នៅក្នុងពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងតួនាទីជាអនុប្រធានគណបក្សប្រជាជនបានថ្លែងថា អ្នកដែលមិនបានធ្វើអ្វីដែលប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ មិនត្រូវភ័យបារម្ភចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពីការដកសញ្ជាតិនោះទេ។ តាមលោក ហ៊ុន ម៉ាណែត មានប្រទេសចំនួន ១៥០ ក្នុងចំណោម ១៩៥ប្រទេស ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ(អ.ស.ប) មានច្បាប់ដកសញ្ជាតិ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ច្បាប់ដកសញ្ជាតិនេះ ក៏មានផងដែរនៅក្នុងចំណោមប្រទេស ដែលជាសមាជិកសហភាពអឺរ៉ុប អង់គ្លេស និងសហរដ្ឋអាមេរិក។ សូមរំលឹកថាគម្រោងនៃការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិពលរដ្ឋពីកំណើតនេះ បានរងនូវប្រតិកម្មពីអ្នកនយោបាយប្រឆាំង អ្នកច្បាប់ និងអ្នកវិភាគសង្គម និងនយោបាយមួយចំនួន ដោយពួកគេចាត់ទុកថាការធ្វើវិសោនកម្មច្បាប់ដកសញ្ជាតិពីពលរដ្ឋ គឺជាអំពើប្រល័យពូជសាសន៍ ឬជាការរំលោកទៅលើគោលការណ៍សិទ្ធិមនុស្ស និងសិទ្ធិនយោបាយជាដើម។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថាវិសោធនកម្មច្បាប់នេះ មិនមានគោលដៅធ្វើបាបប្រជាពលរដ្ឋរបស់ខ្លួនទេ ប្រសិនបើពលរដ្ឋនោះ មិនបានឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញជាតិធ្ងន់ធ្ងរ៕
ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាមបានកើនឡើងដល់ជាង ១០ពាន់លានដុល្លារ ដោយជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំង ២ក្នុងឆ្នាំ២០២៤ បានផ្អៀងមកខាងកម្ពុជា។ នេះបើតាមការឱ្យដឹងពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ ក្នុងស្ថានភាពនៃជម្លោះព្រំដែនជាមួយថៃ អ្នកតាមដានសង្គម និងអ្នកជំនាញសេដ្ឋកិច្ចមើលឃើញស្រដៀងគ្នាថា ទំហំពាណិជ្ជកម្មកម្ពុជាជាមួយវៀតណាមនឹងកើនឡើងជាលំដាប់ថែមទៀត។ តែដំណាលគ្នានេះដែរ អ្នកតាមដានសង្គម និងអ្នកសេដ្ឋកិច្ចយល់ថា កម្ពុជាចាំបាច់ត្រូវតែពង្រឹងគុណភាពនៃការធ្វើពាណិជ្ជកម្មជាមួយវៀតណាម ដែលមិនមានហានិភ័យដល់ពលរដ្ឋ និងសង្គម។ តើកម្ពុជាគួរប្រុងប្រយ័ត្នយ៉ាងណាដើម្បីពង្រីកទំហំពាណិជ្ជកម្មជាមួយវៀតណាមដោយគ្មានហានិភ័យ?
សហរដ្ឋអាមេរិកព្រមបោះបង់គម្រោងដំឡើងពន្ធដ៏ខ្ពស់ត្រដែតលើផលិតផលនាំចូលមកពីវៀតណាមហើយ។ ប្រទេសទាំងពីរបានព្រមព្រៀងគ្នានៅល្ងាចថ្ងៃទី២កក្កដា។ ប៉ុន្តែសម្រាប់អ្នកវិភាគ កិច្ចព្រមព្រៀងបន្ធូរបន្ថយពន្ធវៀតណាមអាមេរិក ហាក់ដៅវាយប្រហារចិន ដោយមិនចំពោះ។ ហេតុដូច្នេះហើយបានជាប៉េកាំងបានបញ្ចេញប្រតិកម្មនៅថ្ងៃព្រហស្បតិ៍ទី៣កក្កដានេះ ព្រមានអំពីផលវិបាកនៃកិច្ចចរចាពាណិជ្ជកម្មដែលបំផ្លាញប្រទេសផ្សេង។
ចំណាប់ខ្មាំងជនជាតិបារាំង២នាក់ប្តីប្រពន្ធ គឺលោកស្រី Cécile Kohler និងលោក Jacques Paris ដែលត្រូវបានអាជ្ញាធរអ៊ីរ៉ង់ ចាប់បង្ខាំងទុកអស់ជាង៣ឆ្នាំមកហើយនោះ ទើបតែត្រូវបានចៅក្រមអ៊ីរ៉ង់ចោទប្រកាន់ថាបានឈ្លបយកការណ៍ឲ្យអ៊ីស្រាអែល។ នេះបើផ្អែកតាមប្រភពពីមន្ត្រីទូត នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣កក្កដា។ ក្រសួងការបរទេសបារាំងបានអះអាងថា ការចោទនេះគឺគ្មានមូលដ្ឋាន ហើយថាវាគឺជាទង្វើដែលអ៊ីរ៉ង់ធ្វើ ដើម្បីដាក់សំពាធការទូតមកលើបារាំង តាមរយៈការចាប់ចំណាប់ខ្មាំងជនស្លូតត្រង់។
សម្តេចសង្ឃដាឡៃឡាម៉ា ប្រមុខដឹកនាំពុទ្ធសាសនាទីបេ ដែលបច្ចុប្បន្នមានព្រះជន្ម៩០ព្រះវស្សា បានបញ្ជាក់ឲ្យដឹងថា នឹងមានអ្នកស្នងចាប់ជាតិបន្តពីព្រះអង្គ នៅក្រោយពេលព្រះអង្គចូលទិវង្គត។ ព្រះអង្គបានបញ្ជាក់ទៀតថា នីតិវិធីសម្រេចជ្រើសរើសអ្នកដែលនឹង “ចាប់ជាតិថ្មី” ស្នងបន្តពីព្រះអង្គ នឹងត្រូវដំណើរការទៅ ដោយគោរពតាមប្រពៃណីទំនៀមទំលាប់ពុទ្ធសាសនាទីបេ។ ក្នុងន័យនេះ សម្តេចសង្ឃដាឡៃឡាម៉ា បានបដិសេធគំនិត ដែលថាអាជ្ញាធរចិន អាចនឹងលូកដៃ សម្រេចតែងតាំងដាឡៃឡាម៉ាមួយអង្គថ្មី ដើម្បីបម្រើគោលនយោបាយចិន។
សហរដ្ឋអាមេរិកបានសម្រេចនៅថ្ងៃទី១កក្កដា ឈប់ឱ្យគ្រាប់មីស៊ីលនិងគ្រាប់កាំភ្លើងធំទៅអ៊ុយក្រែនហើយ ក្រោមហេតុផលខ្លាចអស់សព្វាវុធពីឃ្លាំង។ សម្រាប់កៀវ គ្មានជំនួយគ្រាប់ពីអាមេរិក អ៊ុយក្រែនច្បាស់ជាពិបាកទប់ទល់នឹងរុស្ស៊ីខ្លាំងណាស់ ព្រោះម្យ៉ាងទៀត រុស្ស៊ីកំពុងបង្កើនការវាយប្រហារយ៉ាងសន្ធាប់ខ្លាំងលើអ៊ុយក្រែន នាពេលនេះ។
លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរីកំពុងបំពេញទស្សនកិច្ច រយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០២ ខែកក្កដានេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានមើលឃើញថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីនៅកម្ពុជាអំឡុងពេលខួប៦០ឆ្នាំនេះ គឺជាការបង្កើនទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរីកាន់តែជ្រាលជ្រៅបន្ថែមទៀត។ ទាក់ទងទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បញ្ជាក់ថាសិង្ហបុរីក៏មានជំហរដូចកម្ពុជាដែរ គឺការដោះស្រាយគ្នាដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។
ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា នៅថ្ងៃទី ២ ខែកក្កដា នេះ បានទូលថ្វាយព្រះមហាក្សត្រ ព្រះបាទ សម្តេចនរោត្តមសីហមុនី ថា វិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា៣៣ អាចធ្វើទៅបាន។ ការទូលថ្វាយព្រះមហាក្សត្រដោយក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាយ៉ាងដូចនេះ កើតមានឡើង តែប៉ុន្មានថ្ងៃក្រោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ផ្តួចផ្តើមគំនិតឲ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរណាម្នាក់ដែលគប់គិតជាមួយបរទេសមកបំផ្លាញខ្មែរ។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានដឹកនាំការប្រជុំមួយនៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារទី១កក្កដា ជាមួយនឹងរដ្ឋមន្ត្រីការបរទេស សមាជិក៣ទៀតនៃក្រុមប្រទេស Quad ដែលមាន ជប៉ុន អូស្ត្រាលី និងឥណ្ឌា។ ក្រោយកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសទាំង៤ បានសន្យាសហការគ្នានៅក្នុងវិស័យធនធានរ៉ែកម្រ ដើម្បីធ្វើយ៉ាងណាឈប់ពឹងផ្អែកលើចិន ហើយនិងដើម្បីកាត់បន្ថយឥទ្ធិពលចិន មកលើវិស័យបច្ចេកវិទ្យា សេដ្ឋកិច្ច ក៏ដូចជាសន្តិសុខជាតិ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance Cambodia) បានចេញមកបំភ្លឺថា លោក ទ្រី ស៊ីថេង អតីតអ្នកមើលថែទាំសត្វនៅភ្នំតាម៉ៅ ជាអ្នកសុំលាឈប់ពីការងារដោយស្ម័គ្រចិត្ត ដោយពុំមាននរណាម្នាក់បញ្ឈប់គាត់ឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ តែលោក ទ្រី ស៊ីថេង បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការលាឈប់របស់លោកពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រោះតែបញ្ហាផ្ទៃក្នុង។
ប្រទេសកម្ពុជាមានសហគ្រាសធុនតូច និងមធ្យម(SME) ចំនួនជាង ៧៥ម៉ឺនសហគ្រាស ដែលរួមចំណែក ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា។ ចំនួន SMEនេះ ស្មើនឹង ៦០% នៃផលិតផលក្នុងស្រុក ព្រមទាំងផ្ដល់ឱកាសការងារ ៧៣% នៃកម្លាំងពលកម្មសរុបនៅកម្ពុជា។ នៅក្នុងចំណោមនោះ សហគ្រិនស្រ្តីជាង ៦០% បានក្លាយទៅជាម្ចាស់អាជីវកម្មក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ដែលរួមចំណែកយ៉ាងសំខាន់នៅក្នុងការផ្តល់ការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ប៉ុន្តែទោះជាយ៉ាងណា ស្រី្តនៅក្នុងវិស័យ SME ហាក់នៅជួបបញ្ហាប្រឈមមួយចំនួន ដែលរារាំងដល់ការរីកចម្រើនក្នុងអាជីវកម្មរបស់ពួកគេ និងដែលទាមទារអោយមានការរជួយជ្រោមជ្រែង និងលើកទឹកចិត្តបន្ថែម។
អាជ្ញាធរបរទេសបានចាប់បញ្ជូនពលរដ្ឋខ្មែរ ដែលបានប្រព្រឹត្តបទល្មើសមកឱ្យកម្ពុជាវិញចំនួនជាង ៥ ០០០នាក់ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដែលបានផ្សព្វផ្សាយនៅក្នុងកិច្ចសម្ភាសមួយដែលចាក់ផ្សាយដោយទូរទស្សន៍ក្រសួងមហាផ្ទៃកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងចំណោមពលរដ្ឋខ្មែរទាំងនោះ មានប្រមាណ ១៨០នាក់ ជាស្ត្រីខ្មែរ ដែលត្រូវបានបញ្ជូនមកពីប្រទេសចិន ដោយសារការចាញ់បោកមេខ្យល់ក្រោមរូបភាពទៅរៀបការ។
អង្គការសហប្រជាជាតិ កំពុងតែព្រួយបារម្ភខ្លាំងចំពោះបំណុលសាធារណៈរបស់ប្រទេសក្រីក្រ។ បំណុលសាធារណៈបានជះឥទ្ធិពលប៉ះពាល់ដល់ប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចរបស់ប្រទេសក្រីក្រ ហើយជាពិសេសវិស័យសុខាភិបាល និងសិក្សាធិការ។ អាស្រ័យហេតុនេះ ទើបបណ្តាប្រទេសក្រីក្រ និង អង្គការសហប្រជាជាតិ រួមរួបគ្នារៀបចំកិច្ចប្រជុំនៅប្រទេសអេស្ប៉ាញ ដើម្បីស្វែងរកដំណោះស្រាយ។
មានអង្គការប្រមាណជិត១៧០ស្ថាប័ន បានរួមគ្នាអំពាវនាវ សុំឲ្យបញ្ឈប់ជាបន្ទាន់នូវប្រព័ន្ធចែកចាយស្បៀងអាហារជំនួយមនុស្សធម៌នៅតំបន់ហ្កហ្សា ដែលចាត់ចែងផ្តាច់មុខដោយអង្គការមួយ ហើយដែលត្រូវគេដឹងថា ជាអង្គការស្និទ្ធជាមួយរដ្ឋាភិបាលអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក។ អាជ្ញាធរហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានអះអាងថាប៉ុន្មានសប្តាហ៍មកនេះ មានប្រជាជនប៉ាឡេស្ទីនស្លាប់ច្រើនរយនាក់ នៅក្នុងការដំណើរស្វះស្វែងរកចំណីអាហារដោយលំបាក។
នៅថ្ងៃអង្គារទី១ កក្កដា តុលាការធម្មនុញ្ញថៃបានសម្រេចព្យួរតំណែងនាយករដ្ឋមន្រ្តីរបស់លោកស្រីផែថងថាន ស៊ីណាវ៉ាត់ ជាបណ្តោះអាសន្នសិន ក្នុងពេលរង់ចាំការសម្រេចជាផ្លូវការដែលត្រូវការពេលវេលាយូរ ជាច្រើនសប្តាហ៍ ដល់រាប់ខែ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់តុលាការធម្មនុញ្ញ។ នៅថ្ងៃដដែលនេះដែរ លោកថាក់ស៊ីន ដែលជាឪពុកក៏ត្រូវ តុលាការព្រហ្មទណ្ឌថៃបើកសវនាការជំនុំជម្រះក្នុងបទជេរប្រមាថព្រះមហាក្សត្រទាក់ទងនឹងសំដីបរិហាររបបរាជានិយមកាលពី១០ឆ្នាំមុន។ តើត្រកូលស៊ីណាវ៉ាត់កំពុងប្រឈមនឹងដួលរលំដោយសារសំណុំរឿងនៅតុលាការ?
នៅថ្ងៃអង្គារទី១កក្កដា តុលាការធម្មនុញ្ញថៃបានសម្រេចព្យួរតំណែងនាយករដ្ឋមន្រ្តីរបស់លោកស្រីផែថងថាន ស៊ីណាវ៉ាត់ ជាបណ្តោះអាសន្នសិន ក្នុងពេលរង់ចាំការសម្រេចជាផ្លូវការដែលត្រូវការពេលវេលាយូរ ជាច្រើនសប្តាហ៍ ដល់រាប់ខែ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់តុលាការធម្មនុញ្ញ។ នៅថ្ងៃដដែលនេះដែរ លោកថាក់ស៊ីន ដែលជាឪពុកក៏ត្រូវ តុលាការព្រហ្មទណ្ឌថៃបើកសវនាការជំនុំជម្រះក្នុងបទជេរប្រមាថព្រះមហាក្សត្រទាក់ទងនឹងសំដីបរិហាររបបរាជានិយមកាលពី១០ឆ្នាំមុន។ តើត្រកូលស៊ីណាវ៉ាត់កំពុងប្រឈមនឹងដួលរលំដោយសារសំណុំរឿងនៅតុលាការ?
ភ្លាមៗក្រោយតុលាការធម្មនុញ្ញថៃប្រកាសព្យួរតំណែងនាយករដ្ឋមន្រ្តីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅថ្ងៃទី១ ខែកក្កដានេះ រដ្ឋាភិបាលកម្ពុជា តាមរយៈប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានអះអាងថា កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ក្នុងនាមជាប្រទេសជិតខាង ទោះបីជាតំណែងនាយករដ្ឋមន្រ្តីថៃបច្ចុប្បន្នត្រូវបានព្យួរក៏ដោយ។ តាមលោក ប៉ែន បូណា ការផ្លាស់ប្តូរសមាសភាពនាយករដ្ឋមន្រ្តីថៃយ៉ាងណានោះ គឺជារឿងផ្ទៃក្នុងរបស់ថៃ ហើយវាមិនពាក់ព័ន្ធជាមួយកម្ពុជាទេ។
ក្រុមអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ (KTNC Watch) បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយកាលពីថ្ងៃទី៣០ខែ មិថុនា ដែលបានបង្ហាញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាចំនួន ២ ស្ថាប័ន ដែលគ្រប់គ្រងដោយវិនិយោគិនជនជាតិកូរ៉េ បានផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ច ដល់ប្រជាពលរដ្ឋកម្ពុជា។ នេះបើតាមការចេញផ្សាយដោយអង្គការសិទិ្ធមនុស្សលីកាដូ។ ចំណែកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិយាយថា ខ្លួនបានដឹងអំពីរបាយការណ៍ដែលត្រូវបានចេញផ្សាយនាពេលថ្មីៗនេះ និងថាសមាគមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានានាដែលកើតឡើងចំពោះអ្នកខ្ចីប្រាក់។
ចាប់តាំងពីមានភាពតានតឹងខាងព្រំដែនរវាងកម្ពុជា និងថៃ ដែលបានផ្តើមឡើងកាលពីចុងខែឧសភា ឆ្នាំ២០២៥ ប្រជាជនកម្ពុជាហាក់បង្ហាញនូវស្មារតីជាតិនិយម ដោយងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក។ អ្នកតាមដានសង្គមនានាមើលឃើញថាជាឱកាសដ៏ល្អ ដែលពលរដ្ឋខ្មែរជ្រើសរើសយកការប្រើប្រាស់ផលិតផលខ្មែរក្នុងស្រុក។ ស្មារតីជាតិនិយមរបស់ពលរដ្ឋខ្មែរនេះ ក៏ត្រូវគេមើលឃើញថាធ្វើឡើងបានតែមួយឆាវៗ។ តែបើស្មារតីនេះអាចស្ថិតស្ថេរជារៀងរហូត នោះគឺជាការប្រសើរ។ ប្រសើរដោយនៅក្នុងវិបត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ បានបង្កប់ដោយលាប គឺធ្វើឲ្យខ្មែរងាកមកគាំទ្រផលិតផលខ្មែរយ៉ាងពេញទំហឹង និងកាត់បន្ថយ ឬពហិការផលិតផលនាំចូល។
ហុងកុងប្រារព្ធពិធីអបអរខួប២៨ឆ្នាំ នៃការផ្ទេរអំណាចគ្រប់គ្រង ពីអាណានិគមអង់គ្លេស ទៅឲ្យចិនកុម្មុយនិស្ត។ តែក្នុងឱកាសរម្លឹកខួបនេះ រដ្ឋបាលហុងកុងត្រូវរងការរិះគន់ជាខ្លាំងពីសំណាក់ប្រទេសលោកខាងលិច ជុំវិញការរឹតបន្តឹងច្បាប់សន្តិសុខជាតិ ដែលតាក់តែងដោយរដ្ឋអំណាចចិនប៉េកាំង ដើម្បីបំបិទសិទ្ធិសកម្មជនប្រឆាំង។ សហភាពអឺរ៉ុប បានលើកឡើងថា ៥ឆ្នាំហើយដែលហុងកុងបាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ព្រោះតែច្បាប់សន្តិសុខជាតិ។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានរៀបចំពិធីទទួលសាកសពទាហានកូរ៉េខាងជើង ដែលបានពលីជីវិតក្នុងការជួយធ្វើសង្គ្រាមរុស្ស៊ី នៅសមរភូមិអ៊ុយក្រែន។ នេះបើផ្អែកតាមរូបភាពវីដេអូ ផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង នៅព្រឹកថ្ងៃអង្គារទី១កក្កដា។ កម្មវិធីឧទ្ទិសវិញ្ញាណក្ខន្ធទាហានកូរ៉េខាងជើងនេះ ត្រូវបានរៀបចំឡើងជាមួយនឹងវត្តមានរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌រុស្ស៊ី ដែលបានធ្វើដំណើរមកទីក្រុងព្យុងយ៉ាង អបអរសាទរចំណងសម្ព័ន្ធភាពដ៏រឹងមាំ រវាងប្រទេសទាំង២។
ជារៀងរាល់ព្រឹក ប្រជានេសាទផ្តើមចេញទូកទៅនេសាទ ឬរាវខ្យងក្រោមបាតសមុទ្រដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែបច្ចុប្បន្ននេះ ទីតាំងដែលអ្នកនេសាទធ្លាប់អាស្រ័យផល ទឹកសមុទ្រប្រែជាល្អក់ខុសប្រក្រតី និងឡើងកករកើតជាភក់។ ផលវិបាកនេះធ្វើឲ្យប្រជានេសាទនៅភូមិព្រែកអំពិល ត្រូវបង្ខំចិត្តធ្វើដំណើរទៅរាវខ្យងកាន់តែឆ្ងាយទៅៗពីដីគោក។
កងទ័ពរំដោះប្រជាជនចិន (The People’s Libération Army) PLAបានប្រកាស កាលពីថ្ងៃចន្ទទី ៣០មិថុនា ថា នាវាផ្ទុកយន្តហោះចម្បាំងធំៗពីរគ្រឿង គឺShandong និងLiaoning បានវិលត្រលប់ចូលមូលដ្ឋានទ័ពជើងទឹកវិញដោយសុវត្ថិភាព បន្ទាប់ពីចូលរួមយ៉ាងសកម្មនៅក្នុងសមយុទ្ធ នៅមហាសមុទ្រប៉ាស៊ីហ្វិក។ សេចក្តីប្រកាសព័ត៌មានរបស់កងទ័ពចិនមិនបានបញ្ជាក់ច្បាស់ពីពេលវេលា និងទីកន្លែងធ្វើសមយុទ្ធនោះទេ ប៉ុន្តែ ក្រសួងការពារជាតិជប៉ុនកាលពីថ្ងៃទី១០មិថុនាធ្លាប់បានសំដែងក្តីបារម្ភ ព្រោះថា នេះជាលើកទី១ដែលចិនបញ្ជូននាវាដឹកយន្តហោះចម្បាំងដ៏ធំរបស់ខ្លួនទាំងពីរគ្រឿងឲ្យទៅធ្វើសមយុទ្ធនៅតំបន់ទឹកអន្តរជាតិក្បែរកោះGuam របស់អាមេរិក។
អ៊ីរ៉ង់មានសមត្ថភាព និងបច្ចេកទេសដើម្បីអាចចាប់ផ្តើមចម្រើនធាតុអ៊ុយរ៉ាញ៉ូមឡើងវិញនៅក្នុងរយៈពេលតែប៉ុន្មានខែខាងមុខ។ នេះជាការអះអាងរបស់ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ AIEA នៅក្នុងបទសម្ភាសដែលទូរទស្សន៍អាមេរិក CBS ចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ទី២៩ មិថុនា។ ការលើកឡើងរបស់ប្រធានទីភ្នាក់ងារ AIEA ដូចនេះហាក់ផ្ទុយស្រឡះពីការអះអាងរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំដែលអួតថា យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកបានបំផ្លាញសមត្ថភាពផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នៅមុនប្រធាន AIEA ការសង្ស័យទៅលើប្រសិទ្ធភាពវាយប្រហាររបស់អាមេរិកទៅលើទីតាំងនុយក្លេអ៊ែរធំៗទាំង ៣ របស់អ៊ីរ៉ង់ចាប់មានបណ្តើរៗ បន្ទាប់ពីរបាយការណ៍សម្ងាត់របស់ទីភ្នាក់ងារចារកិច្ចអាមេរិកបង្ហាញថា ការវាយប្រហារកាលពីថ្ងៃទី២១ មិថុនាមិនបានបំផ្លាញទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ទាំងស្រុងនោះទេ។
ក្នុងខែមិថុនានេះ សង្គ្រាមអ៊ីរ៉ង់ និងអ៊ីស្រាអែល រួមទាំងឱសានវាទបណ្តេញចេញជិតដល់កំណត់បានតម្រូវឲ្យបណ្តាជនអន្តោប្រវេសន៍អាហ្វហ្កានីស្ថានរាប់ពាន់នាក់នាំគ្នាវេចបង្វេចចាកចេញពីប្រទេសអ៊ីរ៉ង់ត្រឡប់ទៅអាហ្វហ្កានីស្ថានវិញ។ អង្គការអន្តរជាតិដើម្បីជនអន្តោប្រវេសន៍ (OIM) ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា មានជនអន្តោប្រវេសន៍អាហ្វហ្កានីស្ថានចំនួនជាង ២ សែននាក់បានបង្ខំចិត្តចាកចេញពីអ៊ីរ៉ង់ក្នុងខែមិថុនានេះ និងថា ក្នុងមួយថ្ងៃៗ មានប្រជាជនអាហ្វហ្កានីស្ថានចន្លោះពី៦ ទៅ៧ពាន់នាក់បានឆ្លងកាត់ព្រំដែនអ៊ីរ៉ង់ចូលទៅទឹកដីអាហ្វហ្កានីស្ថាន។
សមាជិកនៃសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានចាត់ទុកថា វិធានការរឹតបន្តឹងលើការនាំចូលត្រីពីក្រៅប្រទេសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមិនទាន់មានប្រសិទ្ធភាពពេញលេញ ដោយសារតែកង្វះតម្លាភាពនៃការផ្តល់កូតាអនុញ្ញាតឲ្យនាំចូលត្រីដែលធ្វើឲ្យតម្លៃត្រីកើនឡើងក្នុងទីផ្សារ។ សមាជិកសមាគម អះអាងថា ក្រសួង ក៏មិនមានយន្តការតម្លាភាពដែលបញ្ជាក់អំពីលទ្ធភាពនៃការបង្កើនផលត្រីនៅក្នុងស្រុកផងដែរ។
អតីតនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន បានបដិសេធចំពោះការបង្កើតវីដេអូក្លែងក្លាយ ក្នុងទម្រង់ជាវីដេអូបញ្ញាសិប្បនិមិ្មត ឬ deepfake ដោយនិយាយភាសាថៃ ដើម្បីប្រកាសប្រមូលមូនិធិជួយដល់ទ័ពខ្មែរក្នុងការច្បាំងជាមួយទ័ពថៃ។ នេះបើតាមសំណេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន នៅថ្ងៃទី២៩ មិថុនា ២០២៥។ ដោយឡែកអ្នកជំនាញផ្នែកសន្តិសុខឌីជីថលយល់ថា deepfake មានហានិភ័យខ្ពស់សម្រាប់ពលរដ្ឋទូទៅដែលពិបាកក្នុងការវិភាគ និងខ្វះខាតជំនាញក្នុងការសម្គាល់ពីវីដេអូពិត និងបង្កើតដោយ AI។
កម្ពុជា និងថៃ បានបន្តប្រឈមមុខដាក់គ្នាខាងនយោបាយ និងយោធាចាប់តាំងពីមានការផ្ទុះអាវុធកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចព្រំដែនមុំ៣ នៃខេត្តព្រះវិហារ។ ក្នុងអំឡុងពេលនៃការប្រឈមមុខដាក់គ្នានេះ មានមាតិការព័ត៌មាន រូបភាព និងវីដេអូតាមទម្រង់បញ្ញាសិប្បនិម្មិត(AI) ត្រូវបានបង្កើតឡើងយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម។ អ្នកតាមដានសង្គមនានាមើលឃើញថា AI ពិតជាមានសារសំខាន់ចំពោះវិស័យបច្ចេកវិទ្យា តែវាជាហានិភ័យចំពោះការប្រើប្រាស់បែបអវិជ្ជមាន និងកាលៈទេសៈនៃជម្លោះរវាងកម្ពុជា និងថៃ។
នាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់រដ្ឋាភិបាលថៃ បានវាយតម្លៃថា ថៃនឹងខាតបង់ប្រាក់ជាង ៦០ពាន់លានបាត ឬជិត២ពាន់លានដុល្លារអាមេរិក បើការបិទព្រំដែនជាមួយកម្ពុជាដូចសព្វថ្ងៃនៅបន្តដល់ដំណាច់ឆ្នាំ ២០២៥នេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយថៃ។ ការវាយតម្លៃនេះ ធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលថៃបានសម្រេចបិទច្រកទ្វារព្រំដែនទាំងស្រុងកាលពីថ្ងៃ២៤ ខែមិថុនា ហើយចំពេលកម្ពុជាមិនព្រមបើកច្រកទ្វារព្រំដែនដែរ ទោះមានសំណើពីយោធាថៃក៏ដោយ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញមកបដិសេធចំពោះសម្បកវេចខ្ចប់អង្ករមួយប្រភេទ ដែលមានមានរូបដូចទៅនឹងទង់ជាតិរបស់ប្រទេសថៃ។ ការចេញមកអះអាងយ៉ាងដូច្នេះរបស់សហព័ន្ធស្រូវអង្ករកម្ពុជា គឺក្រោយមានការបង្ហោះលក់រាយជាប្រភេទអង្ករវេចខ្ចប់ទម្ងន់៥គីឡូក្រាម តាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានចុះហត្ថលេខាលើក្រិត្យ ដែលគ្រោងដកអ៊ុយក្រែនចេញពីសន្ធិសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ នេះបើតាមសេចក្តីជូនដំណឹងរបស់ការិយាល័យប្រធានាធិបតីអ៊ុយក្រែន តាមបណ្តាញអ៊ីនធ័រនែត។