នៅប្រទេសហូឡង់ អង្គការសម្ព័ន្ធយោធាអូតង់ បិទបញ្ចប់កិច្ចប្រជុំកំពូល ២ថ្ងៃ ដោយជោគជ័យ។ ជោគជ័យ ដ្បិតថា ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល ទាំង ៣២ ប្រទេស បានយល់ព្រមគ្នាចេញសេចក្តីថ្លែងការណ៍រួម ដោយសម្រេចដំឡើងកញ្ចប់ថវិកាការពារជាតិ ស្របតាមការទាមទាររបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ក្រៅពីសំណុំរឿងដំឡើងថវិកាដ៏រស៊ើបនេះ អង្គការអូតង់ក៏បានប្តេជ្ញាចិត្តបន្តជួយអ៊ុយក្រែន និងចាត់ទុក រុស្ស៊ី ជាប្រភពគំរាមកំហែងសន្តិសុខ។
កម្ពុជាបានប្រគល់អដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាមចំនួន ៦នាក់បន្ថែមទៀត ទៅឱ្យភាគីវៀតណាម។ ការប្រគល់អដ្ឋិធាតុនេះធ្វើឡើងក្នុងពិធីមិទ្ទីងមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម រវាងតំណាងរដ្ឋាភិបាលកម្ពុជា និងវៀតណាមនៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៥ ក្នុងខេត្តកំពង់ធំ។ តាមកងទ័ពជើងគោក ការប្រគល់ត្រឡប់វិញនូវអដ្ឋិធាតុទាហានវៀតណាមនេះ ធ្វើឡើងក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំង២ ក្នុងការជីករុករកជំហានទី២ ដំណាក់កាលទី២៤ នៃរដូវប្រាំងឆ្នាំ ២០២៤-២០២៥។
គណបក្សកម្លាំងជាតិ បានប្រកាសនៅថ្ងៃទី ២៥ ខែមិថុនា នេះថា សមាជិករបស់ខ្លួនគឺលោក សុខ សុន ត្រូវបានចាប់ខ្លួនដោយមិនដឹងមូលហេតុ ដោយអាជ្ញាធរមានសត្ថកិច្ចខេត្តសៀមរាបកាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៥។ មន្ត្រីសិទ្ធិមនុស្សថា ការចាប់ខ្លួនសកម្មជនបក្សជំទាស់ជាថ្មីនេះ នឹងធ្វើឲ្យរដ្ឋាភិបាលកម្ពុជា រងការរិះគន់ថាលម្ហនយោបាយសម្រាប់អ្នកជំទាស់នៅមានការរឹតត្បិត។
ក្នុងជម្លោះព្រំដែនគោករវាងកម្ពុជា-ថៃ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើពាណិជ្ជកម្ម ការចេញចូលរបស់ពលរដ្ឋនៃប្រទេសទាំងពីរ ពិសេសភ្ញៀវទេសចរ។ អ្នកជំនាញវិស័យទេសចរណ៍មើលឃើញថា វិធានការបិទច្រកព្រំដែនរវាងប្រទេសកម្ពុជា និងថៃ បានបង្កការរាំងស្ទៈខ្លាំងដល់ការធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរបរទេស ខណៈទេសចរបរទេសភាគច្រើនតែងនិយមធ្វើដំណើរមកប្រទេសថៃ រួចបន្តដំណើរតាមផ្លូវគោកតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតមកកម្ពុជា។ តែយ៉ាងណា អ្នកជំនាញយល់ថា ផលប៉ះពាល់អាចមានរយៈពេលខ្លី ខណៈភ្ញៀវទេសចរបរទេសអាចធ្វើដំណើរតាមផ្លូវអាកាសជំនួសវិញ។
រដ្ឋសភាវៀតណាម បានអនុម័តកែប្រែច្បាប់ព្រហ្មទណ្ឌ ដោយសម្រេចលុបចោលទោសប្រហារជីវិត ចំពោះបទល្មើសធ្ងន់ធ្ងរ ៨ ករណី ជាអាទិ៍ បទល្មើសចេតនាចង់ផ្តួលរំលំរដ្ឋអំណាច ឬបទល្មើសបំផ្លាញសន្តិភាព ជាដើម។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម និង រដ្ឋមន្ត្រីសន្តិសុខសាធារណៈ បានពន្យល់និងបកស្រាយព្រមគ្នាថា ការធ្វើវិសោធនកម្មនេះ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ចំណែក កាសែតរដ្ឋវៀតណាម បញ្ជាក់ថា ដើម្បីកសាងទំនុកចិត្តក្នុងវិស័យវិនិយោគទុន។
នៅក្នុងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ ដំណឹងថ្មីៗបន្ថែមហាក់ដូចជាបានមកធ្វើ ឲ្យគេដាក់ការសង្ស័យកាន់តែខ្លាំង ចំពោះប្រសិទ្ធភាពជាក់ស្តែង នៃការវាយប្រហារទម្លាក់គ្រាប់បែក ដែលកងទ័ពអាមេរិកបានធ្វើទៅលើស្ថានីយ៍នុយក្លេអ៊ែរអ៊ីរ៉ង់។ លោកដូណាល់ ត្រាំ បានអួតអះអាងថាការវាយប្រហារដ៏អស្ចារ្យនេះ បានកម្ទេចឲ្យខ្ទេចខ្ទីទាំងស្រុង នូវសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ក៏ប៉ុន្តែស្រាប់តែមានរបាយការណ៍សម្ងាត់មួយរបស់ចារកិច្ចអាមេរិក បែកធ្លាយជាសាធារណៈ ហើយដែលបណ្តាញព័ត៌មានអាមេរិក បានចុះផ្សាយព្រោងព្រាតកាលពីថ្ងៃអង្គារម្សិលមិញ បានលើកឡើងថា ការវាយប្រហារនេះ បានត្រឹមតែបង្អាក់ដំណើរការកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ តែប៉ុន្មានខែតែប៉ុណ្ណោះ មិនបានកម្ទេចបានទាំងស្រុងនោះឡើយ។
អាហារ បន្លែផ្លែឈើ ដែលមានជាតិគីមី កំពុងក្លាយជាកង្វល់របស់មនុស្សទូទៅណាស់ រហូតខ្លះសម្រេចចិត្តមិនបរិភោគតែម្តង បើមិនដឹងប្រភពនៃបន្លែផ្លែឈើនោះច្បាស់លាស់។ ចុះបើអង្ករក៏មានជាតិគីមីដែរ តើយើងនឹងឈប់បរិភោគបាយឬយ៉ាងណា? បើតាមការសិក្សាទើបចេញថ្មី អង្ករក៏មានផ្ទុកជាតិគីមីដែរ នាពេលបច្ចុប្បន្ននេះ។ បើដូច្នេះមែន តើវាអាចបង្កហានិភ័យដល់សុខភាពយ៉ាងណា បើខ្មែរយើងបរិភោគបាយជារៀងរាល់ថ្ងៃនោះ?
នៅព្រឹកថ្ងៃពុធទី២៥មិថុនានេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានស្ថានភាពស្ងាត់ជ្រងំ បន្ទាប់ពីភាគីថៃបានសម្រេចបិទច្រកព្រំដែនទាំងស្រុងជាមួយកម្ពុជា ដោយឯកតោភាគី នៅថ្ងៃទី២៤ ខែមិថុនា។ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធនេះថា ពលរដ្ឋខ្មែរជាង ៦ពាន់៤រយនាក់បានចាកចេញពីទឹកដីថៃ ខណៈពលរដ្ឋថៃចំនួនជាង ១ពាន់៣រយនាក់បានចាកចេញពីទឹកដីកម្ពុជា ក្នុងថ្ងៃទី២៤មិថុនា។ បើតាម លោក លី សុវណ្ណារិទ្ធ អាជ្ញាធរខេត្តបន្ទាយមានជ័យនៅតែបន្តសម្របសម្រួលជាមួយភាគីថៃ ក្នុងការបញ្ជូនពលរដ្ឋខ្មែរដែលចង់វិលចូលស្រុកវិញ ក្នុងពេលកើតមានជម្លោះព្រំដែនកម្ពុជា-ថៃនាពេលនេះ។
ក្រុមប្រឹក្សាជាតិតស៊ូរបស់ លោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៤ ខែមិថុនា ដោយជំរុញឲ្យកម្ពុជាពន្លឿនការដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ឲ្យបានឆាប់បំផុត។ ការជំរុញនេះធ្វើឡើង បន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានប្រកាសកាលពីថ្ងៃទី២៣ ខែមិថុនាថា កម្ពុជាបានចាប់ផ្តើមរៀបចំឯកសារដើម្បីដាក់ពាក្យបណ្តឹងប្តឹងថៃទៅតុលាការ ICJ លើវិវាទព្រំដែនចំនួន៤ គឺតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី។ ការចាប់ផ្តើមរៀបចំឯកសារប្តឹងថៃនេះ គឺបន្ទាប់ពីកម្ពុជាបានដាក់លិខិតជូនដំណឹងទៅICJ កាលពីថ្ងៃទី១៥ ខែមិថុនា។
នៅប្រទេសស៊ីរី ថ្ងៃអង្គារ៍ ទី២៤មិថុនា ពួកអ៊ីស្លាមប្រដាប់អាវុធ ១ក្រុម បានចេញមុខប្រកាសទទួលស្គាល់អំពើភេរវកម្ម ក្នុងវិហារគ្រិស្តសាសនា ១កន្លែង នៅរដ្ឋធានីដាម៉ាស។ ភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាត កើតឡើងនៅថ្ងៃអាទិត្យកន្លងទៅ ក្នុងឱកាសដែលក្រុមគ្រិស្តបរិស័ទជួបជុំសូត្រធម៌និងអានព្រះគម្ពីរ ហើយដែលបានបណ្តាលឲ្យស្លាប់មនុស្ស ២៥នាក់ និងរបួស ៦៣នាក់។
អង្គការសម្ព័ន្ធយោធាអូតង់ បើកកិច្ចប្រជុំកំពូល ចំនួនពីរថ្ងៃ គឺថ្ងៃទី២៤-២៥មិថុនា នៅក្រុងឡាអេ ប្រទេសហូឡង់។ ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល ៣២ ប្រទេស ចូលរួមកិច្ចប្រជុំដ៏តានតឹងនេះ ដែលត្រូវជជែកគ្នាដោយប្រុងប្រយ័ត្នអំពីសំណុំរឿងការពារជាតិរបស់រដ្ឋសមាជិក និង បញ្ហាសង្គ្រាមអ៊ុយក្រែន។ ចំណែក សហរដ្ឋអាមេរិក ក៏ជាសំណុំរឿងធំដែរ ព្រោះអាមេរិកដើរតួ ជាអ្នកការពារផង និងជាអ្នកគំរាមកំហែងផង។
ចាប់ពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៥តទៅ ភាគីថៃបានសម្រេចជាឯកតោភាគីបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាក្រោមហេតុផលការពារសន្តិសុខជាតិ និងចោទថាកម្ពុជាជាមជ្ឈមណ្ឌលឆបោកអនឡាញ។ តែភាគីថៃអះអាងថា ខ្លូននឹងលើកលែងការចេញចូលច្រកព្រំដែនសម្រាប់អ្នកជំងឺ និងសិស្សសាលាតែប៉ុណ្ណោះ។ អ្នកជំនាញកិច្ចការអន្តរជាតិ យល់ឃើញថា ការសម្រេចបិទច្រកព្រំដែនទាំងស្រុងនាពេលនេះបាននិងកំពុងទាញទម្លាក់ទំនាក់ទំនងការទូតរបស់ប្រទេសទាំង២ឲ្យធ្លាក់ចុះ ខណៈស្ថានការណ៍ជម្លោះព្រំដែនកំពុងមានភាពក្តៅគគុក និងតានតឹងខ្លាំង។ តើហេតុអ្វីបានជាទំនាក់ទំនងកម្ពុជា-ថៃ កាន់តែធ្លាក់ចុះទៅនៅពេលនេះ?
តើសង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល នឹងត្រូវចប់ជាស្ថាពរនៅថ្ងៃទី២៤មិថុនានេះពិតមែនឬ? កាលពីវេលាយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារនេះ លោកដូណាល់ ត្រាំ បង្ហោះសារធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ដោយបានអះអាងថា លោកបានស្នើបទឈប់បាញ់ជាស្ថាពរមួយ ទៅកាន់ភាគីជម្លោះទាំង២ អ៊ីរ៉ង់-អ៊ីស្រាអែល។ អ៊ីស្រាអែលបានប្រកាសនៅព្រឹកថ្ងៃអង្គារនេះ ថាគេបានសុខចិត្តទទួលយកបទឈប់បាញ់នេះហើយ។ តែដោយឡែក អ៊ីរ៉ង់វិញមិនបានបញ្ជាក់ថាយល់ព្រមទទួល ឬមិនទទួល ឲ្យច្បាស់នោះទេ។
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានអកឲ្យលោក Somkid Chueakong ជំនួយការនាយករដ្ឋមន្រ្តីថៃ ប្តឹងលោក ហ៊ុន សែន ទៅកាន់តុលាការអន្តរជាតិករណីដែលថៃ មិនសុខចិត្តនឹងការបញ្ចេញសំឡេងសន្ទនារវាងប្រមុខគណបក្សកាន់អំណាចនៅកម្ពុជា ជាមួយលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ។ ប្រតិកម្មរបស់ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ធ្វើឡើងបន្ទាប់ពី លោក Somkid Chueakong បានដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានសន្តិសុខជាតិថៃ ដោយប្តឹងប្រធានព្រឹទ្ធសភាកម្ពុជា ពីបទគំរាមកំហែងដល់សន្តិសុខជាតិថៃ តាមរយៈការបញ្ចេញសំឡេងសន្ទនាជាឯកជនជាមួយនាយករដ្ឋមន្ត្រីថៃនាពេលថ្មីៗនេះ។
ចាប់តាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានសម្រេចបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃជាស្ថាពរនៅតាមរោងភាពយន្ត និងស្ថានីយ៍ទូរទស្សន៍នានាទៅទូទាំងប្រទេស ជាពិសេសនៅក្រោយពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃកំពុងឡើងកំដៅជាថ្មីម្តងទៀត។ ការបិទទ្វារការនាំចូលភាពយន្តថៃនាពេលថ្មីៗនេះក៏បានជំរុញឲ្យផលិតករភាពយន្តខ្មែរមួយចំនួនកំពុងចាប់អារម្មណ៍បង្កើនការផលិតភាពយន្តរបស់ខ្លួននិងបង្កើនទីផ្សារទាំងនៅក្នុងស្រុកនិងនៅក្រៅប្រទេស។ លោក អ៊ិន វិចិត្រ គឺជាផលិតករភាពយន្តខ្មែរម្នាក់ដែលកំពុងចាក់បញ្ចាំងខ្សែភាពយន្តរបស់ខ្លួនរឿងកំហឹងធ្មប់ នៅតាមរោងភាពយន្តរបស់កម្ពុជា យល់ឃើញថា ពេលវេលានេះគឺជាឱកាសថ្មីមួយនៃការពង្រឹងនិងការពង្រីកទីផ្សារភាពយន្តរខ្មែរ។
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា បានចាប់ផ្តើមរៀបចំឯកសារដើម្បីដាក់ពាក្យបណ្តឹងប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើវិវាទព្រំដែនចំនួន៤ គឺតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី។ ក្នុងសចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសកម្ពុជា គណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ចូនទៅ ICJ ត្រូវធ្វើការជាមួយមេធាវីអន្តរជាតិ និងបំពេញការងារមួយចំនួនទៀត ដូចជាធ្វើជាអ្នកតំណាងរបស់កម្ពុជា នៅចំពោះមុខតុលាការ ICJ រហូតដល់ការបញ្ចប់ក្តីក្តាំ។
ចាប់ពីថ្ងៃទី២៣មិថុនាតទៅ ភាគីថៃសម្រេច ជាឯកតោភាគី បិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា នៅក្រោមហេតុផលការពារសន្តិសុខជាតិ និងចោទថាកម្ពុជាជាមជ្ឈមណ្ឌលឆបោកអនឡាញ។ សេចក្តីថ្លែងការណ៍របស់កងទ័ពថៃ ឱ្យដឹងថា ចាប់ពីថ្ងៃជូនដំណឹងនេះ ទាហានថៃនឹងយាមកាមតឹងតែង ហាមមិនឱ្យមានការឆ្លងចេញ-ចូលទឹកដីថៃជាដាច់ខាត លើកលែងតែការធ្វើដំណើររបស់អ្នកជំងឺ សិស្សសាលា និងសកម្មភាពមនុស្សធម៌មួយចំនួនប៉ុណ្ណោះ។
កាលពីថ្ងៃចន្ទទី២៣មិថុនា លោក អាបាស អារ៉ាកឈី ប្រមុខការទូតអ៊ីរ៉ង់ បានធ្វើដំណើរទៅទីក្រុងម៉ូស្គូ ដើម្បីជួបជាមួយលោកពូទីន។ នៅក្នុងបរិបទដែលរបបដឹកនាំអ៊ីរ៉ង់កាន់តែចុះទន់ខ្សោយ ដោយរងការបាញ់ប្រហារជាបន្តបន្ទាប់ ពីអ៊ីស្រាអែលនិងពីអាមេរិក អ៊ីរ៉ង់កំពុងតែស្វះស្វែងរកការគាំទ្រពីខាងក្រៅ។ លោកប្រមុខការទូតអ៊ីរ៉ង់បានអះអាងថា ការទៅជួបពិភាក្សាយោបល់ជាមួយរុស្ស៊ី វាជារឿងមានសារៈសំខាន់ខ្លាំងណាស់។
ខណៈជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ កំពុងឡើងកម្តៅ ពលរដ្ឋខ្មែររស់នៅតាមបន្ទាត់ព្រំដែនមួយចំនួន ពុំទាន់ចាកចេញពីលំនៅឋាននៅឡើយ បើទោះជាមានភាពតានតឹងខ្លាំងក៏ដោយ។ ពុំទាន់ចាកចេញពីផ្ទះទៅរកទីសុវត្ថិភាព ក៏ព្រោះតែពលរដ្ឋទាំងនោះ ធ្លាប់ឆ្លងកាត់សង្គ្រាមនាពេលកន្លងមក។ ពលរដ្ឋជាយដែនទាំងនេះ យល់ថា ការដែលមិនព្រមរត់ចោលផ្ទះសម្បែងរបស់ពួកគេ គឺផ្ដល់នូវភាពកក់ក្តៅដល់កងទ័ពជួរមុខ ដែលជាខឿនការពារជាតិដ៏រឹងមាំ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៣ខែមិថុនានេះថា កម្ពុជាបានបាញ់ទម្លាក់«ដ្រូនស៊ើបការណ៍»របស់ភាគីថៃធ្លាក់អស់មួយចំនួន ដោយសារតែហោះរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ នៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជាដែលធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃចន្ទនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការដែលកម្ពុជាសម្រេចចិត្តបាញ់ទម្លាក់ដ្រូនរបស់ភាគីថៃ គឺដោយសារតែថៃមិនទទួលស្គាល់ទង្វើរបស់ខ្លួន នៅពេលដែលកម្ពុជាដាក់លិខិតតវ៉ាទៅថៃករណីបង្ហោះដ្រូននាពេលកន្លងមក។
មួយថ្ងៃបន្ទាប់ពីកងទ័ពអាមេរិក បានបើកការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ សំណួរបានចោទសួរជាច្រើន ថាតើអ៊ីរ៉ង់ អាចនឹងឆ្លើយតបវិញដោយរបៀបណា។ ច្រកសមុទ្រអកម៉ូស ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយ នៃចរាចរណ៍ដឹកប្រេង អាចប្រឈមនឹងការបិទខ្ទប់ពីអ៊ីរ៉ង់ ហើយអាចធ្វើឲ្យប៉ះពាល់ដល់ទីផ្សារប្រេង។ មូលដ្ឋានទ័ពរបស់អាមេរិកជាច្រើនទីតាំង នៅតំបន់ដើមបូព៌ា ក៏អាចជាផ្ទាំងស៊ីបរបស់អ៊ីរ៉ង់ដែរ។
ភាពតានតឹងរវាងកម្ពុជា និងថៃបានបន្តកើនឡើង នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរដែលនៅជាប់ភ្នំដងរែក និងតំបន់ប្រាសាទបុរាណខ្មែរមួយចំនួននៅ ប៉ែកឧត្តរនៃប្រទេសកម្ពុជា។ ភាគីថៃបានបង្ហាញជំហររួបរួមផ្ទៃក្នុង ក្រោយការបែកធ្លាយសំឡេងសន្ទនារវាងប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ។ ចំណែក ក្រុមប្រឹក្សាជាតិតស៊ូ ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី បានអំពាវនាវឲ្យអ្នកនយោបាយខ្មែរបង្រួបបង្រួមជាតិ ក្នុងកាលៈទេសៈដ៏តានតឹង ដែលកម្ពុជា កំពុងមានជម្លោះជាមួយប្រទេសថៃ។ តើក្នុងស្ថានភាពនេះ អ្នកនយោបាយខ្មែរអាចស្វែងរកការឯកភាពជាតិយ៉ាងណា ដើម្បីទប់ទល់នឹងការឈ្លានពានរបស់បរទេស?
នៅចំពោះមុខនៃវិបត្តិនយោបាយដែលកាន់តែធ្លាក់ផុងជ្រៅ បន្ទាប់ពី គណបក្សភូមិចៃថៃសម្រេចដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះកាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីថៃ លោកស្រីផែថងថាន ស៊ីណាវ៉ាត់ចាប់ផ្តើមបើកការពិភាក្សានៅថ្ងៃចន្ទទី ២៣មិថុនា ដើម្បីរុះរើសមាសភាពរដ្ឋាភិបាល។ ខណៈពេលដែលមានដំណឹងចចាមអារ៉ាមស្តីពីការដកខ្លួនជាបន្តបន្ទាប់របស់គណបក្សផ្សេងទៀតចេញពីរដ្ឋាភិបាលចម្រុះ ដោយសារតែការបែកលេចធ្លាយសារសន្ទនារវាងលោកស្រីផែថងថាន និងប្រធានព្រឹទ្ធសភាកម្ពុជា លោកហ៊ុន សែន អគ្គលេខាធិការរបស់បក្សភឿថៃ បានអះអាងថា គណបក្សទាំង១០បានប្រកាសបន្តចូលរួមក្នុងរដ្ឋាភិបាលរបស់លោកស្រីផែថងថាន។
រដ្ឋាភិបាលកម្ពុជា និងថៃ តាមរយៈក្រសួងការបរទេស បានព្រមានពលរដ្ឋរៀងៗខ្លួន ឲ្យចៀសវាងការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំង២ បើគ្មានការចាំបាច់។ ការចេញមកព្រមានដំណាលគ្នារបស់ក្រសួងការបរទេសកម្ពុជា-ថៃ ធ្វើឡើងបន្ទាប់ពីថៃបិទប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកព្រំដែនរវាងប្រទេសទាំងពីរ និងការប្រកាសរបស់កម្ពុជា ក្នុងការបិទការនាំចូលបន្លែ ផ្លែឈើ ប្រេង និងឧស្ម័នពីប្រទេសថៃ។
នៅបារាំង បាតុកររាប់ពាន់នាក់បានចុះផ្លូវធ្វើបាតុកម្ម ដើម្បីតវ៉ាប្រឆាំងនឹងការតាំងលក់អាវុធរបស់បណ្តាក្រុមហ៊ុនឧស្សាហកម្មផ្លូវអាកាស ក្នុងពិព័រណ៍យន្តហោះអន្តរជាតិ បួកហ្សេ (Bourget) ជាពិសេសប្រឆាំងនឹងវត្តមានរបស់ក្រុមហ៊ុនអ៊ីស្រាអែល។ បាតុករទាំងនេះក៏បានចោទរដ្ឋាភិបាលទីក្រុងប៉ារីស ថាបានខ្ជះខ្ជាយថវិកាជាតិ ក្នុងការបង្កើនប្រាក់ចំណាយលើវិស័យយោធា។
ក្រុមហ៊ុនអាកាសចរណ៍ Air India បានបណ្តេញអ្នកទទួលខុសត្រូវជាន់ខ្ពស់ ៣នាក់ កាលពីថ្ងៃសៅរ៍ ទី២១ ខែមិថុនា តាមបទបញ្ជារបស់និយតករអាកាសចារណ៍ឥណ្ឌា។ មូលហេតុនៃការបណ្តេញបុគ្គលិកទាំង ៣រូបនេះ គឺមិនពាក់ព័ន្ធនឹងគ្រោះថ្នាក់យន្តហោះ Boieng 787 Dreamliner ឡើយ តែដោយសារពួកគេខ្វះសមត្ថភាពគ្រប់គ្រងនិងចាត់ចែងម៉ោងពេលធ្វើការរបស់បុគ្គលិកបម្រើការលើយន្តហោះ។
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានអះអាងកាលពីថ្ងៃទី២០មិថុនា ថាកម្ពុជាមិនស្លាប់ដោយសារការបិទការនាំចូលប្រេងពីប្រទេសថៃឡើយ តែថាក្រុមហ៊ុនថៃ ដូចជា PTT ទៅវិញដែលស្លាប់ខ្លួនឯង។ ការចេញអះអាងរបស់ប្រមុខគណបក្សកាន់អំណាច ជាការឆ្លើយតបនឹងក្រុមប្រឆាំងថៃ ដែលចង់ឲ្យរដ្ឋាភិបាលថៃឈប់លក់ប្រេងឲ្យកម្ពុជា ក្នុងស្ថានភាពប្រឈមនៃបញ្ហាព្រំដែន។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជា យល់ស្របនឹងការលើកឡើងរបស់ លោក ហ៊ុន សែន ដែលថា កម្ពុជាមិនបារម្ភចំពោះករណីខ្វះប្រេង ព្រោះកម្ពុជាមានទីផ្សារដទៃសម្រាប់នាំចូលប្រេងមកជំនួស។ តែអ្វីដែលអ្នកសេដ្ឋកិច្ច លើកជាយោបល់ គឺកម្ពុជាត្រូវធ្វើពិពិធកម្មទីផ្សារនាំចូលប្រេងបន្ថែមទៀត ដើម្បីទប់ទល់ក្នុងគ្រាអាសន្នណាមួយកើតឡើង។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា ការវាយប្រហារតាមជើងអាកាសរបស់អាមេរិកក្នុងថ្ងៃអាទិត្យ ទី២២ មិថុនាបាន «បំផ្លាញចោលទាំងស្រុង» ទីតាំងនុយក្លេអ៊ែរ ៣កន្លែងសំខាន់ៗរបស់អ៊ីរ៉ង់។ នេះជាការចូលរួមលើកទីមួយរបស់អាមេរិកនៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់តំាងពីជាងមួយសប្តាហ៍មកនេះ។ ការវាយឆ្មក់លើទីតាំងនុយក្លេអ៊ែរបស់អ៊ីរ៉ង់ត្រូវបានធ្វើប្រតិបត្តិការដោយយន្តហោះបំបាំងកាយទម្លាក់គ្រាប់បែកឈ្មោះ B-2 ដែលបានទម្លាក់គ្រាប់បែក ដែលគេហៅថា «គ្រាប់បែកកម្ទេចលេណដ្ឋាន» ជាមួយនឹងការបាញ់គាំទ្រដោយគ្រាប់មីស៊ីល Tomahawk ចេញពីនាវាមុជទឹក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក។ នៅក្នុងសុន្ទរកថាថ្លែងទៅកាន់ប្រជាជនអាមេរិកតាមរយៈកញ្ចក់ទូរទស្សន៍ពីសេតវិមាន លោកត្រាំបានព្រមានថា អាមេរិកនឹងបង្កើនការវាយប្រហារឲ្យចាស់ដៃថែមទៀត បើអ៊ីរ៉ង់ហ៊ានវាយប្រហារសងសឹកអាមេរិកវិញ និងមិនធ្វើឲ្យមានសន្តិភាពឆាប់ៗនោះ៕
ចៅហ្វាយសេតវិមាន លោក ដូណាល់ ត្រាំ បញ្ជាឲ្យវាយប្រហារលើមូលដ្ឋាននុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួន ៣។ អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រមានអំពីវិបត្តិចលាចលដុនដាបក្នុងតំបន់មជ្ឈិមបូព៌ា។ បារាំង អង់គ្លេស និងអាល្លឺម៉ង់ ស្នើឲ្យបន្ថយភាពតានតឹង និងងាករកតុចរចា។ ស្រដៀងគ្នានេះ ចិនអំពាវនាវគ្រប់ភាគីជម្លោះ ជាពិសេសអ៊ីស្រាអែល ត្រូវឈប់បាញ់។ ចំពោះរុស្ស៊ី ការវាយប្រហារបែបនេះ នឹងមិនអាចនាំឲ្យលោក ត្រាំ បានពានរង្វាន់ណូបែលសន្តិភាពឡើយ។ ជប៉ុន ដែលធ្លាប់រងគ្រោះដោយគ្រាប់បែកបរមាណូអាមេរិកក្នុងសង្គ្រាមលោកលើកទី២ ក្តីព្រួយបារម្ភអំពីការសាយភាយវិទ្យុសកម្ម នៅអ៊ីរ៉ង់។ រីឯ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ AIEA ប្រកាសប្រជុំជាបន្ទាន់ នៅថ្ងៃចន្ទ ទី២៣មិថុនា។
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ទាហានថៃចំនួន០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ដែលជាជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុនទេ។ កងយោធពលខេមរភូមិន្ទកម្ពុជា ចាត់ទុកសកម្មភាពដែលកើតឡើងនៅម៉ោងប្រមាណ៧ និង៣០នាទីព្រឹកថ្ងៃអាទិត្យនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលកំណត់ពេលវេលាជាក់លាក់បើកឱ្យចូលប្រាសាទ ចាប់ពីម៉ោង៩:០០ព្រឹក និងបិទនៅម៉ោង៣:០០រសៀល។
រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានចេញមកច្រានចោលព័ត៌មានលើបណ្តាញ សង្គម TikTok ដែលថា «ស្ងាត់ៗវៀតណាមបានកាន់កាប់កោះឬស្សីហើយ»។ តែរដ្ឋបាលខេត្តជាប់មាត់សមុទ្រមួយនេះ ចាត់ទុកថានេះគឺជាព័ត៌មានមិនពិត និងបានបង្កប់នូវចេតនាទុច្ចរិត បំភាន់ ញុះញង់ សាធារណមតិឱ្យមានការយល់ច្រឡំ។ តាម រដ្ឋបាលខេត្តព្រះសីហនុ កោះឬស្សី គឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
រដ្ឋបាលអាមេរិក កាលពីថ្ងៃសុក្រទី២០ខែមិថុនា បានសម្រេចកាត់បន្ថយបុគ្គលិករបស់សំឡេងសហរដ្ឋអាមេរិក (វីអូអេ) បន្ថែមទៀតដល់ទៅ១៤០០កន្លែង រួមទាំងបុគ្គលិកជនជាតិខ្មែរផង ដែលស្មើនឹងចំនួន៨៥ភាគរយនៃបុគ្គលិកដែលត្រូវបានបញ្ឈប់តាំងពីខែមិនា។ ការបញ្ឈប់បុគ្គលរបស់វីអូអេ ដែលជាទីភ្នាក់ងារសហព័ន្ធសម្រាប់ការផ្សព្វផ្សាយព័ត៌មានរបស់អាមេរិកមួយនេះ ធ្វើឡើងទៅតាមបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលចុះកាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ ២០២៥។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២២ មិថុនា បានបញ្ជាឱ្យបិទច្រកព្រំដែនចំនួន២ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យជាប់ព្រំដែនថៃ។ ចំណាត់ការរបស់ភាគីកម្ពុជា ធ្វើឡើងភ្លាមៗក្រោយយោធភូមិភាគ២នៃកងទ័ពថៃបានជូនដំណឹងមកអភិបាលខេត្តឧត្តរមានជ័យថា ថៃនឹងបិទច្រកព្រំដែនសាយតាគូ-ជប់គគីរ ស្ថិតក្នុងស្រុកបន្ទាយអំបិល ខេត្តឧត្តរមានជ័យចាប់ពីថ្ងៃទី២១ មិថុនាតទៅ។ ជាមួយនឹងវិធានការតបតទៅកាន់ភាគីថៃ ប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា កម្ពុជាអាចកំដរបានគ្រប់ពេល ប្រសិនកងទ័ពថៃបន្តប្រើវិធីដាក់គំនាបមកលើកម្ពុជា។