ជារៀងរាល់ព្រឹក ប្រជានេសាទផ្តើមចេញទូកទៅនេសាទ ឬរាវខ្យងក្រោមបាតសមុទ្រដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែបច្ចុប្បន្ននេះ ទីតាំងដែលអ្នកនេសាទធ្លាប់អាស្រ័យផល ទឹកសមុទ្រប្រែជាល្អក់ខុសប្រក្រតី និងឡើងកករកើតជាភក់។ ផលវិបាកនេះធ្វើឲ្យប្រជានេសាទនៅភូមិព្រែកអំពិល ត្រូវបង្ខំចិត្តធ្វើដំណើរទៅរាវខ្យងកាន់តែឆ្ងាយទៅៗពីដីគោក។
កងទ័ពរំដោះប្រជាជនចិន (The People’s Libération Army) PLAបានប្រកាស កាលពីថ្ងៃចន្ទទី ៣០មិថុនា ថា នាវាផ្ទុកយន្តហោះចម្បាំងធំៗពីរគ្រឿង គឺShandong និងLiaoning បានវិលត្រលប់ចូលមូលដ្ឋានទ័ពជើងទឹកវិញដោយសុវត្ថិភាព បន្ទាប់ពីចូលរួមយ៉ាងសកម្មនៅក្នុងសមយុទ្ធ នៅមហាសមុទ្រប៉ាស៊ីហ្វិក។ សេចក្តីប្រកាសព័ត៌មានរបស់កងទ័ពចិនមិនបានបញ្ជាក់ច្បាស់ពីពេលវេលា និងទីកន្លែងធ្វើសមយុទ្ធនោះទេ ប៉ុន្តែ ក្រសួងការពារជាតិជប៉ុនកាលពីថ្ងៃទី១០មិថុនាធ្លាប់បានសំដែងក្តីបារម្ភ ព្រោះថា នេះជាលើកទី១ដែលចិនបញ្ជូននាវាដឹកយន្តហោះចម្បាំងដ៏ធំរបស់ខ្លួនទាំងពីរគ្រឿងឲ្យទៅធ្វើសមយុទ្ធនៅតំបន់ទឹកអន្តរជាតិក្បែរកោះGuam របស់អាមេរិក។
អ៊ីរ៉ង់មានសមត្ថភាព និងបច្ចេកទេសដើម្បីអាចចាប់ផ្តើមចម្រើនធាតុអ៊ុយរ៉ាញ៉ូមឡើងវិញនៅក្នុងរយៈពេលតែប៉ុន្មានខែខាងមុខ។ នេះជាការអះអាងរបស់ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ AIEA នៅក្នុងបទសម្ភាសដែលទូរទស្សន៍អាមេរិក CBS ចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ទី២៩ មិថុនា។ ការលើកឡើងរបស់ប្រធានទីភ្នាក់ងារ AIEA ដូចនេះហាក់ផ្ទុយស្រឡះពីការអះអាងរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំដែលអួតថា យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកបានបំផ្លាញសមត្ថភាពផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នៅមុនប្រធាន AIEA ការសង្ស័យទៅលើប្រសិទ្ធភាពវាយប្រហាររបស់អាមេរិកទៅលើទីតាំងនុយក្លេអ៊ែរធំៗទាំង ៣ របស់អ៊ីរ៉ង់ចាប់មានបណ្តើរៗ បន្ទាប់ពីរបាយការណ៍សម្ងាត់របស់ទីភ្នាក់ងារចារកិច្ចអាមេរិកបង្ហាញថា ការវាយប្រហារកាលពីថ្ងៃទី២១ មិថុនាមិនបានបំផ្លាញទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ទាំងស្រុងនោះទេ។
ក្នុងខែមិថុនានេះ សង្គ្រាមអ៊ីរ៉ង់ និងអ៊ីស្រាអែល រួមទាំងឱសានវាទបណ្តេញចេញជិតដល់កំណត់បានតម្រូវឲ្យបណ្តាជនអន្តោប្រវេសន៍អាហ្វហ្កានីស្ថានរាប់ពាន់នាក់នាំគ្នាវេចបង្វេចចាកចេញពីប្រទេសអ៊ីរ៉ង់ត្រឡប់ទៅអាហ្វហ្កានីស្ថានវិញ។ អង្គការអន្តរជាតិដើម្បីជនអន្តោប្រវេសន៍ (OIM) ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា មានជនអន្តោប្រវេសន៍អាហ្វហ្កានីស្ថានចំនួនជាង ២ សែននាក់បានបង្ខំចិត្តចាកចេញពីអ៊ីរ៉ង់ក្នុងខែមិថុនានេះ និងថា ក្នុងមួយថ្ងៃៗ មានប្រជាជនអាហ្វហ្កានីស្ថានចន្លោះពី៦ ទៅ៧ពាន់នាក់បានឆ្លងកាត់ព្រំដែនអ៊ីរ៉ង់ចូលទៅទឹកដីអាហ្វហ្កានីស្ថាន។
សមាជិកនៃសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានចាត់ទុកថា វិធានការរឹតបន្តឹងលើការនាំចូលត្រីពីក្រៅប្រទេសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមិនទាន់មានប្រសិទ្ធភាពពេញលេញ ដោយសារតែកង្វះតម្លាភាពនៃការផ្តល់កូតាអនុញ្ញាតឲ្យនាំចូលត្រីដែលធ្វើឲ្យតម្លៃត្រីកើនឡើងក្នុងទីផ្សារ។ សមាជិកសមាគម អះអាងថា ក្រសួង ក៏មិនមានយន្តការតម្លាភាពដែលបញ្ជាក់អំពីលទ្ធភាពនៃការបង្កើនផលត្រីនៅក្នុងស្រុកផងដែរ។
អតីតនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន បានបដិសេធចំពោះការបង្កើតវីដេអូក្លែងក្លាយ ក្នុងទម្រង់ជាវីដេអូបញ្ញាសិប្បនិមិ្មត ឬ deepfake ដោយនិយាយភាសាថៃ ដើម្បីប្រកាសប្រមូលមូនិធិជួយដល់ទ័ពខ្មែរក្នុងការច្បាំងជាមួយទ័ពថៃ។ នេះបើតាមសំណេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន នៅថ្ងៃទី២៩ មិថុនា ២០២៥។ ដោយឡែកអ្នកជំនាញផ្នែកសន្តិសុខឌីជីថលយល់ថា deepfake មានហានិភ័យខ្ពស់សម្រាប់ពលរដ្ឋទូទៅដែលពិបាកក្នុងការវិភាគ និងខ្វះខាតជំនាញក្នុងការសម្គាល់ពីវីដេអូពិត និងបង្កើតដោយ AI។
កម្ពុជា និងថៃ បានបន្តប្រឈមមុខដាក់គ្នាខាងនយោបាយ និងយោធាចាប់តាំងពីមានការផ្ទុះអាវុធកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចព្រំដែនមុំ៣ នៃខេត្តព្រះវិហារ។ ក្នុងអំឡុងពេលនៃការប្រឈមមុខដាក់គ្នានេះ មានមាតិការព័ត៌មាន រូបភាព និងវីដេអូតាមទម្រង់បញ្ញាសិប្បនិម្មិត(AI) ត្រូវបានបង្កើតឡើងយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម។ អ្នកតាមដានសង្គមនានាមើលឃើញថា AI ពិតជាមានសារសំខាន់ចំពោះវិស័យបច្ចេកវិទ្យា តែវាជាហានិភ័យចំពោះការប្រើប្រាស់បែបអវិជ្ជមាន និងកាលៈទេសៈនៃជម្លោះរវាងកម្ពុជា និងថៃ។
នាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់រដ្ឋាភិបាលថៃ បានវាយតម្លៃថា ថៃនឹងខាតបង់ប្រាក់ជាង ៦០ពាន់លានបាត ឬជិត២ពាន់លានដុល្លារអាមេរិក បើការបិទព្រំដែនជាមួយកម្ពុជាដូចសព្វថ្ងៃនៅបន្តដល់ដំណាច់ឆ្នាំ ២០២៥នេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយថៃ។ ការវាយតម្លៃនេះ ធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលថៃបានសម្រេចបិទច្រកទ្វារព្រំដែនទាំងស្រុងកាលពីថ្ងៃ២៤ ខែមិថុនា ហើយចំពេលកម្ពុជាមិនព្រមបើកច្រកទ្វារព្រំដែនដែរ ទោះមានសំណើពីយោធាថៃក៏ដោយ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញមកបដិសេធចំពោះសម្បកវេចខ្ចប់អង្ករមួយប្រភេទ ដែលមានមានរូបដូចទៅនឹងទង់ជាតិរបស់ប្រទេសថៃ។ ការចេញមកអះអាងយ៉ាងដូច្នេះរបស់សហព័ន្ធស្រូវអង្ករកម្ពុជា គឺក្រោយមានការបង្ហោះលក់រាយជាប្រភេទអង្ករវេចខ្ចប់ទម្ងន់៥គីឡូក្រាម តាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានចុះហត្ថលេខាលើក្រិត្យ ដែលគ្រោងដកអ៊ុយក្រែនចេញពីសន្ធិសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ នេះបើតាមសេចក្តីជូនដំណឹងរបស់ការិយាល័យប្រធានាធិបតីអ៊ុយក្រែន តាមបណ្តាញអ៊ីនធ័រនែត។
កងកម្លាំងទាហានជើងទឹកកម្ពុជា កាលពីថ្ងៃសុក្រទី២៧ ខែមិថុនា បានបណ្តេញកប៉ាល់ដឹកប្រេងមួយគ្រឿងរបស់ថៃ ឈ្មោះ «Chetthanabodi 6» ដែលបានសំចតក្នុងដែនទឹកសមុទ្រនៃខេត្តព្រះសីហនុប្រទេសកម្ពុជា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងបណ្តាញផ្សព្វផ្សាយព័ត៌មាន ប្រទេសថៃ។ ការបណ្តេញកប៉ាល់ដឹកប្រេងរបស់ថៃចេញពីដែនសមុទ្រកម្ពុជា កើតឡើង ក្រោយរដ្ឋាភិបាលកម្ពុជា បានដាក់បម្រាមហាមឃាត់ការនាំចូលប្រេងពីថៃ ខណៈភាគីយោធាថៃមិនព្រមបើកច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរឲ្យដូចដើមវិញ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានឆ្លើយតបនឹងសំណើយោធាថៃឲ្យបើកច្រកទ្វារព្រំដែនខ្មែរមួយចំនួនជាប់ខេត្តស្រះកែវប្រទេសថៃថា កម្ពុជាចាំមើលតែភាគីថៃ លើការសម្រេចបើកច្រកទ្វារព្រំដែនឲ្យដូចមុនព្រឹត្តិការណ៍ថ្ងៃទី៧មិថុនា ដែលយោធាថៃ បានសម្រេចបិទច្រកទ្វារព្រំដែនជាឯកតោភាគី។ នេះជាការឆ្លើយតបរបស់លោក ហ៊ុន ម៉ាណែត ទៅភាគីថៃនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីភាគីថៃថាប្រជាពលរដ្ឋរបស់ខ្លួនកំពុងទទួលរងផលប៉ះពាល់ពីការបិទច្រកទ្វារព្រំដែននេះ។
គិតចាប់តាំងពីជម្លោះព្រំដែនកម្ពុជា-ថៃ បានកើតឡើងមក ភាគីកម្ពុជាបានសម្រេចបិទការនាំចូលទំនិញមួយចំនួនពីប្រទេសថៃ មានដូចជា បន្លែ ផ្លែឈើ ប្រេងនិងឧស្ម័ន។ ការសម្រេចរបស់កម្ពុជា ក៏ដោយសារតែភាគីថៃបានគំរាមជាញឹកញយក្នុងការផ្អាកការនាំចេញប្រេងចូលមកកម្ពុជា។ អ្នកសេដ្ឋកិច្ចយល់ថា បញ្ហានេះមិនមែនជាសញ្ញានៃសង្រ្គាមពាណិជ្ជកម្មរវាងកម្ពុជា-ថៃឡើយ។ តែអ្នកតាមដានភូមិសាស្ត្រនយោបាយវិញ គិតថា នេះជាសញ្ញាដែលឈានទៅរកសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងពេលខាងមុខ។
ថ្ងៃចន្ទទី៣០មិថុនា ជាគម្រប់ខួប៥ឆ្នាំគត់ដែលហុងកុងមានច្បាប់សន្តិសុខជាតិ តាក់តែងដោយចិន។ តាំងពីចូលជាធរមានមក មានសកម្មជនប្រជាធិបតេយ្យមិនតិចជាង១៦៥នាក់ ត្រូវរងការកាត់ទោស។ បច្ចុប្បន្ន សំណុំរឿងក្តីប្តឹងផ្តល់ទៅតុលាការបានចុះថយ ប៉ុន្តែការចាប់ខ្លួនយកទៅសួរបានកើនឡើងយ៉ាងខ្លាំង ហើយអ្នកទទួលខុសត្រូវផ្នែកសន្តិសុខចិន ផ្តើមចូលរួមសួរចម្លើយ ជាលើកទីមួយចាប់ពីដើមខែមិថុនាមក។ តើនេះជាទម្រង់ថ្មីនៃការបង្ក្រាបឬ?
នៅអ៊ីរ៉ង់ យ៉ាងហោចណាស់មនុស្សជាង ៧០នាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល នៅទីក្រុងតេហេរ៉ង់។ បើតាមការបញ្ជាក់របស់ភាគីអ៊ីស្រាអែល ការវាយប្រហារនេះ គឺសំដៅទៅលើពន្ធនាគារមួយកន្លែង ដែលមានទណ្ឌិតនយោបាយសំខាន់ៗ។
មានជម្លោះនឹងគ្នាអស់ជិត៣០ឆ្នាំ រវ៉ាន់ដានិងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនៅទីក្រុងវ៉ាស៊ីនតោន ក្រោមម្លប់សហរដ្ឋអាមេរិក នាយប់ថ្ងៃសុក្រទី២៧មិថុនា២០២៥។ ជំនួបកំពូលអន្តរប្រទេសរវ៉ាន់ដានិងសាធារណរដ្ឋកុងហ្កោ នឹងប្រព្រឹត្តទៅនៅចុងខែកក្កដាខាងមុខ ដោយមានជំនួបថ្នាក់ប្រធានាធិបតីនៃប្រទេសទាំងពីរជាមួយលោកដូណាល់ត្រាំទៀត។ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំចាត់ទុកកិច្ចព្រមព្រៀងនេះថាការបើកទំព័រថ្មីនៃក្តីសង្ឃឹម។ ចំណែកប្រធានសហភាពអាហ្វ្រិកយល់ថាកិច្ចព្រមព្រៀងនេះជាការបោះជំហានទៅរកសន្តិភាពសម្រាប់តំបន់ទាំងមូល។
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឱសថឈ្មោះកាបូតេក្រាវៀ (Cabotegravir) ដែលជាប្រភេទ ឱសថចាក់ ដែលមានសកម្មភាពយូរ សម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ (CAB-PrEP)។ តាមក្រសួងសុខាភិបាល នេះគឺជាការផ្តល់ជម្រើសថ្មីមួយ សម្រាប់ក្រុមប្រជាជនដែលមានការប្រឈមមុខ ដើម្បីជ្រើសរើសក្នុងការបង្ការខ្លួនពីការឆ្លងមេរោគអេដស៍ឲ្យកាន់តែមានប្រសិទ្ធភាព។
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃសៅរ៍ទី២៨មិថុនា បានឲ្យដឹងថា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២កក្កដាខាងមុខ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី នឹងមានការពិភាក្សាពីទំនាក់ទំនងបន្ថែមលើវិស័យនយោបាយ ពាណិជ្ជកម្ម រវាងកម្ពុជានិងសិង្ហបុរី។ ម្យ៉ាងវិញទៀត ការចរចាការទិញប្រេងពីសិង្ហបុរី ក៏អាចជាប្រធានបទមួយ នៅក្នុងពេលដែលកម្ពុជាបានបញ្ឈប់ការនាំចូលប្រេងពីប្រទេសថៃ។
នៅថ្ងៃសៅរ៍ទី២៨មិថុនា២០២៥នេះ ក្រុមប្រឆាំងនឹងរដ្ឋាភិបាលថៃរាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងបាងកក ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រី ចុះចេញពីតំណែង។ មតិសាធារណៈថៃ ខឹងនឹងរបៀបដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រី ក្រោយពីមានការធ្លាយព័ត៌មានលោកស្រី ជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា។
កម្ពុជា តាមរយៈអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ជំហររបស់ខ្លួន ជាថ្មីម្តងទៀតថា កម្ពុជាបន្តរក្សាយន្តការចរចាទ្វេភាគីជាមួយថៃ ជុំវិញបញ្ហាព្រំដែន។ ក៏ប៉ុន្តែសម្រាប់តំបន់ជម្លោះទាំង៤ កន្លងមកនេះ កម្ពុជាដាច់ខាតជ្រើសយកយន្តការតុលាការយុត្តិធម៌អន្តរជាតិ ដោយមិនជជែកជាមួយភាគីថៃទៀតឡើយ។ ការបញ្ជាក់នេះធ្វើឡើង នាគ្រាដែលនាយករដ្ឋមន្ត្រីថៃ បានជួបជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង ដោយស្នើឲ្យបារាំងជួយគាំទ្រដល់កិច្ចការចរចាទ្វេភាគីរវាងកម្ពុជា-ថៃ ជុំវិញបញ្ហាព្រំដែន។
សារមន្ទីរបារាំង ហ្គីមេ បង្ហាញឲ្យគេស្គាល់ជាលើកទី១ ប្រវត្តិ និងស្នាដៃសំរឹទ្ធខ្មែរ នៅតែ២ថ្ងៃទៀតប៉ុណ្ណោះ នឹងមានរយៈពេល២ខែគត់ ដែលព្រះវិស្ណុផ្ទំមកពីប្រាសាទមេបុណ្យខាងលិច និងវត្ថុសិល្បៈធ្វើសំរឹទ្ធជាង២០០របស់កម្ពុជាត្រូវដាក់តាំងបង្ហាញក្នុងពិព័រណ៌នៅសារមន្ទីរជាតិបារាំង ហ្គីមេ។ ពិព័រណ៌ដែលមានឈ្មោះថា ព្រះរាជសំរឹទ្ធសម័យអង្គរ៖ សិល្បៈល្អឯក ជាឱកាសណែនាំឲ្យគេបានស្គាល់ពីប្រវត្តិសំរឹទ្ធខ្មែរ ដែលមានតាំងពីសម័យបុរេប្រវត្តិសាស្រ្ត។ យើងស្តាប់ការពន្យល់របស់លោក Brice Vincent បុរាណវិទូ និងជាគ្រូសន្និសីទរបស់សាលាបារាំងចុងបូព៌ាបទេស ដែលជាអ្នកជំនាញម្នាក់ក្នុងចំណោមអ្នកជំនាញរៀបចំពិព័រណ៌វត្ថុសិល្បៈខ្មែរធ្វើពីសំរឹទ្ធ នៅប្រទេសបារាំង។
របបកូរ៉េខាងជើង បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ស្តីពីស្ថានការណ៍នៅអ៊ីរ៉ង់ ដែលស្ថានីយ៍នុយក្លេអ៊ែរត្រូវបានអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបាញ់ប្លោងគ្រាប់វាយកម្ទេច កាលពីចុងសប្តាហ៍កន្លងទៅ។ ស្ថានការណ៍នេះ បានញ៉ាំងការប្តេជ្ញាចិត្តរបស់របបដឹកនាំកូរ៉េខាងជើងឲ្យកាន់តែខ្លាំង ថានឹងបន្តកម្មវិធីផលិតសព្វាវុធនុយក្លេអ៊ែរដើម្បីការពារខ្លួន។
របាយការណ៍រោងចក្រកាន់តែប្រសើរនៅកម្ពុជា ឬ Better Factories Cambodia រកឃើញថា វិបត្តិរនាំងពន្ធគយជាកត្តាធំមួយដែលជំរុញឱ្យកម្ពុជារងផលប៉ះពាល់ខ្លាំងក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ។ របាយការណ៍ស្ទង់មតិដែលចេញផ្សាយនៅថ្ងៃទី២៧មិថុនានេះបានបង្ហាញថា ១ភាគ២ នៃរោងចក្រចំនួន ៣១៥ បារម្ភពីដំណើរការផលិត។ ក្នុងនោះ ២៧ ភាគរយឱ្យដឹងថា អ្នកបញ្ជាទិញបានស្នើ ទម្លាក់តម្លៃផលិតផលសម្រេច។
គិតមកត្រឹមថ្ងៃសុក្រទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ គឺមានរយៈពេល១០ថ្ងៃគត់ដែលផលិតផលបន្លែ និងផ្លែឈើនាំចូលពីប្រទេសថៃត្រូវបានបិទទាំងស្រុងនៅលើទីផ្សារកម្ពុជា។ អាជីវករទទួលការបោះដុំផលិតផលមកពីប្រទសថៃ ជាពិសេសនៅផ្សារនាគមាស និងផ្សារដើមគរគឺជាអ្នកទទួលរងផលប៉ះពាល់មុនគេ។ អាជីវករបានត្អូញត្អែរចំពោះការខ្វះខាតទំនិញដូចជាបន្លែ និងផ្លែឈើសម្រាប់លក់ដូរជូនអតិថិជន។ ប៉ុន្តែអាជីវករដែលនាំចូលផលិតផលក្នុងស្រុក ឬមកពីប្រទេសផ្សេងទៀត ហាក់មានការពេញចិត្តព្រោះការលក់ដូររបស់ពួកគេកាន់តែដាច់ជាងមុន។
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រទី២៧មិថុនានេះ បានចេញមកបកអាក្រាតនយោបាយផ្ទៃក្នុងថៃ ជាពិសេសសំណុំរឿងអាស្រូវពាក់ព័ន្ធនឹងគ្រួសារនាយករដ្ឋមន្ត្រីថៃ។ ពីខេត្តព្រះវិហារ លោក ហ៊ុន សែន ថាការសម្រេចចិត្តបកអាក្រាតនយោបាយផ្ទៃក្នុងថៃ ក៏ដោយសារតែនាយករដ្ឋមន្ត្រីថៃបានប្រមាថចំពោះលោកថាជាមនុស្សគ្មានវិជ្ជាជីវៈ។ អ្នកតាមដានកិច្ចការអន្តរជាតិយល់ថា លោក ហ៊ុន សែន កំពុងប្រើប្រាស់យុទ្ធសាស្ត្របោះអុសទៅក្នុងភ្នក់ភ្លើង ដើម្បីបង្កើតភាពមិនទុកចិត្តគ្នានៅក្នុងនយោបាយផ្ទៃក្នុងថៃ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍អំពាវនាវឱ្យក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ពីការវាយប្រហារសាយប័រ (អ៊ីនធឺនែត) និងការឆបោកតាមប្រព័ន្ធអនឡាញ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងកត់សម្គាល់ថា វេបសាយ និងប្រព័ន្ធអនឡាញមួយចំនួនក្នុងប្រទេសកម្ពុជាបានរងការវាយប្រហារសាយប័រកាន់តែច្រើនឡើងដែលទាមទារឱ្យអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ពង្រឹងមុខងារសុវត្ថិភាពរបស់ខ្លួន។
ទីបំផុតទៅ មហាអំណាចអាមេរិក និងមហាយក្សចិន បានសម្រេចយល់ព្រមព្រៀងគ្នាវិញហើយក្រោយពីផ្ទុះសង្គ្រាមពាណិជ្ជកម្មជាច្រើនខែ និងបន្ទាប់ពីចរចាគ្នាច្រើនលើកច្រើនសា នៅហ្សឺណែវផង និងនៅទីក្រុងឡុងដ្រ៍ផង។ ប៉េកាំងយល់ព្រមឲ្យនាំចេញរ៉ែកម្រទៅអាមេរិក ហើយ វ៉ាស៊ីនតោន ក៏ត្រូវបន្ធូរបន្ថយរនាំងពន្ធគយ និងបើកទីផ្សារសម្រាប់ទំនិញចិនដែរ។
អំពើហិង្សា ការរើសអើងសាសនានិងជាតិសាសន៍ កំពុងតែធ្វើឲ្យប្រជាជនឥណ្ឌាអ្នកកាន់សាសនាអ៊ីស្លាម មានការព្រួយបារម្ភជាខ្លាំង។ ផ្អែកតាមអង្គការក្រៅរដ្ឋាភិបាលឥណ្ឌា គឺអាជ្ញាធរឥណ្ឌាបានចាប់បញ្ជូនអ្នកកាន់សាសនាអ៊ីស្លាម ទៅកាន់ប្រទេសបង់ក្លាដេស ដោយចោទថាជាអន្តោប្រវេសន៍ខុសច្បាប់ បើទោះបីអ្នកខ្លះអះអាងថា គេកើតនៅឥណ្ឌា និងមានសញ្ជាតិឥណ្ឌាក៏ដោយ។ អាជ្ញាធរបង់ក្លាដែស ដែលមិនទទួលពួកគេ បានបណ្តេញមនុស្សទាំងនោះឲ្យត្រលប់មកឥណ្ឌាវិញ។ ការចាប់បញ្ជូនមនុស្សទៅកាន់ប្រទេសផ្សេង ដោយផ្អែកលើលក្ខខណ្ឌជាតិសាសន៍និងសាសនា និងដោយគ្មានការយល់ព្រមទទួលពីភាគីម្ខាងទៀត វាគឺជាអំពើខុសច្បាប់។
ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែតបានរម្លឹកស្មារតីសមត្ថកិច្ចកម្ពុជាឱ្យពង្រឹងភារកិច្ចខ្លួនក្នុងការបង្រ្កាប កាត់ផ្តាច់ និងលុបបំបាត់ការប្រើប្រាស់ ឬចែកចាយគ្រឿងញៀនគ្រប់តំបន់នៅទូទាំងប្រទេស។ ក្នុងសារលិខិតក្នុងទិវា២៦មិថុនានេះ លោក ហ៊ុន ម៉ាណែតបានអំពាវនាវឱ្យមានការចូលរួមផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀនពីគ្រប់ភាគីក្រសួងស្ថាប័នរដ្ឋ និងឯកជនផងដែរ។
ពិភពលោកកំពុងតែជួបស្ថានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ានិងអឺរ៉ុប។ នៅអាស៊ីឯណេះវិញ រដ្ឋអំណាចចិន បានទទួលស្វាគមន៍រដ្ឋមន្ត្រីការពារជាតិ អ៊ីរ៉ង់ និង រុស្ស៊ី ព្រមទាំងប្រទេសមហាអំណាចនុយក្លេអ៊ែរផ្សេងទៀត ដូចជា ឥណ្ឌា និងប៉ាគីស្ថាន។ បន្ថែមលើបរិបទសង្គ្រាមអ៊ីរ៉ង់និងអ៊ីស្រាអែល, ការបើកប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិរៀបចំដោយប៉េកាំងនេះ ធ្វើឡើងតែ១ថ្ងៃបន្ទាប់ពី អង្គការអូតង់ ប្រកាសបង្កើនកញ្ចប់ថវិកាការពារជាតិ និងបញ្ជាក់ជំហររួមបន្តគាំទ្រអ៊ុយក្រែន។
លោកហ្សេឡេនស្គី បានជួបជាមួយលោកដូណាល់ ត្រាំ កាលពីរសៀល ថ្ងៃពុធទី២៥មិថុនា នៅក្រៅក្របខណ្ឌនៃជំនួបកំពូលអូតង់ ដែលបានប្រព្រឹត្តធ្វើទៅនៅទីក្រុងឡាអេ ប្រទេសហូឡង់។ ប្រធានាធិបតីទាំង២ ដែលធ្លាប់បានឈ្លោះប្រកែកគ្នាតឹងសរសៃកនៅឯសេតវិមានកាលពីខែកុម្ភៈនោះ បានអះអាងថាការនិយាយគ្នាលើកនេះ គឺមានលទ្ធផលល្អ ប្រកបដោយការស្ថាបនា។ លោកហ្សេឡេនស្គី បានឲ្យដឹងថា លោកបាននិយាយជាមួយលោកដូណាល់ ត្រាំ អំពីដំណើរការឈានទៅរកបទឈប់បាញ់ជាមួយរុស្ស៊ី និងលទ្ធភាពទិញអាវុធបន្ថែមពីសហរដ្ឋអាមេរិក ដើម្បីយកមកការពារសន្តិសុខអ៊ុយក្រែន។
ក្នុងសប្តាហ៍នេះ ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្ពោធរមណីយដ្ឋានទេសចរណ៍ដ៏ធំមហិមា នៅតំបន់មាត់ឆ្នេរ បូព៌ាប្រទេស។ នេះបើតាមបណ្តាញឃោសនារដ្ឋកូរ៉េខាងជើង ដោយបញ្ជាក់ទៀតថា ទីកន្លែងលំហែកម្សាន្តដ៏ទំនើបថ្មីនេះ អាចទទួលស្វាគមន៍ភ្ញៀវទេសចរ យ៉ាងតិច ២០ ០០០នាក់។
បុរសវ័យចំណាស់ ៦នាក់ដែលជាក្រុមអតីតយុទ្ធជនរងគ្រោះដោយសារគ្រាប់មីនក្នុងសង្គ្រាមស៊ីវិល បានប្រគុំភ្លេងបុរាណខ្មែរ នៅច្រកទ្វារខាងកើតនៃប្រាសាទតាព្រហ្ម។ ពួកគេចំណាយពេលជាង ៨ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីរកប្រាក់ចំណូល តាមរយៈការលេងភ្លេងកំដរដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ។ ក្រុមអតីតយុទ្ធជនទាំងនោះសំណូមពរដល់ភ្ញៀវទេសចរជួយឧបត្ថម្ភថវិកា ដើម្បីចិញ្ចឹមគ្រួសារ ខណៈថ្ងៃខ្លះពួកគេត្រូវត្រឡប់ទៅផ្ទះវិញដោយដៃទទេ។