គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) បានប្រកាសកាលពីថ្ងៃទី ៤ ខែកក្កដា ថា មានប្រជាពលរដ្ឋចំនួន៥០០គ្រួសារ បានទទួលដីតាមការចាប់ឆ្នោតជុំទី១ ដែលបានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៣០មិថុនា ដល់ថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២៥នេះ។ នេះជាកម្មវិធីដែលធ្វើឡើង ក្រោយរដ្ឋាភិបាលកម្ពុជា បានបិទបញ្ចប់គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ឬ CLV-DTA កាលពីឆ្នាំ២០២៤។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកលទ្ធផលនៃការស្ទង់មតិរបស់ថៃដែលថា «លោក ហ៊ុន សែន ជាបុគ្គលដែលមិនអាចទុកចិត្តបាន និងធ្វើអ្វីៗដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន»នោះ គឺជារឿងគួរឲ្យអស់សំណើច។ អស់សំណើចត្រង់ថា ការស្ទង់មតិនោះ បានធ្វើតែទៅលើប្រជាពលរដ្ឋថៃ ដែលមិនពាក់ព័ន្ធជាមួយកម្ពុជា។ ប្រតិកម្មនេះកើតឡើងបន្ទាប់ពី លទ្ធផលនៃការស្ទង់មតិមួយរបស់ថៃនាពេលថ្មីៗនេះ បានវាយតម្លៃថា ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានធ្វើអ្វីៗសម្រាប់បម្រើប្រយោជន៍ផ្ទាល់ខ្លួន និងជាបុគ្គល មិនអាចទុកចិត្តបាន។
ស្របពេលដែលដំណើរឆ្ពោះទៅរកការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ កំពុងតែដើរទៅមុខ ការជជែកវែកញែកពីគុណវិបត្តិនៃច្បាប់នេះ ក៏កំពុងតែកើតឡើង។ អ្នកវិភាគនយោបាយខ្លះ យល់ថា កម្ពុជាកំពុងដើរទៅជាន់ដានកង់ប្រវត្តិសាស្ត្រជាថ្មី ដូចកាលពីសម័យសង្គមរាស្ត្រនិយម ដែលអតីតព្រះមហាក្សត្រ ព្រះបរមរោតនកោដ្ឋ នរោត្តម សីហនុ ធ្លាប់បានប្រកាសឲ្យប្រើច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ ក្នុងខែតុលា ឆ្នាំ១៩៦៨។ អ្នកតាមដាននយោបាយ យល់ថា បើអនុម័តច្បាប់ដកសញ្ជាតិពលរដ្ឋខ្មែរនៅពេលខាងមុខនេះ នឹងធ្វើឲ្យសង្គមខ្មែរឈានទៅរកការបែកបាក់កាន់តែធ្ងន់ធ្ងរ។
ក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំង ហៅកាត់ថា Brics បានបើកកិច្ចប្រជុំកំពូល នៅប្រេស៊ីល តែគ្មានវត្តមានផ្ទាល់របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រមុខរដ្ឋរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នោះទេ។ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ប្រធានាធិបតីប្រេស៊ីល លោក លូឡា បានថ្លែងបើកកម្មវិធីដោយលើកឡើងអំពីការរីកសាយឥទ្ធិពលនៃនយោយបាយសេដ្ឋកិច្ច«សួនតួនិយម»របស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ហើយលោក លូឡា ក៏ជំរុញឲ្យការពារ«ពហុភាពនិយម»។
នៅសហរដ្ឋអាមេរិក មហាសេដ្ឋីលំដាប់ពិភពលោក អេឡុន ម៉ាសក៍ ដែលជាចៅហ្វាយក្រុមហ៊ុន Space X, ឡាន Tesla និងបណ្តាញសង្គម X បានប្រកាសបង្កើតគណបក្សនយោបាយថ្មី ក្រោយពីឈ្លោះប្រកែកឌឺដងគ្នាជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញរឿងច្បាប់ថវិកាជាតិ។ មហាសេដ្ឋីរូបនេះបានរិះគន់ច្បាប់ថវិការបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ថាមិនត្រឹមតែបង្កើនបំណុលសាធារណៈ ជាង ៣ ០០០ ពាន់លានដុល្លារប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យអាមេរិកអាចនឹងក្ស័យធនទៀតផង។
ក្រសួងការពារជាតិកម្ពុជា បានច្រានចោលទាំងស្រុងចំពោះការអះអាងរបស់រដ្ឋមន្ត្រីស្តីទី នៃក្រសួងការពារជាតិថៃ ដែលថា មានការពិភាក្សាក្រៅផ្លូវការមួយជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជា ពាក់ព័ន្ធនឹងកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងការបិទ-បើកច្រកព្រំដែនកម្ពុជា-ថៃ។ ប្រតិកម្មដោយច្រានចោលរបស់ភាគីកម្ពុជា គឺជាការឆ្លើយតបនឹងនាយឧត្តមសេនីយ៍ ណាត់ថាផុល ណាកផានិច្ច អនុរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃដែលត្រូវបានស្រង់សំដីដោយសារព័ត៌មានថៃនាពេលថ្មីៗនេះ។
អ្នកភូមិចំនួន ៩គ្រួសារ នៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម បន្តអភិរក្សសិល្បៈនៃការផលិតល្បាប់មរនៃរុក្ខជាតិត្រុំ សម្រាប់ប្រើប្រាស់ក្នុងវិស័យតម្បាញក្រមាត្រុំអង្គរបាន ។ ស្ថិតក្នុងស្ថានភាពនៃការបាត់បង់សិល្បៈតម្បាញក្រមាត្រុំអង្គរបាន ប្រធានសហគមន៍ត្រុំអង្គរបាន អ្នកស្រី ធុច សោភ័ណ្ឌ ចង់ឃើញពលរដ្ឋក្នុង និងក្រៅប្រទេស ជួយគាំទ្រក្រមាត្រុំអង្គរបាន។ ការជួយគាំទ្រនេះ គឺប្រៀបបាននឹងការរួមចំណែកលើកស្ទួយជីវភាពអ្នកភូមិឲ្យកាន់ល្អប្រសើរផង និងចូលរួមអភិរក្សថែរក្សាវប្បធម៍ប្រពៃណីខ្មែរផង៕
កាលពីថ្ងៃទី១៤ ខែមិថុនា អ៊ីស្រាអែលបានបើកការវាយប្រហារ ទៅលើអ៊ីរ៉ង់។ យុទ្ធនាការវាយអ៊ីរ៉ង់ ដែលមានរយៈពេល១២ថ្ងៃនេះ កើតមានឡើងស្របពេលជាមួយនឹងសង្រ្គាមរយៈពេល២១ខែ ដែលអ៊ីស្រាអែលកំពុងបន្តធ្វើ នៅតំបន់ហ្គាហ្សា។ សង្គ្រាមដែលបានបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ហើយអ៊ីស្រាអែល ត្រូវចំណាយប្រាក់ ច្រើនពាន់លានដុល្លារ។
របបសឹកភូមា បានអំពាវនាវ ក្រុមប្រដាប់អាវុធប្រឆាំងទាំងឡាយនៅក្នុងប្រទេស ឲ្យចូលរួមសហការគ្នាជាមួយរដ្ឋាភិបាលក្រុងណៃពិដោរ ដើម្បីសន្តិភាព និងរៀបចំការបោះឆ្នោតជាតិ ជាថ្មី។ សំណើនេះបានប្រកាសចេញនៅថ្ងៃសៅរ៍ ទី៦កក្កដា ប៉ុន្តែក្រុមប្រដាប់អាវុធប្រឆាំង និងសម្ព័ន្ធយោធាជនជាតិភាគតិច បានច្រានចោល។
ការបញ្ជូនវត្ថុបុរាណចំនួន២០ពីប្រទេសថៃត្រលប់មកឲ្យកម្ពុជាវិញ អាចត្រូវពន្យារពេល ដោយសារតែភាពតានតឹង បញ្ហាព្រំដែននៃប្រទេសទាំងពីរក្នុងពេលបច្ចុប្បន្ន។ នេះបើតាម លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៥ ខែកក្កដានេះ។ បើតាមលោក ស៊ុំ ម៉ាប់ គម្រោងបញ្ជូនវត្ថុបុរាណចំនួន២០ ត្រលប់មកឲ្យកម្ពុជាវិញ ត្រូវធ្វើឡើងនៅក្នុងខែកក្កដានេះ ដោយមានការឯកភាពគ្នាទាំងស្រុងរវាងភាគីកម្ពុជានិងភាគីថៃ។ តែដោយសាររបត់ព្រំដែនកំពុងតានតឹង អ្នកនាំពាក្យក្រសួងវប្បធម៌ បញ្ជាក់ថា គម្រោងបញ្ជូនវត្ថុបុរាណឲ្យកម្ពុជាវិញ ត្រូវពន្យារពេលមិនទាន់ច្បាស់លាស់។
ហោចណាស់មានមនុស្សពីរនាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាក់ផ្ទាំងថ្មសង្កត់ ដែលកើតឡើងកាលពីថ្ងៃទី៤ខែកក្កដា។ នេះបើតាមការបញ្ជាក់របស់លោក វ៉ា ថន អភិបាលខេត្តក្រចេះ ប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសៅរ៍ទី៥កក្កដា។ លោកថា ហេតុការណ៍បាក់ផ្ទាំងថ្មនេះ កើតឡើងនៅក្នុងរោងចក្រវាយថ្មម៉ាបមួយកន្លែង ក្នុងស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ។ មូលហេតុនៃការបាក់រលំផ្ទាំងថ្មនោះ គឺដោយសារសភាពដីរអិលជ្រាយ បន្ទាប់ពីមានភ្លៀងរួច។
លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីវប្បធម៌ថៃ បានប្រកាសនាពេលថ្មីៗនេះថា ទីក្រុងបាងកកនឹងមិនបញ្ជូនរូបចម្លាក់បដិមាចំនួន២០រូបមកឲ្យប្រទេសកម្ពុជាវិញទេ ក្រោមហេតុផលនៃភាពតានតឹងតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ហើយចំពេលដែលរដ្ឋាភិបាលថៃគ្មានថវិកាដើម្បីធ្វើកិច្ចការនេះ។ លើសពីនេះ នៅថ្ងៃទី៤ ខែកក្កដា លោកស្រី ផែថងថាន អះអាងថា ក្រុមប្រាសាទតាមាន់ស្ថិតក្នុងទឹកដីថៃ។ ប៉ុន្តែភ្លាមៗនោះ ក្រសួងវប្បធម៌កម្ពុជាបានចេញមកទាត់ចោលការអះអាងនេះ។ ហេតុអ្វី លោកស្រី ផែថងថាន ចេញមក«ក្រឡុក»រឿងវប្បធម៌ជាមួយកម្ពុជា បន្ទាប់ពីអស់តំណែងជានាយករដ្ឋមន្ត្រីថៃ?
នៅសហរដ្ឋអាមេរិក មនុស្សស្លាប់យ៉ាងហោច ២៤នាក់ និង បាត់ខ្លួន យ៉ាងតិច ២៥នាក់ ព្រោះតែជំនន់ទឹកភ្លៀង ក្នុងរដ្ឋតិចសាស់។ នេះបើតាមតុល្យការរបស់អាជ្ញាធរមូលដ្ឋាន នៅថ្ងៃសុក្រ ទី៤កក្កដា។ អភិបាលរដ្ឋតិចសាស់ បានជំរុញឲ្យក្រុមជួយសង្គ្រោះបន្តស្វះស្វែងរកអ្នកបាត់ខ្លួន។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងក្តីស្លុតរន្ធត់ចំពោះហេតុការណ៍ដ៏អាក្រក់នេះ។
មួយថ្ងៃក្រោយនិយាយជាមួយលោកពូទីន លោកដូណាល់ ត្រាំ បានទូរស័ព្ទនិយាយជាមួយលោកហ្សេឡេនស្គី កាលពីថ្ងៃសុក្រទី៤កក្កដា។ ផ្អែកតាមភាគីអ៊ុយក្រែន គឺលោកដូណាល់ ត្រាំ និងលោកហ្សេឡេនស្គី បានពិភាក្សាគ្នា រកវិធីពង្រឹងការការពារផ្លូវអាកាសរបស់អ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានសំរុកវាយប្រហារយ៉ាងខ្លាំង។ ចំណែកលោកដូណាល់ ត្រាំ បានប្រាប់អ្នកកាសែតថា ការសន្ទនាគ្នារវាងលោកនិងលោកពូទីន បានធ្វើឲ្យលោកមិនសប្បាយចិត្តសោះ ហើយថាលោកកំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី។
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ជំរុញឲ្យភាគីថៃបង្ហាញសេចក្តីស្មោះត្រង់ ដោយទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ប្រទេស ហូឡង់។ ការជំរុញជាថ្មីទៀតរបស់ភាគីកម្ពុជា ដោយសារតែ រហូតមកដល់ពេលនេះ ភាគីថៃ មិនទាន់មានការឆ្លើយតបមកភាគីកម្ពុជា ដែលកម្ពុជាបានអញ្ជើញជាផ្លូវការទៅសមភាគីថៃ ដើម្បីរួមគ្នាបញ្ជូនសំណុំរឿងព្រំដែន៤តំបន់ទៅICJនៅឡើយ។
ធនាគារកណ្តាលសិង្ហបុរី បានសម្រេចផាកពិន័យកាលពីថ្ងៃសុក្រ ទី៤កក្កដា ទៅលើធនាគារចំនួន៦ ព្រមទាំងស្ថាប័នហិរញ្ញវត្ថុ៣ទៀត ពីបទបានធ្វើសកម្មភាពលាងលុយកខ្វក់។ ទឹកប្រាក់ពិន័យ សរុបមានប្រមាណជាង២៧លានដុល្លារសិង្ហបុរី។ សំណុំរឿងនេះ គឺជារឿងអាស្រូវហិរញ្ញវត្ថុធំបំផុត ដែលសិង្ហបុរី មិនធ្លាប់បានប្រឡាក់ប្រឡូសពីមុនមក។
ដើម្បីជួយសង្គ្រោះជីវិតមនុស្សលើផែនដី និងចូលរួមកាត់បន្ថយជំងឺផ្សេងៗ អង្គការសុខភាពពិភពលោកហៅកាត់ជាភាសាអង់គ្លេស WHO បានអំពាវនាវឲ្យដំឡើងពន្ធរហូតដល់ ៥០% ចំពោះផលិតផលថ្នាំជក់ គ្រឿងស្រវឹង និងភេសជ្ជៈផ្អែម។ ផលិតផលទាំង ៣ប្រភេទនេះជាប្រភពបង្កើតជំងឺធ្ងន់ធ្ងរផ្សេងៗជាច្រើនមុខ។ នេះបើតាមអង្គការសុខភាពពិភពលោក ដោយសង្ងត់ធ្ងន់ថា រដ្ឋាភិបាលនីមួយៗគួរតែដំឡើងពន្ធលើផលិតផលទាំងនោះដើម្បីបង្កើនប្រាក់ចំណូលសម្រាប់យកទៅលើកស្ទួយវិស័យសុខាភិបាល និងសង្គមកិច្ច។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងប្រាប់វិទ្យុបារាំង RFI នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥នេះថា សមត្ថកិច្ចរបស់លោកកំពុងស៊ើបអង្កេតករណីជនជាតិឥណ្ឌូនេស៊ីចោទប្រកាន់លើនគរបាលចរាចរណ៍កម្ពុជាថាបានទាលុយពីខ្លួន។ ការលើកឡើងរបស់ស្នងការនគរបាលរាជធានីភ្នំពេញដូច្នេះ គឺក្រោយបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់បានបើករថយន្តរបស់ខ្លួននៅភ្នំពេញ ហើយត្រូវនគរបាលចរាចរណ៍ឃាត់រថយន្តនោះ ដើម្បីសួរនាំរកឯកសារ។ តាមរយៈបណ្តាញសង្គមកាលពីពេលថ្មីៗនេះ ជនជាតិឥណ្ឌូនេស៊ីបានរៀបរាប់ជាភាសាឥណ្ឌូនេស៊ី ហើយត្រូវគេបកប្រែថាប៉ូលីសបានទារលុយចំនួន ៣០០ដុល្លារ តែបុរសឥណ្ឌូនេស៊ីបានសុំសម្រួលមកត្រឹម ៥០ដុល្លារ និងមានប៉ូលីសទារលុយបន្ថែម ៤ ០០០រៀលទៀត។ បញ្ហានេះលោក ជួន ណារិន្ទ បញ្ជាក់ថាលោកមិនអាចវិនិច្ឆ័យភ្លាមៗបានទេ ដោយរង់ចាំការស៊ើបអង្កេតសិន។ សូមបញ្ជាក់ដែរថា នៅថ្ងៃទី០៤ កក្កដានេះដែរ ក្រសួងទេសចរណ៍កម្ពុជាបានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន ដោយសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះករណីដែលបានកើតឡើងលើភ្ញៀវទេសចរជនជាតិឥណ្ឌូនេស៊ី ដែលមានការសួរនាំរកឯកសារពីសំណាក់មន្រ្តីនគរបាលចរាចរណ៍៕
រដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅរសៀលថ្ងៃសុក្រនេះបានបញ្ជាឲ្យបញ្ឈប់ការប្រគល់វត្ថុបុរាណខ្មែរចំនួន ២០ ដែលនាំចូលដោយខុសច្បាប់មកប្រទេសថៃ ដោយលើកឡើងថាថវិកាមានកំណត់។ នេះបើតាមការចុះផ្សាយដោយកាសែតថៃ Khaosod English នៅថ្ងៃទី៤ កក្កដា ឆ្នាំ២០២៥នេះ។ កម្ពុជានៅមិនទាន់មានប្រតិកម្មយ៉ាងណាទេ តែសំណុំរឿងប្រគល់វត្ថុបុរាណខ្មែរចំនួន២០នេះ រដ្ឋាភិបាលនៃប្រទេសទាំង២ ធ្លាប់បានព្រមព្រៀងគ្នាថានឹងបញ្ជូនមកកម្ពុជាវិញនៅខែសីហា ឆ្នាំ២០២៥នេះ។
នៅប្រទេសឥណ្ឌូណេស៊ី យ៉ាងហោចមានស្លាប់ ៦នាក់ និងបាត់ខ្លួនជាង ៣០នាក់ ពីព្រោះតែលិចស្រឡាងដឹកអ្នកដំណើរនៅចន្លោះកោះជ្វា និងកោះបាឡី។ នេះបើតាមអាជ្ញាធរឥណ្ឌូណេស៊ីដោយបញ្ជាក់ទៀតថា ក្រុមជួយសង្គ្រោះនៅតែបន្តស្វះស្វែងរកអ្នកបាត់ខ្លួនយ៉ាងសកម្ម ដោយប្រើមធ្យោបាយជើងទឹក និងជើងអាកាស តែគ្មានតម្រុយអ្វីថ្មីសោះនៅថ្ងៃសុក្រ ទី៤ កក្កដា។
មួយថ្ងៃបន្ទាប់ពីបានសម្រេចឈប់ផ្គត់ផ្គង់គ្រឿងសព្វាវុធមួយចំនួនទៅឲ្យអ៊ុយក្រែន លោកដូណាល់ ត្រាំ បានទូរស័ព្ទទៅលោកពូទីន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣កក្កដាម្សិលមិញ ដើម្បីនិយាយអំពីដំណោះស្រាយសន្តិភាព។ តែដូចកាលពីលើកមុនៗ ការសន្ទនានេះ គ្មានបានលទ្ធផលអ្វីទាំងអស់។ លោកពូទីន បានបញ្ជាក់ប្រាប់លោកដូណាល់ ត្រាំ ជាថ្មីម្តងទៀតថា កម្មវត្ថុរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺមិនផ្លាស់ប្តូរជាដាច់ខាត។
អង្គការការពារសិទ្ធិមនុស្សលីកាដូ បានទទូចឱ្យតុលាការដោះលែងលោក កើត សារ៉ាយ សកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនដទៃទៀតដោយឥតលក្ខខណ្ឌ។ សំណើរសុំដោះលែងរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូធ្វើឡើងក្រោយសាលាឧទ្ធរណ៍ភ្នំពេញបានបដិសេធសំណើរសុំដោះលែងលោក កើត សារ៉ាយ កាលពីថ្ងៃទី៣ កក្កដា ឆ្នាំ២០២៥។
ពិព័រណ៌ប្រតិមាទេព និងវត្ថុធ្វើពីសំរឹទ្ធនៅសារមន្ទីរបារាំងហ្គីមេមិនត្រឹមជាបើកផ្លូវឲ្យសាធារណជនបានស្គាល់ពីប្រវត្តិប្រើប្រាស់សំរឹទ្ធនៅប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែ ពិព័រណ៌រៀបចំដោយអ្នកជំនាញបារាំងនៅបានបង្ហាញឲ្យគេដឹងពីដើមហេតុដែលធ្វើឲ្យប្រតិមាធ្វើពីសំរឹទ្ធរលាយបាត់បង់ នៅសេសសល់មិនច្រើន បើប្រៀបធៀបនឹងប្រតិមាថ្ម។ នៅក្នុងបទយកការណ៍នៅថ្ងៃនេះ លោក Brice Vincent (ប្រីស វ៉ាំងសង់) សាស្រ្តាចារ្យរងនៃសាលាចុងបូព៌ា និងជាអ្នកជំនាញខាងប្រវត្តិសំរឹទ្ធខ្មែរបន្តរៀបរាប់ពីមូលហេតុដែលធ្វើឲ្យប្រតិមាធើ្វពីសំរឹទ្ធដូចជាព្រះវិស្ណុផ្ទំត្រូវបាក់បែកច្រើនបំណែក។
ក្នុងខណៈដែលអាមេរិកនិងវៀតណាមរកឃើញកិច្ចព្រមព្រៀងពន្ធគយ ចិនប្រឹងប្រែងរកដំណោះស្រាយជាមួយសហភាពអឺរ៉ុប។ ក្នុងពេលបំពេញទស្សនកិច្ចនៅអឺរ៉ុប លោកប្រមុខការទូតចិន វ៉ាង យី បានព្រមានសមភាគីអឺរ៉ុបអំពីហានិភ័យនៃការប្រឈមតតាំងគ្នារវាងចិននិងអឺរ៉ុប។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍ទី៣កក្កដា២០២៥។
រដ្ឋាភិបាលថៃថ្មី បានស្បថចូលកាន់តំណែង ចំពោះមុខព្រះមហាក្សត្រថៃ កាលពីថ្ងៃព្រហស្បតិ៍ ទី៣កក្កដា។ គឺលោក ភូមិថាំ វេឆៈយៈឆៃ អតីតរដ្ឋមន្ត្រីការពារជាតិកាលពីរដ្ឋាភិបាលមុន ដែលនឹងធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ក្នុងអំឡុងពេលរងចាំសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញថៃ ទៅលើករណីលោកស្រី ផែថងថាន។ យ៉ាងណាម៉ិញ នៅក្នុងគណៈរដ្ឋមន្ត្រីថ្មីនេះ លោកស្រីផែថងថាន កាន់មុខងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌។
នៅក្នុងពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងតួនាទីជាអនុប្រធានគណបក្សប្រជាជនបានថ្លែងថា អ្នកដែលមិនបានធ្វើអ្វីដែលប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ មិនត្រូវភ័យបារម្ភចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពីការដកសញ្ជាតិនោះទេ។ តាមលោក ហ៊ុន ម៉ាណែត មានប្រទេសចំនួន ១៥០ ក្នុងចំណោម ១៩៥ប្រទេស ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ(អ.ស.ប) មានច្បាប់ដកសញ្ជាតិ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ច្បាប់ដកសញ្ជាតិនេះ ក៏មានផងដែរនៅក្នុងចំណោមប្រទេស ដែលជាសមាជិកសហភាពអឺរ៉ុប អង់គ្លេស និងសហរដ្ឋអាមេរិក។ សូមរំលឹកថាគម្រោងនៃការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិពលរដ្ឋពីកំណើតនេះ បានរងនូវប្រតិកម្មពីអ្នកនយោបាយប្រឆាំង អ្នកច្បាប់ និងអ្នកវិភាគសង្គម និងនយោបាយមួយចំនួន ដោយពួកគេចាត់ទុកថាការធ្វើវិសោនកម្មច្បាប់ដកសញ្ជាតិពីពលរដ្ឋ គឺជាអំពើប្រល័យពូជសាសន៍ ឬជាការរំលោកទៅលើគោលការណ៍សិទ្ធិមនុស្ស និងសិទ្ធិនយោបាយជាដើម។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថាវិសោធនកម្មច្បាប់នេះ មិនមានគោលដៅធ្វើបាបប្រជាពលរដ្ឋរបស់ខ្លួនទេ ប្រសិនបើពលរដ្ឋនោះ មិនបានឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញជាតិធ្ងន់ធ្ងរ៕
ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាមបានកើនឡើងដល់ជាង ១០ពាន់លានដុល្លារ ដោយជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំង ២ក្នុងឆ្នាំ២០២៤ បានផ្អៀងមកខាងកម្ពុជា។ នេះបើតាមការឱ្យដឹងពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ ក្នុងស្ថានភាពនៃជម្លោះព្រំដែនជាមួយថៃ អ្នកតាមដានសង្គម និងអ្នកជំនាញសេដ្ឋកិច្ចមើលឃើញស្រដៀងគ្នាថា ទំហំពាណិជ្ជកម្មកម្ពុជាជាមួយវៀតណាមនឹងកើនឡើងជាលំដាប់ថែមទៀត។ តែដំណាលគ្នានេះដែរ អ្នកតាមដានសង្គម និងអ្នកសេដ្ឋកិច្ចយល់ថា កម្ពុជាចាំបាច់ត្រូវតែពង្រឹងគុណភាពនៃការធ្វើពាណិជ្ជកម្មជាមួយវៀតណាម ដែលមិនមានហានិភ័យដល់ពលរដ្ឋ និងសង្គម។ តើកម្ពុជាគួរប្រុងប្រយ័ត្នយ៉ាងណាដើម្បីពង្រីកទំហំពាណិជ្ជកម្មជាមួយវៀតណាមដោយគ្មានហានិភ័យ?
សហរដ្ឋអាមេរិកព្រមបោះបង់គម្រោងដំឡើងពន្ធដ៏ខ្ពស់ត្រដែតលើផលិតផលនាំចូលមកពីវៀតណាមហើយ។ ប្រទេសទាំងពីរបានព្រមព្រៀងគ្នានៅល្ងាចថ្ងៃទី២កក្កដា។ ប៉ុន្តែសម្រាប់អ្នកវិភាគ កិច្ចព្រមព្រៀងបន្ធូរបន្ថយពន្ធវៀតណាមអាមេរិក ហាក់ដៅវាយប្រហារចិន ដោយមិនចំពោះ។ ហេតុដូច្នេះហើយបានជាប៉េកាំងបានបញ្ចេញប្រតិកម្មនៅថ្ងៃព្រហស្បតិ៍ទី៣កក្កដានេះ ព្រមានអំពីផលវិបាកនៃកិច្ចចរចាពាណិជ្ជកម្មដែលបំផ្លាញប្រទេសផ្សេង។
ចំណាប់ខ្មាំងជនជាតិបារាំង២នាក់ប្តីប្រពន្ធ គឺលោកស្រី Cécile Kohler និងលោក Jacques Paris ដែលត្រូវបានអាជ្ញាធរអ៊ីរ៉ង់ ចាប់បង្ខាំងទុកអស់ជាង៣ឆ្នាំមកហើយនោះ ទើបតែត្រូវបានចៅក្រមអ៊ីរ៉ង់ចោទប្រកាន់ថាបានឈ្លបយកការណ៍ឲ្យអ៊ីស្រាអែល។ នេះបើផ្អែកតាមប្រភពពីមន្ត្រីទូត នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣កក្កដា។ ក្រសួងការបរទេសបារាំងបានអះអាងថា ការចោទនេះគឺគ្មានមូលដ្ឋាន ហើយថាវាគឺជាទង្វើដែលអ៊ីរ៉ង់ធ្វើ ដើម្បីដាក់សំពាធការទូតមកលើបារាំង តាមរយៈការចាប់ចំណាប់ខ្មាំងជនស្លូតត្រង់។
សម្តេចសង្ឃដាឡៃឡាម៉ា ប្រមុខដឹកនាំពុទ្ធសាសនាទីបេ ដែលបច្ចុប្បន្នមានព្រះជន្ម៩០ព្រះវស្សា បានបញ្ជាក់ឲ្យដឹងថា នឹងមានអ្នកស្នងចាប់ជាតិបន្តពីព្រះអង្គ នៅក្រោយពេលព្រះអង្គចូលទិវង្គត។ ព្រះអង្គបានបញ្ជាក់ទៀតថា នីតិវិធីសម្រេចជ្រើសរើសអ្នកដែលនឹង “ចាប់ជាតិថ្មី” ស្នងបន្តពីព្រះអង្គ នឹងត្រូវដំណើរការទៅ ដោយគោរពតាមប្រពៃណីទំនៀមទំលាប់ពុទ្ធសាសនាទីបេ។ ក្នុងន័យនេះ សម្តេចសង្ឃដាឡៃឡាម៉ា បានបដិសេធគំនិត ដែលថាអាជ្ញាធរចិន អាចនឹងលូកដៃ សម្រេចតែងតាំងដាឡៃឡាម៉ាមួយអង្គថ្មី ដើម្បីបម្រើគោលនយោបាយចិន។
សហរដ្ឋអាមេរិកបានសម្រេចនៅថ្ងៃទី១កក្កដា ឈប់ឱ្យគ្រាប់មីស៊ីលនិងគ្រាប់កាំភ្លើងធំទៅអ៊ុយក្រែនហើយ ក្រោមហេតុផលខ្លាចអស់សព្វាវុធពីឃ្លាំង។ សម្រាប់កៀវ គ្មានជំនួយគ្រាប់ពីអាមេរិក អ៊ុយក្រែនច្បាស់ជាពិបាកទប់ទល់នឹងរុស្ស៊ីខ្លាំងណាស់ ព្រោះម្យ៉ាងទៀត រុស្ស៊ីកំពុងបង្កើនការវាយប្រហារយ៉ាងសន្ធាប់ខ្លាំងលើអ៊ុយក្រែន នាពេលនេះ។
លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរីកំពុងបំពេញទស្សនកិច្ច រយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០២ ខែកក្កដានេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានមើលឃើញថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីនៅកម្ពុជាអំឡុងពេលខួប៦០ឆ្នាំនេះ គឺជាការបង្កើនទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរីកាន់តែជ្រាលជ្រៅបន្ថែមទៀត។ ទាក់ទងទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បញ្ជាក់ថាសិង្ហបុរីក៏មានជំហរដូចកម្ពុជាដែរ គឺការដោះស្រាយគ្នាដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។
ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា នៅថ្ងៃទី ២ ខែកក្កដា នេះ បានទូលថ្វាយព្រះមហាក្សត្រ ព្រះបាទ សម្តេចនរោត្តមសីហមុនី ថា វិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា៣៣ អាចធ្វើទៅបាន។ ការទូលថ្វាយព្រះមហាក្សត្រដោយក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាយ៉ាងដូចនេះ កើតមានឡើង តែប៉ុន្មានថ្ងៃក្រោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ផ្តួចផ្តើមគំនិតឲ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរណាម្នាក់ដែលគប់គិតជាមួយបរទេសមកបំផ្លាញខ្មែរ។