ចៅក្រមនៃតុលាការសិទ្ធិមនុស្សអឺរ៉ុប បានប្រកាសសេចក្តីសម្រេច កាលពីថ្ងៃពុធទី៩កក្កដា ថ្កោលទោសរុស្ស៊ី ចំពោះទង្វើបំពានសិទ្ធិមនុស្សជាច្រើនករណីនៅអ៊ុយក្រែន។ ក្នុងចំណោមទង្វើបំពានសិទ្ធិមនុស្សរបស់រុស្ស៊ី ដែលតុលាការបានប្រកាសទទួលស្គាល់ គឺមានដូចជា ការសម្លាប់ប្រជាជនស៊ីវីល ការចាប់កេណ្ឌកុមារអ៊ុយក្រែនយកទៅរុស្ស៊ី រួមទាំងករណីបាញ់មីស៊ីលទម្លាក់យន្តហោះ Malaysia Airlines MH17 កាលពីឆ្នាំ២០១៤ ផងដែរ។
តុលាការព្រហ្មទណ្ឌអន្តរជាតិបានចេញដីកាចាប់ខ្លួនមេដឹកនាំតាលីបង់ នៅ ពីរនាក់ ដែលបានធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋអាហ្វហ្កានីស្ថានភេទស្រ្តី។ សម្រាប់តុលាការ ការធ្វើបាបស្ត្រីនិងកុមារី គឺជាទម្រង់មួយនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
កាសែតថៃនានា នៅថ្ងៃអង្គារទី៨ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សាយពីការចេញដីការបស់តុលាការថៃចាប់ខ្លួនអ្នកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជាក្រោមបទចោទ «ប្រព្រឹត្តិឧក្រិដ្ឋកម្មអនឡាញ» រួមទាំងបានរឹបអូសទ្រព្យសម្បត្តិរបស់លោក កុក អាន នៅក្នុងប្រទេសថៃផងដែរ។ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកប្រតិកម្មនឹងចំណាត់ការរបស់ថៃថា ជាការលើកដុំថ្មទម្លាក់លើជើងខ្លួនឯងជុំវិញបទល្មើសឆបោកអនឡាញ។ អ្នកតាមដានសង្គម យល់ថា ចំណាត់ការរបស់ថៃពេលនេះជាការសងសឹងកម្ពុជា ក្នុងស្ថានភាពតានតឹងផ្នែកព្រំដែនរវាងប្រទេសទាំងពីរ។ បើតាមអ្នកវិភាគខ្លះ ការចេញដីកាចាប់ខ្លួន លោក កុក អាន នឹងធ្វើកម្ពុជាអាម៉ាស់មុខ និងខ្លះទៀតថា ជារូបភាពនយោបាយ។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ារ អ៊ីប្រាហ៊ីម បានរិះគន់យ៉ាងខ្លាំង នយោបាយដំឡើងពន្ធគយរបស់អាមេរិក ក្នុងឱកាសបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃពុធទី៩កក្កដា២០២៥នេះ។ ក្រៅពីសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១០ប្រទេស សហរដ្ឋអាមេរិក ចិននិងរុស្ស៊ី ក៏បានទទួលការអញ្ជើញឱ្យមកចូលរួមក្នុងជំនួបអាស៊ានថ្ងៃនេះដែរ។
នៅថ្ងៃទី៩កក្កដា កងទ័ពតៃវ៉ាន់ បានចាប់ផ្តើមបើកសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ដើម្បីហាត់សមការពារ និងទប់ទល់ ក្នុងករណីដែលចិនលើកទ័ពចូលមកឈ្លានពាន នៅថ្ងៃអនាគត។ អ្វីដែលពិសេសនៅក្នុងសមយុទ្ធរបស់តៃវ៉ាន់ឆ្នាំនេះ គឺតៃវ៉ាន់បានបញ្ចេញគ្រឿងសព្វាវុធថ្មីៗទំនើបៗ ដែលទើបតែទិញមកពីអាមេរិក ព្រមទាំងមានការចូលរួមពីកងទាហានស្ម័គ្រចិត្តតៃវ៉ាន់ ជាង២ម៉ឺននាក់ផងដែរ។
ទន្ទឹមនឹងតម្រូវការការព្យាបាលរបស់អ្នកជំងឺក្នុងស្រុកមានការកើនឡើង មជ្ឈមណ្ឌលវះកាត់កុមារនៃមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លាំង ឬពេទ្យគៀនឃ្លាំង ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ កំពុងប្រកាសផ្តល់សេវាពិនិត្យព្យាបាល និងវះកាត់ដៃជើង ឬដាច់សសៃប្រសាទបញ្ជា ជូនដល់អ្នកជំងឺក្រីក្រ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ការព្យាបាល និងវះកាត់អ្នកជំងឺនៅក្នុងសប្តាហ៍នេះ មានការសហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសសឹង្ហបូរី ដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលវះកាត់កុមារពេទ្យគៀនឃ្លាំង ក៏បានអំពាវនាវដល់អ្នកជំងឺឲ្យចូលរួមព្យាបាលឲ្យបានច្រើនកុះករ។
លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអំពាវនាវដល់ម្ចាស់រោងចក្រ និងអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យរក្សាភាពនឹងនរ និងជឿទុកចិត្ដលើរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាធុរកិច្ច និងវិនិយោគ។ ក្នុងបរិបទថ្មីដែលអាមេរិកដាក់អត្រាពន្ធគយលើទំនិញនាំចេញពីកម្ពុជា ៣៦% លោក ស៊ុន ចាន់ថុល បានអះអាងថា រដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្ររឹងមាំ ដើម្បីធានាថាការវិនិយោគនៅកម្ពុជានឹងមិនរងផលប៉ះពាល់។
តំណាងសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា លើកឡើងថា កម្ពុជានឹងពិបាកប្រកួតប្រជែងផ្នែកវិស័យកាត់ដេរជាមួយវៀតណាមដែលនៅក្បែរខាងកម្ពុជា ដោយសារតែអាមេរិកយកពន្ធពីវៀតណាមតែ២០%។ ក្តីបារម្ភនេះកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក នៅថ្ងៃទី៧ ខែកក្កដា បានប្រកាសយកពន្ធពីលើទំនិញកម្ពុជាក្នុងអត្រា៣៦% ពោលត្រូវបានបញ្ចុះពី៤៩%ដែលបានកំណត់កាលពីខែមេសា។
ក្រុមអង្គការសង្គមស៊ីវិលបានប្រកាសរៀបចំពិធីរម្លឹកខួបឃាតកម្មលើអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ នេះជាខួបលើកទី៩ឆ្នាំ នៃមរណភាព លោក កែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ខណៈពេលដែលលោកកំពុងពិសាកាហ្វេ នៅស្តាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦។
ក្រសួងការពារជាតិកម្ពុជាតាមរយៈអ្នកនាំពាក្យ លោក ឈុំ សុជាតិ បានអះអាងថា កម្ពុជាមិនធ្លាក់ទៅក្នុងអន្ទាក់របស់ថៃទេ ខណៈមួយរយៈចុងក្រោយនេះ ទាហានថៃតែងធ្វើសកម្មភាពបង្កហេតុនៅតាមព្រំដែន ដើម្បីឲ្យកម្ពុជាអត់ទ្រាំលែងបាន។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិដូចនេះ ធ្វើឡើងក្រោយទាហានថៃ បានព្យាយាមនាំយកបដិមាព្រះចំនួន ២អង្គ មកដាក់នៅតំបន់ព្រំដែនច្រកទ្វារអានសេះ នៃខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ។
នៅថ្ងៃអង្គារទី៨កក្កដា អ៊ុយក្រែនបានស្នើទាមទារទៅកាន់អង្គការដើម្បីការហាមឃាត់អាវុធគីមី ឲ្យបើកការស៊ើបអង្កេតទៅលើរុស្ស៊ី ដែលគេសង្ស័យថាបានប្រើអាវុធគីមី មកលើអ៊ុយក្រែន។ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ទីភ្នាក់ងារចារកិច្ចហូឡង់ និងអាល្លឺម៉ង់ បានចេញរបាយការណ៍មួយ អះអាងថាមានភស្តុតាងបញ្ជាក់ថារុស្ស៊ីបានប្រើអាវុធគីមីទៅលើអ៊ុយក្រែន។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៣ថ្ងៃនៅអង់គ្លេស ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ព្រះមហាក្សត្រ ឆាលស៍ ទី៣។ ប្រឈមនឹងស្ថានភាពពិភពលោកដែលកំពុងតែរប៉ាក់រប៉ើក មហាអំណាចនុយក្លេអ៊ែរទាំង២កាន់តែខិតជិតគ្នា។ លោក ម៉ាក្រុង ជាប្រមុខរដ្ឋទី១នៃសហភាពអឺរ៉ុបដែលអញ្ជើញទៅអង់គ្លេស ក្រោយពីប្រទេសនេះចាកចេញពីសមាជិកសហភាពអឺរ៉ុប។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សមាគមនៅមានការតាំងចិត្តរយៈពេលវែង ក្នុងការការពារអតិថិជននៅទូទាំងប្រទេស តាមរយៈការពង្រឹងប្រព័ន្ធនានារបស់ខ្លួន ដូចជាការធ្វើឲ្យមានតម្លាភាព និងការគោរពអតិថិជនទាំងអស់។ ការអះអាងរបស់សមាគមយ៉ាងដូចនេះ កើតឡើង ក្រោយមានការចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយដែលបានវាយតម្លៃថា មានការផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ចដោយអតីតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២នៅកម្ពុជា។ ការណ៍នេះបង្កឲ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋដែលកំពុងរស់នៅក្នុងភាពក្រីក្រ។
ប្រាក់បៀវត្សសរុបចំនួនជាង ១០លានដុល្លារ ត្រូវបានបើកលើសជូនដល់មន្ត្រីរាជការក្នុងរយៈពេល ៣ឆ្នាំ ពោលចាប់តាំងពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ ទឹកប្រាក់ជាង ៩លានដុល្លារ ក្នុងចំនួន ១០លានដុល្លារនេះ ត្រូវ ACU បញ្ជាក់ថាបានផ្ទេរចូលថវិកាជាតិវិញ ខណៈប្រាក់ជាង ១លានដុល្លារផ្សេងទៀតមិនទាន់បានបង្វែរចូលរដ្ឋវិញនៅឡើយ។
នៅដើមសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនគ្រឿងសព្វាវុធបន្ថែមទៀតទៅឲ្យអ៊ុយក្រែនដើម្បីប្រយុទ្ធការពារខ្លួន។ ការសន្យារបស់ចៅហ្វាយសេតវិមានយ៉ាងដូច្នេះធ្វើឡើង ក្រោយពីលោកធ្លាប់សម្រេចផ្អាកបញ្ចូនអាវុធឲ្យអ៊ុយក្រែន និងបន្ទាប់បានអាក់អន់ចិត្តនឹងប្រធានាធិបតីរុស្ស៊ី លោក ពូទីន។
លោកដូណាល់ ត្រាំបានទទួលលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នេតាន់យ៉ាហ៊ូ ក្នុងពិធីលៀងសាយភោគ នៅឯសេតវិមាន កាលពីថ្ងៃល្ងាចថ្ងៃចន្ទ ទី៧ កក្កដា។ លោកដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅតំបន់ហា្កហ្សា អាចនឹងចេញជាស្ថាពរក្នុងពេលឆាប់ៗនេះហើយ។ ចំណែកលោកនេតាន់យ៉ាហ៊ូវិញ បានសរសើរលោកដូណាល់ ត្រាំ មិនដាច់ពីមាត់ ហើយថាអ៊ីស្រាអែលបានស្នើសុំឲ្យគេប្រគល់ពានរង្វាន់ណូបែលសន្តិភាព ជូនលោកដូណាល់ ត្រាំ ថែមទៀតផង។
សហរដ្ឋអាមេរិក នៅថ្ងៃទី៧ ខែកក្កដា បានប្រកាសអត្រាពន្ធថ្មីលើបណ្តាប្រទេសនានា ដែលក្នុងនោះ កម្ពុជានឹងត្រូវជាប់ពន្ធ៣៦ភាគរយ ស្មើជាមួយថៃ ដែលជាប់ពន្ធ៣៦ភាគរយដូចគ្នា តែខ្ពស់ជាង វៀតណាមដែលជាប់ពន្ធតែ២០ភាគរយ។ ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោក Casey Barnett បានអះអាងថា កម្ពុជាមានការកាត់បន្ថយអត្រាពន្ធច្រើនជាងគេក្នុងចំណោមប្រទេសចំនួន១៤ក្នុងតំបន់អាស៊ី អាហ្វ្រិក និងតំបន់អឺរ៉ុប។
ក្រសួងធនធានទឹកកម្ពុជា នៅថ្ងៃទី៨ ខែកក្កដានេះ ស្នើឲ្យធនាគារពិភពលោកជួយសម្របសម្រួលដល់ដៃគូអភិវឌ្ឍន៍នានាលើគំនិតផ្ដួចផ្តើមបឹងទន្លេសាប នៃកម្មវិធីគ្រប់គ្រង និងស្តារអាងទន្លេសាបជាមួយនឹងការគាំទ្រការវិនិយោគរយៈពេលវែងពី៥ ទៅ១០ឆ្នាំ។ ការស្នើនេះធ្វើឡើងក្នុងជំនួបអាហារថ្ងៃត្រង់រវាង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងជាប្រធានអាជ្ញាធរទន្លេសាប នៅចំពោះមុខលោកស្រី Maria Angelica Sotomayor ប្រធានគ្រប់គ្រងការអនុវត្តទឹកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក (WB)។
នៅថ្ងៃទី៧ កក្កដា សហរដ្ឋអាមេរិកបានដាក់លិខិតជាផ្លូវការមកកម្ពុជាដោយបានកំណត់ពន្ធនាំចូលទំនិញពីកម្ពុជាទៅអាមេរិកក្នុងអាត្រា៣៦%។ ចំនួនពន្ធនេះបានថយចុះ១៣% បើធៀបនឹងអាត្រាពន្ធចាស់ដែលរដ្ឋបាលអាមេរិកបានកំណត់ចំនួន៤៩%។ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកធ្វើការក្នុងវិស័យកាត់ដេរនៅកម្ពុជាយល់ឃើញថា អាត្រាពន្ធគយ៣៦%នេះ គឺស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាមួយផ្នែកធំពឹងផ្អែកលើវិស័យវាយនភណ្ឌកាត់ដេរ។ ក្នុងន័យនេះអ្នកជំនាញ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាស្វះស្វែងបន្តកិច្ចចរចាជាមួយភាគីអាមេរិក មុនអាត្រាពន្ធថ្មីនេះចូលជាធរមាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ តើអាត្រាពន្ធថ្មី ៣៦% របស់អាមេរិកសមស្របសម្រាប់កម្ពុជាដែរឬទេ?
តុលាការថៃទើបចេញដីកាចាប់ខ្លួនអ្នកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជាក្រោមបទចោទ «ប្រព្រឹត្តិឧក្រិដ្ឋកម្មអនឡាញ»។ នេះបើតាមការចេញផ្សាយរបស់កាសែតក្នុងស្រុកថៃនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។ តាមដីកាតុលាការដែលចុះផ្សាយដោយកាសែតថៃ ឧកញ៉ា កុក អាន ត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងក្រុមបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មលាងលុយកខ្វក់។ តែមន្ត្រីកម្ពុជាចាត់ទុកថាករណីនេះ គ្រាន់តែជាល្បិចព្រួសឈាមរបស់ថៃដាក់កម្ពុជាប៉ុណ្ណោះ។
០៧ កក្កដា ២០០៨-០៧ កក្កដា ២០២៥ គឺជាខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ(UNESCO)។ រយៈពេល ១៧ឆ្នាំមកនេះ ថៃនៅតែចិញ្ចឹមចិត្តចង់បានប្រាសាទព្រះវិហាររបស់ខ្មែរតាមរយៈមិនទទួលស្គាល់សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅឆ្នាំ១៩៦២ និងការបកស្រាយសាលដីការបស់ ICJ នៅឆ្នាំ២០១៣ រួមនឹងការកាឡៃប្រវត្តិសាស្ត្រពីសំណាក់ក្រុមជាតិនិយមថៃជាដើម។
បណ្តាផ្សារទំនើបនានានៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានចាប់ផ្តើមដាក់លក់បន្លែ-ផ្លែឈើខ្មែរ ក្នុងតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋជាប្រចាំថ្ងៃ។ ការចាប់ផ្តើមលក់បន្ថែ ផ្លែឈើ ដែលផ្សារទំនើបទាំងនេះបានប្រមូលទិញពីកសិករខ្មែរ បានកើតឡើងអំឡុងពេលដែលកម្ពុជាបានបិទការនាំចូលបន្លែ-ផ្លែឈើពីថៃ ដោយសារជម្លោះព្រំដែន។ ពលរដ្ឋជាអ្នកប្រើប្រាស់យល់ថា នេះជាឱកាសល្អសម្រាប់កសិករខ្មែរក្នុងការបង្កើនការដាំដុះ និងបង្កើនគុណភាពកសិផលរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ដល់បណ្តាផ្សារទំនើបនានា។
នៅថ្ងៃទី៧ ខែកក្កដានេះ គណបក្សកម្លាំងជាតិ ដែលដឹកនាំដោយ លោក ជា មុនី និងចូលរួម ដោយ លោក រ៉ុង ឈុន ជាទីប្រឹក្សាគណបក្ស ជំទាស់នេះ បានចុះទៅសួរសុខទុក្ខកងទ័ពជួរមុខក្នុងខេត្តឧត្តរមានជ័យ ជាប់ព្រំដែនថៃ ជាទីដែលមានការប្រឈមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងថៃ។ សកម្មភាពនេះត្រូវបានអ្នកឃ្លាំមើល ចាត់ទុកថា អ្នកនយោបាយខ្មែរកំពុងតែរួមកម្លាំងគ្នាដើម្បីតទល់នឹងសត្រូវរួម ដោយទុកបញ្ហានយោបាយផ្ទៃក្នុងកម្ពុជាជារឿងដោយឡែក។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥នេះបញ្ជាក់ថា ការចេញផ្សាយលើបណ្តាញសង្គមនៅថៃ ដែលថា កម្ពុជាបានជួលក្រុមចោរបច្ចេកវិទ្យាកូរ៉េខាងជើង ដើម្បីវាយប្រហារលើស្ថាប័នមួយចំនួនរបស់ថៃជារឿងមិនពិត។ តែ ភាគីថៃ ឯណោះទេ ដែលបានវាយប្រហារសាយប័រមកលើស្ថាប័នរដ្ឋាភិបាលកម្ពុជា។ ការចោទគ្នាទៅវិញទៅមកនេះ កើតឡើងស្របពេលកម្ពុជា និង ថៃមិនទាន់រើខ្លួនរួចពីជម្លោះព្រំដែន ដែលបានឡើងកម្តៅខ្លាំង ក្រោយទាហានខ្មែរម្នាក់ត្រូវបានយោធាថៃបាញ់ស្លាប់នៅតំបន់មុំបី នៃខេត្តព្រះវិហារ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥។
ក្រសួងការបរទេសកម្ពុជានៅរសៀលថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់ជាថ្មីម្តងទៀតចំពោះការបេ្តជ្ញាចិត្តឥតងាករេ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ក្នុងនោះរួមមានធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០។ ការបញ្ជាក់ជាថ្មីរបស់ក្រសួងការបរទេសកម្ពុជាយ៉ាងដូចនេះ គឺបន្ទាប់ពីក្រសួងការបរទេសថៃបានចោទកម្ពុជាថាក្បត់ការសន្យារបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ JBC ដែលបានចុះក្នុងអនុស្សរណៈយោគយល់គ្នា(MoU)ឆ្នាំ២០០០។
លោកដូណាល់ ត្រាំ បានប្រកាសថា រដ្ឋបាលលោកនឹងចាប់ផ្តើមអនុវត្តអត្រាពន្ធថ្មី ចាប់ពីថ្ងៃទី១សីហាទៅ លើគ្រប់ប្រទេសទាំងអស់ ដែលមិនទាន់ចុះកិច្ចព្រមព្រៀងជាមួយអាមេរិក។ ដើម្បីដាក់សំពាធចាប់បង្ខំ លោកដូណាល់ ត្រាំ ក៏បានចាប់ផ្តើមផ្ញើលិខិតជាច្រើនច្បាប់ នៅថ្ងៃចន្ទទី៧កក្កដានេះ ទៅកាន់ប្រទេសទាំងអស់ ដើម្បីឲ្យរួសរាន់ប្រញាប់ចុះកិច្ចព្រមព្រៀង។ គិតត្រឹមពេលនេះ គឺមានតែប្រទេស២ទេ គឺវៀតណាម និងអង់គ្លេស ដែលបានសម្រេចបានកិច្ចព្រមព្រៀងជាស្ថាពរ ស្តីពីអត្រាពន្ធជាមួយអាមេរិក។
ចិន និងសហភាពអឺរ៉ុប ដាក់សម្ពាធលើគ្នាទៅវិញទៅមក។ ពេលកន្លងទៅ ប៉េកាំងនិងព្រុចសែល ដំឡើងពន្ធគយលើទំនិញ ស្រា និងរថយន្តអគ្គិសនី ហើយពេលនេះ ឈានដល់សម្ភារៈគ្រឿងបរិក្ខារពេទ្យ។ នៅថ្ងៃអាទិត្យ ទី៦កក្កដា ក្រសួងហិរញ្ញវត្ថុចិន ពន្យល់ថា ប៉េកាំងគ្មានជម្រើសអ្វីផ្សេង ក្រៅពីវិធានការសងសឹកបែបនេះ ពីព្រោះតែ សហភាពអឺរ៉ុបបានសម្រេចឈប់បញ្ជាទិញសម្ភារៈបរិក្ខារពេទ្យពីចិន កាលពីខែមិថុនា។
គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) បានប្រកាសកាលពីថ្ងៃទី ៤ ខែកក្កដា ថា មានប្រជាពលរដ្ឋចំនួន៥០០គ្រួសារ បានទទួលដីតាមការចាប់ឆ្នោតជុំទី១ ដែលបានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៣០មិថុនា ដល់ថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២៥នេះ។ នេះជាកម្មវិធីដែលធ្វើឡើង ក្រោយរដ្ឋាភិបាលកម្ពុជា បានបិទបញ្ចប់គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ឬ CLV-DTA កាលពីឆ្នាំ២០២៤។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកលទ្ធផលនៃការស្ទង់មតិរបស់ថៃដែលថា «លោក ហ៊ុន សែន ជាបុគ្គលដែលមិនអាចទុកចិត្តបាន និងធ្វើអ្វីៗដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន»នោះ គឺជារឿងគួរឲ្យអស់សំណើច។ អស់សំណើចត្រង់ថា ការស្ទង់មតិនោះ បានធ្វើតែទៅលើប្រជាពលរដ្ឋថៃ ដែលមិនពាក់ព័ន្ធជាមួយកម្ពុជា។ ប្រតិកម្មនេះកើតឡើងបន្ទាប់ពី លទ្ធផលនៃការស្ទង់មតិមួយរបស់ថៃនាពេលថ្មីៗនេះ បានវាយតម្លៃថា ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានធ្វើអ្វីៗសម្រាប់បម្រើប្រយោជន៍ផ្ទាល់ខ្លួន និងជាបុគ្គល មិនអាចទុកចិត្តបាន។
ស្របពេលដែលដំណើរឆ្ពោះទៅរកការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ កំពុងតែដើរទៅមុខ ការជជែកវែកញែកពីគុណវិបត្តិនៃច្បាប់នេះ ក៏កំពុងតែកើតឡើង។ អ្នកវិភាគនយោបាយខ្លះ យល់ថា កម្ពុជាកំពុងដើរទៅជាន់ដានកង់ប្រវត្តិសាស្ត្រជាថ្មី ដូចកាលពីសម័យសង្គមរាស្ត្រនិយម ដែលអតីតព្រះមហាក្សត្រ ព្រះបរមរោតនកោដ្ឋ នរោត្តម សីហនុ ធ្លាប់បានប្រកាសឲ្យប្រើច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ ក្នុងខែតុលា ឆ្នាំ១៩៦៨។ អ្នកតាមដាននយោបាយ យល់ថា បើអនុម័តច្បាប់ដកសញ្ជាតិពលរដ្ឋខ្មែរនៅពេលខាងមុខនេះ នឹងធ្វើឲ្យសង្គមខ្មែរឈានទៅរកការបែកបាក់កាន់តែធ្ងន់ធ្ងរ។
ក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំង ហៅកាត់ថា Brics បានបើកកិច្ចប្រជុំកំពូល នៅប្រេស៊ីល តែគ្មានវត្តមានផ្ទាល់របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រមុខរដ្ឋរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នោះទេ។ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ប្រធានាធិបតីប្រេស៊ីល លោក លូឡា បានថ្លែងបើកកម្មវិធីដោយលើកឡើងអំពីការរីកសាយឥទ្ធិពលនៃនយោយបាយសេដ្ឋកិច្ច«សួនតួនិយម»របស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ហើយលោក លូឡា ក៏ជំរុញឲ្យការពារ«ពហុភាពនិយម»។
នៅសហរដ្ឋអាមេរិក មហាសេដ្ឋីលំដាប់ពិភពលោក អេឡុន ម៉ាសក៍ ដែលជាចៅហ្វាយក្រុមហ៊ុន Space X, ឡាន Tesla និងបណ្តាញសង្គម X បានប្រកាសបង្កើតគណបក្សនយោបាយថ្មី ក្រោយពីឈ្លោះប្រកែកឌឺដងគ្នាជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញរឿងច្បាប់ថវិកាជាតិ។ មហាសេដ្ឋីរូបនេះបានរិះគន់ច្បាប់ថវិការបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ថាមិនត្រឹមតែបង្កើនបំណុលសាធារណៈ ជាង ៣ ០០០ ពាន់លានដុល្លារប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យអាមេរិកអាចនឹងក្ស័យធនទៀតផង។
ក្រសួងការពារជាតិកម្ពុជា បានច្រានចោលទាំងស្រុងចំពោះការអះអាងរបស់រដ្ឋមន្ត្រីស្តីទី នៃក្រសួងការពារជាតិថៃ ដែលថា មានការពិភាក្សាក្រៅផ្លូវការមួយជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជា ពាក់ព័ន្ធនឹងកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងការបិទ-បើកច្រកព្រំដែនកម្ពុជា-ថៃ។ ប្រតិកម្មដោយច្រានចោលរបស់ភាគីកម្ពុជា គឺជាការឆ្លើយតបនឹងនាយឧត្តមសេនីយ៍ ណាត់ថាផុល ណាកផានិច្ច អនុរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃដែលត្រូវបានស្រង់សំដីដោយសារព័ត៌មានថៃនាពេលថ្មីៗនេះ។