីថៃបញ្ជូនត្រលប់ឲ្យមកកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី ៣១ ខែកក្កដានេះ និងថាទាហានកម្ពុជាចំនួន ២០រូបទៀត ត្រូវថៃបន្តឃុំខ្លួនជាចំណាប់ខ្មាំង។ មេបញ្ជាការភូមិភាគ២នៃកងទ័ពថៃ បានអះអាងប្រាប់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីថា ថៃនឹងដោះលែងទាហានខ្មែរទាំង២០រូបវិញ នៅពេលចប់នីតិវិធីច្បាប់។
អង្គការយូណេស្កូប្រកាសថា ខ្លួនបានត្រៀមរួចរាល់ក្នុងការផ្តល់ជំនួយផ្នែកបច្ចេកទេស ដើម្បីធានាដល់ការការពារសម្បត្តិបេតិកភណ្ឌទាំងក្នុងប្រទេសកម្ពុជា និងប្រទេសថៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអន្តរជាតិនេះ ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ តែយ៉ាងណា អង្គការអន្តរជាតិមួយនេះ មិនបានបញ្ជាក់អំពីចំណាត់ការផ្លូវច្បាប់ ឬការទទួលខុសត្រូវណាមួយរបស់ភាគីថៃ ចំពោះការខូចខាត និងការបំផ្លិចបំផ្លាញមកលើសំណង់ប្រាសាទព្រះវិហាររបស់ខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកឡើយ។
នៅចិន មនុស្សស្លាប់យ៉ាងហោចជាង ៣០នាក់ ព្រោះតែឥទ្ធិពលខ្យល់ព្យុះ Co May ដែលបានធ្វើឲ្យមានភ្លៀងធំ ទឹកជំនន់ និងបាក់ដីនៅភាគឧត្តរប្រទេស។ ខ្យល់ព្យុះកំណាចនេះ ទើបតែឆ្លងចូលប្រទេសចិន ក្រោយពីបង្កមហន្តរាយនៅ ហ្វីលីពីន។
ផ្កាយរណបដ៏ទំនើបបំផុតមួយ ត្រូវបានបាញ់ចេញពីភាគអាគ្នេយ៍ឥណ្ឌា កាលពីល្ងាចថ្ងៃពុធ ទី៣០កក្កដា ដែលជាលទ្ធផលនៃការសហការផ្គុំនិងស្រាវជ្រាវ រវាងទីភ្នាក់ងារអវកាសអាមេរិក ជាមួយអង្គភាពស្រាវជ្រាវអវកាលឥណ្ឌា។ ផ្កាយរណបពិសេសនេះ នឹងថតរូបភាពលម្អិតបំផុត ដើម្បីតាមដានដំណើរវិវឌ្ឍន៍ប្រែប្រួល របស់ផ្ទៃផែនដីទាំងមូលតែម្តង។ ការតាមដានលម្អិតជាប្រចាំ ដែលអាចអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រព្យាករណ៍ដឹងមុន អំពីហានិភ័យគ្រោះមហន្តរាយនានា។
នៅក្នុងឱកាសបិទសន្និសីទនៅឯអង្គការសហប្រជាជាតិ ស្តីពីសំណុំរឿងអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅថ្ងៃអង្គារទី២៩កក្កដា មានប្រទេសលោកខាងលិចចំនួន១៥ប្រទេស បានរួមគ្នាចេញសេចក្តីថ្លែងការណ៍ អំពាវនាវហៅឲ្យពិភពលោក ប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។ ចំណែកក្រុមប្រទេសអារ៉ាប់វិញ បានរួមគ្នាប្រកាសហៅឲ្យក្រុមហាម៉ាស ត្រូវតែទម្លាក់អាវុធចុះ ដើម្បីកសាងសន្តិភាព។
មេបញ្ជាការយោធាកម្ពុជាមួយរូបបានឲ្យដឹងនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥នេះថា ទាហានកម្ពុជា ជិត២០នាក់ ត្រូវបានចាប់ខ្លួន ដោយទាហានថៃ ដែលបានប្រើកលល្បិចបញ្ឆោតឲ្យក្រុមទាហានខ្មែរថតរូបជាមួយពួកគេ រួចយកកាំភ្លើងភ្ជង់ចាប់ខ្លួនយកទៅទឹកដីថៃ។ ការលើកឡើងបែបនេះ ធ្វើឡើងនៅពេល អនុព័ន្ធយោធា និងអង្គទូតចំនួន ១៣ប្រទេសប្រចាំកម្ពុជា បានចុះទៅពិនិត្យសា្ថនការណ៍តាមព្រំដែនខ្មែរ និងថៃ ក្រោយមានបទឈប់បាញ់រវាងភាគីទាំង២។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ប្រព័ន្ធផ្សព្វផ្សាយថៃ និងអន្តរជាតិមួយចំនួនក៏បានរាយការណ៍អំពីថៃចាប់ខ្លួនទាហានកម្ពុជាធ្វើជាឈ្លើយសឹកដែរ តែក្រសួងការពារជាតិកម្ពុជា មិនទាន់មានការបញ្ជាក់ផ្លូវការបែបណានៅឡើយ។
គ្រោះរញ្ជួយដីក្រោមបាតសមុទ្រដ៏ធំកម្រិត ៨,៧ រ៉ិចទ័រ បានបណ្តាលឲ្យកើតមានរលកស៊ូណាមិដ៏គ្រោះថ្នាក់នៅរុស្ស៊ី និងក្នុងតំបន់ប៉ាស៊ីហ្វិក។ រុស្ស៊ី ជប៉ុន ចិន ហ្វីលីពីន និងប្រទេសកូនកោះបានប្រកាសអាសន្នព្រមៗគ្នា និងណែនាំឲ្យពលរដ្ឋជម្លៀសខ្លួនរកទីទួលសុវត្ថិភាព។ អ្នកជំនាញឧតុនិយមអាមេរិកក៏ប្រកាសអាសន្នដែរ ពិសេសនៅកោះហាវ៉ៃ។
បន្ទាប់ពីមានការប្រយុទ្ធគ្នានៅតាមព្រំដែនរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ អង្គការការពារកុមារចំនួន ២ គឺអង្គការ UNICEF និង World Vision បាននឹងកំពុងស្វែងរកជំនួយចាំបាច់សម្រាប់កុមារភៀសសឹកនៅតាមខេត្តជាប់ព្រំដែនប្រទេសកម្ពុជា-ថៃ។ អង្គការទាំង ២ ដែលប្រចាំការនៅកម្ពុជា បានរកឃើញថាជនភៀសសឹក ពិសេសកុមារកំពុងជួបប្រទះនូវកង្វះសម្ភារៈអនាម័យ និងការអប់រំ ខណៈជំនួយសំខាន់ផ្សេងទៀតរួមមានជំនួយគាំពារសុខភាព និងអាហារូបត្ថម្ភក៏កំពុងត្រូវការបន្ទាន់ផងដែរ។
ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានសម្រេចលុបចោលបំណុលទាំងស្រុង និងបំណុលតាមការកំណត់ទឹកប្រាក់ណាមួយ ដល់យុទ្ធជន ដែលបានពលី ពិការ និងរងរបួសក្នុងការប្រយុទ្ធគ្នាជាមួយថៃនៅតាមព្រំដែនកាលពីពេលថ្មីៗកន្លងទៅ។ ដោយឡែក ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានបញ្ជាក់ថា ការសម្រេចលុបចោលបំណុលទាំងស្រុងដល់យុទ្ធជនពលី ដែលជាកូនបំណុលរបស់អេស៊ីលីដា និងអ្នករួមកម្ចី គឺជាការដឹងគុណដ៏ធំធេងដល់យុទ្ធជន ដែលបានតស៊ូច្បាំងនឹងថៃ។ ជាការច្បាំងដ៏ប្តូរផ្តាច់ និងលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី សេចក្តីសុខសាន្តរបស់ពលរដ្ឋ ព្រមទាំងផ្តល់នូវបរិយាកាសល្អដល់ការធ្វើអាជីវកម្មនៃវិស័យធនាគារផងដែរ។
គ្រោះរញ្ជួយដីក្រោមបាតសមុទ្រដ៏ធំកម្រិត ៨,៧ រ៉ិចទ័រ បានបណ្តាលឲ្យកើតមានរលកស៊ូណាមិដ៏គ្រោះថ្នាក់នៅរុស្ស៊ី និងក្នុងតំបន់ប៉ាស៊ីហ្វិក។ រុស្ស៊ី ជប៉ុន ចិន ហ្វីលីពីន និងប្រទេសកូនកោះបានប្រកាសអាសន្នព្រមៗគ្នា និងណែនាំឲ្យពលរដ្ឋជម្លៀសខ្លួនរកទីទួលសុវត្ថិភាព។ អ្នកជំនាញឧតុនិយមអាមេរិកក៏ប្រកាសអាសន្នដែរ ពិសេសនៅកោះហាវ៉ៃ។
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ អនុព័ន្ធយោធាមកពីប្រទេសចំនួន១៣ ប្រចាំនៅកម្ពុជា បានធ្វើដំណើរទៅកាន់ទីតាំងនានា ដែលមានការប្រយុទ្ធគ្នាកន្លងទៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងតំបន់ប្រាសាទព្រះវិហារ។ កម្មវត្ថុនៃការដឹកនាំអនុព័ន្ធយោធាទាំង១៣ប្រទេស ទៅកាន់ទីតាំងជម្លោះព្រំដែន គឺដើម្បីត្រួតពិនិត្យនូវដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។
ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា បានណែនាំឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលុបចោលនូវឥណទានចំនួន១០លានរៀល ចំពោះយោធិនពិការ និងលុបចោលឥណទានចំនួន៨០លានរៀល ចំពោះយោធិនពលី។ ការជំរុញរបស់ធនាគារជាតិនៃកម្ពុជា គឺជាការឆ្លើយតបទៅនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការជួយសម្រាលបន្ទុកដល់យោធិន ដែលបានធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធតតាំងនឹងការឈ្លានពានរបស់កងទ័ពថៃ។ ក្រោយការណែនាំ ធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនបានប្រកាសលុបចោលនូវបំណុលទាំងស្រុងជូនយោធិនពិការ និងយោធិនពលីជីវិតក្នុងសមរភូមិ។
ក្រសួងការបរទេសកម្ពុជា បានប្រកាសជាសាធារណៈថា កម្ពុជាមិនអាចទទួលយកបានជាដាច់ខាតលើពាក្យសម្តីចោទប្រកាន់នានាប្រកបដោយគ្រោះថ្នាក់ ដែលថាកម្ពុជា បានរំលោភលើបទឈប់បាញ់។ នៅក្នុងសនិ្នសីទព័ត៌មានមួយនាទីក្រុងភ្នំពេញ នៅថ្ងៃពុធទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី បានថ្លែងថា កម្ពុជាទទូចឲ្យមានការបង្កើត ក្រុមសង្កេតការណ៍ឯករាជ្យមួយ ដែលក្រុមនេះគួរតែត្រូវបានធ្វើឡើងឲ្យបានឆាប់ ដើម្បីគាំទ្រដំណើរការដ៏ផុយស្រួយក្នុងការកសាងទំនុកចិត្តលើការអនុវត្តបទឈប់បាញ់គ្នារវាងភាគីកម្ពុជា និងថៃ។
ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌបន្តវេនឲ្យសាច់ញាតិបង្កើតមួយរូបរបស់យោធិន និងនគរបាលជាតិ ដែលបានពលីជីវិត ឬរងពិការភាព ក្នុងសមរភូមិប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ។ ចំពោះលោក ហ៊ុន ម៉ាណែត ការផ្តល់ក្របខ័ណ្ឌបន្តវេនទៅសាច់ញាតិរបស់ «វីរៈកងទ័ពជួរមុខ» គឺជាការតបស្នងនូវកិច្ចខិតខំប្រឹងប្រែង និងបូជាជីវិតការពារជាតិមាតុភូមិ។
សេដ្ឋកិច្ចពិភពលោក ៣ខែចុងក្រោយ មានភាពធន់ ហើយអាចទប់ទល់នឹងវិបត្តិសកល ទោះបីជាឋិតក្រោមសម្ពាធរនាំងពន្ធគយដ៏ធ្ងន់របស់សហរដ្ឋអាមេរិក ក៏ដោយក្តី។ នេះបើតាមការព្យាករ របស់ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ជាបារាំងថា FMI។ តែ FMI ក៏បានព្រមានដែរថា ភាពស្រពិចស្រពិល មិនច្បាស់លាស់ មានទំហំធំនៅឡើយ។
ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ អ៊ីស្រាអែលបានផ្អាកបាញ់ប្លោងគ្រាប់ នៅទីកន្លែងខ្លះក្នុងហ្កាហ្សា ព្រមទាំងអនុញ្ញាតឲ្យ ទម្លាក់ស្បៀងតាមឆ័ត្រយោងផងដែរ។ ស្បៀងអាហារប្រមាណ១២០កាមីញ៉ុង ក៏ត្រូវបានគេដឹកចូលហ្កាហ្សាដែរ ២ថ្ងៃមកនេះ។ តែយ៉ាងណា អង្គការមនុស្សធម៌បន្តស្រែកដង្ហើយ ឲ្យមានការសំរុកបញ្ជូនស្បៀងឲ្យបានច្រើនបំផុត ទៅហ្កាហ្សា ព្រោះគ្រោះទុរ្ភិក្សកំពុងតែគំរាមអាសន្នខ្លាំងណាស់។ រសៀលថ្ងៃអង្គារ២៩កក្កដា បារាំង អាល្លឺម៉ង់ បានប្រកាសថាគេនឹងបញ្ជូនស្បៀងបន្ថែមឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។
មេដឹកនាំបរទេសមួយចំនួនទាំងក្នុងទ្វីបអាស៊ី និងលោកខាងលិច បានចេញមកសាទរ និងស្វាគមន៍ចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានឯកភាពគ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីប្រធានប្តូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ ក្នុងខ្លឹមសារស្រដៀងគ្នា មេដឹកនាំបរទេសទាំងនោះបានចាត់ទុក ការចរចាបទឈប់បាញ់ដែលជាគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងមានការចូលរួមពីចិន ថាជាជំហានទៅរកការស្តារសន្តិភាព និងកិច្ចសហប្រតិបត្តិការឡើងវិញរវាងប្រទេសកម្ពុជា និងថៃ។
ក្រសួងព័ត៌មានកម្ពុជាអំពាវនាវឱ្យអ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងពលរដ្ឋខ្មែរទាំងអស់បញ្ឈប់រាល់ការកាត់តរូបភាពប្រមាថមេដឹកនាំថៃ បង្កើតព័ត៌មានញុះញង់បង្ករឱ្យឆេះកំហឹង និងរើសអើងពូជសាសន៍។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបានស្នើឱ្យពលរដ្ឋខ្មែរទាំងអស់ប្រុងប្រយ័ត្នចំពោះព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ពាក់ព័ន្ធនឹងករណីជម្លោះព្រំដែនកម្ពុជា-ថៃ។
សហរដ្ឋអាមេរិកមិនអាចសម្រេចកិច្ចចរចាពន្ធបដិការជាមួយកម្ពុជា ឬថៃបានឡើយ។ នេះបើតាមការបញ្ជាក់របស់លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដែលបានប្រាប់វិទ្យុបារាំងRFI នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ។ ការបញ្ជាក់របស់លោក Casey Barnett ដូច្នេះ គឺបន្ទាប់ពីកាសែតបរទេសមួយចំនួនបានរាយការណ៍ពីការផ្ទុះអាវុធជាថ្មី នៅតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយភាគីទាំង២ ព្រមព្រៀងបង្កើតបទឈប់បាញ់បន្ទាន់មួយ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបទឈប់បាញ់នេះត្រូវបានផ្តួចផ្តើមដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរន្ថើនឲ្យថ្នាក់ដឹកនាំរុស្ស៊ីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយកាត់បន្ថយថ្ងៃឱសានវាទ។ ពីប្រទេសអង់គ្លេស ចៅហ្វាយសេតវិមានបានកំណត់ពេលត្រឹមតែពី ១០ ទៅ១២ថ្ងៃប៉ុណ្ណោះ ដើម្បីឲ្យចៅហ្វាយវិមានក្រេមឡាំង ពន្លត់ភ្លើងសង្គ្រាមឈ្លានពានអ៊ុយក្រែន។ បើពុំដូច្នោះទេ វ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មធ្ងន់ចំពោះម៉ូស្គូ។
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានច្រានចោលការអត្ថាធិប្បាយរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថា មានការប្រយុទ្ធកើតឡើង ក្រោយឱសានវាទនៅវេលាម៉ោង១២យប់ថ្ងៃទី ២៨ ខែ កក្កដា។ នៅក្នុងសន្និសីទព័ត៌មានមួយធ្វើឡើងនាព្រឹកថ្ងៃអង្គារទី ២៩ ខែ កក្កដា ឆ្នាំ ២០២៥នេះ លោកស្រីបានបញ្ជាក់ទៀតថា កងកម្លាំងប្រដាប់អាវុធកម្ពុជា បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចាប់តាំងពីម៉ោង ១២យប់ ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥។ សូមជម្រាបថា បន្ទាប់ពីកិច្ចប្រជុំពិសេស នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃចន្ទ ទី ២៨ ខែកក្កដា ភាគីកម្ពុជា និងថៃ បានព្រមព្រៀងលើបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលក្រុមសង្កេតការណ៍ ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ជាបន្ទាន់នេះ។ បទឈប់បាញ់នេះ កើតឡើង បន្ទាប់ពីមានបទអន្តរាគមន៍របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងក្រោយកងទ័ពកម្ពុជា និងថៃវាយប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ នៅតំបន់មានជម្លោះតាមបន្ទាត់ព្រំដែននៃប្រទេសទាំង២។
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ មេដឹកនាំកំពូលកម្ពុជា និងថៃ បានជួបចរចាគ្នាកម្រិតខ្ពស់ នៅប្រទេសម៉ាឡេស៊ី ដែលមានលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ជាអ្នកសម្របសម្រួល។ ជំនួបនេះធ្វើឡើងដោយមានការរៀបចំពីសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងរដ្ឋាភិបាលចិន ដើម្បីស្វែងរកដំណោះស្រាយរវាងកម្ពុជា និងថៃ ខណៈកងទ័ពនៃប្រទេសទាំងពីរបាននិងកំពុងប្រយុទ្ធគ្នានៅតាមព្រំដែនអស់រយៈពេល ៥ថ្ងៃមកហើយ។ តើអ្វីទៅដែលកម្ពុជាគួរធ្វើ ក្រោយជំនួបចរចានៅម៉ាឡេស៊ី ក្នុងករណីមាន ឬគ្មានបទឈប់បាញ់នោះ?
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរស៍ បានក្រើនរម្លឹក ថា គេមិនត្រូវយកការអត់ឃ្លានធ្វើជាអាវុធសម្លាប់មនុស្សឡើយ។ ប្រសាសន៍របស់ប្រមុខដឹកនាំស្ថាប័នអង្គការសហប្រជាជាតិយ៉ាងដូច្នេះថ្លែងឡើងនៅក្នុងកិច្ចប្រជុំកំពូលដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះទុរ្ភិក្សនៅទ្វីបអាហ្វ្រិក។
ប្រឈមនឹងវិបត្តិប្រជាសាស្ត្រ រដ្ឋាភិបាលចិនសម្រេចផ្តល់ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំក្នុងមួយឆ្នាំ ៤២០អឺរ៉ូ ដល់គ្រួសារដែលមានកូនអាយុក្រោម ៣ឆ្នាំ និងរហូតដល់កូនមានអាយុ ៣ឆ្នាំ។ នេះជាវិធានការសំដៅលើកកម្ពស់អត្រាកំណើតនៅក្នុងប្រទេសឡើងវិញ។
កម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ដោយឥតលក្ខខណ្ឌចាប់ពីម៉ោង១២៖០០ រំលងអាធាត្រថ្ងៃចន្ទ ទី២៨ ឆ្លងចូលថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមលទ្ធផលនៃកិច្ចចរចាពិសេសរវាងមេដឹកនាំប្រទេសទាំងពីរនៅក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនាថ្ងៃទី២៨ ខែកក្កដា។ ពលរដ្ឋក្នុងជំរំភៀសសឹកក្នុងខេត្តឧត្តរមានជ័យបានបង្ហាញក្តីត្រេកអរចំពោះលទ្ធផលមួយនេះ។ តែទន្ទឹមគ្នានេះ ពួកគេក៏បារម្ភខ្លាចភាគីថៃបន្តក្រឡាស់សម្តីដោយមិនអនុវត្តតាមការព្រមព្រៀងជាមួយភាគីកម្ពុជា។ ពីជំរំបាត់ថ្កាត់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ សូមលោក អ្នកនាងទស្សនាសេចក្តីរាយការណ៍របស់ ជួប នរក្សា ដោយមានជំនួយបច្ចេកទេសពី ឈា ប៊ុណ្ណារិទ្ធ៖
គិតមកត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ជនភៀសសឹកចំនួនជិត៤ម៉ឺនគ្រួសារ ស្មើនឹងជាង១៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព និងផ្ទះសាច់ញាតិ។ សាលារៀនចំនួន ៦០០ ដែលស្ថិតនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយថៃទាំង៥ ត្រូវបានបិទទ្វារ និងសិស្សចំនួន ១៥ម៉ឺននាក់បានរងផលប៉ះពាល់ដល់ការសិក្សា។ នេះបើតាមលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បន្តថាអំពើឈ្លានពានរបស់ថៃ ក៏បានបំផ្លាញផងដែរ ដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌរបស់ជាតិខ្មែរ និងពិភពលោក។
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងការងារកម្ពុជាបានសរសេរលិខិតមួយច្បាប់ផ្ញើរទៅកាន់ម្ចាស់ម៉ាកសម្គាល់ផលិតផល អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ ដោយស្នើសុំឲ្យធ្វើអន្តរាគមន៍បន្ទាន់លើករណីក្រុមជ្រុលនិយមថៃ ដែលបានប្រើប្រាស់អំពើហិង្សារលើពលករខ្មែរ។ ជាមួយគ្នានេះ ក្រសួងការងារកម្ពុជាក៏បានអំពាវនាវឱ្យភាគីថៃរក្សាកាតព្វកិច្ច គោរពគោលការណ៍ការងារ ដោយមិនរើសអើងជាតិសាសន៍ និងគោរពសិទ្ធិពលករ។
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងចូលរួមកិច្ចប្រជុំពិសេសមួយ នៅប្រទេសម៉ាឡេស៊ី ដើម្បីសម្រេចបទឈប់បាញ់បន្ទាន់ ជាមួយតំណាងរដ្ឋាភិបាលថៃ។ ផ្តួចផ្តើមដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កិច្ចប្រជុំកម្រិតខ្ពស់នេះនឹងមានការចូលរួមពីតំណាងរដ្ឋាភិបាលចិន និងមានលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនជាអ្នកសម្របសម្រួល។ ដោយឡែក រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីប្រកាសរួមមួយនៅរសៀលថ្ងៃទី២៨កក្កដានេះ ដោយជម្រុញបន្ថែមឱ្យភាគីទាំង២ បញ្ឈប់អំពើអរិភាពទាំងអស់ និងត្រឡប់ចូលតុចរចាផ្អែកតាមគោលការណ៍សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ធម្មនុញ្ញអាស៊ាន ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ។